លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ផលដែលបង្កើតដោយសកម្មពល»លើកតម្កើងព្រះ

«ផលដែលបង្កើតដោយសកម្មពល»លើកតម្កើងព្រះ

«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​លើក​តម្កើង​ព្រះ

​«​បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច​»។—យ៉ូន. ១៥:៨

១, ២​. (​ក​) តើ​យើង​មាន​ឱកាស​អ្វី​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​រួម​ជំនឿ? (​ខ​) តើ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​អំណោយ​អ្វី​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការ​បម្រើ​លោក?

សូម​ពិចារណា​នូវ​កាលៈទេសៈ​ពីរ​យ៉ាង​ដូច​ត​ទៅ​នេះ។ នៅ​ឯ​សាល​ប្រជុំ បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​សង្កេត​ឃើញ​ថា​ប្អូន​ស្រី​ម្នាក់​ខ្វល់ខ្វាយ​អំពី​អ្វី​មួយ។ គាត់​បាន​ណាត់​ប្អូន​ស្រី​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ ក្នុង​ពេល​ដែល​ពួក​គេ​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត ពួក​គេ​បាន​និយាយ​ជា​មួយ​គ្នា ហើយ​ប្អូន​ស្រី​នោះ​ចាប់​ផ្ដើម​ប្រាប់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ខ្វល់ខ្វាយ។ ក្រោយ​មក ពេល​ដែល​នាង​អធិដ្ឋាន​នៅ​ថ្ងៃ​នោះ នាង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​បង​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ​នោះ ពីព្រោះ​នេះ​ជា​អ្វី​ដែល​នាង​ពិត​ជា​ត្រូវ​ការ។ នៅ​កន្លែង​មួយ​ទៀត ប្ដី​ប្រពន្ធ​មួយ​គូ​ទើប​តែ​ត្រឡប់​មក​ពី​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង។ ពេល​ពួក​គាត់​ញ៉ាំ​បាយ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​មួយ​ចំនួន ពួក​គាត់​និយាយ​ដោយ​រំភើប​ចិត្ត​អំពី​បទ​ពិសោធន៍​នានា​ប្រាប់​បង​ប្អូន​ទាំង​នោះ។ នៅ​ពេល​នោះ​មាន​ប្អូន​ប្រុស​ម្នាក់​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ប្អូន​ប្រុស​នេះ​កំពុង​រៀប​ចំ​ចាក​ចេញ​ទៅ​ប្រទេស​ផ្សេង​ដើម្បី​ធ្វើ​ជា​សាសនទូត នោះ​គាត់​បាន​គិត​អំពី​គូ​ប្ដី​ប្រពន្ធ​នេះ​និង​អំពី​ការ​សន្ទនា​របស់​ពួក​គេ​ដែល​បាន​បណ្ដាល​ចិត្ត​គាត់​ឲ្យ​ចង់​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង។

ប្រហែលជា​កាលៈទេសៈ​ទាំង​នេះ​រំលឹក​អ្នក​អំពី​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​ដែល​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ជីវិត​អ្នក។ ពិត​មែន បើ​យើង​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​បាន​តែ​មួយ​ដង នោះ​កម្រ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​នោះ​ផ្លាស់​ប្ដូរ​ណាស់។ ប៉ុន្តែ ជា​រៀង​រាល់​ថ្ងៃ យើង​នៅ​តែ​មាន​ឱកាស​ដើម្បី​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​របស់​អ្នក​ឯ​ទៀត។ សូម​ស្រមៃ​គិត​ថា​មាន​អ្វី​មួយ​ដែល​អាច​បង្កើន​សមត្ថភាព​និង​គុណ​សម្បត្ដិ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ជួយ​ច្រើន​ថែម​ទៀត​ដល់​បង​ប្អូន​រួម​ជំនឿ ហើយ​ដើម្បី​ឲ្យ​ព្រះ​អាច​ប្រើ​អ្នក​យ៉ាង​ពេញ​លេញ​បាន។ បើ​មាន​អ្វី​មួយ​បែប​នោះ​ពិត​ជា​ល្អ​មែន មែន​ទេ? តាម​ការ​ពិត ព្រះ​យេហូវ៉ា​ឲ្យ​អំណោយ​បែប​នោះ​មក​យើង​មែន ពោល​គឺ​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​លូក. ១១:​១៣​) កាល​ដែល​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង នោះ​នឹង​បង្កើត​ឲ្យ​មាន​គុណ​សម្បត្ដិ​ដ៏​ថ្លៃ​ថ្លា ដែល​នាំ​ឲ្យ​គ្រប់​ផ្នែក​នៃ​កិច្ច​បម្រើ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។ នេះ​ពិត​ជា​អំណោយ​ដ៏​អស្ចារ្យ​មែន!—សូម​អាន កាឡាទី ៥:២២, ២៣

