លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាជាបុគ្គលវិញ្ញាណ?

តើអ្នកណាជាបុគ្គលវិញ្ញាណ?

តើ​អ្នក​ណា​ជា​បុគ្គល​វិញ្ញាណ?

នៅ​ទ្វីប​អឺរ៉ុប ស្ត្រី​វ័យ​ចាស់​ម្នាក់​ចូល​ទៅ​ក្នុង​វិហារ​មួយ​ដោយ​មាន​ខ្សែ​អង្កាំ​នៅ​ដៃ ហើយ​លុត​ជង្គង់​ដោយ​គោរព​នៅ​មុខ​រូបសំណាក​នាង​ម៉ារៀ។ នៅ​ទ្វីប​អាហ្វ្រិក គ្រួសារ​ក្រី​ក្រ​មួយ​ច្រួច​ស្រា​នៅ​ជិត​ផ្នូរ​នៃ​ញាតិ​សន្ដាន​ដែល​ពួក​គេ​គោរព។ នៅ​ទ្វីប​អាម៉េរិក បុរស​វ័យ​ក្មេង​ម្នាក់​តម​អាហារ ហើយ​សញ្ជឹង​គិត​ដោយ​សង្ឃឹម​ថា​នឹង​ទាក់​ទង​ជា​មួយ​អ្វី​ដែល​គាត់​ជឿ​ថា​ជា​ទេវតា​របស់​គាត់​ដែល​ការពារ​គាត់។ នៅ​ទ្វីប​អាស៊ី សង្ឃ​ម្នាក់​ដុត​រូប​ផ្សេង​ៗ​ធ្វើ​ពី​ក្រដាស​ពណ៌​ជា​គ្រឿង​បូជា​ទៅ​វិញ្ញាណ​ឬ​ព្រលឹង​ដូន​តា។

តើ​មនុស្ស​ទាំង​នេះ​ជឿ​អ្វី​ដូច​គ្នា? ពួក​គេ​ទាំង​អស់​គ្នា​ជឿ​ថា​មាន​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែល​មនុស្ស​អាច​ទាក់​ទង​បាន ហើយ​ដែល​អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​ជីវិត​មនុស្ស។ ជំនឿ​នេះ​មិន​មែន​ថ្មី​ឬ​មិន​គួរ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺថា​មាន​ជំនឿ​ជា​ច្រើន​ដែល​ប្រទាំង​គ្នា​ស្តី​អំពី​អ្នក​ណា​ជា​បុគ្គល​វិញ្ញាណ។

អ្នក​កាន់​សាសនា​អ៊ីស្លាម​គោរព​បូជា​ព្រះ​មួយ​អង្គ​គឺ​អា​ឡា។ * បណ្ដា​ជន​ក្នុង​ពិភព​គ្រិស្ត​សាសនា​និយាយ​ថា​ព្រះ​ជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​ដែល​មាន​ព្រះ​ដែល​ជា​បិតា ព្រះ​ដែល​ជា​បុត្រ​និង​ព្រះ​ដែល​ជា​វិញ្ញាណ​បរិសុទ្ធ។ អ្នក​កាន់​ព្រហ្មញ្ញ​សាសនា​ជឿ​ថា​មាន​ព្រះ​ជាង​មួយ​ពាន់។ បណ្ដា​ជន​ឯ​ទៀត​និយាយ​ថា​បុគ្គល​វិញ្ញាណ​ស្ថិត​នៅ​ក្នុង​សត្វ​ខ្លះ​ៗ ដើម​ឈើ ថ្ម​និង​ស្ទឹង។ ក៏​ប៉ុន្តែ អ្នក​ឯ​ទៀត​ជឿ​ព័ត៌មាន​ដែល​មាន​ក្នុង​សៀវភៅ ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ស្តី​អំពី​ទេវតា វិញ្ញាណ​កំណាច ខ្មោច​និង​ម្រេញ​គង្វាល​និង​ព្រះ​ផ្សេង​ៗ។

មាន​ទស្សនៈ​ជា​ច្រើន​ផ្សេង​ពី​គ្នា​និង​ដែល​ប្រទាំង​គ្នា​អំពី​ព្រះ ហើយ​ទស្សនៈ​អំពី​របៀប​ទាក់​ទង​នឹង​ព្រះ​ទាំង​នោះ ក៏​ខុស​គ្នា​ហើយ​ប្រទាំង​គ្នា​ដែរ។ យើង​អាច​សន្និដ្ឋាន​យ៉ាង​សម​ហេតុ​សម​ផល​ថា មិន​មែន​វិធី​ទាក់​ទង​ទាំង​អស់​ជា​មួយ​ព្រះ​សុទ្ធតែ​ត្រឹម​ត្រូវ​ទេ។ សូម​គិត​ដូច្នេះ: មុន​យើង​ប្រើ​ទូរស័ព្ទ យើង​ត្រូវ​ដឹង​ថា​យើង​ចង់​ទូរស័ព្ទ​ទៅ​អ្នក​ណា ហើយ​យើង​ត្រូវ​ជឿ​ជាក់​ថា​បុគ្គល​នោះ​ពិត​ជា​មាន​មែន ហើយ​នឹង​ព្រម​និយាយ​ជា​មួយ​យើង។ បើ​យើង​ព្យាយាម​ទាក់​ទង​នឹង​បុគ្គល​ដែល​មិន​មាន​ទេ នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត ការ​ទាក់​ទង​នឹង​ជន​បោកប្រាស់​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។

ដូច្នេះ តើ​អ្នក​ណា​ជា​បុគ្គល​វិញ្ញាណ? គម្ពីរ​បរិសុទ្ធ​មិន​គ្រាន់តែ​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ តែ​ក៏​ពន្យល់​ថា​លោក​អ្នក​ត្រូវ​ទាក់​ទង​នឹង​អ្នក​ណា ហើយ​អ្នក​នោះ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? សូម​អញ្ជើញ​អាន​អត្ថបទ​បន្ត​បន្ទាប់។ លោក​អ្នក​ប្រហែល​ភ្ញាក់​ផ្អើល​អំពី​អ្វី​ដែល​គម្ពីរ​បើក​បង្ហាញ។

[​កំណត់​សម្គាល់​]

^ វគ្គ 4 ​«​អា​ឡា​»​មាន​ន័យ​ថា​«​ព្រះ​»​ មិន​មែន​ជា​ឈ្មោះ​ទេ។