លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូនៗវ័យក្មេង តើប្អូនមានគោលដៅអ្វីខ្លះក្នុងជីវិត?

ប្អូនៗវ័យក្មេង តើប្អូនមានគោលដៅអ្វីខ្លះក្នុងជីវិត?

ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​មាន​គោល​ដៅ​អ្វី​ខ្លះ​ក្នុង​ជីវិត?

«របៀប​ដែល​ខ្ញុំ​ដាល់ មិន​ដូច​ជា​ដាល់​ខ្យល់​ឡើយ»។—១កូ. ៩:២៦

១, ២. ដើម្បី​ប្អូន​បាន​ជោគ​ជ័យ​ក្នុង​ជីវិត ពេល​ដែល​ប្អូន​ធំ​ឡើង​ជា​មនុស្ស​ពេញ​វ័យ តើ​ប្អូន​ត្រូវ​មាន​អ្វី?

 ប្រសិន​បើ​ប្អូន​កំពុង​ដើរ​នៅ​ជើង​ភ្នំ​ដែល​ប្អូន​មិន​ធ្លាប់​ទៅ ហើយ​ថ្ងៃ​ចាប់​ផ្ដើម​លិច​រួច​ងងឹត តើ​ប្អូន​ត្រូវ​ការ​អ្វី​ដើម្បី​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព? ប្អូន​ពិត​ជា​ត្រូវ​ការ​ផែនទី​និង​ពិល មែន​ទេ? ផែនទី​នឹង​ចង្អុល​ប្រាប់​ទី​តាំង​របស់​ប្អូន ហើយ​ជួយ​ប្អូន​ឲ្យ​រក​ផ្លូវ​ទៅ។ ពិល​នឹង​ជួយ​បំភ្លឺ​ផ្លូវ​ដើម្បី​មិន​ឲ្យ​ប្អូន​វង្វេង។ ប៉ុន្តែ ទាំង​ផែនទី​ទាំង​ពិល​នឹង​គ្មាន​ប្រយោជន៍​ទេ បើ​ប្អូន​មិន​ដឹង​ថា​ប្អូន​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា។ ដើម្បី​មិន​ឲ្យ​ប្អូន​ដើរ​សាត់​អណ្ដែត ប្អូន​ត្រូវ​មាន​ទិស​ដៅ​ច្បាស់​លាស់។

ប្អូន​ប្រឈម​មុខ​ស្ថានការណ៍​ស្រដៀង​គ្នា​ដែរ កាល​ដែល​ប្អូន​ធំ​ឡើង​ជា​មនុស្ស​ពេញ​វ័យ។ ប្អូន​មាន​ផែនទី​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​ក៏​មាន​ពិល​ដែរ។ គម្ពីរ​ជា​ផែនទី​ដែល​អាច​ជួយ​ប្អូន​ដឹង​ថា​ផ្លូវ​មួយ​ណា​ប្អូន​ត្រូវ​ជ្រើស​រើស។ (សុភ. ៣:៥, ៦) សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​គឺ​ដូច​ពិល។ បើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ប្អូន​ទទួល​ការ​បង្វឹក​បង្ហាត់​យ៉ាង​ត្រឹម​ត្រូវ វា​អាច​ជួយ​ប្អូន​ច្រើន​ណាស់​ក្នុង​ការ​ដើរ​ក្នុង​ផ្លូវ​ត្រូវ។ (រ៉ូម ២:១៥) ប៉ុន្តែ​ដើម្បី​ឲ្យ​ប្អូន​បាន​ជោគ​ជ័យ​ក្នុង​ជីវិត ប្អូន​ក៏​ត្រូវ​ដឹង​អំពី​អ្វី​ដែល​ប្អូន​ចង់​សម្រេច​ក្នុង​ជីវិត​ដែរ។ ដូច្នេះ ប្អូន​ត្រូវ​មាន​គោល​ដៅ​ច្បាស់​លាស់។

៣. នៅ​កូរិនថូស​ទី​១ ៩:២៦ តើ​ប៉ូល​ចង់​សំដៅ​ទៅ​ប្រយោជន៍​អ្វី​ខ្លះ​ដែល​មក​ពី​ការ​មាន​គោល​ដៅ?

