លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរធ្វើការសម្រេចចិត្ដដែលលើកកិត្ដិយសព្រះ

ចូរធ្វើការសម្រេចចិត្ដដែលលើកកិត្ដិយសព្រះ

ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ

​«​មនុស្ស​មាន​គំនិត​វាង​វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន​»។—សុភ. ១៤:១៥

១, ២​. (​ក​) ក្នុង​ការ​សម្រេច​ចិត្ត​ទាំង​អស់​ដែល​យើង​ធ្វើ តើ​អ្វី​សំខាន់​បំផុត​ចំពោះ​យើង? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

មាន​អ្វី​មួយ​ដែល​យើង​ទំនង​ជា​ធ្វើ​ច្រើន​ដង​ជា​រៀង​រាល់​ថ្ងៃ។ ភាគ​ច្រើន អ្វី​មួយ​នោះ​មិន​សូវ​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​យើង​ទេ តែ​ខ្លះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ តើ​អ្វី​មួយ​នោះ​ជា​អ្វី​ទៅ? គឺ​ការ​សម្រេច​ចិត្ត។ ក្នុង​ការ​សម្រេច​ចិត្ត​ទាំង​អស់​ដែល​យើង​ធ្វើ ទោះ​ជា​ធំ​ឬ​តូច​ក្ដី នោះ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង​គឺ​ឲ្យ​ការ​សម្រេច​ចិត្ត​នោះ​លើក​កិត្ដិយស​ព្រះ។—សូម​អាន កូរិនថូសទី១ ១០:៣១

ស្តី​អំពី​ការ​សម្រេច​ចិត្ត តើ​នេះ​ជា​ការ​ងាយ​ស្រួល​ឬ​ក៏​ជា​ការ​ពិបាក​សម្រាប់​អ្នក? ដើម្បី​យើង​រីក​ចម្រើន​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ នោះ​យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ក្រោយ​មក​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សម​ស្រប​តាម​ជំនឿ​របស់​យើង​ផ្ទាល់ មិន​មែន​តាម​ជំនឿ​របស់​អ្នក​ឯ​ទៀត​នោះ​ទេ។ (​រ៉ូម ១២:១, ២; ហេ. ៥:១៤​) តើ​មាន​មូលហេតុ​សំខាន់​ណា​ទៀត​ដែល​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ? ហេតុ​អ្វី​ជួនកាល​យើង​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​ម្ល៉េះ? តើ​មាន​កត្ដា​ណាខ្លះ​ដែល​ជួយ​យើង​ឲ្យ​ប្រាកដ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​លើក​កិត្ដិយស​ព្រះ?

ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត?

៣​. តើ​យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្វី​រារាំង​យើង​ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត?

ក្នុង​ករណី​ដែល​ទាក់​ទង​នឹង​ខ្នាត​តម្រា​ក្នុង​គម្ពីរ បើ​យើង​មាន​ចិត្ត​ពីរ​ក្នុង​ការ​សម្រេច​ចិត្ត នោះ​មិត្ត​រួម​ថ្នាក់​ឬ​អ្នក​រួម​ការងារ​អាច​សន្និដ្ឋាន​ថា យើង​មិន​មាន​ជំនឿ​ស៊ប់​នោះ​ទេ ហើយ​អ្នក​ឯ​ទៀត​អាច​មាន​ឥទ្ធិពល​លើ​យើង​បាន​យ៉ាង​ងាយ។ ពួក​គេ​ប្រហែលជា​កុហក បោក​ប្រាស់​ឬ​លួច និង​ខំ​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​‹តាម​ពួក​អ្នក​ដែល​មាន​គ្នា​ច្រើន›​ដោយ​ឲ្យ​យើង​ចូល​រួម​ជា​មួយ​ពួក​គេ ឬ​ក៏​យ៉ាង​ហោច​ណាស់​ឲ្យ​យើង​ជួយ​លាក់​ទង្វើ​របស់​ពួក​គេ។ (​និក្ខ. ២៣:២​) ក៏​ប៉ុន្តែ អ្នក​ដែល​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ មិន​អនុញ្ញាត​ឲ្យ​ការ​ភ័យ​ខ្លាច​ឬ​ការ​ចង់​ផ្គាប់​ចិត្ត​មនុស្ស បណ្ដាល​ឲ្យ​គាត់​ធ្វើ​អ្វី​ៗ​ដែល​ផ្ទុយ​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​ដែល​បាន​ត្រូវ​អប់រំ​ដោយ​គម្ពីរ​ឡើយ។—រ៉ូម ១៣:៥

៤​. ហេតុ​អ្វី​អ្នក​ឯ​ទៀត​ប្រហែលជា​ចង់​សម្រេច​ចិត្ត​ឲ្យ​យើង?

