លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នករួមចំណែកក្នុងការពង្រឹងកម្លាំងចិត្តគ្នានៅឯកិច្ចប្រជុំឬទេ?

តើអ្នករួមចំណែកក្នុងការពង្រឹងកម្លាំងចិត្តគ្នានៅឯកិច្ចប្រជុំឬទេ?

តើ​អ្នក​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​ឬ​ទេ?

«ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា . . . ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។—១កូ. ១៤:២៦

១. យោង​ទៅ​តាម​កូរិនថូស​ទី​១ ជំពូក​ទី​១៤ តើ​អ្វី​ជា​គោល​ដៅ​សំខាន់​នៃ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក?

គ្រិស្ត​សាសនិក​ម្នាក់​បាន​ស្រដី​ថា៖ ‹កិច្ច​ប្រជុំ​នេះ​បាន​ពង្រឹង​កម្លាំង​ចិត្ត​ខ្ញុំ​ណាស់!› តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​គាត់​ឬ​ទេ​បន្ទាប់​ពី​បាន​មក​ប្រជុំ? អ្នក​ប្រាកដ​ជា​ធ្លាប់​មាន! នេះ​គឺ​ជា​ការ​ធម្មតា​ទេ​ដែល​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង។ យ៉ាង​ណា​មិញ ដូច​នៅ​សម័យ​ពួក​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​១​ដែរ គោល​ដៅ​ដ៏​សំខាន់​នៃ​កិច្ច​ប្រជុំ​របស់​យើង​សព្វ​ថ្ងៃ​នេះ គឺ​ដើម្បី​ពង្រឹង​កម្លាំង​និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​ទាំង​អស់​ដែល​មាន​វត្តមាន។ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​សាវ័ក​ប៉ូល​គូស​បញ្ជាក់​គោល​ដៅ​ជាក់​លាក់​នៃ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក ក្នុង​សំបុត្រ​ទី​១​របស់​គាត់​ទៅ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​កូរិនថូស។ ក្នុង​ជំពូក​ទី​១៤ គាត់​បាន​ពោល​ម្ដង​ហើយ​ម្ដង​ទៀត​ថា ផ្នែក​នី​មួយ​ៗ​នៃ​កិច្ច​ប្រជុំ​គួរ​មាន​គោល​ដៅ​ដូច​គ្នា ពោល​គឺ«ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ»។—សូម​អាន កូរិនថូស​ទី​១ ១៤:៣, ១២, ២៦ *

២. (ក) យើង​អាច​មាន​កិច្ច​ប្រជុំ​ដែល​ពង្រឹង​កម្លាំង​ចិត្ត​បាន តើ​ដោយ​សារ​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី?

មុន​ដំបូង យើង​ទទួល​ស្គាល់​ថា យើង​មាន​កិច្ច​ប្រជុំ​ដែល​ពង្រឹង​កម្លាំង​ចិត្ត​គឺ​ដោយ​សារ​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ។ ហេតុ​នេះ យើង​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​នី​មួយ​ៗ​ដោយ​អធិដ្ឋាន​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ហើយ​សុំ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ឲ្យ​ពរ​ដល់​កិច្ច​ប្រជុំ​របស់​យើង តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក។ ប៉ុន្តែ យើង​ដឹង​ថា​សមាជិក​ទាំង​ឡាយ​នៃ​ក្រុម​ជំនុំ​អាច​រួម​ចំណែក​ដើម្បី​ធ្វើ​ឲ្យ​កម្ម​វិធី​នៃ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ ឲ្យ​បាន​ច្រើន​បំផុត។ ដូច្នេះ តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​យើង តែង​តែ​ជា​ប្រភព​នៃ​ការ​ពង្រឹង​ជំនឿ​និង​ការ​លើក​ទឹក​ចិត្ត?

៣. តើ​កិច្ច​ប្រជុំ​របស់​យើង​សំខាន់​ប៉ុណ្ណា?

ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​នឹង​ពិចារណា​លក្ខណ:ខ្លះ​នៃ​កិច្ច​ប្រជុំ​ដែល​អ្នក​ដឹក​នាំ​កិច្ច​ប្រជុំ​គួរ​ចាំ។ យើង​ក៏​នឹង​ពិចារណា​នូវ​របៀប​ដែល​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​រួម​ចំណែក​ក្នុង​ការ​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​មក​កិច្ច​ប្រជុំ។ យើង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នូវ​ចំណុច​នេះ​ដោយ​សារ​កិច្ច​ប្រជុំ​របស់​យើង​ជា​ការ​ជួប​ជុំ​គ្នា​មួយ​ដ៏​ពិសិដ្ឋ។ ប្រាកដ​ហើយ ការ​ទៅ​កិច្ច​ប្រជុំ ថែម​ទាំង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដោយ​ឆ្លើយ​ចម្លើយ គឺ​ជា​លក្ខណៈ​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—ទំនុក. ២៦:១២; ១១១:១; អេ. ៦៦:២២, ២៣

កិច្ច​ប្រជុំ​មួយ​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​សិក្សា​គម្ពីរ

៤, ៥. តើ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​មាន​គោល​ដៅ​អ្វី?

