តើអធិដ្ឋានអំពីអ្វី?
ក្នុងចំណោមការអធិដ្ឋានទាំងអស់របស់គ្រិស្តសាសនិក មានការអធិដ្ឋានមួយដែលគេពោលម្ដងហើយម្ដងទៀតច្រើនជាងគេ។ ទោះជានេះពិតឬមិនពិតក៏ដោយ មនុស្សជាច្រើនយល់ខុសអំពីសេចក្ដីអធិដ្ឋានគំរូដែលលោកយេស៊ូបានថ្លែង ដែលជួនកាលគេហៅថាជាសេចក្ដីអធិដ្ឋានលោកម្ចាស់ឬសេចក្ដីអធិដ្ឋានបិតារបស់យើងនៅស្ថានសួគ៌។ មនុស្សរាប់លាននាក់បានសូត្ររត់មាត់ពាក្យអធិដ្ឋាននោះរៀងរាល់ថ្ងៃ ប្រហែលច្រើនដងក្នុងមួយថ្ងៃ។ ប៉ុន្តែលោកយេស៊ូមិនដែលមានបំណងឲ្យមនុស្សអធិដ្ឋានបែបនេះទេ។ ហេតុអ្វីយើងដឹង?
មុនលោកយេស៊ូរៀបរាប់អំពីសេចក្ដីអធិដ្ឋាននោះ លោកមានប្រសាសន៍ថា៖«ពេលដែលអធិដ្ឋាន កុំពោលពាក្យដដែលៗ»។ (ម៉ាថាយ ៦:៧) បន្ទាប់ពីនេះ លោកបានរៀបរាប់អំពីរបៀបដែលយើងគួរអធិដ្ឋាន។ តើលោកយេស៊ូនិយាយផ្ទុយនឹងសម្ដីរបស់លោកឬ? ប្រាកដជាមិនមែនទេ! ផ្ទុយទៅវិញ លោកយេស៊ូបានបង្រៀនយើងថាយើងគួរអធិដ្ឋានអំពីអ្វីខ្លះ ហើយប្រាប់យើងយ៉ាងច្បាស់អំពីអ្វីដែលសំខាន់ជាងគេដែលយើងត្រូវចាំពេលអធិដ្ឋាន។ ចូរយើងពិនិត្យមើលឲ្យបានដិតដល់អំពីប្រសាសន៍របស់លោកយេស៊ូ។ សេចក្ដីអធិដ្ឋាននេះមាននៅសៀវភៅម៉ាថាយ ៦:៩-១៣។
«ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»
លោកយេស៊ូបានរំលឹកពួកអ្នកកាន់តាមលោកថាពួកគេត្រូវអធិដ្ឋានទៅបិតាដែលនៅស្ថានសួគ៌ ពោលគឺព្រះយេហូវ៉ា។ ប៉ុន្តែតើលោកអ្នកដឹងទេថាហេតុអ្វីឈ្មោះរបស់ព្រះសំខាន់ម្ល៉េះ? ហើយហេតុអ្វីព្រះត្រូវធ្វើឲ្យឈ្មោះរបស់លោកបានបរិសុទ្ធ?
តាំងពីដើមដំបូងនៃប្រវត្ដិសាស្ត្រមនុស្សជាតិ ឈ្មោះដ៏ពិសិដ្ឋរបស់ព្រះបានត្រូវគេបង្កាច់បង្ខូច។ សាថានដែលជាសត្រូវរបស់ព្រះបានចោទព្រះយេហូវ៉ាថា លោកជាអ្នកគ្រប់គ្រងដែលភូតកុហកដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ វាក៏ចោទដែរថាលោកគ្មានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រងលើអ្វីៗដែលលោកបានបង្កើតទេ។ (លោកុប្បត្តិ ៣:១-៦) មនុស្សជាច្រើនយល់ស្របនឹងសាថាន ហើយពួកគេបង្រៀនថាព្រះគ្មានសេចក្ដីស្រឡាញ់ គ្មានមេត្ដា ហើយចូលចិត្តសងសឹក ឬពួកគេមិនទទួលស្គាល់ថាលោកជាព្រះដែលជាអ្នកបង្កើតឡើយ។ អ្នកខ្លះទៀតបានប្រឆាំងការប្រើឈ្មោះរបស់ព្រះដោយដកនាមយេហូវ៉ាចេញពីសេចក្ដីបកប្រែផ្សេងៗនៃគម្ពីរបរិសុទ្ធ ហើយហាមមិនឲ្យគេប្រើឈ្មោះនោះទៀត។
គម្ពីរបង្ហាញថាព្រះនឹងធ្វើឲ្យមានយុត្ដិធម៌ឡើងវិញ។ (អេសេគាល ៣៩:៧) ដោយធ្វើដូច្នោះ លោកនឹងបំពេញសេចក្ដីត្រូវការទាំងអស់របស់លោកអ្នក ហើយក៏នឹងបំបាត់ចោលបញ្ហាទាំងអស់របស់លោកអ្នកដែរ។ តើតាមរបៀបណា? ឃ្លាបន្ទាប់ក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូនឹងឆ្លើយសំណួរនេះ។
