លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«អ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ត»

«អ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ត»

«អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​មាន​តែ​មួយ​ទេ គឺ​ជា​គ្រិស្ត»

«មិន​ត្រូវ​ឲ្យ​អ្នក​ណា​ហៅ​ថា‹អ្នក​ដឹក​នាំ› . . . ពី​ព្រោះ​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​មាន​តែ​មួយ​ទេ គឺ​ជា​គ្រិស្ត»។—ម៉ាថ. ២៣:១០

១. តើ​សាក្សី​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​អ្នក​ណា​ជា​អ្នក​ដឹក​នាំ? ហេតុ​អ្វី?

វិហារ​របស់​ពិភព​គ្រិស្ត​សាសនា​មាន​មនុស្ស​ជា​អ្នក​ដឹក​នាំ ដូច​ជា​សម្ដេច​ប៉ាប​នៃ​សាសនា​កាតូលិក និង​អ្នក​ដឹក​នាំ​ផ្សេង​ៗ​នៃ​សាសនា​ឯ​ទៀត។ រីឯ​សាក្សី​ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​មនុស្ស​ណា​ម្នាក់​ជា​អ្នក​ដឹក​នាំ​ពួក​គេ​ទេ។ ពួក​គេ​មិន​មែន​ជា​អ្នក​កាន់​តាម​បុរស​ណា​ម្នាក់​ឡើយ។ នេះ​គឺ​ស្រប​នឹង​ទំនាយ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​បុត្រ​របស់​លោក​ដែល​ថា៖ ‹មើល! អញ​បាន​តាំង​គាត់​ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជាជាតិ​ទាំង​ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ›។ (អេ. ៥៥:៤) ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​មាន​ជន​ជាតិ​ផ្សេង​ៗ និង​ពួក«ចៀម​ឯ​ទៀត»ដែល​ជា​គូកន​របស់​ពួក​គេ មិន​ចង់​បាន​អ្នក​ដឹក​នាំ​ណា​ក្រៅ​ពីអ្នក​ដឹក​នាំ​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឡើយ។ (យ៉ូន. ១០:១៦) ពួក​គេ​យល់​ស្រប​នឹង​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ដែល​ថា៖ «អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​មាន​តែ​មួយ​ទេ គឺ​ជា​គ្រិស្ត»។—ម៉ាថ. ២៣:១០

ទេវតា​នៃ​អ៊ីស្រាអែល

២, ៣. តើ​បុត្រ​របស់​ព្រះ​មាន​សកម្មភាព​ណា​ខ្លះ​ដែល​ទាក់​ទង​នឹង​បណ្ដា​ជន​អ៊ីស្រាអែល?

ច្រើន​សតវត្សរ៍​មុន​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​មួយ​រូប​ធ្វើ​ជា​អ្នក​ដឹក​នាំ​លើ​បណ្ដា​រាស្ត្រ​អ៊ីស្រាអែល។ ក្រោយ​ពី​លោក​បាន​នាំ​បណ្ដា​រាស្ត្រ​អ៊ីស្រាអែល​ចេញ​ពី​អេស៊ីប ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គេ​ថា៖ «អញ​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ ហើយ​នឹង​នាំ​ទៅ​ដល់​ទី​កន្លែង​ដែល​អញ​បាន​រៀបចំ​ទុក​ឲ្យ ចូរ​ប្រយ័ត្ន​នឹង​ស្ដាប់​បង្គាប់​តាម​ទ្រង់ កុំ​ឲ្យ​បណ្ដាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើយ ដ្បិត​ទ្រង់​មិន​អត់​ទោស​ការ​រំលង​របស់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​ឈ្មោះ​អញ​នៅ​ក្នុង​ទ្រង់»។ (និក្ខ. ២៣:២០, ២១) គឺ​សម​ហេតុ​សម​ផល​ឲ្យ​យើង​ជឿ​ថា ទេវតា​នេះ​ដែល​មាន‹ឈ្មោះ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​លោក›គឺ​បុត្រ​ច្បង​របស់​ព្រះ។

