លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្រឡាញ់សេចក្ដីសុចរិតឲ្យអស់ពីចិត្ដ

ចូរស្រឡាញ់សេចក្ដីសុចរិតឲ្យអស់ពីចិត្ដ

ចូរ​ស្រឡាញ់​សេចក្ដី​សុចរិត​ឲ្យ​អស់ពី​ចិត្ត

​«​ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត​»។—ទំនុក. ៤៥:៧

១​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដើរ​តាម​«​ផ្លូវ​សុចរិត​»​?

ព្រះ​ យេហូវ៉ា​កំពុង​នាំ​រាស្ត្រ​របស់​លោក​ឲ្យ​ដើរ​តាម​«​ផ្លូវ​សុចរិត​»​ ដោយ​ប្រើ​គម្ពីរ​និង​សកម្មពល​បរិសុទ្ធ។ (​ទំនុក. ២៣:៣​) ប៉ុន្តែ ដោយ​សារ​យើង​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង យើង​មាន​ទំនោរ​ចិត្ត​ដែល​ចង់​តែ​បែរ​ចេញ​ពី​ផ្លូវ​នោះ​ជា​និច្ច។ ហេតុ​នេះ​ហើយ យើង​ត្រូវ​តែ​ខំ​ព្យាយាម​មែន ដើម្បី​ធ្វើ​អ្វី​ៗ​ដែល​ត្រឹម​ត្រូវ​វិញ។ បើ​ដូច្នេះ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ការ​ដើរ​តាម​ផ្លូវ​នេះ? យើង​ត្រូវ​ស្រឡាញ់​អ្វី​ៗ​ដែល​ត្រឹម​ត្រូវ ដូច​លោក​យេស៊ូ​ដែរ។—សូម​អាន ទំនុក​តម្កើង ៤៥:៧

២​. តើ​«​ផ្លូវ​សុចរិត​»​គឺជា​អ្វី?

តើ​«​ផ្លូវ​សុចរិត​»​ជា​អ្វី? នេះ​ជា​«​ផ្លូវ​»​ក្នុង​ន័យ​ធៀប​ដែល​ជា​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ក្នុង​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច ពាក្យ​ដែល​បាន​បក​ប្រែ​ថា​«​សេចក្ដី​សុចរិត​»​សំដៅ​ទៅ​លើ​អ្វី​ដែល​«​ទៀង​ត្រង់​»​ ហើយ​បង្កប់​អត្ថន័យ​ថា ការ​កាន់​តាម​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោលការណ៍​សីលធម៌។ ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​«​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត​»​ ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក ពេញ​ចិត្ត​ឲ្យ​លោក​ធ្វើ​ជា​អ្នក​សម្រេច​ផ្លូវ​សុចរិត​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម។—យេ. ៥០:៧

៣​. តើ​យើង​អាច​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត គឺ​យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក​ឲ្យ​អស់ពី​ចិត្ត។ (​ចោ. ៣២:​៤​) យើង​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ចាប់​ផ្ដើម​រៀន​អំពី​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​បំផុត​តាម​រយៈ​បណ្ដាំ​របស់​លោក ពោល​គឺ​គម្ពីរ​បរិសុទ្ធ។ ពេល​ដែល​យើង​រៀន​អំពី​លោក​កាន់​តែ​ច្រើន ហើយ​ចូល​ទៅ​ជិត​លោក​កាន់​តែ​ជិត​ស្និទ្ធ​ជា​រៀង​រាល់​ថ្ងៃ នោះ​យើង​ក៏​នឹង​ស្រឡាញ់​សេចក្ដី​សុចរិត​របស់​លោក​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដែរ។ (​យ៉ា. ៤:៨​) ម្យ៉ាង​ទៀត ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ យើង​ត្រូវ​តែ​ទទួល​យក​នូវ​ការ​ណែនាំ​ដែល​មក​ពី​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។

ចូរ​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ

៤​. តើ​ការ​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

សូម​អាន ម៉ាថាយ ៦:៣៣ការ​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ៗ​ច្រើន​ជាង មិន​គ្រាន់តែ​ការ​ចំណាយ​ពេល​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ប៉ុណ្ណោះ​ទេ។ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ចំពោះ​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង នោះ​ការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​របស់​យើង​ត្រូវ​តែ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក។ ដូច្នេះ តើ​ពួក​អ្នក​ដែល​ចង់​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​ត្រូវ​តែ​ធ្វើ​អ្វី? ពួក​គេ​ត្រូវ​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សេចក្ដី​សុចរិត​និង​ភក្ដីភាព​ដ៏​ពិត​ប្រាកដ​»។—អេភ. ៤:២៤

៥​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត?