មិន​មែន​មនុស្ស​ទាំង​អស់​ដែល​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​យើង​សុទ្ធ​តែ​មាន​បំណង​អាក្រក់​ចំពោះ​យើង​នោះ​ទេ។ មិត្ត​ដែល​មាន​បំណង​ល្អ ប្រហែលជា​ចង់​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត ប្រសិន​បើ​យើង​រស់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ នោះ​ពួក​គាត់​ទំនង​ជា​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុខទុក្ខ​របស់​យើង ហើយ​ប្រហែលជា​នៅ​តែ​ចង់​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សំខាន់​ៗ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ការ​ព្យាបាល។ គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​យើង​មិន​គួរ​ប្រើ​ឈាម​តាម​របៀប​ដែល​ខុស​នឹង​គោលការណ៍​ក្នុង​គម្ពីរ​នោះ​ទេ។ (​សកម្ម. ១៥:២៨, ២៩​) ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ព្យាបាល​ឯ​ទៀត​ឡើយ ដូច្នេះ​នេះ​តម្រូវ​ឲ្យ​យើង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​យើង​ព្រម​ទទួល​ឬ​មិន​ព្រម​ទទួល​ការ​ព្យាបាល​ប្រភេទ​ណា​មួយ។ * មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ប្រហែលជា​មាន​គំនិត​យ៉ាង​ម៉ឺង​ម៉ាត់​ស្តី​អំពី​រឿង​នេះ។ ក៏​ប៉ុន្តែ ពេល​សម្រេច​ចិត្ត​អំពី​រឿង​ទាំង​នោះ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​តែ​«​ទទួល​ភារៈ​របស់​ខ្លួន​»។ (​កាឡ. ៦:៤, ៥​) ស្តី​អំពី​រឿង​នេះ អ្វី​ដែល​សំខាន់​បំផុត គឺ​យើង​រក្សា​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​នៅ​ចំពោះ​ព្រះ មិន​មែន​ចំពោះ​មនុស្ស​ឡើយ។—១ធី. ១:៥

៥​. តើ​យើង​អាច​ជៀស​វាង​កុំ​ឲ្យ​ជំនឿ​របស់​យើង​ខូច​ទៅ​ដូច​សំពៅ​ដែល​លិច​លង់​យ៉ាង​ដូច​ម្ដេច?

ការ​មាន​ចិត្ត​ពីរ​ក្នុង​ការ​សម្រេច​ចិត្ត​អាច​នាំ​ឲ្យ​យើង​ជួប​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ។ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បាន​សរសេរ​ថា​មនុស្ស​ដែល​មាន​ចិត្ត​ពីរ​ក្នុង​ការ​សម្រេច​ចិត្ត នោះ​«​មិន​នឹងនរ​ក្នុង​គ្រប់​ការ​ទាំង​អស់​»។ (​យ៉ា. ១:៨​) ដូច​បុរស​ម្នាក់​ក្នុង​ទូក​ដែល​គ្មាន​ចង្កូត​អណ្ដែត​ក្នុង​សមុទ្រ​ដែល​មាន​ព្យុះ នោះ​គាត់​នឹង​បក់​បោក​តាម​គំនិត​របស់​មនុស្ស​ដែល​ចេះ​តែ​ផ្លាស់​ប្ដូរ​ជា​និច្ច។ ពិត​ជា​ងាយ​ស្រួល​ឲ្យ​ជំនឿ​របស់​មនុស្ស​បែប​នោះ​ខូច​ទៅ​ដូច​សំពៅ​ដែល​លិច​លង់ ហើយ​ក្រោយ​មក ងាយ​ឲ្យ​គាត់​បន្ទោស​អ្នក​ឯ​ទៀត​អំពី​ស្ថានភាព​ដែល​គួរ​ឲ្យ​ខ្លោច​ផ្សា​របស់​គាត់! (​១ធី. ១:១៩​) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ទទួល​លទ្ធផល​បែប​នេះ? យើង​ត្រូវ​តែ​«​តាំង​ខ្លួន​ឲ្យ​មាំ​មួន​ឡើង​ក្នុង​ជំនឿ​»។ (​សូម​អាន កូឡុស ២:៦, ៧) ដើម្បី​មាន​ភាព​មាំ​មួន យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​ពី​ជំនឿ​របស់​យើង​ទៅ​លើ​បណ្ដាំ​របស់​ព្រះ។ (​២ធី. ៣:១៤​-​១៧​) ប៉ុន្តែ តើ​មាន​អ្វី​ខ្លះ​ដែល​អាច​រារាំង​យើង​មិន​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ?

ហេតុ​អ្វី​ពិបាក​ឲ្យ​យើង​ធ្វើ​ការ​ សម្រេច​ចិត្ត​ម្ល៉េះ?

៦​. តើ​ការ​ភ័យ​ខ្លាច​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​យ៉ាង​ដូច​ម្ដេច?

ការ​ភ័យ​ខ្លាច​ក្នុង​ការ​សម្រេច​ចិត្ត​ខុស ភ័យ​ខ្លាច​បរាជ័យ ឬ​ភ័យ​ខ្លាច​អ្នក​ដទៃ​ថា​យើង​ជា​មនុស្ស​ល្ងង់ នោះ​អាច​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រេច​អ្វី​បាន​សោះ​ឡើយ។ នេះ​ជា​កង្វល់​ដែល​មាន​ជា​ធម្មតា​ទេ។ គ្មាន​អ្នក​ណា​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ដែល​នាំ​ឲ្យ​មាន​បញ្ហា​និង​នាំ​ឲ្យ​ខ្លួន​អាម៉ាស់​មុខ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​បណ្ដាំ​របស់​លោក​អាច​ជួយ​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​របស់​យើង។ តើ​អាច​ជួយ​តាម​របៀប​ណា? សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​តែង​តែ​ពិនិត្យ​មើល​បណ្ដាំ​របស់​លោក​និង​សៀវភៅ​នានា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ មុន​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​សំខាន់​ៗ។ ដោយ​ធ្វើ​ដូច្នេះ នោះ​នឹង​ជួយ​កាត់​បន្ថយ​នូវ​ការ​សម្រេច​ចិត្ត​ដែល​ខុស​បាន។ ហេតុ​អ្វី? ពីព្រោះ​គម្ពីរ​អាច​«​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំ​រិះ ហើយ​នឹង​សតិបញ្ញា​នឹង​ធឹង​»។—សុភ. ១:៤; ទំនុក. ១៩:៧

៧​. តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​គំរូ​របស់​ស្តេច​ដាវីឌ?

តើ​យើង​នឹង​តែង​តែ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​រហូត​ឬ​ទេ? មិន​មែន​ទេ ព្រោះ​យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស។ (​រ៉ូម ៣:២៣​) ជា​ឧទាហរណ៍ ស្តេច​ដាវីឌ​គឺជា​មនុស្ស​ដែល​ស្មោះ​ត្រង់​ម្នាក់​ដែល​មាន​ប្រាជ្ញា។ ប៉ុន្តែ ជួនកាល​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ដែល​នាំ​ឲ្យ​មាន​ទុក្ខវេទនា​ដល់​ខ្លួន​គាត់​និង​អ្នក​ដទៃ​ផង​ដែរ។ (​២សាំ. ១២:៩​-​១២​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ដាវីឌ​មិន​ព្រម​ឲ្យ​កំហុស​របស់​គាត់​ធ្វើ​ឲ្យ​គាត់​លែង​មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ឡើយ ជា​ពិសេស​ការ​សម្រេច​ចិត្ត​ដែល​ព្រះ​ពេញ​ចិត្ត។ (​១ព. ១៥:៤, ៥​) ដូច​ដាវីឌ ទោះ​ជា​យើង​ធ្លាប់​ធ្វើ​ខុស​ក៏​ដោយ យើង​នៅ​តែ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន បើ​យើង​ចាំ​ថា​ព្រះ​យេហូវ៉ា​មិន​មើល​កំហុស​របស់​យើង ហើយ​ក៏​អភ័យទោស​ភាព​ខុស​ឆ្គង​របស់​យើង​ដែរ។ លោក​នឹង​គាំទ្រ​ជា​និច្ច​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​លោក។—ទំនុក. ៥១:១​-​៤, ៧​-​១០

៨​. តើ​យើង​រៀន​អ្វី​ពី​សម្ដី​របស់​សាវ័ក​ប៉ូល​ស្តី​អំពី​រឿង​អាពាហ៍ពិពាហ៍?