យើង​ទាំង​អស់​គ្នា​ចង់​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​សិក្សា​ប្រចាំ​សប្ដាហ៍​នៃ​ទស្សនាវដ្ដី​ប៉ម​យាម។ អាស្រ័យ​ហេតុ​នេះ ដើម្បី​យល់​ច្បាស់​នូវ​គោល​ដៅ​សំខាន់​ចម្បង​នៃ​កិច្ច​ប្រជុំ​នោះ សូម​យើង​ពិនិត្យ​មើល​ពី​មូលហេតុ​ដែល​យើង​មាន​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ព្រម​ទាំង​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ​ដែល​មាន​នៅ​ក្នុង​អត្ថបទ​សិក្សា។

មូលហេតុ​ដែល​យើង​មាន​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​គឺ​ដើម្បី​សិក្សា​គម្ពីរ​បរិសុទ្ធ តាម​រយៈ​ទស្សនាវដ្ដី​នេះ។ ត្រូវ​ហើយ នៅ​ការ​សិក្សា​ប្រចាំ​សប្ដាហ៍​នៃ​ទស្សនាវដ្ដី​ប៉ម​យាម យើង«ស្រាយ​ន័យ​សេចក្ដី»នៃ​បណ្ដាំ​របស់​ព្រះ ដូច​នៅ​សម័យ​នេហេមា​នា​បុរាណកាល។—នេហ. ៨:៨; អេ. ៥៤:១៣

៦. (ក) តើ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី? (ខ) តើ​យើង​គួរ​ចាំ​អ្វី​ស្តី​អំពី​បទ​គម្ពីរ​ដែល​មាន​ពាក្យ«សូម​អាន»?

គម្ពីរ​ជា​សៀវភៅ​សំខាន់​បំផុត​របស់​យើង ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ ក្នុង​អត្ថបទ​សិក្សា​មាន​ពាក្យ«សូម​អាន»នៅ​មុខ​បទ​គម្ពីរ​មួយ​ចំនួន។ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ផ្ទៀង​តាម​ក្នុង​គម្ពីរ​របស់​យើង​ផ្ទាល់ កាល​ដែល​គេ​អាន​បទ​គម្ពីរ​នោះ​នៅ​កិច្ច​ប្រជុំ។ (សកម្ម. ១៧:១១) ហេតុ​អ្វី? គឺ​ដោយ​សារ​ពេល​យើង​ឃើញ​ដំបូន្មាន​ព្រះ​ក្នុង​គម្ពីរ​របស់​យើង នោះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មក​លើ​យើង។ (ហេ. ៤:១២) ដូច្នេះ មុន​អាន​បទ​គម្ពីរ​ទាំង​នោះ អ្នក​ដឹក​នាំ​ការ​សិក្សា​គួរ​ទុក​ពេល​គ្រប់​គ្រាន់​ឲ្យ​បង​ប្អូន​ទាំង​អស់​បើក​ខ​គម្ពីរ ហើយ​ផ្ទៀង​តាម កាល​ដែល​គេ​អាន​ខ​នោះ។

មាន​ពេល​ច្រើន​ជាង​មុន​ដើម្បី​បង្ហាញ​ជំនឿ​របស់​យើង

៧. ក្នុង​អំឡុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម តើ​យើង​មាន​ឱកាស​ធ្វើ​អ្វី?

ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​ដែល​មាន​ក្នុង​អត្ថបទ​សិក្សា​នៃ​ទស្សនាវដ្ដី​ប៉ម​យាម គឺ​ប្រវែង​នៃ​អត្ថបទ​សិក្សា។ នៅ​ពេល​ថ្មី​ៗ​នេះ អត្ថបទ​សិក្សា​គឺ​ខ្លី​ជាង​មុន។ យ៉ាង​នេះ ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ត្រូវ​ការ​ពេល​តិច​ជាង​មុន​ដើម្បី​អាន​វគ្គ ហើយ​មាន​ពេល​ច្រើន​ជាង​មុន​ដើម្បី​ឆ្លើយ។ ដូច្នេះ​បង​ប្អូន​ច្រើន​ជាង​មុន​អាច​មាន​ឱកាស​បង្ហាញ​ជំនឿ​របស់​ពួក​គាត់​នៅ​មុខ​អ្នក​ឯ​ទៀត​ដោយ​ឆ្លើយ​សំណួរ​ក្នុង​អត្ថបទ ដោយ​ពន្យល់​ពី​របៀប​ដែល​បទ​គម្ពីរ​នោះ​ទាក់​ទង​នឹង​យើង ដោយ​រៀប​រាប់​បទ​ពិសោធន៍​ដែល​បញ្ជាក់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ឬ​ដោយ​វិធី​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត យើង​ក៏​គួរ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិភាក្សា​អំពី​រូប​ថត​និង​គំនូរ​ដែរ។—សូម​អាន ទំនុក​តម្កើង ២២:២២; ៣៥:១៨; ៤០:៩

៨, ៩. តើ​អ្នក​ដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​មាន​តួ​នាទី​អ្វី?

