លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូនៗវ័យក្មេង ចូរឲ្យបណ្ដាំរបស់ព្រះដឹកនាំប្អូន

ប្អូនៗវ័យក្មេង ចូរឲ្យបណ្ដាំរបស់ព្រះដឹកនាំប្អូន

ប្អូន​ៗ​វ័យ​ក្មេង ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​ប្អូន

«ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់[ឬ«ការ​យល់​ដឹង»]»។—សុភ. ៤:៥; ព.ថ.

១, ២. (ក) តើ​អ្វី​បាន​ជួយ​សាវ័ក​ប៉ូល​ឲ្យ​ពុះ​ពារ​ការ​ប្រឆាំង​គ្នា​ដែល​គាត់​មាន​ក្នុង​ចិត្ត? (ខ) តើ​ប្អូន​អាច​ទទួល​បាន​នូវ​ប្រាជ្ញា​និង​ការ​យល់​ដឹង​តាម​របៀប​ណា?

 «កាល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​អ្វី​ដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ»។ តើ​ប្អូន​ដឹង​ថា​អ្នក​ណា​បាន​និយាយ​ពាក្យ​ទាំង​នេះ​ឬ​ទេ? គឺ​សាវ័ក​ប៉ូល។ ទោះ​ជា​ប៉ូល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ក៏​ដោយ តែ​មាន​ពេល​ខ្លះ​ដែល​គាត់​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មាន​ការ​ប្រឆាំង​គ្នា​ក្នុង​ចិត្ត​បែប​នេះ? គាត់​បាន​សរសេរ​ថា៖ «ពិបាក​ចិត្ត​ណាស់​ខ្ញុំ!»។ (រ៉ូម ៧:២១​-​២៤) តើ​ប្អូន​យល់​អារម្មណ៍​របស់​ប៉ូល​ឬ​ទេ? ជួន​កាល តើ​ប្អូន​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ? ដូច​ប៉ូល តើ​ការ​ពិបាក​នេះ​ធ្វើ​ឲ្យ​ប្អូន​មួម៉ៅ​ចិត្ត​ឬ​ទេ? បើ​មែន កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ប៉ូល​បាន​ជម្នះ​ការ​ពិបាក​ដែល​គាត់​បាន​ជួប​ប្រទះ ហើយ​ប្អូន​ក៏​អាច​ជម្នះ​បាន​ដែរ។

ប៉ូល​បាន​ជោគ​ជ័យ​ដោយ​សារ​គាត់​ឲ្យ«ពាក្យ​ដែល​មាន​ប្រយោជន៍»ដឹក​នាំ​គាត់។ (២ធី. ១:១៣, ១៤) ជា​លទ្ធផល គាត់​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ពុះ​ពារ​ការ​ពិបាក​ផ្សេង​ៗ ហើយ​ដើម្បី​សម្រេច​ចិត្ត​បាន​ល្អ។ ព្រះ​យេហូវ៉ា​អាច​ជួយ​ប្អូន​ឲ្យ​ទទួល​បាន​នូវ​ប្រាជ្ញា​និង​ការ​យល់​ដឹង។ (សុភ. ៤:៥) ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក លោក​បាន​ផ្ដល់​ឱវាទ​ល្អ​បំផុត​សម្រាប់​ប្អូន។ (សូម​អាន ធីម៉ូថេ​ទី​២ ៣:១៦, ១៧) សូម​គិត​អំពី​របៀប​ដែល​ប្អូន​អាច​ទទួល​ប្រយោជន៍​ពី​គោល​ការណ៍​គម្ពីរ ពេល​ប្អូន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ឪពុក​ម្ដាយ ពេល​ប្អូន​ចាយ​វាយ​លុយ​កាក់ និង​ពេល​ប្អូន​នៅ​ម្នាក់​ឯង។

ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​ប្អូន​ក្នុង​ក្រុម​គ្រួសារ

៣, ៤. ហេតុ​អ្វី​ប្អូន​ប្រហែល​ជា​ពិបាក​ធ្វើ​តាម​ច្បាប់​របស់​ឪពុក​ម្ដាយ? តែ​ហេតុ​អ្វី​បាន​ជា​ឪពុក​ម្ដាយ​បង្កើត​ច្បាប់?

