លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតរបស់យើង!

ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតរបស់យើង!

ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​របស់​យើង!

«ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់[ឬ«ម្ចាស់​ដ៏​ឧត្តម​បំផុត»]យេហូវ៉ា​ទុក​ជា​ទី​ពឹង»។—ទំនុក. ៧៣:២៨; ព.ថ.

១. ដូច​នៅ​កូរិនថូស​ទី​១ ៧:៣១ តាម​មើល​ទៅ តើ​ប៉ូល​ចង់​សំដៅ​ទៅ​លើ​អ្វី?

 សាវ័ក​ប៉ូល​បាន​ស្រដី​ថា៖ «ស្ថានភាព​ពិភព​លោក​កំពុង​ប្រែ​ប្រួល»។ (១កូ. ៧:៣១) ក្នុង​ភាសា​ដើម តាម​មើល​ទៅ គាត់​បាន​ប្រៀប​ធៀប​ពិភព​លោក​ទៅ​នឹង​ឆាក​ល្ខោន​មួយ ដែល​តួ​អង្គ​ផ្សេង​ៗ​សម្ដែង​ជា​តួ​ល្អ​ឬ​តួ​អាក្រក់​រហូត​ដល់​មាន​ការ​ផ្លាស់​ប្ដូរ​ឈុត។

២, ៣. (ក) តើ​ការ​ប្រឆាំង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​អាច​ប្រៀប​ទៅ​នឹង​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

សព្វ​ថ្ងៃ​នេះ មាន​ស្ថានភាព​មួយ​ដែល​កំពុង​កើត​ឡើង​ដែល​ប្រៀប​ដូច​ជា​រឿង​ល្ខោន​មួយ ដែល​ជាប់​ទាក់​ទង​នឹង​រូប​អ្នក! ជា​ពិសេស​ស្ថានភាព​នេះ​ទាក់​ទង​នឹង​ការ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង។ រឿង​ល្ខោន​នេះ​អាច​បង្ហាញ​ពី​ស្ថានភាព​ជាក់​ស្តែង​ដែល​អាច​មាន​ក្នុង​ប្រទេស​ណា​មួយ។ នៅ​ប្រទេស​នោះ ប្រហែល​ជា​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​រក្សា​សណ្ដាប់​ធ្នាប់។ ប៉ុន្តែ ក៏​ប្រហែល​មាន​អង្គការ​ជន​ឧក្រិដ្ឋ​ដែល​បោក​ប្រាស់​គេ ធ្វើ​អំពើ​ហិង្សា និង​ធ្វើ​ឃាតកម្ម​ដែរ។ អង្គការ​ខុស​ច្បាប់​នេះ​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល ហើយ​សាក​ល្បង​ភក្ដី​ភាព​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​នោះ។

ស្ថានការណ៍​ស្រដៀង​គ្នា​ក៏​កើត​ឡើង​នៅ​ទូទាំង​សកល​លោក​ដែរ ពី​ព្រោះ​មាន​រដ្ឋាភិបាល​របស់«ព្រះ​អម្ចាស់[ឬ«ម្ចាស់​ដ៏​ឧត្តម​បំផុត»]យេហូវ៉ា» ដែល​ស្រប​ច្បាប់។ (ទំនុក. ៧១:៥; ព.ថ.)។ តែ​ក៏​មាន​អង្គការ​ជន​ឧក្រិដ្ឋ​មួយ​ដែល​ដឹក​នាំ​ដោយ«មេ​កំណាច» ដែល​កំពុង​គំរាម​កំហែង​មនុស្សជាតិ។ (១យ៉ូន. ៥:១៩) អង្គការ​នេះ​ប្រឆាំង​រដ្ឋាភិបាល​របស់​ព្រះ​ដែល​ស្រប​ច្បាប់ ហើយ​សាក​ល្បង​ភក្ដី​ភាព​របស់​មនុស្ស​ទាំង​អស់​ចំពោះ​ការ​គ្រប់​គ្រង​របស់​លោក។ តើ​អ្វី​ជា​ដើម​ហេតុ​នៃ​រឿង​នេះ? ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង? តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​ចំពោះ​រឿង​នេះ?

រឿង​ល្ខោន

៤. តើ​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​រឿង​ល្ខោន ដែល​កំពុង​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ រួម​បញ្ចូល​រឿង​ពីរ​ណា​ខ្លះ​ដែល​ជាប់​ពាក់​ព័ន្ធ​គ្នា?

ស្ថានភាព​នេះ​ដែល​ប្រៀប​ដូច​ជា​រឿង​ល្ខោន ដែល​កំពុង​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ រួម​បញ្ចូល​រឿង​ពីរ​ដែល​ជាប់​ពាក់​ព័ន្ធ​គ្នា ពោល​គឺ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា និង​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​មនុស្ស។ ជា​ញឹក​ញយ បទ​គម្ពីរ​ហៅ​ព្រះ​យេហូវ៉ា​ថា«ម្ចាស់​ដ៏​ឧត្តម​បំផុត»។ ជា​ឧទាហរណ៍ ដោយ​មាន​ទំនុក​ចិត្ត​លើ​លោក​ទាំង​ស្រុង អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា៖ «ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់[ឬ«ម្ចាស់​ដ៏​ឧត្តម​បំផុត»]យេហូវ៉ា​ទុក​ជា​ទី​ពឹង»។ (ទំនុក. ៧៣:២៨; ព.ថ.) «សិទ្ធិ​គ្រប់​គ្រង»សំដៅ​ទៅ​លើ​អំណាច​ឬ​ការ​គ្រប់​គ្រង​ដែល​ធំ​បំផុត។ ដូច្នេះ អ្នក​គ្រប់​គ្រង​មាន​អំណាច​ធំ​បំផុត។ ហេតុ​នេះ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។—ដាន. ៧:២២

៥. ហេតុ​អ្វី​យើង​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា?

ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត លោក​ជា​អ្នក​គ្រប់​គ្រង​លើផែនដី​និង​លើ​សកល​លោក​ទាំង​មូល។ (សូម​អាន ការ​បើក​បង្ហាញ ៤:១១) ព្រះ​យេហូវ៉ា​ក៏​ជា​ចៅ​ក្រម ជា​អ្នក​តែង​ច្បាប់ និង​ជា​ស្តេច​របស់​យើង​ដែរ។ (អេ. ៣៣:២២) ដោយ​សារ​ព្រះ​ផ្ដល់​ជីវិត​ឲ្យ​យើង ហើយ​យើង​ពឹង​ពាក់​លើ​លោក នោះ​យើង​គួរ​ចាត់​ទុក​លោក​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​របស់​យើង។ បើ​យើង​ចាំ​ជា​និច្ច​ថា«ព្រះ​យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថាន​សួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់​គ្រង​លើ​ទាំង​អស់» នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​គាំទ្រ​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក។—ទំនុក. ១០៣:១៩; សកម្ម. ៤:២៤

៦. តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​គឺ​ជា​អ្វី?

យើង​ត្រូវ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​ចំពោះ​លោក ទើប​អាច​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ «ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ»ជា​ភាព​គ្រប់​លក្ខណៈ​ខាង​សីលធម៌។ អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​អ្នក​ដែល​គ្មាន​កន្លែង​បន្ទោស និង​ទៀង​ត្រង់។ យ៉ូប​ដែល​ជា​បុព្វ​បុរស​ម្នាក់​ជា​មនុស្ស​បែប​នោះ។—យ៉ូប ១:១

តើ​ល្ខោន​នេះ​បាន​ចាប់​ផ្ដើម​សម្ដែង​យ៉ាង​ដូច​ម្ដេច?

៧, ៨. តើ​សាថាន​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ជាង​៦.០០០​ឆ្នាំ​មុន បុគ្គល​វិញ្ញាណ​មួយ​រូប​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​វា​ផុស​ចេញ​ពី​ការ​គិត​តែ​ប្រយោជន៍​ខ្លួន​វា និង​ការ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​គោរព​បូជា​វា។ វា​នាំ​អាដាម​និង​អេវ៉ា​ដែល​ជា​គូ​ស្វាមីភរិយា​ដំបូង ឲ្យ​លែង​ស្មោះ​ត្រង់​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ ហើយ​វា​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ដែរ ដោយ​អះអាង​ថា​លោក​បាន​កុហក​ពួក​គេ។ (សូម​អាន លោកុប្បត្តិ ៣:១​-​៥) អ្នក​បះ​បោរ​នេះ​បាន​ក្លាយ​ទៅ​ជា​សត្រូវ​ធំ ជា​សាថាន(អ្នក​ប្រឆាំង) ជា​មេ​កំណាច(អ្នក​បង្កាច់​បង្ខូច) ជា​ពស់(អ្នក​បំភាន់) និង​ជា​នាគ(អ្នក​លេប​ត្របាក់)។—បប. ១២:៩

សាថាន​បាន​តាំង​ខ្លួន​ជា​អ្នក​គ្រប់​គ្រង​ដែល​ប្រកួត​ប្រជែង​ជា​មួយ​ព្រះ។ ដោយ​មាន​ការ​ប្រឆាំង​បែប​នេះ តើ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​នឹង​ធ្វើ​យ៉ាង​ណា? ចំពោះ​អ្នក​បះ​បោរ​ទាំង​បី​នាក់​នោះ ដែល​ជា​សាថាន អាដាម និង​អេវ៉ា តើ​លោក​នឹង​បំផ្លាញ​ពួក​គេ​ចោល​ភ្លាម​ៗ​ឬ​ទេ? លោក​ប្រាកដ​ជា​មាន​អំណាច​ធ្វើ​ដូច្នេះ​មែន ហើយ​ការ​ប្រព្រឹត្ត​បែប​នោះ​នឹង​បង្ហាញ​ថា​លោក​មាន​អំណាច​ធំ​បំផុត។ ម្យ៉ាង​ទៀត ការ​ធ្វើ​ដូច្នេះ ក៏​នឹង​បង្ហាញ​ដែរ​ថា​ព្រះ​យេហូវ៉ា​មិន​បាន​កុហក​ទេ​ស្តី​អំពី​ទណ្ឌកម្ម​ដែល​មក​ពី​ការ​បំពាន​ច្បាប់​របស់​លោក។ ប៉ុន្តែ ហេតុ​អ្វី​ព្រះ​មិន​បាន​បំផ្លាញ​ពួក​គេ​ចោល​ភ្លាម​ៗ?

៩. តើ​សាថាន​បាន​ចោទ​ប្រកាន់​អ្វី​ខ្លះ?

ដោយ​កុហក ហើយ​បំបែរ​អាដាម​និង​អេវ៉ា​ចេញ​ពី​ព្រះ សាថាន​បាន​ចោទ​ប្រកាន់​ថា​លោក​គ្មាន​សិទ្ធិ​តម្រូវ​ឲ្យ​មនុស្ស​ស្ដាប់​បង្គាប់​លោក​ឡើយ។ ម្យ៉ាង​ទៀត ដោយ​នាំ​គូ​ស្វាមីភរិយា​ដំបូង​មិន​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ សាថាន​ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា​មនុស្ស​និង​ទេវតា​ទាំង​ឡាយ​មិន​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ទេ។ ដូច​បាន​ឃើញ​ក្នុង​ករណី​របស់​យ៉ូប ដែល​រក្សា​ភក្ដី​ភាព​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា សាថាន​បាន​អះអាង​ថា វា​អាច​អូស​ទាញ​មនុស្ស​ទាំង​អស់​ឲ្យ​ចេញ​ពី​ព្រះ​បាន។—យ៉ូប ២:១​-​៥

១០. ដោយ​ពន្យារ​ពេល​ដែល​លោក​នឹង​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង តើ​ព្រះ​បាន​អនុញ្ញាត​ឲ្យ​សាថាន​និង​មនុស្ស​ធ្វើ​អ្វី?

