លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើនរណាអាចសង្គ្រោះពួកអ្នកដែលស្រែករកគេជួយ?

តើនរណាអាចសង្គ្រោះពួកអ្នកដែលស្រែករកគេជួយ?

តើ​នរណា​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ស្រែក​រក​គេ​ជួយ?

«ឱ​ព្រះ​អង្គ​អើយ សូម​ទ្រង់​ប្រទាន​បញ្ញត្ដិ​ច្បាប់​នៃ​ទ្រង់​មក​ទូល​បង្គំ​ជា​ស្តេច . . . ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ[ឬ«សង្គ្រោះ​អ្នក​ក្រី​ក្រ​ដែល​ស្រែក​រក​គេ​ជួយ»]។—ទំនុក. ៧២:១, ១២; ព.ថ.

១. ក្នុង​ករណី​របស់​ដាវីឌ តើ​យើង​ទាញ​មេ​រៀន​អ្វី​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ?

ស្តេច​ដាវីឌ​នៅ​អ៊ីស្រាអែល​ពី​បុរាណ​ទំនង​ជា​អ្នក​សរសេរ​ពាក្យ​ខាង​លើ​នេះ ហើយ​ពាក្យ​ទាំង​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់! * ច្រើន​ឆ្នាំ​មុន​គាត់​បាន​សរសេរ​ពាក្យ​ទាំង​នោះ គាត់​មាន​វិប្បដិសារៈ​ក្រោយ​គាត់​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​បាតសេបា។ នៅ​ពេល​នោះ ដាវីឌ​បាន​អង្វរ​ព្រះ​ថា៖ «សូម​លុប​សេចក្ដី​រំលង​របស់​ទូល​បង្គំ​ចេញ ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ . . . ឯ​អំពើ​បាប​របស់​ទូល​បង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ជា​និច្ច . . . មើល ទូល​បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្ដាយ​ទូល​បង្គំ​បាន​មាន​ទំងន់ បង្កើត​ទូល​បង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ»។ (ទំនុក. ៥១:១​-​៥) ដោយ​មាន​ចិត្ត​មេត្ដា​ករុណា ព្រះ​យេហូវ៉ា​យល់​អំពី​ភាព​ខុស​ឆ្គង​របស់​យើង​ដែល​យើង​ទទួល​ពី​អាដាម​និង​អេវ៉ា។

២. តើ​ទំនុក​តម្កើង​ទី​៧២​អាច​ជួយ​យើង​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​យល់​ថា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គួរ​ឲ្យ​សង្វេគ។ ប៉ុន្តែ ដូច​បាន​ទាយ​ទុក ស្តេច​ដែល​ព្រះ​បាន​រើស​តាំង«នឹង​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ[ឬ«សង្គ្រោះ​អ្នក​ក្រី​ក្រ​ដែល​ស្រែក​រក​គេ​ជួយ»] ព្រម​ទាំង​ពួក​កំសត់​ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រី​ក្រ​ផង»។ (ទំនុក. ៧២:១២, ១៣; ព.ថ.) តើ​ស្តេច​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ធូរ​ស្បើយ​យ៉ាង​ណា? ទំនុក​តម្កើង​ទី​៧២​ប្រាប់​នូវ​ចម្លើយ។ ទំនុក​នេះ​បាន​រៀប​រាប់​អំពី​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន​ដែល​ជា​បុត្រ​របស់​ដាវីឌ ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​របៀប​ដែល​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​ព្រះ នឹង​ធ្វើ​ឲ្យ​មនុស្សជាតិ​លែង​មាន​ទុក្ខ​លំបាក​ទៀត។

ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​ការ​គ្រប់​គ្រង​របស់​គ្រិស្ត

៣. តើ​សាឡូម៉ូន​បាន​សុំ​អ្វី​ពី​ព្រះ? តើ​ព្រះ​បាន​ឲ្យ​អ្វី​ដល់​គាត់?

