តើគេអាចមើលឃើញបុគ្គលវិញ្ញាណឬទេ?
តើគេអាចមើលឃើញបុគ្គលវិញ្ញាណឬទេ?
ទោះជាលោកអ្នកសម្លឹងមើលមេឃយូរប៉ុន្មានក៏ដោយ លោកអ្នកនឹងមិនឃើញបុគ្គលវិញ្ញាណឡើយ។ បើលោកអ្នកខំស្ដាប់ ក៏លោកអ្នកមិនឮសំឡេងពួកគេដែរ។ ក៏ប៉ុន្តែ លោកអ្នកអាចប្រាកដថាមានបុគ្គលវិញ្ញាណមែន។ ពួកគេមានបញ្ញាខ្ពង់ខ្ពស់ ហើយមានឫទ្ធានុភាព ថែមទាំងមានឈ្មោះជាក់លាក់ និងបុគ្គលិកលក្ខណៈផ្សេងៗ។ ពួកបុគ្គលវិញ្ញាណទាំងអស់ចាប់អារម្មណ៍នឹងយើង។ ពួកគេខ្លះជួយយើង ខ្លះទៀតចង់ធ្វើបាបយើង។
ព្រះពិតផ្ទាល់គឺជាវិញ្ញាណ។ (យ៉ូហាន ៤:២៤) ឈ្មោះលោកគឺយេហូវ៉ាដែលជាឈ្មោះមួយខុសប្លែកពីព្រះមិនពិតជាច្រើន។ (ទំនុកតម្កើង ៨៣:១៨) អ្នកតែងទំនុកតម្កើងសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់ ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ ពីព្រោះអស់ទាំងព្រះរបស់សាសន៍ដទៃ សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។ កិត្ដិយស នឹងតេជានុភាពនៅចំពោះទ្រង់ ឥទ្ធិឫទ្ធិ នឹងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់»។—ទំនុកតម្កើង ៩៦:៤-៦
ការឃើញព្រះពិតនៅក្នុងគំនិត
គម្ពីរចែងថា៖ «គ្មានមនុស្សណាម្នាក់ធ្លាប់ឃើញព្រះម្ដងណាឡើយ»។ (យ៉ូហាន ១:១៨) យើងមិនអាចយល់អំពីលក្ខណៈនិងភាពរុងរឿងរបស់លោកបានទេ ដូចមនុស្សងងឹតភ្នែកពីកំណើតមិនអាចដឹងពណ៌បានឡើយ។ ប៉ុន្តែ ដូចគ្រូដ៏ល្អម្នាក់ពន្យល់រឿងស្មុគស្មាញដោយប្រើវិធីដែលសិស្សអាចយល់ តាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក ព្រះពណ៌នាអ្វីដែលយើងមិនអាចមើលឃើញតាមរយៈអ្វីដែលយើងអាចឃើញ។ ដោយបើកឲ្យមនុស្សស្មោះត្រង់នាសម័យបុរាណឃើញក្នុងគំនិត ព្រះយេហូវ៉ាជួយយើងឲ្យគិតឃើញអំពីទីធ្លានៅស្ថានសួគ៌ ហើយឲ្យយល់អំពីទំនាក់ទំនងរបស់យើងជាមួយពួកអ្នកដែលរស់នៅទីនោះ។
ជាឧទាហរណ៍ ការបើកឲ្យឃើញក្នុងគំនិតរបស់អេសេគាលបានប្រដូចសិរីរុងរឿងរបស់ព្រះយេហូវ៉ាទៅនឹងភ្លើង ពន្លឺ ត្បូងកណ្ដៀងនិងឥន្ទធនូ។ ក្នុងការបើកឲ្យឃើញមួយទៀតក្នុងគំនិត សាវ័កយ៉ូហានសង្កេតឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្ក ហើយប្រាប់ថាលោក«មានលក្ខណៈដូចត្បូងយ៉ាស្បា និងត្បូងវិសេសពណ៌ក្រហម» ហើយគាត់បន្ថែមថា«នៅជុំវិញបល្ល័ង្កនោះមានឥន្ទធនូដែលមានលក្ខណៈដូចត្បូងមរកត»។ ការពណ៌នាបែបនេះធ្វើឲ្យយើងដឹងថាវត្តមានរបស់ព្រះយេហូវ៉ាមានសោភណភាព គួរឲ្យស្រឡាញ់និងមានភាពស្ងប់ស្ងៀមដែលកម្រមាន។—ការបើកបង្ហាញ ៤:២, ៣; អេសេគាល ១:២៦-២៨
ដានីយ៉ែលជាអ្នកប្រកាសទំនាយក៏បានឃើញក្នុងគំនិតអំពីព្រះយេហូវ៉ា ហើយឃើញទេវតា«ទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះ[ព្រះយេហូវ៉ា]»។ (ដានីយ៉ែល ៧:១០) នេះជាទស្សនីយភាពមួយគួរឲ្យអស្ចារ្យមែន! ការមើលឃើញទេវតាមួយគួរឲ្យស្ញប់ស្ញែងទៅហើយ ចុះទម្រាំតែឃើញទេវតាល្អឥតខ្ចោះរាប់ម៉ឺនពិតជាគួរឲ្យស្ញប់ស្ញែងខ្លាំងជាងនេះទៅទៀត!
