លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការអធិដ្ឋាន តើទីកន្លែងនិងពេលវេលាសំខាន់ឬទេ?

ការអធិដ្ឋាន តើទីកន្លែងនិងពេលវេលាសំខាន់ឬទេ?

ដូច​អ្នក​បាន​សង្កេត​ឃើញ​ហើយ សាសនា​ភាគ​ច្រើន​ផ្ដោត​ទៅ​លើ​កន្លែង​ធំ​និង​ស្អាត​សម្រាប់​អធិដ្ឋាន ហើយ​ពួក​គេ​ក៏​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​ដែល​ត្រូវ​អធិដ្ឋាន​ដែរ។ តើ​គម្ពីរ​បាន​កំណត់​អំពី​កន្លែង​ណា​និង​ពេល​ណា​ដែល​យើង​ត្រូវ​អធិដ្ឋាន​ទេ?

គម្ពីរ​ប្រាប់​អំពី​ឱកាស​ខ្លះ​ដែល​យើង​ត្រូវ​អធិដ្ឋាន។ ជា​ឧទាហរណ៍ មុន​លោក​យេស៊ូ​បរិភោគ​អាហារ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម លោក​អធិដ្ឋាន​អរគុណ​ព្រះ។ (​លូកា ២២:១៧​) ពេល​ពួក​អ្នក​កាន់​តាម​លោក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ពួក​គេ​បាន​អធិដ្ឋាន​ជា​មួយ​គ្នា។ ពួក​គេ​បាន​ធ្វើ​តាម​ទម្លាប់​ដែល​មាន​ជា​យូរ​មក​ហើយ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា និង​ក្នុង​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ព្រះ​ចង់​ឲ្យ​វិហារ​ជា​«​កន្លែង​សម្រាប់​ឲ្យ​ប្រជាជាតិ​ទាំង​អស់​មក​អធិដ្ឋាន​»។—ម៉ាកុស ១១:១៧

ពេល​អ្នក​បម្រើ​របស់​ព្រះ​ជួប​ជុំ​គ្នា​និង​អធិដ្ឋាន​ជា​មួយ​គ្នា ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ​អាច​ទទួល​បាន​លទ្ធផល។ បើ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​ការ​អធិដ្ឋាន​តំណាង​ពួក​គេ​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ នោះ​ព្រះ​ពេញ​ចិត្ត។ ការ​អធិដ្ឋាន​នោះ​អាច​ជំរុញ​ចិត្ត​លោក​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​មិន​មាន​បំណង​នឹង​ធ្វើ។ (​ហេប្រឺ ១៣:១៨, ១៩​) សាក្សី​ព្រះ​យេហូវ៉ា​អធិដ្ឋាន​ជា​ទៀង​ទាត់​នៅ​កិច្ច​ប្រជុំ​របស់​ពួក​គេ។ យើង​សូម​ស្វាគមន៍​លោក​អ្នក​មក​សាល​ប្រជុំ​ដែល​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក ដើម្បី​ស្ដាប់​ការ​អធិដ្ឋាន​ដោយ​ខ្លួន​លោក​អ្នក​ផ្ទាល់។

ប៉ុន្តែ គម្ពីរ​មិន​មាន​កំណត់​អំពី​ពេល​ណា​និង​កន្លែង​ណា​ដែល​ត្រូវ​អធិដ្ឋាន​ទេ។ ក្នុង​គម្ពីរ យើង​អាន​អំពី​អ្នក​បម្រើ​របស់​ព្រះ​បាន​អធិដ្ឋាន​នៅ​ពេល​និង​កន្លែង​ផ្សេង​ៗ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖​«​ពេល​ដែល​អ្នក​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​ហើយ​បិទ​ទ្វារ សឹម​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក ដែល​ស្ថិត​នៅ​ទី​ស្ងាត់​កំបាំង។ នោះ​បិតា​របស់​អ្នក ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង​នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក​»។—ម៉ាថាយ ៦:៦

យើង​អាច​អធិដ្ឋាន​នៅ​ពេល​ណា​និង​កន្លែង​ណា​ក៏​បាន

នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់ មែន​ទេ? អ្នក​អាច​អធិដ្ឋាន​ទៅ​អ្នក​គ្រប់​គ្រង​សកល​លោក​ដោយ​ផ្ទាល់​ខ្លួន​នៅ​ពេល​ណា​ក៏​បាន ហើយ​សូម​ជឿ​ជាក់​ថា​លោក​នឹង​ស្ដាប់​អ្នក។ ជាក់​ស្ដែង ជា​រឿយ​ៗ​លោក​យេស៊ូ​អធិដ្ឋាន​ទៅ​ព្រះ​តែ​ម្នាក់​ឯង! មាន​ពេល​មួយ លោក​បាន​អធិដ្ឋាន​ទៅ​ព្រះ​ពេញ​មួយ​យប់ តាម​មើល​ទៅ​ដើម្បី​សុំ​ការ​ណែនាំ​មុន​លោក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត។—លូកា ៦:១២, ១៣

បុរស​និង​ស្ត្រី​ក្នុង​គម្ពីរ​បាន​អធិដ្ឋាន​ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ ឬ​អំពី​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។ ពេល​ខ្លះ​ពួក​គេ​អធិដ្ឋាន​ឮ​ៗ​និង​អធិដ្ឋាន​ស្ងាត់​ៗ ជួន​កាល​ពួក​គេ​អធិដ្ឋាន​ជា​ក្រុម​និង​ពេល​នៅ​ម្នាក់​ឯង។ អ្វី​ដែល​សំខាន់​បំផុត គឺ​ពួក​គេ​អធិដ្ឋាន។ ព្រះ​ថែម​ទាំង​អញ្ជើញ​អ្នក​បម្រើ​របស់​លោក​ឲ្យ​«​អធិដ្ឋាន​ឥត​ឈប់​»។ (​ថែស្សាឡូនិច​ទី​១ ៥:១៧​) លោក​តែង​តែ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អស់​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ នេះ​បង្ហាញ​ថា​លោក​ស្រឡាញ់​មនុស្ស មែន​ទេ?

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ក្នុង​ពិភព​លោក​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ឆ្ងល់​ថា‹តើ​ការ​អធិដ្ឋាន​ពិត​ជា​ជួយ​ឬ​ទេ?›។