តើព្រះកំពុងធ្វើអ្វី?
តើព្រះកំពុងធ្វើអ្វី?
«ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម្ល៉េះ? ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដីទុក្ខលំបាកដូច្នេះ?»។ *—ទំនុកតម្កើង ១០:១
ការមើលត្រួសៗនូវចំណងជើងព័ត៌មានផ្សេងៗបញ្ជាក់ថាយើងរស់នៅក្នុង«គ្រាដែលមានសេចក្ដីទុក្ខលំបាក»។ ហើយពេលមានរឿងខ្លោចផ្សាកើតឡើងនៅក្នុងគ្រួសារ ពោលគឺពេលខ្លួនយើងផ្ទាល់រងគ្រោះដោយសារឧក្រិដ្ឋកម្ម មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬមានទុក្ខសោកដោយសារបុគ្គលជាទីស្រឡាញ់បានស្លាប់ នោះយើងប្រហែលឆ្ងល់ថាតើព្រះឃើញអ្វីៗដែលកើតឡើងឬទេ? តើលោកយកចិត្តទុកដាក់នឹងយើងឬទេ? តើពិតជាមានព្រះឬទេ?
ទោះជាយ៉ាងនេះក្ដី តើអ្នកគិតថាយើងអាចប៉ាន់ស្មានខុសចំពោះអ្វីដែលយើងសង្ឃឹមថាព្រះនឹងធ្វើឬ? ជាឧទាហរណ៍ សូមនឹកគិតថាក្មេងតូចម្នាក់មិនសប្បាយចិត្តទេ ពីព្រោះឪពុកវាបានចេញទៅធ្វើការ។ ក្មេងនោះនឹកឪពុកវា ហើយចង់ឲ្យគាត់មកផ្ទះវិញ។ ក្មេងនោះមានអារម្មណ៍ថាឪពុកបានបោះបង់វា។ ពេញមួយថ្ងៃ វាសួរម្ដងហើយម្ដងទៀតថា៖ «តើប៉ានៅឯណា?»។
យើងអាចដឹងភ្លាមថាក្មេងនោះគិតខុស។ តាមពិត នៅពេលនោះឪពុកវាកំពុងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារទាំងមូល។ ស្រដៀងគ្នាដែរ តើការគិតគូររបស់យើងអាចខុសឬទេ ពេលដែលយើងស្រែកសួរថា៖ «តើព្រះនៅឯណា?»។
ជាឧទាហរណ៍ អ្នកខ្លះប្រហែលចង់ឲ្យព្រះធ្វើជាពេជ្ឈឃាដដែលមុខងារសំខាន់របស់លោកគឺដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័សដល់អ្នកប្រព្រឹត្តបទឧក្រិដ្ឋណាមួយ។ អ្នកខ្លះទៀតគ្រាន់តែគិតថាព្រះគឺដូចជាតាណូអែលប៉ុណ្ណោះ ក្នុងន័យថាព្រះមានតួនាទីផ្ដល់អំណោយដូចជា ការងារ ប្ដីឬប្រពន្ធ ឬសូម្បីតែឲ្យត្រូវឆ្នោតផង។
ទស្សនៈទាំងពីរនោះអះអាងថាប្រសិនបើព្រះមិនធ្វើឲ្យមានយុត្ដិធម៌ភ្លាមៗទេ ឬបើលោកមិនធ្វើតាមសំណូមពររបស់យើងទេ នេះបានសេចក្ដីថាលោកមិនអើពើនឹងទុក្ខលំបាករបស់យើង ហើយមិនដឹងពីសេចក្ដីត្រូវការរបស់យើងឡើយ។ នេះខុសពីការពិតឆ្ងាយណាស់! តាមពិត ឥឡូវនេះព្រះយេហូវ៉ាកំពុងធ្វើការដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារមនុស្សជាតិទាំងមូល ទោះជាមិនតាមរបៀបដែលមនុស្សជាច្រើនចង់បានក៏ដោយ។
បើដូច្នេះ តើព្រះកំពុងធ្វើអ្វី? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវគិតអំពីអ្វីដែលបានកើតឡើងនៅដើមដំបូងនៃប្រវត្ដិសាស្ត្ររបស់មនុស្ស ពេលដែលចំណងមេត្រីភាពជាមួយព្រះប្រេះឆា តែអាចផ្សះផ្សាឡើងវិញបាន។
ផលវិបាកដែលមកពីភាពខុសឆ្គង