«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
សព្វថ្ងៃនេះ ស្តីអំពីរាជាណាចក្ររបស់ព្រះ មានការយល់ច្រឡំជាច្រើនក្នុងចំណោមអ្នកបង្រៀនខាងសាសនា។ ប៉ុន្តែដូចមនុស្សដែលបានស្ដាប់លោកយេស៊ូបានដឹង អ្នកប្រកាសទំនាយរបស់ព្រះបានទាយជាយូរណាស់មកហើយថាមេស្ស៊ីជាអ្នកសង្គ្រោះដែលព្រះបានជ្រើសរើស នឹងគ្រប់គ្រងលើរាជាណាចក្រមួយដែលនឹងធ្វើឲ្យស្ថានភាពក្នុងពិភពលោកផ្លាស់ប្ដូរ។ (អេសាយ ៩:៦, ៧; ដានីយ៉ែល ២:៤៤) រាជាណាចក្រនោះនឹងធ្វើឲ្យឈ្មោះរបស់ព្រះបរិសុទ្ធដោយលាតត្រដាងពាក្យភូតកុហក របស់សាថាន ហើយបន្ទាប់មកនឹងបំផ្លាញសាថាននិងកិច្ចការទាំងអស់របស់វា។ រាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យលែងមានសង្គ្រាម ជំងឺ ការអត់ឃ្លាន និងសេចក្ដីស្លាប់។ (ទំនុកតម្កើង ៤៦:៩; ៧២:១២-១៦; អេសាយ ២៥:៨; ៣៣:២៤) កាលណាលោកអ្នកអធិដ្ឋានសុំឲ្យរាជាណាចក្ររបស់ព្រះមកដល់ នោះលោកអ្នកកំពុងអធិដ្ឋានសុំឲ្យពាក្យសន្យាទាំងនោះបានសម្រេច។
«សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»
ពាក្យរបស់លោកយេស៊ូខាងលើនេះបង្ហើបឲ្យដឹងថាបំណងប្រាថ្នារបស់ព្រះប្រាកដជានឹងសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែលជាទីអាស្រ័យនៅរបស់ព្រះ។ គ្មានអ្វីអាចរារាំងបំណងប្រាថ្នារបស់ព្រះមិនឲ្យសម្រេចនៅស្ថានសួគ៌ឡើយព្រោះនៅទីនោះបុត្ររបស់ព្រះបានធ្វើសង្គ្រាមនឹងសាថាននិងទេវតារបស់វា ហើយបានបោះទម្លាក់ពួកវាមកផែនដី។ (ការបើកបង្ហាញ ១២:៩-១២) ដូចសំណូមពរទី១និងទី២ដែរ សំណូមពរទី៣នេះនៃសេចក្ដីអធិដ្ឋានគំរូ ជួយយើងឲ្យផ្ដោតការចាប់អារម្មណ៍លើអ្វីដែលសំខាន់បំផុត គឺបំណងប្រាថ្នារបស់ព្រះ មិនមែនបំណងប្រាថ្នារបស់យើងទេ។ គឺបំណងប្រាថ្នារបស់លោកដែលនាំឲ្យអ្វីៗទាំងអស់ដែលលោកបានបង្កើតទទួលប្រយោជន៍ច្រើនបំផុត។ ហេតុនេះ សូម្បីតែលោកយេស៊ូដែលជាបុរសល្អឥតខ្ចោះក៏មានប្រសាសន៍ទៅបិតារបស់លោកថា៖ «សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។—លូកា ២២:៤២
«សូមផ្ដល់អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ»
បន្ទាប់មក លោកយេស៊ូបានបង្ហាញថាយើងក៏អាចអធិដ្ឋានអំពីសេចក្ដីត្រូវការរបស់យើងដែរ។ ជាការត្រឹមត្រូវដែលយើងអធិដ្ឋានទៅព្រះអំពីអ្វីៗដែលយើងត្រូវការសម្រាប់ជីវភាពប្រចាំថ្ងៃរបស់យើង។ តាមពិត ការធ្វើដូចនេះរំលឹកយើងថាព្រះយេហូវ៉ាជាអ្នក«ដែលផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប»។ (សកម្មភាព ១៧:២៥) គម្ពីរបង្ហាញថាលោកជាបិតាប្រកបដោយសេចក្ដីស្រឡាញ់ដែលសប្បាយចិត្តឲ្យកូនៗលោកនូវអ្វីៗដែលពួកគេត្រូវការ។ ក៏ប៉ុន្តែដូចឪពុកល្អម្នាក់ លោកមិនធ្វើតាមសំណូមពរណាដែលគ្មានប្រយោជន៍ដល់ពួកគេទេ។
«សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង»
តើលោកអ្នកពិតជាត្រូវការឲ្យព្រះអភ័យទោសឲ្យលោកអ្នកឬទេ? សព្វថ្ងៃនេះ មនុស្សជាច្រើនលែងយល់ថាអ្វីទៅជាអំពើខុសឆ្គង ហើយលែងយល់ថាអំពើខុសឆ្គងនោះជារឿងធ្ងន់ធ្ងរទៀតហើយ។ ប៉ុន្តែគម្ពីរបង្រៀនថាអំពើខុសឆ្គងជាដើមហេតុនៃបញ្ហាធំបំផុតរបស់យើងព្រោះអំពើខុសឆ្គងនាំឲ្យមនុស្សស្លាប់។ ដោយហេតុថាយើងកើតមកមានភាពខុសឆ្គង ជារឿយៗយើងទាំងអស់គ្នាធ្វើខុស ហើយសេចក្ដីសង្ឃឹមតែមួយគត់របស់យើងសម្រាប់អនាគតយូរអង្វែង អាស្រ័យលើព្រះអភ័យទោសឲ្យយើង។ (រ៉ូម ៣:២៣; ៥:១២; ៦:២៣) គម្ពីរចែងពីព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ ទ្រង់ល្អទ្រង់បំរុងតែនឹងអត់ទោស»។ យើងពិតជាធូរស្រាលក្នុងចិត្តដោយដឹងអំពីនេះ។—ទំនុកតម្កើង ៨៦:៥
«សូមសង្គ្រោះយើងឲ្យរួចពីមេកំណាច»
តើលោកអ្នកដឹងឬទេថាលោកអ្នកត្រូវការជាចាំបាច់និងជាបន្ទាន់យ៉ាងណាទៅនូវការការពារពីព្រះ? មនុស្សជាច្រើនមិនព្រមជឿសោះថាមាន«មេកំណាច»សាថានទេ។ ប៉ុន្តែលោកយេស៊ូបានបង្រៀនថាសាថានមានពិតមែន ថែមទាំងបានហៅវាថាជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។ (យ៉ូហាន ១២:៣១; ១៦:១១) សាថានបានបំពុលចិត្តគំនិតមនុស្សក្នុងពិភពលោកនេះដែលវាគ្រប់គ្រង ហើយវាក៏ចង់បំពុលចិត្តគំនិតរបស់លោកអ្នកដែរក្នុងបំណងរារាំងលោកអ្នកមិនឲ្យបណ្ដុះចំណងមេត្រីភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ (ពេត្រុសទី១ ៥:៨) ប៉ុន្តែព្រះយេហូវ៉ាខ្លាំងជាងសាថានឆ្ងាយណាស់ ហើយលោកពេញចិត្តការពារពួកអ្នកដែលស្រឡាញ់លោក។
ការសង្ខេបខាងលើនេះនៃចំណុចសំខាន់ៗក្នុងសេចក្ដីអធិដ្ឋានគំរូរបស់លោកយេស៊ូ មិនរៀបរាប់អំពីអ្វីៗទាំងអស់ដែលយើងអាចអធិដ្ឋានឡើយ។ សូមចាំថាយ៉ូហានទី១ ៥:១៤ប្រាប់យើងអំពីព្រះថា៖ «អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។ ដូច្នេះសូមកុំគិតថាបញ្ហារបស់លោកអ្នកគឺជារឿងតូចតាចណាស់ មិនសមលើកមកអធិដ្ឋានទៅព្រះឡើយ។—ពេត្រុសទី១ ៥:៧
ប៉ុន្តែយើងរស់នៅក្នុងពិភពលោកដែលមានមនុស្សជាច្រើនមិនជឿថាការអធិដ្ឋានមានប្រយោជន៍ទេ។ ដូច្នេះលោកអ្នកប្រហែលជាសួរថា‹តើព្រះនឹងស្ដាប់ ហើយធ្វើតាមសេចក្ដីអធិដ្ឋានរបស់ខ្ញុំឬទេ?›។