យើង​អាច​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ដែល​យើង​មាន​ចំពោះ​ការ​សម្រេច​ចិត្ត​បាន។ តើ​តាម​របៀប​ណា? គឺ​ដោយ​ទទួល​ស្គាល់​ថា​ជួនកាល​ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ​មិន​មែន​មាន​តែ​មួយ​នោះ​ទេ។ សូម​គិត​អំពី​របៀប​ដែល​សាវ័ក​ប៉ូល​បាន​វែក​ញែក​អំពី​រឿង​អាពាហ៍ពិពាហ៍។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​មាន​អ្នក​ណា​ម្នាក់​គិត​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គឺ​មិន​សមរម្យ​ព្រោះ​នៅ​លីវ ហើយ​បើ​អ្នក​នោះ​មិន​ក្មេង​ពេក អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ចូរ​ឲ្យ​អ្នក​នោះ​រៀប​ការ​ទៅ បើ​ចង់​រៀប​ការ។ នោះ​មិន​មែន​ជា​ការ​ខុស​ឆ្គង​ទេ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​បាន​តាំង​ចិត្ត​រឹង​មាំ ក៏​មិន​ត្រូវ​ការ​ធ្វើ​ដូច្នោះ តែ​អាច​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯង ហើយ​បាន​សម្រេច​ចិត្ត​ថា​នឹង​នៅ​លីវ គាត់​នឹង​សម្រេច​ការ​បាន​ល្អ​»។ (​១កូ. ៧:៣៦​-​៣៨​) ប៉ូល​លើក​ទឹក​ចិត្ត​ថា​ការ​សម្រេច​ចិត្ត​នៅ​លីវ​ជា​អ្វី​ដែល​ល្អ​បំផុត ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​តែ​មួយ​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។

៩​. តើ​យើង​គួរតែ​គិត​អំពី​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង​ឬ​ទេ? សូម​ពន្យល់។

តើ​យើង​គួរ​គិត​អំពី​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ទេ? យើង​គួរតែ​គិត​ខ្លះ​ដែរ។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ប៉ូល​បាន​និយាយ​អំពី​រឿង​បរិភោគ​ម្ហូប​ដែល​ប្រហែលជា​បាន​ត្រូវ​សែន​ដល់​រូប​ព្រះ។ គាត់​ទទួល​ស្គាល់​ថា​ការ​សម្រេច​ធ្វើ​អ្វី​មួយ​ប្រហែលជា​មិន​ខុស​នោះ​ទេ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នោះ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ​ជំពប់​ដួល។ ដូច្នេះ តើ​ប៉ូល​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី? គាត់​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​អាហារ​ធ្វើ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល​»។ (​១កូ. ៨:៤​-​១៣​) យើង​ក៏​ត្រូវ​គិត​អំពី​របៀប​ដែល​ការ​សម្រេច​ចិត្ត​របស់​យើង​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង​គឺ​ការ​សម្រេច​ចិត្ត​របស់​យើង​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​សូម​អាន រ៉ូម ១៤:១​-​៤) តើ​គោលការណ៍​អ្វី​ក្នុង​គម្ពីរ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ?

កត្ដា​៦​យ៉ាង​ដែល​ជួយ​យើង​ ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ

១០, ១១​. (​ក​) ក្នុង​ក្រុម​គ្រួសារ តើ​យើង​អាច​ជៀស​វាង​ពី​ការ​បំពាន​សិទ្ធិ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ពួក​អ្នក​ចាស់​ទុំ​គួរតែ​ចង​ចាំ​អ្វី​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ជះ​ឥទ្ធិពល​ដល់​ក្រុម​ជំនុំ?

១០ ជៀស​វាង​ពី​ការ​បំពាន​សិទ្ធិ​អ្នក​ឯ​ទៀត។ មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ យើង​ត្រូវ​ដណ្ដឹង​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​ឬ​ទេ?›។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​កាល​ណា​កើត​មាន​សេចក្ដី​អំនួត​[​ឬ​«​បំពាន​សិទ្ធិ​អ្នក​ឯ​ទៀត​»​] នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា​តែង​នៅ​នឹង​មនុស្ស​សុភាព​»។—សុភ. ១១:២; ព.ថ.

១១ ឪពុក​ម្ដាយ​អាច​អនុញ្ញាត​ឲ្យ​កូន​ៗ​មាន​ឱកាស​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត ប៉ុន្តែ​កូន​ៗ​មិន​គួរ​ស្មានថា​ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​នោះ​ទេ។ (​កូឡ. ៣:២០​) ស្ត្រី​ដែល​ជា​ប្រពន្ធ​ឬ​ជា​ម្ដាយ​មាន​អំណាច​មួយ​កម្រិត​ក្នុង​គ្រួសារ ប៉ុន្តែ​ជា​ការ​ល្អ​ឲ្យ​នាង​ទទួល​ស្គាល់​ប្រមុខ​ភាព​របស់​ប្ដី។ (​សុភ. ១:៨; ៣១:១០​-​១៨; អេភ. ៥:២៣​) ដូច​គ្នា​ដែរ ប្ដី​ត្រូវ​ទទួល​ស្គាល់​ថា​អំណាច​របស់​គាត់​មាន​កម្រិត ហើយ​ថា​គាត់​ក៏​ត្រូវ​ចុះ​ចូល​ចំពោះ​គ្រិស្ត​ដែរ។ (​១កូ. ១១:៣​) ចំណែក​ពួក​អ្នក​ចាស់​ទុំ​វិញ ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ក្រុម​ជំនុំ។ ដូច្នេះ ពួក​គាត់​ត្រូវ​ប្រាកដ​ថា​ពួក​គាត់​‹មិន​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក›​ក្នុង​បណ្ដាំ​របស់​ព្រះ​ឡើយ។ (​១កូ. ៤:៦​) ម្យ៉ាង​ទៀត ពួក​គាត់​ក៏​ធ្វើ​តាម​យ៉ាង​ដិត​ដល់​នូវ​ការ​ណែនាំ​ដែល​បាន​ទទួល​ពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែរ។ (​ម៉ាថ. ២៤:៤៥​-​៤៧​) បើ​យើង​មាន​ចិត្ត​សុភាព ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ដែល​យើង​មាន​សិទ្ធិ​ធ្វើ​តែ​ប៉ុណ្ណោះ នោះ​នឹង​កាត់​បន្ថយ​នូវ​ការ​ពិបាក​ចិត្ត​និង​កង្វល់​ដែល​ខ្លួន​យើង​និង​អ្នក​ឯ​ទៀត​អាច​មាន។

១២​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​ស្រាវជ្រាវ​ព័ត៌មាន​មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ? (​ខ​)​ សូម​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​ស្រាវជ្រាវ​ព័ត៌មាន។

១២ ស្រាវជ្រាវ​ព័ត៌មាន។ សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះរលាំង នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ​»។ (​សុភ. ២១:៥​) ជា​ឧទាហរណ៍ តើ​អ្នក​កំពុង​គិត​អំពី​សំណើ​រក​ស៊ី​មួយ​ឬ​ទេ? សូម​កុំ​ឲ្យ​អារម្មណ៍​របស់​អ្នក​គ្រប់​គ្រង​ទៅ​លើ​ខ្លួន​អ្នក​ឡើយ។ សូម​ប្រមូល​ព័ត៌មាន​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នោះ ហើយ​សុំ​យោបល់​ពី​ពួក​អ្នក​ដែល​ដឹង​អំពី​រឿង​បែប​នោះ ព្រម​ទាំង​គិត​អំពី​គោលការណ៍​គម្ពីរ​ដែល​ទាក់​ទង​នឹង​ករណី​នោះ​ដែរ។ (​សុភ. ២០:​១៨​) ដើម្បី​រៀប​ចំ​ស្រាវជ្រាវ​ព័ត៌មាន សូម​ធ្វើ​បញ្ជី​ពីរ មួយ​សរសេរ​អំពី​ផល​ប្រយោជន៍ មួយ​ទៀត​សរសេរ​អំពី​ផល​វិបាក។ ក្រោយ​មក សូម​«​គិត​គូរ​»​ មុន​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត។ (​លូក. ១៤:២៨​) សូម​ពិចារណា​អំពី​ឥទ្ធិពល​ដែល​ការ​សម្រេច​ចិត្ត​របស់​អ្នក​អាច​មាន មិន​គ្រាន់តែ​ទៅ​លើ​លុយ​កាក់​ប៉ុណ្ណោះ​ទេ តែ​ទៅ​លើ​ចំណង​មេត្រី​ភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ ពិត​មែន​តែ​ការ​ស្រាវជ្រាវ​ព័ត៌មាន​មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ត្រូវ​ការ​ពេល​វេលា​និង​ការ​ខំ​ប្រឹង ប៉ុន្តែ​បើ​អ្នក​ធ្វើ​ដូច្នេះ នោះ​អ្នក​អាច​ជៀស​វាង​ពី​ការ​រលះរលាំង​ឬ​ពី​ការ​សម្រេច​ចិត្ត​រហ័ស​ពេក​ដែល​នាំ​ឲ្យ​អ្នក​មាន​កង្វល់​ដែល​មិន​ចាំ​បាច់។

១៣​. (​ក​) តើ​យ៉ាកុប ១:៥ បាន​ធានា​យ៉ាង​ណា? (​ខ​)​ តើ​ការ​អធិដ្ឋាន​សុំ​ប្រាជ្ញា​ពី​ព្រះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៣ អធិដ្ឋាន​សុំ​ប្រាជ្ញា​ពី​ព្រះ។ ការ​សម្រេច​ចិត្ត​របស់​យើង​នឹង​លើក​កិត្ដិយស​ព្រះ លុះ​ត្រា​តែ​យើង​អញ្ជើញ​លោក​ឲ្យ​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្តីបន្ទោស​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន​»។ (​យ៉ា. ១:៥​) ការ​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ប្រាជ្ញា​របស់​ព្រះ​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​សម្រេច​ចិត្ត នោះ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​អាម៉ាស់​មុខ​នោះ​ទេ។ (​សុភ. ៣:៥, ៦​) យ៉ាង​ណា​មិញ ការ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ចំណេះ​ដឹង​របស់​យើង នោះ​អាច​នាំ​ឲ្យ​យើង​យល់​ច្រឡំ​បាន​យ៉ាង​ងាយ។ ប៉ុន្តែ ពេល​យើង​អធិដ្ឋាន​សុំ​ប្រាជ្ញា​ពី​ព្រះ ហើយ​រក​គោលការណ៍​ផ្សេង​ៗ​ក្នុង​បណ្ដាំ​របស់​លោក នោះ​យើង​អនុញ្ញាត​ឲ្យ​សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ដឹង​អំពី​បំណង​ពិត​របស់​យើង​ដែល​ចង់​ធ្វើ​អ្វី​មួយ។—ហេ. ៤:១២; សូម​អាន យ៉ាកុប ១:២២​-​២៥

១៤​. ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​ការ​ពន្យារ​ពេល?

១៤ ធ្វើ​ការ​សម្រេច​ចិត្ត។ កុំ​ប្រញាប់​ធ្វើ​ការ​សម្រេច​ចិត្ត មុន​ស្រាវ​ជ្រាវ​ព័ត៌មាន​និង​អធិដ្ឋាន​សុំ​ប្រាជ្ញា​ពី​ព្រះ​នោះ​ឡើយ។ មនុស្ស​ដែល​មាន​ប្រាជ្ញា​ចំណាយ​ពេល​«​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន​»​ឬ​ពិចារណា​អំពី​អ្វី​ៗ​ដែល​គាត់​នឹង​ធ្វើ។ (​សុភ. ១៤:១៥​) ក៏​ប៉ុន្តែ កុំ​ពន្យារ​ពេល​ឡើយ។ មនុស្ស​ដែល​ពន្យារ​ពេល​អាច​ដោះ​សា​ប្លែក​ៗ​ពី​មូលហេតុ​ដែល​គាត់​មិន​បាន​ធ្វើ​អ្វី​មួយ។ (​សុភ. ២២:១៣​) ប៉ុន្តែ​បើ​គាត់​ធ្វើ​ដូច្នេះ តាម​ពិត​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ហើយ ពោល​គឺ​គាត់​ឲ្យ​អ្នក​ឯ​ទៀត​គ្រប់​គ្រង​លើ​ជីវិត​របស់​គាត់។

១៥, ១៦​. តើ​ការ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​រួម​បញ្ចូល​អ្វី​ខ្លះ?

១៥ ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នោះ។ បើ​យើង​មិន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង នោះ​ការ​ខំ​ប្រឹង​ទាំង​ប៉ុន្មាន​របស់​យើង​គឺ​ឥត​ប្រយោជន៍​ទេ។ សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់ពី​កំឡាំង​ចុះ​»។ (​សាស្ដ. ៩:១០​) ដើម្បី​ទទួល​ជោគជ័យ យើង​ត្រូវ​សុខ​ចិត្ត​ប្រើ​អ្វី​ៗ​ដែល​យើង​មាន​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នោះ។ ជា​ឧទាហរណ៍ អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​ប្រហែលជា​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ តើ​គាត់​នឹង​អាច​ធ្វើ​បាន​ទេ? គាត់​ទំនង​ជា​អាច​ធ្វើ​បាន​មែន បើ​គាត់​មិន​ចំណាយ​ពេល​ច្រើន​ហួស​ហេតុ​ក្នុង​ការ​កម្សាន្ត​និង​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក ដែល​អាច​ស៊ីកម្លាំង​និង​ពេល​វេលា​ដែល​គាត់​ត្រូវ​ការ ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ​នោះ។

១៦ ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ​បំផុត​មិន​សូវ​ស្រួល​ធ្វើ​តាម​ប៉ុន្មាន​ទេ។ ហេតុ​អ្វី? ពីព្រោះ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»។ (​១យ៉ូន. ៥:១៩​) យើង​ត្រូវ​ប្រយុទ្ធ​នឹង​«​ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​ងងឹត​នេះ [​និង​]​ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌​»។ (​អេភ. ៦:១២​) ទាំង​សាវ័ក​ប៉ូល​ទាំង​យូដាស​បាន​ដៅ​បញ្ជាក់​ថា ពួក​អ្នក​ដែល​សម្រេច​ចិត្ត​លើក​កិត្ដិយស​ព្រះ​នឹង​ត្រូវ​តស៊ូ​ដើម្បី​ធ្វើ​ដូច្នេះ។—១ធី. ៦:១២; យូ. ៣

១៧​. ស្តី​អំពី​ការ​សម្រេច​ចិត្ត​របស់​យើង តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី?

១៧ រំលឹក​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត ហើយ​ធ្វើ​ការ​កែប្រែ​ខ្លះ​ៗ​បើ​ចាំ​បាច់។ មិន​មែន​ការ​សម្រេច​ចិត្ត​ទាំង​អស់​អាច​កើត​ឡើង​ដូច​ដែល​យើង​បាន​គ្រោង​ទុក​នោះ​ទេ។ នេះ​គឺ​ដោយ​សារ​‹ពេល​វេលា​និង​ឱកាស›​ឬ​ព្រឹត្ដិការណ៍​ដែល​យើង​មិន​ដឹង​ទុក​ជា​មុន។ (​សាស្ដ. ៩:១១​) ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ព្យាយាម​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ខ្លះ ថ្វី​បើ​មាន​ទុក្ខ​លំបាក​ក៏​ដោយ។ ជា​ឧទាហរណ៍ ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ឬ​ពាក្យ​សច្ចា​នៅ​ថ្ងៃ​រៀប​ការ​ជា​ការ​សម្រេច​ចិត្ត​ដែល​មិន​អាច​កែប្រែ​បាន​ឡើយ។ ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​បែប​នោះ។ (​សូម​អាន ទំនុកតម្កើង ១៥:១, ២, ) ប៉ុន្តែ ការ​សម្រេច​ចិត្ត​ភាគ​ច្រើន​មិន​សូវ​សំខាន់​ដូច​នេះ​ទេ។ មនុស្ស​ដែល​មាន​ប្រាជ្ញា​នឹង​រំលឹក​ឡើង​វិញ​ម្ដង​ម្កាល​នូវ​ការ​សម្រេច​ចិត្ត​របស់​គាត់។ គាត់​នឹង​មិន​ឲ្យ​អំណួត​ឬ​ចិត្ត​រឹង​ចចេស​រារាំង​គាត់​ពី​ការ​កែប្រែ​នៃ​ការ​សម្រេច​ចិត្ត​នោះ ឬ​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​នោះ​ទាំង​ស្រុង​ទេ។ (​សុភ. ១៦:​១៨​) អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​គាត់ គឺ​គាត់​ត្រូវ​ប្រាកដ​ថា​របៀប​រស់​នៅ​របស់​គាត់​នៅ​តែ​លើក​កិត្ដិយស​ព្រះ។

បង្រៀន​អ្នក​ឯ​ទៀត​ ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ

១៨​. តើ​ឪពុក​ម្ដាយ​អាច​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច?