សាវ័ក​ប៉ូល​បាន​សង្ខេប​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​កំណត់​គោល​ដៅ​និង​ការ​ព្យាយាម​ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នោះ ពេល​គាត់​សរសេរ​ថា៖ «របៀប​ដែល​ខ្ញុំ​កំពុង​រត់ មិន​មែន​ដូច​ជា​រត់​ដោយ​គ្មាន​គោល​ដៅ​ទេ។ របៀប​ដែល​ខ្ញុំ​ដាល់ មិន​ដូច​ជា​ដាល់​ខ្យល់​ឡើយ»។ (១កូ. ៩:២៦) ប្រសិន​បើ​ប្អូន​មាន​គោល​ដៅ ប្អូន​អាច​រត់​ដោយ​មាន​ទំនុក​ចិត្ត។ មិន​យូរ​ទៀត ប្អូន​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​ស្តី​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ ការងារ អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ​ជា​ដើម។ ជួន​កាល ប្អូន​ប្រហែល​មាន​អារម្មណ៍​ថា​ប្អូន​មិន​ដឹង​ធ្វើ​អ្វី​ទេ ដោយ​សារ​មាន​ជម្រើស​ស្មុគ​ស្មាញ​ពេក។ ប៉ុន្តែ បើ​ប្អូន​កំណត់​គោល​ដៅ​ទុក​ជា​មុន​ដោយ​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​របស់​ប្អូន​ចំពោះ​សេចក្ដី​ពិត​និង​គោល​ការណ៍​ក្នុង​បណ្ដាំ​របស់​ព្រះ នោះ​ប្អូន​នឹង​មិន​ចង់​ដើរ​តាម​ផ្លូវ​ខុស​ទេ។—២ធី. ៤:៤, ៥

៤, ៥. (ក) តើ​អ្វី​អាច​កើត​ឡើង បើ​ប្អូន​មិន​កំណត់​គោល​ដៅ​សម្រាប់​ខ្លួន​ប្អូន? (ខ) ហេតុ​អ្វី​ជម្រើស​របស់​ប្អូន​គួរ​ផ្អែក​លើ​ចិត្ត​របស់​ប្អូន​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

បើ​ប្អូន​មិន​កំណត់​គោល​ដៅ​សម្រាប់​ខ្លួន​ប្អូន​ទេ នោះ​មនុស្ស​ស្រករ​ប្អូន​និង​គ្រូ​ៗ​ប្អូន ទំនង​ជា​ជំរុញ​ចិត្ត​ប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​គិត​ថា​ត្រឹម​ត្រូវ​សម្រាប់​ប្អូន។ ប៉ុន្តែ​ទោះ​បី​ប្អូន​មាន​គោល​ដៅ​ច្បាស់​លាស់​ក៏​ដោយ ក៏​អ្នក​ខ្លះ​ប្រហែល​នៅ​តែ​ឲ្យ​យោបល់​របស់​ពួក​គេ​ដែរ។ ពេល​ដែល​ប្អូន​ស្ដាប់​យោបល់​របស់​ពួក​គេ សូម​សួរ​ខ្លួន​ប្អូន​ថា ‹តើ​គោល​ដៅ​ដែល​ពួក​គេ​និយាយ នឹង​ជួយ​ខ្ញុំ​កាល​ដែល​ខ្ញុំ​នៅ​ក្មេង ឲ្យ​នឹក​ចាំ​ពី​ព្រះ​ដែល​ជា​អ្នក​បង្កើត ឬ​នឹង​បំបែរ​អារម្មណ៍​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ដូច្នេះ​វិញ?›។—សូម​អាន សាស្ដា ១២:១

ហេតុ​អ្វី​ជម្រើស​របស់​ប្អូន​ក្នុង​ជីវិត គួរ​ផ្អែក​លើ​ចិត្ត​របស់​ប្អូន​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត? មូលហេតុ​មួយ​គឺ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​របស់​ល្អ​ៗ​ទាំង​អស់​ដែល​យើង​មាន។ (យ៉ា. ១:១៧) តាម​ពិត មនុស្ស​គ្រប់​រូប​ជំពាក់​គុណ​ព្រះ។ (បប. ៤:១១) ចំពោះ​ប្អូន កាល​ណា​ប្អូន​កំណត់​គោល​ដៅ គ្មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​គិត​អំពី​លោក​ទេ មែន​ទេ? ចូរ​យើង​ពិចារណា​ថា​គោល​ដៅ​ល្អ​ប្រសើរ​ណា​ខ្លះ​ដែល​គួរ​សម្រេច​ឲ្យ​បាន ហើយ​ថា​ប្អូន​ត្រូវ​ធ្វើ​អ្វី​ដើម្បី​សម្រេច​បាន​គោល​ដៅ​ទាំង​នោះ។

តើ​គោល​ដៅ​អ្វី​ខ្លះ​ដែល​ប្អូន​អាច​កំណត់?

៦. តើ​គោល​ដៅ​សំខាន់​ចម្បង​អ្វី​ដែល​ប្អូន​អាច​កំណត់? ហើយ​ហេតុ​អ្វី?