មុន​បុត្រ​របស់​ព្រះ​កើត​ជា​មនុស្ស លោក​មាន​ឈ្មោះ​មីកែល។ សៀវភៅ​ដានីយ៉ែល​បាន​ហៅ​មីកែល​ថា​ជា«ទេវតា​របស់[ជន​រួម​ជាតិ​របស់​ដានីយ៉ែល]» ពោល​គឺ​ជន​ជាតិ​អ៊ីស្រាអែល។ (ដាន. ១០:២១) យូដាស​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បញ្ជាក់​ថា មីកែល​បាន​រួម​ចំណែក​ក្នុង​កិច្ច​ការ​របស់​អ៊ីស្រាអែល​ជា​យូរ​មុន​សម័យ​ដានីយ៉ែល។ ក្រោយ​ពី​ម៉ូសេ​បាន​ស្លាប់ សាថាន​ចង់​ប្រើស​ព​របស់​គាត់​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​វា​តាម​វិធី​ណា​មួយ ប្រហែល​ជា​ចង់​ញុះញង់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​គោរព​បូជា​រូប​ព្រះ។ ប៉ុន្តែ​មីកែល​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​រា​រាំង​វា។ យូដាស​បាន​រៀប​រាប់​ថា៖ «ពេល​ដែល​មហា​ទេវតា​មីកែល​មាន​ទំនាស់​ជា​មួយ​នឹង​មេ​កំណាច ហើយ​ជំទាស់​អំពី​សព​របស់​ម៉ូសេ នោះ​លោក​មិន​ហ៊ាន​ផ្ដន្ទា​ទោស​ដោយ​ពាក្យ​ប្រមាថ​ទេ។ តែ​លោក​មាន​ប្រសាសន៍​ថា៖ ‹សូម​ព្រះ​យេហូវ៉ា​ស្តី​បន្ទោស​អ្នក​ចុះ!›»។ (យូ. ៩) មិន​យូរ​ក្រោយ​មក មុន​បណ្ដា​ជន​អ៊ីស្រាអែល​ឡោម​ព័ទ្ធ​ក្រុង​យេរីខូ «អ្នក​ដែល​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ​យេហូវ៉ា»ដែល​បាន​លេច​មក​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​យ៉ូស្វេ​ថា​ព្រះ​គាំទ្រ​គាត់ គឺ​ច្បាស់​ជា​មីកែល។ (សូម​អាន យ៉ូស្វេ ៥:១៣​-​១៥) ពេល​វិញ្ញាណ​កំណាច​ដ៏​ខ្លាំង​ក្លា​មួយ​រូប​បាន​ខំ​ឃាត់​ទេវតា​មួយ​មិន​ឲ្យ​នាំ​ដំណឹង​ដ៏​សំខាន់​មួយ​ទៅ​ប្រាប់​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ នោះ​មហា​ទេវតា​មីកែល​មក​ជួយ​ទេវតា​នោះ។—ដាន. ១០:៥​-​៧, ១២​-​១៤

អ្នក​ដឹក​នាំ​ដែល​បាន​ត្រូវ​ទាយ​ទុក​បាន​លេច​មក

៤. តើ​មាន​ទំនាយ​អ្វី​ស្តី​អំពី​មេស្ស៊ី​ដែល​នឹង​លេច​មក?

មុន​ព្រឹត្ដិការណ៍​នេះ​កើត​ឡើង ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​កាព្រីយ៉ែល​ទៅ​ប្រាប់​ដានីយ៉ែល​អំពី​ទំនាយ​មួយ​ស្តី​អំពី​ការ​លេច​មក​នៃ«មេស្ស៊ី​ដែល​ជា​អ្នក​ដឹក​នាំ»។ (ដាន. ៩:២១​-​២៥, ព.ថ.) * នៅ​ចំ​ពេល ដូច​ទំនាយ​បាន​ទាយ​ទុក​គឺ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នា​ឆ្នាំ​២៩ គ.ស. លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពី​យ៉ូហាន។ ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​ទៅ​លើ​លោក​យេស៊ូ ហើយ​នេះ​ធ្វើ​ឲ្យ​លោក​ទៅ​ជា​អ្នក​ដែល​បាន​ត្រូវរើស​តាំង ជា​គ្រិស្ត​ដែល​ជា​មេស្ស៊ី។ (ម៉ាថ. ៣:១៣​-​១៧; យ៉ូន. ១:២៩​-​៣៤; កាឡ. ៤:៤) ហេតុ​នេះ ក្នុង​នាម​ជា​មេស្ស៊ី លោក​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន។

៥. ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​គ្រិស្ត តើ​លោក​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​លោក​ជា​អ្នក​ដឹក​នាំ?

តាំង​ពី​ដើម​ដំបូង​នៃ​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ផែនដី លោក​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ជា«មេស្ស៊ី​ដែល​ជា​អ្នក​ដឹក​នាំ»។ ពីរ​បី​ថ្ងៃ​ដំបូង​នៃ​កិច្ច​បម្រើ​ផ្សាយ លោក​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​លើក​ដំបូង។ (យ៉ូន. ១:៣៥–២:១១) អ្នក​កាន់​តាម​លោក​បាន​ដើរ​តាម​លោក កាល​ដែល​លោក​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​អ៊ីស្រាអែល​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ (លូក. ៨:១) លោក​បាន​បង្រៀន​ពួក​គាត់​ឲ្យ​ចេះ​ផ្សព្វ​ផ្សាយ ហើយ​បាន​នាំ​មុខ​ក្នុង​ការ​ផ្សាយ​និង​ការ​បង្រៀន ថែម​ទាំង​ទុក​គំរូ​ល្អ​ឲ្យ​ពួក​គាត់។ (លូក. ៩:១​-​៦) សព្វ​ថ្ងៃ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គួរ​យក​តម្រាប់​តាម​លោក​ក្នុង​រឿង​នេះ។

៦. តើ​តាម​របៀប​ណា​ដែល​គ្រិស្ត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​ជា​គង្វាល​និង​ជា​អ្នក​ដឹក​នាំ?

លោក​យេស៊ូ​បាន​គូស​បញ្ជាក់​លក្ខណៈ​មួយ​ទៀត​នៃ​ការ​ដឹក​នាំ​របស់​លោក ដោយ​ប្រៀប​ធៀប​ខ្លួន​លោក​ទៅ​នឹង​គង្វាល​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ គង្វាល​នៅ​សម័យ​អ៊ីស្រាអែល​នាំ​មុខ​ហ្វូង​ចៀម។ ក្នុង​សៀវភៅ​មួយ វីល​លៀម ថំ​សិន​បាន​សរសេរ​ថា៖ «គង្វាល​ដើរ​នៅ​មុខ​ហ្វូង​ចៀម មិន​គ្រាន់​តែ​នាំ​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ដឹង​ថា​ផ្លូវ​នោះ​មាន​សុវត្ថិភាព​និង​ស្រួល​ដើរ​សម្រាប់​ចៀម . . . គាត់​ប្រើ​ដំបង​ដឹក​នាំ​និង​តម្រង់​ផ្លូវ​ចៀម​ដើម្បី​នាំ​ទៅ​ដល់​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី ហើយ​ការ​ពារ​ចៀម​ពី​សត្រូវ»។ (The Land and the Book) ដោយ​បង្ហាញ​ថា​លោក​ជា​គង្វាល​និង​ជា​អ្នក​ដឹក​នាំ​ពិត​ប្រាកដ នោះ​លោក​យេស៊ូ​បាន​ប្រកាស​ថា៖ «ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ គង្វាល​ល្អ​ប្រសើរ​លះ​បង់​ជីវិត​ដើម្បី​ចៀម។ ចៀម​របស់​ខ្ញុំ​ស្ដាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ពួក​គេ ហើយ​ពួក​គេ​មក​តាម​ខ្ញុំ»។ (យ៉ូន. ១០:១១, ២៧) ស្រប​តាម​ពាក្យ​របស់​លោក​យេស៊ូ លោក​បាន​ទទួល​មរណភាព​ជា​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​សម្រាប់​ចៀម​របស់​លោក ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន«តម្កើង[លោក​យេស៊ូ] . . . ជា​មេ​ដឹក​នាំ​និង​អ្នក​សង្គ្រោះ»។—សកម្ម. ៥:៣១; ហេ. ១៣:២០

អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក

៧. តើ​លោក​យេស៊ូ​ត្រួត​ពិនិត្យ​មើល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​តាម​រយៈ​អ្វី?

មិន​យូរ​ប៉ុន្មាន​មុន​លោក​ឡើង​ទៅ​ស្ថាន​សួគ៌ នោះ​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី»។ (ម៉ាថ. ២៨:១៨) ព្រះ​យេហូវ៉ា​បាន​ឲ្យ​លោក​យេស៊ូ​ចាក់​សកម្មពល​បរិសុទ្ធ​លើ​អ្នក​កាន់​តាម​របស់​លោក ដើម្បី​ធ្វើ​ឲ្យ​ពួក​គាត់​រឹង​មាំ​ក្នុង​សេចក្ដី​ពិត។ (យ៉ូន. ១៥:២៦) លោក​យេស៊ូ​បាន​ចាក់​សកម្មពល​នោះ​ទៅ​លើ​ពួក​គ្រិស្ត​សាសនិក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ (សកម្ម. ២:៣៣) ការ​ចាក់​សកម្មពល​បរិសុទ្ធ​នោះ​ជា​ទី​សម្គាល់​នៃ​ការ​បង្កើត​ឡើង​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ព្រះ​យេហូវ៉ា​បាន​ប្រគល់​តំណែង​ឲ្យ​បុត្រ​របស់​លោក​ធ្វើ​ជា​អ្នក​ដឹក​នាំ​នៅ​ស្ថាន​សួគ៌​លើ​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ផែនដី។ (សូម​អាន អេភេសូរ ១:២២; កូឡុស ១:១៣, ១៨) លោក​យេស៊ូ​ណែនាំ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ហើយ​លោក​ក៏​មាន​បណ្ដា​ទេវតា​សម្រាប់​បម្រើ​លោក​ដែរ ដែល«បាន​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​លោក»។—១ពេ. ៣:២២

៨. នៅ​សតវត្សរ៍​ទី​១ តើ​គ្រិស្ត​បាន​ប្រើ​អ្នក​ណា​នៅ​ផែនដី​ដើម្បី​ដឹក​នាំ​អ្នក​កាន់​តាម​លោក? ហើយ​នៅ​សព្វ​ថ្ងៃ​នេះ តើ​លោក​កំពុង​ប្រើ​អ្នក​ណា?

ម្យ៉ាង​ទៀត តាម​រយៈ​សកម្មពល​បរិសុទ្ធ​ដែរ គ្រិស្ត​ក៏​បាន​ផ្ដល់«អំណោយ​ជា​មនុស្ស» ដែល​ខ្លះ​ធ្វើ​ជា«គង្វាល​និង​អ្នក​បង្រៀន»ក្នុង​ក្រុម​ជំនុំ។ (អេភ. ៤:៨, ១១) សាវ័ក​ប៉ូល​បាន​ដាស់​តឿន​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​ថា៖ «ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក ហើយ​មើល​ការ​ខុស​ត្រូវ​ហ្វូង​ចៀម ដែល​ក្នុង​នោះ​សកម្មពល​បរិសុទ្ធ​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ ដើម្បី​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ»។ (សកម្ម. ២០:២៨) ពេល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង អ្នក​ត្រួត​ពិនិត្យ​ទាំង​អស់​គឺ​ជា​បុរស​ដែល​សកម្មពល​ព្រះ​បាន​រើស​តាំង។ ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​យេរូសាឡិម មាន​តំណែង​ជា​គណៈ​អភិបាល។ គ្រិស្ត​បាន​ប្រើ​គណៈ​អភិបាល​នេះ​ដើម្បី​ដឹក​នាំ«បង​ប្អូន»ទាំង​អស់​របស់​លោក​នៅ​ផែនដី​ដែល​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ (ហេ. ២:១១; សកម្ម. ១៦:៤, ៥) នៅ​គ្រា​ចុង​ក្រោយ​នេះ គ្រិស្ត​បាន​ប្រគល់«ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក» ពោល​គឺ​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ ទៅ«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»ដែល​បាន​ត្រូវ​តំណាង​ដោយ​គណៈ​អភិបាល។ សមាជិក​នៃ​គណៈ​អភិបាល​នេះ​ជា​បុរស​មួយ​ក្រុម​ដែល​បាន​ត្រូវ​រើស​តាំង។ (ម៉ាថ. ២៤:៤៥​-​៤៧) ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ពួក​ចៀម​ឯ​ទៀត​ទទួល​ស្គាល់​ថា បើ​ពួក​គាត់​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​គណៈ​អភិបាល​នៅ​សព្វ​ថ្ងៃ​នេះ តាម​ពិត​ពួក​គាត់​កំពុង​ធ្វើ​តាម​គ្រិស្ត ដែល​ជា​អ្នក​ដឹក​នាំ​របស់​គណៈ​អភិបាល​នោះ។

គ្រិស្ត​ផ្ដួច​ផ្ដើម​កិច្ច​ការ​ផ្សព្វ​ផ្សាយ

៩, ១០. តើ​គ្រិស្ត​បាន​ផ្ដល់​ការ​ណែនាំ​យ៉ាង​ណា​ស្តី​អំពី​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ?

តាំង​ពី​ដើម​ដំបូង លោក​យេស៊ូ​បាន​ដឹក​នាំ​ដោយ​ផ្ទាល់​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​នៅ​ទូទាំង​ពិភព​លោក។ លោក​បាន​បញ្ជាក់​អំពី​លំដាប់​លំដោយ​នៃ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ទូទាំង​ពិភព​លោក។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក លោក​យេស៊ូ​បាន​ណែនាំ​ពួក​សាវ័ក​របស់​លោក​ថា៖ «កុំ​ទៅ​តំបន់​របស់​ជន​ជាតិ​ដទៃ ឬ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ជន​ជាតិ​សាម៉ារី​ឡើយ។ ក៏​ប៉ុន្តែ ចូរ​ទៅ​ឯ​ចៀម​បាត់​បង់​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ។ កាល​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ ចូរ​ផ្សព្វ​ផ្សាយ​ថា៖ ‹រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ›»។ (ម៉ាថ. ១០:៥​-​៧) ដោយ​ចិត្ត​ខ្នះ​ខ្នែង ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​ដូច្នេះ​ដល់​ជនជាតិ​យូដា​និង​ពួក​អ្នក​ចូល​សាសនា​យូដា ជា​ពិសេស​បន្ទាប់​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។—សកម្ម. ២:៤, ៥, ១០, ១១; ៥:៤២; ៦:៧

១០ ក្រោយ​មក តាម​រយៈ​សកម្មពល​បរិសុទ្ធ លោក​យេស៊ូ​បាន​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​សាម៉ារី រួច​មក​ដល់​ជាតិ​សាសន៍​ដទៃ។ (សកម្ម. ៨:៥, ៦, ១៤​-​១៧; ១០:១៩​-​២២, ៤៤, ៤៥) ក្នុង​គោល​បំណង​ជំរុញ​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​ប្រជាជាតិ​នានា លោក​យេស៊ូ​បាន​ចាត់​វិធានការ​ដោយ​ខ្លួន​លោក​ផ្ទាល់​ដើម្បី​ជំរុញ​ចិត្ត​សុល​ជា​អ្នក​ក្រុង​តើសុស​ឲ្យ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក។ លោក​យេស៊ូ​បាន​ណែនាំ​អាណានាស​ដែល​ជា​អ្នក​កាន់​តាម​លោក​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ផ្លូវ​ហៅ​ថា​ត្រង់ ហើយ​រក​បុរស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ក្រុង​តើសុស នៅ​ផ្ទះ​របស់​យូដាស . . . ចូរ​ទៅ​ចុះ ពី​ព្រោះ​បុរស​នេះ​ប្រៀប​ដូច​ជា​ភាជនៈ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ដើម្បី​ជា​តំណាង​ឈ្មោះ​ខ្ញុំ​នៅ​មុខ​ប្រជាជាតិ​ទាំង​ឡាយ ព្រម​ទាំង​នៅ​មុខ​ស្តេច​នានា និង​ពួក​កូន​អ៊ីស្រាអែល»។ (សកម្ម. ៩:៣​-​៦, ១០, ១១, ១៥) «បុរស​នេះ»បាន​ក្លាយ​ទៅ​ជា​សាវ័ក​ប៉ូល។—១ធី. ២:៧

១១. តើ​គ្រិស្ត​បាន​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​តាម​រយៈ​សកម្មពល​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

១១ ពេល​ដែល​ត្រូវ​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដែល​មិន​មែន​ជា​ជាតិ​សាសន៍​យូដា សកម្មពល​បរិសុទ្ធ​បាន​ណែនាំ​ប៉ូល​ក្នុង​ដំណើរ​ជា​សាសនទូត​នៅ​តំបន់​អាស៊ី​និង​នៅ​ទ្វីប​អឺរ៉ុប។ កំណត់​ហេតុ​របស់​លូកា​នៅ​សៀវភៅ​សកម្មភាព​ចែង​ថា៖ «កាល​ដែល​ពួក​គាត់[អ្នក​ប្រកាស​ទំនាយ​និង​អ្នក​បង្រៀន​ដែល​ជា​គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​នា​ស្រុក​ស៊ីរី]កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ព្រម​ទាំង​តម​អាហារ នោះ​សកម្មពល​បរិសុទ្ធ​បាន​ប្រាប់​ថា៖ ‹ចូរ​ទុក​បាណាបាស​និង​សុល​ដោយ​ឡែក​ឲ្យ​ខ្ញុំ ដើម្បី​បំពេញ​កិច្ចការ​ដែល​ខ្ញុំ​បាន​ហៅ​ពួក​គាត់​ឲ្យ​មក​ធ្វើ›។ បន្ទាប់​មក ពួក​គាត់​តម​អាហារ អធិដ្ឋាន ហើយ​ដាក់​ដៃ​លើ​បាណាបាស​និង​សុល រួច​ឲ្យ​ចេញ​ដំណើរ​ទៅ»។ (សកម្ម. ១៣:២, ៣) លោក​យេស៊ូ​ផ្ទាល់​បាន​អញ្ជើញ​សុល​ជា​អ្នក​ក្រុង​តើសុស​ឲ្យ​ធ្វើ​ជា‹ភាជនៈ​ដែល​លោក​បាន​ជ្រើស​រើស› ដើម្បី​ជា​តំណាង​ឈ្មោះ​លោក​នៅ​មុខ​ប្រជាជាតិ​ទាំង​ឡាយ។ ហេតុ​នេះ ការដាស់​តឿន​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គឺ​មក​ពី​គ្រិស្ត​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ។ យើង​ឃើញ​ច្បាស់​ក្នុង​អំឡុង​ដំណើរ​ទី​២​របស់​ប៉ូល​ជា​សាសនទូត​ថា លោក​យេស៊ូ​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ដឹក​នាំ​កិច្ច​ផ្សព្វ​ផ្សាយ។ កំណត់​ហេតុ​គម្ពីរ​ចែង​ថា«សកម្មពល​របស់​លោក​យេស៊ូ»ដែល​នេះ​មាន​ន័យ​ថា តាម​រយៈ​សកម្មពល​បរិសុទ្ធ លោក​យេស៊ូ​បាន​ណែនាំ​ប៉ូល​និង​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ថា​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​នៅ​ពេល​ណា ហើយ​ត្រូវ​ទៅ​ទី​ណា។ មួយ​វិញ​ទៀត ដោយ​សារ​ប៉ូល​បាន​ឃើញ​អ្វី​មួយ​ក្នុង​គំនិត នោះ​ជំរុញ​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ទ្វីប​អឺរ៉ុប។—សូម​អាន សកម្មភាព ១៦:៦​-​១០

ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​លើ​ក្រុម​ជំនុំ​របស់​លោក

១២, ១៣. តើ​សៀវភៅ​ការ​បើក​បង្ហាញ បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា លោក​យេស៊ូ​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​នី​មួយ​ៗ?

១២ នៅ​សតវត្សរ៍​ទី​១ គ.ស. លោក​យេស៊ូ​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​អំពី​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​ពួក​អ្នក​កាន់​តាម​ដែល​បាន​ត្រូវ​រើស​តាំង។ លោក​ជ្រាប​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​នៃ​ក្រុម​ជំនុំ​នី​មួយ​ៗ។ យើង​នឹង​ឃើញ​ជាក់ ពេល​យើង​អាន​សៀវភៅ​ការ​បើក​បង្ហាញ​ជំពូក​ទី​២​និង​ទី​៣។ លោក​រៀប​រាប់​អំពី​ក្រុម​ជំនុំ​៧ ដែល​ស្ថិត​នៅ​តំបន់​អាស៊ី។ (បប. ១:១១) យើង​មាន​មូលហេតុ​សព្វ​គ្រប់​ឲ្យ​ជឿ​ថា លោក​ក៏​ជ្រាប​អំពី​ស្ថានភាព​របស់​ក្រុម​ជំនុំ​ឯ​ទៀត​នៃ​ពួក​អ្នក​កាន់​តាម​លោក​នៅ​សម័យ​នោះ​ដែរ។—សូម​អាន ការ​បើក​បង្ហាញ ២:២៣

១៣ លោក​យេស៊ូ​បាន​សរសើរ​ក្រុម​ជំនុំ​ខ្លះ​ដោយ​សារ​ពួក​គេ​ចេះ​ស៊ូ​ទ្រាំ ស្មោះ​ត្រង់​ពេល​មាន​ទុក្ខ​លំបាក មាន​ភក្ដី​ភាព​ចំពោះ​បណ្ដាំ​របស់​លោក ហើយ​បដិសេធ​ពួក​អ្នក​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ជំនឿ។ (បប. ២:២, ៩, ១៣, ១៩; ៣:៨) ម្យ៉ាង​ទៀត លោក​បាន​ឲ្យ​ឱវាទ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ក្រុម​ជំនុំ​ខ្លះ​ទៀត ពី​ព្រោះ​ពួក​គេ​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​ធ្លាប់​មាន​ពី​ដើម ពួក​គេ​ត្រា​ប្រណី​ការ​គោរព​បូជា​រូប​ព្រះ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​ការ​ប្រកាន់​បក្ស​ពួក។ (បប. ២:៤, ១៤, ១៥, ២០; ៣:១៥, ១៦) ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​កែ​តម្រង់ ហើយ​ប្រដៅ​អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ខ្នះ​ខ្នែង ហើយ​ប្រែ​ចិត្ត​ចុះ»។ លោក​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ចំពោះ​ពួក​អ្នក​ដែល​លោក​បាន​ប្រដៅ​តម្រង់​យ៉ាង​ខ្លាំង។ (បប. ៣:១៩) ទោះ​ជា​លោក​នៅ​ស្ថាន​សួគ៌​ក៏​ដោយ លោក​យេស៊ូ​បាន​ដឹក​នាំ​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​កាន់​តាម​លោក​នៅ​ផែនដី​តាម​រយៈ​សកម្មពល​បរិសុទ្ធ។ នៅ​ចុង​បញ្ចប់​នៃ​បណ្ដាំ​របស់​លោក​ទៅ​ក្រុម​ជំនុំ​ទាំង​នោះ លោក​បាន​ប្រកាស​ថា៖ «ចូរ​ឲ្យ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ»។—បប. ៣:២២

១៤​-​១៦. (ក) តើ​លោក​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច​ថា​លោក​ជា​អ្នក​ដឹក​នាំ​ដ៏​ក្លាហាន​នៃ​បណ្ដា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ផែនដី? (ខ) ដោយ​សារ​លោក​យេស៊ូ​នៅ«ជា​មួយ»ពួក​អ្នក​កាន់​តាម​លោក«ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ» តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? (គ) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៤ យើង​បាន​ដឹង​ថា​មីកែល(លោក​យេស៊ូ)បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ជា​ទេវតា​មួយ​រូប​ដ៏​អង់អាច​ដែល​ដឹក​នាំ​ប្រជាជាតិ​អ៊ីស្រាអែល។ ក្រោយ​មក លោក​យេស៊ូ​ជា​អ្នក​ដឹក​នាំ​ដ៏​ក្លាហាន​និង​ជា​គង្វាល​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ពួក​អ្នក​កាន់​តាម​របស់​លោក​នៅ​សម័យ​ដើម។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែនដី លោក​បាន​នាំ​មុខ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​នូវ​ការ​រីក​ចម្រើន​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។

១៥ នៅ​ទី​បំផុត តាម​រយៈ​សកម្មពល​បរិសុទ្ធ លោក​យេស៊ូ​នឹង​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​រហូត​ដល់​ចុង​ផែនដី។ មុន​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី»។ (សកម្ម. ១:៨; សូម​អាន ពេត្រុស​ទី​១ ១:១២) ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត ការ​ផ្សព្វ​ផ្សាយ​ដ៏​ធំ​មួយ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​សតវត្សរ៍​ទី​១។—កូឡ. ១:២៣

១៦ ប៉ុន្តែ លោក​យេស៊ូ​ផ្ទាល់​បាន​បញ្ជាក់​ថា កិច្ច​ការ​នេះ​នឹង​បន្ត​រហូត​ដល់​គ្រា​ចុង​បញ្ចប់។ ក្រោយ​ពី​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក លោក​យេស៊ូ​បាន​សន្យា​នឹង​ពួក​គេ​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ»។ (ម៉ាថ. ២៨:១៩, ២០) តាំង​ពី​ពេល​លោក​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ ជាង​ពេល​ណា​ៗ​ទាំង​អស់ គ្រិស្ត​នៅ«ជា​មួយ»ពួក​អ្នក​កាន់​តាម​លោក ហើយ​ដឹក​នាំ​ពួក​គេ​យ៉ាង​សកម្ម។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​សកម្មភាព​ដ៏​មមាញឹក​ដែល​លោក​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​១៩១៤​មក។

[កំណត់​សម្គាល់]

^ វគ្គ 4 ដើម្បី​បាន​ព័ត៌មាន​បន្ថែម​អំពី​ទំនាយ​នេះ សូម​អាន​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២២៨​-​២២៩

ការ​ពិនិត្យ​មើល​សា​ឡើង​វិញ

• តើ​បុត្រ​របស់​ព្រះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច​ថា​លោក​ជា​អ្នក​ដឹក​នាំ​ដ៏​សកម្ម​មួយ​រូប​នៅ​អ៊ីស្រាអែល?

• តើ​គ្រិស្ត​ដឹក​នាំ​ក្រុម​ជំនុំ​របស់​លោក​នៅ​ផែនដី​តាម​រយៈ​អ្វី?

• តើ​គ្រិស្ត​បាន​ណែនាំ​យ៉ាង​ណា​ដើម្បី​ពង្រីក​ការ​ផ្សាយ​ដំណឹង​ល្អ?

• តើ​អ្វី​បង្ហាញ​ថា​គ្រិស្ត​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​នៃ​ក្រុម​ជំនុំ​នី​មួយ​ៗ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៤]

«អញ​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង»

[រូប​ភាព​នៅ​ទំព័រ​២៦]

ដូច​នៅ​អតីតកាល​ដែរ គ្រិស្ត​ប្រើ«អំណោយ​ជា​មនុស្ស»ដើម្បី​ឃ្វាល​ហ្វូង​ចៀម​របស់​លោក