តើ​ប្អូន​ពិបាក​ធ្វើ​តាម​ច្បាប់​របស់​ឪពុក​ម្ដាយ​ប្អូន​ឬ​ទេ? ហេតុ​អ្វី​ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​បែប​នេះ? មូលហេតុ​មួយ​គឺ​ប្រហែល​ជា​ប្អូន​ចង់​បាន​សេរី​ភាព​ច្រើន​ជាង។ នេះ​ជា​រឿង​ធម្មតា ហើយ​ជា​លក្ខណៈ​មួយ​នៃ​ការ​ធំ​ឡើង​ជា​មនុស្ស​ពេញ​វ័យ។ ប៉ុន្តែ កាល​ដែល​ប្អូន​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ ប្អូន​មាន​កាតព្វកិច្ច​ស្ដាប់​បង្គាប់​ពួក​គាត់។—អេភ. ៦:១​-​៣

ការ​យល់​ដឹង​អំពី​មូលហេតុ​ដែល​ឪពុក​ម្ដាយ​បង្កើត​ច្បាប់​និង​តម្រូវ​ការ អាច​ជួយ​ប្អូន​ស្រួល​ធ្វើ​តាម​ជាង​នូវ​ច្បាប់​និង​តម្រូវ​ការ​ទាំង​នោះ។ ជួន​កាល ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ប្អូន​ស្រី​អាយុ​១៨​ឆ្នាំ​ឈ្មោះ​ប៊្រីអែល a ដែល​បាន​និយាយ​អំពី​ឪពុក​ម្ដាយ​គាត់​ថា៖ «ពួក​គាត់​ភ្លេច​ឈឹង​ថា មនុស្ស​វ័យ​ក្មេង​ដូច​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ទេ។ ពួក​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ​មតិ ធ្វើ​ការ​សម្រេច​ចិត្ត និង​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ​ដែរ»។ ដូច​ប៊្រីអែល ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា ឪពុក​ម្ដាយ​ប្អូន​គួរ​ឲ្យ​សេរី​ភាព​ដល់​ប្អូន​ច្រើន​ជាង។ ក៏​ប៉ុន្តែ ឪពុក​ម្ដាយ​ប្អូន​បាន​បង្កើត​ច្បាប់ ដោយ​សារ​សំខាន់​បំផុត គឺ​ពួក​គាត់​បារម្ភ​អំពី​ប្អូន។ បន្ថែម​ទៅ​ទៀត ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​ដឹង​ថា ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ស្តី​អំពី​របៀប​ដែល​ពួក​គាត់​ថែ​រក្សា​ប្អូន។—១ធី. ៥:៨

៥. តើ​ការ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​អាច​ជួយ​ឲ្យ​ប្អូន​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

តាម​ពិត ការ​ស្ដាប់​បង្គាប់​ច្បាប់​របស់​ឪពុក​ម្ដាយ គឺ​ប្រៀប​ដូច​ជា​ការ​សង​បំណុល​ទៅ​ធនាគារ។ បើ​អ្នក​ខ្ចី​លុយ បង់​រំលស់​យ៉ាង​ទៀង​ទាត់ ហើយ​ទាន់​ពេល នោះ​ធនាគារ​នឹង​ទុក​ចិត្ត​អ្នក​នោះ​កាន់​តែ​ច្រើន ហើយ​ទំនង​ជា​បន្ថែម​ឥណទាន​ដល់​គាត់​ទៀត។ ស្រដៀង​គ្នា​ដែរ ប្អូន​មាន​កាតព្វកិច្ច​គោរព​និង​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ (សូម​អាន សុភាសិត ១:៨) បើ​ប្អូន​កាន់​តែ​គោរព​ឪពុក​ម្ដាយ នោះ​ពួក​គាត់​ទំនង​ជា​នឹង​ឲ្យ​ប្អូន​មាន​សេរី​ភាព​កាន់​តែ​ច្រើន។ (លូក. ១៦:១០) ប៉ុន្តែ បើ​ប្អូន​តែង​តែ​បំពាន​ច្បាប់​របស់​ពួក​គាត់ ជា​ការ​ធម្មតា​ទេ​ដែល​ឪពុក​ម្ដាយ​កាត់​បន្ថយ​ឬ​លែង​ឲ្យ​ប្អូន​មាន​សេរី​ភាព ដូច​ធនាគារ​ដាក់​កម្រិត​ឬ​លែង​ឲ្យ«ឥណទាន»ដល់​អ្នក​ខ្ចី​លុយ។

៦. តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូន​យ៉ាង​ដូច​ម្ដេច​ឲ្យ​ចេះ​ស្ដាប់​បង្គាប់?