គម្ពីរបានរៀបរាប់អំពីពួកទេវតាជិត៤០០ដង ហើយពួកគេមានឋានៈផ្សេងៗដូចជាសេរភីមនិងចេរូប៊ីន។ ក្នុងគម្ពីរ ពាក្យភាសាក្រិចនិងហេប្រឺដែលបកប្រែថា«ទេវតា»មានន័យថា«អ្នកនាំពាក្យ»។ ដូច្នេះ ពួកទេវតាអាចទាក់ទងគ្នាទៅវិញទៅមក ហើយនៅអតីតកាល ពួកគេក៏ធ្លាប់ទាក់ទងនឹងមនុស្សដែរ។ ពួកទេវតាមិនមែនជាមនុស្សដែលធ្លាប់រស់នៅផែនដីទេ។ ព្រះយេហូវ៉ាបានបង្កើតបុគ្គលវិញ្ញាណទាំងនេះជាយូរមុនលោកបង្កើតមនុស្សទៅទៀត។—ក្នុងការបើកឲ្យឃើញក្នុងគំនិត ដានីយ៉ែលបានឃើញទេវតាជាច្រើនបានមកប្រជុំគ្នាដើម្បីឃើញព្រឹត្ដិការណ៍មួយគួរឲ្យអស្ចារ្យ។ ដានីយ៉ែលបានឃើញ‹១អង្គដូចកូនមនុស្ស›ចូលទៅជិតបល្ល័ង្ករបស់ព្រះយេហូវ៉ា ហើយបានទទួល«អំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់»។ (ដានីយ៉ែល ៧:១៣, ១៤) ‹កូនមនុស្ស›នោះដែលមានតួនាទីសំខាន់នៅពិភពពួកវិញ្ញាណគឺលោកយេស៊ូគ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបានត្រូវអនុញ្ញាតឲ្យគ្រប់គ្រងលើផែនដីទាំងមូល។ បន្ដិចទៀត ការគ្រប់គ្រងរបស់លោកនឹងជំនួសរដ្ឋាភិបាលទាំងអស់របស់មនុស្ស ហើយនឹងបំបាត់ចោលជំងឺ ទុក្ខព្រួយ ការជិះជាន់ ភាពក្រីក្រនិងសេចក្ដីស្លាប់។—ដានីយ៉ែល ២:៤៤
ពួកទេវតាស្មោះត្រង់ច្រើនកុះករដែលចង់ឲ្យមនុស្សទទួលប្រយោជន៍ ប្រាកដជាមានអំណរពេលឃើញលោកយេស៊ូបានត្រូវតែងតាំងជាស្តេច។ ប៉ុន្តែ គួរឲ្យស្ដាយណាស់ បុគ្គលវិញ្ញាណទាំងអស់មិនមានអារម្មណ៍ដូច្នេះទេ។
សត្រូវរបស់ព្រះនិងរបស់មនុស្ស
តាំងពីដើមដំបូងនៃប្រវត្ដិសាស្ត្រមនុស្ស ទេវតាមួយដែលមានសេចក្ដីប៉ងប្រាថ្នាជាខ្លាំងចង់ឲ្យគេគោរពប្រណិប័តន៍ខ្លួន បានប្រឆាំងព្រះយេហូវ៉ា ហើយបានតាំងខ្លួនជាសាថានដែលជាឈ្មោះមួយមានន័យថា«អ្នកប្រឆាំង»។ សាថានគឺជាបុគ្គលអាក្រក់បំផុតដែលប្រឆាំង
យ៉ាងខ្លាំងនឹងព្រះយេហូវ៉ាដែលជាបុគ្គលដែលមានសេចក្ដីស្រឡាញ់ច្រើនបំផុត។ ពួកទេវតាឯទៀតបានចូលរួមជាមួយសាថានក្នុងការបះបោររបស់វា ហើយគម្ពីរហៅពួកវាថាពួកវិញ្ញាណកំណាច។ ដូចសាថានដែរ ពួកវិញ្ញាណកំណាចបានក្លាយទៅជាសត្រូវដ៏ឥតមេត្ដារបស់មនុស្សជាតិ។ ពួកវាបានបណ្ដាលឲ្យមានទុក្ខវេទនាជាច្រើននៅលើផែនដី