លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើងនឹងប្រព្រឹត្តដោយចិត្តស្មោះគ្រប់លក្ខណៈ!

យើងនឹងប្រព្រឹត្តដោយចិត្តស្មោះគ្រប់លក្ខណៈ!

យើង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ!

«ចំណែក​ទូល​បង្គំ​ៗ​នឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍[ឬ«ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ»]របស់​ទូល​បង្គំ»។—ទំនុក. ២៦:១១; ព.ថ.

១, ២. ស្តី​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​គាត់ តើ​យ៉ូប​បាន​និយាយ​អ្វី? តើ​សៀវភៅ​យ៉ូប​ជំពូក​៣១​បាន​បញ្ជាក់​អ្វី​អំពី​គាត់?

 នៅ​សម័យ​បុរាណ គេ​ប្រើ​ជញ្ជីង​ដើម្បី​ថ្លឹង​មាស​ឬ​ប្រាក់។ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ គេ​ដាក់​មាស​ឬ​ប្រាក់​នៅ​លើ​ថាស​ម្ខាង​នៃ​ជញ្ជីង ឯ​ថាស​ម្ខាង​ទៀត​គេ​ដាក់​កូន​ជញ្ជីង។ រាស្ត្រ​របស់​ព្រះ​ត្រូវ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ​និង​កូន​ជញ្ជីង​គ្រប់​ទម្ងន់។—សុភ. ១១:១

យ៉ូប​ជា​មនុស្ស​ដែល​ធ្វើ​តាម​ច្បាប់​របស់​ព្រះ ហើយ​ពេល​គាត់​កំពុង​រង​ទុក្ខ​លំបាក​ដោយ​សារ​សាថាន​ធ្វើ​បាប គាត់​បាន​ស្រដី​ថា៖ «សូម​ឲ្យ​ព្រះ[យេហូវ៉ា]ថ្លឹង​ខ្ញុំ​ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀង​ត្រង់[ឬ«ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ»]របស់​ខ្ញុំ»។ (យ៉ូប ៣១:៦; ព.ថ.) ត្រង់​ចំណុច​នេះ យ៉ូប​បាន​រៀប​រាប់​ស្ថានការណ៍​មួយ​ចំនួន​ដែល​អាច​សាក​ល្បង​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។ ប៉ុន្តែ យ៉ូប​បាន​ឆ្លង​កាត់​ការ​ល្បង​ល​ដោយ​ជោគ​ជ័យ ដូច​ពាក្យ​របស់​គាត់​នៅ​សៀវភៅ​យ៉ូប​ជំពូក​៣១ បាន​បង្ហើប​ឲ្យ​ដឹង។ គំរូ​ល្អ​របស់​គាត់​អាច​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​ស្រដៀង​គ្នា​ដែរ ហើយ​ពោល​ពាក្យ​ដោយ​មាន​ទំនុក​ចិត្ត​ដូច​ដាវីឌ​ដែល​បាន​តែង​ទំនុក​តម្កើង​ថា៖ «ចំណែក​ទូល​បង្គំ​ៗ​នឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍[ឬ«ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ»]របស់​ទូល​បង្គំ»។—ទំនុក. ២៦:១១; ព.ថ.

៣. ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ឲ្យ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ក្នុង​រឿង​ធំ​និង​រឿង​តូច​តាច?

ទោះ​ជា​យ៉ូប​បាន​ត្រូវ​ល្បង​ល​យ៉ាង​ខ្លាំង​បំផុត​ក៏​ដោយ ក៏​គាត់​នៅតែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ យ៉ូប​ជា​គំរូ​ល្អ​អស្ចារ្យ​នៃ​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ កាល​ដែល​ទទួល​ការ​ល្បង​ល​ពេញ​ទំហឹង។ យើង​មិន​រង​ទុក្ខ​ដូច​យ៉ូប​បេះ​បិទ​ឡើយ។ ក៏​ប៉ុន្តែ យើង​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ក្នុង​រឿង​ធំ​និង​រឿង​តូច​តាច ទើប​យើង​អាច​បង្ហាញ​ថា​យើង​ជា​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ហើយ​បង្ហាញ​ថា​យើង​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។—សូម​អាន លូកា ១៦:១០

រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ស្តី​អំពី​រឿង​សីលធម៌​គឺ​សំខាន់​ចាំ​បាច់

៤, ៥. ក្នុង​នាម​ជា​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ តើ​យ៉ូប​ជៀស​វាង​មិន​ធ្វើ​អ្វី​ខ្លះ?

