លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»

«ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»

«​ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការថែ​ទាំ​របស់​អ្នក​រាល់​គ្នា​»​

​«​ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​រាល់​គ្នា មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត​»។—១ពេ. ៥:២

១. ពេល​ពេត្រុស​សរសេរ​សំបុត្រ​ទី​១​របស់​គាត់ តើ​បង​ប្អូន​គ្រិស្ត​សាសនិក​ជួប​ប្រទះ​នឹង​កាលៈទេសៈ​អ្វី?

សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទី​១​របស់​គាត់ មុន​អធិរាជ​នីរ៉ូដែល​ជា​អ្នក​គ្រប់​គ្រង​ក្រុង​រ៉ូម បាន​ចាប់​ផ្ដើម​ប្រឆាំង​នឹង​ពួក​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​នោះ។ គាត់​បាន​សរសេរ​សំបុត្រ​នោះ​ដោយ​សារ​គាត់​ចង់​ពង្រឹង​កម្លាំង​របស់​បង​ប្អូន​រួម​ជំនឿ។ គាត់​ដឹង​ថា​មេកំណាច​បាន​«​ដើរ​ក្រវែល​»​ដើម្បី​រក​លេប​ត្របាក់​ពួក​គ្រិស្ត​សាសនិក។ ដូច្នេះ ដើម្បី​កាន់​ជំហរ​មាំ​មួន​ប្រឆាំង​នឹង​វា នោះ​ពួក​គាត់​ត្រូវ​«​ដឹង​ខ្លួន​ជា​និច្ច​»​ និង​«​បន្ទាប​ខ្លួន​ក្រោម​ដៃ​ដ៏​ខ្លាំងក្លា​របស់​ព្រះ​»។ (​១ពេ. ៥:៦,​) បន្ថែម​ទៅ​ទៀត ពួក​គាត់​ក៏​ត្រូវ​មាន​សាមគ្គី​គ្នា​ដែរ។ ពួក​គាត់​មិន​គួរ​«​ប្រខាំ​និង​ត្របាក់​គ្នា​ទៅ​វិញ​ទៅ​មក​»​ទេ ព្រោះ​នេះ​អាច​នាំ​ឲ្យ​«​វិនាស​ដោយ​សារ​តែ​គ្នា​ឯង​»។—កាឡ. ៥:១៥

២, ៣. តើ​យើង​គួរ​ប្រយុទ្ធ​នឹង​អ្នក​ណា? ហើយ​ក្នុង​អត្ថបទ​បន្ត​បន្ទាប់​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ?

សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​ស្ថានភាព​ដូច​គ្នា​ដែរ។ មេកំណាច​វា​ស្វែងរក​ឱកាស​ដើម្បី​លេប​ត្របាក់​យើង។ (​បប. ១២:១២​) ម្យ៉ាង​ទៀត នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​នឹង​មាន​គ្រា​«​ទុក្ខវេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ​»។ (​ម៉ាថ. ២៤:២១​) ហេតុ​នេះ​ហើយ យើង​ក៏​ត្រូវ​ប្រយ័ត្ន​មិន​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍ទី​១​ដែរ។ ដើម្បីឲ្យ​យើង​ធ្វើ​ដូច្នេះ​បាន នោះ​ជួនកាល​យើង​ត្រូវ​ការ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់។

សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​បង្កើន​ឲ្យ​មាន​ចិត្ត​ដឹង​គុណ​ច្រើន​ថែម​ទៀត​ចំពោះ​ភារកិច្ច​ក្នុង​ការ​ឃ្វាល​‹ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់›។ (​១ពេ. ៥:​២​) ក្រោយ​មក យើង​នឹង​សញ្ជឹង​គិត​អំពីវិធី​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ពួក​គាត់​ជា​គង្វាល​ក្នុង​ក្រុម​ជំនុំ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អាច​‹គោរព​ពួក​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់ ព្រម​ទាំង​ដឹក​នាំ›​លើ​ពួក​គេ។ (​១ថែ. ៥:​១២​) ការ​ពិចារណា​អំពី​រឿង​នេះ​នឹង​ជួយ​យើង​ឲ្យ​កាន់​ជំហរ​មាំ​មួន​ប្រឆាំង​នឹង​សត្រូវ​ដ៏​ធំ​បំផុត​របស់​យើង ថែម​ទាំង​ទទួល​ស្គាល់​ថា​វា​ជា​គូ​ប្រយុទ្ធ​របស់​យើង​ផង​ដែរ។—អេភ. ៦:១២

ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ

៤, ៥. តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម? សូម​លើក​ឧទាហរណ៍។

ពេត្រុស​បាន​លើក​ទឹក​ចិត្ត​បុរស​ចាស់​ទុំ​ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍ទី​១​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​របស់​លោក។ (​សូម​អាន ពេត្រុសទី១ ៥:១, ២) ទោះ​ជា​បង​ប្អូន​បាន​ចាត់​ទុក​ពេត្រុស​ជាស​សរ​នៃ​ក្រុម​ជំនុំ​ក៏​ដោយ គាត់​មិន​បាន​និយាយ​មើល​ងាយ​ពួក​អ្នក​ចាស់​ទុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដាស់​តឿន​ពួក​គេ​ក្នុង​នាម​ជា​អ្នក​ចាស់​ទុំ​ដូច​គ្នា។ (​កាឡ. ២:៩​) ដោយ​មាន​ចិត្ត​គំនិត​ដូច​ពេត្រុស នោះ​គណៈ​អភិបាល​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ព្យាយាម​បំពេញ​ភារកិច្ច​យ៉ាង​ធ្ងន់​ក្នុង​ការ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែរ។

សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​‹ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់›។ នេះ​ជា​ការ​សំខាន់​ណាស់​ឲ្យ​ពួក​គាត់​ទទួល​ស្គាល់​ថា​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​គឺជា​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​ស្តី​អំពី​របៀប​ដែល​ពួក​គាត់​ថែ​រក្សា​ចៀម​របស់​លោក។ ឧបមា​ថា មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​សុំ​អ្នក​ឲ្យ​ថែ​រក្សា​កូន​ៗ​របស់​គាត់​ពេល​គាត់​មិន​នៅ​ផ្ទះ។ អ្នក​ប្រាកដជា​ថែ​រក្សា​ពួក​គេ​យ៉ាង​ល្អ និង​ផ្ដល់​ចំណី​អាហារ​ដល់​ពួក​គេ​ដែរ មែន​ទេ? បើ​កូន​ម្នាក់​ឈឺ អ្នក​ពិត​ជាយ​ក​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បីពិនិត្យ​ព្យាបាល មែន​ទេ? ស្រដៀង​គ្នា​ដែរ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​«​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ ដែល​លោក​បាន​ទិញ​ដោយ​ឈាម​របស់​បុត្រ​លោក​»។ (​សកម្ម. ២០:២៨​) ដូច្នេះ ពួក​គាត់​ចង​ចាំ​ជា​និច្ច​ថា​បង​ប្អូន​ម្នាក់​ៗ​បាន​ត្រូវ​ទិញ​ដោយ​ឈាម​ដ៏​មាន​តម្លៃ​របស់​គ្រិស្ត​យេស៊ូ។ ដោយ​ចេះ​ទទួល​ខុស​ត្រូវ នោះ​ពួក​អ្នក​ចាស់​ទុំ​ផ្ដល់​ចំណី​អាហារ ការ​ការពារ និង​ការ​ថែ​ទាំ​ដល់​បង​ប្អូន​រួម​ជំនឿ​ទាំង​នោះ។

៦. តើ​ពួក​គង្វាល​ពី​សម័យ​បុរាណ​មាន​ភារកិច្ច​អ្វី?

សូម​គិត​អំពី​ភារកិច្ច​របស់​ពួក​គង្វាល​នៅ​សម័យ​គម្ពីរ។ ពួក​គេ​ត្រូវ​ទ្រាំ​ហាល​ថ្ងៃ​ហាល​ខ្យល់​ដើម្បីថែ​រក្សា​ហ្វូង​ចៀម។ (​លោ. ៣១:​៤០​) ពួក​គេ​ថែម​ទាំង​បាន​ប្រថុយ​ជីវិត​ដើម្បី​ចៀម​ទៀត​ផង។ ដាវីឌ​ដែល​ជា​ក្មេង​គង្វាល​ចៀម​ម្នាក់​បាន​សង្គ្រោះ​ហ្វូង​ចៀម​របស់​គាត់​ពី​សត្វ​សាហាវ ដែល​មាន​ទាំង​តោ​និង​ខ្លា​ឃ្មុំ។ នៅ​ពេល​នោះ​ដាវីឌ​បាន​ពោល​ថា​គាត់​«​បាន​ចាប់​វា​ត្រង់​ពុក​ចង្កា​វាយ​សំ​ឡា​ប់​ទៅ​»។ (​១សាំ. ១៧:​៣៤, ៣៥​) គាត់​ពិត​ជា​ក្លាហាន​មែន! គាត់​ពិត​ជា​នៅ​ជិត​ចង្កូម​វា​ណាស់! ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​មិន​បាន​រា​ថយ​ក្នុង​ការ​ជួយ​ចៀម​របស់​គាត់​នោះ​ទេ។

៧. ក្នុង​ន័យ​ធៀប តើ​ពួក​អ្នក​ចាស់​ទុំ​អាច​កន្ដ្រាក់​បង​ប្អូន​ចេញ​ពី​ចង្កូម​របស់​មេកំណាច​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ការពារ​ហ្វូង​ចៀម​របស់​ព្រះ​ពី​ការ​ពាធា​របស់​មេកំណាច​ដែល​ប្រៀប​ដូច​ជា​សត្វ​តោ។ នេះ​ប្រហែលជា​រួម​បញ្ចូល​នូវ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​ចិត្ត​ក្លាហាន​ដើម្បី​កន្ដ្រាក់​បង​ប្អូន​ចេញ​ពី​ចង្កូម​របស់​មេកំណាច។ ដោយ​វែក​ញែក​ជា​មួយ​នឹង​បង​ប្អូន​ដែល​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​តាម​ការ​ល្បួង​របស់​សាថាន​ដោយ​មិន​ដឹង​ខ្លួន នោះ​ពួក​អ្នក​ចាស់​ទុំ​ប្រៀប​ដូច​ជា​ចាប់​ពុក​ចង្កា​របស់​សត្វ​សាហាវ។ ដោយ​ធ្វើ​ដូច្នេះ នោះ​ពួក​គាត់​អាច​សង្គ្រោះ​ចៀម​បាន។ (​សូម​អាន យូដាស ២២, ២៣) ពិត​មែន បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ នោះ​ពួក​អ្នក​ចាស់​ទុំ​មិន​អាច​បំពេញ​ភារកិច្ច​នេះ​បាន​ឡើយ។ ម្យ៉ាង​ទៀត ពួក​គាត់​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​ដែល​របួស​ដោយ​ថ្នាក់​ថ្នម ហើយ​ពួក​គាត់​ក៏​រុំ​របួស​និង​លាប​ប្រេង​ឲ្យ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ដែរ។

៨. តើ​ពួក​អ្នក​ចាស់​ទុំ​នាំ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ទៅ​ឯ​ណា? ហើយ​តើ​តាម​របៀប​ណា?

គង្វាល​ក៏​នាំ​ហ្វូង​ចៀម​ទៅ​រក​កន្លែង​ល្អ​ដែល​មាន​ស្មៅ​និង​ទឹកគ្រប់​គ្រាន់។ ដូច​គ្នា​ដែរ ពួក​អ្នក​ចាស់​ទុំ​នាំ​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ឲ្យ​ទៅ​កន្លែង​ដែល​ពួក​គេ​អាច​ទទួល​«​អាហារ​»​ដែលល្អ និង​«​តាម​ត្រូវ​ពេល​»​រាល់​ៗ​ដង។ ពួក​គាត់​ធ្វើ​ដូច្នេះ​ដោយ​លើក​ទឹកចិត្ត​បង​ប្អូន​ឲ្យ​មក​ប្រជុំ​យ៉ាង​ទៀង​ទាត់។ (​ម៉ាថ. ២៤:៤៥​) ពួក​អ្នក​ចាស់​ទុំ​ប្រហែលជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ជាង​ដើម្បី​ជួយ​បង​ប្អូន​ដែល​ខ្សោយ​ខាង​ជំនឿ​ឲ្យ​ទទួល​យក​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ពី​បណ្ដាំ​របស់​ព្រះ។ បង​ប្អូន​រួម​ជំនឿ​ដែល​ចាក​ចេញ​ពី​ក្រុម​ជំនុំ​ប្រហែល​ជា​ខំ​ព្យាយាម​ត្រឡប់​មក​វិញ។ ដូច្នេះ ជា​ជាង​បំភ័យ​គាត់ នោះ​ពួក​អ្នក​ចាស់​ទុំ​និយាយ​យ៉ាង​ស្រទន់​ក្នុង​ការ​ពន្យល់​អំពី​គោលការណ៍​ក្នុង​គម្ពីរ និង​បង្ហាញ​អំពី​របៀប​ដែល​គាត់​អាច​អនុវត្ត​តាម​ក្នុង​ជីវិត។

៩, ១០. តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ថែ​រក្សា​បង​ប្អូន​ដែល​ខ្សោយ​ខាង​ជំនឿ​យ៉ាង​ដូច​ម្ដេច?

ជា​ឧទាហរណ៍ សូម​គិត​អំពី​គ្រូ​ពេទ្យ​ពីរ​នាក់​ដែល​អ្នក​អាច​ទៅ​ជួប ពេល​អ្នក​ធ្លាក់​ខ្លួន​ឈឺ។ គ្រូ​ពេទ្យ​ម្នាក់​ចំណាយ​ពេល​ស្ដាប់​អ្នក​តែ​បន្ដិច ហើយ​ចេញ​វេជ្ជបញ្ជា​ភ្លាម​ៗ ដើម្បី​គាត់​អាច​ជួប​អ្នក​ជំងឺ​ផ្សេង​ទៀត។ ឯ​គ្រូ​ពេទ្យ​ម្នាក់​ទៀត​ស្ដាប់​អ្នក​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​គាត់​ពន្យល់​អំពី​អ្វីដែល​បណ្ដាល​ឲ្យ​អ្នក​ឈឺ ថែម​ទាំង​ប្រាប់​អ្នក​អំពីវិធី​ព្យាបាល​ខ្លះ​ៗ​ដែរ។ តើ​អ្នក​ចង់​ទៅ​ជួប​គ្រូ​ពេទ្យ​មួយ​ណា​ជាង?

១០ ដូច​គ្នា​ដែរ ពួក​អ្នក​ចាស់​ទុំ​អាច​ស្ដាប់​បង​ប្អូន​ដែល​ខ្សោយ​ខាង​ជំនឿ​និង​ជួយ​គាត់​ឲ្យ​ជា​ឡើង​វិញ ការ​ធ្វើ​ដូច្នេះ​ប្រៀប​ដូច​ជា​ពួក​គាត់​កំពុង​«​លាប​ប្រេង​ក្នុង​នាម​ព្រះ​យេហូវ៉ា​»​ដល់​បង​ប្អូន​នោះ។ (​សូម​អាន យ៉ាកុប ៥:១៤, ១៥) ដូច​ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡា​ត នោះ​បណ្ដាំ​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ដែល​ខ្សោយ​នោះ​មាន​អារម្មណ៍​ធូរ​ស្រាល​ឡើង។ (​យេ. ៨:២២; អេស. ៣៤:១៦​) ពេល​ដែល​បង​ប្អូន​ខ្សោយ​ខាង​ជំនឿ​អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ នេះ​អាច​ជួយ​គាត់​ឲ្យ​មាន​តុល្យ​ភាព​ម្ដង​ទៀត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ពិត​មែន ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វីដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​ជា​ច្រើន ពេល​ពួក​គាត់​ស្ដាប់​កង្វល់​របស់​បង​ប្អូន​ដែល​ខ្សោយ ថែម​ទាំង​អធិដ្ឋាន​ជា​មួយ​នឹង​គាត់​ផង​ដែរ។

មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត

១១. តើ​អ្វី​ជំរុញ​ចិត្ត​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដោយ​ស្ម័គ្រ​ចិត្ត?

១១ បន្ទាប់​មក ពេត្រុស​រំលឹក​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ក្នុង​ពេល​ឃ្វាល​ឬ​លើក​ទឹក​ចិត្ត​និង​ណែនាំ​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​«​មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត​»​វិញ។ តើ​អ្វី​ជំរុញ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​បម្រើ​បង​ប្អូន​រួម​ជំនឿ​ដោយ​ស្ម័គ្រ​ចិត្ត? ដើម្បីដឹង​អំពី​រឿង​នេះ តើ​អ្វី​ជំរុញ​ឲ្យ​ពេត្រុស​ឃ្វាល​និង​ផ្ដល់​ចំណី​អាហារ​ដល់​ចៀម​របស់​លោក​យេស៊ូ? នោះ​គឺជា​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ម្ចាស់។ (​យ៉ូន. ២១:១៥​-​១៧​) ដោយ​សារ​សេចក្ដី​ស្រឡាញ់ ពួក​អ្នក​ចាស់​ទុំ​‹រស់​ដើម្បី​លោក​ដែល​បាន​ស្លាប់ មិន​មែន​រស់​ដើម្បី​ខ្លួន​ពួក​គេ​ទៀត​ទេ›។ (​២កូ. ៥:១៤, ១៥​) សេចក្ដី​ស្រឡាញ់​នេះ​រួម​ទាំង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​បង​ប្អូន​រួម​ជំនឿ ក៏​ជំរុញ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​បម្រើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដោយ​ចំណាយ​កម្លាំង ធនធាន និង​ពេល​វេលា​របស់​ពួក​គាត់​ដែរ។ (​ម៉ាថ. ២២:៣៧​-​៣៩​) ពួក​គាត់​លះ​បង់​ប្រយោជន៍​ខ្លួន​មិន​មែន​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។

១២. តើ​សាវ័ក​ប៉ូល​លះ​បង់​ប្រយោជន៍​ខ្លួន​ដល់​កម្រិត​ណា?

១២ តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​លះ​បង់​ប្រយោជន៍​ខ្លួន​ដល់​កម្រិត​ណា? ក្នុង​ការ​បំពេញ​ភារកិច្ច​ដើម្បី​ចៀម នោះ​ពួក​គាត់​យក​តម្រាប់​តាម​សាវ័ក​ប៉ូល ដូច​ប៉ូល​បាន​យក​តម្រាប់​តាម​លោក​យេស៊ូ​ដែរ។ (​១កូ. ១១:​១​) ដោយ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថែស្សាឡូនិច នោះ​ប៉ូល​និង​គូ​កន​របស់​គាត់​សប្បាយ​ចិត្ត​ផ្ដល់​ឲ្យ​បងប្អូន​ទាំង​នោះ‹មិន​ត្រឹម​តែ​ដំណឹង​ល្អ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជីវិតពួក​គាត់​ទៀត​ផង›។ ពេល​ពួក​គាត់​ធ្វើ​ដូច្នេះ នោះ​ពួក​គាត់​ប្រព្រឹត្ត​ដោយ​ស្លូតបូត​«​ដូច​ម្ដាយ​ដែល​បំបៅ​កូន ស្រឡាញ់​ថ្នាក់​ថ្នម​កូន​»។ (​១ថែ. ២:៧, ៨​) ប៉ូល​យល់​អំពី​អារម្មណ៍​ដែល​ម្ដាយ​មាន​ចំពោះ​កូន​ដែល​នៅ​បៅ។ នាង​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​កូន សូម្បីតែ​នៅ​ពេល​យប់​កណ្ដាល​អធ្រាត្រ​ក្ដី ក៏​នាង​នៅ​តែ​ភ្ញាក់​ដើម្បី​បំបៅ​កូន​ដែរ។

១៣. តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​តុល្យ​ភាព​អំពី​អ្វី?

១៣ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រក្សា​ឲ្យ​មាន​តុល្យ​ភាព​រវាង​ភារកិច្ច​លើក​ទឹក​ចិត្ត​និង​ណែនាំ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ និង​ភារកិច្ច​របស់​គាត់​ក្នុង​ក្រុម​គ្រួសារ។ (​១ធី. ៥:៨​) ពេល​វេលា​ដែល​ពួក​អ្នក​ចាស់​ទុំ​ចំណាយ​សម្រាប់​ក្រុម​ជំនុំ គឺជា​ពេល​វេលា​ដ៏​មាន​តម្លៃ​ដែល​គាត់​អាច​ចំណាយ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់។ វិធី​មួយ​ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​មាន​តុល្យ​ភាព​រវាង​ភារកិច្ច​ទាំង​ពីរ​នេះ គឺ​ម្ដង​ម្កាល​ពួក​គាត់​អញ្ជើញ​បង​ប្អូន​ឯ​ទៀត​ឲ្យ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ អស់​ជា​ច្រើន​ឆ្នាំ បង​ប្រុស​ម៉ា​សា​ណា​អូ​ដែលជា​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ប្រទេស​ជប៉ុន គាត់​បាន​អញ្ជើញ​បង​ប្អូន​ដែល​នៅ​លីវ និង​ក្រុម​គ្រួសារ​ដែល​មិន​មាន​ឪពុក​ជា​អ្នក​ដែល​រួម​ជំនឿ​ឲ្យ​ចូល​រួម​ក្នុង​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​របស់​គាត់។ នៅ​ពេល​ក្រោយ​ៗ​មក បង​ប្អូន​ខ្លះ​ដែល​គាត់​បាន​ជួយ​ក៏​ក្លាយ​ទៅ​ជា​អ្នក​ចាស់​ទុំ ហើយ​ពួក​គេ​ក៏​យក​តម្រាប់​តាម​គំរូ​របស់​បង​ប្រុស​ម៉ា​សា​ណា​អូ​ដែរ។

កុំ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​ចូរ​ឃ្វាល​ហ្វូង​ចៀម​ដោយ​ស្មោះ​អស់ពី​ចិត្ត

១៤, ១៥. ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​គួរ​ការពារ​ខ្លួន​ពី​ការ​«​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​? ហើយ​ស្តី​អំពី​រឿង​នេះ តើ​ពួក​គាត់​អាចយ​ក​តម្រាប់​តាម​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១៤ ពេត្រុស​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ឃ្វាល​ក្រុម​ជំនុំ​«​មិន​មែន​ដោយ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ដោយ​ស្មោះ​អស់ពី​ចិត្ត​»​វិញ។ កិច្ចការ​របស់​ពួក​អ្នក​ចាស់​ទុំ​ពិត​ជា​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​មែន ប៉ុន្តែ​ពួក​គាត់​មិន​រំពឹង​ថា​នឹង​ទទួល​កម្រៃ​ពី​កិច្ចការ​នោះ​ទេ។ ពេត្រុស​បាន​ឃើញ​ថា​គាត់​ត្រូវ​ព្រមាន​ពួក​អ្នក​ចាស់​ទុំ​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ឃ្វាល​ក្រុម​ជំនុំ​ដោយ​«​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។ គ្រោះ​ថ្នាក់​នេះ​បាន​ឃើញ​ជាក់​ស្តែង ដោយ​សារ​អ្នក​ដឹក​នាំ​សាសនា​នៃ​«​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​»​មាន​ជីវិត​ដ៏​សម្បូរ​សប្បាយ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ត្រូវ​មាន​ជីវភាព​ក្រ​តោកយ៉ាក​វិញ។ (​បប. ១៨:២, ៣​) ពួក​អ្នក​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ការពារ​ខ្លួន​ពី​ទំនោរ​ចិត្ត​ដែល​ទោរ​ទន់​ទៅ​រក​ចិត្ត​គំនិត​បែប​នោះ។

១៥ ប៉ូល​បាន​ទុក​គំរូ​ដ៏​ល្អ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សាសនិក​ទាំង​ឡាយ។ ទោះ​ជា​គាត់​ជា​សាវ័ក​និង​អាច​ធ្វើ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុម​ជំនុំ​ថែស្សាឡូនិច​«​អស់​ប្រាក់​ច្រើន​»​ក៏​ដោយ ក៏​គាត់​មិន​បាន​«​បរិភោគ​អាហារ​របស់​អ្នក​ណា​ទទេ​ដែរ​»។ ផ្ទុយ​ទៅ​វិញ គាត់​បាន​«​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ទាំង​យប់​ទាំង​ថ្ងៃ​»។ (​២ថែ. ៣:៨​) ពួក​អ្នក​ចាស់​ទុំ​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ រួម​ទាំង​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ពួក​គាត់​បាន​ទុក​គំរូ​ដ៏​ល្អ​ស្តី​អំពី​រឿង​នេះ។ ទោះ​ជា​ពួក​គាត់​សុខ​ចិត្ត​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ទទួល​ពួក​គាត់​យ៉ាង​រាក់​ទាក់​ក៏​ដោយ ក៏​ពួក​គាត់​មិន​ចង់​ឲ្យ​បង​ប្អូន​ណា​ម្នាក់​«​អស់​ប្រាក់​ច្រើន​»​ដែរ។—១ថែ. ២:៩

១៦. តើ​ការ​ឃ្វាល​ក្រុម​ជំនុំ​«​ដោយ​ស្មោះ​អស់ពី​ចិត្ត​»​មាន​ន័យ​យ៉ាង​ណា?

១៦ ពួក​អ្នក​ចាស់​ទុំ​ឃ្វាល​ក្រុម​ជំនុំ​«​ដោយ​ស្មោះ​អស់ពី​ចិត្ត​»​ ហើយ​នេះ​បាន​ស​ឲ្យ​ឃើញ​តាម​រយៈ​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​របស់​ពួក​គាត់​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ។ ក៏​ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ពួក​គាត់​បង្ខំ​បង​ប្អូន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​នោះ​ទេ ឬ​ក៏​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​បម្រើ​ព្រះ​ដោយ​មាន​ចិត្ត​គំនិត​ចង់​ប្រកួតប្រជែង​គ្នា​នោះ​ដែរ។ (​កាឡ. ៥:​២៦​) ពួក​អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ថា​បង​ប្អូន​ម្នាក់​ៗ​មាន​លក្ខណៈ​ខុស​ៗ​ពី​គ្នា។ ពួក​គាត់​មាន​ចិត្ត​ចង់​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សប្បាយ​រីករាយ។

មិន​មែន​ធ្វើ​ជា​ចៅហ្វាយ​លើ​ហ្វូង​ចៀម​ទេ តែ​ធ្វើ​ជា​គំរូ​វិញ

១៧, ១៨. (​ក​) ហេតុ​អ្វី​ជួនកាល​ពួក​សាវ័ក​ពិបាក​ធ្វើ​តាម​ការ​បង្រៀន​របស់​លោក​យេស៊ូ​ដែល​ឲ្យ​មាន​ចិត្ត​រាប​ទាប​នោះ? (​ខ​)​ តើ​យើង​អាច​ជួប​កាលៈទេសៈ​ស្រដៀង​នឹង​ពួក​គាត់​យ៉ាង​ណា?

១៧ ដូច​យើង​បាន​ពិភាក្សា​រួច​ទៅ​ហើយ ពួក​អ្នក​ចាស់​ទុំ​គួរ​ចង​ចាំ​ថា​ហ្វូង​ចៀម​ដែល​ពួក​គាត់​ថែ​រក្សា​គឺជា​របស់​ព្រះ មិន​មែន​របស់​ខ្លួន​ពួក​គាត់​នោះ​ទេ។ ពួក​គាត់​ប្រយ័ត្ន​មិន​«​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​អ្នក​ដែល​ជា​មត៌ក​របស់​ព្រះ​»​នោះ​ឡើយ។ (​សូម​អាន ពេត្រុសទី១ ៥:៣) ជួន​កាល ពួក​សាវ័ក​របស់​លោក​យេស៊ូ​ចង់​បាន​ភារកិច្ច​ដោយ​មាន​បំណង​ចិត្ត​មិន​ត្រឹម​ត្រូវ ព្រោះ​ពួក​គាត់​ចង់​បាន​មុខ​មាត់​ធំ​ដុំ​ដូច​ពួក​អ្នក​គ្រប់​គ្រង​ប្រជាជាតិ​នានា​ដែរ។—សូម​អាន ម៉ាកុស ១០:៤២​-​៤៥

១៨ សព្វ​ថ្ងៃ ជា​ការ​ល្អ​ឲ្យ​បង​ប្អូន​ដែល​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​»​ ពិចារណា​ខ្លួន​អំពី​មូលហេតុ​ដែល​ពួក​គាត់​ចង់​បាន​ភារកិច្ច​នៅ​ក្នុង​ក្រុម​ជំនុំ។ (​១ធី. ៣:១​) នេះ​គឺ​ដោយ​សារ​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ចូល​ចិត្ត​មាន​អំណាច​លើ​អ្នក​ឯ​ទៀត។ ដូច្នេះ ពួក​អ្នក​ដែល​ឥឡូវ​កំពុង​ធ្វើ​ជា​អ្នក​ចាស់​ទុំ អាច​សួរ​ខ្លួន​យ៉ាង​ចំ​ៗ​ថា តើ​ខ្ញុំ​បម្រើ​ជា​អ្នក​ចាស់​ទុំ​ដោយ​សារ​ចង់​មាន​អំណាច​ឬ​មុខ​មាត់​ធំ​ដុំ​ដូច​ពួក​សាវ័ក​ខ្លះ​ឬ​ទេ? បើ​ពួក​សាវ័ក​មាន​បញ្ហា​ចំពោះ​រឿង​នេះ​ទៅ​ហើយ ពួក​អ្នក​ចាស់​ទុំ​ក៏​ត្រូវ​ខំ​ប្រឹង​ដើម្បី​ជៀស​វាង​ពី​ការ​មាន​ចិត្ត​គំនិត​បែប​នោះ​ដែរ។

១៩. ពេល​ចាត់​វិធានការ​ដើម្បី​ការពារ​ហ្វូង​ចៀម តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ចង​ចាំ​ចំណុច​អ្វី?

១៩ ពិត​មែន ជួនកាល​អ្នក​ចាស់​ទុំ​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បី​ការពារ​ហ្វូង​ចៀម​ពី​«​ឆ្កែ​ចចក​ដ៏​សាហាវ​»។ (​សកម្ម. ២០:២៨​-​៣០​) ប៉ូល​បាន​ប្រាប់​ទីតុស​ឲ្យ​‹បំផុស​ទឹក​ចិត្ត ហើយ​កែ​តម្រង់​ដោយ​ប្រើ​អំណាច​របស់​គាត់​យ៉ាង​ពេញ​លេញ›។ (​ទីត. ២:១៥​) ប៉ុន្តែ ទោះ​ជា​ពេល​ពួក​គាត់​ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ក៏​ដោយ ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​ដែល​ធ្វើ​ខុស​ដោយ​បង្ហាញ​ការ​គោរព។ ពួក​គាត់​យល់​ថា​ការ​បញ្ជាក់​ហេតុ​ផល​ដែល​នាំ​ឲ្យ​ជឿ​អាច​ជំរុញ​បង​ប្អូន​ដែល​ធ្វើ​ខុស​ឲ្យ​ប្រព្រឹត្ត​តាម​អ្វីដែល​ត្រឹម​ត្រូវ​វិញ ការ​ធ្វើ​ដូច្នេះ​គឺ​ប្រសើរ​ជាង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​បុគ្គល​នោះ។

២០. ក្នុង​ការ​ទុក​គំរូ​ល្អ តើ​ពួក​អ្នក​ចាស់​ទុំ​អាចយ​ក​តម្រាប់​តាម​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

២០ គំរូ​ដ៏​ល្អ​ប្រសើរ​របស់​គ្រិស្ត​ជំរុញ​ទឹក​ចិត្ត​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ស្រឡាញ់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ (​យ៉ូន. ១៣:១២​-​១៥​) ពេល​ដែល​យើង​អាន​អំពី​របៀប​ដែល​លោក​បង្ហាត់​ពួក​អ្នក​កាន់​តាម​លោក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត នោះ​ធ្វើ​ឲ្យ​យើង​កក់​ក្ដៅ​ក្នុង​ចិត្ត​មែន។ គំរូ​របស់​លោក​យេស៊ូ​ស្តី​អំពី​ចិត្ត​រាប​ទាប​ពិត​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​អ្នក​កាន់​តាម​លោក​ណាស់ ដែល​ជំរុញ​ពួក​គាត់​ឲ្យ​ធ្វើ​តាម​គំរូ​នោះ​ដោយ​«​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន​»។ (​ភី. ២:៣​) ដូច​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​ជា​លទ្ធផល ពួក​គាត់​ក៏​ចង់​ធ្វើ​ជា​«​គំរូ​ដល់​ហ្វូង​ចៀម​»​ដែរ។

២១. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ទទួល​រង្វាន់​អ្វី​នៅ​ថ្ងៃ​អនាគត?

២១ ពេត្រុស​បាន​បញ្ចប់​ពាក្យ​ដាស់​តឿន​របស់​គាត់​ចំពោះ​ពួក​អ្នក​ចាស់​ទុំ ដោយ​រៀប​រាប់​អំពី​សេចក្ដី​សន្យា​មួយ​សម្រាប់​ពេល​អនាគត។ (​សូម​អាន ពេត្រុសទី១ ៥:៤) ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​រើស​តាំង​«​នឹង​ទទួល​មកុដ​នៃ​សិរី​រុងរឿង​ដែល​មិន​អាច​សាប​សូន្យ​»​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ គង្វាល​ដែល​ជា​«​ចៀម​ឯ​ទៀត​»​នឹង​មាន​ឯកសិទ្ធិ​ឃ្វាល​ចៀម​របស់​ព្រះ​នៅ​លើផែនដី​ក្រោម​ការ​គ្រប់​គ្រង​របស់​«​មេ​គង្វាល​»។ (​យ៉ូន. ១០:​១៦​) អត្ថបទ​បន្ទាប់​នឹង​ពិគ្រោះ​អំពី​របៀប​ផ្សេង​ៗ​ដែល​សមាជិក​ក្នុង​ក្រុម​ជំនុំ​អាច​គាំទ្រ​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។

ការ​ពិនិត្យ​សា​ឡើង​វិញ

• ហេតុ​អ្វី​ជា​ការ​សមរម្យ​ដែល​ពេត្រុស​ដាស់​តឿន​ពួកអ្នកចាស់​ទុំ​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់?

• តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ជួយ​បង​ប្អូន​ដែល​ខ្សោយ​ខាង​ជំនឿ​យ៉ាង​ដូច​ម្ដេច?

• តើ​អ្វី​ជំរុញ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាពនៅទំព័រ២១​]

ពួក​អ្នក​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ​ត្រូវ​ការពារ​«​ចៀម​»​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់ ដូច​គង្វាល​នៅ​សម័យ​បុរាណ​ដែរ