លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត»

«ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត»

«ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត»

«មើល! ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត។ មើល! ឥឡូវ​នេះ​គឺ​ជា​ថ្ងៃ​សង្គ្រោះ»។—២កូ. ៦:២

១. ហេតុ​អ្វី​យើង​ត្រូវ​ដឹង​ថា​អ្វី​ទៅ​ជា​កិច្ច​ការ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​នៅ​គ្រា​ណា​មួយ?

សាឡូម៉ូន បាន​សរសេរ​ថា៖ «មាន​ពេល[«កំណត់»]សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ»។ (សាស្ដ. ៣:១; ព.ថ.) គាត់​បាន​សរសេរ​អំពី​សារៈ​សំខាន់​នៃ​ការ​ដឹង​ពេល​ល្អ​បំផុត​ដើម្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ដូច​ជា​ធ្វើ​កសិកម្ម ធ្វើ​ដំណើរ រក​ស៊ី ឬ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ឯ​ទៀត។ ទោះ​ជា​យើង​ចង់​ដឹង​ពេល​ល្អ​បំផុត​ដើម្បី​ធ្វើ​ដូច្នោះ​ក្ដី យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា​អ្វី​ទៅ​ជា​កិច្ច​ការ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​នៅ​គ្រា​ណា​មួយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​ត្រូវ​យល់​ច្បាស់​អំពី​អាទិភាព​របស់​យើង។

២. ពេល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា លោក​យល់​ច្បាស់​អំពី​គ្រា​ដែល​លោក​កំពុង​រស់​នៅ?

ពេល​នៅ​ផែនដី លោក​យេស៊ូ​បាន​យល់​ច្បាស់​អំពី​គ្រា​ដែល​លោក​កំពុង​រស់​នៅ​និង​អំពី​អ្វី​ដែល​លោក​ត្រូវ​ធ្វើ។ ដោយ​យល់​ច្បាស់​អំពី​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត លោក​ដឹង​ថា​គ្រា​នោះ​គឺ​ជា​គ្រា​ដែល​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ ដែល​ទំនាយ​ជា​ច្រើន​អំពី​មេស្ស៊ី​នឹង​ត្រូវ​សម្រេច។ (១ពេ. ១:១១; បប. ១៩:១០) លោក​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​បណ្ដា​ជន​ដឹង​ថា​លោក​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ លោក​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​អំពី​សេចក្ដី​ពិត​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ប្រមូល​ពួក​អ្នក​ដែល​នឹង​ទទួល​មត៌ក​ជា​មួយ​លោក​ក្នុង​រាជាណាចក្រ​នោះ។ ម្យ៉ាង​ទៀត លោក​បាន​រៀបចំ​គ្រឹះសម្រាប់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ដែល​នឹង​បន្ត​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​រហូត​ដល់​ចុង​ផែនដី។—ម៉ាក. ១:១៥

៣. តើ​ការ​ដែល​លោក​យេស៊ូ​យល់​ច្បាស់​អំពី​គ្រា​ដែល​លោក​កំពុង​រស់​នៅ មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​លោក?

ការ​ដែល​លោក​យេស៊ូ​យល់​ច្បាស់​អំពី​គ្រា​ដែល​លោក​កំពុង​រស់​នៅ មាន​ឥទ្ធិពល​ល្អ​លើ​ជីវិត​លោក ហើយ​ជំរុញ​ទឹក​ចិត្ត​លោក​ឲ្យ​ខ្នះ​ខ្នែង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក។ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​កិច្ច​ការ​របស់​លោក»។ (លូក. ១០:២; ម៉ាឡ. ៤:៥, ៦) មុន​ដំបូង លោក​យេស៊ូ​បាន​ជ្រើស​រើស​១២​នាក់ ក្រោយ​មក​៧០​នាក់​ពី​ចំណោម​ពួក​អ្នក​កាន់​តាម​លោក ហើយ​លោក​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់ រួច​ចាត់​ពួក​គេ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ថា៖ «រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ»។ ចំណែក​លោក​យេស៊ូ​វិញ គម្ពីរ​បាន​ចែង​ថា៖ «ពេល​ដែល​លោក . . . បាន​ណែនាំ​អ្នក​កាន់​តាម​ទាំង​ដប់​ពីរ​នាក់​រួច​ហើយ លោក​ចេញ​ពី​ទី​នោះ​ដើម្បី​ទៅ​បង្រៀន​និង​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ឯ​ទៀត»។—ម៉ាថ. ១០:៥​-​៧; ១១:១; លូក. ១០:១

៤. តើ​តាម​របៀប​ណា​ដែល​ប៉ូល​បាន​យក​តម្រាប់​តាម​គ្រិស្ត?