ដូច​យ៉ូប យើង​ត្រូវ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​លោក។ យ៉ូប​បាន​ស្រដី​ថា៖ «ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន . . . បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល​នឹង​សេចក្ដី​លួង​លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​បាន​កិន​ស្រូវ​ឲ្យ​ម្នាក់​ទៀត ហើយ​ឲ្យ​មនុស្ស​ឯ​ទៀត​រួម​រស់​ជា​មួយ​ចុះ»។—យ៉ូប ៣១:១, ៩, ១០

យ៉ូប​មិន​សម្លឹង​មើល​ស្ត្រី​ដោយ​ចិត្ត​ស្រើប​ស្រាល នេះ​ដោយ​សារ​គាត់​បាន​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ។ ក្នុង​នាម​ជា​បុរស​ដែល​បាន​រៀប​ការ​ហើយ គាត់​មិន​ចែ​ចង់​ស្ត្រី​ដែល​នៅ​លីវ ឬ​ចង់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ​ឡើយ។ ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ខ្លាំង​អំពី​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​នេះ​ប្រាកដ​ជា​ចំណុច​មួយ​ដែល​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ត្រូវ​ចាំ។—សូម​អាន ម៉ាថាយ ៥:២៧, ២៨

កុំ​វៀច​វេរ

៦, ៧. (ក) ដូច​ក្នុង​ករណី​របស់​យ៉ូប តើ​ព្រះ​បញ្ជាក់​ថា​យើង​ជា​មនុស្ស​ដែល​រក្សា​ឬ​មិន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ដោយ​ផ្អែក​លើ​អ្វី? (ខ) ហេតុ​អ្វី​យើង​មិន​ត្រូវ​ជា​មនុស្ស​វៀច​វេរ​ឬ​បោក​ប្រាស់​គេ?

បើ​យើង​ចង់​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ យើង​មិន​អាច​វៀច​វេរ​ឡើយ។ (សូម​អាន សុភាសិត ៣:៣១​-​៣៣) យ៉ូប​បាន​និយាយ​ថា៖ «បើ​ខ្ញុំ​បាន​ដើរ​ដោយ​សេចក្ដី​ភូត​ភរ ហើយ​ជើង​ខ្ញុំ​បាន​រហ័ស​ទៅ​តាម​សេចក្ដី​ល្បួង[ឬ«បោក​ប្រាស់​គេ»] នោះ​សូម​ឲ្យ​ព្រះ[យេហូវ៉ា]ថ្លឹង​ខ្ញុំ​ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀង​ត្រង់[ឬ«ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ»]របស់​ខ្ញុំ»។ (យ៉ូប ៣១:៥, ៦; ព.ថ.) ព្រះ​យេហូវ៉ា​ថ្លឹង​មនុស្ស​ទាំង​អស់​ដោយ«ជញ្ជីង​ត្រឹម​ត្រូវ»។ ដូច​ក្នុង​ករណី​យ៉ូប ព្រះ​បាន​បញ្ជាក់​ថា​យើង​ជា​មនុស្ស​ដែល​រក្សា​ឬ​មិន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ដោយ​ផ្អែក​លើ​ខ្នាត​តម្រា​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។