៣​. (​ក​) តើ​ការ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​លើក​តម្កើង​ព្រះ​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

គុណ​សម្បត្ដិ​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​គឺ​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សកម្មពល​នោះ។ (​កូឡ. ៣:៩, ១០​) លោក​យេស៊ូ​បញ្ជាក់​អំពី​មូលហេតុ​សំខាន់​បំផុត​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ព្យាយាម​យក​តម្រាប់​តាម​ព្រះ ពេល​លោក​ប្រាប់​ពួក​សាវ័ក​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច​»។ * (​យ៉ូន. ១៥:​៨​) ពេល​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​ នោះ​យើង​ឃើញ​លទ្ធផល​យ៉ាង​ជាក់​ស្តែង​ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​និង​និយាយ ហើយ​នេះ​នាំ​ឲ្យ​គេ​សរសើរ​ព្រះ។ (​ម៉ាថ. ៥:​១៦​) តើ​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​ខុស​គ្នា​យ៉ាង​ណា​ពី​ចរិត​លក្ខណៈ​របស់​មនុស្ស​ក្នុង​ពិភព​លោក​សាថាន? តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បាន​បង្កើត​ដោយ​សកម្មពល​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​យើង​ប្រហែលជា​ពិបាក​ធ្វើ​ដូច្នេះ? យើង​នឹង​ពិចារណា​សំណួរ​ទាំង​នេះ​កាល​ដែល​យើង​ពិភាក្សា​អំពី​គុណ​សម្បត្ដិ​បី​ដំបូង​នៃ​ផល​ដែល​បាន​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ពោល​គឺ​សេចក្ដី​ស្រឡាញ់ អំណរ និង​សេចក្ដី​សុខសាន្ត។

សេចក្ដី​ស្រឡាញ់​ដែល​ឆ្លុះ​បញ្ចាំង ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

៤​. តើ​លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​ណា?

សេចក្ដី​ស្រឡាញ់​ដែល​បាន​ត្រូវ​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​សេចក្ដី​ស្រឡាញ់​ដែល​មាន​ជា​ទូទៅ​ក្នុង​ពិភព​លោក​នេះ។ ហេតុ​អ្វី? ពីព្រោះ​សេចក្ដី​ស្រឡាញ់​នេះ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​នេះ​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ។ (​សូម​អាន ម៉ាថាយ ៥:៤៣​-​៤៨) ធម្មតា​មនុស្ស​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​គេ​ប្រព្រឹត្ត​ទៅ​លើ​ខ្លួន ហើយ​លោក​យេស៊ូ​បាន​កត់​សម្គាល់​ឃើញ​ថា សូម្បី​តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្តែ ​«​សេចក្ដី​ស្រឡាញ់​»​បែប​នេះ​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ពិត​នោះ​ទេ នេះ​គ្រាន់តែ​ជា​ការ​ហុត​ទឹក​សម្លឹង​កាក​តែ​ប៉ុណ្ណោះ។ ប្រសិនបើ​យើង​ចង់​‹បង្ហាញ​ថា​យើង​ជា​កូន​នៃ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌› នោះ​យើង​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ទេ។ ជា​ជាង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​គេ​ប្រព្រឹត្ត​មក​លើ​យើង នោះ​យើង​ត្រូវ​មាន​ទស្សនៈ​និង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​របៀប​ដែល​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​និង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​វិញ។ ប៉ុន្តែ ដូច​អ្វី​ដែល​លោក​យេស៊ូ​បង្គាប់​យើង តើ​យើង​អាច​ស្រឡាញ់​សត្រូវ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

៥​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ដែល​បៀតបៀន​យើង​យ៉ាង​ដូច​ម្ដេច?

សូម​ពិចារណា​អំពី​គំរូ​មួយ​ក្នុង​គម្ពីរ។ ក្នុង​អំឡុង​ពេល​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ភីលីព ប៉ូល​និង​ស៊ីឡាស​បាន​ត្រូវ​គេ​ចាប់​ខ្លួន គេ​វាយ​ធ្វើ​បាប​ពួក​គាត់​យ៉ាង​សាហាវ បោះ​ពួក​គាត់​ចូល​ក្នុង​គុក​ងងឹត ហើយ​ដាក់​ខ្នោះ​ជើង។ ក្នុង​អំឡុង​ពេល​នោះ​អ្នក​យាម​គុក​ក៏​ប្រហែលជា​ធ្វើ​បាប​ពួក​គាត់​ដែរ។ នៅ​ពេល​ដែល​មាន​រញ្ជួយ​ដី​ដែល​បើក​ឱកាស​ឲ្យ​ពួក​គាត់​អាច​រត់​ចេញ​ពី​គុក​បាន តើ​ពួក​គាត់​រីករាយ​ដោយ​សារ​ពួក​គាត់​អាច​សង​សឹក​អ្នក​យាម​គុក​នោះ​ឬ​ទេ? មិន​មែន​ទេ។ ពួក​គាត់​មាន​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន ដោយ​ពួក​គាត់​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​របស់​អ្នក​យាម​គុក​នោះ។ នេះ​ជំរុញ​ពួក​គាត់​ឲ្យ​ចាត់​វិធាន​ការណ៍​ភ្លាម​ៗ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​យាម​គុក​នោះ ហើយ​បើក​ឱកាស​ឲ្យ​គាត់​និង​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ព្រះ។ (​សកម្ម. ១៦:​១៩​-​៣៤​) ស្រដៀង​គ្នា​ដែរ នៅ​បច្ចុប្បន្ន​នេះ​បង​ប្អូន​ជា​ច្រើន​ក៏​បាន​«​ឲ្យ​ពរ​អ្នក​ដែល​បៀតបៀន​»​ពួក​គាត់​ដែរ។—រ៉ូម ១២:១៤