ក៏​ប៉ុន្តែ ក្នុង​អំឡុង​ការ​សិក្សា បង​ប្អូន​ជា​ច្រើន​នាក់​នឹង​មាន​ពេល​ច្រើន​ជាង​ដើម្បី​ឆ្លើយ លុះ​ត្រា​តែ​អ្នក​ឆ្លើយ ឆ្លើយ​យ៉ាង​ខ្លី ហើយ​អ្នក​ដឹក​នាំ​កិច្ច​ប្រជុំ​មិន​និយាយ​បន្ថែម​ញឹក​ញាប់​ពេក​ក្នុង​អំឡុង​ការ​សិក្សា។ បើ​ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​ទាំង​អស់ តើ​អ្វី​អាច​ជួយ​អ្នក​ដឹក​នាំ​ឲ្យ​មាន​តុល្យភាព​រវាង​យោបល់​របស់​គាត់​និង​យោបល់​របស់​បង​ប្អូន​ឯ​ទៀត?

ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​ពិចារណា​ឧទាហរណ៍​មួយ។ ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​បាន​ត្រូវ​ដឹក​នាំ​យ៉ាង​ល្អ​គឺ​ប្រៀប​ដូច​ជា​សួន​ច្បារ​ធំ​មួយ​ដ៏​ល្អ​វិចិត្រ។ ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​មាន​ចម្លើយ​ផ្សេង​ៗ​ជា​ច្រើន ដែល​ប្រៀប​ដូច​ជា​ដើម​ផ្កា​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​សួន​ច្បារ​នោះ។ មួយ​វិញ​ទៀត ដើម​ផ្កា​ទាំង​នោះ​ខ្លះ​ធំ​ខ្លះ​តូច ហើយ​មាន​ពណ៌​ចម្រុះ​គ្នា។ ដូច​គ្នា​ដែរ ប្រវែង​ចម្លើយ​និង​របៀប​ដែល​បង​ប្អូន​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​គឺ​ខុស​ៗ​គ្នា។ ចុះ​អ្នក​ដឹក​នាំ​ការ​សិក្សា តើ​គាត់​មាន​តួ​នាទី​អ្វី? យោបល់​ដែល​គាត់​ជូន​ម្ដង​ម្កាល​គឺ​ប្រៀប​ដូច​ជា​រុក្ខជាតិ​ខៀវ​ស្រងាត់​ដែល​គេ​ដាំ​ក្នុង​សួន​នោះ។ រុក្ខជាតិ​ខៀវ​ទាំង​នោះ​មិន​លេច​ធ្លោ​ជាង​ដើម​ផ្កា​ទេ តែ​វា​ជួយ​ធ្វើ​ឲ្យ​សួន​នោះ​មាន​របៀប​រៀប​រយ ហើយ​លេច​ចេញ​ជា​រូប​រាង​យ៉ាង​ស្រស់​ស្អាត។ ស្រដៀង​គ្នា​ដែរ អ្នក​ដែល​ដឹក​នាំ​ការ​សិក្សា​ត្រូវ​ចាំ​ថា តួ​នាទី​របស់​គាត់​គឺ​មិន​មែន​ឲ្យ​និយាយ​ច្រើន​ជាង​គេ​ក្នុង​ការ​សិក្សា​នោះ​ទេ តែ​គឺ​ត្រូវ​ជួយ​ក្រុម​ជំនុំ​ពេល​សរសើរ​ព្រះ​តាម​រយៈ​ចម្លើយ​របស់​ពួក​គាត់។ ប្រាកដ​ហើយ ពេល​អ្នក​ដឹក​នាំ​ផ្គុំ​យ៉ាង​ប៉ិន​ប្រសប់​នូវ​ចម្លើយ​ផ្សេង​ៗ​របស់​បង​ប្អូន​និង​សម្ដី​បន្ដិច​បន្តួច​របស់​គាត់ នោះ​ការ​សិក្សា​ទស្សនាវដ្ដី​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ​ធំ​មួយ​ដ៏​ល្អ​វិចិត្រ ដែល​ធ្វើ​ឲ្យ​អស់​អ្នក​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​រីករាយ​ចិត្ត។

«ចូរ​យើង​ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ជា​និច្ច»

១០. តើ​ពួក​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​កិច្ច​ប្រជុំ?

