លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា?

ហេតុអ្វីព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា?

សូម​រៀន​ពី​បណ្ដាំ​របស់​ព្រះ​

ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​និង​ទុក្ខវេទនា?

អត្ថបទ​នេះ​លើក​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​ធ្លាប់​សួរ ហើយ​បង្ហាញ​ចម្លើយ​ដែល​អ្នក​អាច​អាន​ពី​គម្ពីរ​របស់​អ្នក។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ពិភាក្សា​ចម្លើយ​ទាំង​នេះ​ជា​មួយ​នឹង​អ្នក។

១​. តើ​អំពើ​អាក្រក់​ចាប់​ផ្ដើម​មាន​យ៉ាង​ដូច​ម្ដេច?

អំពើ​អាក្រក់​ចាប់​ផ្ដើម​មាន​នៅ​លើ​ផែនដី​ពេល​ដែល​សាថាន​និយាយ​ពាក្យ​ភូត​កុហក​ជា​លើក​ដំបូង។ ពេល​ព្រះ​បង្កើត​សាថាន​មក វា​មិន​មែន​ជា​បុគ្គល​ដែល​អាក្រក់​នោះ​ទេ។ នៅ​ពេល​នោះ​វា​ជា​ទេវតា​ល្អ​ឥត​ខ្ចោះ​មួយ​រូប ប៉ុន្តែ​វា​«​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ​»។ (​យ៉ូហាន ៨:៤៤​) វា​ដឹង​ថា​មនុស្ស​ត្រូវ​តែ​គោរព​ប្រណិប័តន៍​ព្រះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ចង់​ឲ្យ​ពួក​គេ​គោរព​បូជា​វា​វិញ។ ដូច្នេះ វា​បាន​និយាយ​កុហក​នាង​អេវ៉ា​ដែល​ជា​ស្ត្រី​ដំបូង ហើយ​បញ្ចុះ​បញ្ចូល​នាង​ឲ្យ​ស្ដាប់​បង្គាប់​វា​ជា​ជាង​ព្រះ​ទៅ​វិញ។ អាដាម​ក៏​បាន​ចូល​រួម​ក្នុង​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​ដែរ។ ការ​សម្រេច​ចិត្ត​របស់​អាដាម​បាន​នាំ​ឲ្យ​មនុស្ស​មាន​ទុក្ខវេទនា​និង​សេចក្ដី​ស្លាប់។—សូម​អាន លោកុប្បត្តិ ៣:១​-​៦, ១៧​-​១៩

ពេល​សាថាន​លើក​ទឹក​ចិត្ត​នាង​អេវ៉ា​ឲ្យ​ឈប់​ស្ដាប់​បង្គាប់​ព្រះ នោះ​វា​បាន​តាំង​ខ្លួន​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​លោក។ មនុស្ស​ភាគ​ច្រើន​បាន​ចូល​រួម​ជា​មួយ​សាថាន​ក្នុង​ការ​បដិសេធ​ព្រះ​ជា​អ្នក​គ្រប់​គ្រង។ យ៉ាង​នេះ សាថាន​បាន​ក្លាយ​ទៅ​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»។—សូម​អាន យ៉ូហាន ១៤:៣០; ការ​បើក​បង្ហាញ ១២:៩

២​. តើ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​គឺ​មិន​ល្អ​ឥត​ខ្ចោះ​ឬ?

មនុស្ស​និង​ទេវតា​ដែល​ព្រះ​បាន​បង្កើត​គឺ​មាន​សមត្ថភាព​ល្អ​ឥត​ខ្ចោះ​ដើម្បី​ធ្វើ​តាម​តម្រូវ​ការ​របស់​លោក។ (​ចោទិយកថា ៣២:៤, ៥​) ព្រះ​បាន​បង្កើត​យើង​មក​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ល្អ​ឬ​អ្វី​ដែល​អាក្រក់។ សេរីភាព​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ។—សូម​អាន យ៉ាកុប ១:១៣​-​១៥; យ៉ូហានទី១ ៥:៣

៣​. ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខវេទនា?

ព្រះ​យេហូវ៉ា​បាន​អត់​ទ្រាំ​ចំពោះ​ការ​បះបោរ​ដែល​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​លោក​អស់​មួយ​រយៈ​ពេល។ ហេតុ​អ្វី? គឺ​ដើម្បី​បង្ហាញ​ថា​ការ​គ្រប់​គ្រង​ណា​ដែល​មិន​ពឹង​ផ្អែក​លើ​លោក មិន​នាំ​ឲ្យ​មាន​ប្រយោជន៍​ដល់​មនុស្ស​ទេ។ (​យេរេមា ១០:២៣​) ក្រោយ​ពី​៦​.​០០០​ឆ្នាំ​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ រឿង​នេះ​បាន​ត្រូវ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ការ​គ្រប់​គ្រង​របស់​មនុស្ស​មិន​បាន​លុប​បំបាត់​សង្គ្រាម ឧក្រិដ្ឋកម្ម ភាព​អយុត្ដិធម៌ និង​ជំងឺ​នោះ​ទេ។—សូម​អាន សាស្ដា ៧:២៩; ៨:៩; រ៉ូម ៩:១៧

ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល​អនុញ្ញាត​ឲ្យ​ព្រះ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​គេ​អាច​ទទួល​ប្រយោជន៍​ដោយ​ផ្ទាល់​បាន។ (​អេសាយ ៤៨:១៧, ១៨​) បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​ទាំង​អស់​របស់​មនុស្ស​លែង​មាន​ទៀត។ មាន​តែ​ពួក​អ្នក​ដែល​ឲ្យ​ព្រះ​គ្រប់​គ្រង​លើ​ពួក​គេ​ទេ​ដែល​នឹង​រស់​នៅ​លើ​ផែនដី។—អេសាយ ២:៣, ៤; ១១:៩; សូម​អាន ដានីយ៉ែល ២:៤៤

៤​. តើ​ការ​អត់​ធ្មត់​របស់​ព្រះ​នាំ​ឲ្យ​យើង​មាន​ឱកាស ដើម្បី​ធ្វើ​អ្វី?

សាថាន​បាន​អះអាង​ថា​មនុស្ស​មិន​មាន​ចិត្ត​ស្មោះ​ត្រង់ និង​មិន​មាន​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ការ​អត់​ធ្មត់​របស់​ព្រះ​អនុញ្ញាត​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ឱកាស​បង្ហាញ​ថា​យើង​ចង់​ឲ្យ​ព្រះ​ជា​អ្នក​គ្រប់​គ្រង ឬ​ចង់​ឲ្យ​មនុស្ស​ជា​អ្នក​គ្រប់​គ្រង​វិញ។ យើង​បង្ហាញ​អំពី​ការ​សម្រេច​ចិត្ត​របស់​យើង​តាម​រយៈ​របៀប​ដែល​យើង​រស់​នៅ។—សូម​អាន យ៉ូប ១:៨​-​១១; សុភាសិត ២៧:១១

៥​. តើ​យើង​បង្ហាញ​ថា​យើង​ចង់​ឲ្យ​ព្រះ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង របស់​យើង​យ៉ាង​ដូច​ម្ដេច?

យើង​បង្ហាញ​ថា​យើង​ចង់​ឲ្យ​ព្រះ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង ពេល​យើង​ស្វែងរក​និង​ប្រព្រឹត្ត​តាម​ការ​គោរព​ប្រណិប័តន៍​ពិត​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (​យ៉ូហាន ៤:២៣​) យើង​ក៏​ជៀស​វាង​ពី​ការ​ចូល​រួម​ក្នុង​រឿង​នយោបាយ និង​សង្គ្រាម ដូច​លោក​យេស៊ូ​បាន​ធ្វើ​ដែរ។—សូម​អាន យ៉ូហាន ១៧:១៤

សាថាន​ប្រើ​អំណាច​របស់​វា​ដើម្បី​លើក​តម្កើង​អំពើ​ប្រាសចាក​សីលធម៌ និង​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ពេល​យើង​បដិសេធ​ការ​ប្រព្រឹត្ត​ទាំង​នោះ មិត្ត​ភក្ដិ និង​សាច់​ញាតិ​របស់​យើង​ខ្លះ​អាច​សើច​ចំអក ឬ​បៀតបៀន​យើង។ (​ពេត្រុសទី១ ៤:៣, ៤​) ដូច្នេះ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ គឺ​តើ​យើង​នឹង​សេពគប់​ជា​មួយ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​ឬ​ទេ? តើ​យើង​នឹង​ធ្វើ​តាម​ច្បាប់​របស់​លោក​ដែល​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍ និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? បើ​យើង​ព្រម​ធ្វើ​ដូច្នេះ​មែន យើង​ស​ឲ្យ​ឃើញ​ថា​សាថាន​បាន​និយាយ​ភូត​កុហក​ហើយ ពីព្រោះ​វា​បាន​អះអាង​ថា​គ្មាន​នរណា​ម្នាក់​នឹង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ទេ។—សូម​អាន កូរិនថូសទី១ ៦:៩, ១០; ១៥:៣៣

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១១​នៃ​សៀវភៅ​នេះ ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​រូបភាព​នៅ​ទំព័រ​៣១​]

អាដាម​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​អាក្រក់​មួយ

[​រូបភាព​នៅ​ទំព័រ​៣២​]

ការ​សម្រេច​ចិត្ត​របស់​យើង​បង្ហាញ​ថា យើង​ចង់​ឲ្យ​ព្រះ​គ្រប់​គ្រង​លើ​យើង​ឬ​យ៉ាង​ណា