១០ ដោយ​ពន្យារ​ពេល​ដែល​លោក​នឹង​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​ដោយ​ពន្យារ​ពេល​បំផ្លាញ​ចោល​សាថាន នោះ​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​សាថាន​មាន​ពេល​ដើម្បី​រក​ទី​សំអាង។ ព្រះ​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​មនុស្សជាតិ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក​ដែរ។ តើ​ច្រើន​សតវត្សរ៍​កន្លង​មក​នេះ​បង្ហាញ​ឲ្យ​ឃើញ​អ្វី? សាថាន​បាន​បង្កើត​អង្គការ​ជន​ឧក្រិដ្ឋ​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្លា។ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ចោល​អង្គការ​នោះ និង​មេ​កំណាច ហើយ​នេះ​នឹង​បង្ហាញ​ភ័ស្តុតាង​ជាក់​ស្តែង​ថា​ព្រះ​មាន​សិទ្ធិ​គ្រប់​គ្រង។ ពេល​មាន​ការ​បះ​បោរ​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​នឹង​មាន​លទ្ធផល​ល្អ ហេតុ​នេះ​ហើយ​បាន​ជា​លោក​បាន​ទាយ​អំពី​រឿង​នេះ។—លោ. ៣:១៥

១១. ស្តី​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា តើ​មនុស្ស​ជា​ច្រើន​បាន​ប្រព្រឹត្ត​យ៉ាង​ណា?

១១ មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ជំនឿ ហើយ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​ពួក​គេ​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា និង​ចំពោះ​ការ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​គឺ​អេបិល អេណុក ណូអេ អាប្រាហាំ សារ៉ា ម៉ូសេ នាង​រូថ ដាវីឌ លោក​យេស៊ូ ពួក​អ្នក​កាន់​តាម​គ្រិស្ត​នៅ​សម័យ​ដើម និង​មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។ មនុស្ស​បែប​នោះ​ដែល​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​រួម​ចំណែក​ក្នុង​ការ​ស​ឲ្យ​ឃើញ​ថា​សាថាន​ជា​អ្នក​ភូត​ភរ ហើយ​ក្នុង​ការ​ធ្វើ​ឲ្យ​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​ពី​ការ​តិះ​ដៀល​របស់​មេ​កំណាច ដែល​វា​បាន​អួត​ថា​វា​អាច​អូស​ទាញ​មនុស្ស​ទាំង​ឡាយ​ឲ្យ​ចេញ​ពី​ព្រះ។—សុភ. ២៧:១១

យើង​ដឹង​ថា​ល្ខោន​នឹង​ចប់​យ៉ាង​ដូច​ម្ដេច

១២. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រាកដ​ថា​ព្រះ​មិន​ត្រា​ប្រណី​ជា​រៀង​រហូត​ឲ្យ​អំពើ​ទុច្ចរិត?

១២ យើង​អាច​ប្រាកដ​ថា​មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង។ លោក​មិន​ត្រា​ប្រណី​ជា​រៀង​រហូត​ឲ្យ​អំពើ​ទុច្ចរិត​ឡើយ ហើយ​យើង​ក៏​ដឹង​ដែរ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ព្រះ​យេហូវ៉ា​បាន​កម្ទេច​ចោល​មនុស្ស​ទុច្ចរិត​ក្នុង​អំឡុង​ទឹក​ជំនន់។ លោក​បាន​បំផ្លាញ​ចោល​ក្រុង​សូដុម​និង​កូម៉ូរ៉ា ព្រម​ទាំង​ផារ៉ូ​និង​កង​ទ័ព​របស់​គាត់។ ស៊ីសេរ៉ា​និង​កង​ទ័ព​របស់​គាត់ ថែម​ទាំង​ស្តេច​សានហេរីប​និង​ពល​ទ័ព​ជន​ជាតិ​អាសស៊ើរ​របស់​គាត់​ក៏​បរាជ័យ​នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ដែរ។ (លោ. ៧:១, ២៣; ១៩:២៤, ២៥; និក្ខ. ១៤:៣០, ៣១; ចៅ. ៤:១៥, ១៦; ២ព. ១៩:៣៥, ៣៦) ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​មិន​អធ្យាស្រ័យ​ជា​រៀង​រហូត​ឲ្យ​ពួក​អ្នក​ដែល​មិន​គោរព​ឈ្មោះ​របស់​លោក និង​ដែល​បៀត​បៀន​សាក្សី​របស់​លោក​ឡើយ។ បន្ថែម​ទៅ​ទៀត ឥឡូវ​យើង​ឃើញ​ទី​សំអាង​អំពី​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​លោក​យេស៊ូ​និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។—ម៉ាថ. ២៤:៣

១៣. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មិន​ត្រូវ​បំផ្លាញ​ចោល​ជា​មួយ​សត្រូវ​របស់​ព្រះ?

១៣ យើង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​មាន​ភក្ដី​ភាព​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ទើប​យើង​មិន​ត្រូវ​បំផ្លាញ​ចោល​ជា​មួយ​សត្រូវ​របស់​ព្រះ។ តើ​យើង​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​មិន​រួម​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​របស់​សាថាន ហើយ​មិន​ព្រម​ចុះ​ចាញ់​ពួក​អ្នក​ដែល​គាំទ្រ​វា។ (អេ. ៥២:១១; យ៉ូន. ១៧:១៦; សកម្ម. ៥:២៩) បើ​យើង​នៅ​ដាច់​ឆ្ងាយ​ពី​ការ​គ្រប់​គ្រង​របស់​សាថាន យើង​អាច​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​បិតា​យើង​នៅ​ស្ថាន​សួគ៌ ហើយ​មាន​សេចក្ដី​សង្ឃឹម​រួច​ជីវិត ពេល​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ឈ្មោះ​របស់​លោក​បាន​បរិសុទ្ធ​ពី​ការ​តិះ​ដៀល ហើយ​ពេល​លោក​បង្ហាញ​ថា លោក​ជា​មហា​ក្សត្រ​សកល​លោក។

១៤. តើ​ផ្នែក​ផ្សេង​ៗ​នៃ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ខ្លះ?

១៤ គម្ពីរ​ទាំង​មូល​ពន្យល់​អំពី​រឿង​ល្អិត​ល្អន់​ដែល​ទាក់​ទង​នឹង​មនុស្សជាតិ​និង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ជំពូក​បី​ដំបូង​នៃ​គម្ពីរ ប្រាប់​យើង​អំពី​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់​និង​ការ​ដែល​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង រីឯ​ជំពូក​បី​ចុង​ក្រោយ​រៀប​រាប់​អំពី​ការ​ដែល​មនុស្សជាតិ​បាន​រួច​ផុត​ពី​ភាព​ខុស​ឆ្គង។ នៅ​ចន្លោះ​ជំពូក​បី​ដំបូង​និង​ជំពូក​បី​ចុង​ក្រោយ មាន​ព័ត៌មាន​ពិស្ដារ​ស្តី​អំពី​វិធានការ​ដែល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​បាន​ចាត់ ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ ផែនដី​និង​សកល​លោក។ សៀវភៅ​លោកុប្បត្តិ​បង្ហាញ​ពី​របៀប​ដែល​សាថាន​និង​អំពើ​ទុច្ចរិត​បាន​ចូល​ក្នុង​ពិភព​លោក ឯ​ផ្នែក​ចុង​ក្រោយ​នៃ​សៀវភៅ​ការ​បើក​បង្ហាញ​ស​ឲ្យ​ឃើញ​ថា ការ​អាក្រក់​និង​មេ​កំណាច​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ដូច​ម្ដេច ហើយ​បង្ហាញ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​សម្រេច​នៅ​ផែនដី​ក៏​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ ពិត​មែន គម្ពីរ​បង្ហាញ​អំពី​ដើម​ហេតុ​នៃ​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​បង្ហាញ​ថា​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំបាត់​ចោល​ឲ្យ​សូន្យ​ពី​ផែនដី ហើយ​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​នឹង​មាន​អំណរ​ក្រៃ​លែង ព្រម​ទាំង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

១៥. ដើម្បី​ទទួល​ប្រយោជន៍​ដោយ​ផ្ទាល់ កាល​ណា​ឈុត​ល្ខោន​ដែល​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ មក​ដល់​ទី​បញ្ចប់ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៥ មិន​យូរ​ទៀត ស្ថានភាព​នៃ​ពិភព​លោក​នេះ​នឹង​ប្រែ​ប្រួល​ទាំង​ស្រុង។ ល្ខោន​នេះ​ដែល​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ នឹង​មក​ដល់​ទី​បញ្ចប់។ សាថាន​នឹង​ត្រូវ​ដក​ចេញ​ពី​ឆាក នេះ​មាន​ន័យ​ថា​វានឹង​លែង​គ្រប់​គ្រង​ទៀត ហើយ​នៅ​ទី​បំផុត​នឹង​ត្រូវ​បំផ្លាញ​ចោល រួច​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​ប្រាកដ​ជា​បាន​ជោគ​ជ័យ។ ប៉ុន្តែ ដើម្បី​ទទួល​ប្រយោជន៍​ពី​អ្វី​នេះ ហើយ​ទទួល​ពរ​ជា​ច្រើន​ដែល​គម្ពីរ​បាន​ទាយ​ទុក យើង​ត្រូវ​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​តាំង​ពី​ឥឡូវ​នេះ។ យើង​មិន​អាច​នៅ​អព្យាក្រឹត​ឬ​នៅ​ស្ទាក់​ស្ទើរ​ឡើយ ព្រោះ​ខ្លួន​មួយ​មិន​អាច​ជិះ​ទូក​ពីរ​បាន​ទេ។ យើង​ត្រូវ​នៅ​ខាង​ព្រះ​យេហូវ៉ា ទើប​អាច​ពោល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ»។—ទំនុក. ១១៨:៦, ៧

យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​ឲ្យ​គង់​វង្ស!

១៦. ហេតុ​អ្វី​យើង​ប្រាកដ​ថា​មនុស្ស​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ?

១៦ យើង​អាច​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ពី​ព្រោះ​សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «គ្មាន​សេចក្ដី​ល្បួង​ណា​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ឯ​ទៀត​មិន​ធ្លាប់​ជួប​នោះ​ឡើយ។ ប៉ុន្តែ​ព្រះ​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​លោក​ក៏​នឹង​រៀបចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​ប្រទះ​សេចក្ដី​ល្បួង​នោះ»។ (១កូ. ១០:១៣) តើ​អ្វី​ជា​ដើម​ហេតុ​នៃ​ការ​ល្បួង​ដែល​ប៉ូល​បាន​រៀប​រាប់? ហើយ​តើ​ព្រះ​នឹង​រៀបចំ​ផ្លូវ​ចេញ​សម្រាប់​យើង​យ៉ាង​ដូច​ម្ដេច?

១៧​-​១៩. (ក) នៅ​តំបន់​ស្ងាត់​ជ្រងំ តើ​ជន​ជាតិ​អ៊ីស្រាអែល​ចុះ​ចាញ់​ការ​ល្បួង​ណា​ខ្លះ? (ខ) ហេតុ​អ្វី​យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា​បាន?

១៧ ដូច​បាន​បង្ហាញ​ក្នុង​ឧទាហរណ៍​អំពី​អ្វី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឆ្លង​កាត់​នៅ​តំបន់​ស្ងាត់​ជ្រងំ «សេចក្ដី​ល្បួង»កើត​ឡើង​ដោយ​សារ​ស្ថានភាព​ដែល​អាច​នាំ​យើង​ឲ្យ​បំពាន​ច្បាប់​របស់​ព្រះ។ (សូម​អាន កូរិនថូស​ទី​១ ១០:៦​-​១០) ជន​ជាតិ​អ៊ីស្រាអែល​អាច​ទប់​ទល់​នឹង​ការ​ល្បួង​បាន តែ​ពួក​គេ​ប្រាថ្នា​ចង់​បាន«អ្វី​ៗ​ដ៏​អាក្រក់» ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្គត់​ផ្គង់​សត្វ​ក្រួច​ឲ្យ​ពួក​គេ​អស់​រយៈ​ពេល​មួយ​ខែ​ដោយ​ធ្វើ​ការ​អស្ចារ្យ។ ទោះ​ជា​បណ្ដា​ជន​គ្មាន​សាច់​បរិភោគ​មួយ​រយៈ​ពេល​ក៏​ដោយ ព្រះ​បាន​ឲ្យ​នំ​ម៉ាណា​គ្រប់​គ្រាន់​ដល់​ពួក​គេ​បរិភោគ។ ក៏​ប៉ុន្តែ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​ចិត្ត​លោភ​លន់ ពេល​ប្រមូល​សត្វ​ក្រួច។—ជន. ១១:១៩, ២០, ៣១​-​៣៥

១៨ មុន​នេះ កាល​ដែល​ម៉ូសេ​បាន​ទទួល​ច្បាប់​នៅ​ភ្នំ​ស៊ីណាយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា​អ្នក​គោរព​បូជា​រូប​ព្រះ​ដោយ​គោរព​បូជា​រូប​កូន​គោ និង​ចម្អែត​តណ្ហា​របស់​ខ្លួន។ ដោយ​សារ​ម៉ូសេ​មិន​បាន​នៅ​ជា​មួយ ពួក​គេ​ចុះ​ចាញ់​ការ​ល្បួង។ (និក្ខ. ៣២:១,) មុន​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក​សន្យា ស្ត្រី​ជន​ជាតិ​ម៉ូអាប់​បាន​ប្រលោម​លួង​លោម​ពួក​គេ​រាប់​ពាន់​នាក់​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ នៅ​ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់​បាន​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង។ (ជន. ២៥:១,) ជួន​កាល បណ្ដា​ជន​អ៊ីស្រាអែល​បាន​ចុះ​ចាញ់​ការ​ល្បួង​ដោយ​រអ៊ូ​រទាំ ហើយ​នៅ​ពេល​មួយ ពួក​គេ​និយាយ​ប្រឆាំង​ម៉ូសេ ព្រម​ទាំង​ប្រឆាំង​ព្រះ! (ជន. ២១:៥) បណ្ដា​ជន​អ៊ីស្រាអែល​ថែម​ទាំង​បាន​រអ៊ូ​រទាំ​ដែរ ក្រោយ​ពី​ព្រះ​បាន​សម្លាប់​កូរ៉ា ដាថាន អ័ប៊ីរ៉ាម​និង​គូកន​ពួក​គេ ដោយ​គិត​ខុស​ថា​ការ​សម្លាប់​ពួក​អ្នក​បះ​បោរ​ទាំង​នោះ​គឺ​ជា​អំពើ​អយុត្ដិធម៌។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល​អស់​១៤.៧០០​នាក់។—ជន. ១៦:៤១, ៤៩

១៩ ជន​ជាតិ​អ៊ីស្រាអែល​អាច​ទប់​ទល់​នឹង​ការ​ល្បួង​ទាំង​អស់​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ។ បណ្ដា​ជន​បាន​ចុះ​ចាញ់​ការ​ល្បួង ពី​ព្រោះ​ពួក​គេ​បាត់​បង់​ជំនឿ ហើយ​ភ្លេច​ព្រះ​យេហូវ៉ា ភ្លេច​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ចំពោះ​ពួក​គេ និង​ភ្លេច​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ប្រព្រឹត្ត​របស់​លោក។ ដូច​ក្នុង​ករណី​ជន​ជាតិ​អ៊ីស្រាអែល ការ​ល្បួង​ដែល​យើង​ជួប​ប្រទះ​គឺ​ជា​ការ​ល្បួង​ដែល​មនុស្ស​ធ្លាប់​ឆ្លង​កាត់។ បើ​យើង​ខំ​ប្រឹង​ទប់​ទល់​នឹង​វា ហើយ​ទុក​ចិត្ត​លើ​ព្រះ​ថា​លោក​នឹង​ទ្រ​ទ្រង់​យើង នោះ​យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​បាន។ យើង​អាច​មាន​ទំនុក​ចិត្ត​លើ​អ្វី​នេះ ពី​ព្រោះ«ព្រះ​គឺ​ស្មោះ​ត្រង់» ហើយ​លោក​មិន​ឲ្យ​យើង«រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់[យើង]ឡើយ»។ ព្រះ​យេហូវ៉ា​មិន​ដែល​លះ​បង់​ចោល​យើង​ទេ ហើយ​លោក​មិន​ឲ្យ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ហួស​វិស័យ​របស់​មនុស្ស ដែល​យើង​មិន​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​បាន​ឡើយ។—ទំនុក. ៩៤:១៤

២០, ២១. ពេល​ណា​យើង​ទទួល​ការ​ល្បួង តើ​ព្រះ​រៀបចំ«ផ្លូវ​ចេញ»យ៉ាង​ដូច​ម្ដេច?

២០ ព្រះ​យេហូវ៉ា​រៀបចំ«ផ្លូវ​ចេញ»ដោយ​ពង្រឹង​កម្លាំង​យើង​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង។ ជា​ឧទាហរណ៍ អ្នក​បៀត​បៀន​អាច​ធ្វើ​បាប​យើង​ខាង​ផ្លូវ​កាយ ក្នុង​បំណង​ឲ្យ​យើង​បោះ​បង់​ចោល​ជំនឿ។ ការ​ធ្វើ​បាប​បែប​នេះ​អាច​ល្បួង​យើង​ឲ្យ​ព្រម​ធ្វើ​តាម​គេ​ដើម្បី​កុំ​ឲ្យ​គេ​វាយ ធ្វើ​ទារុណកម្ម​ថែម​ទៀត​ឬ​សម្លាប់​យើង។ ក៏​ប៉ុន្តែ ដោយ​ផ្អែក​លើ​ការ​ធានា​របស់​ប៉ូល​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​កូរិនថូស​ទី​១ ១០:១៣ យើង​ដឹង​ថា​ស្ថានភាព​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ល្បួង​នោះ គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​ល្បួង​នោះ​មាន​កាន់​តែ​ខ្លាំង​រហូត​ដល់​កម្រិត​ដែល​យើង​មិន​អាច​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​លោក​ឡើយ។ ព្រះ​អាច​ពង្រឹង​ជំនឿ​យើង ហើយ​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។

២១ ព្រះ​យេហូវ៉ា​ទ្រ​ទ្រង់​យើង​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក។ សកម្មពល​នោះ​ក៏​ជួយ​យើង​ឲ្យ​នឹក​ឃើញ​អ្វី​ៗ​ដែល​យើង​បាន​រៀន​ពី​គម្ពីរ ដែល​យើង​ត្រូវ​ការ​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង។ (យ៉ូន. ១៤:២៦) ជា​លទ្ធផល គេ​មិន​អាច​បញ្ឆោត​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​ខុស​ទេ។ ជា​ឧទាហរណ៍ យើង​យល់​ថា​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជាប់​ពាក់​ព័ន្ធ​នឹង​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​មនុស្ស។ ដោយ​មាន​ការ​យល់​ដឹង​បែប​នេះ អ្នក​បម្រើ​ព្រះ​ជា​ច្រើន​នាក់​បាន​រក្សា​ចិត្ត​ស្មោះ​រហូត​ដល់​ស្លាប់ ដោយ​សារ​ព្រះ​បាន​ទ្រ​ទ្រង់​ពួក​គេ។ ទោះ​ជា​ពួក​គេ​បាន​ស្លាប់​ក៏​ដោយ តែ​នេះ​មិន​មែន​ជា«ផ្លូវ​ចេញ»ដែល​ព្រះ​យេហូវ៉ា​រៀបចំ​ឲ្យ​ពួក​គេ​ទេ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់​ដោយ​ឥត​ចុះ​ចាញ់​ការ​ល្បួង។ លោក​ក៏​អាច​ជួយ​យើង​បែប​នេះ​ដែរ។ តាម​ពិត លោក​ក៏​បាន​ជួយ​យើង​ដែរ​ដោយ​ប្រើ​បណ្ដា​ទេវតា​ស្មោះ​ត្រង់​ដែល​បំពេញ​កិច្ច​បម្រើ​សាធារណៈ ដែល​បាន​ត្រូវ«ចាត់​ឲ្យ​បម្រើ​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មត៌ក»។ (ហេ. ១:១៤) ដូច​អត្ថបទ​បន្ទាប់​បង្ហាញ មាន​តែ​ពួក​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ប៉ុណ្ណោះ​ដែល​អាច​សង្ឃឹម​មាន​ឯកសិទ្ធិ​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ យើង​អាច​នៅ​ក្នុង​ចំណោម​ពួក​គេ បើ​យើង​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​របស់​យើង។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​យើង​ត្រូវ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​របស់​យើង?

• តើ​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា?

• តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា បន្ដិច​ទៀត​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង?

• យោង​ទៅ​តាម​កូរិនថូស​ទី​១ ១០:១៣ ហេតុ​អ្វី​យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៤]

សាថាន​បាន​បញ្ចុះ​បញ្ចូល​អាដាម​និង​អេវ៉ា​កុំ​ឲ្យ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​២៦]

ចូរ​តាំង​ចិត្ត​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា