លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកដឹកនាំដ៏សកម្មរបស់យើងនៅសព្វថ្ងៃនេះ

អ្នកដឹកនាំដ៏សកម្មរបស់យើងនៅសព្វថ្ងៃនេះ

អ្នក​ដឹក​នាំ​ដ៏​សកម្ម​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ

«អ្នក​នោះ​ចេញ​ទៅ​យក​ជ័យ​ជម្នះ ហើយ​ដើម្បី​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក»។—បប. ៦:២

១, ២. (ក) តើ​គម្ពីរ​បាន​ពណ៌នា​យ៉ាង​ណា​អំពី​សកម្មភាព​របស់​គ្រិស្ត​ជា​ស្តេច​តាំង​ពី​ឆ្នាំ​១៩១៤​មក? (ខ) តាំង​ពី​គ្រិស្ត​បាន​គ្រង​រាជ្យ តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ?

គ្រិស្ត​បាន​គ្រង​រាជ្យ​ជា​ស្តេច​នៃ​រាជាណាចក្រ​មេស្ស៊ី​របស់​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩១៤។ តើ​អ្នក​គិត​ថា​លោក​កំពុង​ធ្វើ​អ្វី​ឥឡូវ​នេះ? តើ​អ្នក​នឹក​គិត​ថា​លោក​ជា​ស្តេច​មួយ​អង្គ​ដែល​សញ្ជឹង​គិត​លើ​បល្ល័ង្ក​របស់​លោក ហើយ​ម្ដង​ម្កាល​រំពៃ​មើល​មក​ផែនដី​ដើម្បី​ដឹង​ថា​ក្រុម​ជំនុំ​របស់​លោក​មាន​ដំណើរ​ការ​យ៉ាង​ណា​ឬ? បើ​មែន គប្បី​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​អ្នក ពី​ព្រោះ​សៀវភៅ​ទំនុក​តម្កើង​និង​សៀវភៅ​ការ​បើក​បង្ហាញ​ពណ៌នា​អំពី​លោក​ជា​ស្តេច​ដ៏​ស្វាហាប់​មួយ​ដែល​ជិះ​សេះ​ចេញ​ទៅ«យក​ជ័យ​ជម្នះ ហើយ​ដើម្បី​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក» រហូត​ដល់​លោក​បាន«ជ័យ​ជំនះ»ជា​ស្ថាពរ។—បប. ៦:២; ទំនុក. ២:៦​-​៩; ៤៥:១​-​៤

ក្រោយ​គ្រិស្ត​បាន​គ្រង​រាជ្យ​ជា​ស្តេច សកម្មភាព​ដំបូង​របស់​លោក​គឺ​ច្បាំង​ឈ្នះ«នាគ​និង​បណ្ដា​ទេវតា​របស់​វា»។ ក្នុង​នាម​ជា​មហា​ទេវតា​មីកែល​ដែល​មាន​អំណាច​លើ​ទេវតា​របស់​លោក គ្រិស្ត​បាន​បោះ​ទម្លាក់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ចេញ​ពី​ស្ថាន​សួគ៌​ដ៏​បរិសុទ្ធ ហើយ​ឃុំ​ពួក​វា​ទុក​នៅ​ក្បែរ​ៗ​ផែនដី។ (បប. ១២:៧​-​៩) ក្រោយ​មក ក្នុង​នាម​ជា«ទូត​ដែល​នាំ​សេចក្ដី​សញ្ញា»ឬ​អ្នក​នាំ​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​កិច្ច​ព្រម​ព្រៀង នោះ​លោក​យេស៊ូ​បាន​មក​ពិនិត្យ​មើល​វិហារ​ក្នុង​ន័យ​ធៀប ជា​មួយ​បិតា​របស់​លោក។ (ម៉ាឡ. ៣:១) លោក​យេស៊ូ​បាន​វិនិច្ឆ័យ​ពិភព​គ្រិស្ត​សាសនា ដែល​មាន​កំហុស​ខ្លាំង​ជាង​គេ​នៃ«បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា» ហើយ​លោក​បាន​រក​ឃើញ​ថា​នាង​មាន​ទោស​ដោយ​សារ​បាន​បង្ហូរ​ឈាម និង​បាន​ផិត​ក្បត់​ជា​មួយ​របៀប​របប​នយោបាយ​ក្នុង​ពិភព​លោក​នេះ។—បប. ១៨:២, ៣, ២៤