វិធី​មួយ​ដែល​ឪពុក​ម្ដាយ​អាច​ជួយ​កូន​ៗ​ឲ្យ​ធ្វើ​តាម​ច្បាប់​ដែល​ពួក​គាត់​បង្កើត​គឺ​ដោយ​គំរូ​របស់​ពួក​គាត់។ ការ​ស្ដាប់​បង្គាប់​ដោយ​ស្ម័គ្រ​ចិត្ត​របស់​ពួក​គាត់​ចំពោះ​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា គួរ​បង្ហាញ​ឲ្យ​កូន​ឃើញ​ថា ច្បាប់​របស់​ព្រះ​គឺ​មិន​តឹង​រ៉ឹង​ពេក​ឡើយ។ នេះ​នឹង​ជួយ​ឲ្យ​ប្អូន​ៗ​វ័យ​ក្មេង​យល់​ថា គឺ​សម​ហេតុ​សម​ផល​ឲ្យ​ប្អូន​ៗ​ស្ដាប់​បង្គាប់​ច្បាប់​ដែល​ឪពុក​ម្ដាយ​បាន​បង្កើត។ (១យ៉ូន. ៥:៣) ម្យ៉ាង​ទៀត គម្ពីរ​បាន​រៀប​រាប់​ថា​មាន​គ្រា​ខ្លះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​បម្រើ​របស់​លោក​បញ្ចេញ​មតិ​របស់​ខ្លួន​ចំពោះ​រឿង​ផ្សេង​ៗ។ (លោ. ១៨:២២​-​៣២; ១ព. ២២:១៩​-​២២) ប្រហែល​ជា​មាន​ពេល​ខ្លះ​ឪពុក​ម្ដាយ​ឲ្យ​កូន​ប្រាប់​ទស្សនៈ​របស់​កូន​ស្តី​អំពី​រឿង​ផ្សេង​ៗ មែន​ទេ?

៧, ៨. (ក) តើ​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ជួប​ប្រទះ​ការ​ពិបាក​អ្វី? (ខ) តើ​ការ​ទទួល​ស្គាល់​អ្វី​ខ្លះ​ដែល​អាច​ជួយ​ប្អូន​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​ប្រដៅ?

ប្អូន​ៗ​វ័យ​ក្មេង​ក៏​ប្រហែល​ជា​ជួប​ប្រទះ​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​ការ​រិះ​គន់​មិន​សម​ហេតុ​ផល​ពី​ឪពុក​ម្ដាយ។ នៅ​ពេល​ខ្លះ ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ប្អូន​ម្នាក់​ឈ្មោះ​ខ្រេក ដែល​បាន​ស្រដី​ថា៖ «ម្ដាយ​ខ្ញុំ​គឺ​ដូច​ជា​អ្នក​ស៊ើប​អង្កេត។ គាត់​តែង​តែ​ខំ​រក​កំហុស​ខ្ញុំ»។

ពេល​កែ​តម្រង់​ឬ​ប្រដៅ ច្រើន​តែ​មាន​ការ​រិះ​គន់។ គម្ពីរ​ទទួល​ស្គាល់​ថា​ការ​ប្រដៅ សូម្បី​តែ​ត្រឹម​ត្រូវ​ក៏​ដោយ គឺ​ពិបាក​ទទួល​យក។ (ហេ. ១២:១១) តើ​អ្វី​អាច​ជួយ​ប្អូន​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​ប្រដៅ? ចំណុច​សំខាន់​ដែល​ប្អូន​គួរ​ចាំ​គឺ​ថា ដំបូន្មាន​របស់​ឪពុក​ម្ដាយ​ប្អូន​ទំនង​ជា​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ចំពោះ​ប្អូន។ (សុភ. ៣:១២) ពួក​គាត់​ចង់​ជួយ​ប្អូន​មិន​ឲ្យ​មាន​ទម្លាប់​អាក្រក់ ហើយ​ជួយ​ប្អូន​ឲ្យ​មាន​ទម្លាប់​ល្អ​វិញ។ ឪពុក​ម្ដាយ​របស់​ប្អូន​ទំនង​ជា​ទទួល​ស្គាល់​ថា បើ​ពួក​គាត់​មិន​កែ​តម្រង់​ប្អូន នេះ​គឺ​ដូច​ពួក​គាត់​ស្អប់​ប្អូន! (សូម​អាន សុភាសិត ១៣:២៤) ម្យ៉ាង​ទៀត សូម​ចាំ​ថា ប្អូន​អាច​រៀន​ពី​កំហុស​របស់​ប្អូន។ ដូច្នេះ សូម​ប្អូន​ទទួល​យក​ប្រាជ្ញា​ដែល​មក​ពី​ការ​កែ​តម្រង់​របស់​ឪពុក​ម្ដាយ។ បទ​គម្ពីរ​ចែង​ថា៖ «ការ​ដែល​បាន[ប្រាជ្ញា] នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កំរៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង»។—សុភ. ៣:១៣,១៤

៩. ជា​ជាង​គិត​អំពី​អ្វី​ដែល​ប្អូន​គិត​ថា​ជា​អំពើ​អយុត្ដិធម៌ តើ​ប្អូន​អាច​ធ្វើ​អ្វី?