សូមនឹកគិតអំពីផ្ទះមួយដែលមានសភាពរយីករយាកអស់ជាច្រើនឆ្នាំ។ ដំបូលផ្ទះនោះស្រុតចុះ ទ្វារធ្លាក់ចេញពីត្រចៀក ហើយសម្បកផ្ទះបានត្រូវគេបំផ្លិចបំផ្លាញ។ ផ្ទះនេះលែងមានសភាពល្អ ដូចកាលពីដើម។ ដោយមានការខូចខាតច្រើន នោះត្រូវការពេលវេលានិងកិច្ចការជាច្រើនដើម្បីជួសជុលធ្វើឲ្យល្អដូចដើម។
ឥឡូវ សូមគិតអំពីការខូចខាតដែលមនុស្សជាតិបានទទួលរងប្រហែល៦.០០០ឆ្នាំកន្លងទៅនេះ ពេលបុគ្គលវិញ្ញាណមួយរូបដែលយើងមើលមិនឃើញ ពោលគឺសាថានបានបណ្ដាលឲ្យអាដាមនិងអេវ៉ាបះបោរប្រឆាំងព្រះ។ មុនមានរឿងនេះកើតឡើង គូស្វាមីភរិយាដំបូងនេះមានសុខភាពយ៉ាងសុក្រឹតព្រមទាំងមានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតលោកុប្បត្តិ ១:២៨) ក៏ប៉ុន្តែ ពេលអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង នេះហាក់ដូចជាពួកគេបានបំផ្លិចបំផ្លាញមនុស្សទាំងអស់ដែលនឹងកើតមក។
ជាមួយនឹងកូនចៅជំនាន់ក្រោយៗរបស់ពួកគេ។ (សូមកុំមើលស្រាលឥទ្ធិពលដែលបណ្ដាលឲ្យខូចខាតដែលមកពីការបះបោរនោះ។ គម្ពីរចែងថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់[អាដាម] ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង»។ (រ៉ូម ៥:១២) ក្រៅពីនាំមកនូវសេចក្ដីស្លាប់ ភាពខុសឆ្គងបានធ្វើឲ្យប្រេះឆាចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះរបស់យើងដែលជាអ្នកបង្កើត ហើយបានជះឥទ្ធិពលមកលើយើងខាងរូបកាយ ខាងផ្លូវចិត្តនិងខាងអារម្មណ៍។ ជាលទ្ធផល ស្ថានភាពរបស់យើងគឺស្រដៀងគ្នានឹងសភាពនៃផ្ទះទ្រុឌទ្រោមមួយ។ បុរសសុចរិតឈ្មោះយ៉ូបបានសង្ខេបស្ថានភាពរបស់យើង ពេលគាត់ពណ៌នាអំពីមនុស្សថា«សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង»។—យ៉ូប ១៤:១
ប៉ុន្តែ បន្ទាប់ពីអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង តើព្រះបានបោះបង់មនុស្សជាតិឬ? លោកមិនធ្វើដូច្នោះទេ! តាមពិត តាំងពីពេលនោះមកដល់ឥឡូវ បិតារបស់យើងដែលនៅស្ថានសួគ៌កំពុងធ្វើការដើម្បីជួយក្រុមគ្រួសាររបស់មនុស្ស។ ដើម្បីដឹងគុណកាន់តែច្រើនឡើងចំពោះអ្វីៗដែលលោកកំពុងធ្វើសម្រាប់យើង សូមពិចារណាដំណាក់កាលចាំបាច់បីយ៉ាងដើម្បីជួសជុលធ្វើឲ្យផ្ទះល្អដូចដើម ហើយពិចារណារបៀបដែលដំណាក់កាលទាំងបីនោះជាប់ទាក់ទងនឹងអ្វីៗដែលព្រះបានធ្វើដើម្បីឲ្យមនុស្សមានភាពល្អឥតខ្ចោះឡើងវិញ។
១ បន្ទាប់ពីបានពិនិត្យមើលផ្ទះដែលខូចខាត ម្ចាស់ផ្ទះត្រូវសម្រេចចិត្តថាជួសជុលធ្វើឲ្យល្អដូចដើមឬរុះចោល។
ភ្លាមៗក្រោយការបះបោរនៅសួនច្បារអេដែន ព្រះយេហូវ៉ាបានប្រកាសអំពីគោលបំណងរបស់លោកក្នុងការធ្វើឲ្យមនុស្សមានភាពល្អឥតខ្ចោះឡើងវិញ។ លោកបានមានប្រសាសន៍ទៅបុគ្គលវិញ្ញាណដែលជាដើមហេតុនៃការបះបោរនោះថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។—លោកុប្បត្តិ ៣:១៥