៦​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ណា? (​សូម​មើល​ប្រអប់​នៅ​ទំព័រ​២២​)

សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​រួម​ជំនឿ នោះ​ជ្រាល​ជ្រៅ​ជាង។ គម្ពីរ​ចែង​ថា​៖ ​«​យើង​ក៏​មាន​កាតព្វកិច្ច​លះ​បង់​ជីវិត​ដើម្បី​បង​ប្អូន​យើង​ដែរ​»។ (​សូម​អាន យ៉ូហានទី១ ៣:១៦​-​១៨) ប៉ុន្តែ ជា​ញឹក​ញយ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​វិធី​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​និយាយ​អ្វី​ឬ​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ទើស​ចិត្ត នោះ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ទៅ​រក​ជា​នឹង​បង​ប្អូន​នោះ​មុន។ (​ម៉ាថ. ៥:២៣, ២៤​) ចុះ​យ៉ាង​ណា​បើ​មាន​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត​វិញ? តើ​យើង​«​បំ​រុង​តែ​នឹង​អត់​ទោស​»​ ឬ​ក៏​ជួនកាល​យើង​បែរ​ជា​មាន​ចិត្ត​ចង​គំនុំ​វិញ? (​ទំនុក. ៨៦:៥​) សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​គ្រប​បាំង​នូវ​កំហុស​តូច​តាច ហើយ​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដូច​‹ព្រះ​យេហូវ៉ា​បាន​អភ័យទោស​ឲ្យ​យើង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ›​ដែរ។—កូឡ. ៣:១៣, ១៤; ១ពេ. ៤:៨

៧, ៨​. (​ក​) តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ទាក់​ទង​គ្នា​យ៉ាង​ណា? (​ខ​)​ តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូបភាព​នៅ​ទំព័រ​២០​)

តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ណា? គឺ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ។ (​អេភ. ៥:១, ២; ១យ៉ូន. ៤:៩​-​១១, ២០, ២១​) ពេល​ដែល​យើង​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ការ​អាន​គម្ពីរ រំពឹង​គិត និង​អធិដ្ឋាន នោះ​ប្រៀប​ដូច​ជា​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ ពេល​យើង​ធ្វើ​ដូច្នេះ នោះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​យើង ថែម​ទាំង​ជួយ​យើង​ឲ្យ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​កាន់​តែ​ច្រើន​ឡើង​ៗ។ ប៉ុន្តែ យើង​ត្រូវ​លៃ​ទុក​ពេល​ក្នុង​ការ​ធ្វើ​ដូច្នេះ​ដើម្បី​ចូល​ទៅ​ជិត​លោក។

ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​អ្នក​អាច​អាន​គម្ពីរ រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​អាន និង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ក្នុង​រយៈ​ពេល​មួយ​តែ​ប៉ុណ្ណោះ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ប្រាកដជា​ការពារ​ពេល​វេលា​នោះ​ទុក​ដើម្បី​កុំ​ឲ្យ​អ្វី​មក​រំខាន​ដល់​ពេល​វេលា​ដែល​អ្នក​ចំណាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា មែន​ទេ? ពិត​មែន គ្មាន​នរណា​ម្នាក់​អាច​ដាក់​កម្រិត​អំពី​ពេល​វេលា​ដែល​យើង​អធិដ្ឋាន​ទៅ​ព្រះ​ឡើយ ហើយ​យើង​ភាគ​ច្រើន​អាច​អាន​គម្ពីរ​នៅ​ពេល​ណា​ដែល​យើង​ចង់​អាន​បាន។ ប៉ុន្តែ យើង​ប្រហែលជា​ត្រូវ​ចាត់​វិធានការ​ដើម្បី​កុំ​ឲ្យ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដែល​រវល់​វក់វី​មក​រំខាន​ដល់​ពេល​វេលា​របស់​យើង​ជា​មួយ​នឹង​ព្រះ។ ដូច្នេះ ជា​រៀង​រាល់​ថ្ងៃ តើ​អ្នក​លៃ​ទុក​ពេល​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឬ​ទេ?