លោក​យេស៊ូ​ជា​គំរូ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពួក​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក ស្តី​អំពី​ការ​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​ភក្ដី​ភាព​ចំពោះ​ព្រះ។ នេះ​ជា​អ្វី​ដែល​សាវ័ក​ប៉ូល​សំដៅ​ទៅ​លើ ពេល​គាត់​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ថា៖ «ចូរ​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្ញុំ​យក​តម្រាប់​តាម​គ្រិស្ត»។ (១កូ. ១១:១) តើ​តាម​របៀប​ណា​ដែល​ប៉ូល​បាន​យក​តម្រាប់​តាម​គ្រិស្ត? សំខាន់​បំផុត គឺ​ដោយ​គាត់​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​ក្រុម​ជំនុំ​នានា គាត់​បាន​សរសេរ​ឃ្លា​ដូច​ជា«កុំ​ខ្ជិល​ក្នុង​កិច្ច​ការ​របស់​អ្នក​ឡើយ» «ចូរ​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា» «ចូរ​ជាប់​រវល់​ក្នុង​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់» និង«ទោះ​ជា​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ទុក​ដូច​ជា​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា»។ (រ៉ូម ១២:១១; ១កូ. ១៥:៥៨; កូឡ. ៣:២៣) ប៉ូល​ចាំ​ជា​និច្ច​ពេល​គាត់​ជួប​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស និង​ពាក្យ​របស់​លោក​យេស៊ូ​ដែល​អាណានាស​ប្រាកដ​ជា​បាន​ប្រាប់​គាត់​ដែល​ថា៖ «បុរស​នេះ​ប្រៀប​ដូច​ជា​ភាជនៈ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ដើម្បី​ជា​តំណាង​ឈ្មោះ​ខ្ញុំ​នៅ​មុខ​ប្រជាជាតិ​ទាំង​ឡាយ ព្រម​ទាំង​នៅ​មុខ​ស្តេច​នានា និង​ពួក​កូន​អ៊ីស្រាអែល»។—សកម្ម. ៩:១៥; រ៉ូម ១:១, ៥; កាឡ. ១:១៦

«គ្រា​ដែល​លោក​ពេញ​ចិត្ត»

៥. តើ​អ្វី​ជំរុញ​ទឹក​ចិត្ត​ប៉ូល​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង?

ពេល​អាន​សៀវភៅ​សកម្មភាព យើង​ឃើញ​ច្បាស់​នូវ​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះ​ខ្នែង​ដែល​ប៉ូល​បាន​បង្ហាញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់។ (សកម្ម. ១៣:៩, ១០; ១៧:១៦, ១៧; ១៨:៥) ប៉ូល​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​គ្រា​ដែល​គាត់​រស់​នៅ។ គាត់​បាន​ស្រដី​ថា៖«មើល! ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត។ មើល! ឥឡូវ​នេះ​គឺ​ជា​ថ្ងៃ​សង្គ្រោះ»។ (២កូ. ៦:២) នៅ​ឆ្នាំ​៥៣៧ មុន​គ.ស. នោះ​គឺ​ជា​គ្រា​ដែល​ព្រះ​ពេញ​ចិត្ត​ឲ្យ​ជន​និរទេស​នៅ​ក្រុង​បាប៊ីឡូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ (អេ. ៤៩:៨, ៩) ប៉ុន្តែ នៅ​ទី​នេះ តើ​ប៉ូល​សំដៅ​ទៅ​លើ​អ្វី? បរិបទ​ជួយ​យើង​ឲ្យ​ដឹង​អ្វី​ដែល​គាត់​ចង់​សំដៅ​ទៅ​លើ។

៦, ៧. សព្វ​ថ្ងៃ តើ​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ទទួល​កិត្ដិយស​ដ៏​អស្ចារ្យ​អ្វី? តើ​អ្នក​ណា​កំពុង​ធ្វើ​កិច្ច​ការ​ជា​មួយ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង?

