ហេតុអ្វីជីវិតដូចជាគ្មានន័យ?
ហេតុអ្វីជីវិតដូចជាគ្មានន័យ?
ស្តេចសាឡូម៉ូនបានសរសេរថា ជីវិតរបស់មនុស្សគឺខ្លីណាស់ឬជា«ថ្ងៃនៃអាយុដ៏ឥតប្រយោជន៍»ដែលប្រៀប«ដូចជាស្រមោល»។ ហេតុអ្វីលោកអ្នកគួរជឿថាជីវិតគឺមានន័យច្រើនជាងនេះ? (សាស្ដា ៦:១២) គម្ពីរដែលជាបណ្ដាំរបស់ព្រះជាប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តជារៀងរហូត ហើយក្នុងគម្ពីរក៏មានសេចក្ដីសន្យាដែលថា នៅអនាគតមនុស្សនឹងមានជីវិតដែលមានន័យខ្លឹមសារយ៉ាងពិតប្រាកដ។—ធីម៉ូថេទី២ ៣:១៦, ១៧
គម្ពីរប្រាប់យើងអំពីគោលបំណងដើមរបស់ព្រះសម្រាប់ផែនដី ហើយក៏ពន្យល់អំពីមូលហេតុដែលពិភពលោកពោរពេញទៅដោយភាពអយុត្ដិធម៌ ការជិះជាន់និងទុក្ខលំបាក។ ហេតុអ្វីជាការសំខាន់ដែលយើងយល់អំពីរឿងទាំងអស់នេះ? ពីព្រោះមូលហេតុសំខាន់ដែលមនុស្សគិតថាជីវិតគ្មានន័យទាល់តែសោះ ដោយសារពួកគេមិនដឹងឬមិនយកចិត្តទុកដាក់នឹងគោលបំណងរបស់ព្រះសម្រាប់ផែនដីនិងមនុស្សជាតិ។
តើអ្វីជាគោលបំណងរបស់ព្រះសម្រាប់ផែនដី?
ព្រះយេហូវ៉ា *បានបង្កើតផែនដីជាសួនឧទ្យានដ៏សែនស្អាតសម្រាប់មនុស្សជាតិ គឺជាកន្លែងមួយដែលមនុស្សប្រុសស្រីអាចរស់នៅយ៉ាងសប្បាយ ហើយស្កប់ចិត្តនឹង ជីវិតជាមនុស្សល្អឥតខ្ចោះជារៀងរហូត។ មនុស្សទូទៅមិនជឿសេចក្ដីពិតដ៏សំខាន់នេះទេ ព្រោះពួកគេជឿថា ព្រះបង្កើតផែនដី ហើយទុកមនុស្សនៅទីនេះដើម្បីសាកល្បងពួកគេឲ្យដឹងថាពួកគេសមឬមិនសមទទួលជីវិតដែលមានន័យខ្លឹមសារជាងនៅពិភពវិញ្ញាណ។ ប៉ុន្តែអ្វីដែលពួកគេជឿគ្មានមូលដ្ឋានលើគម្ពីរឡើយ (សូមមើលប្រអប់ដែលមានចំណងជើងថា«តើយើងត្រូវតែចាកចេញពីផែនដីឬទេដើម្បីធ្វើឲ្យជីវិតមានន័យខ្លឹមសារ?»នៅទំព័រ៦)។
ព្រះបានបង្កើតមនុស្សប្រុសនិងស្រីឲ្យមានភាពដូចលោកដោយឲ្យពួកគេមានសមត្ថភាពយកតម្រាប់តាមគុណសម្បត្ដិដ៏អស្ចារ្យរបស់លោក។ (លោកុប្បត្តិ ១:២៦, ២៧) លោកបង្កើតពួកគេយ៉ាងល្អឥតខ្ចោះ។ ពួកគេមានអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីមានជីវិតដែលមានន័យខ្លឹមសារនិងមានសុភមង្គលផងដែរ។ នេះរួមបញ្ចូលការឲ្យពួកគេបង្កើតកូនឲ្យមានពាសពេញផែនដី ថែទាំផែនដី និងធ្វើឲ្យផែនដីទាំងមូលក្លាយជាសួនឧទ្យានដ៏ស្រស់បំព្រងដូចសួនច្បារអេដែនដែរ។—លោកុប្បត្តិ ១:២៨-៣១; ២:៨, ៩
តើមានអ្វីអាក្រក់កើតឡើង?
ប៉ុន្តែប្រាកដជាមានអ្វីអាក្រក់បានកើតឡើង ពីព្រោះសព្វថ្ងៃនេះ មនុស្សជាទូទៅមិនបង្ហាញលក្ខណៈដូចព្រះក្នុងជីវិតរបស់ពួកគេទេ។ ម្យ៉ាងទៀត ផែនដីក៏មិនមែនជាសួនឧទ្យានដែរ។ ដូច្នេះ តើមានអ្វីបានកើតឡើង? ឪពុកម្ដាយដំបូងរបស់យើង គឺអាដាមនិងអេវ៉ាបានបំពានសិទ្ធិលើចិត្តសេរីរបស់ពួកគេ។ ពួកគេចង់ក្លាយទៅជា‹ដូចព្រះ›ដើម្បីសម្រេច«ការខុសត្រូវ»ដោយខ្លួនឯង។ ដោយធ្វើដូច្នេះ ពួកគេបានធ្វើតាមសាថានដែលបានបះបោរប្រឆាំងព្រះ។—លោកុប្បត្តិ ៣:១-៦
ដូច្នេះ អំពើអាក្រក់មិនមែនជាផែនការសម្ងាត់របស់ព្រះ ដែលលោកបានរៀបចំទុកជាមុនទេ។ អំពើអាក្រក់បានកើតមានឡើងពេលសាថាន អាដាម និងអេវ៉ាបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះ។ ជាលទ្ធផល ឪពុកម្ដាយដំបូងរបស់យើងបានបាត់បង់សួនឧទ្យាននោះ និងលែងមានភាពល្អឥតខ្ចោះទៀតដែលនាំឲ្យពួកគេនិងមនុស្សទាំងអស់មានភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (លោកុប្បត្តិ ៣:១៧-១៩; រ៉ូម ៥:១២) នេះជាដើមហេតុនៃស្ថានភាពនិងកាលៈទេសៈផ្សេងៗដែលធ្វើឲ្យជីវិតយើងមើលទៅដូចជាគ្មានន័យខ្លឹមសារសោះ។
ហេតុអ្វីព្រះមិនបំបាត់ចោលអំពើអាក្រក់ភ្លាមៗ?
អ្នកខ្លះឆ្ងល់ថា‹ហេតុអ្វីបានជាព្រះមិនបំបាត់ចោលអំពើអាក្រក់ភ្លាមៗដោយបំផ្លាញសាថាននិងអ្នកប្រឆាំងឯទៀត ហើយចាប់ផ្ដើមបង្កើតអ្វីៗម្ដងទៀត?›។ ប៉ុន្តែ តើការធ្វើដូច្នេះជាការដែលប្រកបដោយប្រាជ្ញាឬទេ? បើមានរដ្ឋាភិបាលដែលប្រហារជីវិតភ្លាមៗចំពោះអ្នកណាដែលប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលនោះ តើលោកអ្នកនឹងមានប្រតិកម្មយ៉ាងណា? បើមានរដ្ឋាភិបាលដែលធ្វើដូច្នេះមែន នោះនាំឲ្យប្រជាជននៅឆ្ងាយពីរដ្ឋាភិបាលនោះ ព្រមទាំងមិនឲ្យរដ្ឋាភិបាលនោះធ្វើជាគំរូស្តីអំពីអ្វីដែលត្រូវនិងអ្វីដែលខុសឡើយ មែនទេ?
ព្រះបានសម្រេចចិត្តមិនបំផ្លាញអ្នកបះបោរទាំងនោះភ្លាមៗទេ។ ដោយមានប្រាជ្ញា លោកបានទុកពេលមួយរយ:ដើម្បីដោះស្រាយមួយដងជាការស្រេចនូវការចោទប្រកាន់ស្តីអំពីការគ្រប់គ្រងរបស់លោកដែលបានលើកឡើងនៅសួនច្បារអេដែន។
ការបំបាត់ចោលអំពើអាក្រក់ទាំងអស់
ចំណុចសំខាន់មួយដែលយើងគួរចាំអំពីរឿងនេះគឺ ព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់តែមួយរយ:ប៉ុណ្ណោះ។ លោកធ្វើដូច្នេះពីព្រោះលោកដឹងថា ពេលដែលការចោទប្រកាន់របស់ពួកអ្នកបះបោរប្រឆាំងស្តីអំពីការគ្រប់គ្រងរបស់លោកបានត្រូវដោះស្រាយ នោះលោកអាចធ្វើឲ្យផលវិបាកទាំងអស់ទៅជាល្អឡើងវិញ។
ព្រះមិនបានបោះបង់ចោលគោលបំណងរបស់លោកសម្រាប់ផែនដីនិងសម្រាប់មនុស្សជាតិទេ។ តាមរយ:អ្នកប្រកាសទំនាយម្នាក់ឈ្មោះអេសាយ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តយើងឲ្យដឹងថាលោកជាអ្នកបង្កើតផែនដី ហើយលោក«មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។ (អេសាយ ៤៥:១៨) ឆាប់ៗខាងមុខនេះ ព្រះនឹងចាប់ផ្ដើមធ្វើឲ្យផែនដីមានស្ថានភាពល្អឥតខ្ចោះដូចគោលបំណងដើមរបស់លោក។ ក្រោយពីបានបង្ហាញថារបៀបដែល លោកគ្រប់គ្រងគឺត្រឹមត្រូវហើយ លោកនឹងមានសិទ្ធិប្រើឫទ្ធានុភាពដើម្បីសម្រេចបំណងប្រាថ្នារបស់លោក ហើយបំបាត់ចោលអំពើអាក្រក់ទាំងអស់តែម្ដង។ (អេសាយ ៥៥:១០, ១១) ក្នុងសេចក្ដីអធិដ្ឋានជាគំរូ លោកយេស៊ូគ្រិស្តបានរួមបញ្ចូលការអង្វរសុំឲ្យព្រះចាត់វិធានការធ្វើដូច្នេះ។ លោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានថា៖ «សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) តើអ្វីជាបំណងប្រាថ្នារបស់ព្រះសម្រាប់ផែនដី?
បំណងប្រាថ្នារបស់ព្រះសម្រាប់ផែនដី
បំណងប្រាថ្នាមួយរបស់ព្រះសម្រាប់ផែនដីគឺឲ្យ‹មនុស្សរាបសាបានផែនដីជាមរដក›។ (ទំនុកតម្កើង ៣៧:៩-១១, ២៩; សុភាសិត ២:២១, ២២) លោកយេស៊ូគ្រិស្តនឹង«ជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់» ហើយសង្គ្រោះពួកគេឲ្យរួចពី«ការសង្កត់សង្កិននឹងការច្រឡោត»។ (ទំនុកតម្កើង ៧២:១២-១៤) សង្គ្រាមនឹងលែងមានទៀត សេចក្ដីស្លាប់ ការឈឺចាប់ ការស្រែកយំ ព្រមទាំងទុក្ខព្រួយក៏នឹងលែងមានទៀតដែរ។ (ទំនុកតម្កើង ៤៦: ៩; ការបើកបង្ហាញ ២១:១-៤) មនុស្សជាច្រើនដែលបានស្លាប់ក្នុងអំឡុងពេលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី ហើយពួកគេនឹងមានឱកាសទទួលពរទាំងនេះ និងពរឯទៀតផងដែរ។—យ៉ូហាន ៥:២៨, ២៩
តាមការពិត ព្រះយេហូវ៉ានឹងស្ថាបនាឲ្យបានល្អដូចដើមនូវការខូចខាតដែលបណ្ដាលមកពីការបះបោររបស់សាថាន។ ការស្ថាបនាឲ្យបានល្អដូចដើមនេះមានឥទ្ធិពលខ្លាំងណាស់ ព្រោះអ្វីៗទាំងអស់ដែលនាំឲ្យឈឺចាប់និងមានទុក្ខកង្វល់នៅសព្វថ្ងៃនេះ ឬ‹ការវេទនាពីមុននឹងភ្លេចអស់ទៅហើយ›។ (អេសាយ ៦៥:១៦-១៩) យើងប្រាកដជាមានអនាគតបែបនេះមែនពីព្រោះព្រះមិនចេះកុហកឡើយ។ ពាក្យសន្យាទាំងអស់របស់លោកនឹងបានសម្រេចជាមិនខាន។ យើងនឹងលែងមានជីវិត‹ឥតប្រយោជន៍ ហើយអសារឥតការ›ទៀត។ (សាស្ដា ២:១៧) ផ្ទុយទៅវិញ ជីវិតយើងនឹងមានន័យខ្លឹមសារមែន។
ចុះឥឡូវនេះវិញ? តើការដឹងអំពីអ្វីដែលគម្ពីរបង្រៀននិងការយល់អំពីគោលបំណងរបស់ព្រះសម្រាប់ផែនដីអាចបន្ថែមឲ្យជីវិតរបស់អ្នកមានន័យខ្លឹមសារពិតប្រាកដឬទេ? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរនេះ។
[កំណត់សម្គាល់]
^ វគ្គ 5 យេហូវ៉ាជាឈ្មោះរបស់ព្រះក្នុងគម្ពីរ។
[ប្រអប់នៅទំព័រ៦]
តើយើងត្រូវតែចាកចេញពីផែនដីឬទេដើម្បីធ្វើឲ្យជីវិតមានន័យខ្លឹមសារ?
រាប់រយឆ្នាំមកហើយ មនុស្សដែលគ្មានចំណេះអំពីគោលបំណងរបស់ព្រះសម្រាប់ផែនដី បានបង្រៀនថាមនុស្សយើងត្រូវតែចាកចេញពីផែនដី មុននឹងអាចមានជីវិតដែលពិតជាមានន័យខ្លឹមសារ។
មនុស្សខ្លះនិយាយថាព្រលឹងរបស់យើង«ធ្លាប់រស់នៅកន្លែងល្អប្រសើរជាង មុនចូលក្នុងរូបកាយរបស់យើង»។ (New Dictionary of The-ology) អ្នកឯទៀតនិយាយថាព្រលឹង«បានត្រូវឃុំនៅក្នុងរូបកាយរបស់យើងដែលនេះជាទណ្ឌកម្មសម្រាប់អំពើខុសឆ្គងដែលព្រលឹងនោះបានធ្វើពេលនៅស្ថានសួគ៌» (Cyclopedia of Biblical, Theological, and Ecclesiastical Literature)។
ទស្សនវិទូជនជាតិក្រិចដូចជាសូក្រាតនិងប្លាតុងបង្រៀនអំពីទស្សនៈនេះដែលថា ព្រលឹងអមតៈត្រូវចេញពីរូបកាយមនុស្សទើបវាអាច«រួចផុតពីភាពល្ងង់ខ្លៅ ការភ័យខ្លាច សេចក្ដីប៉ងប្រាថ្នាដែលខុសឆ្គងនិងជំងឺទាំងអស់ឯទៀតដែលមនុស្សជាតិរងទុក្ខ» ហើយទើបវាអាចស្ថិត«ក្នុងចំណោមព្រះនានាជារៀងរហូត»បាន (Plato’s Phaedo, 81, A)។
ក្រោយមក អ្នកដឹកនាំដែលគេហៅថា គ្រិស្តសាសនិកបានបញ្ចូលទស្សនវិជ្ជារបស់ជនជាតិក្រិច«អំពីព្រលឹងអមតៈ»ក្នុងសេចក្ដីបង្រៀនរបស់ពួកគេវិញ (Christianity—A Global History)។
សូមប្រៀបធៀបទស្សនៈទាំងនោះទៅនឹងសេចក្ដីពិតសំខាន់ៗបីដែលមានក្នុងគម្ពីរបរិសុទ្ធ:
១. បំណងរបស់ព្រះសម្រាប់ផែនដីគឺដើម្បីឲ្យមនុស្សជាតិរស់នៅទីនេះជារៀងរហូត មិនមែនជាកន្លែងបណ្ដោះអាសន្នមួយដែលលោកប្រើដើម្បីល្បងលមនុស្សឲ្យដឹងថា នរណាសមនឹងរស់នៅជាមួយលោកនៅស្ថានសួគ៌នោះទេ។ ប្រសិនបើអាដាមនិងអេវ៉ាបានស្ដាប់បង្គាប់តាមច្បាប់របស់ព្រះ នោះពួកគេនឹងនៅតែមានជីវិតរស់នៅឡើយក្នុងសួនឧទ្យាននៅផែនដី។—លោកុប្បត្តិ ១:២៧, ២៨; ទំនុកតម្កើង ១១៥:១៦
២. សាសនាភាគច្រើនបង្រៀនថាមនុស្សមានព្រលឹង។ ប៉ុន្តែ គម្ពីរបរិសុទ្ធបង្រៀនអ្វីមួយដែលស្រួលយល់ជាង ពោលគឺមនុស្សជា«ព្រលឹងរស់»ដែលបានត្រូវបង្កើតមកពី«ធូលីដី»។ (លោកុប្បត្តិ ២:៧) គម្ពីរមិនដែលរៀបរាប់ថាព្រលឹងគឺអមតៈឡើយ តែបានពន្យល់ថាព្រលឹងអាចស្លាប់ឬវិនាសសាបសូន្យបាន។ (ទំនុកតម្កើង ១៤៦:៤; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤, ២០) អាដាមដែលជាព្រលឹងឬមនុស្សដំបូងប្រាកដជាបានស្លាប់ ហើយបានត្រឡប់ទៅជាធូលីដីវិញ គឺគាត់លែងមានជីវិតតទៅទៀត។—លោកុប្បត្តិ ២:១៧; ៣:១៩
៣. អនាគតរបស់ជីវិតមនុស្សមិនមែនពឹងផ្អែកទៅលើការមានព្រលឹងអមតៈដែលចេញពីខ្លួនយើងទៅភពវិញ្ញាណណាមួយទេ ប៉ុន្តែនេះពឹងផ្អែកទៅលើសេចក្ដីសន្យារបស់ព្រះដែលថាលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក្នុងសួនឧទ្យាននៅលើផែនដី។—ដានីយ៉ែល ១២:១៣; យ៉ូហាន ១១:២៤-២៦; សកម្មភាព ២៤:១៥