លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកយេស៊ូលើកតម្កើងភាពសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?

តើលោកយេស៊ូលើកតម្កើងភាពសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?

តើ​លោក​យេស៊ូ​លើក​តម្កើង​ភាព​សុចរិត​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

«ព្រះ​បាន​តាំង​គ្រិស្ត​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​មនុស្ស​និង​លោក តាម​រយៈ​ជំនឿ​លើ​ឈាម​របស់​គ្រិស្ត។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ពី​ភាព​សុចរិត​របស់​លោក»។—រ៉ូម ៣:២៥

១, ២. (ក) តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា​អំពី​ស្ថានភាព​របស់​មនុស្សជាតិ? (ខ) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

មនុស្ស​ជា​ច្រើន​ដឹង​អំពី​កំណត់​ហេតុ​គម្ពីរ​ស្តី​អំពី​ការ​បះ​បោរ​ប្រឆាំង​នៅ​សួន​ច្បារ​អេដែន។ យើង​ទាំង​អស់​គ្នា​ទទួល​ឥទ្ធិពល​ពី​ភាព​ខុស​ឆ្គង​របស់​អាដាម ដូច​ពាក្យ​ទាំង​នេះ​បាន​ពន្យល់​ថា៖ «ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស»។ (រ៉ូម ៥:១២) ទោះ​ជា​យើង​ខំ​ប្រឹង​ប្រព្រឹត្ត​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​ទាំង​អស់​គ្នា​នៅ​តែ​ធ្វើ​ខុស ហើយ​ត្រូវ​ការ​ការ​អភ័យ​ទោស​ពី​ព្រះ។ សូម្បី​តែ​សាវ័ក​ប៉ូល​ក៏​បាន​និយាយ​ដោយ​មាន​ទុក្ខ​ព្រួយ​ដែរ​ថា៖ «ខ្ញុំ​មិន​ធ្វើ​ការ​ល្អ​ដែល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ទម្លាប់​ធ្វើ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ប៉ង​ប្រាថ្នា​ធ្វើ​វិញ។ ពិបាក​ចិត្ត​ណាស់​ខ្ញុំ!»។—រ៉ូម ៧:១៩, ២៤

ដោយ​សារ​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង​ពី​កំណើត គឺ​សម​ហេតុ​ផល​ដែល​យើង​សួរ​សំណួរ​សំខាន់​ៗ​ទាំង​នេះ​ថា៖ ‹តើ​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​អាច​កើត​មក​ដោយ​គ្មាន​ឆ្លង​ភាព​ខុស​ឆ្គង​យ៉ាង​ដូច​ម្ដេច​បាន? ហេតុ​អ្វី​បាន​ជា​លោក​ទទួល​ការ​ជ្រមុជ​ទឹក? តើ​គន្លង​ជីវិត​របស់​លោក​យេស៊ូ​តម្កើង​ភាព​សុចរិត​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? សំខាន់​បំផុត តើ​មរណភាព​របស់​គ្រិស្ត​បាន​សម្រេច​អ្វី​ខ្លះ?›។

ការ​សង្ស័យ​ទៅ​លើ​ភាព​សុចរិត​របស់​ព្រះ

៣. តើ​សាថាន​បាន​បំភាន់​នាង​អេវ៉ា​យ៉ាង​ដូច​ម្ដេច?

អាដាម​និង​អេវ៉ា​ដែល​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ ពេល​ពួក​គេ​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ ដើម្បី​ឲ្យ«ពស់​ដំបូង​បង្អស់ ជា​អ្នក​ដែល​ត្រូវ​ហៅ​ថា​មេ​កំណាច​និង​សាថាន»គ្រប់​គ្រង​លើ​ពួក​គេ​វិញ។ (បប. ១២:៩) សូម​គិត​អំពី​របៀប​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ។ សាថាន​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ភាព​សុចរិត​នៃ​របៀប​ដែល​ព្រះ​យេហូវ៉ា​គ្រប់​គ្រង។ វា​បាន​ធ្វើ​ដូច្នេះ​ដោយ​សួរ​នាង​អេវ៉ា​ថា៖ «តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?»។ នាង​អេវ៉ា​បាន​ប្រាប់​វា​អំពី​បញ្ញត្ដិ​ដ៏​ច្បាស់​លាស់​របស់​ព្រះ​ដែល​ថា មាន​តែ​ដើម​ឈើ​មួយ​ប៉ុណ្ណោះ​ដែល​ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់ ពុំ​នោះ​សោត​ពួក​គេ​នឹង​ស្លាប់​ជា​មិន​ខាន។ សាថាន​ចោទ​ប្រកាន់​ព្រះ​ថា​លោក​បាន​ភូត​កុហក។ វា​និយាយ​ថា៖ «អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ»។ នៅ​ទី​បំផុត វា​បាន​បំភាន់​នាង​អេវ៉ា​ឲ្យ​ជឿ​ថា​ព្រះ​លាក់​អ្វី​ដែល​ល្អ​ពី​ពួក​គេ ហើយ​ថា​បើ​បរិភោគ​ផ្លែ​ឈើ​នោះ នាង​នឹង​បាន​ដូច​ជា​ព្រះ ហើយ​អាច​ដឹង​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​ដោយ​មិន​ពឹង​ផ្អែក​លើ​ព្រះ។—លោ. ៣:១​-​៥

៤. តើ​តាម​របៀប​ណា​ដែល​មនុស្សជាតិ​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន ដែល​ជា​ការ​គ្រប់​គ្រង​ដែល​ប្រឆាំង​ព្រះ?

បើ​និយាយ​ឲ្យ​ចំ​ទៅ សាថាន​បាន​បង្ហើប​ថា មនុស្សជាតិ​នឹង​សប្បាយ​ជាង បើ​ព្រះ​មិន​គ្រប់​គ្រង​លើ​ពួក​គេ។ ជា​ជាង​គាំទ្រ​ភាព​សុចរិត​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ អាដាម​បាន​ស្ដាប់​តាម​ប្រពន្ធ​របស់​គាត់ ហើយ​បាន​ចូល​រួម​ជា​មួយ​គាត់​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​បាន​ហាម។ យ៉ាង​នេះ អាដាម​បាន​បាត់​បង់​ទំនាក់​ទំនង​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​នាំ​ឲ្យ​យើង​ស្ថិត​ក្រោម​នឹម​ដ៏​ធ្ងន់​នៃ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ដំណាល​គ្នា​នោះ មនុស្សជាតិ​ក៏​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដែល​ប្រឆាំង​ព្រះ ពោល​គឺ​ការ​គ្រប់​គ្រង​របស់​សាថាន​ដែល​ជា«ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ»។—២កូ. ៤:៤; រ៉ូម ៧:១៤

៥. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក? (ខ) តើ​ព្រះ​បាន​ផ្ដល់​ឲ្យ​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​នូវ​សេចក្ដី​សង្ឃឹម​អ្វី?

ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​អាដាម​និង​អេវ៉ា​ឲ្យ​ត្រូវ​ស្លាប់ ដូចប្រសាសន៍​របស់​លោក​ដែល​មិន​ចេះ​ខុស។ (លោ. ៣:១៦​-​១៩) ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា គោល​បំណង​របស់​ព្រះ​មិន​បាន​សម្រេច​នោះ​ទេ។ តែ​តាម​ពិត គឺ​ផ្ទុយ​ស្រឡះ​ពី​នោះ​វិញ! ពេល​ព្រះ​យេហូវ៉ា​កំពុង​កាត់​ទោស​អាដាម​និង​អេវ៉ា លោក​បាន​ផ្ដល់​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​ដែល​មិន​ទាន់​កើត​មក​នូវ​សេចក្ដី​សង្ឃឹម​មួយ​ដ៏​អស្ចារ្យ។ លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​ប្រកាស​អំពី​គោល​បំណង​របស់​លោក​ក្នុង​ការ​បង្កើត«ពូជ»មួយ​ដែល​សាថាន​នឹង​ចឹក​កែង​ជើង​របស់​ពូជ​នោះ។ ប៉ុន្តែ ពូជ​ដែល​បាន​ត្រូវ​សន្យា​នោះ​នឹង​ជា​ឡើង​វិញ​ពី​របួស​នៅ​កែង​ជើង ហើយ​នឹង«កិន​ក្បាល[សាថាន]»។ (លោ. ៣:១៥) គម្ពីរ​បាន​ពន្យល់​ថែម​ទៀត​អំពី​ប្រធានបទ​នេះ​ដោយ​ចែង​អំពី​លោក​យេស៊ូ​គ្រិស្ត​ដូច​ត​ទៅ​ថា៖ «នេះ​ជា​មូលហេតុ​ដែល​បុត្រ​របស់​ព្រះ​បាន​មក ពោល​គឺ​ដើម្បី​បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច»។ (១យ៉ូន. ៣:៨) ប៉ុន្តែ តើ​ការ​ប្រព្រឹត្ត​និង​មរណភាព​របស់​លោក​យេស៊ូ​លើក​តម្កើង​ភាព​សុចរិត​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ

៦. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​លោក​យេស៊ូ​មិន​បាន​ឆ្លង​ភាព​ខុស​ឆ្គង​ពី​អាដាម?

ពេល​លោក​យេស៊ូ​ជា​មនុស្ស​ពេញ​វ័យ លោក​ត្រូវ​ជា​មនុស្ស​ដែល​ស្មើ​គ្នា​ទាំង​ស្រុង​នឹង​អាដាម​ដែល​ធ្លាប់​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ (រ៉ូម ៥:១៤; ១កូ. ១៥:៤៥) នេះ​មាន​ន័យ​ថា លោក​យេស៊ូ​ត្រូវ​កើត​មក​ដោយ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ទេវតា​កាព្រីយ៉ែល​បាន​ពន្យល់​យ៉ាង​ច្បាស់​ទៅ​នាង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ​ថា៖ «សកម្មពល​បរិសុទ្ធ​របស់​ព្រះ​នឹង​សណ្ឋិត​លើ​នាង ហើយ​ឫទ្ធានុភាព​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ​ហើយ កូន​ដែល​នឹង​កើត​មក​នោះ នឹង​ត្រូវ​ហៅ​ថា​ជា​បរិសុទ្ធ និង​ជា​បុត្រ​របស់​ព្រះ»។ (លូក. ១:៣៥) តាម​មើល​ទៅ តាំង​ពី​ពេល​លោក​យេស៊ូ​នៅ​ក្មេង នាង​ម៉ារៀ​បាន​ប្រាប់​លោក​នូវ​ហេតុ​ការណ៍​ខ្លះ​អំពី​កំណើត​របស់​លោក។ នៅ​ពេល​មួយ ពេល​ដែល​នាង​ម៉ារៀ​និង​យ៉ូសែប​ដែល​ជា​ឪពុក​ចិញ្ចឹម​របស់​លោក​យេស៊ូ បាន​រក​ឃើញ​លោក​នៅ​វិហារ នោះ​លោក​យេស៊ូ​បាន​សួរ​ពួក​គាត់​ថា៖ «តើ​មិន​បាន​នឹក​ឃើញ​ថា​កូន​នៅ​កន្លែង​គោរព​បូជា​របស់​បិតា​កូន​ទេ​ឬ?»។ (លូក. ២:៤៩) ដូច្នេះ តាំង​ពី​ក្មេង​មក លោក​យេស៊ូ​ជ្រាប​ថា​លោក​ជា​បុត្រ​របស់​ព្រះ។ ហេតុ​នេះ ការ​លើក​តម្កើង​ភាព​សុចរិត​របស់​ព្រះ​គឺ​សំខាន់​ណាស់​ចំពោះ​លោក។

៧. តើ​លោក​យេស៊ូ​មាន​អ្វី​ខ្លះ​ដែល​វិសេស​វិសាល?

លោក​យេស៊ូ​បាន​បង្ហាញ​ថា លោក​មាន​ចំណាប់​អារម្មណ៍​និង​ចង់​ដឹង​អំពី​ព្រះ​ដោយ​ទៅ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់​ដើម្បី​គោរព​បូជា​ព្រះ។ ដោយ​មាន​ខួរ​ក្បាល​ល្អ​ឥត​ខ្ចោះ លោក​ពិត​ជា​បាន​យល់​ហើយ​ចាំ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ឮ​និង​បាន​អាន​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។ (លូក. ៤:១៦) លោក​ក៏​មាន​អ្វី​មួយ​ទៀត​ដែល​វិសេស​វិសាល ពោល​គឺ​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ដែល​អាច​ធ្វើ​ជា​គ្រឿង​បូជា​ដើម្បី​មនុស្សជាតិ។ ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​អធិដ្ឋាន ហើយ​លោក​ប្រហែល​ជា​បាន​គិត​អំពី​ទំនាយ​ក្នុង​ទំនុក​តម្កើង ៤០:៦​-​៨។—លូក. ៣:២១; សូម​អាន ហេប្រឺ ១០:៥​-​១០ *

៨. ហេតុ​អ្វី​បាន​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឃាត់​លោក​យេស៊ូ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?

ដំបូង យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ចង់​ឃាត់​លោក​យេស៊ូ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។ ហេតុ​អ្វី? ពី​ព្រោះ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ជនជាតិ​យូដា​ដើម្បី​ជា​និមិត្តរូប​នៃ​ការ​ប្រែ​ចិត្ត​ពី​ការ​ធ្វើ​ខុស​ច្បាប់​របស់​ម៉ូសេ។ យ៉ូហាន​ជា​សាច់​ញាតិ​ជិត​របស់​លោក​យេស៊ូ ម្ល៉ោះ​ហើយ​គាត់​ពិត​ជា​ដឹង​ថា​លោក​យេស៊ូ​ជា​មនុស្ស​សុចរិត ហេតុ​នេះ​ហើយ​លោក​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ត​ឡើយ។ លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​យ៉ូហាន​ថា ជា​ការ​ល្អ​ដែល​លោក​ទទួល​ការ​ជ្រមុជ​ទឹក។ លោក​យេស៊ូ​បាន​ពន្យល់​ថា៖ «គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​សម្រេច​គ្រប់​ការ​សុចរិត​តាម​របៀប​នេះ»។—ម៉ាថ. ៣:១៥

៩. តើ​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​តំណាង​អ្វី?

ក្នុង​នាម​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ លោក​យេស៊ូ​ប្រហែល​ជា​អាច​សន្និដ្ឋាន​ថា ដូច​អាដាម លោក​មាន​លទ្ធភាព​បង្កើត​ពូជ​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​ដែល​មាន​បំណង​ធ្វើ​ដូច្នេះ​ទេ ពី​ព្រោះ​នេះ​មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​លោក​ឡើយ។ ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែនដី​ដើម្បី​បំពេញ​តួ​នាទី​ជា​ពូជ​ដែល​បាន​ត្រូវ​សន្យា ឬ​មេស្ស៊ី និង​ដើម្បី​ផ្ដល់​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​ធ្វើ​ជា​គ្រឿង​បូជា។ (សូម​អាន អេសាយ ៥៣:៥, ៦, ១២) ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​មិន​មាន​អត្ថន័យ​ដូច​ការ​ជ្រមុជ​ទឹក​របស់​យើង​ឡើយ។ ការ​ជ្រមុជ​ទឹក​របស់​លោក​មិន​មែន​ជា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ទេ ដោយ​សារ​លោក​យេស៊ូ​កើត​មក​ក្នុង​ប្រជាជាតិ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​រួច​ហើយ ពោល​គឺ​ប្រជាជាតិ​អ៊ីស្រាអែល។ ផ្ទុយ​ទៅ​វិញ ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​តំណាង​ការ​បង្ហាញ​ខ្លួន​លោក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដូច​បទ​គម្ពីរ​បាន​ទាយ​ទុក​ស្តី​អំពី​មេស្ស៊ី។

១០. ក្នុង​នាម​ជា​មេស្ស៊ី តើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ? ហើយ​តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

១០ បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​លោក​យេស៊ូ​ក៏​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក និង​ការ​រៀបចំ​ពួក​គេ​ឲ្យ​ចេះ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​ដែរ។ ការ​បង្ហាញ​ខ្លួន​របស់​លោក​យេស៊ូ​ក៏​រួម​បញ្ចូល​ការ​ស្ម័គ្រ​ចិត្ត​ស៊ូ​ទ្រាំ​ការ​បៀត​បៀន និង​សេចក្ដី​ស្លាប់​យ៉ាង​ឈឺ​ចាប់​ដើម្បី​គាំទ្រ​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ដោយ​សារ​លោក​យេស៊ូ​ពិត​ជា​ស្រឡាញ់​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌ នោះ​លោក​សប្បាយ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ពេញ​ចិត្ត​ជូន​រូប​កាយ​របស់​លោក​ជា​គ្រឿង​បូជា។ (យ៉ូន. ១៤:៣១) លោក​ក៏​គាប់​ចិត្ត​ដោយ​ដឹង​ថា​តម្លៃ​នៃ​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​អាច​ជូន​ព្រះ​ជា​ថ្លៃ​លោះ​ដើម្បី​លោះ​យើង​ពី​ទាសភាព​នៃ​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ តើ​ព្រះ​ពេញ​ចិត្ត​ពេល​លោក​យេស៊ូ​បង្ហាញ​ខ្លួន​លោក​ដើម្បី​បំពេញ​ភារកិច្ច​ដ៏​សំខាន់​ទាំង​នេះ​ឬ​ទេ? លោក​ពិត​ជា​ពេញ​ចិត្ត​មែន!

១១. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ពេញ​ចិត្ត​នឹង​លោក​យេស៊ូ​ជា​មេស្ស៊ី​ឬ​គ្រិស្ត​ដែល​បាន​ត្រូវ​សន្យា?

១១ ម៉ាថាយ ម៉ាកុស លូកា​និង​យ៉ូហាន​បញ្ជាក់​អំពី​ប្រសាសន៍​ដ៏​ច្បាស់​លាស់​របស់​ព្រះ​យេហូវ៉ា​ដែល​បង្ហាញ​ថា​លោក​ពេញ​ចិត្ត កាល​ដែល​លោក​យេស៊ូ​ងើប​ឡើង​ពី​ទឹក​ទន្លេ​យ៉ូដាន់។ យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ធ្វើ​ការ​បញ្ជាក់​ដោយ​ប្រាប់​ថា៖ «ខ្ញុំ​បាន​ឃើញ​សកម្មពល​របស់​ព្រះ​ចុះ​ពី​ស្ថាន​សួគ៌​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​នៅ​លើ​លោក[យេស៊ូ] . . . ហើយ​ខ្ញុំ​បាន​ឃើញ​ការ​នោះ ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ថា លោក​នោះ​ហើយ​ជា​បុត្រ​របស់​ព្រះ»។ (យ៉ូន. ១:៣២​-​៣៤) ម្យ៉ាង​ទៀត នៅ​ឱកាស​នោះ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា៖ «នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។—ម៉ាថ. ៣:១៧; ម៉ាក. ១:១១; លូក. ៣:២២

លោក​យេស៊ូ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់

១២. អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ​ក្រោយ​ទទួល​ការ​ជ្រមុជ​ទឹក តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី?

១២ អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ​ក្រោយ​ទទួល​ការ​ជ្រមុជ​ទឹក លោក​យេស៊ូ​ជាប់​រវល់​បង្រៀន​មនុស្ស​អំពី​បិតា​របស់​លោក និង​អំពី​ភាព​សុចរិត​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ។ ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពាស​ពេញ​ស្រុក​សន្យា បាន​ធ្វើ​ឲ្យ​លោក​អស់​កម្លាំង តែ​គ្មាន​អ្វី​សោះ​ដែល​អាច​រា​រាំង​លោក​មិន​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​អំពី​សេចក្ដី​ពិត​ទេ។ (យ៉ូន. ៤:៦, ៣៤; ១៨:៣៧) លោក​យេស៊ូ​បាន​បង្រៀន​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ។ ដោយ​ធ្វើ​ការ​អស្ចារ្យ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ ផ្ដល់​អាហារ​ឲ្យ​បណ្ដា​ជន​ដែល​ឃ្លាន ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នោះ​លោក​បាន​បង្ហាញ​ពី​អ្វី​ៗ​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​សម្រាប់​មនុស្សជាតិ។—ម៉ាថ. ១១:៤, ៥

១៣. តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្វី​ស្តី​អំពី​សេចក្ដី​អធិដ្ឋាន?

១៣ ជា​ជាង​ឲ្យ​មនុស្ស​លើក​តម្កើង​ខ្លួន​លោក​ផ្ទាល់​ចំពោះ​សេចក្ដី​បង្រៀន​និង​ការ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ នោះ​លោក​យេស៊ូ​ទុក​គំរូ​ដ៏​អស្ចារ្យ​ក្នុង​ការ​ណែនាំ​មនុស្ស​ដោយ​ចិត្ត​រាប​ទាប​ឲ្យ​ពួក​គេ​លើក​តម្កើង​ព្រះ​យេហូវ៉ា​វិញ។ (យ៉ូន. ៥:១៩; ១១:៤១​-​៤៤) លោក​យេស៊ូ​ក៏​បាន​ប្រាប់​ដែរ​អំពី​រឿង​សំខាន់​ៗ​បំផុត​ដែល​យើង​គួរ​អធិដ្ឋាន។ សេចក្ដី​អធិដ្ឋាន​របស់​យើង​គួរ​រួម​បញ្ចូល​សំណូម​ពរ​ឲ្យ​នាម​របស់​ព្រះ ពោល​គឺ​យេហូវ៉ា«បាន​បរិសុទ្ធ» ហើយ​ឲ្យ​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​ជំនួស​ការ​គ្រប់​គ្រង​ដ៏​ទុច្ចរិត​របស់​សាថាន ដើម្បី​ឲ្យ«បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថ. ៦:៩, ១០) លោក​យេស៊ូ​ក៏​បាន​បំផុស​ទឹក​ចិត្ត​យើង​ដែរ​ឲ្យ​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​អធិដ្ឋាន​បែប​នោះ​ដោយ«ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន»។—ម៉ាថ. ៦:៣៣

១៤. ថ្វី​បើ​លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ហេតុ​អ្វី​លោក​ត្រូវ​ខំ​ប្រឹង​ប្រែង​ដើម្បី​បំពេញ​តួ​នាទី​របស់​លោក​ក្នុង​គោល​បំណង​របស់​ព្រះ?

១៤ កាល​ដែល​ជិត​ដល់​ពេល​ដែល​លោក​យេស៊ូ​ត្រូវ​ផ្ដល់​ជីវិត​លោក​ជា​គ្រឿង​បូជា លោក​កាន់​តែ​ដឹង​ច្បាស់​នូវ​ភារកិច្ច​ដ៏​ធ្ងន់​ដែល​លោក​ត្រូវ​បំពេញ។ គោល​បំណង​និង​កេរ្ដិ៍​ឈ្មោះ​របស់​បិតា​លោក អាស្រ័យ​ទៅ​លើ​លោក​យេស៊ូ​ស៊ូ​ទ្រាំ​ការ​វិនិច្ឆ័យ​ក្ដី​ដោយ​អយុត្ដិធម៌​និង​សេចក្ដី​ស្លាប់​យ៉ាង​ឈឺ​ចាប់។ ប្រាំ​ថ្ងៃ​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​អធិដ្ឋាន​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ហើយ​តើ​ខ្ញុំ​អាច​និយាយ​យ៉ាង​ណា? បិតា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​គ្រា​នេះ។ ប៉ុន្តែ​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក គឺ​ដើម្បី​ឆ្លង​កាត់​គ្រា​នេះ»។ ក្រោយ​លោក​បាន​ប្រាប់​ពី​អារម្មណ៍​ទាំង​នេះ​របស់​លោក​ដែល​ជា​អារម្មណ៍​ធម្មតា​របស់​មនុស្ស លោក​មិន​បាន​គិត​អំពី​ខ្លួន​លោក​ទេ ហើយ​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​រឿង​ដែល​សំខាន់​ជាង​ដោយ​អធិដ្ឋាន​ថា៖ «បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក»។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ភ្លាម​ៗ​ថា៖ «ខ្ញុំ​បាន​លើក​តម្កើង ក៏​នឹង​លើក​តម្កើង​ម្ដង​ទៀត»។ (យ៉ូន. ១២:២៧, ២៨) ត្រូវ​ហើយ លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ឆ្លង​កាត់​ការ​ល្បង​ល​ចំពោះ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​លោក ដែល​ជា​ការ​ល្បង​ល​ដ៏​ខ្លាំង​បំផុត​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ប្រឈម​មុខ​ឡើយ។ ប៉ុន្តែ​ការ​ឮ​ពាក្យ​ទាំង​នោះ​របស់​បិតា​លោក​នៅ​ស្ថាន​សួគ៌ ពិត​ជា​ពង្រឹង​ទំនុក​ចិត្ត​លោក​យេស៊ូ​ឲ្យ​ដឹង​ថា លោក​អាច​មាន​ជោគ​ជ័យ​ក្នុង​ការ​លើក​តម្កើង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ថា​ការ​គ្រប់​គ្រង​នោះ​គឺ​ត្រឹម​ត្រូវ។ លោក​ពិត​ជា​បាន​ជោគ​ជ័យ​ក្នុង​រឿង​នោះ​មែន!

តើ​មរណភាព​របស់​លោក​យេស៊ូ​បាន​សម្រេច​អ្វី​ខ្លះ?

១៥. មុន​លោក​យេស៊ូ​ស្លាប់ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​ថា៖ «ការ​ទាំង​អស់​បាន​សម្រេច​ហើយ»?

១៥ មុន​លោក​យេស៊ូ​ជិត​ផុត​ដង្ហើម​នៅ​លើ​បង្គោល​ទារុណកម្ម លោក​មាន​ប្រសាសន៍​ថា៖ «ការ​ទាំង​អស់​បាន​សម្រេច​ហើយ!»។ (យ៉ូន. ១៩:៣០) ដោយ​មាន​ជំនួយ​ពី​ព្រះ លោក​យេស៊ូ​ពិត​ជា​បាន​សម្រេច​អ្វី​ៗ​ដ៏​អស្ចារ្យ​ក្នុង​អំឡុង​បី​ឆ្នាំ​កន្លះ តាំង​ពី​ពេល​លោក​ទទួល​ការ​ជ្រមុជ​ទឹក​រហូត​ដល់​ពេល​លោក​ស្លាប់! ពេល​លោក​ស្លាប់ មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង ហើយ​នាយ​ទាហាន​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ការ​ប្រហារ​ជីវិត​លោក បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​និយាយ​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បុត្រ​របស់​ព្រះ​មែន»។ (ម៉ាថ. ២៧:៥៤) តាម​មើល​ទៅ នាយ​ទាហាន​នោះ​បាន​ឃើញ​គេ​ចំអក​ឲ្យ​លោក ដោយ​សារ​លោក​អះអាង​ថា​ជា​បុត្រ​របស់​ព្រះ។ ទោះ​ជា​លោក​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​ក៏​ដោយ លោក​យេស៊ូ​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​លោក ហើយ​បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូត​ភរ​ដ៏​អាក្រក់​ក្រៃ​លែង​ម្នាក់។ ចំពោះ​អស់​អ្នក​ដែល​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ សាថាន​បាន​ចោទ​ប្រកាន់​ថា៖«មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ»។ (យ៉ូប ២:៤) ដោយ​សារ​លោក​យេស៊ូ​រក្សា​ភាព​ស្មោះ​ត្រង់ លោក​បាន​បង្ហាញ​ថា​អាដាម​និង​អេវ៉ា​អាច​នៅ​ស្មោះ​ត្រង់​បាន​ក្នុង​ការ​ល្បង​ល​ដែល​ស្រួល​ជាង​ដែល​ពួក​គេ​បាន​ឆ្លង​កាត់។ សំខាន់​បំផុត ជីវិត​និង​មរណភាព​របស់​លោក​យេស៊ូ​បាន​គាំទ្រ ហើយ​បាន​លើក​តម្កើង​ភាព​សុចរិត​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ (សូម​អាន សុភាសិត ២៧:១១) តើ​មរណភាព​របស់​លោក​យេស៊ូ​បាន​សម្រេច​អ្វី​ទៀត​ឬ​ទេ? ពិត​ជា​បាន​សម្រេច​អ្វី​ទៀត​មែន!

១៦, ១៧. (ក) ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​រស់​នៅ​មុន​លោក​យេស៊ូ​មក​ផែនដី តើ​ព្រះ​អាច​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សុចរិត​ដោយ​ផ្អែក​លើ​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​អ្វី​ខ្លះ​ដល់​បុត្រ​របស់​លោក​ដែល​ស្មោះ​ត្រង់? ហើយ​តើ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​បន្ត​ធ្វើ​អ្វី?

១៦ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​រស់​នៅ​មុន​លោក​យេស៊ូ​មក​ផែនដី។ ព្រះ​បាន​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សុចរិត ហើយ​ផ្ដល់​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​ឡើង​វិញ។ (អេ. ២៥:៨; ដាន. ១២:១៣) ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​អាច​ផ្ដល់​ពរ​ដ៏​អស្ចារ្យ​បែប​នេះ​ដល់​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង ដោយ​ផ្អែក​លើ​អ្វី? គម្ពីរ​ពន្យល់​ថា៖ «ព្រះ​បាន​តាំង​គ្រិស្ត​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​មនុស្ស​និង​លោក តាម​រយៈ​ជំនឿ​លើ​ឈាម​របស់​គ្រិស្ត។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ពី​ភាព​សុចរិត​របស់​លោក ពី​ព្រោះ​លោក​បាន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ដែល​កើត​មាន​នៅ​អតីតកាល ពេល​ដែល​លោក​ទ្រាំ​អត់​សង្កត់​ចិត្ត ដើម្បី​ឲ្យ​ព្រះ​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​លោក​នៅ​គ្រា​នេះ ដើម្បី​ឲ្យ​លោក​សុចរិត សូម្បី​តែ​ពេល​ដែល​លោក​ប្រកាស​ថា អ្នកដែល​មាន​ជំនឿ​លើ​លោក​យេស៊ូ​គឺ​ជា​មនុស្ស​សុចរិត​ក៏​ដោយ»។—រ៉ូម ៣:២៥, ២៦

១៧ ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​ដល់​លោក​យេស៊ូ​ដោយ​ប្រោស​ឲ្យ​លោក​រស់​ឡើង​វិញ ដោយ​មាន​ឋានៈ​ខ្ពស់​ជាង​ឋានៈ​ដែល​លោក​មាន​មុន​មក​ផែនដី។ ឥឡូវ​លោក​យេស៊ូ​មាន​ជីវិត​អមតៈ​ជា​បុគ្គល​វិញ្ញាណ​ដ៏​រុង​រឿង។ (ហេ. ១:៣) ក្នុង​នាម​ជា​សម្ដេច​សង្ឃ​និង​ជា​ស្តេច លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​បន្ត​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​លើក​តម្កើង​ភាព​សុចរិត​របស់​ព្រះ។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ គឺ​ជា​អ្នក​ឲ្យ​រង្វាន់​ដល់​អស់​អ្នក​ដែល​លើក​តម្កើង​ភាព​សុចរិត​របស់​លោក ហើយ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​ដោយ​យក​តម្រាប់​តាម​បុត្រ​របស់​លោក!—សូម​អាន ទំនុក​តម្កើង ៣៤:៣; ហេប្រឺ ១១:៦

១៨. តើ​យើង​នឹង​ពិភាក្សា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៨ មនុស្ស​ដែល​ស្មោះ​ត្រង់​តាំង​ពី​អេបិល​មក មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​បង្ហាញ​ជំនឿ ហើយ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ពូជ​ដែល​បាន​ត្រូវ​សន្យា។ ព្រះ​យេហូវ៉ា​ជ្រាប​ថា​បុត្រ​របស់​លោក​នឹង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ហើយ​ជ្រាប​ថា​មរណភាព​របស់​លោក​នឹង​គ្រប​បាំង​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ«ភាព​ខុស​ឆ្គង​របស់​ពិភព​លោក»។ (យ៉ូន. ១:២៩) មរណភាព​របស់​លោក​យេស៊ូ​ក៏​នាំ​ឲ្យ​មនុស្ស​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ទទួល​ប្រយោជន៍​ដែរ។ (រ៉ូម ៣:២៦) ដូច្នេះ តើ​ថ្លៃ​លោះ​របស់​គ្រិស្ត​អាច​នាំ​ឲ្យ​អ្នក​មាន​ពរ​អ្វី​ខ្លះ? យើង​នឹង​ពិភាក្សា​រឿង​នេះ​នៅ​អត្ថបទ​បន្ទាប់។

[កំណត់​សម្គាល់]

^ វគ្គ 7 នៅ​ខ​ទាំង​នេះ សាវ័ក​ប៉ូល​បាន​ដក​ស្រង់​ទំនុក​តម្កើង ៤០:៦​-​៨​ពី​សេចក្ដី​បក​ប្រែ​ភាសា​ក្រិច ដែល​ហៅ​ថា​សេ​ប​ទូ​ជីន ដែល​បក​ប្រែ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ ដែល​មាន​ប្រយោគ​ថា«លោក​បាន​រៀបចំ​រូប​កាយ​មួយ​ឲ្យ​ខ្ញុំ»។ ប្រយោគ​នេះ​មិន​មាន​ក្នុង​ឯកសារ​បុរាណ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​នៅ​សល់​សព្វ​ថ្ងៃ​នេះ​ទេ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​សាថាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ភាព​សុចរិត​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

• តើ​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​តំណាង​អ្វី?

• តើ​មរណភាព​របស់​លោក​យេស៊ូ​បាន​សម្រេច​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១១]

តើ​អ្នក​ដឹង​ឬ​ទេ​ថា​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​តំណាង​អ្វី?