នៅ​ដើម​ដំបូង​នៃ​សំបុត្រ​របស់​គាត់ ប៉ូល​បាន​និយាយ​អំពី​កិត្ដិយស​អស្ចារ្យ​មួយ​ដែល​គាត់​និង​បង​ប្អូន​រួម​ជំនឿ​ដែល​ព្រះ​បាន​រើស​តាំង បាន​ទទួល។ (សូម​អាន កូរិនថូស​ទី​២ ៥:១៨​-​២០) គាត់​បាន​ពន្យល់​ថា ព្រះ​បាន​ហៅ​ពួក​គាត់​ឲ្យ​បំពេញ​គោល​ដៅ​ជាក់​លាក់​មួយ ពោល​គឺ​បំពេញ«កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា» ហើយ​អង្វរ​មនុស្ស​ឲ្យ«ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ»។ នេះ​មាន​ន័យ​ថា ធ្វើ​ឲ្យ​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ឬ​ត្រូវ​គ្នា​ជា​មួយ​នឹង​ព្រះ។

តាំង​ពី​ការ​បះ​បោរ​នៅ​សួន​អេដែន​មក មនុស្សជាតិ​ទាំង​ឡាយបាន​ដាច់​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ (រ៉ូម ៣:១០, ២៣) នេះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មិន​ស្គាល់​ព្រះ​និង​គោល​បំណង​របស់​លោក ហើយ​បាន​នាំ​មក​នូវ​ទុក្ខ​វេទនា​និង​សេចក្ដី​ស្លាប់។ ប៉ូល​បាន​សរសេរ​ថា៖«យើង​ដឹង​ថា អ្វី​ៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​និង​ឈឺ​ចាប់​ជា​មួយ​គ្នា​ឥត​ឈប់ រហូត​ដល់​ឥឡូវ​នេះ»។ (រ៉ូម ៨:២២) ប៉ុន្តែ​ព្រះ​បាន​ចាត់​វិធានការ​ដើម្បី​ដាស់​តឿន តាម​ពិត«អង្វរ»មនុស្ស​ឲ្យ​ត្រឡប់​ទៅ​រក​លោក​ឬ​ផ្សះ​ផ្សា​ជា​មួយ​នឹង​លោក​វិញ។ នេះ​ហើយ​ជា​កិច្ច​បម្រើ​ផ្សាយ​ដែល​លោក​បាន​ប្រគល់​ឲ្យ​ប៉ូល​និង​បង​ប្អូន​រួម​ជំនឿ​ដែល​ព្រះ​បាន​រើស​តាំង​នៅ​សម័យ​នោះ។ «គ្រា​ដែល​លោក​ពេញ​ចិត្ត»អាច​ទៅ​ជា«ថ្ងៃ​សង្គ្រោះ»សម្រាប់​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ។ គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ព្រះ​បាន​រើស​តាំង​និង​ពួក«ចៀម​ឯ​ទៀត»ដែល​កំពុង​ធ្វើ​កិច្ច​ការ​ជា​មួយ​ពួក​គេ បន្ត​អញ្ជើញ​មនុស្ស​ឲ្យ​ទទួល​ប្រយោជន៍​ពី«គ្រា​ដែល​លោក​ពេញ​ចិត្ត»។—យ៉ូន. ១០:១៦

៨. ហេតុ​អ្វី​បាន​ជា​ការ​អញ្ជើញ​មនុស្ស​ឲ្យ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​គឺ​អស្ចារ្យ​ណាស់?

