គន្លឹះសុភមង្គលគ្រួសារ
ចូរពិគ្រោះជាមួយកូនអ្នកអំពីទំនាក់ទំនងខាងផ្លូវភេទ
អាលីសៀ * ដែលជាក្មេងជំទង់ម្នាក់និយាយថា៖ «ជួនកាលខ្ញុំចង់ដឹងអំពីអ្វីដែលទាក់ទង នឹងការរួមភេទ តែខ្ញុំគិតថាបើខ្ញុំសួរឪពុកម្ដាយខ្ញុំ ពួកគាត់នឹងគិតថាខ្ញុំកំពុងធ្វើដូច្នេះ»។
អ៊ីណេស ដែលជាម្ដាយរបស់អាលីសៀ ស្រដីថា៖ «ខ្ញុំពិតជាចង់ចំណាយពេលនិយាយជាមួយ កូនស្រីខ្ញុំអំពីទំនាក់ទំនងខាងផ្លូវភេទ តែគាត់រវល់ពេក។ ពិបាករកពេលនិយាយគ្នាណាស់»។
សព្វថ្ងៃមានរូបភាពនិងព័ត៌មានអំពីការរួមភេទនៅគ្រប់កន្លែង ដូចជាតាមទូរទស្សន៍ ភាពយន្ត និងតាមរយៈការផ្សាយពាណិជ្ជកម្មជាដើម។ តាមមើលទៅ គេគិតថាមានតែឪពុកម្ដាយនិងកូនប៉ុណ្ណោះទេដែលមិនគួរពិគ្រោះគ្នាអំពីរឿងនេះ។ ក្មេងជំទង់ម្នាក់ពីប្រទេសកាណាដា ឈ្មោះមីកែលនិយាយថា៖ «ខ្ញុំចង់ឲ្យឪពុកម្ដាយខ្ញុំដឹងថា ខ្ញុំភ័យនិងខ្មាសណាស់ពេលនិយាយជាមួយពួកគាត់អំពីទំនាក់ទំនងខាងផ្លូវភេទ។ គឺស្រួលជាងឲ្យខ្ញុំនិយាយជាមួយមិត្តភក្ដិអំពីរឿងនេះ»។
ជាញឹកញយ ឪពុកម្ដាយក៏ស្ទាក់ស្ទើរដូចកូនដែរក្នុងការផ្ដើមពិគ្រោះគ្នាអំពីរឿងនេះ។ អ្នកអប់រំខាងសុខភាពម្នាក់បានសរសេរក្នុងសៀវភៅដែលគាត់បាននិពន្ធថា៖ «ឪពុកម្ដាយជាច្រើនបានប្រាប់ខ្ញុំថាពួកគាត់បានទិញឲ្យកូននូវសៀវភៅអំពីការរួមភេទនិងសៀវភៅអំពីការឈានចូលវ័យគ្រប់ការ ហើយទុកក្នុងបន្ទប់របស់កូន តែមិនដែលពិគ្រោះជាមួយកូនសោះ»។ គាត់បានស្រដីថាពេលឪពុកម្ដាយធ្វើដូច្នេះ នេះនាំឲ្យកូនៗយល់ថា «ឪពុកម្ដាយចង់ឲ្យកូនដឹងអំពីរូបកាយរបស់កូននិងអំពីការរួមភេទ តែមិនចង់ពិគ្រោះជាមួយកូនអំពីរឿងនេះទេ» (Beyond the Big Talk, Debra W. Haffner)។
ប្រសិនបើអ្នកជាឪពុកម្ដាយ អ្នកមិនត្រូវមានចិត្តគំនិតបែបនេះទេ។ គឺសំខាន់ចាំបាច់ឲ្យអ្នកពិគ្រោះជាមួយកូនដោយផ្ទាល់អំពីការរួមភេទ។ សូមពិចារណាហេតុផលបីដែលអ្នកគួរធ្វើដូច្នេះ។
-
មនុស្សក្នុងពិភពលោកនេះយល់ខុសពីមុនអំពីទំនាក់ទំនងខាងផ្លូវភេទ។ យេមដែលមានអាយុ២០ឆ្នាំនិយាយថា៖ «មនុស្សលែងគិតថាទំនាក់ទំនងខាងផ្លូវភេទជាការរួមដំណេកធម្មតារវាងប្ដីប្រពន្ធ។ ឥឡូវមានការរួមភេទតាមមាត់ តាមផ្លូវបាត តាមអ៊ីនធឺណិតនិងតាមទូរស័ព្ទដែលគេផ្ញើរូបភាពឬផ្ញើសារមានពាក្យអាសអាភាសធ្វើឲ្យស្រើបស្រាល»។