«​អំណរ​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ​»​

៩​. តើ​សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​នៅ​តែ​មាន​អំណរ ទោះ​ជា​យើង​ស្ថិត​ក្រោម​កាលៈទេសៈ​បែប​ណា?

អំណរ​គឺជា​គុណ​សម្បត្ដិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ ទោះ​ជា​យើង​ជួប​ប្រទះ​ការ​ពិបាក​ក្នុង​ជីវិត​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​អំណរ​បាន។ អំណរ​ប្រៀប​ដូច​ជា​រុក្ខជាតិ​ដែល​អាច​លូត​លាស់​បាន​ទោះ​ជា​អាកាសធាតុ​ហួត​ហែង​ក៏​ដោយ។ ទូ​ទាំង​ផែនដី អ្នក​បម្រើ​ព្រះ​ជា​ច្រើន​‹បាន​ទទួល​បណ្ដាំ​របស់​ព្រះ​ដោយ​អំណរ​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ ទោះ​បី​មាន​សេចក្ដី​វេទនា​ជា​ច្រើន​ក៏​ដោយ›។ (​១ថែ. ១:៦​) បង​ប្អូន​ឯ​ទៀត​ជួប​ទុក្ខ​លំបាក​និង​ភាព​ខ្វះ​ខាត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​ពួក​គេ​តាម​រយៈ​សកម្មពល​របស់​លោក​‹ដើម្បី​ឲ្យ​ពួក​គេ​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ហើយ​មាន​ចិត្ត​ធ្ងន់​ដោយ​អំណរ›។ (​កូឡ. ១:១១​) តើ​អ្វី​ជា​ប្រភព​នៃ​អំណរ​នេះ?

១០​. តើ​អ្វី​ជា​ប្រភព​នៃ​អំណរ​របស់​យើង?

១០ ពរ​ដែល​យើង​ទទួល​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ នោះ​មាន​តម្លៃ​ជា​រៀង​រហូត មិន​ដូច​«​ទ្រព្យ​ដែល​មិន​ទៀង​»​ក្នុង​ពិភព​លោក​របស់​សាថាន​ទេ។ (​១ធី. ៦:១៧; ម៉ាថ. ៦:១៩, ២០​) ព្រះ​យេហូវ៉ា​ផ្ដល់​ក្ដី​សង្ឃឹម​អស្ចារ្យ​មួយ​ឲ្យ​យើង គឺជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ យើង​មាន​អំណរ​ដោយ​សារ​យើង​រួម​ចំណែក​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ទូ​ទាំង​ពិភព​លោក។ សំខាន់​បំផុត អំណរ​របស់​យើង​មាន​មូលដ្ឋាន​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​ក៏​មាន​អារម្មណ៍​ដូច​ដាវីឌ​ដែរ ដែល​ទោះ​ជា​គាត់​ត្រូវ​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ គាត់​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់ គឺ​យ៉ាង​នោះ ដែល​ទូល​បង្គំ​នឹង​លើក​ដំ​កើង​ទ្រង់ ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ​»។ (​ទំនុក. ៦៣:៣, ៤​) ដូច្នេះ ទោះ​ជា​យើង​ជួប​ទុក្ខ​លំបាក​ក៏​ដោយ យើង​នៅ​តែ​អាច​សរសើរ​ព្រះ​ដោយ​អំណរ​បាន។

១១​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ?

១១ សាវ័ក​ប៉ូល​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​អរ​សប្បាយ​ដោយ​សារ​លោក​ម្ចាស់​ជា​និច្ច។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ចុះ!​»។ (​ភី. ៤:៤​) ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​ពួក​គ្រិស្ត​សាសនិក​បំពេញ​កិច្ច​បម្រើ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​អំណរ? ពីព្រោះ សាថាន​បាន​ចោទ​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ សាថាន​វា​ចោទ​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​ព្រះ​នោះ​ទេ។ (​យ៉ូប ១:៩​-​១១​) ប្រសិនបើ​យើង​បម្រើ​ព្រះ​យេហូវ៉ា​តាម​ភារកិច្ច ប៉ុន្តែ​គ្មាន​អំណរ នោះ​គ្រឿង​បូជា​របស់​យើង​ដែល​ជា​ការ​សរសើរ​ព្រះ​នឹង​មិន​ពេញ​លក្ខណៈ​ទេ។ ដូច្នេះ យើង​ព្យាយាម​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​អ្នក​តែង​ទំនុកតម្កើង​ដែល​ថា​៖ ​«​ចូរ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​នៅ​ចំពោះ​ទ្រង់​ដោយ​ច្រៀង​ចំ​រៀង​ចុះ​»។ (​ទំនុក. ១០០:២​) ដូច្នេះ​បើ​យើង​ស្ម័គ្រ​ចិត្ត​បម្រើ​ព្រះ​ដោយ​អំណរ នោះ​នឹង​លើក​តម្កើង​លោក។

១២, ១៣​. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់​ទល់​នឹង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត?