១០ ការ​រៀប​រាប់​របស់​ប៉ូល​នៅ​សៀវភៅ​កូរិនថូស​ទី​១ ១៤:២៦​-​៣៣ ស្តី​អំពី​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដឹក​នាំ​កិច្ច​ប្រជុំ​ទាំង​នោះ​នៅ​សតវត្សរ៍​ទី​១។ បណ្ឌិត​គម្ពីរ​ម្នាក់​បាន​អធិប្បាយ​អំពី​ខ​ទាំង​នេះ ហើយ​បាន​សរសេរ​ថា៖ «អ្វី​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​កិច្ច​ប្រជុំ​នៅ​សម័យ​ដើម​គឺ​ថា មនុស្ស​ភាគ​ច្រើន​ដែល​ទៅ​កិច្ច​ប្រជុំ​មាន​អារម្មណ៍​ថា ពួក​គាត់​មាន​ឯកសិទ្ធិ​និង​មាន​កាតព្វកិច្ច​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ។ ម្នាក់​ៗ​មក​ប្រជុំ​មិន​មែន​ដោយ​មាន​បំណង​គ្រាន់​តែ​ស្ដាប់​និង​មិន​គ្រាន់​តែ​ដើម្បី​ទទួល​ប៉ុណ្ណោះ​ទេ តែដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​វិញ»។ ច្បាស់​ណាស់ គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​មាន​ទស្សនៈ​ថា កិច្ច​ប្រជុំ​ជា​ឱកាស​ដែល​ពួក​គាត់​អាច​បង្ហាញ​ជំនឿ​របស់​ពួក​គាត់។—រ៉ូម ១០:១០

១១. (ក) តើ​អ្វី​ជួយ​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន? ហេតុ​អ្វី? (ខ) តើ​ការ​ធ្វើ​តាម​យោបល់​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​បាន​កាន់​តែ​ប្រសើរ​ជាង​នៅ​ឯ​កិច្ច​ប្រជុំ? (សូម​មើល​កំណត់​សម្គាល់)

១១ ការ​បង្ហាញ​ជំនឿ​របស់​យើង​នៅ​ឯ​កិច្ច​ប្រជុំ​ជួយ«ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ»បាន​ច្រើន។ អ្នក​ប្រាកដ​ជា​យល់​ស្រប​ថា ថ្វី​បើ​យើង​បាន​ទៅ​កិច្ច​ប្រជុំ​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​រីករាយ​ស្ដាប់​ចម្លើយ​របស់​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ដែរ។ ពេល​បង​ប្អូន​វ័យ​ចាស់​ដែល​ស្មោះ​ត្រង់ ឆ្លើយ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត នេះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​យើង។ ពេល​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់ ជូន​យោបល់​ដែល​បង្ហាញ​ពី​ការ​យល់​ដឹង​ដ៏​ច្បាស់​លាស់​របស់​គាត់ នេះ​លើក​ទឹក​ចិត្ត​យើង ហើយ​យើង​ញញឹម ពេល​កូន​ក្មេង​ឲ្យ​ចម្លើយ​ដោយ​មិន​ចាំ​បាច់​គិត​ទុក​ជា​មុន​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា។ ប្រាកដ​ហើយ ដោយ​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន។ *

១២. (ក) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ម៉ូសេ​និង​យេរេមា? (ខ) តើ​សេចក្ដី​អធិដ្ឋាន​មាន​តួ​នាទី​អ្វី​ក្នុង​ការ​ឆ្លើយ​សំណួរ?

១២ ប៉ុន្តែ ចំពោះ​បង​ប្អូន​ដែល​អៀន​ខ្មាស ការ​ឆ្លើយ​ប្រហែល​ជា​ពិបាក​ណាស់។ បើ​នេះ​ជា​ករណី​របស់​អ្នក ប្រហែល​ជា​ការ​ល្អ​ឲ្យ​អ្នក​ចាំ​ថា នេះ​ជា​រឿង​ធម្មតា​ទេ។ តាម​ពិត សូម្បី​តែ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ដូច​ម៉ូសេ​និង​យេរេមា ក៏​មិន​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​និយាយ​នៅ​មុខ​អ្នក​ឯ​ទៀត​ដែរ។ (និក្ខ. ៤:១០; យេ. ១:៦) ក៏​ប៉ុន្តែ ដូច​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​អ្នក​បម្រើ​របស់​លោក​នៅ​សម័យ​បុរាណ​ឲ្យ​សរសើរ​តម្កើង​លោក​នៅ​មុខ​អ្នក​ឯ​ទៀត លោក​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ជូន​លោក​នូវ​សេចក្ដី​សរសើរ​ទុក​ជា​គ្រឿង​បូជា​ដែរ។ (សូម​អាន ហេប្រឺ ១៣:១៥) តើ​អ្នក​អាច​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ដើម្បី​ជម្នះ​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លើយ​សំណួរ? មុន​ដំបូង ចូរ​រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​កិច្ច​ប្រជុំ។ ក្រោយ​មក មុន​ទៅ​សាល​ប្រជុំ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​សុំ​លោក​យ៉ាង​ចំ​ៗ​ឲ្យ​ផ្ដល់​សេចក្ដី​ក្លាហាន​ដើម្បី​ឆ្លើយ​សំណួរ។ (ភី. ៤:៦) ពេល​អ្នក​អធិដ្ឋាន​ដូច្នេះ អ្នក​សុំ​អ្វី​មួយ​ដែល«សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ» ហេតុ​នេះ អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក។—១យ៉ូន. ៥:១៤; សុភ. ១៥:២៩

កិច្ច​ប្រជុំ​ដែល«ពង្រឹង​កម្លាំង​ចិត្ត​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ»

១៣. (ក) តើ​កិច្ច​ប្រជុំ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ដែល​មាន​វត្តមាន? (ខ) តើ​សំណួរ​ណា​មាន​សារៈ​សំខាន់ ជា​ពិសេស​ចំពោះ​ពួក​អ្នក​ចាស់​ទុំ?

១៣ ប៉ូល​បាន​ស្រដី​ថា គោល​ដៅ​សំខាន់​នៃ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​គឺ«ពង្រឹង​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ»ពួក​អ្នក​ដែល​មាន​វត្តមាន។ * (១កូ. ១៤:៣) តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​សុន្ទរកថា​របស់​ពួក​គាត់​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​ពិចារណា​អំពី​កិច្ច​ប្រជុំ​មួយ​ដែល​លោក​យេស៊ូ​បាន​ដឹក​នាំ មិន​យូរ​ក្រោយ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

១៤. (ក) តើ​មាន​អ្វី​កើត​ឡើង​មុន​មាន​កិច្ច​ប្រជុំ​ដែល​លោក​យេស៊ូ​បាន​រៀបចំ? (ខ) ពេល«លោក​យេស៊ូ​ចូល​ទៅ​ជិត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់» ហេតុ​អ្វី​ពួក​សាវ័ក​ប្រាកដ​ជា​ធូរ​ចិត្ត?

១៤ មុន​បង្អស់ សូម​កត់​សម្គាល់​អ្វី​ដែល​បាន​កើត​ឡើង​មុន​មាន​កិច្ច​ប្រជុំ​នោះ។ មិន​យូរ​មុន​គេ​សម្លាប់​លោក​យេស៊ូ ពួក​សាវ័ក«បាន​រត់​ចោល​លោក​ទាំង​អស់​គ្នា» ហើយ​ដូច​បាន​ទាយ​ទុក ពួក​គាត់​បាន«ខ្ចាត់​ខ្ចាយ​ទៅ​ផ្ទះ​រៀង​ខ្លួន»។ (ម៉ាក. ១៤:៥០; យ៉ូន. ១៦:៣២) ក្រោយ​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​អញ្ជើញ​ពួក​សាវ័ក​ដែល​ធ្លាក់​ទឹក​ចិត្ត ឲ្យ​មក​កិច្ច​ប្រជុំ​ពិសេស​មួយ។ * ហេតុ​នេះ​ហើយ​បាន​ជា​ពួក«អ្នក​កាន់​តាម​លោក​ទាំង​ដប់​មួយ​នាក់​បាន​ចូល​ស្រុក​កាលីឡេ រួច​ទៅ​ឯ​ភ្នំ​ដែល​លោក​យេស៊ូ​បាន​កំណត់​ឲ្យ​ទៅ»។ ពេល​ពួក​គាត់​ទៅ​ដល់​ទី​នោះ «លោក​យេស៊ូ​ចូល​ទៅ​ជិត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់»។ (ម៉ាថ. ២៨:១០, ១៦, ១៨) សូម​ស្រមៃ​គិត​ថា​ពួក​សាវ័ក​ធូរ​ចិត្ត​ប៉ុណ្ណា​ទៅ​ហ្ន៎! ពេល​លោក​យេស៊ូ​ចាត់​វិធានការ​ធ្វើ​ដូច្នេះ។ តើ​លោក​យេស៊ូ​បាន​ពិភាក្សា​អំពី​អ្វី​នៅ​កិច្ច​ប្រជុំ​នោះ?

១៥. (ក) តើ​លោក​យេស៊ូ​បាន​ពិភាក្សា​អំពី​អ្វី​ខ្លះ​នៅ​កិច្ច​ប្រជុំ? ប៉ុន្តែ​តើ​លោក​មិន​បាន​ពិភាក្សា​អំពី​អ្វី​ខ្លះ? (ខ) តើ​កិច្ច​ប្រជុំ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​សាវ័ក?