ក្រោយ​ពី​បង្គាប់​គេ​ឲ្យ​តែង​តាំង​សាឡូម៉ូន​ជា​ស្តេច ដាវីឌ​ដែល​មាន​វ័យ​ចាស់​បាន​ឲ្យ​ការ​ណែនាំ​យ៉ាង​ចំ​ៗ​ដល់​សាឡូម៉ូន។ សាឡូម៉ូន​បាន​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​ដែល​គាត់​បាន​ទទួល។ (១ព. ១:៣២​-​៣៥; ២:១​-​៣) ក្រោយ​មក​ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ»។ សាឡូម៉ូន​សុំ​អ្វី​តែ​មួយ​ទេ ដោយ​ពោល​ថា៖ «សូម​ទ្រង់​ប្រទាន​ឲ្យ​ទូល​បង្គំ​ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូល​បង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ»។ ដោយ​សារ​សំណូម​ពរ​របស់​សាឡូម៉ូន​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាប​ទាប នោះ​ព្រះ​បាន​ឲ្យ​អ្វី​ដែល​គាត់​បាន​សុំ ថែម​ទាំង​អ្វី​ៗ​ជា​ច្រើន​ទៀត។—១ព. ៣:៥, ៩​-​១៣

៤. តើ​មហា​ក្សត្រី​ស្រុក​សេបា​បាន​ពណ៌នា​យ៉ាង​ណា​អំពី​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន?

ដោយ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន​មាន​សន្ដិភាព​និង​ភាព​សម្បូរ​សប្បាយ​ដ៏​អស្ចារ្យ ដែល​មិន​ធ្លាប់​មាន​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ណា​មួយ​របស់​មនុស្ស​ឡើយ។ (១ព. ៤:២៥) ក្នុង​ចំណោម​ពួក​អ្នក​ដែល​មក​មើល​របៀប​ដែល​សាឡូម៉ូន​គ្រប់​គ្រង មាន​មហា​ក្សត្រី​ស្រុក​សេបា និង​ពួក​អ្នក​ហែហម​ជា​ច្រើនរបស់​គាត់។ គាត់​បាន​ប្រាប់​សាឡូម៉ូន​ថា៖ «ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ . . . នោះ​ក៏​ពិត​ប្រាកដ​មែន . . . ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​នោះ មិន​ទាំង​ដល់​ត្រឹម​ពាក់​កណ្ដាល​ផង គឺ​ប្រាជ្ញា​នឹង​សេចក្ដី​ចំរើន​របស់​ទ្រង់ នោះ​ហួស​លើស​ពី​កិត្ដិសព្ទ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត»។ (១ព. ១០:១, ៦, ៧) ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រាជ្ញា​ច្រើន​ជាង​នេះ​ទៅ​ទៀត ហើយ​លោក​អាច​មាន​ប្រសាសន៍​យ៉ាង​ត្រឹម​ត្រូវ​អំពី​ខ្លួន​លោក​ថា៖ «មើល! អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន​គឺ​នៅ​ទី​នេះ​ហើយ»។—ម៉ាថ. ១២:៤២

លោក​យេស៊ូ​ដែល​ឧត្តម​ជាង​សាឡូម៉ូន​បាន​ធ្វើ​ឲ្យ​មាន​ការ​ធូរ​ស្បើយ

៥. តើ​ទំនុក​តម្កើង​ទី​៧២​បញ្ជាក់​ពី​អ្វី? ហើយ​តើ​ទំនុក​នេះ​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ទុក​ជា​មុន?

ឥឡូវ​សូម​ឲ្យ​យើង​ពិនិត្យ​មើល​លក្ខណៈ​ផ្សេង​ៗ​នៃ​ទំនុក​តម្កើង​ទី​៧២ ក្នុង​គោល​បំណង​រៀន​អំពី​ពរ​ដែល​មាន​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ឧត្តម​ជាង​សាឡូម៉ូន។ (សូម​អាន ទំនុក​តម្កើង ៧២:១​-​៤) ទំនុក​នេះ​បញ្ជាក់​ពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ«ការ​គ្រប់​គ្រង»របស់​បុត្រ​លោក គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា«ម្ចាស់​នៃ​មេត្រី​ភាព»ឬ​សន្ដិភាព។ (អេ. ៩:៦, ៧) ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ លោក​យេស៊ូ​ដែល​ឧត្តម​ជាង​សាឡូម៉ូន​នឹង‹គ្រប់​គ្រង​លើ​ពួក​កំសត់ ហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រី​ក្រ›។ ការ​គ្រប់​គ្រង​របស់​លោក​នឹង​មាន​សន្ដិភាព​និង​សេចក្ដី​សុចរិត។ កាល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ៗ​ដែល​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​នឹង​សម្រេច។—បប. ២០:៤

៦. តើ​លោក​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​ពរ​អ្វី​ខ្លះ​ដែល​នឹង​មាន​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ?