១២ ប៉ុន្តែ ជួនកាល​សូម្បី​តែ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ត្រូវ​តស៊ូ​ដើម្បី​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ដែរ។ (​ភី. ២:២៥​-​៣០​) ក្នុង​កាលៈទេសៈ​បែប​នោះ តើ​អ្វី​អាច​ជួយ​យើង​បាន? អេភេសូរ ៥:១៨, ១៩​ចែង​ថា​៖ ​«​ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​សកម្មពល​របស់​ព្រះ​ជា​និច្ច និយាយ​គ្នា​ដោយ​បទ​ទំនុកតម្កើង ពាក្យ​សរសើរ​ព្រះ ចម្រៀង​គោរព​ប្រណិប័តន៍ ហើយ​ច្រៀង​និង​លេង​ភ្លេង​បន្ទរ​តាម​ជូន​ព្រះ​យេហូវ៉ា​ក្នុង​ចិត្ត​»។ តើ​យើង​អាច​អនុវត្ត​តាម​ឱវាទ​នេះ​យ៉ាង​ណា?

១៣ ពេល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត នោះ​យើង​អាច​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា និង​ព្យាយាម​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ។ (​សូម​អាន ភីលីព ៤:៦​-​៩) បង​ប្អូន​ខ្លះ​គ្រហឹម​តាម​បទ​ភ្លេង​នៃ​ចម្រៀង​រាជាណាចក្រ ហើយ​នេះ​បាន​ជួយ​លើក​ទឹក​ចិត្ត​ពួក​គាត់ និង​ជួយ​ពួក​គាត់​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ បង​ប្រុស​ម្នាក់​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​ច្រើន​តែ​ធ្វើ​ឲ្យ​គាត់​មួម៉ៅ​និង​ធ្លាក់​ទឹក​ចិត្ត បាន​នឹក​ចាំ​ថា​៖ ​«​ក្រៅ​ពី​ការ​អធិដ្ឋាន​អស់ពី​ចិត្ត ខ្ញុំ​ទន្ទេញ​ឲ្យ​ចាំ​ពាក្យ​ក្នុង​ចម្រៀង​ខ្លះ​ពី​ចម្រៀង​នៃ​រាជាណាចក្រ​ព្រះ។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​ដោយ​ច្រៀង​ពាក្យ​សរសើរ​ដ៏​ពីរោះ​ជូន​ព្រះ​យេហូវ៉ា​មិន​ថា​ជា​សំឡេង​លឺ​ៗ​ឬ​ខ្សឹប​ៗ​ក្ដី។ ម្យ៉ាង​ទៀត នៅ​ពេល​នោះ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បាន​ចេញ​ថ្មី។ នៅ​ឆ្នាំ​ក្រោយ​ដែល​សៀវភៅ​នោះ​ចេញ​មក ខ្ញុំ​បាន​អាន​ចប់​ពីរ​ដង​ហើយ។ សៀវភៅ​នោះ​ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ​ដែល​លាប​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹងប្រែង​របស់​ខ្ញុំ​មែន​»។

«​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​

១៤​. តើ​សេចក្ដី​សុខសាន្ត​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​នាំ​ឲ្យ​មាន​អ្វី?

១៤ ក្នុង​មហាសន្និបាត​អន្តរជាតិ​របស់​យើង មាន​បង​ប្អូន​រួម​ជំនឿ​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត។ ការ​ជួប​ជុំ​គ្នា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ផ្នែក​មួយ​នៃ​សេចក្ដី​សុខសាន្ត ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ពោល​គឺ​ឯកភាព​ទូ​ទាំង​ពិភព​លោក​របស់​យើង។ ពេល​អ្នក​ឯ​ទៀត​ឃើញ​មនុស្ស​ដែល​ធម្មតា​គួរតែ​ស្អប់​គ្នា តែ​បែរ​ជា​«​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​ទៅ​វិញ នោះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​មែន។ (​អេភ. ៤:៣​) បង​ប្អូន​ជា​ច្រើន​ត្រូវ​យក​ឈ្នះ​ឧបសគ្គ​នានា​ដើម្បី​មាន​ឯកភាព​គ្នា។ ហេតុ​នេះ​ឯកភាព​របស់​យើង​គឺជា​អ្វី​ដ៏​អស្ចារ្យ​ណាស់!

