លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការធ្វើឲ្យព្រះពេញចិត្ដនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់

ការធ្វើឲ្យព្រះពេញចិត្ដនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់

ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់

​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត ទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំ​វិញ​ដោយ​ព្រះ​គុណ[​ឬ​«​ដោយ​ការ​ពេញ​ចិត្ត​»​]​ ទុក​ដូច​ជា​ខែល​»។—ទំនុក. ៥:១២; ព.ថ.

១, ២​. តើ​អេលីយ៉ា​បាន​សុំ​អ្វី​ពី​ស្ត្រី​មេម៉ាយ​នៅ​ភូមិ​សេរ៉ាផាត? ហើយ​តើ​គាត់​បាន​ធានា​អ្វី​ដល់​នាង?

ស្ត្រី​ម្នាក់​និង​កូន​របស់​នាង​កំពុង​តែ​ឃ្លាន ហើយ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ក៏​ដូច្នេះ​ដែរ។ ស្ត្រី​មេម៉ាយ​នៅ​ភូមិ​សេរ៉ាផាត​នេះ​កំពុង​តែ​រៀប​ចំ​បង្កាត់​ភ្លើង​ដើម្បី​ចម្អិន​អាហារ ហើយ​នៅ​ពេល​នោះ អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សុំ​ទឹក​និង​នំ​ប៉័ង​ពី​នាង។ នាង​សុខ​ចិត្ត​ឲ្យ​ទឹក​ទៅ​គាត់​ពិសា ប៉ុន្តែ​ចំពោះ​នំ​ប៉័ង​វិញ នាង​«​មាន​តែ​ម្សៅ​១​ក្ដាប់​នៅ​ក្នុង​ខាប់ នឹង​ប្រេង​បន្ដិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ​»។ នាង​គិត​ថា​នាង​គ្មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់​នឹង​ចែក​ឲ្យ​ដល់​គាត់​ទេ ហើយ​នាង​ក៏​បាន​ប្រាប់​ដល់​គាត់​ដូច្នេះ​ដែរ។—១ព. ១៧:៨​-​១២

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អេលីយ៉ា​បាន​ប្រាប់​នាង​ថា​៖ ​«​សូម​ធ្វើ​នំ​១​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សំ​រាប់​អ្នក​នឹង​កូន​អ្នក​ចុះ ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយ​»។—១ព. ១៧:១៣, ១៤

៣​. តើ​យើង​ត្រូវ​សម្រេច​ចិត្ត​ចំពោះ​រឿង​សំខាន់​មួយ​ណា?

ស្ត្រី​មេម៉ាយ​នេះ​មិន​គ្រាន់តែ​ត្រូវ​សម្រេច​ចិត្ត​ក្នុង​ការ​ចែក​រំលែក​នូវ​ម្ហូប​បន្ដិច​បន្តួច​ដល់​អេលីយ៉ា​ប៉ុណ្ណោះ​ទេ។ មាន​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ពោល​គឺ​តើ​នាង​នឹង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ថា​លោក​នឹង​ជួយ​សង្គ្រោះ​នាង​និង​កូន​របស់​នាង​ឬ​ទេ? ឬ​ក៏​តើ​នាង​នឹង​ចាត់​ទុក​អ្វី​ដែល​នាង​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​ជីវិត សំខាន់​ជាង​ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​និង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ទៅ​វិញ? សព្វ​ថ្ងៃ យើង​ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​ដែរ។ តើ​យើង​នឹង​ចាត់​ទុក​ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​សំខាន់​ជាង​ការ​ស្វែងរក​ទ្រព្យ​សម្បត្ដិ​ឬ​ទេ? យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ទុក​ចិត្ត​ទៅ​លើ​ព្រះ​និង​បម្រើ​លោក ហើយ​ក៏​មាន​វិធី​ផ្សេង​ៗ​ដែល​យើង​អាច​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ដែរ។

‹លោក​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង›

៤​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង?

ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តម្រូវ​ឲ្យ​មនុស្ស​បម្រើ​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ ពួក​ទេវតា​ដែល​ជា​អ្នក​បម្រើ​លោក​នៅ​ស្ថាន​សួគ៌ បាន​បញ្ជាក់​អំពី​ការ​ពិត​នេះ ពេល​ពួក​គេ​និយាយ​ដោយ​មាន​ឯកភាព​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុងរឿង កិត្ដិយស និង​ឫទ្ធានុភាព ពីព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។ (​បប. ៤:១១​) សរុប​ទៅ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ លោក​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង។

៥​. ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​បម្រើ​លោក?

មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​បម្រើ​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​គ្មាន​នរណា​ម្នាក់​ស្រឡាញ់​យើង​ច្រើន​ជាង​លោក​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​[​ព្រះ​]​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូបអង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូបអង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី​»។ (​លោ. ១:​២៧​) មនុស្ស​មាន​សមត្ថភាព​និង​សេរីភាព​ដើម្បី​សម្រេច​ចិត្ត​ថា​ខ្លួន​ចង់​ឬ​មិន​ចង់​បម្រើ​ព្រះ។ ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ផ្ដល់​ជីវិត​ឲ្យ​យើង នោះ​លោក​បាន​ក្លាយ​ទៅ​ជា​បិតា​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។ (​លូក. ៣:៣៨​) ដូច​បិតា​ម្នាក់​ដែល​ស្រឡាញ់​កូន លោក​បាន​ផ្ដល់​អ្វី​ៗ​ទាំង​អស់​ដែល​កូន​ប្រុស​ស្រី​របស់​លោក​ត្រូវ​ការ​ដើម្បី​ឲ្យ​ពួក​គេ​អាច​សប្បាយ​ក្នុង​ជីវិត។ ម្យ៉ាង​ទៀត ​«​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​»​និង​«​បង្អុរ​ភ្លៀង​»​ដើម្បី​ឲ្យ​ផែនដី​បង្កើត​ផល​ជា​បរិបូរ​ក្នុង​ស្ថានភាព​ដ៏​ល្អ​បំព្រង។—ម៉ាថ. ៥:៤៥

៦, ៧​. (​ក​) អាដាម​បាន​នាំ​ឲ្យ​កូន​ចៅ​របស់​គាត់​រង​ទុក្ខ តើ​នោះ​ជា​អ្វី? (​ខ​)​ តើ​គ្រឿង​បូជា​របស់​គ្រិស្ត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

ព្រះ​យេហូវ៉ា​ក៏​បាន​សង្គ្រោះ​យើង​ពី​ឥទ្ធិពល​ដ៏​អាក្រក់​ដែល​មក​ពី​ភាព​ខុស​ឆ្គង​ដែរ។ ពេល​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​បាន​លួច​ប្រាក់​ពី​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​លេង​ល្បែង​ស៊ីសង។ ដោយ​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា អាដាម​ហាក់​ដូច​ជា​បាន​ប្លន់​សេចក្ដី​សង្ឃឹម​ពី​កូន​ចៅ​របស់​គាត់ ពោល​គឺ​សេចក្ដី​សង្ឃឹម​ទទួល​សុភមង្គល​ជា​រៀង​រហូត។ ការ​គិតតែ​ពី​ប្រយោជន៍​ខ្លួន​របស់​គាត់ បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​ធ្លាក់​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង។ យ៉ាង​នេះ មនុស្ស​ទាំង​អស់​មាន​ជំងឺ​ឈឺ​ថ្កាត់ មាន​ទុក្ខ​ព្រួយ ហើយ​នៅ​ទី​បំផុត​ត្រូវ​ស្លាប់។ តាម​ធម្មតា ដើម្បី​លោះ​ខ្ញុំ​បម្រើ​ម្នាក់​តម្រូវ​ឲ្យ​ចេញ​ប្រាក់​ដែល​ជា​ថ្លៃ​លោះ តែ​ចំពោះ​ព្រះ​យេហូវ៉ា​វិញ លោក​ក៏​បាន​ចេញ​ថ្លៃ​ដែរ​ដើម្បី​លោះ​យើង​ពី​ឥទ្ធិពល​អាក្រក់​ដែល​មក​ពី​ភាព​ខុស​ឆ្គង។ (​សូម​អាន រ៉ូម ៥:២១) លោក​យេស៊ូ​គ្រិស្ត​បាន​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក។ (​ម៉ាថ. ២០:២៨​) មិន​យូរ​ទៀត ពួក​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ថ្លៃ​លោះ​នេះ។

ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​យើង​បាន​លះ​បង់​ច្រើន​ជាង​គេ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ជីវិត​ដ៏​សប្បាយ ថែម​ទាំង​មាន​គោល​បំណង​ផង​ដែរ។ ដោយ​សារ​យើង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត យើង​នឹង​យល់​អំពី​របៀប​ដែល​លោក​នឹង​បំបាត់​ចោល​នូវ​បញ្ហា​ទាំង​ឡាយ​ដែល​មនុស្ស​បាន​រង​ទុក្ខ។ ចំពោះ​ខ្លួន​យើង​ផ្ទាល់ ព្រះ​យេហូវ៉ា​នឹង​បន្ត​បង្ហាញ​នូវ​របៀប​ដែល​លោក​«​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែងរក​លោក​អស់ពី​ចិត្ត​»។—ហេ. ១១:៦

‹រាស្ត្រ​របស់​លោក​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត›

៨​. តើ​បទ​ពិសោធន៍​របស់​អេសាយ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការ​បម្រើ​ព្រះ?

ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​រួម​បញ្ចូល​ការ​ប្រើ​ចិត្ត​សេរី​របស់​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ។ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​បម្រើ​លោក​ទេ។ នៅ​សម័យ​អេសាយ ព្រះ​យេហូវ៉ា​បាន​សួរ​ថា​៖ ​«​តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ?​»។ ដោយ​សួរ​ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​គោរព​សិទ្ធិ​របស់​អេសាយ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ សូម​នឹក​គិត​អំពី​អារម្មណ៍​របស់​អេសាយ ពេល​ដែល​គាត់​ឆ្លើយ​ដោយ​ពេញ​ចិត្ត​ថា​៖ ​«​ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ! សូម​ចាត់​ទូល​បង្គំ​ចុះ​»។—អេ. ៦:៨

៩, ១០​. (​ក​) តើ​យើង​គួរ​បម្រើ​ព្រះ​ដោយ​មាន​ចិត្ត​គំនិត​បែប​ណា? (​ខ​) ហេតុ​អ្វី​ការ​បម្រើ​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍?

មនុស្ស​មាន​សិទ្ធិ​ដើម្បី​សម្រេច​ថា​ខ្លួន​ចង់​ឬ​មិន​ចង់​បម្រើ​ព្រះ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បម្រើ​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (​សូម​អាន យ៉ូស្វេ ២៤:១៥) ព្រះ​មិន​ពេញ​ចិត្ត​ចំពោះ​បុគ្គល​ណា​ដែល​បម្រើ​លោក​ដោយ​ទើស​ទាល់​ទេ ហើយ​លោក​ក៏​មិន​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​មនុស្ស​ដែល​បម្រើ​លោក​ដោយ​សារ​ចង់​ផ្គាប់​ចិត្ត​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ដែរ។ (​កូឡ. ៣:២២​) ម្យ៉ាង​ទៀត បើ​យើង​អនុញ្ញាត​ឲ្យ​ចំណាប់​អារម្មណ៍​របស់​យើង​ចំពោះ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​មក​រំខាន​ដល់​ការ​គោរព​ប្រណិប័តន៍​របស់​យើង នោះ​យើង​នឹង​«​បង្អង់​»​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នឹង​យើង​ឡើយ។ (​និក្ខ. ២២:២៩​) ព្រះ​យេហូវ៉ា​ជ្រាប​ថា​ការ​បម្រើ​លោក​អស់ពី​ចិត្ត​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍។ ម៉ូសេ​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​រើស​យក​ជីវិត​ដោយ​‹ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​គេ នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់›។—ចោ. ៣០:១៩, ២០

១០ ស្តេច​ដាវីឌ​នៃ​អ៊ីស្រាអែល​ពី​បុរាណ​បាន​ច្រៀង​ជូន​ព្រះ​យេហូវ៉ា​ថា​៖ ​«​រាស្ត្រ​របស់​[​លោក​] គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​[​លោក​]​ដំ​រៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់។ ដោយ​គ្រឿង​បរិសុទ្ធ ពួក​កំឡោះ​របស់​[​លោក​]​នឹង​បាន​ដូច​ជា​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូសកាល​មក​»។ (​ទំនុក. ១១០:៣​) មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​និង​ការ​កម្សាន្ត​ជា​អ្វី​ដែល​សំខាន់​ជាង​គេ​ក្នុង​ជីវិត។ រីឯ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ចាត់​ទុក​កិច្ច​បម្រើ​ពិសិដ្ឋ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ពួក​គេ។ ចិត្ត​ខ្នះខ្នែង​ដែល​ពួក​គេ​មាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​បង្ហាញ​អំពី​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ ពួក​គេ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ចិញ្ចឹម​ជីវិត។—ម៉ាថ. ៦:៣៣, ៣៤

គ្រឿង​បូជា​ដែល​ព្រះ​ពេញ​ចិត្ត

១១​. តើ​បណ្ដា​ជន​អ៊ីស្រាអែល​សង្ឃឹម​ថា​នឹង​ទទួល​អ្វី​ពេល​ពួក​គេ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា?

១១ យោង​ទៅ​តាម​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង ដើម្បី​ឲ្យ​ព្រះ​ទទួល​ពួក​គេ​ឬ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត នោះ​រាស្ត្រ​របស់​លោក​ត្រូវ​ផ្ដល់​គ្រឿង​បូជា​ដែល​សម​ស្រប​នឹង​ច្បាប់​នោះ។ លេវីវិន័យ ១៩:៥​ចែង​ថា​៖ ​«​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ​បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ​យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ឯង​»។ នៅ​សៀវភៅ​ដដែល​នោះ​ក៏​ចែង​ថា​៖ ​«​បើ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ​បូជា ទុក​ជា​ដង្វាយ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​បែប​ឲ្យ​ទ្រង់​បាន​ទទួល​ឯង​ចុះ​»។ (​លេវី. ២២:២៩​) ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​សត្វ​ដែល​ជា​គ្រឿង​បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ​យេហូវ៉ា ផ្សែង​ហុយ​ទៅ​លើ​ដែល​ចេញ​ពី​អាសនៈ​នោះ​ប្រៀប​ដូច​ជា​«​ក្លិន​ឈ្ងុយ​»​ចំពោះ​ព្រះ​ដ៏​ពិត។ (​លេវី. ១:៩, ១៣​) ពេល​ព្រះ​យេហូវ៉ា​ឃើញ​រាស្ត្រ​របស់​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ដោយ​ធ្វើ​ដូច្នេះ នេះ​នាំ​ឲ្យ​លោក​រីករាយ​ក្នុង​ចិត្ត​មែន។ (​លោ. ៨:២១​) ក្នុង​ច្បាប់​ទាំង​នេះ ក៏​មាន​គោលការណ៍​ដែល​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ពោល​គឺ​ពួក​អ្នក​ដែល​ជូន​ព្រះ​យេហូវ៉ា​នូវ​គ្រឿង​បូជា​ដែល​គាប់​ចិត្ត​លោក នោះ​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ ក៏​ប៉ុន្តែ តើ​លោក​គាប់​ចិត្ត​នឹង​គ្រឿង​បូជា​បែប​ណា? សូម​ពិចារណា​ចំណុច​ពីរ​យ៉ាង គឺ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​របស់​យើង។

១២​. តើ​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ព្រះ​ទាស់​ចិត្ត ពេល​យើង​‹ប្រគល់​រូប​កាយ​របស់​យើង​ជា​គ្រឿង​បូជា›?

១២ ក្នុង​សំបុត្រ​របស់​ប៉ូល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​ថា​៖ ​«​[​សូម​]​ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​ប្រើ​សមត្ថភាព​រិះ​គិត​»។ (​រ៉ូម ១២:១​) ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់​រក្សា​រូប​កាយ​របស់​ខ្លួន​តាម​របៀប​ដែល​គាប់​ចិត្ត​លោក។ បើ​គាត់​ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោក​ដោយ​ជក់​បារី ទំពា​ម្លូ​ស្លា ប្រើ​គ្រឿង​ញៀន ឬ​ផឹក​ស្រា​ហួស​ប្រមាណ នោះ​ការ​ប្រគល់​រូប​កាយ​របស់​គាត់​ជា​គ្រឿង​បូជា​ជា​អ្វី​ដែល​គ្មាន​តម្លៃ​សោះ។ (​២កូ. ៧:១​) បន្ថែម​ទៅ​ទៀត អ្នក​ណា​ដែល​«​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន​»។ ហេតុ​នេះ​ហើយ បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​បែប​ណា​ក៏​ដោយ នោះ​គ្រឿង​បូជា​របស់​គាត់​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ចិត្ត។ (​១កូ. ៦:១៨​) ដើម្បី​គាប់​ចិត្ត​ព្រះ​យេហូវ៉ា បុគ្គល​ម្នាក់​ត្រូវ​«​ក្លាយ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​»។—១ពេ. ១:​១៤​-​១៦

១៣​. ហេតុ​អ្វី​ជា​ការ​សមរម្យ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា?