ក៏​ប៉ុន្តែ ឪពុក​ម្ដាយ​ក៏​ចេះ​ធ្វើ​ខុស​ដែរ។ (យ៉ា. ៣:២) ពេល​ប្រដៅ​ប្អូន ជួន​កាល​ពួក​គាត់​ប្រហែល​និយាយ​ឥត​គិត។ (សុភ. ១២:១៨) តើ​អ្វី​អាច​បណ្ដាល​ឲ្យ​ឪពុក​ម្ដាយ​របស់​ប្អូន​និយាយ​ដូច្នេះ? ពួក​គាត់​ប្រហែល​ជា​តាន​តឹង​ចិត្ត ឬ​ប្រហែល​មាន​ទស្សនៈ​ថា ពួក​គាត់​មិន​មែន​ជា​ឪពុក​ម្ដាយ​ល្អ ដោយ​សារ​ប្អូន​ធ្វើ​ខុស។ ជា​ជាង​គិត​អំពី​អ្វី​ដែល​ប្អូន​គិត​ថា​ជា​អំពើ​អយុត្ដិធម៌ ជា​ការ​ល្អ​ឲ្យ​ប្អូន​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ពួក​គាត់​ដែល​មាន​ចិត្ត​ចង់​ជួយ​ប្អូន​យ៉ាង​ស្មោះ។ ការ​ចេះ​ទទួល​យក​ការ​ប្រដៅ​នឹង​ជួយ​ប្អូន​ច្រើន​ណាស់​ពេល​ប្អូន​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ។

១០. តើ​ប្អូន​អាច​ធ្វើ​ឲ្យ​ច្បាប់​និង​ការ​កែ​តម្រង់​របស់​ឪពុក​ម្ដាយ​ស្រួល​ទទួល​យក​និង​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

១០ តើ​ប្អូន​ចង់​ឲ្យ​ច្បាប់​និង​ការ​កែ​តម្រង់​របស់​ឪពុក​ម្ដាយ​ស្រួល​ទទួល​យក​និង​ទទួល​ប្រយោជន៍​ឬ​ទេ? បើ​ចង់​មែន ប្អូន​ត្រូវ​ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​ប្អូន​កាន់​តែ​ប្រសើរ​ឡើង។ តើ​ប្អូន​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ដំណាក់​កាល​ទី​១​គឺ​ឲ្យ​ប្អូន​ស្ដាប់។ គម្ពីរ​ចែង​ថា៖ «ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង»។ (យ៉ា. ១:១៩) ជា​ជាង​ឆាប់​ដោះ​សា ព្យាយាម​ទប់​អារម្មណ៍​របស់​ប្អូន ហើយ​ស្ដាប់​ឪពុក​ម្ដាយ​និយាយ។ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ឪពុក​ម្ដាយ​និយាយ មិន​មែន​ទៅ​លើ​របៀប​ដែល​ពួក​គាត់​និយាយ​ទេ។ ក្រោយ​មក ចូរ​បង្ហាញ​ឲ្យ​ពួក​គាត់​ដឹង​ថា ប្អូន​ឮ​អ្វី​ដែល​ពួក​គាត់​ប្រាប់​ប្អូន​ដោយ សារភាព​កំហុស​របស់​ប្អូន​ដោយ​គោរព​ពួក​គាត់។ ចុះ​យ៉ាង​ណា​បើ​ប្អូន​ចង់​ពន្យល់​មូលហេតុ​ដែល​ប្អូន​និយាយ​ឬ​ធ្វើ​អ្វី​មួយ? ក្នុង​ករណី​ភាគ​ច្រើន ជា​ការ​ល្អ​ដែល​ប្អូន«ឃាត់​ទប់​បបូរ​មាត់» លុះ​ដល់​ប្អូន​បាន​ធ្វើ​តាម​អ្វី​ៗ​ដែល​ឪពុក​ម្ដាយ​ចង់​ឲ្យ​ប្អូន​ធ្វើ។ (សុភ. ១០:១៩) កាល​ណា​ឪពុក​ម្ដាយ​ប្អូន​ឃើញ​ថា​ប្អូន​បាន​ស្ដាប់​ពួក​គាត់ នោះ​ពួក​គាត់​ទំនង​ជា​មាន​ចិត្ត​ចង់​ស្ដាប់​ប្អូន​ជាង។ ការ​ប្រព្រឹត្ត​បែប​នេះ​ដែល​បង្ហាញ​ភាព​ចាស់​ទុំ បញ្ជាក់​ថា​បណ្ដាំ​របស់​ព្រះ​កំពុង​ដឹក​នាំ​ប្អូន។

ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​ប្អូន​ក្នុង​ការ​ចាយ​វាយ​លុយ​កាក់

១១, ១២. (ក) តើ​បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ស្តី​អំពី​លុយ? ហេតុ​អ្វី? (ខ) តើ​ឪពុក​ម្ដាយ​របស់​ប្អូន​អាច​ជួយ​ប្អូន​ឲ្យ​ចេះ​គ្រប់​គ្រង​លុយ​កាក់​យ៉ាង​ដូច​ម្ដេច?