ការ​អញ្ជើញ​មនុស្ស​ឲ្យ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​គឺ​អស្ចារ្យ​ណាស់! ពី​ព្រោះ​គឺ​មនុស្សជាតិ​ទេ​ដែល​ធ្វើ​ឲ្យ​ចំណង​មេត្រី​ភាព​ជា​មួយ​លោក​ប្រេះ​ឆា​ដោយ​សារ​ការ​បះ​បោរ​នៅ​សួន​អេដែន តែ​ព្រះ​ជា​អ្នក​ដែល​បាន​ចាត់​វិធានការ​ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​លោក​វិញ។ (១យ៉ូន. ៤:១០, ១៩) តើ​ព្រះ​បាន​ធ្វើ​អ្វី? ប៉ូល​បាន​ឆ្លើយ​ថា៖ «ព្រះ​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ពិភព​លោក​តាម​រយៈ​គ្រិស្ត ក៏​មិន​បាន​ផ្ដន្ទា​ទោស​ពួក​គេ​ដោយ​សារ​កំហុស​របស់​ពួក​គេ​ឡើយ ហើយ​លោក​បាន​ប្រគល់​បណ្ដាំ​អំពី​ការ​ផ្សះ​ផ្សា​ឲ្យ​យើង»។—២កូ. ៥:១៩; អេ. ៥៥:៦

៩. តើ​ប៉ូល​បាន​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​គាត់​ដឹង​គុណ​ចំពោះ​ចិត្ត​មេត្ដា​ករុណា​របស់​ព្រះ?

ដោយ​ផ្ដល់​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​នោះ ឲ្យ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​ពួក​គេ ហើយ​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ឬ​ត្រូវ​គ្នា​ជា​មួយ​នឹង​លោក។ បន្ថែម​ទៅ​ទៀត លោក​បាន​បញ្ជូន​បេសកជន​របស់​លោក​ដើម្បី​ដាស់​តឿន​មនុស្ស​នៅ​គ្រប់​កន្លែង ឲ្យ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​លោក កាល​ដែល​នៅ​សល់​ពេល​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ។ (សូម​អាន ធីម៉ូថេ​ទី​១ ២:៣​-​៦) ប៉ូល​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ទទួល​ស្គាល់​គ្រា​ដែល​គាត់​រស់​នៅ ហេតុ​នេះ​គាត់​បាន​ខំ​ប្រឹង​ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង«កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា»។ បំណង​ប្រាថ្នា​របស់​ព្រះ​មិន​បាន​ផ្លាស់​ប្ដូរ​ឡើយ។ ព្រះ​យេហូវ៉ា​នៅ​តែ​បើក​ឱកាស​ឲ្យ​យើង​ផ្សះ​ផ្សា​ជា​មួយ​លោក។ ពាក្យ​សម្ដី​របស់​ប៉ូល​ដែល​ថា«ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត» និង«ឥឡូវ​នេះ​គឺ​ជា​ថ្ងៃ​សង្គ្រោះ»នៅ​តែ​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ ព្រះ​យេហូវ៉ា​ពិត​ជា​ព្រះ​ដែល​មាន​ចិត្ត​មេត្ដា​ករុណា​មែន!—និក្ខ. ៣៤:៦, ៧

កុំ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ«ដោយ​ឥត​ប្រយោជន៍»

១០. នៅ​សម័យ​មុន​និង​សព្វ​ថ្ងៃ​នេះ តើ«ថ្ងៃ​សង្គ្រោះ»មាន​ន័យ​យ៉ាង​ណា​ចំពោះ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង?

១០ ពួក​អ្នក​ដែល​ទទួល​ប្រយោជន៍​មុន​គេ​ពី​ឱកាស​ដែល​ព្រះ​បើក​ឲ្យ​ពួក​គេ​ផ្សះ​ផ្សា​ជា​មួយ​នឹង​លោក គឺ​ពួក​អ្នក​ដែល«រួប​រួម​ជា​មួយ​នឹង​គ្រិស្ត»។ (២កូ. ៥:១៧, ១៨) ចំពោះ​ពួក​គេ «ថ្ងៃ​សង្គ្រោះ»បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៣៣ គ.ស.។ តាំង​ពី​ពេល​នោះ​មក ព្រះ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គេ​ប្រកាស«បណ្ដាំ​អំពី​ការ​ផ្សះ​ផ្សា»។ សព្វ​ថ្ងៃ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ នៅ​តែ​បន្ត​បំពេញ«កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា»។ ពួក​គេ​ទទួល​ស្គាល់​ថា​ទេវតា​បួន​រូប​ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត កំពុង«ទប់​ខ្យល់​ទាំង​បួន​នៃ​ផែនដី មិន​ឲ្យ​បក់​មក​លើ​ផែនដី»ឡើយ។ ដូច្នេះ នេះ​នៅ​តែ​ជា«ថ្ងៃ​សង្គ្រោះ»និង«គ្រា​ដែល​លោក​ពេញ​ចិត្ត»នៅ​ឡើយ។ (បប. ៧:១​-​៣) ហេតុ​នេះ តាំង​ពី​ដើម​សតវត្សរ៍​ទី​២០ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​មិន​ទាន់​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ បាន​ខ្នះ​ខ្នែង​បំពេញ«កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា»រហូត​ដល់​កន្លែង​ដាច់​ស្រយាល​នៅ​លើ​ផែនដី។

១១, ១២. នៅ​ដើម​សតវត្សរ៍​ទី​២០ តើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គេ​ដឹង​អំពី​គ្រា​ដែល​ពួក​គេ​រស់​នៅ? (សូម​មើល​រូប​ភាព​នៅ​ទំព័រ​២០)

១១ ជា​ឧទាហរណ៍ សៀវភៅ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង សាក្សី​ព្រះ​យេហូវ៉ា ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ បាន​ចែង​ថា ជិត​ចូល​ដល់​សតវត្សរ៍​ទី​២០ «ឆាល្ស​ថេហ្ស​រ៉ាសិល​និង​គូកន​របស់​គាត់​ជឿ​ជាក់​ថា ពួក​គេ​រស់​នៅ​គ្រា​ចម្រូត ហើយ​ជឿ​ថា​មនុស្ស​ត្រូវ​ឮ​សេចក្ដី​ពិត​ដែល​នឹង​រំដោះ​ពួក​គេ»។ តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ចំពោះ​រឿង​នេះ? ដោយ​ទទួល​ស្គាល់​ថា​ពួក​គេ​ស្ថិត​ក្នុង​គ្រា​ច្រូត​កាត់ ដែល​ជា«គ្រា​ដែល​លោក​ពេញ​ចិត្ត» បង​ប្អូន​ទាំង​នេះ​មិន​គ្រាន់​តែ​ស្កប់​ចិត្ត​អញ្ជើញ​មនុស្ស​ឲ្យ​មក​ស្ដាប់​កម្ម​វិធី​សាសនា​ប៉ុណ្ណោះ​ទេ ដោយ​សារ​បព្វជិត​នៃ​ពិភព​គ្រិស្ត​សាសនា​បាន​ធ្វើ​ដូច្នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ ផ្ទុយទៅ​វិញ គ្រិស្ត​សាសនិក​ទាំង​នេះ​ដែល​ព្រះ​បាន​រើស​តាំង​បាន​ចាប់​ផ្ដើម​រក​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ក្នុង​ចំណោម​វិធី​ទាំង​នោះ ពួក​គេ​បាន​ប្រើ​បច្ចេកវិជ្ជា​ថ្មី​ៗ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការ​របស់​ពួក​គេ​ជឿន​ទៅ​មុខ។