១៣ គ្រឿង​បូជា​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ទាក់​ទង​នឹង​ពាក្យ​សម្ដី​របស់​យើង។ ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​តែង​តែ​និយាយ​ល្អ​អំពី​លោក ពេល​ដែល​នៅ​ក្នុង​ផ្ទះ​និង​ពេល​នៅ​ជា​មួយ​អ្នក​ឯ​ទៀត។ (​សូម​អាន ទំនុកតម្កើង ៣៤:១​-​៣) សូម​អាន​ទំនុកតម្កើង​ទី​១៤៨​-​១៥០ ហើយ​សូម​កត់​សម្គាល់​ថា​មាន​ប៉ុន្មាន​ដង​ដែល​ទំនុក​ទាំង​បី​នេះ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា។ ប្រាកដ​ហើយ ​«​សេចក្ដី​សរសើរ នោះ​សំណំ​ដល់​មនុស្ស​ទៀង​ត្រង់​»។ (​ទំនុក. ៣៣:​១​) ម្យ៉ាង​ទៀត លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​គំរូ​របស់​យើង បាន​ដៅ​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​សរសើរ​ព្រះ​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។—លូក. ៤:១៨, ៤៣, ៤៤

១៤, ១៥​. តើ​ហូសេ​បាន​ដាស់​តឿន​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ជូន​គ្រឿង​បូជា​បែប​ណា? ហើយ​តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​គ្រឿង​បូជា​បែប​នោះ?

១៤ ការ​ផ្សព្វ​ផ្សាយ​ដោយ​មាន​ចិត្ត​ខ្នះខ្នែង​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា និង​បង្ហាញ​ថា​យើង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ហូសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ជា​ពិសេស​អំពី​របៀប​ដែល​គាត់​បាន​ដាស់​តឿន​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​បាន​សម្រេច​ចិត្ត​គោរព​បូជា​ព្រះ​មិន​ពិត ហើយ​លែង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ទៀត។ (​ហូ. ១៣:១​-​៣​) ហូសេ​បាន​ប្រាប់​ពួក​គេ​ឲ្យ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​លើក​អស់​ទាំង​អំពើ​ទុច្ចរិត​ចោល​ចេញ ហើយ​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ​គុណ យ៉ាង​នោះ យើង​ខ្ញុំ​នឹង​ថ្វាយ​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ​ជំនួស​គោ​ឈ្មោល​ដែល​សំ​រាប់​យញ្ញ​បូជា​»។—ហូ. ១៤:១, ២

១៥ ធម្មតា គោ​ឈ្មោល​ជា​សត្វ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​អាច​ជូន​ដល់​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា។ ដូច្នេះ ​«​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ​ជំនួស​គោ​ឈ្មោល​»​សំដៅ​ទៅ​លើ​ពាក្យ​សម្ដី​យ៉ាង​ស្មោះ​អស់ពី​ចិត្ត និង​ពាក្យ​ល្អ​ៗ​ដែល​មនុស្ស​ម្នាក់​ប្រើ​ដើម្បី​សរសើរ​ព្រះ​ពិត។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ជូន​គ្រឿង​បូជា​បែប​នេះ? លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត​»។ (​ហូ. ១៤:៤​) ចំពោះ​ពួក​អ្នក​ដែល​ជូន​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា នោះ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពួក​គេ ក៏​បើក​ឱកាស​ឲ្យ​ពួក​គេ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​លោក ថែម​ទាំង​អភ័យទោស​ឲ្យ​ពួក​គេ​ផង​ដែរ។

១៦, ១៧​. ពេល​ដែល​ជំនឿ​ទៅ​លើ​ព្រះ​ជំរុញ​ចិត្ត​មនុស្ស​ម្នាក់​ឲ្យ​ផ្សាយ​ដំណឹង​ល្អ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សរសើរ​របស់​គាត់?