គ្រិស្ត​សម្អាត​ខ្ញុំ​បម្រើ​របស់​លោក​នៅ​ផែនដី

៣, ៤. (ក) ក្នុង​នាម​ជា«ទូត»របស់​ព្រះ​យេហូវ៉ា តើ​គ្រិស្ត​បាន​សម្រេច​កិច្ច​ការ​អ្វី? (ខ) តើ​ការ​ពិនិត្យ​មើល​វិហារ​ក្នុង​ន័យ​ធៀប​បាន​បង្ហាញ​ឲ្យ​ឃើញ​អ្វី? ហើយ​ក្នុង​នាម​ជា​ប្រមុខ​ក្រុម​ជំនុំ តើ​លោក​យេស៊ូ​បាន​តែង​តាំង​អ្នក​ណា?

ការ​ពិនិត្យ​មើល​របស់​ព្រះ​យេហូវ៉ា​និង«ទូត»របស់​លោក ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ក្នុង​ទី​ធ្លា​នៅ​លើ​ផែនដី​នៃ​វិហារ​នោះ​ក្នុង​ន័យ​ធៀប មាន​គ្រិស្ត​សាសនិក​ពិត​មួយ​ក្រុម​ដែល​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ពិភព​គ្រិស្ត​សាសនា​ទេ។ ក៏​ប៉ុន្តែ សូម្បី​តែ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នេះ​ឬ«ពួក​កូន​ចៅ​លេវី»ក៏​ត្រូវ​ការ​សម្អាត​ដែរ គឺ​ដូច​ម៉ាឡាគី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ទាយ​ទុក​ថា៖ «ទ្រង់[ព្រះ​យេហូវ៉ា]នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់។ ទ្រង់​នឹង​សំអាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​គេ​ដូច​ជា​មាស ហើយ​នឹង​ប្រាក់ នោះ​គេ​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​សុចរិត»។ (ម៉ាឡ. ៣:៣) ព្រះ​យេហូវ៉ា​បាន​ប្រើ​គ្រិស្ត​យេស៊ូ​ដែល​ជា«ទូត​ដែល​នាំ​សេចក្ដី​សញ្ញា»ឲ្យ​សម្អាត​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។

ក៏​ប៉ុន្តែ គ្រិស្ត​បាន​ឃើញ​ថា​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នេះ​កំពុង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​បង​ប្អូន​រួម​ជំនឿ។ ចាប់​តាំង​ពី​ឆ្នាំ​១៨៧៩​មក ទោះ​ជា​កាលៈទេសៈ​ល្អ​ឬ​ពិបាក​ក្ដី ពួក​គេ​ខំ​បោះ​ពុម្ព​ផ្សាយ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ស្តី​អំពី​រាជាណាចក្រ​ព្រះ​ក្នុង​ទំព័រ​ទស្សនាវដ្ដី​នេះ។ លោក​យេស៊ូ​បាន​ទាយ​ថា ពេល​លោក«មក​ដល់»ដើម្បី​ពិនិត្យ​មើល​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ក្នុង​អំឡុង«គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ» លោក​នឹង​ឃើញ​ថា​ខ្ញុំ​បម្រើ​ម្នាក់​កំពុង​ឲ្យ«អាហារ​ពួក​គេ​បរិភោគ​តាម​ត្រូវ​ពេល»។ លោក​នឹង​ប្រកាស​ថា​ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គល ហើយ​នឹង«តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក»នៅ​ផែនដី។ (ម៉ាថ. ២៤:៣, ៤៥​-​៤៧) ក្នុង​នាម​ជា​ប្រមុខ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក គ្រិស្ត​បាន​ប្រើ«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​ចេះ​ពិចារណា»នេះ​ឲ្យ​គ្រប់​គ្រង​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ លោក​បាន​ផ្ដល់​ការ​ណែនាំ​ដល់«ខ្ញុំ​បម្រើ​ឯ​ទៀត»ដែល​បាន​ត្រូវ​រើស​តាំង និង​ពួក«ចៀម​ឯ​ទៀត»ដែល​ជា​គូកន​របស់​ពួក​គេ តាម​រយៈ​គណៈ​អភិបាល។—យ៉ូន. ១០:១៦

ការ​ច្រូត​កាត់​នៅ​ផែនដី

៥. តាម​រយៈ​ការ​ឃើញ​ក្នុង​គំនិត តើ​សាវ័ក​យ៉ូហាន​បាន​ឃើញ​ស្តេច​មេស្ស៊ី​ធ្វើ​អ្វី?

សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​មួយ​ដែល​ស្តេច​មេស្ស៊ី​នឹង​ធ្វើ​នៅ«ថ្ងៃ​របស់​លោក​ម្ចាស់» បន្ទាប់​ពី​លោក​បាន​គ្រង​រាជ្យ​នៅ​ឆ្នាំ​១៩១៤។ យ៉ូហាន​បាន​សរសេរ​ថា៖ «មើល! ខ្ញុំ​ឃើញ​ពពក​ស​មួយ ហើយ​នៅ​លើ​ពពក​នោះ​មាន​អ្នក​អង្គុយ​ដែល​មើល​ទៅ​ដូច​ជា​កូន​មនុស្ស ហើយ​លោក​មាន​មកុដ​មាស​លើ​ក្បាល​និង​កាន់​កណ្ដៀវ​មុត​មួយ​នៅ​ដៃ»។ (បប. ១:១០; ១៤:១៤) យ៉ូហាន​បាន​ឮ​ទេវតា​មួយ​របស់​ព្រះ​យេហូវ៉ា ប្រាប់​អ្នក​ច្រូត​កាត់​នេះ​ដែល​កាន់​កណ្ដៀវ​ឲ្យ​លូក​ដៃ​ទៅ​ច្រូត ពី​ព្រោះ«ចម្រូត​នៅ​ផែនដី​គឺ​ទុំ​អស់​ហើយ»។—បប. ១៤:១៥, ១៦

៦. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​អ្វី​កើត​ឡើង​អស់​មួយ​រយៈ​ពេល?

«ចម្រូត​នៅ​ផែនដី»រំលឹក​យើង​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ស្រូវ​សាលី​និង​ស្រងែ។ លោក​យេស៊ូ​បាន​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​បុរស​ម្នាក់​ដែល​បាន​សាប​ព្រោះ​គ្រាប់​ស្រូវ​សាលី​នៅ​លើ​ដី​របស់​គាត់ ដោយ​មាន​បំណង​ច្រូត​ស្រូវ​សាលី​ដ៏​ល្អ​ដែល​តំណាង«កូន​នៃ​រាជាណាចក្រ» ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដើម្បី​គ្រប់​គ្រង​ជា​មួយ​លោក​ក្នុង​រាជាណាចក្រ​របស់​លោក។ ប៉ុន្តែ​នៅ​យប់​មួយ សត្រូវ​ម្នាក់​ដែល​ជា«មេ​កំណាច»បាន​សាប​ព្រោះ​ស្រងែ​ដែល​ជា«កូន​របស់​មេ​កំណាច»នៅ​លើ​ដី​នោះ។ អ្នក​សាប​ព្រោះ​បាន​ណែនាំ​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​ទុក​ស្រូវ​សាលី​និង​ស្រងែ​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​រដូវ​ច្រូត​កាត់ ពោល​គឺ«ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ»។ នៅ​ពេល​នោះ លោក​នឹង​ចាត់​បណ្ដា​ទេវតា​របស់​លោក​ឲ្យ​ញែក​ស្រូវ​សាលី​ចេញ​ពី​ស្រងែ។—ម៉ាថ. ១៣:២៤​-​៣០, ៣៦​-​៤១

៧. ស្តី​អំពី«ចម្រូត​នៅ​ផែនដី» តើ​គ្រិស្ត​កំពុង​ធ្វើ​កិច្ច​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​កំពុង​ច្រូត​កាត់​នៅ​ទូទាំង​ពិភព​លោក ហើយ​នេះ​សម្រេច​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត។ «ចម្រូត​នៅ​ផែនដី»បាន​ចាប់​ផ្ដើម​ដោយ​ប្រមូល​ពួក​អ្នក​ដែល​នៅ​សល់​ពី​ពួក​១៤៤.០០០​នាក់ ដែល​ជា«កូន​នៃ​រាជាណាចក្រ»និង​ជា«ស្រូវ​សាលី»នៃឧទាហរណ៍​របស់​លោក។ ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ពិត​និង​មិន​ពិត​បាន​ឃើញ​កាន់​តែ​ច្បាស់​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​១ ហើយ​នេះ​បាន​ជួយ​ឲ្យ​មាន​ការ​ប្រមូល​ពួក​ចៀម​ឯ​ទៀត ដែល​ជា​ផ្នែក​ទី​២​នៃ«ចម្រូត​នៅ​ផែនដី»។ ពួក​គេ​មិន​មែន​ជា«កូន​នៃ​រាជាណាចក្រ»ទេ តែ​ជា«មនុស្ស​មួយ​ក្រុម​ធំ»ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​បណ្ដា​រាស្ត្រ​នៃ​រាជាណាចក្រ​នោះ។ ពួក​គេ​ជា​ចម្រូត​ពី​ចំណោម«បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា»។ ពួក​គេ​ចុះ​ចូល​នឹង​រាជាណាចក្រ​មេស្ស៊ី​ដែល​មាន​គ្រិស្ត​យេស៊ូ​និង«ពួក​បរិសុទ្ធ»១៤៤.០០០​នាក់ ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​ក្នុង​រដ្ឋាភិបាល​នោះ​ដែល​នៅ​ស្ថាន​សួគ៌។—បប. ៧:៩, ១០; ដាន. ៧:១៣, ១៤, ១៨