១១ គម្ពីរ​ចែង​ថា៖ ‹ប្រាក់​ជា​គ្រឿង​ការ​ពារ​ខ្លួន›។ ប៉ុន្តែ​ខ​ដដែល​នេះ​បង្ហាញ​ថា ប្រាជ្ញា​គឺ​វិសេស​ជាង​ប្រាក់​ទៅ​ទៀត។ (សាស្ដ. ៧:១២) បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ មិន​មែន​ឲ្យ​ស្រឡាញ់​លុយ​ទេ។ ហេតុ​អ្វី​ប្អូន​មិន​គួរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​លុយ? សូម​គិត​អំពី​ឧទាហរណ៍​នេះ។ កាំបិតមុត ជា​ឧបករណ៍​ល្អ​មួយ​សម្រាប់​ចុង​ភៅ​ដ៏​ពូកែ​ម្នាក់ តែ​ចំពោះ​មនុស្ស​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ឬ​ធ្វេស​ប្រហែស កាំបិត​ដដែល​នោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ។ ស្រដៀង​គ្នា​ដែរ បើ​មនុស្ស​ចេះ​ប្រើ​លុយ​យ៉ាង​ត្រឹម​ត្រូវ នោះ​លុយ​អាច​មាន​ប្រយោជន៍។ ក៏​ប៉ុន្តែ ជា​ញឹក​ញយ ពួក​អ្នក​ដែល«តាំង​ចិត្ត​ធ្វើ​ជា​អ្នក​មាន» បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​មិត្ត​ភក្ដិ ទំនាក់​ទំនង​ជា​មួយ​ក្រុម​គ្រួសារ និង​ចំណង​មេត្រី​ភាព​របស់​ពួក​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ពួក​គេ​បាន​ចាក់​ទម្លុះ​ខ្លួន«គ្រប់​កន្លែង​ដោយ​ទុក្ខ​វេទនា​ជា​ច្រើន»។—សូម​អាន ធីម៉ូថេ​ទី​១ ៦:៩, ១០

១២ តើ​ប្អូន​អាច​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​លុយ​កាក់​យ៉ាង​ដូច​ម្ដេច? សូម​សួរ​យោបល់​ឪពុក​ម្ដាយ​អំពី​របៀប​ដែល​ប្អូន​អាច​ធ្វើ​ដូច្នេះ។ សាឡូម៉ូន​បាន​សរសេរ​ថា៖ «ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្ដាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្ដី​ទូន្មាន​មាំ​ទាំ»។ (សុភ. ១:៥) ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​អាណា បាន​សុំ​សេចក្ដី​ទូន្មាន​មាំ​ទាំ​ឬ​ការ​ណែនាំ​ល្អ​ពី​ឪពុក​ម្ដាយ​របស់​គាត់។ ប្អូន​អាណា​បាន​ស្រដី​ថា៖ «ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​គ្រោង​ថវិកា ហើយ​គាត់​បង្ហាញ​ថា​គឺ​សំខាន់​ណាស់​ឲ្យ​ខ្ញុំ​ចេះ​គ្រប់​គ្រង​លុយ​បាន​ល្អ»។ ម្ដាយ​របស់​អាណា​ក៏​បាន​បង្រៀន​គាត់​នូវ​មេ​រៀន​សំខាន់​ដែរ។ ប្អូន​អាណា​បាន​ពោល​ថា៖ «គាត់​បង្ហាញ​ខ្ញុំ​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រៀប​ធៀប​តម្លៃ​មុន​ទិញ​របស់​របរ»។ តើ​អាណា​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា? គាត់​ឆ្លើយ​ថា៖ «ឥឡូវ​ខ្ញុំ​អាច​គ្រប់​គ្រង​លុយ​កាក់​របស់​ខ្ញុំ។ ខ្ញុំ​ចាយ​វាយ​ដោយ​ចេះ​គិត ដូច្នេះ​នេះ​ជួយ​ឲ្យ​ខ្ញុំ​មិន​ជំពាក់​បំណុល​គេ​ដោយ​មិន​ចាំ​បាច់​និង​មាន​ចិត្ត​ស្ងប់»។

១៣. ស្តី​អំពី​ការ​ចាយ​លុយ តើ​ប្អូន​អាច​ទប់​ចិត្ត​យ៉ាង​ណា?