កាល​ដែល​យើង​ខំ​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ ជួនកាល​យើង​អាច​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារភាព​ទន់​ខ្សោយ​របស់​យើង។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​វិញ? (​សុភ. ២៤:១០​) យើង​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់​«​ដោយ​មាន​ចិត្ត​ស្មោះ​និង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ដែល​មក​ពី​ជំនឿ​»។ (​ហេ. ១០:១៩​-​២២​) ទោះ​ជា​យើង​ជា​គ្រិស្ត​សាសនិក​ដែល​មាន​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​រស់​នៅ​ផែនដី​ក្ដី យើង​បង្ហាញ​ជំនឿ​ទៅ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត​និង​បង្ហាញ​ជំនឿ​ទៅ​លើ​ភារកិច្ច​របស់​លោក​ជាស​ម្ដេច​សង្ឃ​ឧត្តុង្គឧត្តម។ (​រ៉ូម ៥:៨; ហេ. ៤:១៤​-​១៦​) សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ឈាម​របស់​លោក​យេស៊ូ . . . សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់​»។ (​១យ៉ូន. ១:៦, ៧​) គម្ពីរ​ចែង​អំពី​រឿង​នេះ​ថា ទោះ​ជា​ភាព​ខុស​ឆ្គង​របស់​យើង​«​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ​»​វិញ។ ពិត​ជា​អស្ចារ្យ​មែន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​តាម​រយៈ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក!—អេ. ១:១៨

តើ​គ្រឿង​ចម្បាំង​ដែល​អ្នក​ទទួល​ពី​ព្រះ​នៅ​តែ​រឹង​មាំ​ឬ​ទេ?

៦​. ហេតុ​អ្វី​ជា​ការ​សំខាន់​បំផុត​ឲ្យ​យើង​ពិនិត្យ​មើល​ថា​គ្រឿង​ចម្បាំង​ដែល​យើង​ទទួល​ពី​ព្រះ​នៅ​តែ​រឹង​មាំ​នោះ?

គ្រប់​ពេល​វេលា យើង​ត្រូវ​តែ​ពាក់​«​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង​»​ ពីព្រោះ​នេះ​ជា​ផ្នែក​ដ៏​សំខាន់​ចាំ​បាច់​មួយ​នៃ​គ្រឿង​ចម្បាំង​របស់​ព្រះ។ (​អេភ. ៦:១១, ១៤​) ទោះ​ជា​យើង​ទើប​តែ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ឬ​យើង​បាន​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ជា​ការ​សំខាន់​បំផុត​ឲ្យ​យើង​ពិនិត្យ​មើល​ជា​រៀង​រាល់​ថ្ងៃ​ថា​គ្រឿង​ចម្បាំង​ដែល​យើង​ទទួល​ពី​ព្រះ​នៅ​តែ​រឹង​មាំ​ឬ​យ៉ាង​ណា។ ហេតុ​អ្វី? ពីព្រោះ​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា បាន​ត្រូវ​បោះ​ទំ​លាក់​មក​ផែនដី។ (​បប. ១២:៧​-​១២​) សាថាន​ខឹង​ខ្លាំង​ណាស់ ហើយ​វា​ដឹង​ថា​វា​មាន​ពេល​សល់​តែ​បន្ដិច​បន្តួច​ទេ។ ហេតុ​នេះ វា​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​រឹត​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ដូច្នេះ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ពាក់​«​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង​»។

៧​. បើ​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​ពាក់​«​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង​»​ តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា?