១៦ ការ​សរសើរ​ព្រះ​យេហូវ៉ា​នៅ​មុខ​អ្នក​ឯ​ទៀត​តែង​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ អ្នក​តែង​ទំនុកតម្កើង​ចាត់​ទុក​ការ​លើក​តម្កើង​ព្រះ​ពិត ជា​អ្វី​ដែល​សំខាន់​ដល់​ម្ល៉េះ​បាន​ជា​គាត់​ទទូច​សុំ​ព្រះ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួល​ដង្វាយ​នៃ​មាត់​ទូល​បង្គំ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​»។ (​ទំនុក. ១១៩:១០៨​) ចុះ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ? អេសាយ​បាន​ទាយ​ទុក​អំពី​មនុស្ស​មួយ​ក្រុម​ធំ​នៅ​សម័យ​យើង​ថា​៖ ​«​ពួក​គេ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សរសើរ​របស់​ព្រះ​យេហូវ៉ា . . . របស់​ទាំង​នោះ​[​អំណោយ​របស់​ពួក​គេ​]​នឹង​នៅ​លើ​អាសនៈ​របស់​ខ្ញុំ​[​ព្រះ​] ទុក​ជា​គ្រឿង​បូជា​ដែល​ខ្ញុំ​ពេញ​ចិត្ត​»។ (​អេ. ៦០:៦, ៧, ព.ថ.​) សព្វ​ថ្ងៃ មនុស្ស​រាប់​លាន​នាក់​កំពុង​សម្រេច​ទំនាយ​នេះ​ដោយ​ជូន​ព្រះ​នូវ​«​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា . . . ពោល​គឺ ផល​នៃ​បបូរ​មាត់ ដែល​ប្រកាស​ប្រាប់​នាម​របស់​លោក​ដល់​អ្នក​ឯ​ទៀត​»។—ហេ. ១៣:១៥

១៧ ចុះ​រូប​អ្នក​វិញ? តើ​អ្នក​កំពុង​ជូន​គ្រឿង​បូជា​ដែល​ព្រះ​ពេញ​ចិត្ត​ឬ​ទេ? បើ​អ្នក​មិន​ទាន់​ធ្វើ​ដូច្នេះ តើ​អ្នក​នឹង​ព្រម​កែប្រែ​នូវ​អ្វី​ដែល​ចាំ​បាច់ ហើយ​ចាប់​ផ្ដើម​សរសើរ​ព្រះ​យេហូវ៉ា​ដល់​អ្នក​ឯ​ទៀត​ឬ​ទេ? ពេល​ជំនឿ​ដែល​អ្នក​មាន​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ នោះ​គ្រឿង​បូជា​របស់​អ្នក​នឹង​«​បាន​ជា​ទី​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះ​យេហូវ៉ា ជា​ជាង​ថ្វាយ​គោ​ឈ្មោល​១​»។ (​សូម​អាន ទំនុកតម្កើង ៦៩:៣០, ៣១) សូម​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ធុំ​«​ក្លិន​ក្រអូប​»​ដែល​មក​ពី​គ្រឿង​បូជា​ដែល​ជា​សេចក្ដី​សរសើរ​របស់​អ្នក ហើយ​ថា​លោក​នឹង​ទទួល​ដោយ​ការ​ពេញ​ចិត្ត។ (​អេស. ២០:៤១​) នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន។

‹ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត›

១៨, ១៩​. (​ក​) ជា​ទូទៅ តើ​មនុស្ស​សព្វ​ថ្ងៃ​នេះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​បម្រើ​ព្រះ? (​ខ​)​ បើ​គ្មាន​ការ​ពេញ​ចិត្ត​ពី​ព្រះ តើ​នេះ​ក៏​នាំ​ឲ្យ​គ្មាន​អ្វី​ដែរ?