គ្រិស្ត​ដឹក​នាំ​ក្រុម​ជំនុំ

៨, ៩. (ក) តើ​អ្វី​បង្ហាញ​ថា​គ្រិស្ត​សង្កេត​មើល​មិន​ត្រឹម​តែ​ការ​ប្រព្រឹត្ត​របស់​ក្រុម​ជំនុំ​នី​មួយ​ៗ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​សង្កេត​មើល​របៀប​រស់​នៅ​របស់​សមាជិក​ម្នាក់​ៗ​នៃ​ក្រុម​ជំនុំ​ដែរ? (ខ) ដូច​បាន​បង្ហាញ​នៅ​ទំព័រ​២៩ តើ​យើង​គួរ​ជៀស​ចេញ​ពី​អ្វី​ខ្លះ​ដែល​ជា«សេចក្ដី​ជ្រាល​ជ្រៅ​របស់​សាថាន»?

យើង​បាន​រៀន​ពី​អត្ថបទ​មុន​ថា នៅ​សតវត្សរ៍​ទី​១ គ.ស. គ្រិស្ត​បាន​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​របស់​ក្រុម​ជំនុំ​នី​មួយ​ៗ។ នៅ​សម័យ​យើង ក្នុង​នាម​ជា​ស្តេច​ដែល​កំពុង​គ្រង​រាជ្យ​ដែល​មាន«គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី» គ្រិស្ត​ដែល​ជា​អ្នក​នាំ​មុខ​របស់​យើង ដឹក​នាំ​យ៉ាង​សកម្ម​នូវ​ក្រុម​ជំនុំ​នៅ​ទូទាំង​ពិភព​លោក​និង​អ្នក​ត្រួត​ពិនិត្យ​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​នោះ។ (ម៉ាថ. ២៨:១៨; កូឡ. ១:១៨) ព្រះ​យេហូវ៉ា​បាន«តែង​តាំង​លោក​ជា​ប្រមុខ​នៃ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ក្រុម​ជំនុំ»នៃ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ (អេភ. ១:២២) ហេតុ​នេះ លោក​ដឹង​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​នី​មួយ​ៗ​ក្នុង​ចំណោម​ក្រុម​ជំនុំ​ជាង​១០០.០០០​នៃ​សាក្សី​ព្រះ​យេហូវ៉ា។

លោក​យេស៊ូ​បាន​ផ្ញើ​សារ​នេះ​ទៅ​ក្រុម​ជំនុំ​ធាទេរ៉ា​នៅ​សម័យ​បុរាណ​ថា៖ «បុត្រ​ព្រះ​ដែល​មាន​ភ្នែក​ដូច​អណ្ដាត​ភ្លើង . . . មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ‹ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត . . . របស់​អ្នក›»។ (បប. ២:១៨, ១៩) លោក​បាន​ស្តី​បន្ទោស​សមាជិក​ក្រុម​ជំនុំ​នោះ​ដោយ​សារ​ពួក​គេ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​និង​ដែល​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្លួន ដោយ​ប្រាប់​ពួក​គេ​ថា៖ «ខ្ញុំ​ជា​អ្នក​ដែល​ស្ទង់​មើល​ចិត្ត​និង​ថ្លើម ក៏​សង​ដល់​អ្នក​រាល់​គ្នា​តាម​ការ​ប្រព្រឹត្ត​រៀង​ៗ​ខ្លួន»។ (បប. ២:២៣) ពាក្យ​នោះ​បង្ហាញ​ថា​គ្រិស្ត​សង្កេត​មើល​មិន​ត្រឹម​តែ​ការ​ប្រព្រឹត្ត​របស់​ក្រុម​ជំនុំ​នី​មួយ​ៗ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​សង្កេត​មើល​របៀប​រស់​នៅ​របស់​សមាជិក​ម្នាក់​ៗ​នៃ​ក្រុម​ជំនុំ​ដែរ។ លោក​យេស៊ូ​បាន​សរសើរ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ធាទេរ៉ា​ដែល«មិន​ដឹង​សោះ​អំពី​អ្វី​ដែល​គេ​ហៅ​ថា‹សេចក្ដី​ជ្រាល​ជ្រៅ​របស់​សាថាន›»។ (បប. ២:២៤) សព្វ​ថ្ងៃ​នេះ ដូច​គ្នា​ដែរ លោក​ពេញ​ចិត្ត​មនុស្ស​វ័យ​ក្មេង​ឬ​ចាស់​ដែល​មិន​ពិនិត្យ​មើល«សេចក្ដី​ជ្រាល​ជ្រៅ​របស់​សាថាន»តាម​រយៈ​អ៊ីនធឺណិត​ឬ​ហ្គេម​វីដេអូ​ដែល​មាន​អំពើ​ហិង្សា ឬ​បណ្ដោយ​ខ្លួន​តាម​ការ​គិត​ឃើញ​ថា​ខ្លួន​អាច​ធ្វើ​អ្វី​ៗ​តាម​ចិត្ត។ លោក​ពិត​ជា​សប្បាយ​ចិត្ត​ណាស់! ដោយ​សង្កេត​ឃើញ​ការ​ព្យាយាម​និង​ការ​លះបង់​ប្រយោជន៍​របស់​គ្រិស្ត​សាសនិក​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ដែល​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​លោក​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។