ដូច​អាវ​ការពារ​ដើម​ទ្រូង​អាច​ការពារ​បេះដូង​របស់​យើង សេចក្ដី​សុចរិត​ក៏​ការពារ​ចិត្ត​របស់​យើង​ដែរ។ ដោយ​សារភាព​ខុស​ឆ្គង ចិត្ត​របស់​យើង​ជា​គ្រឿង​បញ្ឆោត​ឬ​វៀចវេរ ហើយ​ក៏​អាក្រក់​ផង​ដែរ។ (​យេ. ១៧:៩​) ដោយ​ដឹង​ថា​ចិត្ត​យើង​មាន​ទំនោរ​ចង់​តែ​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង នោះ​សំខាន់​មែន​ឲ្យ​យើង​អប់រំ​ចិត្ត​និង​ចេះ​ទប់​ចិត្ត​របស់​យើង។ (​លោ. ៨:២១​) បើ​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​ពាក់​«​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង​»​ នោះ​យើង​នឹង​មិន​យក​អាវ​ការពារ​ដើម​ទ្រូង​នេះ​ចេញ​ទេ ពោល​គឺ​ឈប់​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ម្ដង​ម្កាល ដើម្បី​ចូល​រួម​ក្នុង​ការ​កម្សាន្ត​ដែល​ព្រះ​ស្អប់ ឬ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រមើ​ស្រមៃ​អំពី​ការ​ប្រព្រឹត្ត​ខុស​ណា​មួយ​ដែល​ខ្លួន​យើង​អាច​ធ្វើ​បាន​នោះ​ឡើយ។ យើង​ក៏​នឹង​មិន​ចំណាយ​ពេល​វេលា​ច្រើន​ហួស​ហេតុ​ពេក ក្នុង​ការ​មើល​កម្មវិធី​ទូរទស្សន៍​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​បន្ត​ខំ​ប្រឹង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ទោះ​ជា​យើង​ជំពប់​ដួល​មួយ​រយៈ​ពេល ដោយ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ធ្វើ​អ្វី​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​ក៏​ដោយ ក៏​យើង​អាច​ក្រោក​ឡើង​ម្ដង​ទៀត​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដែរ។—សូម​អាន សុភាសិត ២៤:១៦

៨​. ហេតុ​អ្វី​យើង​ត្រូវ​ការ​«​ខែល​ធំ​នៃ​ជំនឿ​»​?

គ្រឿង​ចម្បាំង​មួយ​ទៀត​ដែល​យើង​ទទួល​ពី​ព្រះ​គឺជា​«​ខែល​ធំ​នៃ​ជំនឿ​»។ គ្រឿង​ចម្បាំង​នេះ​អាច​ជួយ​យើង​ឲ្យ​«​ពន្លត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេកំណាច​»។ (​អេភ. ៦:១៦​) ម្យ៉ាង​ទៀត ជំនឿ​និង​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​សុចរិត ហើយ​បន្ត​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពេល​យើង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង នោះ​យើង​ក៏​នឹង​ឲ្យ​តម្លៃ​កាន់​តែ​ច្រើន​ចំពោះ​សេចក្ដី​សុចរិត​របស់​លោក​ដែរ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង? តើ​សមត្ថភាព​វិនិច្ឆ័យ​ជួយ​យើង​ឲ្យ​ខំ​ព្យាយាម​ស្រឡាញ់​សេចក្ដី​សុចរិត​យ៉ាង​ដូច​ម្ដេច?

រក្សា​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស

៩​. បើ​យើង​រក្សា​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស តើ​មាន​ប្រយោជន៍​យ៉ាង​ណា?

ពេល​ដែល​យើង​ទទួល​ការ​ជ្រមុជ​ទឹក យើង​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​នូវ​«​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»។ (​១ពេ. ៣:២១​) ដោយ​សារ​យើង​បង្ហាញ​ជំនឿ​លើ​តម្លៃ​លោះ នោះ​ឈាម​របស់​លោក​យេស៊ូ​គ្រប​បាំង​នូវ​ភាព​ខុស​ឆ្គង​របស់​យើង ហើយ​យើង​អាច​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ចំពោះ​ព្រះ។ ក៏​ប៉ុន្តែ ដើម្បី​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ចំពោះ​ព្រះ យើង​ត្រូវ​តែ​រក្សា​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ បើ​សមត្ថភាព​វិនិច្ឆ័យ​បន្ទោស​យើង​និង​ព្រមាន​យើង​អំពី​រឿង​ណា​មួយ នោះ​យើង​គួរតែ​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​កំពុង​មាន​ដំណើរ​ការ​យ៉ាង​ត្រឹម​ត្រូវ។ នេះ​បង្ហាញ​ថា​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​មិន​ស្ពឹក​ក្នុង​ការ​ធ្វើ​តាម​ផ្លូវ​សុចរិត​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​១ធី. ៤:២​) ប៉ុន្តែ​សមត្ថភាព​វិនិច្ឆ័យ​អាច​មាន​តួនាទី​មួយ​ទៀត​ចំពោះ​ពួក​អ្នក​ដែល​ចង់​ស្រឡាញ់​សេចក្ដី​សុចរិត។