ដូច​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន គោល​ដៅ​សំខាន់​ចម្បង​ដែល​ប្អូន​អាច​កំណត់ គឺ​បញ្ជាក់​ឲ្យ​ខ្លួន​ប្អូន​ជឿ​ថា អ្វី​ដែល​គម្ពីរ​ចែង​គឺ​ជា​សេចក្ដី​ពិត។ (រ៉ូម ១២:២; ២កូ. ១៣:៥) មនុស្ស​ស្រករ​ប្អូន​ប្រហែល​ជឿ​លើ​ការ​វិវត្តន៍​ឬ​សេចក្ដី​បង្រៀន​មិន​ពិត​ផ្សេង​ៗ​ខាង​សាសនា ដោយ​សារ​អ្នក​ឯ​ទៀត​បាន​ប្រាប់​ពួក​គេ​ថា​នេះ​ជា​អ្វី​ដែល​ពួក​គេ​គួរ​ជឿ។ ក៏​ប៉ុន្តែ ប្អូន​មិន​ត្រូវ​ជឿ​អ្វី​មួយ​ដោយ​សារ​អ្នក​ឯ​ទៀត​ចង់​ឲ្យ​ប្អូន​ជឿ​នោះ​ទេ។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព​រិះ​គិត។ (សូម​អាន ម៉ាថាយ ២២:៣៦, ៣៧) បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ចង់​ឲ្យ​ប្អូន​បណ្ដុះ​ជំនឿ​ដោយ​មាន​ទី​សំអាង។—ហេ. ១១:១

៧, ៨. (ក) ស្តី​អំពី​គោល​ដៅ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​ខ្លី តើ​ប្អូន​អាច​កំណត់​គោល​ដៅ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​ប្អូន​ឲ្យ​ពង្រឹង​ជំនឿ​ប្អូន? (ខ) តើ​ប្អូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ប្អូន​សម្រេច​បាន​គោល​ដៅ​ខ្លះ​ៗ​ទាំង​នេះ?

ដើម្បី​ពង្រឹង​ជំនឿ ជា​ការ​ល្អ​ឲ្យ​ប្អូន​កំណត់​គោល​ដៅ​ដែល​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​ខ្លី។ គោល​ដៅ​មួយ​គឺ​ឲ្យ​ប្អូន​អធិដ្ឋាន​រៀង​រាល់​ថ្ងៃ។ ដើម្បី​ជួយ​ប្អូន​ឲ្យ​អធិដ្ឋាន​ចំ​ៗ និង​មិន​ឲ្យ​អធិដ្ឋាន​ច្រំ​ដែល ប្អូន​អាច​ចាំ​ក្នុង​គំនិត​ឬ​កត់​ទុក​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ​ដែល​ប្អូន​ចង់​បញ្ចូល​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ប្អូន។ សូម​កុំ​អធិដ្ឋាន​តែ​ពី​ការ​ពិបាក​ដែល​ប្អូន​ប្រឈម​មុខ​ប៉ុណ្ណោះ តែ​សូម​អធិដ្ឋាន​អំពី​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​ប្អូន​សប្បាយ​ដែរ។ (ភី. ៤:៦) គោល​ដៅ​មួយ​ទៀត គឺ​ឲ្យ​ប្អូន​អាន​គម្ពីរ​រាល់​ថ្ងៃ។ តើ​ប្អូន​ដឹង​ទេ​ថា បើ​ប្អូន​អាន​គម្ពីរ​ប្រហែល​បួន​ទំព័រ​ក្នុង​មួយ​ថ្ងៃ ប្អូន​នឹង​អាច​អាន​គម្ពីរ​ទាំង​មូល​ចប់​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ទំនុក​តម្កើង ១:១, ២​ចែង​ថា៖ ‹មាន​ពរ​ហើយ អ្នក​ណា​ដែល . . . ត្រេក​អរ​តែ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ›។

គោល​ដៅ​ទី​៣​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​ខ្លី ដែល​ប្អូន​អាច​កំណត់ គឺ​រៀបចំ​ទុក​ជា​មុន​នូវ​ចម្លើយ​សម្រាប់​កិច្ច​ប្រជុំ​នី​មួយ​ៗ។ មុន​ដំបូង ប្អូន​អាច​អាន​ចម្លើយ​ឬ​បទ​គម្ពីរ​មួយ។ ក្រោយ​មក ប្អូន​អាច​កំណត់​គោល​ដៅ​ឆ្លើយ​ដោយ​ចេញ​ពី​ចិត្ត។ ពិត​មែន រាល់​លើក​ដែល​ប្អូន​ឆ្លើយ គឺ​ហាក់​ដូច​ជា​ប្អូន​ជូន​អំណោយ​ទៅ​ព្រះ​យេហូវ៉ា។ (ហេ. ១៣:១៥) ពេល​ដែល​ប្អូន​សម្រេច​បាន​គោល​ដៅ​ខ្លះ​ទាំង​នេះ ប្អូន​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំងឡើង ហើយ​ប្អូន​អាច​ចាប់​ផ្ដើម​កំណត់​គោល​ដៅ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង។