១០. តើ​ការ​ណែនាំ​របស់​គ្រិស្ត​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​ពណ៌នា​យ៉ាង​ណា? ប៉ុន្តែ តើ​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​របៀប​រៀបចំ​មួយ​ណា?

១០ គ្រិស្ត​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​របស់​លោក​នៅ​ផែនដី​ដោយ​សេចក្ដី​ស្រឡាញ់ តាម​រយៈ​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង។ (អេភ. ៤:៨, ១១, ១២) នៅ​សតវត្សរ៍​ទី​១ អ្នក​ត្រួត​ពិនិត្យ​ទាំង​អស់​គឺ​ជា​បុរស​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​សកម្មពល​របស់​លោក។ សៀវភៅ​ការ​បើក​បង្ហាញ​បាន​ពណ៌នា​អំពី​ពួក​គេ​ថា​ជា​ផ្កាយ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​គ្រិស្ត។ (បប. ១:១៦, ២០) សព្វ​ថ្ងៃ ពួក​អ្នក​ចាស់​ទុំ​ភាគ​ច្រើន​ក្នុង​ក្រុម​ជំនុំ​គឺ​ជា​ចៀម​ឯ​ទៀត។ ពួក​គេ​បាន​ត្រូវ​តែង​តាំង​ក្រោយ​ពី​បាន​អធិដ្ឋាន និង​ក្រោម​ការ​ណែនាំ​របស់​សកម្មពល​បរិសុទ្ធ ដូច្នេះ​យើង​អាច​ចាត់​ទុក​ថា​ពួក​គេ​ក៏​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត​ឬ​ក្នុង​ដៃ​ស្ដាំ​របស់​លោក​ដែរ។ (សកម្ម. ២០:២៨) ក៏​ប៉ុន្តែ ពួក​គេ​ទទួល​ស្គាល់​ថា​គ្រិស្ត​កំពុង​ប្រើ​បុរស​គ្រិស្ត​សាសនិក​មួយ​ក្រុម​តូច​ដែល​បាន​ត្រូវ​រើស​តាំង ឲ្យ​ធ្វើ​ជា​គណៈ​អភិបាល​ដើម្បី​ដឹក​នាំ​និង​ណែនាំ​ពួក​អ្នក​កាន់​តាម​របស់​លោក​នៅ​ផែនដី។—សូម​អាន សកម្មភាព ១៥:៦, ២៨​-​៣០

«លោក​ម្ចាស់​យេស៊ូ សូម​អញ្ជើញ​មក»

១១. ហេតុ​អ្វី​យើង​ទន្ទឹង​រង់​ចាំ​អ្នក​ដឹក​នាំ​របស់​យើង​មក​ដល់​យ៉ាង​ឆាប់?