-
តាំងពីក្មេងមក កូនរបស់អ្នកទំនងជាឮអ្វីដែលមិនត្រឹមត្រូវស្តីអំពីការរួមភេទ។ ម្ដាយម្នាក់ឈ្មោះស៊ីឡាពោលថា៖ «ក្មេងៗនឹងឮអំពីការរួមភេទតាំងពីពួកគេចាប់ផ្ដើមចូលរៀនដំបូង ហើយពួកគេមិនមានទស្សនៈដូចដែលអ្នកចង់ឲ្យពួកគេមានឡើយ»។
-
កូនរបស់អ្នកមានសំណួរអំពីការរួមភេទ តែទំនងជាមិនផ្ដើមពិគ្រោះជាមួយអ្នកអំពីរឿងនោះទេ។ អាណាដែលមានអាយុ១៥ឆ្នាំរស់នៅប្រទេសប្រេស៊ីលស្រដីថា៖ «បើនិយាយឲ្យត្រង់
ទៅ ខ្ញុំមិនដឹងថាខ្ញុំត្រូវចាប់ផ្ដើមនិយាយយ៉ាងម៉េចជាមួយឪពុកម្ដាយខ្ញុំអំពីការរួមភេទទេ»។
តាមពិត ការពិគ្រោះជាមួយកូនរបស់អ្នកអំពីការរួមភេទជាភារកិច្ចរបស់អ្នកជាឪពុកម្ដាយ ដែលបានទទួលពីព្រះ។ (អេភេសូរ ៦:៤) ការធ្វើដូច្នេះប្រហែលជាធ្វើឲ្យអ្នកនិងកូនអៀនខ្មាសមែន។ ប៉ុន្តែ បើគិតអំពីអារម្មណ៍របស់យុវវ័យជាច្រើននាក់វិញ ពួកគេយល់ស្របនឹងប្អូនស្រីម្នាក់ឈ្មោះដានីអែលអាយុ១៤ឆ្នាំ ដែលនិយាយថា៖ «យើងចង់ដឹងអំពីការរួមភេទពីឪពុកម្ដាយយើង មិនមែនពីគ្រូ ឬពីកម្មវិធីទូរទស្សន៍ទេ»។ បើដូច្នេះ តើអ្នកអាចពិគ្រោះជាមួយកូនអ្នកយ៉ាងដូចម្ដេចអំពីរឿងដ៏សំខាន់នេះដែលជារឿងពិបាកមួយ? *
គិតអំពីអាយុរបស់កូន
ក្មេងៗនឹងឮអំពីការរួមភេទតាំងពីមានអាយុតិច លើកលែងតែពួកគេរស់នៅដាច់ឆ្ងាយពីគេឯង។ អ្វីដែលធ្វើឲ្យយើងខ្វល់ក្នុងចិត្តជាងនេះទៅទៀត គឺដោយហេតុថាក្នុង«គ្រាចុងក្រោយបង្អស់»នេះ មនុស្សទុច្ចរិតនឹង«កាន់តែអាក្រក់ទៅៗ»។ (ធីម៉ូថេទី២ ៣:១, ១៣) គួរឲ្យសោកស្ដាយណាស់ មនុស្សពេញវ័យបានបំពានលើកេរ្ដិ៍ខ្មាសរបស់ក្មេងៗជាច្រើននាក់។
ហេតុនេះ គឺសំខាន់ណាស់ដែលអ្នកចាប់ផ្ដើមអប់រំកូនអ្នក កាលដែលកូននៅក្មេងនៅឡើយ។ រេណាតេ ដែលជាម្ដាយម្នាក់នៅប្រទេសអាឡឺម៉ង់ស្រដីថា៖ «បើអ្នកចាំរហូតដល់កូនជិតចូលដល់វ័យជំទង់ កូនប្រហែលជាមិនចង់និយាយបើកចំហទេ ព្រោះពេលមានវ័យគ្រប់ការ កូនមានអារម្មណ៍ខ្មាសអៀន»។ ចំណុចសំខាន់គឺឲ្យឪពុកម្ដាយប្រាប់ព័ត៌មានអំពីការរួមភេទដោយគិតអំពីអាយុរបស់កូនៗ។
ចំពោះកូនដែលមិនទាន់គ្រប់អាយុចូលសាលា:
សូមប្រមូលអារម្មណ៍ទៅលើការបង្រៀនកូននូវឈ្មោះដ៏ត្រឹមត្រូវនៃអវយវៈបន្តពូជ ហើយបញ្ជាក់ឲ្យកូនដឹងថាគ្មាននរណាអាចពាល់អវយវៈបន្តពូជនោះបានឡើយ។ ម្ដាយម្នាក់ឈ្មោះហូលីអាដែលនៅប្រទេសម៉ិចស៊ិចបាននិយាយថា៖ «ខ្ញុំចាប់ផ្ដើមបង្រៀនកូនប្រុសខ្ញុំតាំងពីកូនអាយុ៣ឆ្នាំ។ ដោយដឹងថាគ្រូ ពួកអ្នកមើលក្មេង ឬក្មេងធំៗឯទៀតអាចធ្វើបាបកូនខ្ញុំ នោះធ្វើឲ្យខ្ញុំព្រួយបារម្ភខ្លាំងណាស់។ កូនខ្ញុំត្រូវចេះការពារខ្លួនគាត់»។
សូមសាកវិធីនេះ: បង្ហាត់កូនឲ្យចេះនិយាយយ៉ាងម៉ឺងម៉ាត់បើអ្នកណាប៉ុនប៉ងលេងអវយវៈបន្តពូជរបស់គាត់។ ជាឧទាហរណ៍ អ្នកអាចបង្រៀនកូនឲ្យនិយាយថា៖ «កុំប៉ះ! ខ្ញុំនឹងប្រាប់ប៉ាម៉ាក់ខ្ញុំ!»។ សូមបញ្ជាក់ឲ្យកូនដឹងថាគឺសមរម្យជានិច្ចឲ្យកូនប្រាប់ឪពុកម្ដាយអំពីរឿងនេះ ទោះជាអ្នកនោះសន្យាឲ្យកាដូឬគំរាមកំហែងគាត់ក៏ដោយ។
ចំពោះកូននៅរៀនបឋមសិក្សា:
ពេលកូននៅរៀនបឋមសិក្សា សូមឆ្លៀតពេលនោះដើម្បីបន្ថែមការយល់ដឹងបន្ដិចម្ដងៗអំពីរឿងនេះដល់កូន។ ឪពុកម្នាក់ឈ្មោះភីធើជូនយោបល់ថា៖ «មុននិយាយជាមួយកូនអំពីរឿងនេះ សូមស្ទាបស្ទង់មើលការយល់ដឹងរបស់កូនជាមុនសិន។ តើកូនចង់ដឹងថែមទៀតឬទេ? បើអត់ទេកុំនាំកូននិយាយ។ កូនទំនងជានិយាយជាមួយអ្នកអំពីរឿងនេះដោយឯកឯង បើអ្នកឧស្សាហ៍ចំណាយពេលជាមួយកូន»។
សូមសាកវិធីនេះ: ពិគ្រោះខ្លីៗជាមួយកូនយ៉ាងទៀងទាត់ ជាជាងនិយាយយ៉ាងយូរអំពីការរួមភេទក្នុងពេលតែមួយ។ (ចោទិយកថា ៦:៦-៩) ការធ្វើដូច្នេះ មិននាំឲ្យកូនច្របូកច្របល់ក្នុងចិត្តទេ។ ម្យ៉ាងទៀត កាលដែលកូនធំឡើង កូននឹងទទួលព័ត៌មានដែលពួកគេត្រូវការស្របតាមភាពចាស់ទុំរបស់ពួកគេ។
ចំពោះកូនដែលមានវ័យជំទង់:
ពេលកូនស្ថិតក្នុងវ័យនេះ អ្នកត្រូវប្រាកដថាកូនមានការយល់ដឹងគ្រប់គ្រាន់អំពីការរួមភេទ រួមទាំងដឹងអំពីលក្ខណៈផ្សេងៗនៃរឿងនេះ ដែលទាក់ទងខាងផ្លូវកាយ ផ្លូវចិត្ត និងខាងសីលធម៌។ អេណាអាយុ១៥ឆ្នាំដែលបានត្រូវរៀបរាប់ខាងលើ និយាយថា៖ «នៅសាលាខ្ញុំ ក្មេងប្រុសក្មេងស្រីចាប់ផ្ដើមរួមភេទដើម្បីបំពេញចំណង់ខាងផ្លូវភេទដោយគ្មានបំណងយកគ្នាជាគូស្រករទេ។ ខ្ញុំគិតថាជាគ្រិស្តសាសនិក ខ្ញុំត្រូវមានការយល់ដឹងគ្រប់គ្រាន់អំពីរឿងនេះ។ ទោះជាខ្ញុំខ្មាសមិនចង់និយាយអំពីការរួមភេទក៏ដោយ តែខ្ញុំត្រូវដឹងអំពីរឿងនេះ»។