១៨ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​សន្និដ្ឋាន​ដូច​មនុស្ស​ខ្លះ​នៅ​សម័យ​ម៉ាឡាគី​ដែរ។ ពួក​គេ​សន្និដ្ឋាន​ថា​៖ ​«​ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ​យេហូវ៉ា . . . តើ​មាន​ប្រយោជន៍​អ្វី?​»។ (​ម៉ាឡ. ៣:១៤​) ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ពួក​គេ​មាន​ទស្សនៈ​ថា​ព្រះ​មិន​អាច​សម្រេច​គោល​បំណង​របស់​លោក​បាន​ឡើយ ហើយ​ថា​ច្បាប់​របស់​លោក​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។ ចំពោះ​ពួក​គេ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​អ្វី​ដែល​គ្មាន​ប្រយោជន៍ និង​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មួម៉ៅ​ក្ដៅ​ចិត្ត។

១៩ ចិត្ត​គំនិត​បែប​នេះ​មាន​តាំង​ពី​ជំនាន់​អាដាម​និង​អេវ៉ា​នៅ​ក្នុង​សួន​ច្បារ​អេដែន​មក​ម្ល៉េះ។ នៅ​ពេល​នោះ អេវ៉ា​បាន​មើល​ស្រាល​នូវ​តម្លៃ​នៃ​ជីវិត​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​នាង ហើយ​នាង​ក៏​បាន​មើល​ងាយ​ចំពោះ​ការ​ពេញ​ចិត្ត​របស់​លោក​ដែរ។ សាថាន​គឺជា​បុគ្គល​ដែល​នាំ​ឲ្យ​នាង​ធ្វើ​ដូច្នេះ។ ប៉ុន្តែ​ក្រោយ​មក អាដាម​និង​អេវ៉ា​បាន​ទទួល​ស្គាល់​ថា បើ​គ្មាន​ការ​ពេញ​ចិត្ត​ពី​ព្រះ​ក៏​គ្មាន​ជីវិត​ដែរ។ សព្វ​ថ្ងៃ​នេះ សាថាន​ក៏​ព្យាយាម​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ​ថា ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​គឺ​អសារ​ឥត​ការ​ដែរ។ ប៉ុន្តែ បន្ដិច​ទៀត​ពួក​អ្នក​ដែល​ធ្វើ​តាម​គំរូ​អាក្រក់​របស់​អាដាម​និង​អេវ៉ា​នឹង​ទទួល​ស្គាល់​ការ​ពិត​ដ៏​ល្វីង​ជូរ​ចត់​ដូច​ពួក​គេ​ដែរ។—លោ. ៣:១​-​៧, ១៧​-​១៩

២០, ២១​. (​ក​) តើ​ស្ត្រី​មេម៉ាយ​នៅ​ភូមិ​សេរ៉ាផាត​បាន​ធ្វើ​អ្វី? ហើយ​តើ​នាង​បាន​ទទួល​លទ្ធផល​យ៉ាង​ណា? (​ខ​)​ តើ​យើង​អាចយ​ក​តម្រាប់​តាម​ស្ត្រី​មេម៉ាយ​នៅ​ភូមិ​សេរ៉ាផាត​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​យើង​គួរ​ធ្វើ​ដូច្នេះ?

២០ សូម​ប្រៀប​ធៀប​អំពី​លទ្ធផល​ដ៏​គួរ​ឲ្យ​សោកស្ដាយ​របស់​អាដាម​និង​អេវ៉ា ទៅ​នឹង​លទ្ធផល​នៃ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​អេលីយ៉ា​និង​ស្ត្រី​មេម៉ាយ​នៅ​ភូមិ​សេរ៉ាផាត ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ ក្រោយ​ពី​ស្ត្រី​នោះ​បាន​ឮ​ពាក្យ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​របស់​អេលីយ៉ា នាង​បាន​ចាប់​ផ្ដើម​ដុត​នំ​ប៉័ង ហើយ​បាន​ឲ្យ​ដល់​អេលីយ៉ា​ជា​មុន​សិន។ បន្ទាប់​មក​ព្រះ​យេហូវ៉ា​បាន​សម្រេច​សេចក្ដី​សន្យា​ដែល​លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា។ កំណត់​ហេតុ​នោះ​ចែង​ថា​៖ ​«​ទាំង​នាង នឹង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិភោគ តម​ក​ជា​យូរ​ថ្ងៃ ឯ​ម្សៅ​ក្នុង​ខាប់​នោះ​មិន​ដែល​អស់​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ​សារ​អេលីយ៉ា​»។—១ព. ១៧:១៥, ១៦

