លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ហេតុ​អ្វី​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ​សម្រេច​ចិត្ត​ឈប់​គោរព​បូជា​រូប​ព្រះ? តើ​អ្វី​បាន​ជំរុញ​ចិត្ត​លោក​សង្ឃ​ម្នាក់​ខាង​សាសនា​ស៊ីនតូ​ឲ្យ​ឈប់​បម្រើ​ជា​សង្ឃ ហើយ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​វិញ? តើ​តាម​របៀប​ណា​ស្ត្រី​ម្នាក់​ដែល​បាន​ត្រូវ​គេ​យក​ទៅ​ចិញ្ចឹម​តាំង​ពី​ទារក អាច​យក​ឈ្នះ​អារម្មណ៍​ដែល​ត្រូវ​គេ​បោះ​បង់​ចោល? សូម​ពិចារណា​អ្វី​ដែល​ពួក​គេ​បាន​និយាយ។

«​ខ្ញុំ​លែង​ធ្វើ​ជា​ខ្ញុំ​បម្រើ​រូប​ព្រះ​ទៀត​ហើយ​»​—រៀប​រាប់​ដោយ​អាបា ដាន់ស៊ូ

ឆ្នាំ​កំណើត: ១៩៣៨

ប្រទេស​កំណើត: បេណាំង

ប្រវត្តិ: អ្នក​គោរព​បូជា​រូប​ព្រះ

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​ធំ​ឡើង​នៅ​ភូមិ​សូឆាហ៊ូវី ដែល​ជា​តំបន់​ភក់​មួយ​នៅ​ជិត​បឹង។ អ្នក​ដែល​រស់​នៅ​ភូមិ​នោះ​ប្រកប​របរ​នេសាទ​ត្រី និង​ចិញ្ចឹម​គោ ពពែ ចៀម ជ្រូក ព្រម​ទាំង​សត្វ​ស្លាប។ នៅ​ទី​នោះ​គ្មាន​ផ្លូវ​គោក​ទេ ដូច្នេះ​ពួក​គេ​ប្រើ​កាណូត​និង​ទូក​ដើម្បី​ធ្វើ​ដំណើរ។ អ្នក​ភូមិ​ភាគ​ច្រើន​សង់​ផ្ទះ​របស់​ពួក​គេ​ពី​ឈើ​និង​ស្បូវ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ប្រើ​ឥដ្ឋ។ មនុស្ស​ក្នុង​ភូមិ​នោះ ភាគ​ច្រើន​មាន​ជីវភាព​ក្រី​ក្រ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ភូមិ​យើង​មិន​សូវ​មាន​អំពើ​ចោរ​កម្ម​ដូច​នៅ​ទី​ក្រុង​ឡើយ។

ពេល​ខ្ញុំ​នៅ​ក្មេង ឪពុក​របស់​ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​និង​បង​ស្រី​ខ្ញុំ​ទៅ​សាលា​សាសនា​មួយ។ ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​យក​ព្រះ​ដូដូវ៉ា​មក​ធ្វើ​ជា​ព្រះ​របស់​ខ្ញុំ។ ព្រះ​នោះ​ជា​ព្រះ​របស់​ជន​ជាតិ​ភាគ​តិច​ដែល​ហៅ​ថា​យ៉ូរូប៉ា។ ខ្ញុំ​បាន​សង់​អាសនៈ​មួយ​ឲ្យ​ព្រះ​នោះ ហើយ​ជូន​សំណែន​ជា​ទៀង​ទាត់ ដូច​ជា​ដំឡូង ប្រេង​ដូង ខ្យង មាន់ ព្រាប និង​សត្វ​ឯ​ទៀត។ សំណែន​ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​ខ្ញុំ​បាន​ចំណាយ​ធន​ធាន​សឹង​តែ​ទាំង​អស់​ដែល​ខ្ញុំ​មាន​ដើម្បី​ទិញ​វា។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: ពេល​ខ្ញុំ​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ខ្ញុំ​រៀន​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ពិត។ ខ្ញុំ​ក៏​រៀន​ដែរ​ថា លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​នោះ​ឡើយ។ (​ដំណើរ​ចាក​ចេញ ២០:៤, ៥; កូរិនថូស​ទី​១ ១០:១៤​) ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​តែ​កែ​ប្រែ។ ដូច្នេះ ខ្ញុំ​បាន​បោះ​ចោល​រូប​ព្រះ​និង​អ្វី​ៗ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ការ​គោរព​បូជា​រូប​ព្រះ។ ខ្ញុំ​ឈប់​ទៅ​រក​គ្រូ​ទាយ ហើយ​ខ្ញុំ​លែង​ចូល​រួម​ពិធី​សាសនា​ផ្សេង​ៗ និង​ពិធី​បុណ្យ​សព​ទៀត។

ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ​ហើយ ដូច្នេះ​គឺ​មិន​ងាយ​ស្រួល​ឲ្យ​ខ្ញុំ​កែ​ប្រែ​ទម្លាប់​ទាំង​នេះ​ទេ។ បន្ថែម​ទៅ​ទៀត មិត្ត​ភក្តិ សាច់​ញាតិ និង​អ្នក​ជិត​ខាង​បាន​ប្រឆាំង ហើយ​សើច​ចំអក​ឲ្យ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​កម្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ខ្ញុំ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ពាក្យ​ដែល​បាន​រៀប​រាប់​នៅ​សុភាសិត ១៨:១០ ចែង​ថា​៖​«​នាម​របស់​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំ​មួន ពេល​មនុស្ស​សុចរិត​រត់​ចូល​ទៅ គាត់​នឹង​ទទួល​បាន​ការ​ការ​ពារ​»។

អ្វី​មួយ​ទៀត​ដែល​បាន​ជួយ​ខ្ញុំ គឺ​ការ​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​ទី​នោះ ខ្ញុំ​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ពិត ហើយ​ខ្ញុំ​កោត​ស្ងើច​ដោយ​សារ​ពួក​គេ​ព្យាយាម​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​ពី​គម្ពីរ។ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​សាសនា​ពិត។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ការ​អនុវត្ត​តាម​គោល​ការណ៍​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កូន​ៗ​របស់​ខ្ញុំ។ ម្យ៉ាង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​បាន​ដក​បន្ទុក​ដ៏​ធ្ងន់​មួយ​ចេញ​ពី​ស្មា​របស់​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​ធ្លាប់​ប្រើ​ធន​ធាន​របស់​ខ្ញុំ​ដើម្បី​រូប​ព្រះ​ដែល​គ្មាន​ជីវិត​និង​ដែល​មិន​អាច​ផ្ដល់​ប្រយោជន៍​អ្វី​សោះ​ដល់​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ ខ្ញុំ​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​អាច​ផ្ដល់​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​អស់​របស់​យើង។ (​ការ​បើក​បង្ហាញ ២១:៣, ៤​) ខ្ញុំ​ត្រេក​អរ​ណាស់​ដោយ​សារ​ខ្ញុំ​លែង​ធ្វើ​ជា​ខ្ញុំ​បម្រើ​រូប​ព្រះ​ទៀត​ហើយ តែ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា​វិញ! លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​រក​ឃើញ​សេចក្ដី​សុខ​និង​ការ​ការ​ពារ​ពិត​ប្រាកដ។

