លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះស្ដាប់និងធ្វើតាមការអធិដ្ឋានឬទេ?

តើព្រះស្ដាប់និងធ្វើតាមការអធិដ្ឋានឬទេ?

សំណួរ​ខាង​លើ​នេះ​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​និង​ចង់​ដឹង​យ៉ាង​ខ្លាំង។ គម្ពីរ​បង្ហាញ​ថា​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ពិត​ជា​ស្ដាប់​ការ​អធិដ្ឋាន​មែន។ លោក​ស្ដាប់​ឬ​មិន​ស្ដាប់​ការ​អធិដ្ឋាន​របស់​យើង នោះ​ច្រើន​តែ​អាស្រ័យ​លើ​យើង។

លោក​យេស៊ូ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក​ដែល​អធិដ្ឋាន​ដោយ​ពុត​ត្បុត។ ពួក​គេ​គ្រាន់​តែ​ចង់​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ពួក​គេ​ជា​មនុស្ស​សុចរិត​ប៉ុណ្ណោះ។ លោក​មាន​ប្រសាសន៍​ថា មនុស្ស​បែប​នេះ​នឹង«ទទួល​រង្វាន់​គ្រប់​សព្វ​ហើយ»ដែល​មាន​ន័យ​ថា ពួក​គេ​នឹង​ទទួល​បាន​តែ​អ្វី​ដែល​ពួក​គេ​ចង់​បាន​បំផុត គឺ​ចំណាប់​អារម្មណ៍​ពី​មនុស្ស តែ​ពួក​គេ​មិន​បាន​ទទួល​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ទេ នោះ​គឺ​ឲ្យ​ព្រះ​ស្ដាប់​ការ​អធិដ្ឋាន​របស់​ពួក​គេ។ (ម៉ាថាយ ៦:៥) សព្វ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ មនុស្ស​ជា​ច្រើន​អធិដ្ឋាន​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន មិន​មែន​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ទេ។ ដោយ​សារ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​គោល​ការណ៍​គម្ពីរ​ដែល​យើង​បាន​ពិចារណា នោះ​ព្រះ​មិន​ស្ដាប់​ការ​អធិដ្ឋាន​របស់​ពួក​គេ​ទេ។

ចុះ​ចំពោះ​លោក​អ្នក​វិញ? តើ​ព្រះ​នឹង​ស្ដាប់ ហើយ​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​លោក​អ្នក​ឬ​ទេ? នេះ​មិន​មែន​អាស្រ័យ​លើ​ជាតិ​សាសន៍ សញ្ជាតិ​ឬ​ឋានៈ​របស់​លោក​អ្នក​ក្នុង​សង្គម​ឡើយ។ គម្ពីរ​ធានា​យើង​ថា៖ «ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត»។ (សកម្មភាព ១០:៣៤, ៣៥) តើ​ពាក្យ​ទាំង​នេះ​ទាក់​ទង​លោក​អ្នក​ឬ​ទេ? កោត​ខ្លាច​ព្រះ​បាន​សេចក្ដី​ថា​គោរព​ព្រះ​យ៉ាង​ជ្រាល​ជ្រៅ ហើយ​មិន​ធ្វើ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត។ ប្រព្រឹត្ត​អំពើ​សុចរិត​មាន​ន័យ​ថា​ខំ​ធ្វើ​អ្វី​ដែល​ព្រះ​ចាត់​ទុក​ថា​ត្រឹម​ត្រូវ ជា​ជាង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​អ្នក ឬ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​អ្នក​ឯ​ទៀត។ តើ​លោក​អ្នក​ពិត​ជា​ចង់​ឲ្យ​ព្រះ​ស្ដាប់​ការ​អធិដ្ឋាន​របស់​លោក​អ្នក​ឬ​ទេ? គម្ពីរ​បង្ហាញ​ពី​របៀប​ដែល​លោក​អ្នក​គួរ​អធិដ្ឋាន​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់។ a

មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ព្រះ​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​ពួក​គេ​ដោយ​ធ្វើ​ការ​អស្ចារ្យ។ ក៏​ប៉ុន្តែ​សូម្បី​តែ​នៅ​សម័យ​គម្ពីរ ក៏​ព្រះ​កម្រ​ធ្វើ​ការ​អស្ចារ្យ​បែប​នេះ​ណាស់។ ជួន​កាល ពី​ការ​អស្ចារ្យ​មួយ​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ទៅ​ការ​អស្ចារ្យ​មួយ​ទៀត មាន​រយៈ​ពេល​ច្រើន​សតវត្សរ៍។ ម្យ៉ាង​ទៀត គម្ពីរ​បង្ហាញ​ថា​រយៈ​ពេល​ដែល​មាន​ការ​អស្ចារ្យ​បាន​ចប់​ក្រោយ​សម័យ​ពួក​សាវ័ក។ (កូរិនថូស​ទី​១ ១៣:៨​-​១០) ដូច្នេះ​តើ​នេះ​មាន​ន័យ​ថា​សព្វ​ថ្ងៃ​នេះ​ព្រះ​មិន​ធ្វើ​តាម​ការ​អធិដ្ឋាន​ទេ​ឬ? មិន​មែន​ទេ! សូម​ពិចារណា​ការ​អធិដ្ឋាន​ខ្លះ​ដែល​ព្រះ​ធ្វើ​តាម។

