លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះឡើងទៅស្ថានសួគ៌ឬទេ?

តើអ្នកស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះឡើងទៅស្ថានសួគ៌ឬទេ?

អ្នក​អាន​សួរ​ថា . . .

តើ​អ្នក​ស្មោះ​ត្រង់​ទាំង​អស់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ឡើង​ទៅ​ស្ថាន​សួគ៌​ឬ​ទេ?

▪ មនុស្ស​ជា​ច្រើន​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​អាន​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូហាន ៣:១៦​) តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​ថា មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ដើម្បី​មាន​សុភមង្គល​ពិត​ដោយ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឬ​ទេ?

សូម​កត់​សម្គាល់​នូវ​ប្រសាសន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​លោក​យេស៊ូ ដែល​រៀប​រាប់​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ មាន​តែ​លោក​ដែល​បាន​ចុះ​ពី​ស្ថាន​សួគ៌​ប៉ុណ្ណោះ គឺ​កូន​មនុស្ស​»។ (​យ៉ូហាន ៣:១៣​) ពាក្យ​នេះ​ចង់​បញ្ជាក់​ថា មនុស្ស​ស្មោះ​ត្រង់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​នៅ​សម័យ​មុន ដូច​ជា​ណូអេ អាប្រាហាំ ម៉ូសេ និង​ដាវីឌ ពួក​គេ​មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ទេ។ (​សកម្មភាព ២:៣៤​) បើ​ដូច្នេះ តើ​ពួក​គេ​ទៅ​កន្លែង​ណា? បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​កំពុង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ ពោល​គឺ​ពួក​គេ​នៅ​ក្នុង​ផ្នូរ ឥត​ដឹង​អ្វី​ឡើយ ហើយ​ពួក​គេ​កំពុង​រង់​ចាំ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—សាស្ដា ៩:៥, ៦; សកម្មភាព ២៤:១៥

គម្ពីរ​បាន​រៀប​រាប់​ថា លោក​យេស៊ូ​ជា​បុគ្គល​មុន​គេ​បង្អស់​ដែល​បាន​និយាយ​ថា មនុស្ស​ខ្លះ​នឹង​រស់​នៅ​ស្ថាន​សួគ៌​ក្រោយ​ពី​ពួក​គេ​ស្លាប់។ លោក​បាន​ប្រាប់​សាវ័ក​របស់​លោក​ថា លោក​នឹង​រៀបចំ​កន្លែង​មួយ​សម្រាប់​ពួក​គេ​នៅ​ឯ​ស្ថាន​សួគ៌។ (​យ៉ូហាន ១៤:២, ៣​) នេះ​ជា​សេចក្ដី​សង្ឃឹម​ថ្មី​សម្រាប់​រាស្ត្រ​របស់​ព្រះ។ ក្រោយ​មក​សាវ័ក​ប៉ូល​បាន​ពន្យល់​ថា បន្ទាប់​ពី​លោក​យេស៊ូ​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​បើក​«​ផ្លូវ​ថ្មី​ដែល​នាំ​ទៅ​ឯ​ជីវិត​»​សម្រាប់​ពួក​អ្នក​កាន់​តាម​លោក ជា​ផ្លូវ​ដែល​គ្មាន​មនុស្ស​ណា​ធ្លាប់​ទៅ​ពី​មុន​ទេ។—ហេប្រឺ ១០:១៩, ២០

តើ​នេះ​មាន​ន័យ​ថា តាំង​ពី​ពេល​នោះ​មក​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ទាំង​អស់​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ឬ​ទេ? មិន​មែន​ទេ ព្រោះ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​គឺ​សម្រាប់​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ភារកិច្ច​ពិសេស។ នៅ​រាត្រី​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​សាវ័ក លោក​បាន​ប្រាប់​ថា ពួក​គេ​នឹង​«​អង្គុយ​លើ​បល្ល័ង្ក​ដើម្បី​វិនិច្ឆ័យ​»​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌។ ដូច្នេះ ពួក​គេ​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។—លូកា ២២:​២៨​-​៣០

ក្រៅ​ពី​ពួក​សាវ័ក មនុស្ស​ជា​ច្រើន​ទៀត​ក៏​នឹង​ទទួល​ភារកិច្ច​ដ៏​អស្ចារ្យ​នេះ​ដែរ។ សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​អំពី​លោក​យេស៊ូ​និង​មនុស្ស​មួយ​ក្រុម​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌ ហើយ​ពួក​គេ​បាន​ទៅ​ជា​‹រាជាណាចក្រ​មួយ​និង​ជា​សង្ឃ ហើយ​ពួក​គេ​នឹង​គ្រប់​គ្រង​លើ​ផែនដី›។ (​ការ​បើក​បង្ហាញ ៣:២១; ៥:១០​) តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នឹង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌? តាម​ធម្មតា​ក្នុង​រដ្ឋាភិបាល​នីមួយ​ៗ មាន​តែ​សមាជិក​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​កំណត់​រួច​ហើយ ដើម្បី​គ្រប់​គ្រង។ នេះ​ក៏​ដូច​គ្នា​នឹង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ដែរ។ លោក​យេស៊ូ​ដែល​ជា​កូន​ចៀម​របស់​ព្រះ​នឹង​គ្រប់​គ្រង​រួម​គ្នា​ជា​មួយ​នឹង​១៤៤.០០០​នាក់​ប៉ុណ្ណោះ ដែល​«​បាន​ត្រូវ​ទិញ​ពី​ចំណោម​មនុស្ស​ជាតិ​»។—ការ​បើក​បង្ហាញ ១៤:១, ៤, ៥

មនុស្ស​ចំនួន​១៤៤.០០០​នាក់​គឺ​ប្រាកដជា​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់​ដែល​មាន​នៅ​អតីតកាល​និង​នៅ​សព្វ​ថ្ងៃ​នេះ។ ក៏​ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ ដោយ​សារ​មនុស្ស​ចំនួន​១៤៤.០០០​នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​គឺ​ដើម្បី​បំពេញ​កិច្ចការ​ដ៏​ពិសេស​មួយ ហើយ​នោះ​ជា​កិច្ច​បម្រើ​ដ៏​ពិសិដ្ឋ។ ឧទាហរណ៍ បើ​អ្នក​ចង់​សង់ផ្ទះ​មួយ តើ​អ្នក​នឹង​ជួល​ជាង​ទាំង​អស់​ដែល​នៅ​ក្នុង​តំបន់​របស់​អ្នក​ឬ​ទេ? អត់​ទេ។ អ្នក​ត្រូវ​ការ​ជាង​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដើម្បី​សង់ផ្ទះ​របស់​អ្នក។ ស្រដៀង​គ្នា​ដែរ ព្រះ​នឹង​មិន​រើស​មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់​ឲ្យ​ទទួល​ឯកសិទ្ធិ​ដ៏​ពិសេស​នេះ​ដើម្បី​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌​នោះ​ទេ។

រដ្ឋាភិបាល​ស្ថាន​សួគ៌​នេះ​នឹង​សម្រេច​គោល​បំណង​ដែល​ព្រះ​មាន​ពី​ដំបូង​ចំពោះ​មនុស្ស​ជាតិ។ លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​លោក​នឹង​រៀបចំ​ឲ្យ​ផែនដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន ជា​កន្លែង​ដែល​មនុស្ស​ស្មោះ​ត្រង់​ច្រើន​ឥត​គណនា​នឹង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ជា​រៀង​រហូត។ (​អេសាយ ៤៥:១៨; ការ​បើក​បង្ហាញ ២១:៣, ៤​) នេះ​នឹង​រួម​បញ្ចូល​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ព្រះ។ ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:​២៨, ២៩

អ្នក​ស្មោះ​ត្រង់​ទាំង​អស់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​សម័យ​មុន​និង​នៅ​សព្វ​ថ្ងៃ​នេះ​អាច​ទទួល​អំណោយ​ដ៏​អស្ចារ្យ​ដែល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​រ៉ូម ៦:២៣​) មនុស្ស​មួយ​ចំនួន​តូច​នឹង​ទទួល​ជីវិត​នៅ​ស្ថាន​សួគ៌​សម្រាប់​កិច្ចការ​ដ៏​ពិសេស ហើយ​មនុស្ស​ភាគ​ច្រើន​នឹង​ទទួល​ជីវិត​នៅ​លើ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។