ដោយពោលពាក្យដូចខាងលើនេះ ព្រះយេហូវ៉ាបានសន្យាថានឹងបំផ្លាញអ្នកដែលញុះញង់ឲ្យមានការបះបោរនៅសួនច្បារអេដែន។ (រ៉ូម ១៦:២០; ការបើកបង្ហាញ ១២:៩) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានទាយថានឹងមាន«ពូជ»ដែលនឹងលោះមនុស្សជាតិពីអំពើខុសឆ្គង។ * (យ៉ូហានទី១ ៣:៨) សេចក្ដីសន្យាទាំងនោះបញ្ជាក់យ៉ាងច្បាស់នូវសេចក្ដីពិតដ៏សំខាន់បំផុតមួយ ពោលគឺព្រះនឹងធ្វើឲ្យល្អឡើងវិញនូវអ្វីៗដែលលោកបានបង្កើត មិនមែនបំផ្លាញចោលឡើយ។ ប៉ុន្តែការធ្វើឲ្យមនុស្សមានភាពល្អឥតខ្ចោះឡើងវិញគឺត្រូវការពេលវេលា។
២ អ្នកគូរប្លង់ម្នាក់រៀបចំប្លង់ដែលបញ្ជាក់យ៉ាងច្បាស់នូវអ្វីៗដែលត្រូវជួសជុលធ្វើឲ្យផ្ទះល្អដូចដើម។
ព្រះយេហូវ៉ាបានឲ្យច្បាប់ដល់ជនជាតិអ៊ីស្រាអែល ហើយបានរៀបចំប្លង់វិហារមួយដើម្បីពួកគេគោរពប្រណិប័តន៍លោកនៅទីនោះ។ គម្ពីរចែងថា៖ «ការទាំងនោះគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងមក»។ (កូឡុស ២:១៧) ប្លង់តំណាងអ្វីមួយដែលធំជាង ឯច្បាប់និងវិហារក៏ដូចគ្នាដែរ។
ជាឧទាហរណ៍ ជនជាតិអ៊ីស្រាអែលបានជូនសត្វជាគ្រឿងបូជាដើម្បីទទួលការអភ័យទោសចំពោះអំពើខុសឆ្គង។ (លេវីវិន័យ ១៧:១១) ការធ្វើដូច្នេះបង្ហាញឲ្យឃើញទុកជាមុននូវគ្រឿងបូជាដែលឧត្តុង្គឧត្តមជាងដែលនឹងត្រូវជូនរាប់រយឆ្នាំក្រោយ មក ជាគ្រឿងបូជាមួយដែលនឹងពិតជាលោះមនុស្សជាតិ។ * ទ្រង់ទ្រាយនៃត្រសាលនិងវិហារដែលជនជាតិអ៊ីស្រាអែលគោរពប្រណិប័តន៍តំណាងអ្វីៗដែលមេស្ស៊ីនឹងធ្វើ ចាប់តាំងពីមរណភាពរបស់លោកជាគ្រឿងបូជាដល់ពេលលោកឡើងទៅស្ថានសួគ៌ (សូមមើលរូបភាពនៅទំព័រ៧)។
៣ ម្ចាស់ផ្ទះជ្រើសរើសអ្នកសង់ម្នាក់ដែលនឹងធ្វើតាមប្លង់ ហើយដែលជួសជុលធ្វើឲ្យផ្ទះនោះល្អដូចដើម។
លោកយេស៊ូគឺជាមេស្ស៊ីដែលបានត្រូវសន្យាដែលនឹងធ្វើជាគ្រឿងបូជាដូចគ្រឿងបូជាដែលជនជាតិអ៊ីស្រាអែលបានជូន ហើយលោកនឹងលះបង់ជីវិតលោកដើម្បីលោះមនុស្សជាតិ។ ពិតមែនហើយ យ៉ូហានជាអ្នកជ្រមុជទឹកបានហៅលោកយេស៊ូថាជា«កូនចៀមរបស់ព្រះ ដែលដកយកភាពខុសឆ្គងរបស់ពិភពលោកចេញ»។ (យ៉ូហាន ១:២៩) លោកយេស៊ូស្ម័គ្រចិត្តទទួលភារកិច្ចនោះ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានចុះមកពីស្ថានសួគ៌ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក មិនមែនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំទេ»។—យ៉ូហាន ៦:៣៨