១២ ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ពួក​អ្នក​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​មួយ​ក្រុម​តូច​នោះ​បាន​ប្រើ​ខិត្តប័ណ្ណ សៀវភៅ​ស្តើង ទស្សនាវដ្ដី និង​សៀវភៅ​ផ្សេង​ៗ។ ពួក​គេ​ក៏​បាន​សរសេរ​សុន្ទរកថា​និង​អត្ថបទ​ផ្សេង​ៗ ហើយ​បាន​បញ្ជូន​ឲ្យ​កាសែត​រាប់​ពាន់​បោះ​ពុម្ព​ផ្សាយ។ ពួក​គេ​បាន​ផ្សាយ​កម្ម​វិធី​ខាង​គម្ពីរ​តាម​វិទ្យុជាតិ​និង​អន្តរជាតិ។ ម្យ៉ាង​ទៀត ពួក​គេ​បាន​ផលិត​ខ្សែ​ភាពយន្ត ហើយ​បាន​បញ្ចូល​សំឡេង មុន​ក្រុម​ហ៊ុន​ផលិតភាព​យន្ត​សម្រាប់​សាធារណជន​មាន​ភាពយន្ត​បែប​នោះ។ តើ​ការ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដោយ​ឥត​ឈប់​ឈរ​បែប​នេះ​នាំ​មក​នូវ​លទ្ធផល​អ្វី​ខ្លះ? សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ជាង​ប្រាំ​ពីរ​លាន​នាក់​បាន​ស្ដាប់ ហើយ​ចូល​រួម​ក្នុង​ការ​ប្រកាស​ដំណឹង​ដែល​ថា៖ «សូម​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ»។ ពិត​មែន ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ដើម​សតវត្សរ៍​ទី​២០ ជា​គំរូ​ល្អ​ក្នុង​ការ​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង ទោះ​ជា​ពួក​គេ​មិន​សូវ​មាន​គ្នា​ច្រើន និង​មិន​សូវ​មាន​បទ​ពិសោធន៍​ក៏​ដោយ។

១៣. ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​គោល​បំណង​របស់​ព្រះ?

១៣ ពាក្យ​របស់​ប៉ូល​ដែល​ថា«ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត»នៅ​តែ​ជា​ការ​ពិត។ យើង​ដែល​បាន​ពិសោធ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា ដឹង​គុណ​ដោយ​សារ​យើង​មាន​ឱកាស​ដើម្បី​ឮ​និង​ធ្វើ​តាម​ការ​ប្រកាស​ឲ្យ​ផ្សះ​ផ្សា​នឹង​ព្រះ។ ជា​ជាង​មាន​គំនិត​ថា​ប៉ុណ្ណោះ​គឺ​គ្រប់​គ្រាន់​ហើយ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​បន្ទាប់​របស់​ប៉ូល​ដែល​ថា៖ «យើង​ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដោយ​ឥត​ប្រយោជន៍»។ (២កូ. ៦:១) គោល​បំណង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​គឺ​ឲ្យ‹ពិភព​លោក​ផ្សះ​ផ្សា​ជា​មួយ​នឹង​លោក›តាម​រយៈ​គ្រិស្ត។—២កូ. ៥:១៩

១៤. ក្នុង​ប្រទេស​ជា​ច្រើន តើ​មនុស្ស​ចាប់​ផ្ដើម​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ឮ​ការ​ប្រកាស​ឲ្យ​ផ្សះ​ផ្សា​នឹង​ព្រះ?

១៤ សាថាន​បាន​ធ្វើ​ឲ្យ​គំនិត​របស់​មនុស្ស​ភាគ​ច្រើន​ទៅ​ជា​ងងឹត ហេតុ​នេះ ពួក​គេ​នៅ​តែ​ដាច់​ឆ្ងាយ​ពី​ព្រះ ហើយ​មិន​អើពើ​នឹង​គោល​បំណង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ (២កូ. ៤:៣, ៤; ១យ៉ូន. ៥:១៩) ក៏​ប៉ុន្តែ ស្ថានភាព​ក្នុង​ពិភព​លោក​ដែល​កាន់​តែ​អាក្រក់​ទៅ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្វើ​តាម​ការ​ប្រកាស​ឲ្យ​ផ្សះ​ផ្សា​នឹង​ព្រះ ពេល​ពួក​គេ​ដឹង​ថា​អំពើ​អាក្រក់​និង​ទុក្ខ​វេទនា​របស់​មនុស្ស​គឺ​ដោយ​សារ​ពួក​គេ​ដាច់​ឆ្ងាយ​ពី​ព្រះ។ សូម្បី​តែ​នៅ​ប្រទេស​ដែល​មនុស្ស​ភាគ​ច្រើន​មិន​អើពើ​នឹង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ក្ដី ឥឡូវ​ពួក​គេ​ច្រើន​នាក់​ទទួល​យក​ដំណឹង​ល្អ ហើយ​ចាត់​វិធានការ​ផ្សះ​ផ្សា​នឹង​ព្រះ។ ដូច្នេះ តើ​យើង​យល់​ថា​គ្រា​នេះ​ជា​គ្រា​ដែល​យើង​ត្រូវ​ខ្នះ​ខ្នែង​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ប្រកាស​ការ​អង្វរ​ដែល​ថា៖ «សូម​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ»ឬ​ទេ?