«​ខ្ញុំ​បាន​ស្វែង​រក​ព្រះ​តាំង​ពី​កុមារភាព​»​—រៀប​រាប់​ដោយ​ស៊ីនជី សាតូ

ឆ្នាំ​កំណើត: ១៩៥១

ប្រទេស​កំណើត: ជប៉ុន

ប្រវត្តិ: លោក​សង្ឃ​ខាង​សាសនា​ស៊ីនតូ

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​ធំ​ឡើង​នៅ​ក្រុង​តូច​មួយ​ក្នុង​ខេត្ត​ហ្វូគូអូកា។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​គឺ​ជា​អ្នក​កាន់​ខ្ជាប់​ខាង​សាសនា ហើយ​ពួក​គាត់​បង្រៀន​ខ្ញុំ​តាំង​ពី​ក្មេង​ឲ្យ​គោរព​ព្រះ​នានា​នៃ​សាសនា​ស៊ីនតូ។ កាល​ពី​ខ្ញុំ​នៅ​ក្មេង ជា​រឿយ​ៗ​ខ្ញុំ​គិត​អំពី​អនាគត​ដ៏​ល្អ​ប្រសើរ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ជួយ​មនុស្ស​ដែល​មាន​ទុក្ខ​លំបាក។ ពេល​ខ្ញុំ​រៀន​នៅ​សាលា​បឋម មាន​ថ្ងៃ​មួយ​គ្រូ​សួរ​សិស្ស​ក្នុង​ថ្នាក់​ថា​តើ​ពួក​គេ​ចង់​ធ្វើ​អ្វី​ពេល​ធំ​ឡើង។ សិស្ស​រួម​ថ្នាក់​របស់​ខ្ញុំ​មាន​គោល​ដៅ​ធំ​ៗ ដូច​ជា​ចង់​ក្លាយ​ទៅ​ជា​អ្នក​វិទ្យា​សាស្ត្រ​ជា​ដើម។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​មាន​គោល​ដៅ​បម្រើ​ព្រះ។ ឮ​ដូច្នោះ សិស្ស​ទាំង​អស់​បាន​សើច​ចំអក​ឲ្យ​ខ្ញុំ។

ក្រោយ​រៀន​ចប់​វិទ្យាល័យ ខ្ញុំ​បាន​ចូល​សាលា​ដើម្បី​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​សាសនា។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​ជួប​សង្ឃ​ម្នាក់​ខាង​សាសនា​ស៊ីនតូ គាត់​តែង​តែ​អាន​សៀវ​ភៅ​ក្រប​ខ្មៅ​មួយ​ក្បាល នៅ​ពេល​ដែល​គាត់​ទំនេរ។ ថ្ងៃ​មួយ គាត់​សួរ​ខ្ញុំ​ថា​៖​«​សាតូ តើ​អ្នក​ស្គាល់​សៀវ​ភៅ​នេះ​ទេ?​»។ ដោយ​សារ​ខ្ញុំ​បាន​ឃើញ​ក្រប​សៀវ​ភៅ​នោះ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖​«​គឺ​គម្ពីរ​»។ គាត់​និយាយ​ថា​៖​«​អ្នក​ណា​ដែល​ចង់​ក្លាយ​ទៅ​ជា​សង្ឃ​នៃ​សាសនា​ស៊ីនតូ​គួរ​អាន​សៀវ​ភៅ​នេះ​»។

ក្រោយ​ពី​ឮ​ដូច្នេះ ខ្ញុំ​ក៏​បាន​ទៅ​ទិញ​គម្ពីរ​ភ្លាម​ៗ។ ខ្ញុំ​បាន​ដាក់​តាំង​គម្ពីរ​នៅ​ក្នុង​ទូ​សៀវ​ភៅ​របស់​ខ្ញុំ ហើយ​ថែ​រក្សា​យ៉ាង​ល្អ។ ប៉ុន្តែ ខ្ញុំ​មិន​បាន​ឆ្លៀត​ពេល​អាន​គម្ពីរ​ទេ ពីព្រោះ​ខ្ញុំ​រវល់​កិច្ច​ការ​សាលា​ខ្លាំង​ណាស់។ ពេល​រៀន​ចប់ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ជា​សង្ឃ​នៅ​វិហារ​សាសនា​ស៊ីនតូ។ ដូច្នេះ គោល​ដៅ​របស់​ខ្ញុំ​តាំង​ពី​ក្មេង បាន​ក្លាយ​ជា​ការ​ពិត។

មិន​យូរ​ក្រោយ​មក ខ្ញុំ​ឃើញ​ថា​ការ​បម្រើ​ជា​សង្ឃ​សាសនា​ស៊ីនតូ មិន​ដូច​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​នោះ​ទេ។ សង្ឃ​ភាគ​ច្រើន​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​ឡើយ ហើយ​សង្ឃ​ខ្លះ​ទៀត​ក៏​ខ្វះ​ជំនឿ​ដែរ។ សង្ឃរាជ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​៖​«​បើ​អ្នក​ចង់​បម្រើ​នៅ​ទី​នេះ​ឲ្យ​បាន​យូរ អ្នក​ត្រូវ​និយាយ​អំពី​ទស្សនវិជ្ជា​ប៉ុណ្ណោះ។ ការ​និយាយ​អំពី​ជំនឿ​គឺ​មិន​បាន​ជា​ដាច់​ខាត​»។

ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​សាសនា​ស៊ីនតូ។ ទោះ​ជា​ខ្ញុំ​នៅ​តែ​បន្ត​បម្រើ​នៅ​ទី​នោះ​ក៏​ដោយ ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្វែង​យល់​អំពី​សាសនា​ផ្សេង​ទៀត។ ប៉ុន្តែ គ្មាន​សេចក្ដី​បង្រៀន​របស់​សាសនា​ណា​ដែល​ប្រសើរ​ជាង​ទេ។ កាល​ដែល​ខ្ញុំ​ស្វែង​យល់​អំពី​សាសនា​កាន់​តែ​ច្រើន ខ្ញុំ​កាន់​តែ​ធ្លាក់​ទឹក​ចិត្ត។ ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​សាសនា​ណា​មួយ​ដែល​មាន​សេចក្ដី​ពិត​ឡើយ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: នៅ​ឆ្នាំ​១៩៨៨ ខ្ញុំ​បាន​ជួប​អ្នក​កាន់​ពុទ្ធសាសនា​ម្នាក់ គាត់​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​អាន​គម្ពីរ​បរិសុទ្ធ។ ពេល​នោះ ខ្ញុំ​បាន​គិត​ដល់​សង្ឃ​សាសនា​ស៊ីនតូ​ដែល​ប៉ុន្មាន​ឆ្នាំ​មុន​គាត់​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​តាម​យោបល់​របស់​ពួក​គាត់។ ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាន​គម្ពីរ ខ្ញុំ​ជក់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អាន​ឥត​ឈប់។ ពេល​ខ្លះ ខ្ញុំ​បាន​អាន​ពេញ​មួយ​យប់ រហូត​ដល់​ថ្ងៃ​រះ​ចាំង​ចូល​តាម​បង្អួច។

អ្វី​ដែល​ខ្ញុំ​បាន​អាន ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​អធិដ្ឋាន​ទៅ​ព្រះ​ដែល​និពន្ធ​គម្ពីរ។ ខ្ញុំ​ចាប់​ផ្ដើម​អធិដ្ឋាន​តាម​សេចក្ដី​អធិដ្ឋាន​គំរូ​ដែល​បាន​ចែង​នៅ​ម៉ាថាយ ៦:៩​-​១៣។ ខ្ញុំ​បាន​សូត្រ​ពាក្យ​អធិដ្ឋាន​នេះ​រាល់​ពីរ​ម៉ោង​ម្ដង សូម្បី​តែ​ពេល​ខ្ញុំ​កំពុង​បំពេញ​កិច្ច​បម្រើ​នៅ​វិហារ​សាសនា​ស៊ីនតូ​ក៏​ដោយ។

ខ្ញុំ​មាន​សំណួរ​ជា​ច្រើន​អំពី​អ្វី​ដែល​ខ្ញុំ​បាន​អាន។ នៅ​ពេល​នោះ ខ្ញុំ​បាន​រៀប​ការ ហើយ​ខ្ញុំ​ដឹង​ថា​សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​មនុស្ស​អំពី​គម្ពីរ ដោយ​សារ​ពួក​គេ​ធ្លាប់​មក​លេង​ប្រពន្ធ​របស់​ខ្ញុំ។ ខ្ញុំ​ខំ​ស្វែង​រក​សាក្សី​ម្នាក់ ហើយ​បាន​សួរ​សំណួរ​ជា​ច្រើន​ដល់​គាត់។ ខ្ញុំ​ពិត​ជា​កោត​ស្ងើច​ណាស់ ពេល​ឃើញ​គាត់​ប្រើ​គម្ពីរ​ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នោះ។ គាត់​បាន​រៀបចំ​ឲ្យ​បង​ប្រុស​ពីរ​នាក់​មក​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ។

មិន​យូរ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​នោះ​ខ្ញុំ​មិន​ចាប់​ភ្លឹក​ទេ តែ​ពី​មុន​ខ្ញុំ​ធ្លាប់​ប្រព្រឹត្ត​ដោយ​មិន​គួរ​សម​ដាក់​ពួក​គេ​ខ្លះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​បាន​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្ដៅ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រួល។

ក្នុង​កិច្ច​ប្រជុំ ខ្ញុំ​រៀន​ថា​ព្រះ​ចង់​ឲ្យ​ប្ដី​ទាំង​ឡាយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ។ រហូត​ដល់​ពេល​នោះ ខ្ញុំ​បាន​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ងារ​របស់​ខ្ញុំ​ជា​សង្ឃ។ ហេតុ​នេះ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រពន្ធ​និង​កូន​ពីរ​នាក់​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ភ្ញាក់​ខ្លួន ព្រោះ​កន្លង​មក​ខ្ញុំ​មិន​ដែល​ស្ដាប់​ប្រពន្ធ​របស់​ខ្ញុំ​សោះ តែ​ចំពោះ​អ្នក​ដែល​មក​ថ្វាយ​បង្គំ​នៅ​វិហារ​សាសនា​វិញ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពួក​គេ​យ៉ាង​ខ្លាំង។

កាល​ដែល​ខ្ញុំ​បន្ត​សិក្សា​គម្ពីរ ខ្ញុំ​រៀន​អ្វី​ៗ​ជា​ច្រើន​អំពី​ព្រះ​យេហូវ៉ា ហើយ​នោះ​បាន​នាំ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ជិត​លោក។ បទ​គម្ពីរ​មួយ​ចំនួន​បាន​ជំរុញ​ចិត្ត​ខ្ញុំ ក្នុង​នោះ​មាន​រ៉ូម ១០:១៣ ដែល​ចែង​ថា​៖​«​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ​»។ ខ្ញុំ​បាន​ស្វែង​រក​ព្រះ​តាំង​ពី​កុមារភាព ហើយ​ឥឡូវ ខ្ញុំ​បាន​រក​លោក​ឃើញ​ហើយ!

ខ្ញុំ​លែង​មាន​អារម្មណ៍​ស្រួល​នៅ​វិហារ​សាសនា​ស៊ីនតូ។ ដំបូង ខ្ញុំ​បារម្ភ​ថា​អ្នក​ឯ​ទៀត​នឹង​គិត​យ៉ាង​ណា​មក​លើ​ខ្ញុំ បើ​ខ្ញុំ​ឈប់​កាន់​សាសនា​ស៊ីនតូ។ ប៉ុន្តែ ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​ចាក​ចេញ បើ​ខ្ញុំ​រក​ព្រះ​ពិត​ឃើញ។ ដូច្នេះ នៅ​ឆ្នាំ​១៩៨៩ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​តាម​ការ​តាំង​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ចាក​ចេញ​ពី​វិហារ​សាសនា​នោះ ហើយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។

ប៉ុន្តែ ការ​ធ្វើ​ដូច្នោះ​គឺ​មិន​ងាយ​ស្រួល​ទេ។ សង្ឃរាជ​របស់​ខ្ញុំ​បាន​ស្ដី​បន្ទោស​ឲ្យ​ខ្ញុំ ហើយ​បង្ខំ​ខ្ញុំ​ឲ្យ​បន្ត​នៅ​ទី​នោះ។ ប៉ុន្តែ ការ​ប្រាប់​ឪពុក​ម្ដាយ​ខ្ញុំ​គឺ​ពិបាក​ជាង​នោះ​ទៅ​ទៀត។ ពេល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ពួក​គាត់ ខ្ញុំ​តាន​តឹង​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​ចាប់​ផ្ដើម​ចុក​ទ្រូង ហើយ​ជើង​ខ្ញុំ​ក៏​ទន់​ដែរ! ខ្ញុំ​ឈប់​តាម​ផ្លូវ​ច្រើន​ដង​ដើម្បី​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា។

ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ឪពុក​ម្ដាយ ដំបូង​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ មិន​ហ៊ាន​ប្រាប់​ពួក​គាត់​អំពី​រឿង​នេះ​ទេ។ ទោះ​ជា​កន្លង​ផុត​ទៅ​អស់​ច្រើន​ម៉ោង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​ហ៊ាន​ប្រាប់​ពួក​គាត់។ ប៉ុន្តែ នៅ​ទី​បំផុត​ក្រោយ​ពី​អធិដ្ឋាន​អស់​ច្រើន​ដង ខ្ញុំ​បាន​ពន្យល់​អ្វី​គ្រប់​យ៉ាង​ទៅ​កាន់​ឪពុក​របស់​ខ្ញុំ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​បាន​រក​ឃើញ​ព្រះ​ពិត ហើយ​ខ្ញុំ​នឹង​ឈប់​កាន់​សាសនា​ស៊ីនតូ​ដើម្បី​បម្រើ​លោក។ ឪពុក​របស់​ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ហើយ​ខក​ចិត្ត​ណាស់។ រីឯ​សាច់​ញាតិ​ផ្សេង​ទៀត ពួក​គេ​បាន​មក​ផ្ទះ​របស់​យើង ហើយ​ព្យាយាម​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​គំនិត។ ខ្ញុំ​មិន​ចង់​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ឈឺ​ចិត្ត​ទេ តែ​ដំណាល​គ្នា​នោះ ខ្ញុំ​ដឹង​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ខ្ញុំ​គួរ​ធ្វើ។ អស់​មួយ​រយៈ​ពេល​ក្រោយ​មក ក្រុម​គ្រួសារ​ខ្ញុំ​បាន​គោរព​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។

ទោះ​ជា​ខ្ញុំ​ផ្ដាច់​ខ្លួន​ចេញ​ពី​សាសនា​ស៊ីនតូ​ក៏​ដោយ តែ​ខ្ញុំ​នៅ​តែ​ត្រូវ​ផ្លាស់​ប្ដូរ​គំនិត​របស់​ខ្ញុំ។ របៀប​រស់​នៅ​ជា​សង្ឃ​សាសនា​ស៊ីនតូ​បាន​ចាក់​ឫស​ជ្រៅ​ក្នុង​គំនិត​ខ្ញុំ។ ខ្ញុំ​ព្យាយាម​បំភ្លេច​អ្វី​ទាំង​នោះ តែ​គ្រប់​សកម្មភាព​ដែល​ខ្ញុំ​ធ្វើ រំលឹក​ខ្ញុំ​អំពី​ជីវិត​បែប​នោះ។

