លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោក ជាប់ទាក់ទងនឹងលោកអ្នកយ៉ាងដូចម្ដេច?

លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោក ជាប់ទាក់ទងនឹងលោកអ្នកយ៉ាងដូចម្ដេច?

លោក​យេស៊ូ​គ្រិស្ត តើ​សេចក្ដី​បង្រៀន​របស់​លោក ជាប់​ទាក់​ទង​នឹង​លោក​អ្នក​យ៉ាង​ដូច​ម្ដេច?

«ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​ពួក​គេ​មាន​ជីវិត ហើយ​ឲ្យ​ពួក​គេ​មាន​ជីវិត​យូរ​អង្វែង»។—យ៉ូហាន ១០:១០

លោក​យេស៊ូ​បាន​មក​ផែនដី​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​មិន​មែន​ដើម្បី​ទទួល​ប្រយោជន៍​ទេ។ តាម​រយៈ​កិច្ច​បម្រើ​ផ្សាយ​របស់​លោក លោក​បាន​ផ្ដល់​អំណោយ​ដែល​កាត់​ថ្លៃ​ពុំ​បាន​ដល់​មនុស្សជាតិ ពោល​គឺ​សេចក្ដី​បង្រៀន​ដែល​ស​ឲ្យ​ឃើញ​សេចក្ដី​ពិត​អំពី​ព្រះ​និង​បំណង​ប្រាថ្នា​របស់​លោក។ ពួក​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​បង្រៀន​នោះ​អាច​មាន​ជីវិត​ប្រសើរ​ជាង​នៅ​ពេល​ឥឡូវ​នេះ ដូច​ពួក​គ្រិស្ត​សាសនិក​ពិត​រាប់​លាន​នាក់​បាន​បង្ហាញ​ឲ្យ​ឃើញ។ * ប៉ុន្តែ ចំណុច​សំខាន់​នៃ​សេចក្ដី​បង្រៀន​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ បញ្ជាក់​អំពី​អំណោយ​ដែល​មាន​តម្លៃ​បំផុត ពោល​គឺ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​លោក​លះ​បង់​ដើម្បី​ប្រយោជន៍​យើង។ ប្រយោជន៍​ដែល​យើង​ទទួល​ជា​រៀង​រហូត​អាស្រ័យ​ទៅ​លើ​យើង​ធ្វើ​តាម​ចំណុច​សំខាន់​នេះ​នៃ​សេចក្ដី​បង្រៀន​របស់​លោក។

អ្វី​ដែល​ព្រះ​និង​គ្រិស្ត​ផ្ដល់​ឲ្យ​មនុស្សជាតិ លោក​យេស៊ូ​ជ្រាប​ថា​លោក​នឹង​ត្រូវ​ស្លាប់​យ៉ាង​ឈឺ​ចាប់​ក្នុង​កណ្ដាប់​ដៃ​នៃ​សត្រូវ​របស់​លោក។ (ម៉ាថាយ ២០:១៧​-​១៩) ក៏​ប៉ុន្តែ ក្នុង​ខ​គម្ពីរ​ល្បី​មួយ​នៅ​យ៉ូហាន ៣:១៦ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ»។ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​បាន​មក«ដើម្បី . . . ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»។ (ម៉ាថាយ ២០:២៨) ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​ថា​ជីវិត​របស់​លោក​បាន​ត្រូវ​ផ្ដល់​ឲ្យ​ជា​ជាង​បាន​ត្រូវ​គេ​យក?