១៣ ប្រសិន​បើ​ប្អូន​ទិញ​របស់​របរ​តាម​ចិត្ត​ចង់ ឬ​ចាយ​លុយ​គ្រាន់​តែ​បង្អួត​មិត្ត​ភក្ដិ នោះ​ភ្លាម​ៗ​ប្អូន​ប្រហែល​ជា​ជំពាក់​បំណុល​គេ​យ៉ាង​ច្រើន។ តើ​អ្វី​អាច​ជួយ​ប្អូន​ឲ្យ​ជៀស​ផុត​ពី​បញ្ហា​ទាំង​នេះ? ស្តី​អំពី​ការ​ចាយ​លុយ ប្អូន​ត្រូវ​ចេះ​ទប់​ចិត្ត។ ប្អូន​ស្រី​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ឈ្មោះ​អេលិណា​បាន​ធ្វើ​ដូច្នេះ។ គាត់​បាន​និយាយ​ថា៖ «ពេល​ខ្ញុំ​ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​ភក្ដិ ខ្ញុំ​គ្រោង​ទុក​ជា​មុន ហើយ​កំណត់​ចំណាយ​របស់​ខ្ញុំ . . . ខ្ញុំ​ក៏​ទទួល​ប្រយោជន៍​ដែរ បើ​ខ្ញុំ​ទៅ​ផ្សារ​ជា​មួយ​មិត្ត​ដែល​ចាយ​លុយ​ដោយ​ចេះ​គិត ដែល​នឹង​លើក​ទឹក​ចិត្ត​ខ្ញុំ​មិន​ឲ្យ​ឃើញ​ភ្លាម​ទិញ​ភ្លែត តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ប្រៀប​ធៀប​តម្លៃ​វិញ»។

១៤. ហេតុ​អ្វី​គប្បី​ឲ្យ​ប្អូន​ការ​ពារ​ខ្លួន​ពី«ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ»?

១៤ ការ​រក​លុយ​និង​ការ​គ្រប់​គ្រង​លុយ​ជា​លក្ខណៈ​សំខាន់​នៃ​ជីវិត។ ប៉ុន្តែ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ» នោះ​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ។ (ម៉ាថ. ៥:៣) លោក​បាន​ព្រមាន​ថា​អ្វី​ៗ​ដូច​ជា«ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ» អាច​បង្វែរ​អារម្មណ៍​របស់​មនុស្ស​មិន​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ។ (ម៉ាក. ៤:១៩) ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​ប្អូន​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​ប្អូន ហើយ​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ!

ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​ប្អូន​ពេល​នៅ​ម្នាក់​ឯង

១៥. តើ​ភក្ដី​ភាព​របស់​ប្អូន​ចំពោះ​ព្រះ​ទំនង​ជា​ត្រូវ​សាក​ល្បង​ជាង​គេ​នៅ​ពេល​ណា?

១៥ តើ​ប្អូន​គិត​ថា ភក្ដី​ភាព​របស់​ប្អូន​ចំពោះ​ព្រះ​នឹង​ត្រូវ​សាក​ល្បង​ច្រើន​ជាង​គេ​នៅ​ពេល​ណា ពេល​ប្អូន​នៅ​ជា​មួយ​អ្នក​ឯ​ទៀត ឬ​ពេល​ប្អូន​នៅ​ម្នាក់​ឯង? ពេល​ប្អូន​នៅ​សាលា​ឬ​នៅ​កន្លែង​ធ្វើ​ការ ប្អូន​ប្រយ័ត្ន​ប្រយែង​ជាង​ចំពោះ​អ្វី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​ចំណង​មេត្រី​ភាព​របស់​ប្អូន​ជា​មួយ​ព្រះ​ប្រេះ​ឆា។ ប៉ុន្តែ​ពេល​ប្អូន​សម្រាក ហើយ​ប្រហែល​ជា​មិន​សូវ​ប្រយ័ត្ន​ដូច​ធម្មតា នោះ​ជា​ពេល​ដែល​ប្អូន​មាន​ការ​សាក​ល្បង​ខ្លាំង​បំផុត​ចំពោះ​ខ្នាត​តម្រា​សីលធម៌​របស់​ប្អូន។

១៦. ទោះ​ជា​ពេល​ប្អូន​នៅ​ម្នាក់​ឯង​ក៏​ដោយ ហេតុ​អ្វី​ប្អូន​គួរ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា?