១៥, ១៦​. (​ក​) តើ​ពេត្រុស​ជឿ​យ៉ាង​ណា​តាំង​ពី​តូច​មក? ហើយ​តើ​នេះ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក​យ៉ាង​ណា? (​ខ​) តើ​ព្រះ​យេហូវ៉ា​ជួយ​ពេត្រុស​ឲ្យ​កែប្រែ​ចិត្ត​គំនិត​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៥ ការ​បង្រួប​បង្រួម​មនុស្ស​ដែល​មាន​ប្រវត្ដិ​ក្រុម​គ្រួសារ​ខុស​ៗ​គ្នា នោះ​ជា​អ្វី​ដែល​ពិបាក​មែន។ ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​មនុស្ស​ត្រូវ​យក​ឈ្នះ​ដើម្បី​មាន​ឯកភាព​បែប​នេះ សូម​ឲ្យ​យើង​ពិចារណា​អំពី​គំរូ​របស់​បុគ្គល​ម្នាក់​នៅ​សតវត្សរ៍​ទី​១ គឺ​សាវ័ក​ពេត្រុស។ យើង​អាច​ឃើញ​ពី​ចិត្ត​គំនិត​របស់​គាត់​ចំពោះ​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក ពេល​គាត់​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ជន​ជាតិ​យូដា​គ្មាន​ច្បាប់​ចូល​ទៅ​ជិត​ឬ​ទាក់​ទង​ជា​មួយ​នឹង​ជាតិ​សាសន៍​ដទៃ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ហៅ​មនុស្ស​ណា​ម្នាក់​មិន​ស្អាត​ឬ​ស្មោកគ្រោក​ឡើយ​»។ (​សកម្ម. ១០:២៤​-​២៩; ១១:១​-​៣​) នៅ​សម័យ​នោះ​ជន​ជាតិ​យូដា​ជឿ​ថា​ច្បាប់​បង្គាប់​ឲ្យ​ស្រឡាញ់​តែ​ជន​រួម​ជាតិ​តែ​ប៉ុណ្ណោះ។ តាម​មើល​ទៅ ពេត្រុស​បាន​ជឿ​ដូច្នេះ​តាំង​ពី​តូច​មក ហើយ​ប្រហែលជា​ការ​ធម្មតា​ទេ​ដែល​គាត់​គិត​ថា​ជន​ជាតិ​ដទៃ​គឺជា​សត្រូវ​ដែល​គាត់​គួរតែ​ស្អប់។ *

១៦ សូម​ស្រមៃ​គិត​ថា​ពេត្រុស​មាន​អារម្មណ៍​ពិបាក​ប៉ុណ្ណា​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​កូនេលាស។ តើ​ពេត្រុស​ដែល​ធ្លាប់​តែ​មាន​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​ចំពោះ​ជន​ជាតិ​ដទៃ អាច​នៅ​«​ជាប់​គ្នា​យ៉ាង​ល្អ​»​ជា​មួយ​ពួក​គេ​«​ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​បាន​ឬ​ទេ? (​អេភ. ៤:៣, ១៦​) ពិត​ជា​បាន​មែន។ ពីព្រោះ​ពីរ​បី​ថ្ងៃ​មុន​នោះ សកម្មពល​របស់​ព្រះ​បាន​បើក​ចិត្ត​របស់​ពេត្រុស​ឲ្យ​គាត់​ចាប់​ផ្ដើម​កែប្រែ​ចិត្ត​គំនិត​របស់​គាត់ ហើយ​លែង​ប្រកាន់​ពូជ​សាសន៍​ទៀត។ តាម​រយៈ​ការ​ឃើញ​ក្នុង​គំនិត ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​គាត់​យល់​ច្បាស់​ថា​ទស្សនៈ​របស់​លោក​ចំពោះ​មនុស្ស​មិន​ផ្អែក​លើ​ជាតិ​សាសន៍​នោះ​ទេ។ (​សកម្ម. ១០:១០​-​១៥​) យ៉ាង​នេះ ពេត្រុស​អាច​ប្រាប់​ដល់​កូនេលាស​ថា​៖ ​«​ខ្ញុំ​យល់​ឃើញ​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។ (​សកម្ម. ១០:៣៤, ៣៥​) ពេត្រុស​បាន​កែប្រែ​ចិត្ត​គំនិត​របស់​គាត់​ទាំង​ស្រុង ហើយ​ក្រោយ​មក គាត់​មាន​ឯកភាព​យ៉ាង​ពិត​ប្រាកដជា​មួយ​នឹង​«​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា​»​មែន។—១ពេ. ២:១៧

១៧​. ហេតុ​អ្វី​ឯកភាព​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ជា​អ្វី​ដ៏​អស្ចារ្យ?