១៥. ជា​ជាង​ផ្សាយ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រួល តើ​យើង​ចង់​ឲ្យ​មនុស្ស​នៅ​គ្រប់​កន្លែង​ដឹង​អំពី​អ្វី?

១៥ ភារកិច្ច​របស់​យើង​គឺ​មិន​គ្រាន់​តែ​ប្រាប់​មនុស្ស​ថា​បើ​ពួក​គេ​ត្រឡប់​មក​រក​ព្រះ​វិញ នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​ស្រួល​ជាង ហើយ​ព្រះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​ពួក​គេ។ ពួក​គេ​ច្រើន​នាក់​ចង់​បាន​តែ​អ្វី​នេះ​ប៉ុណ្ណោះ​ពេល​ពួក​គេ​ទៅ​វិហារ ហើយ​អ្នក​ដឹក​នាំ​វិហារ​ពេញ​ចិត្ត​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ។ (២ធី. ៤:៣, ៤) នេះ​មិន​មែន​ជា​គោល​ដៅ​នៃ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ទេ។ ដំណឹង​ល្អ​ដែល​យើង​ផ្សាយ​គឺ​ថា ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អភ័យ​ទោស​ចំពោះ​កំហុស​របស់​យើង​តាម​រយៈ​គ្រិស្ត។ ហេតុ​នេះ មនុស្ស​អាច​លែង​ដាច់​ឆ្ងាយ​ពី​ព្រះ ហើយ​ផ្សះ​ផ្សា​ជា​មួយ​នឹង​លោក​វិញ។ (រ៉ូម ៥:១០; ៨:៣២) ក៏​ប៉ុន្តែ «គ្រា​ដែល​លោក​ពេញ​ចិត្ត»នឹង​មក​ដល់​ទី​បញ្ចប់​យ៉ាង​ឆាប់​រហ័ស។

«ចូរ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ»

១៦. តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​បង្ហាញ​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះ​ខ្នែង?

១៦ ដូច្នេះ តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​និង​រក្សា​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត? អ្នក​ខ្លះ​ប្រហែល​ជា​អៀន​ឬ​មិន​សូវ​ចេះ​និយាយ​ស្តី ហើយ​ប្រហែល​ពិបាក​បង្ហាញ​អារម្មណ៍​នៅ​មុខ​អ្នក​ឯ​ទៀត​ឬ​មិន​សូវ​ចេះ​រួស​រាយ​រាក់​ទាក់​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា​ចិត្ត​ខ្នះ​ខ្នែង​មិន​មែន​ជា​ការ​បង្ហាញ​អារម្មណ៍​ឬ​ចិត្ត​រំភើបតែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ក៏​មិន​អាស្រ័យ​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​យើង​ដែរ។ ប៉ូល​បាន​បង្ហាញ​អំពី​របៀប​បណ្ដុះ​និង​រក្សា​ចិត្ត​ខ្នះ​ខ្នែង ពេល​គាត់​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ថា៖ «ចូរ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ»។ (រ៉ូម ១២:១១) សកម្មពល​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ូល​មាន​ចិត្ត​ក្លាហាន ហើយ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ក្នុង​អំឡុង​ពេល​ជាង​៣០​ឆ្នាំ​ដែល​ចាប់​តាំង​ពី​ពេល​លោក​យេស៊ូ​បាន​ហៅ​គាត់​រហូត​ដល់​ពេល​គាត់​ជាប់​គុក ហើយ​ស្លាប់​ដោយ​សារ​ជំនឿ​របស់​គាត់​នៅ​ក្រុង​រ៉ូម ចិត្ត​ខ្នះ​ខ្នែង​របស់​ប៉ូល​មិន​ដែល​រង្គោះ​រង្គើ​ឡើយ។ គាត់​តែង​តែ​ពឹង​លើ​ព្រះ ដែល​តាម​រយៈ​សកម្មពល​របស់​លោក បាន​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ គាត់​បាន​ពោល​ថា៖ «ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ»។ (ភី. ៤:១៣) បើ​យើង​រៀន​ពី​គំរូ​របស់​គាត់ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

១៧. តើ​យើង​អាច«ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ»យ៉ាង​ដូច​ម្ដេច?