១០, ១១​. (​ក​) សូម​លើក​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​អប់រំ​ដោយ​គម្ពីរ។ (​ខ​)​ ហេតុ​អ្វី​ការ​ស្រឡាញ់​សេចក្ដី​សុចរិត​នាំ​ឲ្យ​ចិត្ត​យើង​រីករាយ​ក្រៃ​លែង?

១០ ពេល​យើង​ធ្វើ​អ្វី​មួយ​ខុស សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​អាច​ផ្ដន្ទា​ទោស ឬ​ធ្វើ​ទុក្ខ​យើង។ យុវជន​ម្នាក់​បាន​ឃ្លាត​ចេញ​ពី​«​ផ្លូវ​សុចរិត​»​ ដោយ​ញៀន​មើល​រូប​អាសអាភាស និង​ចាប់​ផ្ដើម​ជក់​កញ្ឆា។ ពេល​ដែល​គាត់​ទៅ​ប្រជុំ នោះ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ខុស ហើយ​ពេល​ដែល​គាត់​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ជា​មនុស្ស​លាក់​ពុត ដូច្នេះ​គាត់​បាន​សម្រេច​ចិត្ត​ឈប់​ចូល​រួម​ក្នុង​សកម្មភាព​របស់​គ្រិស្ត​សាសនិក​ទៀត។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ថា​សមត្ថភាព​វិនិច្ឆ័យ​អាច​ផ្ដន្ទា​ទោស​ខ្ញុំ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ទេ​»។ គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​បន្ត​មាន​គំនិត​ល្ងីល្ងើ​បែប​នេះ​ប្រហែល​បួន​ឆ្នាំ​»។ ក្រោយ​មក គាត់​បាន​ចាប់​ផ្ដើម​គិត​អំពី​ការ​ចូល​ក្នុង​សេចក្ដី​ពិត​វិញ។ ទោះ​ជា​គាត់​បាន​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ស្ដាប់​ការ​អធិដ្ឋាន​របស់​គាត់​ក៏​ដោយ គាត់​នៅ​តែ​អធិដ្ឋាន​ដើម្បី​សុំ​ការ​អភ័យ​ទោស​ពី​លោក។ មិន​ដល់​១០​នាទី​ផង ម្ដាយ​របស់​គាត់​បាន​មក​លេង​គាត់ ហើយ​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​មក​ចូល​រួម​ប្រជុំ​វិញ។ គាត់​បាន​ទៅ​សាល​ប្រជុំ ហើយ​បាន​សុំ​អ្នក​ចាស់​ទុំ​ម្នាក់​ដើម្បី​បង្រៀន​គម្ពីរ​ដល់​គាត់។ មិន​យូរ​ក្រោយ​មក គាត់​បាន​ជ្រមុជ​ទឹក ហើយ​គាត់​មាន​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា​ណាស់​ដែល​លោក​បាន​សង្គ្រោះ​គាត់។

១១ ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ពិត​ជា​នាំ​ឲ្យ​យើង​រីករាយ​ក្រៃ​លែង មែន​ទេ? ពេល​ដែល​យើង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ខំ​ប្រឹង​ធ្វើ​តាម​យ៉ាង​ផ្ចិត​ផ្ចង់ នោះ​យើង​នឹង​មាន​អំណរ​ច្រើន​ជាង​ក្នុង​ការ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​ពេញ​ចិត្ត។ ម្យ៉ាង​ទៀត សូម​គិត​ទៅ​មើល! មិន​យូរ​ទៀត មនុស្ស​ទាំង​អស់​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីករាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ហើយ​នៅ​ពេល​នោះ ពួក​គេ​នឹង​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​លក្ខណៈ​របស់​ព្រះ។ ដូច្នេះ ឥឡូវ​នេះ សូម​យើង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​សេចក្ដី​សុចរិត​ឲ្យ​អស់ពី​ជម្រៅ​ចិត្ត ហើយ​ដោយ​យើង​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ​ក្នុង​ចិត្ត​ណាស់។—សុភ. ២៣:១៥, ១៦