ប្រសិន​បើ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​វៀច​វេរ​ឬ​បោក​ប្រាស់​គេ នោះ​យើង​នឹង​មិន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​ទេ។ មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ បាន«លះ​ចោល​អំពើ​លួច​លាក់​ដែល​គួរ​ឲ្យ​អៀន​ខ្មាស» ហើយ​ក៏​មិន«ប្រព្រឹត្ត​ដោយ​កិច្ច​កល»ដែរ។ (២កូ. ៤:១, ២) ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​បង​ប្អូន​រួម​ជំនឿ អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ ដោយ​សារ​យើង​និយាយ​ឬ​ប្រព្រឹត្ត​វៀច​វេរ​ទៅ​លើ​គាត់? បើ​យើង​បាន​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​មិន​ទទួល​លទ្ធផល​ល្អ​ឡើយ! អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា៖ «កាល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូល​បង្គំ​ឲ្យ​រួច​ពី​បបូរ​មាត់​ដ៏​កំភូត ហើយ​ពី​អណ្ដាត​ដែល​បញ្ឆោត»។ (ទំនុក. ១២០:១, ២) ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា ព្រះ​យេហូវ៉ា​អាច​ពិនិត្យ​មើល​ឬ«សាកល​ចិត្ត​ថ្លើម»របស់​យើង ដើម្បី​ដឹង​ថា​យើង​ពិត​ជា​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​មែន​ឬ​មិន​មែន។—ទំនុក. ៧:៨, ៩

ចូរ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត

៨. តើ​យ៉ូប​បាន​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច​ទៅ​លើ​អ្នក​ឯ​ទៀត?

ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ យើង​ត្រូវ​មាន​លក្ខណៈ​ដូច​យ៉ូប​ដែល​មាន​ចិត្ត​រាប​ទាប យុត្ដិធម៌ ហើយ​យោគ​យល់​អ្នក​ឯ​ទៀត។ គាត់​បាន​ពោល​ថា៖ «បើ​ខ្ញុំ​ដែល​មើល​ងាយ​រឿង[ឬ«មិន​ព្រម​វិនិច្ឆ័យ​រឿង​ក្ដី»]របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្ដេច ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ក្រោក​ឡើង? កាល​ណា​ទ្រង់​ពិចារណា​សួរ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ទ្រង់​ដូច​ម្ដេច? ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្ដាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​១​ដែល​ស្អាង​យើង​ទាំង​២​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​ឬ​អី?»។—យ៉ូប ៣១:១៣​-​១៥; ព.ថ.

៩. ពេល​យ៉ូប​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បម្រើ​របស់​គាត់ តើ​គាត់​បាន​បង្ហាញ​គុណសម្បត្ដិ​អ្វី​ខ្លះ? ហើយ​ស្តី​អំពី​រឿង​នេះ តើ​គប្បី​ឲ្យ​យើង​ប្រព្រឹត្ត​យ៉ាង​ណា?

នៅ​សម័យ​យ៉ូប តាម​មើល​ទៅ​របៀប​កាត់​ក្ដី​មិន​ស្មុគ​ស្មាញ​ទេ។ រឿង​ក្ដី​នី​មួយ​ៗ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​របៀប​រៀប​រយ ហើយ​សូម្បី​តែ​ខ្ញុំ​បម្រើ​ក៏​អាច​ប្ដឹង​តុលាការ​បាន​ដែរ។ យ៉ូប​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បម្រើ​របស់​គាត់​ដោយ​យុត្ដិធម៌​និង​មេត្ដា​ករុណា។ បើ​យើង​ចង់​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ យើង​ត្រូវ​បង្ហាញ​គុណសម្បត្ដិ​បែប​នេះ ជា​ពិសេស​បើ​យើង​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។

ចូរ​មាន​ចិត្ត​ទូលាយ មិន​លោភ​លន់​ឡើយ

១០, ១១. (ក) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យ៉ូប​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ជួយ​អ្នក​ឯ​ទៀត? (ខ) តើ​យ៉ូប ៣១:១៦​-​២៥ ប្រហែល​ជា​រំលឹក​យើង​អំពី​ដំបូន្មាន​គម្ពីរ​ណា​ខ្លះ​ដែល​មាន​ក្រោយ​មក?