១៦ ទោះ​ជា​ពេល​ប្អូន​នៅ​ម្នាក់​ឯង​ក៏​ដោយ ហេតុ​អ្វី​ប្អូន​គួរ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា? សូម​ចាំ​ថា ប្អូន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត ឬ​ធ្វើ​ឲ្យ​លោក​រីករាយ។ (លោ. ៦:៥, ៦; សុភ. ២៧:១១) ការ​ប្រព្រឹត្ត​របស់​ប្អូន​មាន​ឥទ្ធិពល​ទៅ​លើ​ព្រះ​យេហូវ៉ា ពី​ព្រោះ‹លោក​រមែង​គិត​អំពី​ប្អូន›។ (១ពេ. ៥:៧) លោក​ចង់​ឲ្យ​ប្អូន​ស្ដាប់​លោក​ដើម្បី​ប្អូន​អាច​ទទួល​ប្រយោជន៍។ (អេ. ៤៨:១៧, ១៨) ពេល​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អ៊ីស្រាអែល​ពី​សម័យ​បុរាណ មិន​អើពើ​នឹង​ឱវាទ​របស់​លោក ពួក​គេ​បាន​បញ្ឈឺ​ចិត្ត​លោក។ (ទំនុក. ៧៨:៤០, ៤១) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ព្រោះ​ទេវតា​មួយ​រូប​បាន​ហៅ​គាត់​ថា​ជា«អ្នក​សំណប់​យ៉ាង​សំខាន់»។ (ដាន. ១០:១១) ហេតុ​អ្វី? គឺ​ដោយ​សារ​ដានីយ៉ែល​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ មិន​គ្រាន់​តែ​ពេល​គាត់​នៅ​មុខ​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ តែ​ពេល​គាត់​នៅ​ម្នាក់​ឯង​ដែរ។—សូម​អាន ដានីយ៉ែល ៦:១០

១៧. ពេល​ជ្រើស​រើស​ការ​កម្សាន្ត តើ​ប្អូន​អាច​សួរ​ខ្លួន​ប្អូន​នូវ​សំណួរ​អ្វី​ខ្លះ?

១៧ ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ពេល​ប្អូន​នៅ​ម្នាក់​ឯង ប្អូន​ត្រូវ​បណ្ដុះ«សមត្ថភាព​យល់​ដឹង»របស់​ប្អូន​ឲ្យ​ចេះ«សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ» ហើយ​បង្វឹក​បង្ហាត់​ដោយ«ប្រើ​ប្រាស់»សមត្ថភាព​នោះ ហើយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​ប្អូន​ដឹង​ថា​ត្រឹម​ត្រូវ។ (ហេ. ៥:១៤) ជា​ឧទាហរណ៍ ពេល​ជ្រើស​រើស​ចម្រៀង ភាពយន្ត​ឬ​គេហទំព័រ សំណួរ​បន្ត​បន្ទាប់​នឹង​ជួយ​ប្អូន​ឲ្យ​ជ្រើស​រើស​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ជៀស​ចេញ​ពី​អ្វី​ដែល​ខុស។ សូម​ដណ្ដឹង​សួរ​ខ្លួន​ប្អូន​ថា‹តើ​អ្វី​ដែល​ខ្ញុំ​ស្ដាប់​ឬ​មើល​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​អាណិត​មេត្ដា ឬ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេក​អរ«ក្នុង​ការ​អន្តរាយ​របស់[អ្នក​ឯ​ទៀត]»ឬ​ទេ?›។ (សុភ. ១៧:៥) ‹តើ​អ្វី​ទាំង​នោះ​នឹង​ជួយ​ខ្ញុំ​ឲ្យ«ស្រឡាញ់​អំពើ​ល្អ» ឬ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក«ស្អប់​អំពើ​អាក្រក់»វិញ?›។ (អេ​ម. ៥:១៥) អ្វី​ដែល​ប្អូន​ធ្វើ​ពេល​នៅ​ម្នាក់​ឯង បង្ហាញ​ឲ្យ​ឃើញ​អ្វី​ដែល​ប្អូន​ពិត​ជា​ចាត់​ទុក​ថា​សំខាន់។—លូក. ៦:៤៥

១៨. ប្រសិន​បើ​ប្អូន​បាន​ប្រព្រឹត្ត​ដោយ​លួច​លាក់​នូវ​អ្វី​ដែល​ប្អូន​ដឹង​ថា​ជា​អំពើ​ខុស​ឆ្គង តើ​គប្បី​ឲ្យ​ប្អូន​ធ្វើ​អ្វី? ហេតុ​អ្វី​ប្អូន​គួរ​ធ្វើ​ដូច្នោះ?