១២, ១៣​. តើ​យើង​អាច​អប់រំ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១២ តើ​យើង​អាច​អប់រំ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​យ៉ាង​ដូច​ម្ដេច? ពេល​ដែល​យើង​សិក្សា​គម្ពីរ និង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ គឺជា​ការ​សំខាន់​ឲ្យ​យើង​ចង​ចាំ​ថា​«​ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ​»។ (​សុភ. ១៥:២៨​) សូម​ពិចារណា​អំពី​របៀប​ដែល​ខ​គម្ពីរ​នេះ​ជួយ​យើង​នៅ​ពេល​យើង​ជួប​បញ្ហា​ដែល​ទាក់​ទង​នឹង​ការងារ។ បើ​យើង​ដឹង​ច្បាស់​ថា​ការងារ​របស់​យើង​ខុស​ពី​គោលការណ៍​គម្ពីរ នោះ​យើង​ភាគ​ច្រើន​នឹង​ធ្វើ​តាម​ភ្លាម​ៗ​នូវ​អ្វី​ដែល​ក្រុម​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ណែនាំ​យើង។ ក៏​ប៉ុន្តែ ពេល​ដែល​យើង​មិន​ច្បាស់​ថា​ការងារ​បែប​ណា​ដែល​យើង​អាច​ធ្វើ​បាន នោះ​យើង​ត្រូវ​តែ​ស្វែងរក​គោលការណ៍​ក្នុង​គម្ពីរ​ដែល​ទាក់​ទង​នឹង​កាលៈទេសៈ​នោះ ហើយ​ត្រូវ​ពិចារណា​និង​អធិដ្ឋាន​អំពី​គោលការណ៍​ទាំង​នោះ​ដែរ។ * នេះ​ក៏​រួម​បញ្ចូល​គោលការណ៍​ដែល​ថា​យើង​ត្រូវ​ប្រយ័ត្ន​ដើម្បី​មិន​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​ជំពប់​ដួល។ (​១កូ. ១០:៣១​-​៣៣​) ជា​ពិសេស យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គោលការណ៍​ដែល​ទាក់​ទង​នឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។ បើ​យើង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​មួយ​រូប មុន​ដំបូង​យើង​នឹង​សួរ​ខ្លួន​យើង​ថា​៖ ‹បើ​ខ្ញុំ​ធ្វើ​ការងារ​នេះ តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ឬ​ទេ?›។—ទំនុក. ៧៨:​៤០, ៤១

១៣ ពេល​រៀប​ចំ​សម្រាប់​សិក្សា​ទស្សនាវដ្ដី​ប៉មយាម ឬ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ យើង​គួរ​ចង​ចាំ​ថា យើង​ត្រូវ​តែ​រំពឹង​គិត​ទៅ​លើ​ព័ត៌មាន​ទាំង​នោះ។ ពេល​រៀប​ចំ តើ​យើង​តែង​តែ​គូស​ចម្លើយ​ភ្លាម​ៗ​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​ប៉ុណ្ណោះ​ឬ? ការ​រៀប​ចំ​យ៉ាង​នេះ​ទំនង​ជា​មិន​ជួយ​យើង​ឲ្យ​ស្រឡាញ់​សេចក្ដី​សុចរិត​កាន់​តែ​ខ្លាំង​ទេ ឬ​ក៏​មិន​ជួយ​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ឆាប់​ព្រមាន​នូវ​គ្រោះ​ថ្នាក់​ដែរ។ បើ​យើង​ស្រឡាញ់​សេចក្ដី​សុចរិត យើង​ត្រូវ​សិក្សា​យ៉ាង​ហ្មត់​ចត់ និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន​ក្នុង​គម្ពីរ។ ការ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​សេចក្ដី​សុចរិត​ឲ្យ​អស់ពី​ចិត្ត ត្រូវ​តែ​មាន​ការ​ព្យាយាម​មែន!

ចូរ​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត

១៤​. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង?