ព្រះ​ផ្ដល់​ប្រាជ្ញា។ ព្រះ​យេហូវ៉ា​ជា​ប្រភព​វិសេស​បំផុត​នៃ​ប្រាជ្ញា​ពិត​ប្រាកដ​ទាំង​អស់។ លោក​មាន​ចិត្ត​ទូលាយ​ក្នុង​ការ​ផ្ដល់​ប្រាជ្ញា ហើយ​លោក​ចែក​រំលែក​ប្រាជ្ញា​នោះ​ដល់​ពួក​អ្នក​ដែល​ចង់​បាន​ការ​ណែនាំ​ពី​លោក ថែម​ទាំង​ប្រព្រឹត្ត​តាម​ប្រាជ្ញា​នោះ​ដែរ។—យ៉ាកុប ១:៥

ព្រះ​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​និង​ផ្ដល់​ប្រយោជន៍​ទាំង​អស់​ដែល​មក​ពី​សកម្មពល​នោះ។ គ្មាន​ឫទ្ធានុភាព​ណា​ដែល​ខ្លាំង​ជាង​សកម្មពល​បរិសុទ្ធ​ទេ។ សកម្មពល​នោះ​អាច​ជួយ​យើង​ទ្រាំ​ទ្រ​ទុក្ខ​លំបាក​ផ្សេង​ៗ។ ពេល​យើង​មាន​បញ្ហា សកម្មពល​នោះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ងប់។ សកម្មពល​នោះ​ជួយ​យើង​បណ្ដុះ​គុណសម្បត្ដិ​ឯ​ទៀត​ដែល​ទាក់​ទាញ​ចិត្ត។ (កាឡាទី ៥:២២, ២៣) លោក​យេស៊ូ​បាន​ធានា​ពួក​អ្នក​កាន់​តាម​លោក​ថា​ព្រះ​នឹង​ឲ្យ​អំណោយ​នេះ​ដោយ​ចិត្ត​ទូលាយ។—លូកា ១១:១៣

ព្រះ​ផ្ដល់​ចំណេះ​ដល់​ពួក​អ្នក​ដែល​ស្វះ​ស្វែង​រក​លោក​ដោយ​ស្មោះ​ស្ម័គ្រ។ (សកម្មភាព ១៧:២៦, ២៧) នៅ​ជុំ​វិញ​ពិភព​លោក មាន​មនុស្ស​ដែល​ស្វែង​រក​សេចក្ដី​ពិត​យ៉ាង​ស្មោះ​ត្រង់។ ពួក​គេ​ចង់​ស្គាល់​ព្រះ ពោល​គឺ​ចង់​ដឹង​ថា​លោក​ឈ្មោះ​អ្វី គោល​បំណង​របស់​លោក​ចំពោះ​ផែនដី​និង​មនុស្សជាតិ​គឺ​យ៉ាង​ណា ហើយ​ពួក​គេ​អាច​ចូល​ទៅ​ជិត​លោក​ដោយ​របៀប​ណា។ (យ៉ាកុប ៤:៨) សាក្សី​ព្រះ​យេហូវ៉ា​ជួប​មនុស្ស​បែប​នោះ​ជា​រឿយ​ៗ ហើយ​ពួក​គេ​សប្បាយ​ចិត្ត​ផ្ដល់​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ខាង​លើ​នេះ។

តើ​នេះ​ជា​មូលហេតុ​ដែល​លោក​អ្នក​បាន​ទទួល​ទស្សនាវដ្ដី​នេះ​ឬ? តើ​លោក​អ្នក​កំពុង​ស្វែង​រក​ព្រះ​ឬ​ទេ? ប្រហែល​នេះ​ជា​របៀប​ដែល​ព្រះ​កំពុង​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​លោក​អ្នក។

a បើ​លោក​អ្នក​ចង់​បាន​ព័ត៌មាន​បន្ថែម​ស្តី​អំពី​របៀប​អធិដ្ឋាន​ដើម្បី​ព្រះ​ស្ដាប់ សូម​អាន​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ជំពូក​ទី​១៧​ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។