ព្រះ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស​លប់​ចំពោះ​មនុស្សជាតិ ហេតុ​នេះ​បាន​ជា​លោក​រៀបចំ​ឲ្យ​មនុស្ស​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ភាព​ខុស​ឆ្គង​ដែល​បាន​ឆ្លង​ពី​អាដាម​និង​អេវ៉ា ព្រម​ទាំង​ផល​វិបាក​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​នោះ ពោល​គឺ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​សេចក្ដី​ស្លាប់។ ព្រះ​បាន​ធ្វើ​ដូច្នេះ​ដោយ​ចាត់​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក​មក​ផែនដី​ដើម្បី​បូជា​ជីវិត​ទុក​ជា​គ្រឿង​បូជា។ លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​ព្រះ ហើយ​បាន​ផ្ដល់​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ដើម្បី​យើង។ ការ​រៀបចំ​នេះ ដែល​បាន​ត្រូវ​ហៅ​ថា​ថ្លៃ​លោះ ជា​អំណោយ​ដ៏​វិសេស​បំផុត​របស់​ព្រះ​ចំពោះ​មនុស្សជាតិ។ * នេះ​ជា​អំណោយ​ដែល​អាច​នាំ​ឲ្យ​មនុស្ស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ តើ​ព្រះ​បាន​រៀបចំ​ថ្លៃ​លោះ​ជា​អំណោយ​សម្រាប់​លោក​អ្នក​ផ្ទាល់​ឬ? នេះ​គឺ​ស្រេច​ទៅ​លើ​លោក​អ្នក។ ឧបមា​ថា បុគ្គល​ម្នាក់​ហុច​កាដូ​ដែល​គាត់​បាន​ខ្ចប់​យ៉ាង​ស្អាត​ឲ្យ​លោក​អ្នក។ កាដូ​នោះ​មិន​ទាន់​ជា​របស់​លោក​អ្នក​ទេ ទាល់​តែ​លោក​អ្នក​លូក​ដៃ​ទទួល​យក​កាដូ​នោះ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ​ឲ្យ​លោក​អ្នក ប៉ុន្តែ​អំណោយ​នេះ​មិន​ទាន់​ជា​របស់​លោក​អ្នក​ផ្ទាល់​ទេ លុះ​ត្រា​តែ​លោក​អ្នក​លូក​ដៃ​ទទួល​យក​អំណោយ​នោះ។ តើ​លោក​អ្នក​អាច​ទទួល​យក​អំណោយ​នោះ​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ពួក​អ្នក​ដែល«បង្ហាញ​ជំនឿ»លើ​លោក​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ជំនឿ​គឺ​ជាប់​ទាក់​ទង​នឹង​របៀប​ដែល​លោក​អ្នក​ប្រព្រឹត្ត​ក្នុង​ជីវិត។ (យ៉ាកុប ២:២៦) ការ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​មាន​ន័យ​ថា​លោក​អ្នក​នឹង​រស់​នៅ​សម​ស្រប​តាម​អ្វី​ដែល​លោក​មាន​ប្រសាសន៍​និង​អ្វី​ដែល​លោក​ធ្វើ។ ដើម្បី​ធ្វើ​ដូច្នេះ លោក​អ្នក​ត្រូវ​ស្គាល់​លោក​យេស៊ូ​និង​បិតា​របស់​លោក​ឲ្យ​បាន​ច្បាស់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក»។—យ៉ូហាន ១៧:៣

ប្រហែល​ជា​២.០០០​ឆ្នាំ​មុន លោក​យេស៊ូ​គ្រិស្ត​បាន​បង្រៀន​អ្វី​ដែល​បាន​កែ​ប្រែ​ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក។ តើ​លោក​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​សេចក្ដី​បង្រៀន​នោះ​ឬ​ទេ? តើ​លោក​អ្នក​ចង់​ដឹង​ឬ​ទេ​អំពី​របៀប​ដែល​លោក​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​នោះ មិន​គ្រាន់​តែ​ឥឡូវ តែ​ជា​រៀង​រហូត? សាក្សី​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ជួយ​ពន្យល់​អំពី​សេចក្ដី​បង្រៀន​នោះ​ដល់​លោក​អ្នក។

[កំណត់​សម្គាល់]

^ វគ្គ 3 មនុស្ស​ទាំង​អស់​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក​មិន​មែន​ជា​អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត​ទេ។ ពួក​អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​លោក​យេស៊ូ​គឺ​ពួក​អ្នក​ដែល​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​ពិត​ដែល​លោក​បាន​បង្រៀន​អំពី​ព្រះ​និង​បំណង​ប្រាថ្នា​របស់​លោក។—ម៉ាថាយ ៧:២១​-​២៣

^ វគ្គ 5 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​សេចក្ដី​បង្រៀន​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ស្តី​អំពី​ថ្លៃ​លោះ សូម​មើល​ជំពូក​ទី​៥ «តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​អំណោយ​វិសេស​បំផុត​របស់​ព្រះ» ដែល​មាន​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។