អំពើអយុត្ដិធម៌ ជំងឺ ភាពក្រីក្រនិងសង្គ្រាម។ទោះជាវិហារជាច្រើននៃពិភពគ្រិស្តសាសនាមិនសូវនិយាយអំពីសាថានដូចពីមុនក៏ដោយ គម្ពីរនៅសៀវភៅយ៉ូបជួយយើងឲ្យដឹងអំពីបុគ្គលិកលក្ខណៈនិងបំណងចិត្តរបស់ទេវតាបះបោរនោះ ដោយចែងថា៖ «រីឯមានកាល១ថ្ងៃ ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ»។ ក្នុងការសន្ទនាដែលមានជាបន្ទាប់មក សាថានបានចោទយ៉ាងព្រហើនថា បុរសឈ្មោះយ៉ូបបានបម្រើព្រះក្នុងបំណងចង់បានប្រយោជន៍ពីព្រះប៉ុណ្ណោះ។ ដើម្បីបញ្ជាក់ថាការចោទប្រកាន់របស់វាថាត្រឹមត្រូវ នោះសាថានបានបៀតបៀនយ៉ូបជាខ្លាំង ដោយសម្លាប់ហ្វូងសត្វនិងកូនទាំង១០នាក់របស់គាត់។ បន្ទាប់មក វាបានធ្វើឲ្យយ៉ូបកើតដំបៅដ៏អាក្រក់ពេញខ្លួន។ ការវាយប្រហារទាំងអស់របស់សាថានមិនបានបញ្ជាក់ការចោទប្រកាន់របស់វាថាត្រឹមត្រូវឡើយ។—យ៉ូប ១:៦-១៩; ២:៧
មានមូលហេតុត្រឹមត្រូវឲ្យព្រះយេហូវ៉ាប្រណីសាថាន ប៉ុន្តែលោកនឹងមិនត្រាប្រណីវាជារៀងរហូតទេ។ មិនយូរទៀត មេកំណាចនឹងត្រូវបំផ្លាញចោល។ ព្រះយេហូវ៉ាបានចាត់វិធានការដំបូងដើម្បីបំផ្លាញវា ហើយវិធានការនោះបានត្រូវរៀបរាប់នៅសៀវភៅការបើកបង្ហាញដែលចែងថាមានព្រឹត្ដិការណ៍សំខាន់មួយទៀតដែលយើងមើលមិនឃើញតែបានកើតឡើងក្នុងពិភពពួកវិញ្ញាណ។ កំណត់ហេតុនោះចែងថា៖ «សង្គ្រាមបានផ្ទុះឡើងនៅស្ថានសួគ៌៖ មីកែល[លោកយេស៊ូគ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ] និងបណ្ដាទេវតារបស់លោកបានច្បាំងនឹងនាគ[សាថាន]និងបណ្ដាទេវតារបស់វា ប៉ុន្តែវាមិនបានឈ្នះទេ ហើយមិនមានកន្លែងសម្រាប់ពួកវានៅស្ថានសួគ៌ទៀតឡើយ។ ដូច្នេះ នាគដ៏ធំបានត្រូវបោះទម្លាក់ គឺពស់ដំបូងបង្អស់ ជាអ្នកដែលត្រូវហៅថាមេកំណាចនិងសាថាន និងជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល វាបានត្រូវបោះទម្លាក់ទៅផែនដី ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ»។—ការបើកបង្ហាញ ១២:៧-៩