ប្រុងប្រយ័ត្ន: ក្មេងជំទង់ប្រហែលជាមិនហ៊ានសួរអំពីការរួមភេទទេ ពីព្រោះពួកគេខ្លាចឪពុកម្ដាយសង្ស័យថាពួកគេធ្វើអ្វីមិនត្រឹមត្រូវ។ ឪពុកម្នាក់ឈ្មោះស្ទេផានទទួលស្គាល់ការពិតនេះ។ គាត់ស្រដីថា៖ «កូនប្រុសរបស់យើងស្ទាក់ស្ទើរនិយាយជាមួយយើងអំពីការរួមភេទ។ ប៉ុន្តែក្រោយមក យើងដឹងថាគាត់មិនហ៊ានសួរយើងដោយសារគាត់មានអារម្មណ៍ថា យើងសង្ស័យថាគាត់ប្រព្រឹត្តមិនត្រឹមត្រូវ។ យើងបានបញ្ជាក់ឲ្យកូនយល់ច្បាស់ថា យើងនិយាយអំពីរឿងនេះជា
មួយគាត់ មិនមែនដោយសារយើងសង្ស័យថាគាត់ធ្វើអ្វីមិនត្រឹមត្រូវទេ តែដោយសារយើងចង់ប្រាកដថាគាត់មានការយល់ដឹងល្មមដើម្បីអាចទប់ទល់ឥទ្ធិពលអាក្រក់ដែលមាននៅជុំវិញគាត់»។សូមសាកវិធីនេះ: ជាជាងជជីកសួរកូនជំទង់របស់អ្នកយ៉ាងចំៗអំពីរឿងណាមួយទាក់ទងនឹងការរួមភេទ សូមសួរគាត់អំពីទស្សនៈរបស់មិត្តរួមថ្នាក់របស់គាត់អំពីរឿងនេះវិញ។ ជាឧទាហរណ៍ អ្នកអាចនិយាយថា៖ «សព្វថ្ងៃនេះ មនុស្សជាច្រើនគិតថាការរួមភេទតាមមាត់គឺមិនមែនជាការរួមភេទមែនទែនទេ។ តើមិត្តរួមថ្នាក់របស់កូនគិតដូច្នេះឬទេ?»។ សំណួរមិនចំៗបែបនេះទំនងជាជួយកូនជំទង់របស់អ្នកឲ្យនិយាយដោយឥតលាក់លៀម ហើយបញ្ចេញមតិរបស់គាត់។
ចូរយកឈ្នះអារម្មណ៍អៀនខ្មាស
ការពិគ្រោះជាមួយកូនអំពីទំនាក់ទំនងខាងផ្លូវភេទប្រហែលជាភារកិច្ចដ៏ពិបាកមួយរបស់ឪពុកម្ដាយ។ ប៉ុន្តែ ការព្យាយាមរបស់អ្នកប្រាកដជានាំឲ្យមានលទ្ធផលល្អ។ ម្ដាយម្នាក់ឈ្មោះដៃអែនមានវាចាថា៖ «យូរៗទៅ អារម្មណ៍អៀនខ្មាសនឹងអន់ថយទៅ ហើយតាមពិត ការនិយាយជាមួយកូនអំពីការរួមភេទអាចជាឱកាសមួយដើម្បីធ្វើឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយកូន»។ ស្ទេផានដែលបានត្រូវរៀបរាប់ខាងលើនេះ ក៏យល់ស្របដែរ។ គាត់ពោលថា៖ «បើយើងមានទម្លាប់និយាយបើកចំហអំពីរឿងណាក៏ដោយដែលមានក្នុងក្រុមគ្រួសារ នោះយើងស្រួលនិយាយជាងអំពីរឿងពិបាកៗ ដូចជាការរួមភេទ។ យើងប្រហែលជានៅតែមានអារម្មណ៍អៀនខ្មាសបន្ដិចបន្តួចមែន តែការប្រាស្រ័យទាក់ទងដោយឥតលាក់លៀមគឺសំខាន់ចាំបាច់សម្រាប់ក្រុមគ្រួសារគ្រិស្តសាសនិកដែលមានសុភមង្គល»។
^ វគ្គ 3 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 11 អត្ថបទនេះនឹងពិភាក្សាអំពីសារៈសំខាន់នៃការពិគ្រោះជាមួយកូនអ្នកអំពីការរួមភេទ។ អត្ថបទដែលនឹងមាននៅលេខក្រោយៗនឹងពិភាក្សាអំពីរបៀបដែលអ្នកអាចបញ្ជាក់អំពីគោលការណ៍សីលធម៌ពេលពិគ្រោះជាមួយកូនអំពីរឿងនេះ។
សូមសួរខ្លួនអ្នកថា . . .