១៤ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ចង់​ឲ្យ​យើង​សប្បាយ​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​សុភមង្គល? ប្រាកដជា​ការ​ស្រឡាញ់​សេចក្ដី​សុចរិត! ពេល​លោក​យេស៊ូ​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់​»។ (​ម៉ាថ. ៥:៦​) សម្រាប់​ពួក​អ្នក​ដែល​ចង់​ស្រឡាញ់​សេចក្ដី​សុចរិត តើ​ពាក្យ​ទាំង​នេះ​បញ្ជាក់​ចំណុច​សំខាន់​អ្វី?

១៥, ១៦​. តើ​មនុស្ស​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​នឹង​ស្កប់​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៥ ពិភព​លោក​ដែល​យើង​កំពុង​រស់​នៅ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មេកំណាច។ (​១យ៉ូន. ៥:១៩​) បើ​យើង​មើល​សារ​ព័ត៌មាន​នៅ​ប្រទេស​ណា​ក៏​ដោយ យើង​ឃើញ​ការ​ប្រព្រឹត្ត​ដែល​គ្មាន​មេត្ដា និង​អំពើ​ឃោរឃៅ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ ម្យ៉ាង​ទៀត ដោយ​សារ​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ជួជាតិ​ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ស្ទើរតែ​មិន​ចង់​ជឿ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ (​សាស្ដ. ៨:៩​) យើង​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​ដឹង​ថា​មាន​តែ​លោក​ទេ​ដែល​អាច​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​យើង​ម្នាក់​ៗ​ចំពោះ​សេចក្ដី​សុចរិត​បាន។ បន្ដិច​ទៀត មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត នឹង​លែង​កើត​ទុក្ខ​ដោយ​សារ​ពួក​អ្នក​បំពាន​ច្បាប់​និង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​របស់​ពួក​គេ​ទៀត។ (​២ពេ. ២:៧, ៨​) នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ធូរ​ស្រាល​ក្នុង​ចិត្ត​មែន!

១៦ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​និង​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត យើង​ទទួល​ស្គាល់​ថា​ពួក​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​«​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់​»។ ពួក​គេ​នឹង​ស្កប់​ចិត្ត​បំផុត​ចំពោះ​ការ​រៀប​ចំ​របស់​ព្រះ​ស្តី​អំពី​មេឃ​ថ្មី​និង​ផែនដី​ថ្មី​ដែល​នៅ​ទី​នោះ​«​សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប​»។ (​២ពេ. ៣:១៣​) ដូច្នេះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត ឬ​ភ្ញាក់​ផ្អើល​ឡើយ​ដោយ​ឃើញ​ថា​ការ​សង្កត់​សង្កិន និង​អំពើ​ឃោរឃៅ​បាន​បំបាត់​សេចក្ដី​សុចរិត​ក្នុង​ពិភព​លោក​របស់​សាថាន​នេះ។ (​សាស្ដ. ៥:៨​) ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ជ្រាប​អំពី​អ្វី​ៗ​ដែល​កំពុង​កើត​ឡើង ហើយ​មិន​យូរ​ទៀត លោក​នឹង​សង្គ្រោះ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត។

ប្រយោជន៍​ដែល​មក​ពី​ការ​ស្រឡាញ់​សេចក្ដី​សុចរិត

១៧​. តើ​ប្រយោជន៍​ដែល​មក​ពី​ការ​ស្រឡាញ់​សេចក្ដី​សុចរិត​មាន​អ្វី​ខ្លះ?

១៧ ទំនុកតម្កើង ១៤៦:៨​បញ្ជាក់​អំពី​ប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​ធ្វើ​តាម​ផ្លូវ​សុចរិត។ អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់​ពួក​មនុស្ស​សុចរិត​»។ សូម​គិត​ទៅ​មើល! មហាក្សត្រ​នៃ​សកលលោក​ស្រឡាញ់​យើង​ដោយ​សារ​យើង​ស្រឡាញ់​សេចក្ដី​សុចរិត! ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង នោះ​យើង​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ផ្គត់​ផ្គង់​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត កាល​ដែល​យើង​ចាត់​ទុក​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង។ (​សូម​អាន ទំនុកតម្កើង ៣៧:២៥; សុភាសិត ១០:៣) នៅ​ទី​បំផុត ផែនដី​ទាំង​មូល​នឹង​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត។ (​សុភ. ១៣:២២​) ចំពោះ​រាស្ត្រ​របស់​ព្រះ​ភាគ​ច្រើន​ដែល​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ពួក​គេ​នឹង​ទទួល​រង្វាន់​ដែល​ជា​អំណរ​ដ៏​លើស​លប់ និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​ផែនដី​ជា​សួន​ឧទ្យាន។ សូម្បី​តែ​ឥឡូវ​នេះ ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត​របស់​ព្រះ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដែល​ជួយ​ពួក​គេ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ។—ភី. ៤:៦, ៧

១៨​. កាល​ដែល​យើង​កំពុង​រង់​ចាំ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់ តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ខ្លះ?