១៨ ប្រសិន​បើ​ប្អូន​បាន​ប្រព្រឹត្ត​ដោយ​លួច​លាក់​នូវ​អ្វី​ដែល​ប្អូន​ដឹង​ថា​ជា​អំពើ​ខុស​ឆ្គង តើ​គប្បី​ឲ្យ​ប្អូន​ធ្វើ​អ្វី? សូម​ប្អូន​ចាំ​ថា «អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់​តួ ហើយ​លះ​បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ»។ (សុភ. ២៨:១៣) មិន​មែន​ជា​ការ​ល្អ​ទេ​ដែល​ប្អូន​បន្ត​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ«ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ . . . កើត​ទុក្ខ»! (អេភ. ៤:៣០) ប្អូន​ត្រូវ​សារភាព​អំពើ​ខុស​ឆ្គង​ណា​ដែល​ប្អូន​បាន​ប្រព្រឹត្ត ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​ប្អូន​ចំពោះ​ព្រះ ឪពុក​ម្ដាយ​ប្អូន និង​ចំពោះ​ខ្លួន​ប្អូន។ ស្តី​អំពី​រឿង​នេះ «បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ»អាច​ជួយ​ប្អូន​ច្រើន​ណាស់។ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បាន​ស្រដី​ថា៖ «ឲ្យ​ពួក​គាត់​អធិដ្ឋាន​ឲ្យ​អ្នក[ដែល​ធ្វើ​ខុស]នោះ ដោយ​លាប​ប្រេង​ក្នុង​នាម​ព្រះ​យេហូវ៉ា។ រួច​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ស្រួល​ខ្លួន​បាន​ជា​សះ​ស្បើយ ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​នឹង​ទទួល​ការ​អភ័យ​ទោស»។ (យ៉ា. ៥:១៤, ១៥) នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្អូន​ខ្មាស ហើយ​ប្រហែល​ជា​នាំ​ឲ្យ​ប្អូន​ទទួល​ផល​វិបាក​ខ្លះ។ ប៉ុន្តែ បើ​ប្អូន​មាន​ចិត្ត​ក្លាហាន​សុំ​ជំនួយ ប្អូន​នឹង​គេច​ផុត​ពី​បញ្ហា​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត ហើយ​នឹង​បាន​ធូរ​ស្រាល​ក្នុង​ចិត្ត​ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​លែង​ធ្វើ​ទុក្ខ​ប្អូន​ទៀត។—ទំនុក. ៣២:១​-​៥

ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ

១៩, ២០. តើ​ព្រះ​យេហូវ៉ា​មាន​បំណង​យ៉ាង​ណា​ចំពោះ​ប្អូន? តែ​តើ​ប្អូន​ត្រូវ​ធ្វើ​អ្វី?

១៩ ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ» ហើយ​លោក​ចង់​ឲ្យ​ប្អូន​សប្បាយ​រីករាយ។ (១ធី. ១:១១) លោក​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ណាស់​ចំពោះ​ប្អូន។ លោក​កត់​សម្គាល់​ការ​ខំ​ប្រឹង​របស់ប្អូន​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ថ្វី​បើ​គ្មាន​នរណា​ឃើញ​ក៏​ដោយ។ ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ៗ​ទាំង​អស់។ លោក​ពិនិត្យ​មើល​ប្អូន មិន​មែន​ក្នុង​បំណង​ចាប់​កំហុស​ទេ តែ​ដើម្បី​គាំទ្រ​ការ​ព្យាយាម​របស់​ប្អូន​ក្នុង​ការ​ធ្វើ​អំពើ​ល្អ។ «ព្រះ​នេត្រ»នៃ​ព្រះ«ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ​ចេស្ដា​ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់»។—២រប. ១៦:៩

២០ ដូច្នេះ ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​ប្អូន ហើយ​ធ្វើ​តាម​យោបល់​ដែល​មាន​ក្នុង​បណ្ដាំ​នោះ។ បើ​ធ្វើ​ដូច្នេះ ប្អូន​នឹង​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង​ដែល​ប្អូន​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​បញ្ហា​ពិបាក​ផ្សេង​ៗ ហើយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​រឿង​សំខាន់​ៗ​ក្នុង​ជីវិត។ ប្អូន​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ប្អូន​និង​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ជីវិត​ប្អូន​ក៏​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ​ដែរ។

[កំណត់​សម្គាល់]

a ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​ធ្វើ​អ្វី​ដើម្បី​ស្រួល​ទទួល​យក​និង​ទទួល​ប្រយោជន៍​ពី​ច្បាប់​និង​ការ​កែ​តម្រង់​របស់​ឪពុក​ម្ដាយ?

• ហេតុ​អ្វី​សំខាន់​ឲ្យ​ប្អូន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ?

• ទោះ​ជា​ពេល​ប្អូន​នៅ​ម្នាក់​ឯង​ក៏​ដោយ តើ​ប្អូន​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១២]

ពេល​នៅ​ម្នាក់​ឯង តើ​ប្អូន​នឹង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ឬ​ទេ?