បំណងប្រាថ្នារបស់ព្រះចំពោះលោកយេស៊ូគឺឲ្យលោក«ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន» ហើយក៏ឲ្យលោកធ្វើកិច្ចព្រមព្រៀងសម្រាប់រាជាណាចក្រមួយជាមួយនឹងអ្នកកាន់តាមលោកដែរ។ (ម៉ាថាយ ២០:២៨; លូកា ២២:២៩, ៣០) រាជាណាចក្រនោះគឺជាមធ្យោបាយដែលព្រះនឹងប្រើដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិ។ ដំណឹងអំពីរាជាណាចក្ររបស់ព្រះបានត្រូវហៅថា«ដំណឹងល្អ» ពីព្រោះដំណឹងនោះពន្យល់ថាព្រះបានតាំងរដ្ឋាភិបាលមួយនៅស្ថានសួគ៌ដើម្បីគ្រប់គ្រងកិច្ចការនៅផែនដី។—ម៉ាថាយ ២៤:១៤; ដានីយ៉ែល ២:៤៤ *
សព្វថ្ងៃនៅតែមានកិច្ចការធ្វើឲ្យល្អដូចដើម
មុនលោកយេស៊ូឡើងទៅស្ថានសួគ៌ លោកបានបង្គាប់អ្នកកាន់តាមលោកថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក . . . មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។—ម៉ាថាយ ២៨:១៩, ២០
ដូច្នេះ ការធ្វើឲ្យមនុស្សជាតិមានភាពល្អឥតខ្ចោះឡើងវិញមិនចប់ពេលលោកយេស៊ូទទួលមរណភាពទេ តែនឹងបន្តរហូតដល់«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក» ពោលគឺពេលរាជាណាចក្ររបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រងលើផែនដី។ យើងកំពុងរស់នៅគ្រានោះ ពីព្រោះសញ្ញាសម្គាល់ដែលលោកយេស៊ូបានទាយអំពី«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»កំពុងសម្រេចឥឡូវនេះ។ *—ម៉ាថាយ ២៤:៣-១៤; លូកា ២១:៧-១១; ធីម៉ូថេទី២ ៣:១-៥
សព្វថ្ងៃនៅ២៣៦ប្រទេស សាក្សីព្រះយេហូវ៉ាធ្វើតាមបញ្ញត្ដិរបស់លោកយេស៊ូដែលឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ តាមពិត ទស្សនាវដ្ដីដែលលោកអ្នកកំពុងអានបានត្រូវរៀបចំដើម្បីជួយលោកអ្នករៀនថែមទៀតអំពីរាជាណាចក្រព្រះ ព្រមទាំងអំពីអ្វីៗដែលរាជាណាចក្រនោះនឹងសម្រេច។ ក្នុងទស្សនាវដ្ដីប៉មយាមនៅទំព័រទី២នៃលេខនីមួយៗ លោកអ្នកនឹងឃើញឃ្លាដូចតទៅនេះ៖ «ទស្សនាវដ្ដីនេះ . . . ប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដើម្បីជួយសម្រាលទុក្ខមនុស្សគ្រប់រូប។ រាជាណាចក្ររបស់ព្រះជារាជរដ្ឋាភិបាលមួយនៅឯស្ថានសួគ៌ ដែលមិនយូរប៉ុន្មានទៀតនឹងដកអំពើអាក្រក់ទាំងអស់ចេញ ហើយនាំឲ្យមានសួនឧទ្យាននៅពេញផែនដី។ ទស្សនាវដ្ដីនេះលើកទឹកចិត្តយើងឲ្យមានជំនឿទៅលើលោកយេស៊ូគ្រិស្ត ដែលបានលះបង់ជីវិតដើម្បីឲ្យមនុស្សទាំងឡាយមានឱកាសទទួលជីវិតដែលគ្មានទីបញ្ចប់ ហើយលោកជាស្តេចដែលកំពុងគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ»។
អ្នកប្រហែលនៅតែឮអំពីការវាយប្រហាររបស់ពួកភេរវជន ឬមហន្តរាយធម្មជាតិ ឬក៏ខ្លួនអ្នកផ្ទាល់ប្រហែលជាជួបប្រទះរឿងខ្លោចផ្សាណាមួយដែរ។ ប៉ុន្តែ ការសិក្សាគម្ពីរនឹងជួយលោកអ្នកឲ្យជឿជាក់ថាព្រះមិនបានបោះបង់មនុស្សជាតិឡើយ។ ផ្ទុយទៅវិញ «លោកមិននៅឆ្ងាយពីយើងម្នាក់ៗ»ទេ។ (សកម្មភាព ១៧:២៧) មួយវិញទៀត សេចក្ដីសន្យារបស់លោកដែលថាលោកនឹងធ្វើឲ្យល្អឡើងវិញនូវអ្វីៗដែលឪពុកម្ដាយដំបូងរបស់យើងបានបាត់បង់ នោះនឹងសម្រេចជាក់ជាពុំខាន។—អេសាយ ៥៥:១១
[កំណត់សម្គាល់]
^ វគ្គ 2 យេហូវ៉ាជានាមរបស់ព្រះដែលគម្ពីរបានបើកបង្ហាញ។
^ វគ្គ 16 ដើម្បីដឹងការពន្យល់ល្អិតល្អន់អំពីលោកុប្បត្តិ ៣:១៥ សូមមើលជំពូកទី១៩នៃសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
^ វគ្គ 19 ដើម្បីបានព័ត៌មានបន្ថែម សូមមើលជំពូកទី៥នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
^ វគ្គ 22 ដើម្បីបានព័ត៌មានបន្ថែមអំពីរាជាណាចក្ររបស់ព្រះ សូមមើលជំពូកទី៨នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
^ វគ្គ 25 ដើម្បីបានព័ត៌មានបន្ថែម សូមមើលជំពូកទី៩នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
[តារាង/រូបភាពនៅទំព័រ៧]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
«គំរូតាមអ្វីដែលពិតប្រាកដ» តើរោងឧបោសថឬត្រសាលតំណាងអ្វី?
ទីបូជា
ការពេញចិត្តរបស់ព្រះ ក្នុងការទទួលយកគ្រឿងបូជារបស់លោកយេស៊ូ។—ហេប្រឺ ១៣:១០-១២
សម្ដេចសង្ឃ
លោកយេស៊ូ។—ហេប្រឺ ៩:១១
១ នៅថ្ងៃជម្រះភាពខុសឆ្គង សម្ដេចសង្ឃជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់បណ្ដាជន។—លេវីវិន័យ ១៦:១៥, ២៩-៣១
១ នៅថ្ងៃទី១៤ ខែណែសានឆ្នាំ៣៣ គ.ស. លោកយេស៊ូបានបូជាជីវិតរបស់លោកដើម្បីយើង។—ហេប្រឺ ១០:៥-១០; យ៉ូហានទី១ ២:១, ២
កន្លែងបរិសុទ្ធ
ស្ថានភាពរបស់លោកយេស៊ូកាលដែល ព្រះបានតែងតាំងលោកដោយសកម្មពល ពេលនៅផែនដី។—ម៉ាថាយ ៣:១៦, ១៧; រ៉ូម ៨:១៤-១៧; ហេប្រឺ ៥:៤-៦
វាំងនន
រូបកាយរបស់លោកយេស៊ូ ជារបាំងដែល ខណ្ឌជីវិតនៅផែនដីនិងជីវិតនៅស្ថានសួគ៌។—កូរិនថូសទី១ ១៥:៤៤, ៥០; ហេប្រឺ ៦:១៩, ២០; ១០:១៩, ២០
២ សម្ដេចសង្ឃឆ្លងកាត់វាំងននដែលខណ្ឌកន្លែងបរិសុទ្ធនិងកន្លែងបរិសុទ្ធបំផុត។
២ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញលោកបាន‹ឆ្លងកាត់វាំងនន›ដោយឡើងទៅស្ថានសួគ៌«ដើម្បីបង្ហាញខ្លួននៅចំពោះមុខព្រះផ្ទាល់ ដើម្បីយើង»។—ហេប្រឺ ៩:២៤-២៨
កន្លែងបរិសុទ្ធបំផុត
ស្ថានសួគ៌។—ហេប្រឺ ៩:២៤
៣ ពេលនៅក្នុងកន្លែងបរិសុទ្ធបំផុត សម្ដេចសង្ឃប្រោះឈាមខ្លះនៃគ្រឿងបូជានៅមុខហឹប នៃកិច្ចព្រមព្រៀង។—លេវីវិន័យ ១៦:១២-១៤
៣ លោកយេស៊ូបានជម្រះ អំពើខុសឆ្គងរបស់ យើងយ៉ាងពិតប្រាកដ ដោយជូនព្រះនូវតម្លៃ នៃឈាមរបស់លោក ដែលបានត្រូវបង្ហូរ។—ហេប្រឺ ៩:១២, ២៤; ពេត្រុសទី១ ៣:២១, ២២