១៨ កាល​ដែល​យើង​កំពុង​រង់​ចាំ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​មក​ដល់ យើង​ត្រូវ​តែ​បន្ត​ស្វែងរក​សេចក្ដី​សុចរិត​របស់​លោក។ (​សេផ. ២:២, ៣​) ដូច្នេះ សូម​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ផ្លូវ​សុចរិត​របស់​ព្រះ​យេហូវ៉ា។ នេះ​រួម​បញ្ចូល​ការ​ពាក់​ឲ្យ​ជាប់​នូវ​«​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង​»​ដើម្បី​ការពារ​ចិត្ត​របស់​យើង។ យើង​ក៏​ត្រូវ​រក្សា​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ដែល​នឹង​នាំ​ឲ្យ​យើង​រីករាយ ហើយ​ធ្វើ​ឲ្យ​ព្រះ​របស់​យើង​រីករាយ​ផង​ដែរ។—សុភ. ២៧:១១

១៩​. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? តើ​អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​អ្វី?

១៩ ​«​ព្រះ​នេត្រ​»​ព្រះ​យេហូវ៉ា​«​ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។ (​២រប. ១៦:៩​) កាល​ដែល​យើង​ធ្វើ​អ្វី​ៗ​ដែល​ត្រឹម​ត្រូវ​ក្នុង​ពិភព​លោក​ដ៏​ច្របូកច្របល់ ដែល​ពោរ​ពេញ​ដោយ​អស្ថិរភាព អំពើ​ឃោរឃៅ និង​អំពើ​ទុច្ចរិត​កាន់​តែ​ច្រើន​ឡើង​ៗ នោះ​ពាក្យ​ទាំង​នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ខ្លាំង​ណាស់! ពិត​មែន ពេល​យើង​ប្រព្រឹត្ត​តាម​ផ្លូវ​ដ៏​សុចរិត នោះ​ប្រហែលជា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​មាន​ការ​ងឿង​ឆ្ងល់។ ប៉ុន្តែ​យើង​ទទួល​ប្រយោជន៍​ជា​បរិបូរ​ដោយ​កាន់​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​យេហូវ៉ា។ (​អេ. ៤៨:១៧; ១ពេ. ៤:៤​) ដូច្នេះ ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ សូម​ឲ្យ​យើង​តាំង​ចិត្ត​បន្ត​ស្រឡាញ់​និង​ធ្វើ​តាម​សេចក្ដី​សុចរិត​ឲ្យ​អស់ពី​ចិត្ត ដែល​នេះ​នឹង​នាំ​ឲ្យ​ចិត្ត​យើង​រីករាយ។ ប៉ុន្តែ ការ​មាន​ចិត្ត​ស្មោះ​ត្រង់​ក៏​រួម​បញ្ចូល​ការ​ស្អប់​ការ​ប្រឆាំង​ច្បាប់​ដែរ។ តើ​ការ​ស្អប់​ការ​ប្រឆាំង​ច្បាប់​មាន​ន័យ​យ៉ាង​ណា? អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​រឿង​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 12 ដើម្បី​ពិគ្រោះ​អំពី​គោលការណ៍​ដែល​ទាក់​ទង​នឹង​ការងារ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេ​សា ឆ្នាំ​២០០៦ ទំព័រ​១១ វគ្គ​១១​-​១៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ដើម្បី​ស្រឡាញ់​សេចក្ដី​សុចរិត ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​យើង​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ថ្លៃ​លោះ?

• ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​ពាក់​«​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង​»​?

• តើ​យើង​អាច​អប់រំ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​យ៉ាង​ដូច​ម្ដេច?​

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៤​]

សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​អប់រំ​ដោយ​គម្ពីរ ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​ស្តី​អំពី​ការងារ