១៧ បទ​ពិសោធន៍​របស់​ពេត្រុស​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​កែប្រែ​យ៉ាង​អស្ចារ្យ​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ (​សូម​អាន អេសាយ ២:៣, ៤) មនុស្ស​រាប់​លាន​នាក់​ដែល​«​ចេញ​ពី​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»​បាន​កែប្រែ​ចិត្ត​គំនិត​របស់​ពួក​គាត់​ឲ្យ​សម​ស្រប​នឹង​«​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។ (​បប. ៧:៩; រ៉ូម ១២:​២​) បង​ប្អូន​ជា​ច្រើន​ទាំង​នេះ​ធ្លាប់​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ពិភព​លោក​របស់​សាថាន​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្អប់​គ្នា គំនុំ និង​ការ​បែកបាក់​គ្នា។ ប៉ុន្តែ ដោយ​ពួក​គាត់​បាន​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ នោះ​ពួក​គាត់​បាន​«​ស្វែងរក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​»។ (​រ៉ូម ១៤:១៩​) ដោយ​ធ្វើ​ដូច្នេះ​ពួក​គាត់​មាន​ឯកភាព​គ្នា ហើយ​នេះ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​ព្រះ។

១៨, ១៩​. (​ក​) តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​សេចក្ដី​សុខ​សាន្ត​និង​ឯកភាព​គ្នា​ដែល​មាន​ក្នុង​ក្រុម​ជំនុំ? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៨ តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​សេចក្ដី​សុខសាន្ត​និង​ឯកភាព​គ្នា​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ? ក្រុម​ជំនុំ​ជា​ច្រើន​មាន​បង​ប្អូន​ប្រុស​ស្រី​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ។ បង​ប្អូន​ខ្លះ​ប្រហែល​ជា​មាន​ទំនៀម​ទម្លាប់​ខុស​ៗ​គ្នា ឬ​មិន​សូវ​ចេះ​និយាយ​ភាសា​យើង​ប៉ុន្មាន​ទេ។ តើ​យើង​ខំ​ស្គាល់​ពួក​គាត់​ឲ្យ​បាន​ច្បាស់​ឬ​ទេ? បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​រ៉ូម​ដែល​មាន​បង​ប្អូន​រួម​ជំនឿ​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ ដោយ​ថា​៖ ​«​ចូរ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក ដូច​គ្រិស្ត​បាន​ទទួល​ស្វាគមន៍​យើង ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។ (​រ៉ូម ១៥:​៧​) តើ​មាន​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​អ្នក​អាច​ស្គាល់​គាត់​ឲ្យ​បាន​ច្បាស់​ជាង​ឬ​ទេ?

១៩ តើ​យើង​អាច​ធ្វើ​អ្វី​ថែម​ទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​សកម្មពល​បរិសុទ្ធ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​របស់​យើង? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​សំណួរ​នេះ ហើយ​ក៏​ពិគ្រោះ​អំពី​គុណ​សម្បត្ដិ​ឯ​ទៀត​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​ដែរ។

[​កំណត់​សម្គាល់​]

^ វគ្គ 3 ផល​ដែល​លោក​យេស៊ូ​រៀប​រាប់​រួម​មាន​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​និង​«​ផល​នៃ​បបូរ​មាត់​»​ដែល​គ្រិស្ត​សាសនិក​ជូន​ព្រះ​តាម​រយ:កិច្ច​បម្រើ​ផ្សាយ។—ហេ. ១៣:១៥

^ វគ្គ 15 លេវីវិន័យ ១៩:១៨​ចែង​ថា​៖ ​«​មិន​ត្រូវ​សង​សឹក ឬ​ចង​គំនុំ​គុំកួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ​»។ អ្នក​ដឹក​នាំ​សាសនាយូដា​ជឿ​ថា​«​កូន​ចៅ​របស់​សាសន៍​ឯង​»​និង​«​អ្នក​ជិត​ខាង​»​សំដៅ​ទៅ​លើ​ជន​ជាតិ​យូដា​តែ​ប៉ុណ្ណោះ។ ច្បាប់​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ញែក​ខ្លួន​ដោយ​ឡែក​ពី​ជន​ជាតិ​ឯ​ទៀត។ ក៏​ប៉ុន្តែ ច្បាប់​មិន​បាន​គាំទ្រ​ចំពោះ​ទស្សនៈ​នៃ​អ្នក​ដឹក​នាំ​សាសនា​នៅ​សតវត្សរ៍​ទី​១ ដែល​ថា​ជន​ជាតិ​ដទៃ​ទាំង​អស់​គឺជា​សត្រូវ ហើយ​ត្រូវ​តែ​ស្អប់​ពួក​គេ​នោះ​ទេ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដល់​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​បម្រើ​ព្រះ​ដោយ​មាន​អំណរ?

• តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​សេចក្ដី​សុខសាន្ត​និង​ឯកភាព​គ្នា​ដែល​មាន​ក្នុង​ក្រុម​ជំនុំ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​២២]

«​ពួក​គាត់​ជា​គ្រិស្ត​សាសនិក​ពិត​»​

សៀវភៅ​មួយ​បាន​ពណ៌​នា​អំពី​អ្នក​ជាប់​គុក​វ័យ​ក្មេង​ម្នាក់​ដែល​ជា​ជន​ជាតិ​យូដា។ (​Between Resistance and MartyrdomJehovah’s Witnesses in the Third Reich​) ក្នុង​សៀវភៅ​នោះ​គាត់​បាន​រៀប​រាប់​អំពី​ពេល​ដែល​គាត់​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង​ក្រោយ​ពី​គេ​បញ្ជូន​គាត់​ទៅ​ជំរំ​ឃុំឃាំង​នៅ​ក្រុង​ណូអេនហ្គាមេ​ក្នុង​ប្រទេស​អាឡឺម៉ង់។ គាត់​បាន​រៀប​រាប់​ថា​៖

​«​កាល​ដែល​ពួក​យើង​ជា​ជន​ជាតិ​យូដា​មក​ពី​ក្រុង​ដា​ឈូ​ចូល​ក្នុង​ជំរំ ភ្លាម​ៗ​នោះ​ជន​ជាតិ​យូដា​ដែល​មក​មុន​យើង​លាក់​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​មាន ដោយ​សារ​ពួក​គេ​មិន​ចង់​ចែក​រំលែក​អ្វី​ៗ​ទាំង​នោះ​ជា​មួយ​ពួក​យើង​ទេ . . . តែ​នៅ​ខាង​ក្រៅ[​ជំរំ​ឃុំឃាំង​]មុន​ពេល​ដែល​គេ​ចាប់​យើង នោះ​យើង​ទាំង​អស់​គ្នា​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​ក្នុង​ជំរំ​ឃុំឃាំង ស្ថានភាព​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ដោយ​សារ​យើង​មិន​ដឹង​ថា​ត្រូវ​ស្លាប់​ឬ​រស់ ហេតុ​នេះ​មនុស្ស​ទាំង​អស់​គិតតែ​ពី​ជីវិត​របស់​ខ្លួន​មិន​គិត​ពី​ជីវិត​របស់​អ្នក​ដទៃ​ទេ។ ប៉ុន្តែ​និស្សិត​គម្ពីរ​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ។ នៅ​ពេល​នោះ​ពួក​គាត់​ត្រូវ​ធ្វើ​ការ​យ៉ាង​ធ្ងន់ ដែល​ត្រូវ​ជួស​ជុល​ទុយោ​ទឹក។ អាកាសធាតុ​ត្រជាក់​ខ្លាំង​ណាស់ ហើយ​ពួក​គាត់​ត្រូវ​ឈរ​ក្នុង​ទឹក​ដែល​ត្រជាក់​ដូច​ទឹក​កក​ពេញ​មួយ​ថ្ងៃ។ គ្មាន​នរណា​អាច​យល់​ថា​តាម​របៀប​ណា​ដែល​ពួក​គាត់​អាច​ស៊ូ​ទ្រាំ​បែប​នេះ​បាន​ទេ។ ពួក​គាត់​ប្រាប់​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​ពួក​គាត់។ ពួក​គាត់​ក៏​ឃ្លាន ហើយ​ត្រូវ​ការ​នំ​ប៉័ង​ជា​ចាំ​បាច់​ដូច​យើង​ដែរ។ ប៉ុន្តែ តើ​ពួក​គាត់​បាន​ជួយ​គ្នា​យ៉ាង​ណា? ពួក​គាត់​ប្រមូល​នំ​ប៉័ង​ដែល​ពួក​គាត់​មាន​មក​កាច់​ជា​ពីរ​ដុំ​ទុក​មួយ​ដុំ​សម្រាប់​ខ្លួន ហើយ​មួយ​ដុំ​ទៀត​ចែក​ឲ្យ​ដល់​បង​ប្អូន​រួម​ជំនឿ​ដែល​ទើប​តែម​ក​ពី​ក្រុង​ដា​ឈូ​ដែរ។ បន្ថែម​ទៅ​ទៀត ពួក​គាត់​ស្វាគមន៍​គ្នា​យ៉ាង​កក់​ក្ដៅ។ មុន​ពួក​គាត់​បរិភោគ ពួក​គាត់​អធិដ្ឋាន។ បន្ទាប់​មក ពួក​គាត់​ទាំង​អស់​គ្នា​បាន​ស្កប់​ចិត្ត​និង​សប្បាយ​ចិត្ត។ ពួក​គាត់​និយាយ​ថា​ពួក​គាត់​លែង​ឃ្លាន​ហើយ។ ពេល​នោះ​ជា​ពេល​ដែល​ខ្ញុំ​គិត​ថា​ពួក​គាត់​ជា​គ្រិស្ត​សាសនិក​ពិត​»។

[​រូបភាព​នៅ​ទំព័រ​២០​]

ជា​រៀង​រាល់​ថ្ងៃ តើ​អ្នក​លៃ​ទុក​ពេល​ពី​កិច្ចការ​ឯ​ទៀត ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឬ​ទេ?