សូមកត់សម្គាល់ថា គម្ពីរប្រាប់ថាសាថាន«កំពុងបំភាន់ពិភពលោកទាំងមូល»។ វាបានបំភាន់មនុស្សដោយលើកស្ទួយសេចក្ដីបង្រៀនមិនពិតខាងសាសនាក្នុងបំណងបំបែរពួកគេចេញពីព្រះយេហូវ៉ានិងបណ្ដាំរបស់លោក។ ពាក្យភូតភរមួយគឺ ពេលមនុស្សស្លាប់ គេទៅពិភពពួកវិញ្ញាណ។ មានទស្សនៈជាច្រើនខុសៗគ្នាអំពីរឿងនេះ។ ជាឧទាហរណ៍ នៅទ្វីបអាហ្វ្រិកនិងទ្វីបអាស៊ី មនុស្សជាច្រើនជឿថាពេលមនុស្សស្លាប់ទៅ គេទៅនៅពិភពពួកវិញ្ញាណជាមួយដូនតារបស់គេ។ សេចក្ដីបង្រៀនអំពីស្ថាននរកនិងស្ថានមួយដែលមិនមែនជាស្ថានសួគ៌និងមិនមែនជាស្ថាននរក ផ្អែកលើជំនឿដែលថាមនុស្សបន្តរស់ក្រោយពីបានស្លាប់។
ក្រោយពេលមនុស្សស្លាប់ តើគេទៅរស់នៅស្ថានសួគ៌ឬ?
ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះជំនឿដែលមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកជឿថាមនុស្សល្អទាំងអស់ទៅស្ថានសួគ៌? ជាការពិតមែនដែលថាមនុស្សល្អខ្លះទៅស្ថានសួគ៌ តែពួកគេមានចំនួនតិចបើប្រៀបនឹងមនុស្សរាប់ពាន់លាននាក់ដែលបានស្លាប់។ គម្ពីរបង្ហាញថាមនុស្ស១៤៤.០០០នាក់នឹងបានត្រូវ«ទិញពីផែនដី» ហើយនឹងបម្រើជា«សង្ឃ»និងជា«ស្តេចគ្រប់គ្រងលើផែនដី»។ (ការបើកបង្ហាញ ៥:៩, ១០; ១៤:១, ៣) ពួកគេរួមគ្នាជារដ្ឋាភិបាលមួយនៅស្ថានសួគ៌នៃរាជាណាចក្រព្រះជាមួយកូនមនុស្ស ពោលគឺលោកយេស៊ូគ្រិស្ត។ រដ្ឋាភិបាលនោះនឹងបំផ្លាញចោលសាថាននិងពួកវិញ្ញាណកំណាចរបស់វា ហើយនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ មនុស្សភាគច្រើនដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅពេលមួយនាអនាគតដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅសួនឧទ្យាននោះលើផែនដី។—លូកា ២៣:៤៣
ដូច្នេះ សរុបសេចក្ដីមក មានបុគ្គលវិញ្ញាណរាប់លានរូបនៅពិភពពួកវិញ្ញាណ។ ក្នុងចំណោមពួកគេ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតជីវិតទាំងអស់គឺជាបុគ្គលវិញ្ញាណដ៏ខ្ពង់ខ្ពស់បំផុត។ ទេវតាស្មោះត្រង់រាប់ម៉ឺនរូបកំពុងបម្រើលោក។ ទេវតាឯទៀតដែលដឹកនាំដោយសាថានបានប្រឆាំងព្រះយេហូវ៉ា ហើយខំប្រឹងបំភាន់មនុស្ស។ បន្ថែមទៅទៀត មនុស្សមួយចំនួនតិចបានត្រូវ«ទិញ»ឬជ្រើសរើសពីផែនដីឲ្យទទួលភារកិច្ចពិសេសនៅស្ថានសួគ៌។ ដោយគិតអំពីចំណុចនេះ ឥឡូវចូរយើងពិចារណាថាយើងអាចទាក់ទងនឹងអ្នកណាក្នុងពិភពពួកវិញ្ញាណ ហើយយើងត្រូវទាក់ទងតាមរបៀបណា។