សូមអានយោបល់របស់ប្អូនៗវ័យក្មេងនៅទូទាំងពិភពលោក ហើយក្រោយមក សូមសួរខ្លួនអ្នកសំណួរដែលមាននៅក្រោយយោបល់នីមួយៗ។
អាណានៅប្រទេសប្រេស៊ីលបានពោលថា៖ «ឪពុកម្ដាយខ្ញុំប្រាប់ខ្ញុំឲ្យអានអត្ថបទដែលនិយាយអំពីការរួមភេទ រួចទៅសួរពួកគាត់បើខ្ញុំមានសំណួរ។ ប៉ុន្តែខ្ញុំចង់ឲ្យពួកគាត់និយាយជាមួយខ្ញុំថែមទៀតអំពីរឿងនេះ»។
ជាជាងគ្រាន់តែឲ្យកូននូវអត្ថបទឬសៀវភៅដែលនិយាយអំពីការរួមភេទ ហេតុអ្វីជាការសំខាន់ឲ្យអ្នកធ្វើលើសពីនេះ?
ខិននៅប្រទេសកាណាដាមានវាចាថា៖ «ខ្ញុំដឹងអំពីការប្រព្រឹត្តជាច្រើនខាងផ្លូវភេទដែលខុសឆ្គង ដែលជាការប្រព្រឹត្តដែលឪពុកខ្ញុំមិនដឹងសោះ។ គាត់នឹងតក់ស្លុតបើខ្ញុំសួរគាត់អំពីរឿងនោះ»។
តើកូនអ្នកប្រហែលជាខ្លាចអ្វីក្នុងការនិយាយជាមួយអ្នកអំពីកង្វល់របស់ គាត់?
ម៉ាសាមីនៅប្រទេសជប៉ុនបានពោលថា៖ «ពេលដែលខ្ញុំប្រមូលភាពក្លាហានដើម្បីសួរឪពុកម្ដាយអំពីការរួមភេទ ពួកគាត់ឆ្លើយតបហាក់ដូចជាពួកគាត់ចោទខ្ញុំថា‹ម៉េចកូនសួរអីចឹង? តើកូនបានធ្វើអីខ្លះ?›»។
កាលណាកូនរបស់អ្នកសួរអ្នកអំពីការរួមភេទ តើចម្លើយរបស់អ្នកអាចបើកឬបិទផ្លូវយ៉ាងណាសម្រាប់ការពិគ្រោះគ្នានៅពេលក្រោយៗ?
លីសេតនៅប្រទេសបារាំងបានរៀបរាប់ថា៖ «នេះនឹងជួយខ្ញុំ បើឪពុកម្ដាយខ្ញុំប្រាប់ខ្ញុំថាកាលពួកគាត់មានអាយុស្រករខ្ញុំ ពួកគាត់ធ្លាប់សួរសំណួរដូចនេះដែរ ហើយប្រាប់ថាគឺជាការធម្មតាទេដែលខ្ញុំសួរសំណួរបែបនេះ»។
តើអ្នកអាចធ្វើយ៉ាងណាឲ្យកូនអ្នកមានអារម្មណ៍ស្រួលចង់មកនិយាយជាមួយអ្នកអំពីការរួមភេទ?
ហ៊្សេរ៉ានៅប្រទេសបារាំងនិយាយថា៖ «ម្ដាយខ្ញុំធ្លាប់សួរខ្ញុំអំពីការរួមភេទ តែគាត់និយាយដោយសំឡេងស្លូតបូត។ ខ្ញុំគិតថា នេះគឺសំខាន់ណាស់ ដោយសារកូនមានអារម្មណ៍ថាឪពុកម្ដាយមិនវិនិច្ឆ័យពួកគេ»។
កាលណាអ្នកពិគ្រោះជាមួយកូនអំពីការរួមភេទ តើអ្នកនិយាយដោយសំឡេងបែបណា? តើអ្នកត្រូវផ្លាស់ប្ដូររបៀបអ្នកនិយាយឬទេ?