៩. បើ​ប្អូន​មិន​ទាន់​ជា​អ្នក​ផ្សព្វ​ផ្សាយ​ទេ តើ​គោល​ដៅ​ណា​ខ្លះ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង ដែល​ប្អូន​អាច​កំណត់​សម្រាប់​ខ្លួន​ប្អូន?

តើ​គោល​ដៅ​ណា​ខ្លះ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង ដែល​ប្អូន​អាច​កំណត់​សម្រាប់​ខ្លួន​ប្អូន? បើ​ប្អូន​មិន​ទាន់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​សាធារណៈ​ទេ គោល​ដៅ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង ដែល​ប្អូន​អាច​កំណត់ គឺ​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ។ ពេល​ដែល​ប្អូន​សម្រេច​បាន​គោល​ដៅ​ដែល​ប្រកប​ដោយ​កិត្ដិយស​នេះ ប្អូន​នឹង​ចង់​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មាន​ប្រសិទ្ធភាព ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​ទៀង​ទាត់​ដោយ​មិន​អាក់​ខាន​មួយ​ខែ​ឡើយ។ ប្អូន​ក៏​នឹង​ចង់​រៀន​ប្រើ​គម្ពីរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ កាល​ដែល​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​ទំនង​ជា​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន​ឡើង។ ក្រោយ​មក ប្អូន​អាច​បង្កើន​ចំនួន​ម៉ោង​ដែល​ប្អូន​ចំណាយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​ព្យាយាម​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ បើ​ប្អូន​មិន​ទាន់​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទេ ជា​ការ​ល្អ​ដែល​ប្អូន​ខំ​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។ គ្មាន​គោល​ដៅ​ណា​ដែល​ប្រសើរ​ជាង​នេះ​ទេ មែន​ទេ?

១០, ១១. តើ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ អាច​កំណត់​គោល​ដៅ​អ្វី​ខ្លះ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង?

១០ បើ​ប្អូន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ មាន​គោល​ដៅ​ខ្លះ​ដែល​ប្អូន​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង។ ម្ដង​ម្កាល ប្អូន​ប្រហែល​ចង់​ជួយ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​ក្រុម​ជំនុំ​ផ្សេង​ៗ​កម្រ​បាន​ផ្សព្វ​ផ្សាយ។ ប្អូន​ប្រហែល​សម្រេច​ចិត្ត​ប្រើ​កម្លាំង​និង​សុខភាព​ល្អ​របស់​ប្អូន​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ឬ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ អ្នក​ត្រួស​ត្រាយ​រាប់​ម៉ឺន​នាក់​ដែល​មាន​ចិត្ត​សប្បាយ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ពេញ​ពេល នឹង​ប្រាប់​ប្អូន​ថា​កិច្ច​បម្រើ​នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​នឹក​ចាំ​ព្រះ​ដែល​ជា​អ្នក​បង្កើត កាល​ដែល​ប្អូន​នៅ​យុវវ័យ។ នេះ​ជា​គោល​ដៅ​ដែល​ប្អូន​អាច​សម្រេច​បាន ពេល​ដែល​ប្អូន​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ។ ការ​ដែល​ប្អូន​សម្រេច​គោល​ដៅ​ទាំង​នោះ ក៏​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​ប្អូន​ទទួល​ប្រយោជន៍​ដែរ។

១១ គោល​ដៅ​ឯ​ទៀត​ដែល​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​វែង អាច​បើក​ឱកាស​ឲ្យ​ប្អូន​ចេញ​ទៅ​បម្រើ​នៅ​កន្លែង​ផ្សេង​ក្រៅ​ពី​ក្រុម​ជំនុំ​របស់​ប្អូន។ ជា​ឧទាហរណ៍ ប្អូន​អាច​គ្រោង​ទៅ​បម្រើ​នៅ​តំបន់​មួយ​ទៀត​ឬ​នៅ​ប្រទេស​មួយ​ទៀត​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ ប្អូន​ប្រហែល​ចង់​ជួយ​សង់​សាល​ប្រជុំ​ឬ​អគារ​នៃ​ការិយាល័យ​សាខា​នៅ​ប្រទេស​ក្រៅ។ ប្អូន​ក៏​អាច​បម្រើ​នៅ​បេតអែល​ឬ​ក្លាយ​ជា​សាសនទូត​ដែរ។ ក៏​ប៉ុន្តែ ការ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គោល​ដៅ​សំខាន់​ទី​១​ដែល​ប្អូន​ត្រូវ​សម្រេច មុន​ប្អូន​ឈាន​ទៅ​សម្រេច​គោល​ដៅ​ដែល​អាច​សម្រេច​ក្នុង​រយៈ​ពេល​វែង​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ។ បើ​ប្អូន​មិន​ទាន់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទេ សូម​ពិចារណា​ថា​ការ​សម្រេច​គោល​ដៅ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ?