២១ ស្ត្រី​មេម៉ាយ​នៅ​ភូមិ​សេរ៉ាផាត​នេះ​បាន​ធ្វើ​អ្វី​មួយ​ដែល​មនុស្ស​តិច​ណាស់​ស្ម័គ្រ​ចិត្ត​ធ្វើ​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ នាង​បាន​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​លោក​ក៏​បាន​ជួយ​នាង​មែន។ កំណត់​ហេតុ​នេះ​និង​កំណត់​ហេតុ​ឯ​ទៀត​ក្នុង​គម្ពីរ​បញ្ជាក់​ច្បាស់​ថា ជា​ការ​ត្រឹម​ត្រូវ​ឲ្យ​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​សូម​អាន យ៉ូស្វេ ២១:៤៣​-​៤៥; ២៣:១៤) ជីវិត​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ទី​សំ​អាង​ថែម​ទៀត​ថា លោក​មិន​ដែល​បោះបង់​ចោល​ពួក​អ្នក​ដែល​លោក​ពេញ​ចិត្ត​ឡើយ។—ទំនុក. ៣៤:៦, ៧, ១៧​-​១៩ *

២២​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​មិន​ត្រូវ​បង្អែ​បង្អង់​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

២២ ថ្ងៃ​ដែល​ព្រះ​វិនិច្ឆ័យ​សេចក្ដី​ចំពោះ​«​អស់​ទាំង​មនុស្ស​នៅ​លើ​ផែន​ដី​»​ នឹង​មក​ដល់​យ៉ាង​ឆាប់​ជា​មិន​ខាន។ (​លូក. ២១:៣៤, ៣៥​) គ្មាន​នរណា​អាច​គេច​រួច​បាន​ទេ។ លុយ​ឬ​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន​មិន​អាច​មាន​តម្លៃ​ស្មើ​នឹង​អារម្មណ៍​របស់​យើង​នៅ​ពេល​ដែល​យើង​ឮ​ចៅ​ក្រម​ដែល​ព្រះ​បាន​តែង​តាំង​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ដែល​ទទួល​ពរ​ពី​បិតា​ខ្ញុំ​អើយ! ចូរ​មក​ទទួល​រាជាណាចក្រ​ដែល​បាន​ត្រូវ​រៀប​ចំ​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត​ពិភព​លោក​ជា​មត៌ក​ចុះ​»។ (​ម៉ាថ. ២៥:៣៤​) ប្រាកដ​ហើយ​‹ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត ទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំ​វិញ​ដោយ​ការ​ពេញ​ចិត្ត ទុក​ដូច​ជា​ខែល›។ (​ទំនុក. ៥:១២​) ដោយ​ដឹង​អំពី​ចំណុច​នេះ យើង​ពិត​ជា​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត មែន​ទេ?

[​កំណត់​សម្គាល់​]

^ វគ្គ 21 សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០៥ ទំព័រ​២២ វគ្គ​១៥

តើ​អ្នក​ចាំ​ឬ​ទេ?

• ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ដែល​ផុស​ចេញ​ពី​ចិត្ត​របស់​យើង?

• សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​គាប់​ចិត្ត​នឹង​គ្រឿង​បូជា​បែប​ណា?

• តើ​ពាក្យ​«​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ​ជំនួស​គោ​ឈ្មោល​»​សំដៅ​ទៅ​លើ​អ្វី? ហើយ​ហេតុ​អ្វី​យើង​គួរតែ​ឲ្យ​គ្រឿង​បូជា​នេះ​ដល់​ព្រះ​យេហូវ៉ា?

• ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?​

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៧​]

តើ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​សុំ​ឲ្យ ស្ត្រី​ដែល​ជា​ម្ដាយ​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី?

[​រូបភាព​នៅ​ទំព័រ​១៨​]

ដោយ​សារ​យើង​ជូន​ព្រះ​យេហូវ៉ា​នូវ​សេចក្ដី​សរសើរ ជា​គ្រឿង​បូជា តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

[​រូបភាព​នៅ​ទំព័រ​២១​]

បើ​អ្នក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ នោះ​អ្នក​នឹង​មិន​ដែល​ខក​ចិត្ត​ឡើយ