១១ ក្នុង​ការ​បើក​បង្ហាញ​ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​បី​បួន​ដង​ថា លោក​នឹង​មក​យ៉ាង​ឆាប់។ (បប. ២:១៦; ៣:១១; ២២:៧, ២០) ប្រាកដ​ហើយ លោក​សំដៅ​ទៅ​ការ​មក​របស់​លោក​ដើម្បី​វិនិច្ឆ័យ​ទោស​បាប៊ី​ឡូ​ន​ដ៏​ខ្លាំង​ក្លា និង​ផ្នែក​ឯ​ទៀត​ទាំង​អស់​របស់​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ (២ថែ. ១:៧, ៨) ដោយ​មាន​ចិត្ត​ចង់​ឃើញ​យ៉ាង​ខ្លាំង​នូវ​ការ​សម្រេច​នៃ​ព្រឹត្ដិការណ៍​ទាំង​អស់​ដ៏​អស្ចារ្យ​ដែល​បាន​ទាយ​ទុក សាវ័ក​យ៉ូហាន​ដែល​មាន​វ័យ​ចាស់​បាន​ឧទាន​ថា៖ «អាមេន! លោក​ម្ចាស់​យេស៊ូ សូម​អញ្ជើញ​មក»។ យើង​ដែល​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ ក៏​ទន្ទឹង​រង់​ចាំ​ពេល​អ្នក​ដឹក​នាំ​និង​ជា​ស្តេច​របស់​យើង គឺ​លោក​យេស៊ូ​នឹង​មក​ក្នុង​ឋានៈ​ជា​អ្នក​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ ក្នុង​បំណង​ធ្វើ​ឲ្យ​នាម​របស់​បិតា​លោក​បាន​បរិសុទ្ធ ហើយ​បង្ហាញ​ថា​បិតា​របស់​លោក​មាន​សិទ្ធិ​គ្រប់​គ្រង។

១២. តើ​លោក​យេស៊ូ​នឹង​បង្ហើយ​កិច្ច​ការ​ណា មុន​ខ្យល់​ដែល​នាំ​ឲ្យ​អន្តរាយ​បាន​ត្រូវ​លែង?

១២ សមាជិក​ចុង​ក្រោយ​របស់​អ៊ីស្រាអែល​នៃ​ព្រះ​ដែល​មាន​ចំនួន​១៤៤.០០០​នាក់​នឹង​ត្រូវ​បោះ​ត្រា មុន​លោក​យេស៊ូ​បំផ្លាញ​ចោល​អង្គការ​ទាំង​អស់​របស់​សាថាន​នៅ​ផែនដី។ គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​ខ្យល់​ដែល​នាំ​ឲ្យ​របៀប​របប​របស់​សាថាន​ត្រូវ​អន្តរាយ នឹង​មិន​ត្រូវ​លែង មុន​ការ​បោះ​ត្រា​នៃ​ពួក​១៤៤.០០០​នាក់​បាន​ត្រូវ​បង្ហើយ​ឡើយ។—បប. ៧:១​-​៤

១៣. តើ​គ្រិស្ត​នឹង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច​នូវ​វត្តមាន​របស់​លោក​ក្នុង​អំឡុង​ដំណាក់​កាល​ដំបូង​នៃ«គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង»?

១៣ បណ្ដា​ជន​ភាគ​ច្រើន​នៅ​ផែនដី​មិន​បាន​កត់​សម្គាល់«វត្តមាន»របស់​គ្រិស្ត​ដែល​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩១៤​មក​ទេ។ (២ពេ. ៣:៣, ៤) ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​បង្ហាញ​ឲ្យ​ឃើញ​អំពី​វត្តមាន​របស់​លោក​ដោយ​អនុវត្ត​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​លើ​ផ្នែក​ផ្សេង​ៗ​នៃ​របៀប​របប​របស់​សាថាន។ ការ​បំផ្លាញ​ចោល​នូវ«បុរស​ប្រឆាំង​ច្បាប់» ពោល​គឺ​បព្វជិត​នៃ​ពិភព​គ្រិស្ត​សាសនា នឹង​ជា​ពេល​ដែល«វត្តមាន​របស់​លោក​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ»ច្បាស់។ (សូម​អាន ថែស្សាឡូនិច​ទី​២ ២:៣, ) នេះ​នឹង​ផ្ដល់​ទី​សំអាង​ជាក់​ស្តែង​ថា គ្រិស្ត​កំពុង​មាន​សកម្មភាព​ជា​អ្នក​វិនិច្ឆ័យ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។ (សូម​អាន ធីម៉ូថេ​ទី​២ ៤:១) ការ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ​នូវ​ពិភព​គ្រិស្ត​សាសនា​ដែល​ជា​ផ្នែក​ដែល​មាន​កំហុស​ខ្លាំង​ជាង​គេ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា នឹង​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​បំផ្លាញ​ចោល​ទាំង​ស្រុង​នូវ​ចក្រភព​សាសនា​មិន​ពិត​ទូទៅ។ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​ពួក​អ្នក​ដឹក​នាំ​នយោបាយ​ឲ្យ​បំផ្លាញ​ចោល​ស្ត្រី​ពេស្យា​នេះ។ (បប. ១៧:១៥​-​១៨) នោះ​ជា​ដំណាក់​កាល​ដំបូង​នៃ«គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង»។—ម៉ាថ. ២៤:២១

១៤. (ក) ហេតុ​អ្វី​ដំណាក់​កាល​ដំបូង​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ត្រូវ​កាត់​បន្ថយ? (ខ) តើ«សញ្ញា​សម្គាល់​របស់​កូន​មនុស្ស»នឹង​មាន​ន័យ​អ្វី​ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

១៤ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា គ្រា​ទុក្ខ​វេទនា​នោះ​នឹង​ត្រូវ​កាត់​បន្ថយ«ដោយ​សារ​ពួក​អ្នក​រើស​តាំង» ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌។ (ម៉ាថ. ២៤:២២) ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត ធ្វើ​ឲ្យ​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ពួក​ចៀម​ឯ​ទៀត​ដែល​ជា​គូកន​របស់​ពួក​គេ​វិនាស​សាប​សូន្យ​ឡើយ។ លោក​យេស៊ូ​បន្ថែម​ថា៖ «បន្ទាប់​ពី​ទុក្ខ​វេទនា​នៅ​គ្រា​នោះ»នឹង​មាន​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងៃ លោក​ខែ និង​ផ្កាយ «រួច​មក​សញ្ញា​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ»។ នេះ​នឹង​បណ្ដាល​ឲ្យ​ប្រជាជាតិ​នានា«គក់​ទ្រូង​ដោយ​មាន​ក្ដី​ទុក្ខ​ព្រួយ»។ ប៉ុន្តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ និង​គូកន​របស់​ពួក​គេ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី គឺ​មិន​ដូច្នោះ​ទេ។ ពួក​គេ​នឹង‹ឈរ​ត្រង់​ខ្លួន ហើយ​ងើប​មុខ​ឡើង ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ​គឺ​ជិត​ដល់​ហើយ›។—ម៉ាថ. ២៤:២៩, ៣០; លូក. ២១:២៥​-​២៨

១៥. តើ​គ្រិស្ត​នឹង​ធ្វើ​អ្វី​ខ្លះ​ពេល​លោក​មក​ដល់?

១៥ មុន​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក កូន​មនុស្ស​មក​តាម​វិធី​មួយ​ទៀត។ លោក​យេស៊ូ​បាន​ទាយ​ថា៖ «ពេល​ដែល​កូន​មនុស្ស​មក​ប្រកប​ដោយ​សិរី​រុង​រឿង ហើយ​មាន​ទេវតា​ទាំង​ឡាយ​មក​ជា​មួយ​ដែរ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង​រឿង​របស់​លោក ហើយ​ប្រជាជាតិ​ទាំង​ឡាយ​នឹង​ត្រូវ​ប្រមូល​មក​នៅ​មុខ​លោក រួច​លោក​នឹង​ញែក​មនុស្ស​ចេញ​ពី​គ្នា ដូច​គង្វាល​ម្នាក់​ញែក​ចៀម​ចេញ​ពី​ពពែ។ លោក​នឹង​ដាក់​ចៀម​នៅ​ខាង​ស្ដាំ​ដៃ តែ​ពពែ​នៅ​ខាង​ឆ្វេង​ដៃ»។ (ម៉ាថ. ២៥:៣១​-​៣៣) នេះ​សំដៅ​ទៅ​លើ​ការ​មក​ដល់​របស់​គ្រិស្ត​ជា​អ្នក​វិនិច្ឆ័យ​ដើម្បី​ញែក«ប្រជាជាតិ​ទាំង​ឡាយ»ចេញ​ជា​ពីរ​ក្រុម ពោល​គឺ«ចៀម»ដែល​ជា​ពួក​អ្នក​ដែល​បាន​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត​យ៉ាង​សកម្ម (បង​ប្អូន​គ្រិស្ត​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​ផែនដី) និង«ពពែ»ដែល​ជា​ពួក​អ្នក​ដែល«មិន​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង»។ (២ថែ. ១:៧, ៨) ចៀម​ដែល​បាន​ត្រូវ​ពណ៌នា​ថា​ជា«មនុស្ស​សុចរិត»នឹង​ទទួល«ជីវិត​ដែល​គ្មាន​ទី​បញ្ចប់»នៅ​ផែនដី តែ​ពពែ«នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត»។—ម៉ាថ. ២៥:៣៤, ៤០, ៤១, ៤៥, ៤៦

លោក​យេស៊ូ​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក

១៦. តើ​គ្រិស្ត​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង​នឹង​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៦ ដោយ​មាន​អ្នក​គ្រប់​គ្រង​ជា​ស្តេច​និង​ជា​សង្ឃ​របស់​លោក​បាន​ត្រូវ​បោះ​ត្រា​គ្រប់​ចំនួន ហើយ​ចៀម​បាន​ត្រូវ​សម្គាល់ ថែម​ទាំង​បាន​ត្រូវ​ដាក់​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោក​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ នោះ​គ្រិស្ត​អាច«បង្ហើយ​ជ័យ​ជម្នះ​របស់​លោក»។ (បប. ៥:៩, ១០; ៦:២) ដោយ​សារ​លោក​ជា​ប្រមុខ​នៃ​កង​ទ័ព​ទេវតា​ដ៏​ខ្លាំង​ក្លា ហើយ​ពិត​ជា​ប្រមុខ​នៃ​បង​ប្អូន​របស់​លោក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​លោក​នឹង​បំផ្លាញ​ចោល​របៀប​របប​នយោបាយ យោធា​និង​ពាណិជ្ជកម្ម​ទាំង​អស់​របស់​សាថាន​នៅ​ផែនដី។ (បប. ២:២៦, ២៧; ១៩:១១​-​២១) គ្រិស្ត​នឹង​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក ពេល​លោក​បំផ្លាញ​ចោល​របៀប​របប​ដ៏​អាក្រក់​របស់​សាថាន។ ក្រោយ​មក លោក​នឹង​បោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត​សម្រាប់​ពេល​មួយ​ពាន់​ឆ្នាំ។—បប. ២០:១​-​៣

១៧. ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត តើ​លោក​នឹង​នាំ​ពួក​ចៀម​ឯ​ទៀត​ឲ្យ​ទទួល​អ្វី? តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

១៧ ដោយ​និយាយ​អំពី«មនុស្ស​មួយ​ក្រុម​ធំ»នៃ​ពួក​ចៀម​ឯ​ទៀត​ដែល​នឹង​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង សាវ័ក​យ៉ូហាន​បាន​ទាយ​ថា«កូន​ចៀម​ដែល​នៅ​ក្បែរ​បល្ល័ង្ក​នឹង​ឃ្វាល​ពួក​គេ ហើយ​នាំ​ទៅ​ឯ​រន្ធ​ទឹក​ដែល​ផ្ដល់​ជីវិត»។ (បប. ៧:៩, ១៧) ត្រូវ​ហើយ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក គ្រិស្ត​នឹង​បន្ត​ដឹក​នាំ​ចៀម​ឯ​ទៀត​ដែល​ពិត​ជា​ស្ដាប់​សំឡេង​របស់​លោក ហើយ​ណែនាំ​ពួក​គេ​ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (សូម​អាន យ៉ូហាន ១០:១៦, ២៦​-​២៨) នៅ​ពេល​ឥឡូវ​នេះ​និង​រហូត​ដល់​ពិភព​លោក​ថ្មី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា សូម​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​កាន់​តាម​អ្នក​ដឹក​នាំ​របស់​យើង​ដោយ​ចិត្ត​ស្មោះ!

ការ​ពិនិត្យ​មើល​សា​ឡើង​វិញ

• តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ខ្លះ​បន្ទាប់​ពី​បាន​គ្រង​រាជ្យ?

• តើ​គ្រិស្ត​កំពុង​ប្រើ​អ្នក​ណា​ដើម្បី​ដឹក​នាំ​ក្រុម​ជំនុំ?

• តើ​គ្រិស្ត​ដែល​ជា​អ្នក​ដឹក​នាំ​យើង​នឹង​មក​ដើម្បី​ធ្វើ​អ្វី​ខ្លះ?

• ក្នុង​ពិភព​លោក​ថ្មី តើ​គ្រិស្ត​នឹង​បន្ត​ដឹក​នាំ​យើង​ឲ្យ​ទទួល​អ្វី?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​៣២]

ការ​បំផ្លាញ​ចោល​របៀប​របប​ដ៏​អាក្រក់​របស់​សាថាន​នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​វត្តមាន​របស់​គ្រិស្ត