សម្រេច​គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក

១២. តើ​អ្នក​ខ្លះ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មាន​មូលហេតុ​អ្វី​ខ្លះ? ហេតុ​អ្វី​មូលហេតុ​ទាំង​នេះ​គឺ​មិន​គ្រប់​គ្រាន់?

១២ តើ​ប្អូន​គិត​ថា​យើង​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​បំណង​អ្វី? អ្នក​ខ្លះ​ប្រហែល​គិត​ថា​គឺ​ដើម្បី​ការ​ពារ​ពួក​គេ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ អ្នក​ឯ​ទៀត​ប្រហែល​មាន​អារម្មណ៍​ថា​ពួក​គេ​គួរ​ទទួល​ការ​ជ្រមុជ​ទឹក ពី​ព្រោះ​មនុស្ស​ស្រករ​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ។ រីឯ​ប្អូន​ៗ​ខ្លះ​ទៀត​ប្រហែល​ចង់​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ពួក​គេ​ពេញ​ចិត្ត។ ក៏​ប៉ុន្តែ ការ​ជ្រមុជ​ទឹក​មិន​បញ្ឈប់​ប្អូន​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ដែល​ប្អូន​ចង់​ធ្វើ​ដោយ​លួច​លាក់​ទេ។ ម្យ៉ាង​ទៀត​ប្អូន​ក៏​មិន​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​សារ​អ្នក​ឯ​ទៀត​បង្ខិត​បង្ខំ​ប្អូន​ឡើយ។ ប្អូន​គួរ​ទទួល​ការ​ជ្រមុជ​ទឹក កាល​ណា​ប្អូន​យល់​ច្បាស់​ថា​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ ហើយ​ពេល​ប្អូន​ប្រាកដ​ថា​ប្អូន​បាន​ត្រៀម​ខ្លួន ហើយ​ចង់​ទទួល​ភារកិច្ច​នេះ។—សាស្ដ. ៥:៤, ៥

១៣. ហេតុ​អ្វី​ប្អូន​គួរ​ទទួល​ការ​ជ្រមុជ​ទឹក?

១៣ មូលហេតុ​មួយ​ដែល​យើង​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ដោយ​សារ​លោក​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ«បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម[លោក] ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ»។ លោក​ក៏​បាន​ទុក​គំរូ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ។ (សូម​អាន ម៉ាថាយ ២៨:១៩, ២០; ម៉ាកុស ១:៩) មួយ​វិញ​ទៀត ការ​ជ្រមុជ​ទឹក​គឺ​ជា​ដំណាក់​កាល​មួយ​ដ៏​សំខាន់​សម្រាប់​ពួក​អ្នក​ដែល​ចង់​ទទួល​ការ​សង្គ្រោះ។ បន្ទាប់​ពី​បាន​រៀប​រាប់​ថា​ណូអេ​បាន​សង់​ទូក​ធំ​ដែល​គាត់​និង​ក្រុម​គ្រួសារ​គាត់​បាន​រួច​ជីវិត​ពេល​មាន​ទឹក​ជំនន់ សាវ័ក​ពេត្រុស​បាន​ស្រដី​ថា៖ «ព្រឹត្ដិការណ៍​នោះ​ជា​និមិត្តរូប​នៃ​អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឥឡូវ​នេះ ពោល​គឺ​ការ​ជ្រមុជ​ទឹក . . . តាម​រយៈការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ»។ (១ពេ. ៣:២០, ២១) នេះ​មិន​បាន​សេចក្ដី​ថា​ប្អូន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​បំណង​តែ​ទទួល​ការ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្អូន​ទទួល​ការ​ជ្រមុជ​ទឹក​ពី​ព្រោះ​ប្អូន​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​បម្រើ​លោក​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ។—ម៉ាក. ១២:២៩, ៣០

១៤. ហេតុ​អ្វី​អ្នក​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក? ប៉ុន្តែ​តើ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្អូន​យ៉ាង​ណា?