១៥ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​នោះ​ដោយ​ប្រកាស​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច»។ បន្ទាប់​មក លោក​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គាត់​ដោយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ»។ នៅ​ទី​បំផុត លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​ពួក​គាត់​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ»។ (ម៉ាថ. ២៨:១៨​-​២០) ប៉ុន្តែ​តើ​អ្នក​បាន​កត់​សម្គាល់​ឬ​ទេ ថា​លោក​យេស៊ូ​មិន​បាន​ធ្វើ​អ្វី? លោក​មិន​បាន​ស្តី​បន្ទោស​ពួក​សាវ័ក​របស់​លោក​ឡើយ។ លោក​ក៏​មិន​បាន​ប្រើ​កិច្ច​ប្រជុំ​នោះ​ដើម្បី​ឈ្លេច​សួរ​អំពី​បំណង​ចិត្ត​របស់​ពួក​គាត់ ឬ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ចិត្ត​ថែម​ទៀត​ដោយ​សារ​កំហុស​របស់​ពួក​គាត់​ដោយ​លើក​ឡើង​អំពី​ការ​ចុះ​ខ្សោយ​មួយ​រយៈ​ពេល​ខ្លី​នូវ​ជំនឿ​របស់​ពួក​គាត់។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​និង​របស់​បិតា​លោក​នៅ​ស្ថាន​សួគ៌​ដោយ​ប្រគល់​ភារកិច្ច​មួយ​ដ៏​សំខាន់​ដល់​ពួក​គាត់។ ដោយ​សារ​លោក​យេស៊ូ​បាន​ធ្វើ​ដូច្នេះ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ពួក​សាវ័ក? នេះ​បាន​ពង្រឹង​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​ពួក​គាត់​ដល់​ម្ល៉េះ​បាន​ជា​មួយ​រយៈ​ពេល​ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ ពួក​គាត់​ចាប់​ផ្ដើម«បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ»ម្ដង​ទៀត។—សកម្ម. ៥:៤២

១៦. សព្វ​ថ្ងៃ តើ​ពួក​អ្នក​ចាស់​ទុំ​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ដឹក​នាំ​កិច្ច​ប្រជុំ​ដែល​ជា​ប្រភព​នៃ​ការ​ពង្រឹង​កម្លាំង​ចិត្ត?

១៦ ដោយ​យក​តម្រាប់​តាម​លោក​យេស៊ូ សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​ចាត់​ទុក​កិច្ច​ប្រជុំ​ជា​ឱកាស​ដើម្បី​បញ្ជាក់​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​រាស្ត្រ​របស់​លោក។ (រ៉ូម ៨:៣៨, ៣៩) អាស្រ័យ​ហេតុ​នេះ ក្នុង​សុន្ទរកថា​របស់​ពួក​គាត់ ពួក​អ្នក​ចាស់​ទុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ខ្លាំង​របស់​បង​ប្អូន​ប្រុស​ស្រី មិន​មែន​ទៅ​លើ​ចំណុច​ខ្សោយ​ឡើយ។ ពួក​គាត់​មិន​ឈ្លេច​សួរ​ពី​បំណង​ចិត្ត​របស់​បង​ប្អូន​រួម​ជំនឿ​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​សម្ដី​របស់​ពួក​គាត់​បង្ហាញ​ថា ពួក​គាត់​ចាត់​ទុក​បង​ប្អូន​រួម​ជំនឿ​ជា​បុគ្គល​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ដែល​ចង់​ធ្វើ​អ្វី​ៗ​ដែល​ត្រឹម​ត្រូវ។ (១ថែ. ៤:១, ៩​-​១២) ជួន​កាល​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ជូន​ឱវាទ​ដើម្បី​កែ​តម្រង់​បង​ប្អូន​ទូទៅ​ក្នុង​ក្រុម​ជំនុំ តែ​បើ​មាន​តែ​បង​ប្អូន​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​ឱវាទ​នោះ ជា​ការ​ល្អ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ទៅ​ជួប ហើយ​ជូន​ឱវាទ​ដល់​បង​ប្អូន​ទាំង​នោះ​វិញ។ (កាឡ. ៦:១; ២ធី. ២:២៤​-​២៦) ពេល​ថ្លែង​សុន្ទរកថា​ជូន​ក្រុម​ជំនុំ​ទាំង​មូល ពួក​អ្នក​ចាស់​ទុំ​មាន​បំណង​សរសើរ​ក្រុម​ជំនុំ​ពេល​ណា​ដែល​សម​រម្យ។ (អេ. ៣២:២) ពួក​គាត់​ព្យាយាម​ថ្លែង​ដោយ​លើក​ទឹក​ចិត្ត​និង​ធ្វើ​ឲ្យ​បង​ប្អូន​ទាំង​ឡាយ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ក្រោយ​កិច្ច​ប្រជុំ។—ម៉ាថ. ១១:២៨; សកម្ម. ១៥:៣២

កិច្ច​ប្រជុំ​របស់​យើង​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ

១៧. (ក) ហេតុ​អ្វី​សំខាន់​ជាង​មុន​ទៅ​ទៀត​ដែល​កិច្ច​ប្រជុំ​របស់​យើង​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ? (ខ) តើ​អ្នក​ផ្ទាល់​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន? (សូម​មើល​ប្រអប់«វិធី​១០​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​និង​អ្នក​ឯ​ទៀត»)

១៧ កាល​ដែល​ពិភព​លោក​របស់​សាថាន​មាន​ការ​សង្កត់​សង្កិន​កាន់​តែ​ច្រើន យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​របស់​យើង​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​សម្រាប់​អស់​អ្នក​ដែល​មាន​វត្តមាន។ (១ថែ. ៥:១១) ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ បង​ស្រី​ម្នាក់​ដែល​បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដ៏​ខ្លាំង​មួយ​ជា​មួយ​ប្ដី​របស់​គាត់​បាន​នឹក​ចាំ​ថា៖ «ការ​មាន​វត្តមាន​នៅ​សាល​ប្រជុំ​គឺ​ដូច​ជា​យើង​ស្ថិត​នៅ​ក្រោម​ការ​ថែ​រក្សា​របស់​ព្រះ​យេហូវ៉ា។ ពេល​ដែល​យើង​នៅ​ទី​នោះ មាន​បង​ប្អូន​ប្រុស​ស្រី​រួម​ជំនឿ​នៅ​ជុំ​វិញ​យើង ហើយ​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​អាច​ផ្ទេរ​បន្ទុក​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​យើង​អាច​មាន​ចិត្ត​ស្ងប់​មួយ​កម្រិត»។ (ទំនុក. ៥៥:២២) សូម​ឲ្យ​ពួក​អ្នក​ដែល​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ការ​សម្រាល​ទុក្ខ​ស្រដៀង​គ្នា​ដែរ។ ដើម្បី​ប្រាកដ​ថា​ពួក​គាត់​ទទួល​ប្រយោជន៍​បែប​នេះ ចូរ​យើង​រួម​ចំណែក​ជា​និច្ច​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ​របស់​យើង។

[កំណត់​សម្គាល់]

^ វគ្គ 1 ប៉ូល​បាន​ទាយ​ថា​លក្ខណៈ​ខ្លះ​នៃ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​នឹង​លែង​មាន​ទៀត។ ជា​ឧទាហរណ៍ យើង​លែង«និយាយ​ភាសា​ផ្សេង​ៗ» ឬ​លែង«ប្រកាស​ទំនាយ»ទៀត​ហើយ។ (១កូ. ១៣:៨; ១៤:៥) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ការ​ណែនាំ​របស់​ប៉ូល​ជួយ​យើង​ឲ្យ​យល់​ច្បាស់​អំពី​របៀប​ដឹក​នាំ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។

^ វគ្គ 11 ដើម្បី​ទទួល​យោបល់​ស្តី​អំពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​បាន​កាន់​តែ​ប្រសើរ​ជាង​នៅ​កិច្ច​ប្រជុំ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៣ ទំព័រ​២៨​-​៣១

^ វគ្គ 13 ស្តី​អំពី​ភាព​ខុស​គ្នា​រវាង​ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«លើក​ទឹក​ចិត្ត»និង«សម្រាល​ទុក្ខ» សៀវភៅ​មួយ​បាន​ពន្យល់​ថា​ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«សម្រាល​ទុក្ខ»បញ្ជាក់​អំពី«មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ជាង​ពាក្យ[លើក​ទឹក​ចិត្ត]» (Vine’s Expository Dictionary of Old and New Testament Words)។—សូម​ពិនិត្យ​បន្ថែម យ៉ូហាន ១១:១៩

^ វគ្គ 14 ប៉ូល​ប្រហែល​ជា​សំដៅ​ទៅ​លើ​ពេល​ដែល​លោក​យេស៊ូ​បាន«លេច​មក​ជួប​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់»។—១កូ. ១៥:៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​គឺ​សំខាន់​យ៉ាង​ណា?

• ហេតុ​អ្វី​បាន​ជា​ចម្លើយ​របស់​បង​ប្អូន​នៅ​ឯ​កិច្ច​ប្រជុំ ជួយ«ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ»?

• តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កិច្ច​ប្រជុំ​មួយ​ជា​មួយ​ពួក​អ្នក​កាន់​តាម​លោក ដែល​មាន​លោក​យេស៊ូ​ជា​អ្នក​ដឹក​នាំ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​៣០, ៣១]

វិធី​១០​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​និង​អ្នក​ឯ​ទៀត

រៀបចំ​ទុក​ជា​មុន។ ពេល​អ្នក​សិក្សា​ទុក​ជា​មុន​នូវ​ព័ត៌មាន​ដែល​ត្រូវ​ពិភាក្សា​នៅ​សាល​ប្រជុំ នោះ​អ្នក​នឹង​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ជាង​ទៅ​លើ​កិច្ច​ប្រជុំ ហើយ​អ្នក​នឹង​ស្រួល​ចាំ​ព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន​មក​លើ​អ្នក។

ទៅ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់។ ពេល​មាន​មនុស្ស​ជា​ច្រើន​ទៅ​កិច្ច​ប្រជុំ នេះ​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​មាន​វត្តមាន។ ហេតុ​នេះ វត្តមាន​របស់​អ្នក​គឺ​សំខាន់​ណាស់។

មក​ប្រជុំ​ទាន់​ពេល។ ប្រសិន​បើ​អ្នក​មក​កិច្ច​ប្រជុំ​មុន​កម្ម​វិធី​ចាប់​ផ្ដើម អ្នក​អាច​ច្រៀង​ចម្រៀង​និង​អធិដ្ឋាន​ជា​មួយ​បង​ប្អូន ពេល​កិច្ច​ប្រជុំ​ចាប់​ផ្ដើម ដែល​នេះ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។

យក​សៀវភៅ​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ។ សូម​យក​គម្ពីរ​របស់​អ្នក និង​សៀវភៅ​ផ្សេង​ៗ​ដែល​ត្រូវ​ប្រើ​នៅ​កិច្ច​ប្រជុំ ដើម្បី​អ្នក​អាច​ផ្ទៀង​តាម ហើយ​យល់​ចំណុច​ដែល​បាន​ត្រូវ​លើក​ឡើង។

ជៀស​ចេញ​ពី​អ្វី​ៗ​ដែល​បង្វែរ​អារម្មណ៍។ ជា​ឧទាហរណ៍ សូម​មើល​សារ​ទូរស័ព្ទ​ពេល​ប្រជុំ​ចប់ មិន​មែន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ទេ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​បង្ហាញ​ថា អ្នក​ចាត់​ទុក​កិច្ច​ប្រជុំ​ថា​សំខាន់​ជាង​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក។

ឆ្លើយ​សំណួរ។ ពេល​មាន​បង​ប្អូន​ច្រើន​ជាង​ឆ្លើយ​សំណួរ នោះ​បង​ប្អូន​កាន់​តែ​ច្រើន​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​បាន​ត្រូវ​ពង្រឹង​កម្លាំង​ចិត្ត​ដោយ​ចម្លើយ​ផ្សេង​ៗ​ដែល​បញ្ជាក់​អំពី​ជំនឿ​របស់​ពួក​គាត់។

ឆ្លើយ​យ៉ាង​ខ្លី។ នេះ​បើក​ឱកាស​ឲ្យ​បង​ប្អូន​ច្រើន​បំផុត​ឆ្លើយ​សំណួរ។

បំពេញ​ភារកិច្ច​របស់​ខ្លួន។ បើ​អ្នក​ជា​សិស្ស​នៃ​សាលា​កិច្ច​បម្រើ​ផ្សាយ ឬ​បើ​អ្នក​មាន​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បម្រើ មាន​ការ​សម្ដែង​ឬ​មាន​សម្ភាសន៍ សូម​រៀបចំ​ឲ្យ​បាន​ល្អ ហាត់​ទុក​ជា​មុន ហើយ​ព្យាយាម​បំពេញ​ភារកិច្ច​នោះ​ទាល់​តែ​បាន។

សរសើរ​អ្នក​ដែល​រួម​ចំណែក​ក្នុង​កម្ម​វិធី​កិច្ច​ប្រជុំ។ សូម​ប្រាប់​បង​ប្អូន​ដែល​បាន​ថ្លែង​សុន្ទរកថា បាន​ធ្វើ​ការ​សម្ដែង បាន​ឆ្លើយ​សំណួរ ឬ​បាន​ត្រូវ​សម្ភាស ថា​អ្នក​អរគុណ​ពួក​គាត់​ណាស់​ចំពោះ​ការ​ព្យាយាម​របស់​ពួក​គាត់។

សេព​គប់​គ្នា។ មុន​និង​ក្រោយ​កិច្ច​ប្រជុំ ការ​ជម្រាប​សួរ​គ្នា​ដោយ​រួស​រាយ​រាក់​ទាក់ និង​ការ​សន្ទនា​គ្នា​ដែល​ពង្រឹង​កម្លាំង​ចិត្ត នាំ​ឲ្យ​អ្នក​ដែល​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ រីករាយ​ចិត្ត ថែម​ទាំង​ទទួល​ប្រយោជន៍​ច្រើន​ជាង។