១០ យ៉ូប​មាន​ចិត្ត​ទូលាយ ហើយ​ជួយ​អ្នក​ឯ​ទៀត ប៉ុន្តែ​គាត់​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​លោភ​លន់​ឡើយ។ គាត់​បាន​និយាយ​ថា៖ ‹បើ . . . ភ្នែក​នៃ​ស្រី​មេម៉ាយ​ស្រវាំង​ទៅ ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ម្នាក់​ឯង ឥត​ចែក​ឲ្យ​ដល់​ពួក​កំព្រា​ផង . . . បើ​ខ្ញុំ​ដែល​ឃើញ​អ្នក​ណា​វិនាស​ទៅ ដោយ​ឥត​មាន​អ្វី​ស្លៀក​ពាក់ . . . បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ពួក​កំព្រា ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ នោះ​សូម​ឲ្យ​ស្មា​ខ្ញុំ​បាន​សណ្ដក​ចេញ​ពី​ឆ្អឹង​ស្លាប​ប្រចៀវ ហើយ​ឲ្យ​ដៃ​ខ្ញុំ​ភ្លាត់​ពី​ឆ្អឹង​ចេញ​ចុះ›។ យ៉ូប​នឹង​មិន​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ទេ បើ​គាត់​បាន​និយាយ​ទៅ​មាស​ថា៖ «ឯង​ជា​ទី​ទុក​ចិត្ត​របស់​អញ!»។—យ៉ូប ៣១:១៦​-​២៥

១១ កំណាព្យ​នេះ​ប្រហែល​ជា​រំលឹក​យើង​អំពី​ពាក្យ​ទាំង​នេះ​របស់​យ៉ាកុប​ដែល​ថា៖ «តាម​ទស្សនៈ​របស់​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​យើង របៀប​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​នោះ​គឺ៖ ថែ​រក្សា​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ​ដែល​កំពុង​រង​ទុក្ខ​វេទនា ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡូក​ប្រឡាក់​នឹង​ពិភព​លោក​នេះ»។ (យ៉ា. ១:២៧) យើង​ប្រហែល​នឹក​ចាំ​អំពី​ការ​ព្រមាន​របស់​លោក​យេស៊ូ​ដែល​ថា៖ «ចូរ​ប្រុង​ប្រៀប​ស្មារតី​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់​គ្រប់​យ៉ាង ពី​ព្រោះ​ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ»។ បន្ទាប់​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​អំពី​អ្នក​មាន​ម្នាក់​ដែល​មាន​ចិត្ត​លោភ​លន់ ដែល​បាន​ស្លាប់​ជា​មនុស្ស​ដែល«មិន​មែន​ជា​អ្នក​មាន​ចំពោះ​ព្រះ»។ (លូក. ១២:១៥​-​២១) ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ យើង​មិន​ត្រូវ​បណ្ដោយ​ទៅ​តាម​ចិត្ត​លោភ​លន់​ឬ​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ​ទេ។ ការ​លោភ​លន់​ឬ​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ​គឺ​ជា​ការ​គោរព​បូជា​រូប​ព្រះ ពី​ព្រោះ​របស់​ដែល​មនុស្ស​លោភ​លន់​ចង់​បាន បំបែរ​អារម្មណ៍​គេ​ពី​ព្រះ​យេហូវ៉ា ហើយ​យ៉ាង​នេះ​របស់​ទាំង​នោះ​ទៅ​ជា​រូប​ព្រះ។ (កូឡ. ៣:៥) ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​និង​ចិត្ត​លោភ​លន់​មិន​អាច​លាយ​ចូល​គ្នា​បាន​ឡើយ!

កុំ​បែរ​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត

១២, ១៣. តើ​យ៉ូប​បាន​ទុក​គំរូ​អ្វី​ក្នុង​ការ​ជៀស​វាង​ពី​ការ​គោរព​បូជា​រូប​ព្រះ?

១២ មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​មិន​បែរ​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ។ យ៉ូប​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​គាត់​បាន​ប្រកាស​ថា៖ «បើ​ខ្ញុំ​បាន​មើល​ទៅ​ព្រះ​អាទិត្យ​ក្នុង​កាល​ដែល​ចាំង​មក ឬ​ទៅ​ព្រះ​ចន្ទ​ដែល​ភ្លឺ​ត្រសែត​ទៅ រួច​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​ល្បួង​ដោយ​សំងាត់ ហើយ​មាត់​ក៏​បាន​ថើប​ដៃ​របស់​ខ្ញុំ យ៉ាង​នោះ​ក៏​ជា​ការ​គួរ​ឲ្យ​ពួក​ចៅ​ក្រម​ធ្វើ​ទោស​ដែរ ដ្បិត​ដូច្នោះ ខ្ញុំ​បាន​លះ​ចោល​ព្រះ​ដែល​គង់​នៅ​ស្ថាន​លើ​ហើយ»។—យ៉ូប ៣១:២៦​-​២៨

១៣ យ៉ូប​មិន​បាន​គោរព​បូជា​របស់​ដែល​គ្មាន​ជីវិត​ឡើយ។ បើ​ចិត្ត​របស់​គាត់​បាន​ត្រូវ​ល្បួង​ដោយ​សម្ងាត់​ឲ្យ​សង្កេត​មើល​របស់​ផ្សេង​ៗ​នៅ​លើ​មេឃ​ដូច​ជា​ព្រះ​ចន្ទ ហើយ​បើ‹មាត់​គាត់​បាន​ថើប​ដៃ›របស់​គាត់ ដោយ​គាត់​ប្រហែល​ជា​លា​ដៃ​ផ្លុំ​ខ្យល់​ជា​ឥរិយាបថ​បង្ហាញ​ពី​ការ​គោរព​បូជា​របស់​ទាំង​នោះ នោះ​គាត់​នឹង​ទៅ​ជា​អ្នក​គោរព​បូជា​រូប​ព្រះ​ដែល​លះ​ចោល​ព្រះ​យេហូវ៉ា​ដែល​បង្កើត​របស់​ទាំង​នោះ។ (ចោ. ៤:១៥, ១៩) ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ យើង​ត្រូវ​ជៀស​វាង​ការ​គោរព​បូជា​រូប​ព្រះ​គ្រប់​ប្រភេទ។—សូម​អាន យ៉ូហាន​ទី​១ ៥:២១

កុំ​សង​សឹក​ឬ​មាន​ពុត​ត្បុត

១៤. ហេតុ​អ្វី​យើង​អាច​ចាត់​ទុក​ថា យ៉ូប​មិន​មែន​ជា​មនុស្ស​ដែល​ព្យាបាទ​គេ?

១៤ យ៉ូប​មិន​មែន​ជា​មនុស្ស​ដែល​គ្មាន​មេត្ដា​ឬ​ព្យាបាទ​គេ​ទេ។ គាត់​ដឹង​ថា​ចរិត​បែប​នេះ​នឹង​បង្ហាញ​ថា​ខ្លួន​គាត់​មិន​មែន​ជា​អ្នក​ដែល​រក្សា​ចិត្តស្មោះ​គ្រប់​លក្ខណៈ​ឡើយ ដោយ​សារ​គាត់​បាន​ពោល​ថា៖ «បើ​ខ្ញុំ​ដែល​រីករាយ​សប្បាយ ដោយ​ឃើញ​សេចក្ដី​ហិន​វិនាស​របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្ដី​អាក្រក់​បាន​មក​ដល់​គេ (ប៉ុន្តែ​គ្មាន​ទេ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់​ធ្វើ​បាប ដោយ​ដាក់​បណ្ដាសា​ដល់​ជីវិត​គេ​ឡើយ)»។—យ៉ូប ៣១:២៩, ៣០

១៥. ពេល​អ្នក​ដែល​ស្អប់​យើង​ជួប​វិបត្ដិ​ភ័យ ហេតុ​អ្វី​ជា​ការ​មិន​ត្រឹម​ត្រូវ​ឲ្យ​យើង​រីករាយ?

១៥ យ៉ូប​ដែល​ជា​បុរស​សុចរិត​ម្នាក់​មិន​ដែល​រីករាយ​ទេ ពេល​មនុស្ស​ដែល​ស្អប់​គាត់​ជួប​វិបត្ដិ​ភ័យ។ សុភាសិត​មួយ​បាន​ព្រមាន​ថា៖ «កុំ​ឲ្យ​មាន​ចិត្ត​រីករាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ ក្រែង​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ​ហឫទ័យ រួច​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ»។ (សុភ. ២៤:១៧, ១៨) ព្រះ​យេហូវ៉ា​អាច​មើល​ធ្លុះ​ចិត្ត​យើង ដូច្នេះ​បើ​យើង​អរ​សប្បាយ​ក្នុង​ចិត្ត​ពេល​មនុស្ស​ជួប​វិបត្ដិ​ភ័យ នោះ​លោក​ដឹង ហើយ​ប្រាកដ​ជា​មិន​ពេញ​ចិត្ត​នឹង​ចិត្ត​គំនិត​បែប​នេះ​ទេ។ (សុភ. ១៧:៥) ព្រះ​អាច​ប្រព្រឹត្ត​មក​លើ​យើង​ស្រប​តាម​ចិត្ត​គំនិត​របស់​យើង ព្រោះ​លោក​បាន​មាន​ប្រសាសន៍​ថា៖ «សេចក្ដី​សង​សឹក នឹង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញ»។—ចោ. ៣២:៣៥

១៦. ទោះ​ជា​យើង​មិន​មែន​ជា​អ្នក​មាន​ក្ដី តើ​យើង​អាច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​យ៉ាង​ដូច​ម្ដេច?

១៦ យ៉ូប​ជា​មនុស្ស​ដែល​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់។ (យ៉ូប ៣១:៣១, ៣២) ទោះ​ជា​យើង​មិន​មែន​ជា​អ្នក​មាន​ក្ដី យើង​អាច«មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់»បាន។ (រ៉ូម ១២:១៣) យើង​អាច​អញ្ជើញ​អ្នក​ឯ​ទៀត​មក​ពិសា​ម្ហូប​សាមញ្ញ ដោយ​ចាំ​ថា«ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សំ​អប់​វិញ»។ (សុភ. ១៥:១៧) ការ​បរិភោគ​អាហារ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ក្នុង​បរិយាកាស​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​នឹង​ធ្វើ​ឲ្យ​ម្ហូប​សាមញ្ញ​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​ជាង ហើយ​ប្រាក​ជា​នឹង​ពង្រឹង​ជំនឿ​របស់​យើង។

១៧. ហេតុ​អ្វី​យើង​មិន​គួរ​លាក់​បាំង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

១៧ ពួក​អ្នក​ដែល​យ៉ូប​ទទួល​ដោយ​រាក់​ទាក់ ពិត​ជា​បាន​ត្រូវ​លើក​ទឹក​ចិត្ត​មែន ព្រោះ​យ៉ូប​មិន​មែន​ជា​មនុស្ស​ពុត​ត្បុត​ឡើយ។ គាត់​មិន​ដូច​បុរស​ដែល​មិន​កាន់​តាម​ច្បាប់​ព្រះ ដែល​បាន​លួច​បន្លំ​ចូល​មក​ក្នុង​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១ ហើយ​ដែល​បាន«រក​ផ្គាប់​ផ្គុន​អ្នក​ដទៃ​ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន»ទេ។ (យូ. ៣, ៤, ១៦) យ៉ូប​ក៏​មិន​បាន​លាក់​បាំង​កំហុស​របស់​គាត់ ឬ‹លាក់​សេចក្ដី​អាក្រក់​របស់​គាត់​នៅ​ក្នុង​ទ្រូង› ដោយ​ខ្លាច​អ្នក​ឯ​ទៀត​មើល​ងាយ​គាត់​បើ​គេ​ដឹង។ គាត់​ចង់​ឲ្យ​ព្រះ​ពិនិត្យ​មើល​គាត់ ហើយ​ព្រម​សារភាព​កំហុស​ប្រាប់​លោក។ (យ៉ូប ៣១:៣៣​-​៣៧) បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ កុំ​ឲ្យ​យើង​លាក់​បាំង​កំហុស​នោះ​ដោយ​ខ្លាច​បាក់​មុខ​ឡើយ។ តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ព្យាយាម​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ? គឺ​ដោយ​ទទួល​ស្គាល់​កំហុស​របស់​យើង កែ​ប្រែ​ចិត្ត សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ហើយ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​លុប​លាង​កំហុស។—សុភ. ២៨:១៣; យ៉ា. ៥:១៣​-​១៥

យ៉ូប​សុំ​ឲ្យ​គេ​កាត់​ក្ដី

១៨, ១៩. (ក) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​យ៉ូប​មិន​ដែល​កេង​ប្រវ័ញ្ច​គេ​សោះ​ឡើយ? (ខ) បើ​យ៉ូប​មាន​កំហុស តើ​គាត់​សុខ​ចិត្ត​ធ្វើ​អ្វី?

១៨ យ៉ូប​ជា​មនុស្ស​ទៀង​ត្រង់ ហើយ​មិន​លម្អៀង។ ហេតុ​នេះ​គាត់​អាច​និយាយ​ថា៖ «បើ​សិន​ជា​ដី​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ ហើយ​គន្លង​ទាំង​ប៉ុន្មាន​យំ​ជា​មួយ​គ្នា បើ​ខ្ញុំ​បាន​បរិភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​ទៅ នោះ​សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង​ជំនួស​ស្រូវ​ភោជ្ជ​សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱ​ក​វិញ​ចុះ»។ (យ៉ូប ៣១:៣៨​-​៤០) យ៉ូប​មិន​ដែល​រឹប​អូស​យក​ដី​អ្នក​ដទៃ ហើយ​មិន​ដែល​កេង​ប្រវ័ញ្ច​កម្មករ​ឡើយ។ ដូច​គាត់ យើង​ត្រូវ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​រឿង​ធំ​និង​រឿង​តូច​តាច។

១៩ នៅ​មុខ​គូកន​បី​នាក់ ព្រម​ទាំង​នៅ​មុខ​បុរស​វ័យ​ក្មេង​ឈ្មោះ​អេលីហ៊ូវ យ៉ូប​បាន​ប្រាប់​អំពី​របៀប​រស់​នៅ​របស់​គាត់។ យ៉ូប​ហាក់​ដូចជា​បាន«ចុះ​ឈ្មោះ»ឬ​ចុះ​ហត្ថលេខា​បញ្ជាក់​អំពី​របៀប​រស់​នៅ​របស់​គាត់ ហើយ​គាត់​បាន​អញ្ជើញ​បុគ្គល​ណា​ក៏​ដោយ​ដែល​ដឹង​អំពី​កំហុស​ណា​មួយ​ក្នុង​ជីវិត​គាត់ ឲ្យ​មក​ប្ដឹង​ចោទ​ប្រកាន់​គាត់។ បើ​យ៉ូប​មាន​កំហុស​មែន គាត់​សុខ​ចិត្ត​ទទួល​ទោស។ ដូច្នេះ គាត់​បាន​លើក​រឿង​ក្ដី​ជូន​តុលាការ​នៅ​ស្ថាន​សួគ៌ ហើយ​រង់​ចាំ​ការ​វិនិច្ឆ័យ​ក្ដី។ យ៉ាង​នេះ ‹ពាក្យ​របស់​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ›។—យ៉ូប ៣១:៣៥, ៤០

អ្នក​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​បាន

២០, ២១. (ក) ហេតុ​អ្វី​យ៉ូប​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ? (ខ) តើ​យើង​អាច​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

២០ យ៉ូប​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ដោយ​សារ​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​លោក​ក៏​ស្រឡាញ់​និង​ជួយ​គាត់​ដែរ។ យ៉ូប​បាន​ស្រដី​ថា៖ «[ព្រះ​យេហូវ៉ា]ទ្រង់​បាន​ប្រោស​ផ្ដល់​ជីវិត នឹង​សេចក្ដី​សប្បុរស[ឬ«សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់»]ដល់​ទូល​បង្គំ ហើយ​ការ​ឃុំ​គ្រង​របស់​ទ្រង់​បាន​គាំ​ពារ​ជីវិត​ទូល​បង្គំ»។ (យ៉ូប ១០:១២; ព.ថ.) ម្យ៉ាង​ទៀត យ៉ូប​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ ហើយ​ទទួល​ស្គាល់​ថា អ្នក​ណា​ដែល​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​អ្នក​ឯ​ទៀត អ្នក​នោះ​លែង​កោត​ខ្លាច​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ហើយ។ (យ៉ូប ៦:១៤) មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។—ម៉ាថ. ២២:៣៧​-​៤០

២១ យើង​អាច​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដោយ​អាន​បណ្ដាំ​របស់​លោក​រាល់​ថ្ងៃ ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​គម្ពីរ​បាន​បើក​បង្ហាញ​អំពី​លោក។ ដោយ​អធិដ្ឋាន​អស់​ពី​ចិត្ត យើង​អាច​សរសើរ​ព្រះ​យេហូវ៉ា ថែម​ទាំង​អរគុណ​លោក​ដែល​បង្ហាញ​គុណធម៌​ដល់​យើង។ (ភី. ៤:៦, ៧) យើង​អាច​ច្រៀង​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ប្រយោជន៍​ពី​ការ​សេព​គប់​យ៉ាង​ទៀង​ទាត់​ជា​មួយ​រាស្ត្រ​របស់​លោក។ (ហេ. ១០:២៣​-​២៥) បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង កាល​ដែល​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ប្រកាស​ដំណឹង​ល្អ​នៃ«សេចក្ដី​សង្គ្រោះ​របស់​ទ្រង់»។ (ទំនុក. ៩៦:១​-​៣) តាម​វិធី​នេះ យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​ច្រៀង​ថា៖ «ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ»។—ទំនុក. ៧៣:២៨

២២, ២៣. ក្នុង​នាម​ជា​អ្នក​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា តើ​យើង​និង​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​នៅ​សម័យ​មុន មាន​សកម្មភាព​ដូច​គ្នា​យ៉ាង​ណា?

២២ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​នូវ​ភារកិច្ច​ផ្សេង​ៗ។ ណូអេ​បាន​សង់​ទូក​ធំ ហើយ​ជា«អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត»។ (២ពេ. ២:៥) យ៉ូស្វេ​បាន​នាំ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ចូល​ទៅ​ស្រុក​សន្យា តែ​គាត់​បាន​ទទួល​ជោគ​ជ័យ ដោយ​សារ​គាត់​បាន​អាន​សៀវភៅ«គម្ពីរ​ក្រឹត្យ​វិន័យ . . . ទាំង​យប់​ទាំង​ថ្ងៃ» ហើយ​ប្រព្រឹត្ត​ស្រប​តាម​អស់​ទាំង​សេចក្ដី​ក្នុង​គម្ពីរ​នោះ។ (យ៉ូស. ១:៧, ៨) គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​បាន​ជួប​ជុំ​គ្នា​យ៉ាង​ទៀង​ទាត់​ដើម្បី​សិក្សា​បទ​គម្ពីរ។—ម៉ាថ. ២៨:១៩, ២០

២៣ យើង​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ដោយ​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ធ្វើ​តាម​ដំបូន្មាន​ក្នុង​គម្ពីរ ហើយ​ជួប​ជុំ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ឯ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត។ សកម្មភាព​បែប​នេះ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន មាន​ចំណង​មេត្រី​ភាព​រឹង​មាំ​ជា​មួយ​ព្រះ ហើយ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ នេះ​មិន​មែន​ជា​ការ​ពិបាក​ពេក​ចំពោះ​យើង​ទេ ដោយ​សារ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក​គាំទ្រ​យើង។ (ចោ. ៣០:១១​-​១៤; ១ព. ៨:៥៧) មួយ​វិញ​ទៀត យើង​មាន​ការ​គាំទ្រ​ពី«បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា» ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ដូច​យើង​ដែរ ព្រម​ទាំង​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​របស់​ពួក​គាត់។—១ពេ. ២:១៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា?

• តើ​គុណសម្បត្ដិ​ណា​ខ្លះ​របស់​យ៉ូប​ដែល​ទាក់​ទាញ​ចិត្ត​អ្នក?

• ដូច​សៀវភៅ​យ៉ូប ៣១:២៩​-​៣៧​បាន​បង្ហាញ តើ​យ៉ូប​បាន​ប្រព្រឹត្ត​យ៉ាង​ណា?

• ហេតុ​អ្វី​យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​បាន?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៩]

យ៉ូប​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា យើង​ក៏​អាច​ធ្វើ​ដូច្នោះ​ដែរ!

[រូប​ភាព​នៅ​ទំព័រ​៣២]

យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​បាន!