លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមនុស្សស្លាប់មានសេចក្ដីសង្ឃឹមឬទេ?

តើមនុស្សស្លាប់មានសេចក្ដីសង្ឃឹមឬទេ?

សូម​រៀន​ពី​បណ្ដាំ​របស់​ព្រះ​

តើ​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​ឬ​ទេ?

អត្ថបទ​នេះ​លើក​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​ធ្លាប់​សួរ ហើយ​បង្ហាញ​ចម្លើយ​ដែល​អ្នក​អាច​អាន​ពី​គម្ពីរ​របស់​អ្នក។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ពិភាក្សា​ចម្លើយ​ទាំង​នេះ​ជា​មួយ​នឹង​អ្នក។

១​. តើ​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​អ្វី?

ពេល​ដែល​លោក​យេស៊ូ​មក​ដល់​ភូមិ​បេថានី ជា​ភូមិ​ដែល​នៅ​ជិត​ក្រុង​យេរូសាឡិម ឡាសា​រដែ​ល​ជា​មិត្ត​សម្លាញ់​របស់​លោក​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ។ លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ទី​បញ្ចុះ​សព​របស់​គាត់​ជា​មួយ​ម៉ាថា​និង​ម៉ារៀ​ដែល​ជា​បង​ស្រី​របស់​គាត់។ មិន​យូរ​ក្រោយ​មក បណ្ដា​ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ ពេល​ដែល​លោក​យេស៊ូ​ប្រោស​ឡា​សារ​ឲ្យ​រស់​ឡើង​វិញ តើ​អ្នក​អាច​ស្រមៃ​គិត​អំពី​អំណរ​របស់​ម៉ាថា​និង​ម៉ារៀ​ឬ​ទេ?—សូម​អាន យ៉ូហាន ១១:២០​-​២៤, ៣៨​-​៤៤

ម៉ាថា​បាន​ជឿ​រួច​ទៅ​ហើយ​ថា​មនុស្ស​ស្លាប់​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​ថា នៅ​ពេល​អនាគត ព្រះ​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​ម្ដង​ទៀត។—សូម​អាន យ៉ូប ១៤:១៤, ១៥

២​. តើ​មនុស្ស​ស្លាប់​មាន​ស្ថានភាព​បែប​ណា?

មនុស្ស​មិន​មាន​ព្រលឹង​អមតៈ​ទេ។ (​អេសេគាល ១៨:៤​) ព្រះ​បាន​បង្កើត​យើង​ពី​ធូលី​ដី។ (​លោកុប្បត្តិ ២:៧; ៣:១៩​) ពេល​យើង​ស្លាប់​ទៅ​ខួរ​ក្បាល​យើង​លែង​ដំណើរ​ការ ហើយ​គំនិត​របស់​យើង​ក៏​សូន្យ​ទៅ​ដែរ។ ហេតុ​នេះ​ហើយ ក្រោយ​ពី​ឡា​សារបាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គាត់​មិន​បាន​និយាយ​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ដែល​គាត់​ស្លាប់​នោះ​ទេ ព្រោះ​ពេល​ដែល​មនុស្ស​ស្លាប់​ទៅ​ឥត​ដឹង​អ្វី​ឡើយ។—សូម​អាន ទំនុកតម្កើង ១៤៦:៤; សាស្ដា ៩:៥, ១០

យ៉ាង​ច្បាស់​ណាស់ មនុស្ស​ស្លាប់​មិន​អាច​មាន​ការ​ឈឺ​ចាប់​ទេ។ ដូច្នេះ សេចក្ដី​បង្រៀន​ដែល​ថា​ព្រះ​ធ្វើ​ទារុណកម្ម​មនុស្ស​ក្រោយ​ពី​ពួក​គេ​ស្លាប់​ទៅ​គឺជា​សេចក្ដី​បង្រៀន​ខុស។ នេះ​ជា​ការ​បង្កាច់​បង្ខូច​ព្រះ​មែន។ ព្រះ​មិន​ដែល​គិត​ចង់​ដុត​មនុស្ស​ក្នុង​ភ្លើង​ទេ ព្រោះ​នេះ​ជា​ការ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់​ចំពោះ​លោក។—សូម​អាន យេរេមា ៧:៣១

៣​. តើ​យើង​អាច​និយាយ​ជា​មួយ​នឹង​មនុស្ស​ស្លាប់​បាន​ឬ​ទេ?

មនុស្ស​ស្លាប់​មិន​អាច​និយាយ​បាន​ទេ។ (​ទំនុកតម្កើង ១១៥:១៧​) ប៉ុន្តែ ពេល​ដែល​ទេវតា​អាក្រក់​និយាយ​ជា​មួយ​មនុស្ស ពួក​វា​ប្រហែលជា​បោក​បញ្ឆោត​យើង​ដោយ​អះអាង​ថា​ពួក​វា​ជា​ព្រលឹង​នៃ​មនុស្ស​ដែល​បាន​ស្លាប់។ (​ពេត្រុស​ទី​២ ២:៤​) ព្រះ​យេហូវ៉ា​ហាម​យើង​កុំ​ឲ្យ​ខំ​ទាក់​ទង​ឬ​និយាយ​ជា​មួយ​មនុស្ស​ស្លាប់។—សូម​អាន ចោទិយកថា ១៨:១០, ១១

៤​. តើ​អ្នក​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

នៅ​ពិភព​លោក​ថ្មី​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មនុស្ស​រាប់​លាន​នាក់​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។ សូម្បី​តែ​មនុស្ស​ខ្លះ​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​សារ​ពួក​គេ​មិន​បាន​ស្គាល់​ព្រះ​យេហូវ៉ា ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។—សូម​អាន លូកា ២៣:៤៣; សកម្មភាព ២៤:១៥

មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​មាន​ឱកាស​រៀន​សេចក្ដី​ពិត​អំពី​ព្រះ និង​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​ដោយ​ស្ដាប់​បង្គាប់​លោក។ (​ការ​បើក​បង្ហាញ ២០:១១​-​១៣​) ពួក​អ្នក​ដែល​មាន​ជីវិត​រស់​ឡើង​វិញ ហើយ​ប្រព្រឹត្ត​ការ​ល្អ​នឹង​អាច​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី។ ប៉ុន្តែ ក៏​នឹង​មាន​មនុស្ស​ខ្លះ​ដែល​បន្ត​ប្រព្រឹត្ត​អាក្រក់​ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ចំពោះ​មនុស្ស​បែប​នេះ ពួក​គេ​នឹង​«​រស់​ឡើង​វិញ​ហើយ​ទទួល​ការ​កាត់​ទោស​»។—សូម​អាន យ៉ូហាន ៥:​២៨, ២៩

៥​. តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បញ្ជាក់​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

មូលហេតុ​ដែល​ព្រះ​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន គឺ​ដោយ​សារ​លោក​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ស្លាប់​ដើម្បី​យើង។ ការ​ធ្វើ​ដូច្នេះ​បញ្ជាក់​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។—សូម​អាន យ៉ូហាន ៣:១៦; រ៉ូម ៦:២៣

ដើម្បី​ទទួល​ព័ត៌​មាន​បន្ថែម សូម​មើល​ជំពូក​ទី​៦​និង​៧​នៃ​សៀវភៅ​នេះ​ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​រូបភាព​នៅ​ទំព័រ​៣១​]

ព្រះ​បាន​បង្កើត​អាដាម​ពី​ធូលី​ដី