១៤ អ្នក​ខ្លះ​ប្រហែល​រា​រែក​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​សារ​ខ្លាច​ថា​ពួក​គេ​អាច​ត្រូវ​បណ្ដាច់​មិត្តភាព ពេល​ក្រោយ​ៗ​មក។ តើ​ប្អូន​ខ្លាច​យ៉ាង​នេះ​ឬ? បើ​មែន ការ​ខ្លាច​បែប​នេះ​មិន​ខុស​ទាស់​អ្វី​ទេ ព្រោះ​នេះ​អាច​បញ្ជាក់​ថា​ប្អូន​យល់​អំពី​ភារកិច្ច​ធ្ងន់​ធ្ងរ​ដែល​មក​ពី​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ តើ​ប្រហែល​មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​ប្អូន​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ប្អូន​ប្រហែល​មិន​ទាន់​ជឿ​ជាក់​ទេ​ថា ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​គឺ​ជា​គន្លង​ជីវិត​ប្រសើរ​បំផុត។ ក្នុង​ករណី​នេះ ការ​គិត​អំពី​ផល​វិបាក​ដែល​ពួក​អ្នក​មិន​អើពើ​នឹង​ខ្នាត​តម្រា​គម្ពីរ​ទទួល អាច​ជួយ​ប្អូន​ឲ្យ​សម្រេច​ចិត្ត។ ម្យ៉ាង​វិញ​ទៀត ប្អូន​ប្រហែល​ស្រឡាញ់​ខ្នាត​តម្រា​របស់​ព្រះ តែ​មិន​ទុក​ចិត្ត​ខ្លួន​ប្អូន​ថា​អាច​ធ្វើ​តាម​ខ្នាត​តម្រា​នោះ​បាន​ទេ។ តាម​ពិត បើ​ប្អូន​មាន​អារម្មណ៍​បែប​នេះ នោះ​បង្ហាញ​ថា​ប្អូន​មាន​ចិត្ត​រាប​ទាប។ យ៉ាង​ណា​មិញ គម្ពីរ​ចែង​ថា ចិត្ត​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​គឺ​ជា​គ្រឿង​បញ្ឆោត​ឬ​វៀច​វេរ។ (យេ. ១៧:៩) ប៉ុន្តែ ប្អូន​អាច​បាន​ជោគ​ជ័យ បើ​ប្អូន‹ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​នៃ​ព្រះ›ជា​និច្ច។ (សូម​អាន ទំនុក​តម្កើង ១១៩:៩) ទោះ​ជា​មាន​មូលហេតុ​ណា​ក្ដី​ដែល​ធ្វើ​ឲ្យ​ប្អូន​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក ប្អូន​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​និង​ការ​ព្រួយ​បារម្ភ​របស់​ប្អូន។

១៥, ១៦. តើ​ប្អូន​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

១៥ ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​ប្អូន​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក? វិធី​មួយ​គឺ​ប្អូន​សួរ​ខ្លួន​ប្អូន​ថា‹តើ​ខ្ញុំ​អាច​ពន្យល់​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ​ដល់​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​ខ្ញុំ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ សូម្បី​តែ​ពេល​ឪពុក​ម្ដាយ​ខ្ញុំ​មិន​ផ្សព្វ​ផ្សាយ​ក៏​ដោយ? តើ​ខ្ញុំ​ព្យាយាម​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់​ឬ​ទេ? តើ​ខ្ញុំ​អាច​ចាំ​ពេល​ដែល​ខ្ញុំ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​នឹង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ សូម្បី​តែ​ឪពុក​ម្ដាយ​ខ្ញុំ​និង​មិត្ត​ភក្ដិ​ខ្ញុំ​ឈប់​ធ្វើ​ដូច្នេះ​ក៏​ដោយ? តើ​ខ្ញុំ​បាន​អធិដ្ឋាន​អំពី​ចំណង​មេត្រី​ភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​បាន​អធិដ្ឋាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដោយ​ឥត​សំចៃ​ឬ​ទេ?›។