សូម​ពិចារណា​ពី​សកម្មភាព​ខ្លះ​ៗ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ៗ​ដែល​លោក​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ ដើម្បី​សម្រេច​ទំនាយ​នៅ​ទំនុក​ទី​៧២។ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​កោត​ស្ងើច​សេចក្ដី​អាណិត​មេត្ដា​ដ៏​ធំ​ធេង​របស់​លោក​ចំពោះ​ពួក​អ្នក​ដែល​រង​ទុក្ខ។ (ម៉ាថ. ៩:៣៥, ៣៦; ១៥:២៩​-​៣១) ជា​ឧទាហរណ៍ បុរស​ម្នាក់​ដែល​រង​ទុក្ខ​ដោយ​សារ​រោគ​ឃ្លង់​បាន​មក​ជិត​លោក​យេស៊ូ ហើយ​អង្វរ​ថា៖ «បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន»។ លោក​យេស៊ូ​តប​ឆ្លើយ​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ»។ រំពេច​នោះ បុរស​នោះ​បាន​ជា​ស្អាត! (ម៉ាក. ១:៤០​-​៤២) ក្រោយ​មក លោក​យេស៊ូ​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​កូន​ប្រុស​តែ​មួយ​របស់​គាត់​បាន​ស្លាប់។ លោក​យេស៊ូ​មាន«ចិត្ត​ក្ដួល​អាណិត» ក៏​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង!» ហើយ​កូន​ប្រុស​នោះ​ក៏​ងើប​ឡើង​មែន។ គាត់​បាន​រស់​ឡើង​វិញ​ហើយ!—លូក. ៧:១១​-​១៥

៧, ៨. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​លោក​មាន​ឫទ្ធានុភាព​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ជា​សះ​ស្បើយ?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឫទ្ធានុភាព​ដល់​លោក​យេស៊ូ​ដើម្បី​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ។ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ករណី«ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​ដប់​ពីរ​ឆ្នាំ»។ «ការ​ព្យាបាល​របស់​គ្រូ​ពេទ្យ​ជា​ច្រើន​បាន​នាំ​ឲ្យ​គាត់​ឈឺ​ចាប់​យ៉ាង​ខ្លាំង» ហើយ«គាត់​ក៏​បាន​ចំណាយ​ធន​ធាន​ខ្លួន​អស់​រលីង»។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់​ឡើង។ ស្ត្រី​នោះ​បាន​ចូល​ពី​ក្រោយ​បណ្ដា​ជន រួច​ពាល់​លោក​យេស៊ូ។ គាត់​ធ្វើ​យ៉ាង​នេះ​គឺ​បំពាន​ច្បាប់​ស្តី​អំពី​ស្ត្រី​ដែល«ធ្លាក់​ឈាម»។ (លេវី. ១៥:១៩, ២៥) លោក​យេស៊ូ​បាន​ដឹង​ថា ថាមពល​បាន​ចេញ​ពី​ខ្លួន​លោក ហើយ​សួរ​រក​អ្នក​ដែល​បាន​ពាល់​លោក។ ឮ​ដូច្នេះ ស្ត្រី​នោះ«បាន​មក​ក្រាប​នៅ​មុខ​លោក​ទាំង​ភ័យ​ញាប់​ញ័រ រួច​បាន​ជម្រាប​លោក​ពី​ការ​ពិត​ទាំង​អស់»។ ដោយ​ជ្រាប​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ជា​សះ​ស្បើយ លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ ហើយសូម​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ»។—ម៉ាក. ៥:២៥​-​២៧, ៣០, ៣៣, ៣៤

ឫទ្ធានុភាព​ដែល​លោក​យេស៊ូ​ទទួល​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ជា​សះ​ស្បើយ ហើយ​ក៏​ប្រាកដ​ជា​មាន​អានុភាព​ខ្លាំង​ទៅ​លើ​ពួក​អ្នក​សង្កេត​មើល​ដែរ។ ជា​ឧទាហរណ៍​មនុស្ស​ជា​ច្រើន​ពិត​ជា​កោត​ស្ងើច ពេល​ពួក​គេ​ឃើញ​លោក​យេស៊ូ​ធ្វើ​ឲ្យ​បណ្ដា​ជន​ជា​សះ​ស្បើយ មុន​លោក​ថ្លែង​សុន្ទរកថា​ដ៏​ល្បី​ល្បាញ​នៅ​លើ​ភ្នំ។ (លូក. ៦:១៧​-​១៩) កាល​ដែល​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​ចាត់​អ្នក​នាំ​សារ​ពីរ​នាក់​ដើម្បី​រក​ទី​សំអាង​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី ពួក​គេ​បាន​ឃើញ​លោក​កំពុង‹ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​ពី​ជំងឺ​ផ្សេង​ៗ រោគា​ដែល​កំពុង​បៀត​បៀន និង​ធ្វើ​ឲ្យ​រួច​ពី​ពួក​វិញ្ញាណ​អាក្រក់ ក៏​អនុគ្រោះ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​ជា​ច្រើន​នាក់​មើល​ឃើញ›។ ដូច្នេះ លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​យ៉ូហាន​នូវ​អ្វី​ដែល​អ្នក​បាន​ឮ​និង​បាន​ឃើញ គឺ​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ មនុស្ស​ស្លាប់​កំពុង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដំណឹង​ល្អ​កំពុង​ត្រូវ​ប្រាប់​ដល់​មនុស្ស​ក្រី​ក្រ»។ (លូក. ៧:១៩​-​២២) យ៉ូហាន​ពិត​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ណាស់​ពេល​ឮ​ដំណឹង​នោះ!

៩. តើ​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ បង្ហាញ​ឲ្យ​ឃើញ​អ្វី​ទុក​ជា​មុន?

ពិត​មែន ការ​ធូរ​ស្បើយ​ពី​ទុក្ខ​លំបាក​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ពី​ព្រោះ​ពួក​អ្នក​ដែល​លោក​បាន​ធ្វើ​ឲ្យ​ជា​ឬ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក្រោយ​មក​ពួក​គាត់​បាន​ស្លាប់។ ប៉ុន្តែ ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​កាល​ដែល​លោក​នៅ​ផែនដី បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​ការ​ធូរ​ស្បើយ​ជា​និរន្តរ៍​ដែល​មនុស្សជាតិ​នឹង​មាន​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ជា​មេស្ស៊ី។

ផែនដី​ទាំង​មូល​នឹង​ក្លាយ​ជា​សួន​ឧទ្យាន​នា​អនាគត​ខាង​មុខ​នេះ!

១០, ១១. (ក) តើ​ពរ​ពី​រាជាណាចក្រ​របស់​ព្រះ​នឹង​មាន​អស់​រយៈ​ពេល​ប៉ុន្មាន? ហើយ​តើ​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នឹង​មាន​សភាព​បែប​ណា? (ខ) តើ​អ្នក​ណា​នឹង​នៅ​ជា​មួយ​លោក​យេស៊ូ​ក្នុង​សួន​ឧទ្យាន? ហើយ​តើ​គាត់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អាច​រស់​ជា​រៀង​រហូត?

១០ សូម​ស្រមៃ​គិត​ថា​ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ផែនដី​ដែល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ (សូម​អាន ទំនុក​តម្កើង ៧២:៥​-​៩) អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត​តែ​មួយ​អាច​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដរាប​ណា​ដែល​មាន​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ ពោល​គឺ​ពួក​គេ​អាច​រស់​ជា​រៀង​រហូត! ស្តេច​យេស៊ូ​គ្រិស្ត​នឹង​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ដែល​ប្រៀប​ដូច​ជា‹ភ្លៀង​ធ្លាក់​ចុះ​មក​លើ​វាល​ដែល​ទើប​តែ​កាត់​ស្មៅ និង​ដូច​ជា​ភ្លៀង​១​មេ​ៗ​ដែល​ស្រោច​ដី›។

១១ កាល​ដែល​អ្នក​នឹក​គិត​ក្នុង​ចិត្ត​នូវ​ការ​សម្រេច​ទំនាយ​ក្នុង​ទំនុក​នេះ អ្នក​ពិត​ជា​រំភើប​ញាប់​ញ័រ​ក្នុង​ចិត្ត​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន មែន​ទេ? អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ម្នាក់​ដែល​បាន​ត្រូវ​ព្យួរ​ពិត​ជា​រំជួល​ចិត្ត​ណាស់ ពេល​លោក​យេស៊ូ​ប្រាប់​គាត់​ថា៖ «អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន»។ (លូក. ២៣:៤៣) ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ បុរស​នោះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ បើ​គាត់​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត គាត់​អាច​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដោយ​មាន​សុខភាព​យ៉ាង​សុក្រឹត និង​មាន​សុភមង្គល។

១២. ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត តើ​មនុស្ស​មិន​សុចរិត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​មាន​ឱកាស​អ្វី?

១២ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ឧត្តម​ជាង​សាឡូម៉ូន «មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង»។ (ទំនុក. ៧២:៧) នៅ​ពេល​នោះ គ្រិស្ត​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ដូច​លោក​បាន​ធ្វើ​ពេល​នៅ​ផែនដី។ ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា សូម្បី​តែ«មនុស្ស​មិន​សុចរិត»ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​មាន​ឱកាស​ដ៏​ប្រសើរ​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ហើយ​អាច​រស់​ត​ទៅ​ទៀត។ (សកម្ម. ២៤:១៥) ពួក​អ្នក​ដែល​មិន​ព្រម​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​ទៀត ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្ដិភាព​និង​ភាព​សុខ​សាន្ត​ក្នុង​ពិភព​លោក​ថ្មី​នោះ​ទេ។

១៣. តើ​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នឹង​លាត​សន្ធឹង​ដល់​ណា? ហើយ​ក្រោម​ការ​គ្រប់​គ្រង​នោះ ហេតុ​អ្វី​នឹង​មាន​សន្ដិភាព​រហូត?

១៣ ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​សាឡូម៉ូន​នឹង​លាត​សន្ធឹង​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​ពាក្យ​ទាំង​នេះ​ដែល​ថា៖ «ទ្រង់​នឹង​មាន​អំណាច[ឬ​មាន​បណ្ដា​រាស្ត្រ] ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ[អឺប្រាត]រហូត​ដល់​ទី​បំផុត​ផែនដី ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ​ស្ថាន គេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​នឹង​ក្រាប​លិទ្ធ​ធូលី​ដី»។ (ទំនុក. ៧២:៨, ៩) ត្រូវ​ហើយ លោក​យេស៊ូគ្រិស្ត​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។ (សាក. ៩:៩, ១០) ពួក​អ្នក​ដែល​ទទួល​ស្គាល់ ហើយ​ចាត់​ទុក​ការ​គ្រប់​គ្រង​របស់​លោក​និង​ពរ​ដែល​មក​ពី​ការ​គ្រប់​គ្រង​នោះ​ថា​មាន​តម្លៃ​ណាស់ នឹង«ក្រាប​ចុះ»ក្នុង​ន័យ​ថា​ចុះ​ចូល​ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​មិន​ប្រែ​ចិត្ត នឹង​ត្រូវ​បំផ្លាញ​ចោល ទោះ​ជា​ពួក​គេ​មាន«អាយុ​១០០​ឆ្នាំ»ក៏​ដោយ។ (អេ. ៦៥:២០) ពួក​គេ«នឹង​ក្រាប​លិទ្ធ​ធូលី​ដី»បាន​សេចក្ដី​ថា​នឹង​ត្រូវ​ស្លាប់។

លោក​យេស៊ូ​យល់​អំពី​ស្ថានភាព​របស់​យើង

១៤, ១៥. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​លោក​យេស៊ូ​យល់​អារម្មណ៍​របស់​មនុស្ស ហើយ«នឹង​សង្គ្រោះ​អ្នក​ក្រី​ក្រ​ដែល​ស្រែក​រក​គេ​ជួយ»?

១៤ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​ភាព​ខុស​ឆ្គង ហើយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​គួរ​ឲ្យ​អាណិត ថែម​ទាំង​ត្រូវ​ការ​ជំនួយ​ជា​ចាំ​បាច់។ ប៉ុន្តែ​យើង​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម។ (សូម​អាន ទំនុក​តម្កើង ៧២:១២​-​១៤) លោក​យេស៊ូ​ដែល​ឧត្តម​ជាង​សាឡូម៉ូន​មាន​សមានចិត្ត​ចំពោះ​យើង​ដោយ​សារ​លោក​យល់​ថា យើង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​រង​ទុក្ខ​ដោយ​សារ​សេចក្ដី​សុចរិត ហើយ​ព្រះ​អនុញ្ញាត​ឲ្យ​លោក​ប្រឈម​មុខ​ទុក្ខ​លំបាក​ដោយ​ខ្លួន​លោក។ តាម​ពិត លោក​យេស៊ូ​បាន​រង​ទុក្ខ​ខាង​ផ្លូវ​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា«ញើស​របស់​លោក​បាន​ប្រែ​ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី»! (លូក. ២២:៤៤) ក្រោយ​មក ពេល​លោក​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ទារុណកម្ម លោក​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?»។ (ម៉ាថ. ២៧:៤៥, ៤៦) ទោះ​ជា​លោក​បាន​រង​ទុក្ខ​សព្វ​បែប​យ៉ាង​ក៏​ដោយ ហើយ​សូម្បី​តែ​សាថាន​ខំ​ប្រឹង​ពេញ​ទំហឹង​ក្នុង​ការ​ធ្វើ​ឲ្យ​លោក​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ក្ដី លោក​យេស៊ូ​នៅ​តែ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។

១៥ យើង​អាច​ប្រាកដ​ថា​លោក​យេស៊ូ​ឃើញ​ការ​ឈឺ​ចាប់​របស់​យើង ហើយ«នឹង​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ[ឬ«សង្គ្រោះ​អ្នក​ក្រី​ក្រ​ដែល​ស្រែក​រក​គេ​ជួយ»] ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង»។ ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ដូច​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​នឹង«ស្ដាប់​មនុស្ស​កំសត់​ទុគ៌ត» ហើយ​នឹង«ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជា ក៏​រុំ​របួស​ឲ្យ​គេ​ផង»។ (ទំនុក. ៦៩:៣៣; ១៤៧:៣) លោក​យេស៊ូ«យល់​ភាព​ទន់​ខ្សោយ​របស់​យើង»ព្រោះ​លោក«បាន​ត្រូវ​ល្បង​ល​គ្រប់​ជំពូក​ដូច​យើង​ដែរ»។ (ហេ. ៤:១៥) ពិត​ជា​ការ​ល្អ​ណាស់​ដោយ​ដឹង​ថា​ស្តេច​យេស៊ូ​គ្រិស្ត​កំពុង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ ហើយ​មាន​ចិត្ត​ចង់​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​របស់​មនុស្សជាតិ​សាប​សូន្យ​ទៅ!

១៦. ហេតុ​អ្វី​បាន​ជា​សាឡូម៉ូន​អាច​យល់​អារម្មណ៍​របស់​បណ្ដា​រាស្ត្រ​គាត់?

១៦ ដោយ​សារ​សាឡូម៉ូន​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង គាត់​ប្រាកដ​ជា​មាន«សេចក្ដី​អាណិត​មេត្ដា​ដល់​មនុស្ស​រហេម​រហាម[ឬ​មនុស្ស​ដែល​អន់​ខ្សោយ]»។ ម្យ៉ាង​ទៀត ជីវិត​របស់​គាត់​ពោរ​ពេញ​ទៅ​ដោយ​ព្រឹត្ដិការណ៍​ដ៏​ខ្លោច​ផ្សា​និង​គួរ​ឲ្យ​អាណិត។ អាំណូន​ដែល​ជា​បង​ប្រុស​របស់​សាឡូម៉ូន បាន​រំលោភ​បង​ស្រី​របស់​គាត់​ឈ្មោះ​តាម៉ារ ហើយ​អាប់សាឡំម​ដែល​ជា​បង​ប្រុស​សាឡូម៉ូន​បាន​សម្លាប់​អាំណូន​ដែល​បាន​ធ្វើ​ដូច្នេះ។ (២សាំ. ១៣:១, ១៤, ២៨, ២៩) អាប់សាឡំម​បាន​ដណ្ដើម​រាជ្យ​ពី​ដាវីឌ តែ​រដ្ឋ​ប្រហារ​របស់​គាត់​មិន​បាន​សម្រេច​ទេ ហើយ​បាន​ត្រូវ​សម្លាប់​ដោយ​យ៉ូអាប់។ (២សាំ. ១៥:១០, ១៤; ១៨:៩, ១៤) ក្រោយ​មក អ័ដូនីយ៉ា​ដែល​ជា​បង​ប្រុស​របស់​សាឡូម៉ូន​ប៉ុន​ប៉ង​លើក​ខ្លួន​ជា​ស្តេច។ បើ​គាត់​បាន​សម្រេច​គោល​បំណង​គាត់ នេះ​ពិត​ជា​មាន​ន័យ​ថា​សាឡូម៉ូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ (១ព. ១:៥) សាឡូម៉ូន​យល់​អំពី​ការ​រង​ទុក្ខ​របស់​មនុស្ស ហើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​នៅ​ឯ​ពិធី​សម្ពោធ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ចំណុច​នេះ។ ស្តេច​សាឡូម៉ូន​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​បណ្ដា​រាស្ត្រ​របស់​គាត់​ថា៖ «[ពួក​គេ]ស្គាល់​សេចក្ដី​វេទនា នឹង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ . . . សូម​ទ្រង់ . . . អត់​ទោស ព្រម​ទាំង​សង​ដល់​គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​របស់​គេ»។—២រប. ៦:២៩, ៣០

១៧, ១៨. តើ​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ​ការ​ឈឺ​ចាប់​អ្វី? ហើយ​តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​ធ្វើ​ដូច្នេះ?

១៧ យើង​ប្រហែល​ជា​មាន«សេចក្ដី​ទុក្ខ​លំបាក»ដោយ​សារ​អ្វី​ដែល​យើង​បាន​ឆ្លង​កាត់​ក្នុង​ជីវិត។ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​អាយុ​៣០​ជាងឈ្មោះ​ម៉ារៀ *បាន​សរសេរ​ថា៖ «ខ្ញុំ​គួរ​តែ​សប្បាយ​ក្នុង​ជីវិត តែ​ជា​រឿយ​ៗ អ្វី​ៗ​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​អតីតកាល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​ហើយ​ស្អប់​ខ្លួន​ឯង។ ជា​លទ្ធផល នេះ​នាំ​ឲ្យ​ខ្ញុំ​ស្រពាប់ស្រពោន​ក្នុង​ចិត្ត ហើយ​យំ​ហាក់​ដូច​ជា​អ្វី​ៗ​ទាំង​នោះ​កើត​ឡើង​ម្សិលមិញ។ អនុស្សាវរីយ៍​ដែល​ដិត​ជាប់​ក្នុង​គំនិត​ខ្ញុំ​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ»។

១៨ អ្នក​បម្រើ​ជា​ច្រើន​នាក់​របស់​ព្រះ​អាច​សម្គាល់​អារម្មណ៍​ទាំង​នេះ​បាន ប៉ុន្តែ​តើ​អ្វី​ជួយ​ផ្ដល់​កម្លាំង​ដល់​ពួក​គាត់​ដើម្បី​អាច​ស៊ូ​ទ្រាំ​បាន? ម៉ារៀ​បាន​ពោល​ថា៖ «មិត្ត​ភក្ដិ​ពិត​ប្រាកដ​និង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល។ ខ្ញុំ​ក៏​ខំ​ផ្ចង់​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ពេល​អនាគត ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ខ្ញុំ​នឹង​លែង​ហូរ​ទឹក​ភ្នែក​ដោយ​សារ​មាន​ទុក្ខ​ព្រួយ តែ​ខ្ញុំ​នឹង​ហូរ​ទឹក​ភ្នែក​ដោយ​សារ​ខ្ញុំ​អរ​សប្បាយ​វិញ»។ (ទំនុក. ១២៦:៥) យើង​ត្រូវ​មាន​សេចក្ដី​សង្ឃឹម​លើ​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ជា​អ្នក​គ្រប់​គ្រង ពោល​គឺ​បុត្រ​របស់​លោក។ ទំនុក​ទី​៧២​បាន​ទាយ​អំពី​បុត្រ​របស់​លោក​ថា៖ «ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រី​ក្រ​ផង។ ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ​នេត្រ​ទ្រង់​ដែរ»។ (ទំនុក. ៧២:១៣, ១៤) នេះ​ពិត​ជា​ពង្រឹង​ទំនុក​ចិត្ត​យើង​ណាស់!

នៅ​ពេល​ខាង​មុខ​នេះ​នឹង​មាន​ពិភព​លោក​ថ្មី​មួយ​ដ៏​សម្បូរ​សប្បាយ

១៩, ២០. (ក) ដូច​បាន​បញ្ជាក់​ក្នុង​ទំនុក​ទី​៧២ តើ​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​អ្វី​ខ្លះ? (ខ) ចំពោះ​ការ​គ្រប់​គ្រង​របស់​គ្រិស្ត ជា​បឋម​តើ​អ្នក​ណា​គួរ​ទទួល​ការ​សរសើរ? ហើយ​តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​នឹង​សម្រេច​ក្រោម​ការ​គ្រប់​គ្រង​នោះ?

១៩ សូម​នឹក​ក្នុង​ចិត្ត​ម្ដង​ទៀត​អំពី​អនាគត​ដែល​មនុស្ស​សុចរិត​អាច​មាន​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​សាឡូម៉ូន។ សេចក្ដី​សន្យា​ក្នុង​ទំនុក​ទី​៧២​ថា៖ «នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក​រហូត​ដល់​កំពូល​ភ្នំ»។ (ទំនុក. ៧២:១៦) ធម្មតា​មិន​មាន​ស្រូវ​ដុះ​នៅ​លើ​កំពូល​ភ្នំ​ទេ ដូច្នេះ​ពាក្យ​ទាំង​នេះ​បញ្ជាក់​ថា​ផែនដី​នឹង​បង្កើត​ភោគ​ផល​យ៉ាង​ច្រើន​ដូច​នៅ«ល្បាណូន» ដែល​តំបន់​នោះ​បាន​បង្កើត​ភោគ​ផល​យ៉ាង​ច្រើន​សម្បើម​ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន។ សូម​គិត​ទៅ​មើល! នៅ​អនាគត​នឹង​លែង​មាន​អំណត់ លែង​មាន​មនុស្ស​ណា​ខ្វះ​អាហារ​ឬ​អត់​ឃ្លាន​ទៀត! នៅ​ទី​នោះ មនុស្ស​ទាំង​អស់​នឹង«ជប់​លៀង . . . ដោយ​ម្ហូប​មាន​ឱ​ជា​រស​ដ៏​វិសេស»។—អេ. ២៥:៦​-​៨; ៣៥:១, ២

២០ តើ​អ្នក​ណា​គួរ​ទទួល​ការ​សរសើរ​ចំពោះ​ពរ​ទាំង​អស់​នេះ? ជា​បឋម​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​ស្តេច​ដែល​រស់​ជា​រៀង​រហូត និង​ជា​អ្នក​គ្រប់​គ្រង​សកល​លោក​ទាំង​មូល។ តាម​ពិត យើង​ទាំង​អស់​គ្នា​នឹង​ច្រៀង​រួម​គ្នា​ដោយ​អំណរ​នូវ​ឃ្លា​ចុង​ក្រោយ​នៃ​ចម្រៀង​ដ៏​សែន​ពីរោះ​និង​គួរ​ឲ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត​ថា៖ «នាម​ទ្រង់[ស្តេច​យេស៊ូ​គ្រិស្ត]នឹង​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប គឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ​អាទិត្យ​ភ្លឺ​ត​ទៅ ហើយ​មនុស្ស​ទាំង​ឡាយ​នឹង​បាន​ពរ​ដោយ​សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ សូម​ឲ្យ​ព្រះ​នាម​ដ៏​រុង​រឿង​របស់​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ​នៅ​អស់​កល្ប​ជា​និច្ច សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់ អាម៉ែន​ៗ»។—ទំនុក. ៧២:១៧​-​១៩

[កំណត់​សម្គាល់]

^ វគ្គ 1 ទោះ​ជា​ពាក្យ​ផ្ដើម​នៃ​ទំនុក​ទី​៧២​ចែង​ថា«ទំនុក​របស់​ស្តេច​សាឡូម៉ូន»ក្នុង​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ក្ដី តែ​តាម​ពិត​ទំនុក​នេះ​បាន​ត្រូវ​តែង​ដោយ​ដាវីឌ ដូច​បាន​បញ្ជាក់​នៅ​ខ​ចុង​ក្រោយ​នៃ​ទំនុក​នេះ។

^ វគ្គ 17 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ទំនាយ​ក្នុង​ទំនុក​តម្កើង​ទី​៧២​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ទុក​ជា​មុន?

• តើ​អ្នក​ណា​ជា​បុគ្គល​ដែល​ឧត្តម​ជាង​សាឡូម៉ូន? តើ​ការ​គ្រប់​គ្រង​របស់​លោក​នឹង​លាត​សន្ធឹង​ដល់​ណា?

• ចំពោះ​អ្នក​ផ្ទាល់ តើ​អ្នក​ពេញ​ចិត្ត​នឹង​ពរ​ណា​មួយ​ដែល​បាន​ទាយ​ក្នុង​ទំនុក​ទី​៧២?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៧]

តើ​ភាព​សម្បូរ​សប្បាយ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ទុក​ជា​មុន?

[រូប​ភាព​នៅ​ទំព័រ​៣០]

គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​ខំ​ព្យាយាម​ទទួល​ជីវិត​ក្នុង​សួន​ឧទ្យាន ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​សាឡូម៉ូន