១៨ ឪពុក​ម្ដាយ​អាច​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ជួយ​កូន​របស់​ពួក​គាត់ ឲ្យ​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ។ គំរូ​ល្អ​របស់​ឪពុក​ម្ដាយ​ជា​វិធី​បង្រៀន​ដ៏​ល្អ​បំផុត​មួយ។ (​លូក. ៦:៤០​) ពេល​ដែល​សមរម្យ ពួក​គាត់​អាច​ពន្យល់​កូន​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​ដើម្បី​សម្រេច​ចិត្ត​ចំពោះ​រឿង​ណា​មួយ។ ពួក​គាត់​ប្រហែល​អាច​ឲ្យ​កូន​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លះ​ដោយ​ខ្លួន​ឯង ហើយ​សរសើរ​កូន ពេល​កូន​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​កូន​មិន​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​វិញ? ទំនោរ​ចិត្ត​ដំបូង​របស់​ឪពុក​ម្ដាយ គឺ​ប្រហែលជា​ចង់​ការពារ​កូន​ពី​ផល​វិបាក​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​នោះ តែ​ការ​ធ្វើ​ដូច្នេះ ប្រហែលជា​មិន​តែង​តែ​ល្អ​សម្រាប់​កូន​នោះ​ទេ។ ជា​ឧទាហរណ៍ ឪពុក​ម្ដាយ​ប្រហែលជា​ឲ្យ​កូន​មាន​ប័ណ្ណ​បើក​បរ។ ឧបមា​ថា​កូន​បើក​បរ​ខុស​ច្បាប់​ចរាចរណ៍ ហើយ​ត្រូវ​ផាកពិន័យ។ ឪពុក​ម្ដាយ​អាច​បង់​ការ​ផាកពិន័យ​នោះ​ជំនួស​កូន​បាន។ ក៏​ប៉ុន្តែ បើ​កូន​ត្រូវ​ធ្វើ​ការ​ដើម្បី​សង​លុយ​ពួក​គាត់​វិញ នោះ​កូន​ទំនង​ជា​រៀន​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។—រ៉ូម ១៣:៤

១៩​. តើ​យើង​គួរ​បង្រៀន​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ចេះ​ធ្វើ​អ្វី? ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៩ លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​កាន់​តាម​របស់​លោក​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត។ (​ម៉ាថ. ២៨:២០​) មេរៀន​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​បង្រៀន​សិស្ស​គម្ពីរ គឺ​ជួយ​គាត់​រៀន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ។ ដើម្បី​ជួយ​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​បាន យើង​មិន​គួរ​ប្រាប់​គាត់​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​នោះ​ទេ។ ជា​ការ​ល្អ​ជាង​បើ​យើង​បង្រៀន​គាត់​ឲ្យ​ចេះ​វែក​ញែក​គោលការណ៍​គម្ពីរ ដើម្បី​គាត់​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​នូវ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ។ យ៉ាង​ណា​មិញ ​«​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង​»។ (​រ៉ូម ១៤:១២​) ដូច្នេះ យើង​ទាំង​អស់​គ្នា​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្ដិយស​ព្រះ។

[​កំណត់​សម្គាល់​]

^ វគ្គ 4 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​រឿង​នេះ សូម​មើល​សន្លឹក​បន្ថែម​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ទំព័រ​៧​-​១០ ដែល​មាន​ចំណង​ជើង​ថា​«​តើ​ខ្ញុំ​មាន​ទស្សនៈ​យ៉ាង​ណា ស្តី​អំពី​ការ​ប្រើ​ធាតុ​ផ្សេង​ៗ ដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម និង​វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ឈាម​ខ្ញុំ​ផ្ទាល់?​»។

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​យើង​ត្រូវ​រៀន​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត?

• តើ​ការ​ភ័យ​ខ្លាច​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​យើង? ហើយ​តើ​យើង​អាចយ​ក​ឈ្នះ​លើ​ការ​ភ័យ​ខ្លាច​របស់​យើង​យ៉ាង​ដូច​ម្ដេច?

• តើ​កត្ដា​ទាំង​៦​ដែល​យើង​អាច​ធ្វើ​តាម​ដើម្បី​ប្រាកដ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​លើក​កិត្ដិយស​ព្រះ ជា​អ្វី?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១៧]

កត្ដា​ដែល​ជួយ​យើង​ ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ

ជៀស​វាង​ពី​ការ​បំពាន​សិទ្ធិ​អ្នក​ឯ​ទៀត

ស្រាវជ្រាវ​ព័ត៌មាន

អធិដ្ឋាន​សុំ​ប្រាជ្ញា​ពី​ព្រះ

ធ្វើ​ការ​សម្រេច​ចិត្ត

ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នោះ

រំលឹក​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត ហើយ​ធ្វើ​ការ​កែប្រែ

[​រូបភាព​នៅ​ទំព័រ​១៦​]

អ្នក​ដែល​មាន​ចិត្ត​ពីរ​ក្នុង​ការ​សម្រេច​ចិត្ត នោះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ក្នុង​ទូក​គ្មាន​ចង្កូត​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ព្យុះ