១៦ ការ​ជ្រមុជ​ទឹក​គឺ​ជា​ព្រឹត្ដិការណ៍​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​យើង ហើយ​មិន​មែន​ជា​រឿង​មួយ​ដែល​យើង​អាច​មើល​ស្រាល​បាន​ទេ។ តើ​ប្អូន​មាន​គំនិត​ចាស់​ទុំ​ល្មម​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ដំណាក់​កាល​នេះ​ឬ​ទេ? មាន​គំនិត​ចាស់​ទុំ​មិន​គ្រាន់​តែ​មាន​ន័យ​ថា​មាន​សមត្ថភាព​ថ្លែង​សុន្ទរកថា​យ៉ាង​ល្អ​នៅ​លើ​វេទិកា​ឬ​ចេះ​ឆ្លើយ​គួរ​ឲ្យ​សរសើរ​នៅ​កិច្ច​ប្រជុំ​ប៉ុណ្ណោះ​ទេ។ មាន​គំនិត​ចាស់​ទុំ​តម្រូវ​ឲ្យ​មាន​សមត្ថភាព​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ផ្អែក​លើ​ការ​យល់​ដឹង​អំពី​គោល​ការណ៍​គម្ពីរ។ (សូម​អាន ហេប្រឺ ៥:១៤) បើ​ប្អូន​មាន​ភាព​ចាស់​ទុំ​ដើម្បី​ធ្វើ​ដូច្នេះ ប្អូន​អាច​ទទួល​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ពោល​គឺ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ហើយ​រស់​នៅ​តាម​របៀប​ដែល​បង្ហាញ​ថា​ប្អូន​ពិត​ជា​បាន​ប្រគល់​ខ្លួន​ជូន​លោក​មែន។

១៧. តើ​អ្វី​នឹង​ជួយ​ប្អូន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​ប្អូន​អាច​មាន ក្រោយ​ប្អូន​ទទួល​ការ​ជ្រមុជ​ទឹក?

១៧ ភ្លាម​ៗ​បន្ទាប់​ពី​បាន​ទទួល​ការ​ជ្រមុជ​ទឹក ប្អូន​ប្រហែល​បម្រើ​ព្រះ​ដោយ​មាន​ចិត្ត​រំភើប​ជា​ខ្លាំង។ ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ប្អូន​ប្រហែល​ជួប​ប្រទះ​ទុក្ខ​លំបាក​ដែល​ល្បង​ល​ជំនឿ​និង​ភាព​រឹង​ប៊ឹង​របស់​ប្អូន។ (២ធី. ៣:១២) កុំ​មាន​អារម្មណ៍​ថា​ប្អូន​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នេះ​តែ​ម្នាក់​ឯង។ ចូរ​សុំ​យោបល់​ពី​ឪពុក​ម្ដាយ​ប្អូន។ ចូរ​សុំ​អ្នក​ដែល​មាន​ភាព​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ជួយ​ប្អូន។ ចូរ​រក្សា​មិត្តភាព​ជា​មួយ​ពួក​អ្នក​ដែល​នឹង​គាំទ្រ​ប្អូន។ សូម​កុំ​ភ្លេច​ថា​ព្រះ​យេហូវ៉ា​គិត​អំពី​ប្អូន ហើយ​លោក​នឹង​ឲ្យ​ប្អូន​នូវ​កម្លាំង​ដែល​ប្អូន​ត្រូវ​ការ​ដើម្បី​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ណា​ក៏​ដោយ​ដែល​អាច​កើត​ឡើង។—១ពេ. ៥:៦, ៧

តើ​ប្អូន​អាច​សម្រេច​គោល​ដៅ​របស់​ប្អូន​យ៉ាង​ដូច​ម្ដេច?

១៨, ១៩. តើ​ប្អូន​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិនិត្យ​មើល​អ្វី​ៗ​ដែល​ប្អូន​ចាត់​ទុក​ជា​អាទិភាព?

១៨ ទោះ​ជា​ប្អូន​មាន​បំណង​ល្អ​បំផុត​ក៏​ដោយ តើ​ប្អូន​ហាក់​ដូច​ជា​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​អ្វី​ដែល​ប្អូន​ចង់​និង​ត្រូវ​ធ្វើ​ឬ​ទេ? បើ​ដូច្នេះ​មែន ប្អូន​គួរ​ពិនិត្យ​មើល​អ្វី​ដែល​ប្អូន​ចាត់​ទុក​ថា​សំខាន់​បំផុត​ចំពោះ​ប្អូន។ ជា​ឧទាហរណ៍ សូម​យក​ធុង​មួយ រួច​ដាក់​ដុំ​ថ្ម​ធំ​ៗ​បី​បួន​ដុំ​ក្នុង​ធុង​នោះ។ បន្ទាប់​មក​ដាក់​ខ្សាច់​ឲ្យ​ពេញ​ធុង។ ប្អូន​មាន​ធុង​មួយ​ដែល​ពេញ​ទៅ​ដោយ​ដុំ​ថ្ម​និង​ខ្សាច់។ សូម​ចាក់​ថ្ម​និង​ខ្សាច់​ចេញ​ពី​ធុង តែ​កុំ​ចោល​វា។ លើក​នេះ សូម​ចាក់​ខ្សាច់​ចូល​ក្នុង​ធុង​មុន បន្ទាប់​មក​ដាក់​ដុំ​ថ្ម​ទៅ​ក្នុង​ធុង​នោះ។ ដាក់​ថ្ម​មិន​ចុះ​ទេ មែន​ទេ? នេះ​គឺ​ដោយ​សារ​ប្អូន​ដាក់​ខ្សាច់​ចូល​ក្នុង​ធុង​មុន។

១៩ ប្អូន​មាន​ការ​ពិបាក​ដូច​នេះ ពេល​ប្អូន​ប្រើ​ពេល​វេលា។ បើ​ប្អូន​ចាត់​ទុក​អ្វី​ៗ​ដូច​ជា​ការ​កម្សាន្ត​ជា​អាទិភាព ប្អូន​នឹង​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ទេ ពោល​គឺ​កិច្ចការ​ដែល​ទាក់​ទង​នឹង​ការ​បម្រើ​ព្រះ។ ប៉ុន្តែ បើ​ប្អូន​ធ្វើ​តាម​ការ​ដាស់​តឿន​ពី​គម្ពីរ​ដើម្បី«ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង» នោះ​ប្អូន​នឹង​មាន​ពេល​ដើម្បី​បម្រើ​ព្រះ​ផង​និង​ដើម្បី​កម្សាន្ត​សប្បាយ​ខ្លះ​ផង​ដែរ។—ភី. ១:១០

២០. ប្រសិន​បើ​ប្អូន​មាន​ការ​តាន​តឹង​ចិត្ត​និង​ការ​សង្ស័យ កាល​ដែល​ប្អូន​ព្យាយាម​សម្រេច​គោល​ដៅ តើ​ប្អូន​គួរ​ធ្វើ​អ្វី?

២០ កាល​ដែល​ប្អូន​ព្យាយាម​សម្រេច​គោល​ដៅ​ដែល​រួម​ទាំង​ការ​ជ្រមុជ​ទឹក ជួន​កាល​ប្អូន​ប្រហែល​មាន​ការ​តាន​តឹង​ចិត្ត​និង​ការ​សង្ស័យ។ ពេល​ប្អូន​មាន​អារម្មណ៍​បែប​នេះ ‹ចូរ​ផ្ទេរ​បន្ទុក​របស់​ប្អូន​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​ប្អូន›។ (ទំនុក. ៥៥:២២) បច្ចុប្បន្ន​នេះ ប្អូន​មាន​ឱកាស​ចូល​រួម​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​ប្អូន​រំភើប​ចិត្ត​ក្រៃ​លែង​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ ពោល​គឺ​កិច្ច​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​នៅ​ទូទាំង​ពិភព​លោក។ (សកម្ម. ១:៨) ប្អូន​អាច​សម្រេច​ចិត្ត​មិន​ចូល​រួម​កិច្ច​ការ​នេះ ឬ​ប្អូន​អាច​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ។ សូម​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើ​សមត្ថភាព​របស់​ប្អូន​ដើម្បី​បម្រើ​ព្រះ​និង​ដើម្បី​គាំទ្រ​រាជាណាចក្រ​របស់​លោក។ ប្អូន​នឹង​មិន​ស្ដាយ​ក្រោយ​ទាល់​តែ​សោះ​ដោយ​បាន​បម្រើ‹ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ប្អូន​នៅ​ក្មេង›។—សាស្ដ. ១២:១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​ប្អូន​គួរ​កំណត់​គោល​ដៅ?

• តើ​មាន​គោល​ដៅ​ដ៏​ល្អ​ប្រសើរ​ណា​ខ្លះ​ដែល​ប្អូន​គួរ​សម្រេច​ឲ្យ​បាន?

• តើ​ការ​សម្រេច​គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក​រួម​បញ្ចូល​អ្វី​ខ្លះ?

• តើ​ការ​ពិនិត្យ​មើល​អ្វី​ៗ​ដែល​ប្អូន​ចាត់​ទុក​ជា​អាទិភាព​ជួយ​ប្អូន​យ៉ាង​ដូច​ម្ដេច​ឲ្យ​សម្រេច​គោល​ដៅ​របស់​ប្អូន?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២០]

តើ​ប្អូន​មាន​គោល​ដៅ អាន​គម្ពីរ​រាល់​ថ្ងៃ​ឬ​ទេ?

[រូប​ភាព​នៅ​ទំព័រ​២២]

តើ​អ្វី​នឹង​ជួយ​ប្អូន​ឲ្យ​សម្រេច​គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក?

[រូប​ភាព​នៅ​ទំព័រ​២៣]

តើ​ប្អូន​ទាញ​មេ​រៀន​អ្វី ពី​ឧទាហរណ៍​នេះ?