១៧ នៅ​រ៉ូម ១២:១១ សាវ័ក​ប៉ូល​បាន​ប្រើ​ពាក្យ​ភាសា​ក្រិច​ដែល​មាន​ន័យ​ត្រង់​ថា«ពុះ»។ ដើម្បី​ឲ្យ​ទឹក​ក្នុង​កំសៀវ​នៅ​តែ​ពុះ យើង​ត្រូវ​ដុត​ភ្លើង​ឲ្យ​ជាប់។ ស្រដៀង​គ្នា​ដែរ ដើម្បី​អាច«ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ» យើង​ត្រូវ​មាន​សកម្មពល​របស់​លោក​ជាប់​ជា​និច្ច។ ដើម្បី​មាន​សកម្មពល​នោះ យើង​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ដើម្បី​ពង្រឹង​ជំនឿ​យើង។ នេះ​បាន​សេចក្ដី​ថា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នឹង​ការ​គោរព​ប្រណិប័តន៍​ក្នុង​ក្រុម​គ្រួសារ​យើង​និង​ក្នុង​ក្រុម​ជំនុំ។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ទៀង​ទាត់​ក្នុង​ការ​សិក្សា​ដោយ​ខ្លួន​ឯង ការ​សិក្សា​ជា​ក្រុម​គ្រួសារ ការ​អធិដ្ឋាន​និង​ក្នុង​ការ​ទៅ​ប្រជុំ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ការ​រៀបចំ​នេះ​នឹង​ជួយ​យើង​ឲ្យ«ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ»ដូច​ភ្លើង​ដែល​ធ្វើ​ឲ្យ​ទឹក​កំសៀវ​នៅ​តែ​ពុះ។—សូម​អាន សកម្មភាព ៤:២០; ១៨:២៥

១៨. ក្នុង​នាម​ជា​គ្រិស្ត​សាសនិក តើ​យើង​គួរ​ប្រមូល​អារម្មណ៍​ទៅ​លើ​គោល​ដៅ​អ្វី?

១៨ បុគ្គល​ដែល​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ​គឺ​ជា​អ្នក​ដែល​ប្រមូល​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​គោល​ដៅ​មួយ ហើយ​មិន​ងាយ​បែរ​អារម្មណ៍​ឬ​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ការ​សម្រេច​គោល​ដៅ​នោះ​ឡើយ។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​គោល​ដៅ​របស់​យើង​ដែល​រួម​បញ្ចូល​កិច្ច​ការ​ណា​ក៏​ដោយ​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ ដូច​លោក​យេស៊ូ​បាន​ធ្វើ​ដែរ។ (ហេ. ១០:៧) សព្វ​ថ្ងៃ បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា គឺ​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​ផ្សះ​ផ្សា​ជា​មួយ​លោក។ ហេតុ​នេះ ដោយ​យក​តម្រាប់​តាម​លោក​យេស៊ូ​និង​សាវ័ក​ប៉ូល ចូរ​យើង​ខំ​ប្រឹង​យ៉ាង​ខ្នះ​ខ្នែង​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ​ដែល​ជា​កិច្ច​ការ​ប្រញាប់​ដែល​ត្រូវ​ធ្វើ​សព្វ​ថ្ងៃ​នេះ។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​អ្វី​ជា«កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា»ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​ប៉ូល​និង​ពួក​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​ព្រះ​បាន​រើស​តាំង?

• តើ​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង«គ្រា​ដែល​លោក​ពេញ​ចិត្ត»?

• តើ​ពួក​គ្រិស្ត​សាសនិក​អាច«ពុះ​កញ្ជ្រោល​ដោយ​សកម្មពល​របស់​ព្រះ»យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៧]

ប៉ូល​ចាំ​ជា​និច្ច​ពេល​គាត់ ជួប​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត