លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុរសទាំងឡាយ តើអ្នកចុះចូលនឹងគ្រិស្តជាប្រមុខរបស់អ្នកឬទេ?

បុរសទាំងឡាយ តើអ្នកចុះចូលនឹងគ្រិស្តជាប្រមុខរបស់អ្នកឬទេ?

បុរស​ទាំង​ឡាយ តើ​អ្នក​ចុះ​ចូល​នឹង​គ្រិស្ត​ជា​ប្រមុខ​របស់​អ្នក​ឬ​ទេ?

«ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត»។—១កូ. ១១:៣

១. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សណ្ដាប់​ធ្នាប់?

សៀវភៅ​ការ​បើក​បង្ហាញ ៤:១១​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្ដិយស និង​ឫទ្ធានុភាព ពី​ព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក»។ ដោយ​ហេតុ​ថា​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ព្រះ​យេហូវ៉ា​ជា​មហា​ក្សត្រ​ដ៏​ខ្ពង់​ខ្ពស់​នៃ​សកល​លោក ហើយ​មាន​អំណាច​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។ ព្រះ​យេហូវ៉ា«មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត» នេះ​បាន​ស​ឲ្យ​ឃើញ​តាម​របៀប​ដែល​លោក​រៀបចំ​ក្រុម​គ្រួសារ​របស់​លោក​ដែល​ជា​ទេវតា​នៅ​ស្ថាន​សួគ៌។—១កូ. ១៤:៣៣; អេ. ៦:១​-​៣; ហេ. ១២:២២, ២៣

២, ៣. (ក) តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​នរណា​មុន​គេ​បង្អស់? (ខ) តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា​ស្តី​អំពី​ឋានៈ​របស់​ព្រះ​និង​បុត្រ​ច្បង​របស់​លោក?

មុន​ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ លោក​មាន​ជីវិត​ដោយ​ខ្លួន​លោក​អស់​រយៈ​ពេល​ដែល​គណនា​ពុំ​បាន។ ការ​បង្កើត​ទី​១​របស់​លោក​គឺ​បុគ្គល​វិញ្ញាណ​ដែល​គេ​ស្គាល់​ថា​ជា«បណ្ដាំ» ពី​ព្រោះ​លោក​ដែល​ជា​បណ្ដាំ​នោះ ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​បាន​បង្កើត​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​តាម​រយៈ​បណ្ដាំ។ ក្រោយ​មក លោក​ដែល​ជា​បណ្ដាំ​បាន​មក​ផែនដី​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​គេ​ស្គាល់​លោក​ថា​យេស៊ូ​គ្រិស្ត។—សូម​អាន យ៉ូហាន ១:១​-​៣, ១៤

តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា​ស្តី​អំពី​ឋានៈ​របស់​ព្រះ​និង​បុត្រ​ច្បង​របស់​លោក? សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​បាន​ប្រាប់​យើង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត ឯ​ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស ឯ​ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ»។ (១កូ. ១១:៣) គ្រិស្ត​ស្ថិត​នៅ​ក្រោម​ប្រមុខភាព​របស់​បិតា​លោក។ ប្រមុខភាព​និង​ការ​ចុះ​ចូល​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​មាន​សេចក្ដី​សុខ​សាន្ត​និង​របៀប​រៀប​រយ​ក្នុង​ចំណោម​ពួក​ទេវតា​និង​មនុស្ស។ សូម្បី​តែ​លោក​ដែល«អ្វី​ៗ​ឯ​ទៀត​ទាំង​អស់ . . . បាន​ត្រូវ​បង្កើត​មក​តាម​រយៈ​លោក» ក៏​ត្រូវ​ចុះ​ចូល​នឹង​ព្រះ​ជា​ប្រមុខ​ដែរ។—កូឡ. ១:១៦

៤, ៥. តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ឋានៈ​របស់​លោក​ក្រោម​ព្រះ​យេហូវ៉ា?

តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ជា​ប្រមុខ និង​ចំពោះ​ការ​មក​ផែនដី? បទ​គម្ពីរ​ចែង​ថា៖ «គ្រិស្ត​យេស៊ូ ទោះ​ជា​លោក​ធ្លាប់​មាន​សណ្ឋាន​ដូច​ព្រះ លោក​មិន​ដែល​គិត​អំពី​ការ​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ ពោល​គឺ​ការ​តាំង​ខ្លួន​ឲ្យ​ស្មើ​ព្រះ​នោះ​ទេ។ លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ តែ​លោក​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​យក​សណ្ឋាន​ជា​ខ្ញុំ​បម្រើ រួច​ក្លាយ​ទៅ​ជា​មនុស្សជាតិ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​ដែល​លោក​ឃើញ​ថា​លោក​មាន​ភាព​ជា​មនុស្សជាតិ លោក​ក៏​បាន​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល​ស្ដាប់​បង្គាប់​រហូត​ដល់​ត្រូវ​ស្លាប់ គឺ​ស្លាប់​លើ​បង្គោល​ទារុណកម្ម»។—ភី. ២:៥​-​៨

លោក​យេស៊ូ​បាន​ចុះ​ចូល ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក​គ្រប់​ពេល​វេលា​ដោយ​ចិត្ត​រាប​ទាប។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​បាន​ឡើយ . . . ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​គឺ​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ (យ៉ូន. ៥:៣០) លោក​បាន​ប្រកាស​ថា៖ «ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល[បិតា​ខ្ញុំ]ពេញ​ចិត្ត»។ (យ៉ូន. ៨:២៩) នៅ​ទី​បញ្ចប់​នៃ​ជីវិត​លោក​នៅ​ផែនដី លោក​បាន​អធិដ្ឋាន​ទៅ​បិតា​លោក​ថា៖ «ខ្ញុំ​បាន​តម្កើង​លោក​នៅ​ផែនដី ដោយ​បាន​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់ឲ្យ​ខ្ញុំ​ធ្វើ»។ (យ៉ូន. ១៧:៤) លោក​យេស៊ូ​មិន​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ស្គាល់ ហើយ​ទទួល​យក​ព្រះ​ជា​ប្រមុខ​របស់​លោក។

ការ​ចុះ​ចូល​របស់​បុត្រ​ចំពោះ​បិតា នាំ​ឲ្យ​បុត្រ​ទទួល​ប្រយោជន៍

៦. តើ​លោក​យេស៊ូ​បាន​បង្ហាញ​នូវ​គុណសម្បត្ដិ​ដ៏​ល្អ​អស្ចារ្យ​អ្វី​ខ្លះ?

ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្ហាញ​នូវ​គុណសម្បត្ដិ​ដ៏​ល្អ​អស្ចារ្យ​ជា​ច្រើន។ ក្នុង​ចំណោម​គុណសម្បត្ដិ​ទាំង​នោះ មាន​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​លោក​បាន​បង្ហាញ​ចំពោះ​បិតា​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌»។ (យ៉ូន. ១៤:៣១) លោក​ក៏​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ចំពោះ​មនុស្សជាតិ​ដែរ។ (សូម​អាន ម៉ាថាយ ២២:៣៥​-​៤០) លោក​យេស៊ូ​ស្លូត ហើយ​ចេះ​យល់​ចិត្ត​យល់​អារម្មណ៍​អ្នក​ឯ​ទៀត លោក​មិន​កាច​ឬ​តឹង​រ៉ឹង​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ពី​ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។ (ម៉ាថ. ១១:២៨​-​៣០) មនុស្ស​គ្រប់​វ័យ​ដែល​មាន​លក្ខណៈ​ដូច​ចៀម ជា​ពិសេស​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​និង​បៀត​បៀន បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ដំណឹង​ដែល​លើក​ទឹក​ចិត្ត​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ និង​ពី​បុគ្គលិក​លក្ខណៈ​ល្អ​របស់​លោក។

៧, ៨. តើ​ច្បាប់​ម៉ូសេ​បាន​ដាក់​កម្រិត​យ៉ាង​ដូច​ម្ដេច​ទៅ​លើ​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម? ប៉ុន្តែ​តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​គាត់?

សូម​ពិចារណា​របៀប​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី។ ក្នុង​ប្រវត្ដិសាស្ត្រ បុរស​ជា​ច្រើន​បាន​ប្រព្រឹត្ត​អាក្រក់​ណាស់​ទៅ​លើ​ស្ត្រី។ នៅ​ប្រទេស​អ៊ីស្រាអែល​នា​សម័យ​បុរាណ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ធ្វើ​ដូច្នេះ​មែន។ ប៉ុន្តែ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​ដោយ​ការ​គោរព។ នេះ​បាន​ស​ឲ្យ​ឃើញ​ពេល​លោក​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ។ ការ​ព្យាបាល​របស់​គ្រូ​ពេទ្យ«បាន​នាំ​ឲ្យ​គាត់​ឈឺ​ចាប់​យ៉ាង​ខ្លាំង» ហើយ​គាត់​បាន​ចំណាយ​ធន​ធាន​ទាំង​អស់​ដែល​គាត់​មាន​ដើម្បី​មើល​ជំងឺ​ឲ្យ​ជា។ ទោះ​ជា​មាន​ការ​ខំ​ប្រឹង​ប្រែង​ដូច្នេះ​ក៏​ដោយ ជំងឺ​របស់​គាត់«កាន់​តែ​ធ្ងន់»។ យោង​ទៅ​តាម​ច្បាប់​ម៉ូសេ គាត់​ជា​មនុស្ស​មិន​ស្អាត។ អ្នក​ណា​ដែល​ពាល់​គាត់​ក៏​នឹង​ទៅ​ជា​មិន​ស្អាត​ដែរ។—លេវី. ១៥:១៩, ២៥

ពេល​ស្ត្រី​នេះ​បាន​ឮ​ថា​លោក​យេស៊ូ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ គាត់​បាន​ចូល​ក្នុង​ចំណោម​បណ្ដា​ជន​ដែល​កំពុង​ចោម​រោម​លោក ដោយ​និយាយ​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​ខ្ញុំ​នឹង​ជា»។ គាត់​បាន​ពាល់​លោក​យេស៊ូ ហើយ​ក្នុង​មួយ​រំពេច​នោះ​គាត់​បាន​ជា​សះ​ស្បើយ។ លោក​យេស៊ូ​ជ្រាប​ថា គាត់​មិន​ត្រូវ​ពាល់​សម្លៀក​បំពាក់​របស់​លោក​ទេ។ ក៏​ប៉ុន្តែ​លោក​មិន​បាន​ស្តី​បន្ទោស​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​សេចក្ដី​មេត្ដា។ លោក​យល់​ពី​ទុក្ខ​លំបាក​របស់​គាត់​ដោយ​សារ​គាត់​មាន​ជំងឺ​នោះ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ឃើញ​ថា​គាត់​ត្រូវ​ការ​ជំនួយ​ខ្លាំង​ណាស់។ ដោយ​ចិត្ត​មេត្ដា​ករុណា លោក​យេស៊ូ​បាន​ប្រាប់​គាត់​ថា៖«កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ ហើយ​សូម​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ»។—ម៉ាក. ៥:២៥​-​៣៤

៩. ពេល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ខំ​ឃាត់​កូន​ក្មេង​មិន​ឲ្យ​មក​ជួប​លោក តើ​លោក​មាន​ប្រតិកម្ម​យ៉ាង​ណា?

សូម្បី​តែ​កូន​ក្មេង​ក៏​មាន​អារម្មណ៍​ស្រួល​ជា​មួយ​នឹង​លោក​យេស៊ូ​ដែរ។ នៅ​ពេល​មួយ បណ្ដា​ជន​ចង់​នាំ​កូន​ក្មេង​មក​ជួប​លោក តែ​ពួក​អ្នក​កាន់​តាម​លោក​បាន​ស្តី​បន្ទោស​បណ្ដា​ជន​ទាំង​នោះ ដោយ​គិត​ថា​លោក​មិន​ចង់​ឲ្យ​កូន​ក្មេង​រំខាន​លោក​ទេ។ ប៉ុន្តែ លោក​មិន​គិត​ដូច្នេះ​ឡើយ។ បទ​គម្ពីរ​បាន​ចែង​ថា៖ «ឃើញ​ដូច្នេះ លោក​យេស៊ូ​ទាស់​ចិត្ត ហើយ​ប្រាប់​ពួក[អ្នក​កាន់​តាម​លោក]ថា៖ ‹ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ កុំ​ឃាត់​ពួក​គេ​ឡើយ ពី​ព្រោះ​រាជាណាចក្រ​របស់​ព្រះ​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ក្មេង​ទាំង​នេះ›»។ ក្រោយ​មក «លោក​ឱប​កូន​ក្មេង​ទាំង​នោះ ហើយ​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួក​គេ»។ លោក​យេស៊ូ​មិន​គ្រាន់​តែ​ប្រណី​កូន​ក្មេង​ប៉ុណ្ណោះ​ទេ តែ​លោក​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ។—ម៉ាក. ១០:១៣​-​១៦

១០. តើ​លោក​យេស៊ូ​មាន​គុណសម្បត្ដិ​ដែល​លោក​បង្ហាញ​ពេល​នៅ​ផែនដី​ដោយ​សារ​អ្វី?

១០ តើ​លោក​យេស៊ូ​អាច​មាន​គុណសម្បត្ដិ​ដែល​លោក​បង្ហាញ​ពេល​នៅ​ផែនដី​ដោយ​សារ​អ្វី? មុន​លោក​មាន​កំណើត​ជា​មនុស្ស លោក​បាន​សង្កេត​មើល​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​អស់​កាល​ដ៏​យូរ​លង់ ហើយ​បាន​រៀន​អំពី​មាគ៌ា​របស់​បិតា​លោក។ (សូម​អាន សុភាសិត ៨:២២, ២៣, ៣០) នៅ​ស្ថាន​សួគ៌ លោក​បាន​ឃើញ​ថា ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត ហើយ​លោក​យេស៊ូ​បានសម្រេច​ចិត្ត​ធ្វើ​តាម​របៀប​នោះ​ដែរ។ បើ​លោក​យេស៊ូ​មិន​ចេះ​ចុះ​ចូល លោក​មិន​អាច​ធ្វើ​ដូច្នេះ​ទេ មែន​ទេ? លោក​មាន​ចិត្ត​រីករាយ​ចុះ​ចូល​នឹង​បិតា ហើយ​ព្រះ​យេហូវ៉ា​រំភើប​ចិត្ត​ដោយ​មាន​បុត្រ​ដែល​ចេះ​ចុះ​ចូល​ដូច្នេះ។ ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​គុណសម្បត្ដិ​របស់​បិតា​នៅ​ស្ថាន​សួគ៌។ ដូច្នេះ ការ​ដែល​យើង​ចុះ​ចូល​នឹង​គ្រិស្ត ដែល​ព្រះ​បាន​តែង​តាំង​ជា​អ្នក​គ្រប់​គ្រង​នៅ​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌ នេះ​ពិត​ជា​ឯកសិទ្ធិ​មែន!

ចូរ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​គ្រិស្ត

១១. (ក) តើ​យើង​គួរ​ខំ​ប្រឹង​យក​តម្រាប់​តាម​អ្នក​ណា? (ខ) ហេតុ​អ្វី​គប្បី​ឲ្យ​បុរស​ក្នុង​ក្រុម​ជំនុំ​ខំ​ប្រឹង​យក​តម្រាប់​តាម​លោក​យេស៊ូ?

១១ យើង​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ជា​ពិសេស​បង​ប្អូន​ប្រុស​ៗ គួរ​បន្ត​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​គ្រិស្ត។ ដូច​យើង​បាន​រៀន​រួច​ហើយ គម្ពីរ​ប្រាប់​ថា៖ «ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត»។ ដូច​គ្រិស្ត​បាន​យក​តម្រាប់​តាម​ប្រមុខ​របស់​លោក ពោល​គឺ​ព្រះ​ដ៏​ពិត នោះ​បុរស​ដែល​ជា​គ្រិស្ត​សាសនិក​គួរ​ខំ​ប្រឹង​យក​តម្រាប់​តាម​ប្រមុខ​របស់​ពួក​គេ​ដែរ ពោល​គឺ​គ្រិស្ត។ ពេល​សាវ័ក​ប៉ូល​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក គាត់​បាន​ធ្វើ​ដូច្នេះ​ដែរ។ គាត់​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ថា៖ «ចូរ​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្ញុំ​យក​តម្រាប់​តាម​គ្រិស្ត»។ (១កូ. ១១:១) មួយ​វិញ​ទៀត សាវ័ក​ពេត្រុស​បាន​និយាយ​ថា៖ «តាម​ពិត អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​ឲ្យ​មាន​វិថី​ជីវិត​បែប​នេះ ពី​ព្រោះ​គ្រិស្ត​បាន​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា ហើយ​ទុក​គំរូ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់»។ (១ពេ. ២:២១) មាន​មូលហេតុ​មួយ​ទៀត​ដែល​បុរស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ដាស់​តឿន​ឲ្យ​យក​តម្រាប់​តាម​គ្រិស្ត។ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ដូច​លោក​យេស៊ូ​មាន​អំណរ​ក្នុង​ការ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា បុរសដែល​ជា​គ្រិស្ត​សាសនិក​គួរ​មាន​អំណរ​ក្នុង​ការ​យក​តម្រាប់​តាម​គ្រិស្ត​និង​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​លោក​ដែរ។

១២, ១៣. តើ​គប្បី​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ប្រព្រឹត្ត​យ៉ាង​ណា​លើ​ចៀម​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់?

១២ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​មាន​កាតព្វកិច្ច​រៀន​ប្រព្រឹត្ត​ដូច​គ្រិស្ត។ ពេត្រុស​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​រាល់​គ្នា មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មិន​មែន​ដោយ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ក៏​មិន​មែន​ដោយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​អ្នក​ដែល​ជា​មត៌ក​របស់​ព្រះ​ដែរ តែ​ដោយ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម»។ (១ពេ. ៥:១​-​៣) ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មិន​ត្រូវ​ឃ្វាល​ហ្វូង​ចៀម​ដោយ​ប្រើ​អំណាច​ផ្ដាច់​ការ ជិះ​ជាន់ ឬ​កាច​ឡើយ។ ព្រះ​បាន​ប្រគល់​ឲ្យ​ពួក​គេ​ថែ​រក្សា​ហ្វូង​ចៀម ហើយ​ដោយ​យក​តម្រាប់​តាម​គំរូ​របស់​គ្រិស្ត ពួក​គេ​ព្យាយាម​ប្រព្រឹត្ត​ទៅ​លើ​ហ្វូង​ចៀម​នោះ​ដោយ​សេចក្ដី​ស្រឡាញ់ យោគ​យល់ ចិត្ត​រាប​ទាប និង​ដោយ​សេចក្ដី​សប្បុរស។

១៣ ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​ជា​បុរស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ពួក​គេ​គួរ​ចាំ​ជា​និច្ច​ថា ភាព​មិន​ល្អ​ឥត​ខ្ចោះ​បាន​ដាក់​កម្រិត​លើ​ពួក​គេ។ (រ៉ូម ៣:២៣) ដូច្នេះ ពួក​គេ​ត្រូវ​ចង់​រៀន​អំពី​លោក​យេស៊ូ ហើយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដូច​លោក។ ពួក​គេ​ត្រូវ​ពិចារណា​អំពី​របៀប​ដែល​ព្រះ​និង​គ្រិស្ត​ប្រព្រឹត្ត​ទៅ​លើ​មនុស្សជាតិ ហើយ​ក្រោយ​មក​ខំ​ប្រឹង​យក​តម្រាប់​តាម​ព្រះ​និង​គ្រិស្ត។ ពេត្រុស​ដាស់​តឿន​យើង​ថា៖ «ចូរ​អ្នក​ទាំង​អស់​គ្នា​ក្រវាត់​ខ្លួន​ដោយ​ចិត្ត​រាប​ទាប​ក្នុង​របៀប​ដែល​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម តែ​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប»។—១ពេ. ៥:៥

១៤. តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​ដល់​កម្រិត​ណា?

១៤ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ក្នុង​ក្រុម​ជំនុំ​ត្រូវ​បង្ហាញ​គុណសម្បត្ដិ​ដ៏​ប្រសើរ​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​ហ្វូង​ចៀម​របស់​ព្រះ។ រ៉ូម ១២:១០​ចែង​ថា៖ «ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន»។ ពួក​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត។ ដូច​គ្រិស្ត​សាសនិក​ជា​ទូទៅ បុរស​ទាំង​នេះ«មិន​ធ្វើ​អ្វី​ក្នុង​បំណង​ទាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឬ​លើក​ខ្លួន​ហួស​ប្រមាណ ប៉ុន្តែ​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន»។ (ភី. ២:៣) ពិត​ជា​គប្បី​ឲ្យ​ពួក​អ្នក​ដែល​នាំ​មុខ​ចាត់​ទុក​អ្នក​ឯ​ទៀត​ប្រសើរ​ជាង​ពួក​គាត់។ ដោយ​ធ្វើ​ដូច្នេះ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​នឹង​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ូល​ដែល​ថា៖ «យើង​ដែល​ជា​អ្នក​មាន​ជំនឿ​ខ្លាំង​គួរ​ទ្រាំ​ទ្រ​ពួក​អ្នក​ដែល​មាន​ចំណុច​ខ្សោយ ហើយ​យើង​មិន​ត្រូវ​រក​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ។ ចូរ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ដោយ​ការ​ល្អ​ដែល​ពង្រឹង​ជំនឿ​របស់​គេ។ ព្រោះ​សូម្បី​តែ​គ្រិស្ត​មិន​បាន​រក​បំពេញ​ចិត្ត​ខ្លួន​លោក​ដែរ»។—រ៉ូម ១៥:១​-​៣

‹ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ›

១៥. តើ​ប្ដី​គួរ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច​ទៅ​លើ​ប្រពន្ធ?

១៥ ឥឡូវ​សូម​ពិចារណា​ដំបូន្មាន​របស់​ពេត្រុស​ចំពោះ​បុរស​ដែល​រៀប​ការ​ហើយ។ គាត់​បាន​សរសេរ​ថា៖ «តាម​របៀប​ដូច​គ្នា​ដែរ ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្ដី បន្ត​រួម​រស់​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ស្គាល់​ចិត្ត​នាង​ច្បាស់ ហើយ​ដោយ​ឲ្យ​កិត្ដិយស​ដល់​នាង​ជា​ភាជនៈ​ខ្សោយ​ជាង ជា​ស្ត្រីភេទ»។ (១ពេ. ៣:៧) បើ​យើង​ឲ្យ​កិត្ដិយស​ដល់​បុគ្គល​ណា​ម្នាក់ នេះ​មាន​ន័យ​ថា​យើង​គោរព​រាប់​អាន​បុគ្គល​នោះ​យ៉ាង​ខ្លាំង។ យ៉ាង​នេះ យើង​នឹង​គិត​អំពី​មតិ សេចក្ដី​ត្រូវ​ការ និង​ចំណង់​របស់​បុគ្គល​នោះ ហើយ​យើង​ប្រហែល​ជា​ព្រម​ធ្វើ​តាម​បុគ្គល​នោះ លើក​លែង​តែ​រឿង​សំខាន់​ចាំ​បាច់​បំផុត។ នេះ​ជា​របៀប​ដែល​ប្ដី​គួរ​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន។

១៦. តើ​បណ្ដាំ​របស់​ព្រះ​ព្រមាន​ប្ដី​យ៉ាង​ណា​ស្តី​អំពី​ការ​ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ?

១៦ ពេល​ដែល​ពេត្រុស​ប្រាប់​ប្ដី​ឲ្យ​ផ្ដល់​កិត្ដិយស​ដល់​ប្រពន្ធ​របស់​ខ្លួន គាត់​បាន​បន្ថែម​ការ​ព្រមាន​មួយ​ថា៖ «ពុំ​នោះ​សោត សេចក្ដី​អធិដ្ឋាន​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រា​រាំង»។ (១ពេ. ៣:៧) នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​ចាត់​ទុក​របៀប​ដែល​បុរស​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​ជា​រឿង​ធ្ងន់​ធ្ងរ។ បើ​ប្ដី​មិន​ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ នោះ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​នឹង​ត្រូវ​រា​រាំង។ ម្យ៉ាង​ទៀត ជា​ទូទៅ បើ​ប្ដី​ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ នោះ​ប្រពន្ធ​នឹង​ចង់​ចុះ​ចូល​នឹង​ប្ដី មែន​ទេ?

១៧. តើ​ប្ដី​គួរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដល់​កម្រិត​ណា?

១៧ ស្តី​អំពី​ការ​ស្រឡាញ់​ប្រពន្ធ បណ្ដាំ​របស់​ព្រះ​ឲ្យ​ឱវាទ​ថា៖ «ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន . . . ព្រោះ​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ តែ​គេ​តែង​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម ដូច​គ្រិស្ត​ប្រព្រឹត្ត​នឹង​ក្រុម​ជំនុំ . . . ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក»។ (អេភ. ៥:២៨, ២៩, ៣៣) តើ​ប្ដី​គួរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ដល់​កម្រិត​ណា? ប៉ូល​បាន​សរសេរ​ថា៖ «ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ»។ (អេភ. ៥:២៥) ពិត​មែន ប្ដី​គួរ​លះ​បង់​ជីវិត​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ប្រពន្ធ​ខ្លួន ដូច​គ្រិស្ត​បាន​ធ្វើ​ដើម្បី​អ្នក​ឯ​ទៀត។ កាល​ណា​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​ប្រព្រឹត្ត​លើ​ប្រពន្ធ​ខ្លួន​ដោយ​ថ្នាក់​ថ្នម ដោយ​ចេះ​យល់​ចិត្ត ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​គិត​ពី​ប្រយោជន៍​ខ្លួន នោះ​ស្រួល​ជាង​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្រមុខភាព​របស់​គាត់។

១៨. ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​អាពាហ៍ពិពាហ៍ តើ​បុរស​ទាំង​ឡាយ​អាច​ទទួល​ជំនួយ​ពី​អ្វី?

១៨ តើ​ការ​ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ​តាម​របៀប​នេះ តម្រូវ​ច្រើន​ពេក​ចំពោះ​ប្ដី​ឬ? មិន​មែន​ទេ ព្រះ​យេហូវ៉ា​មិន​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​លើស​ពី​សមត្ថភាព​របស់​ពួក​គេ​ឡើយ។ មួយ​វិញ​ទៀត អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាច​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដែល​ជា​កម្លាំង​ដ៏​ខ្លាំង​បំផុត​ក្នុង​សកល​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​យ៉ាង​ណា​ទៅ!»។ (លូក. ១១:១៣) ពេល​ប្ដី​អធិដ្ឋាន ពួក​គេ​អាច​សុំ​សកម្មពល​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដែល​រាប់​ទាំង​ប្រពន្ធ​របស់​ពួក​គេ​ផង​ដែរ។—សូម​អាន សកម្មភាព ៥:៣២

១៩. តើ​យើង​នឹង​ពិភាក្សា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៩ ប្រាកដ​ហើយ ពួក​បុរស​មាន​ភារកិច្ច​ធ្ងន់​ដើម្បី​រៀន​ចុះ​ចូល​នឹង​គ្រិស្ត ហើយ​យក​តម្រាប់​តាម​ប្រមុខភាព​របស់​លោក។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ស្ត្រី ជា​ពិសេស​ចំពោះ​ប្រពន្ធ? អត្ថបទ​បន្ទាប់​នឹង​ពិភាក្សា​អំពី​ទស្សនៈ​ដែល​ពួក​គេ​គួរ​មាន​ចំពោះ​តួ​នាទី​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​អ្វី​ខ្លះ​ដូច​លោក​យេស៊ូ?

• តើ​អ្នក​ចាស់​ទុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ចៀម?

• តើ​ប្ដី​គួរ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រពន្ធ​របស់​ខ្លួន?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ឃ្លា​ពន្យល់​អំពី​រូប​ភាព នៅ​ទំព័រ​១៦]

យក​តម្រាប់​តាម​លោក​យេស៊ូ ដោយ​ឲ្យ​កិត្ដិយស ដល់​អ្នក​ឯ​ទៀត