ប៉ុន្តែ មាន​ចំណុច​ពីរ​យ៉ាង​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈប់​គិត​អំពី​ទំនៀម​ទម្លាប់​សាសនា​ស៊ីនតូ​ទៀត។ ទី​១ ខ្ញុំ​បាន​ស្វែង​រក​គ្រប់​កន្លែង​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​នូវ​អ្វី​ដែល​ទាក់​ទង​នឹង​សាសនា​នោះ។ ពេល​ខ្ញុំ​រក​ឃើញ​សៀវ​ភៅ រូប​ភាព និង​វត្ថុ​មាន​តម្លៃ​ដែល​ទាក់​ទង​នឹង​សាសនា​នោះ ខ្ញុំ​បាន​ដុត​វា​ចោល​ទាំង​អស់។ ទី​២ ខ្ញុំ​បាន​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​សេព​គប់​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ចំណង​មិត្តភាព​ដែល​ខ្ញុំ​មាន​ជា​មួយ​នឹង​ពួក​គេ ព្រម​ទាំង​ការ​គាំទ្រ​ពី​ពួក​គេ​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។ ដូច្នេះ បន្តិច​ម្ដង​ៗ​ទំនៀម​ទម្លាប់​សាសនា​ស៊ីនតូ​បាន​រសាយ​បាត់​ពី​គំនិត​ខ្ញុំ។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ពី​មុន​ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រពន្ធ​កូន​របស់​ខ្ញុំ​ទេ ហើយ​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ឯកោ​ណាស់។ ប៉ុន្តែ ពេល​ខ្ញុំ​ចាប់​ផ្ដើម​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ​ដូច​អ្វី​ដែល​គម្ពីរ​បង្គាប់​ប្ដី​ឲ្យ​ធ្វើ នោះ​យើង​ជិត​ស្និទ្ធ​គ្នា​ជាង។ មិន​យូរ​ក្រោយ​មក ប្រពន្ធ​ខ្ញុំ​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​ខ្ញុំ។ ឥឡូវ​កូន​ស្រី​និង​ប្ដី​របស់​គាត់ ព្រម​ទាំង​កូន​ប្រុស​របស់​យើង ក៏​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​យើង​ដែរ។

ក្ដី​ស្រមៃ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​ដែល​ចង់​បម្រើ​ព្រះ​និង​ចង់​ជួយ​អ្នក​ឯ​ទៀត ឥឡូវ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ទទួល​ពរ​ជា​ច្រើន​អនេក ហួស​ពី​ការ​នឹក​ស្មាន។ ខ្ញុំ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ មិន​អាច​រក​ពាក្យ​មក​ថ្លែង​បាន​ឡើយ។

«ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខ្វះ​អ្វី​មួយ​ក្នុង​ជីវិត»—រៀប​រាប់​ដោយ​លីនណេត ហូទីង

ឆ្នាំ​កំណើត: ១៩៥៨

ប្រទេស​កំណើត: អាហ្វ្រិក​ខាង​ត្បូង

ប្រវត្តិ: អារម្មណ៍​ដែល​ត្រូវ​គេ​បោះ​បង់​ចោល

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​កើត​នៅ​ទី​ក្រុង​កឺមីស្ទិន ជា​ទី​ក្រុង​ដែល​សម្បូរ​រ៉ែ។ ក្រុង​នោះ​មិន​សូវ​មាន​ឧក្រិដ្ឋកម្ម​ទេ។ ដោយ​សារ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​គិត​ថា​ពួក​គាត់​គ្មាន​លទ្ធភាព​ចិញ្ចឹម​ខ្ញុំ នោះ​ពួក​គាត់​បាន​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​គេ​ចិញ្ចឹម។ ពេល​ខ្ញុំ​កើត​បាន​១៤​ថ្ងៃ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បាន​យក​ខ្ញុំ​ទៅ​ចិញ្ចឹម ហើយ​ខ្ញុំ​ចាត់​ទុក​ពួក​គាត់​ជា​ឪពុក​ម្ដាយ​បង្កើត។ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​ដឹង​អំពី​ប្រវត្តិ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​ខ្ញុំ​ពិបាក​បំបាត់​ចោល​អារម្មណ៍​នោះ​ណាស់។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួល​ជា​មួយ​ឪពុក​ម្ដាយ​ចិញ្ចឹម​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា​ពួក​គាត់​មិន​យល់​អារម្មណ៍​របស់​ខ្ញុំ​ទេ។

ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​១៦​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ចូល​បារ ស្ដាប់​ការ​ប្រគំ​តន្ត្រី និង​រាំ​រែក​ជា​មួយ​មិត្ត​ភក្តិ។ ពេល​ខ្ញុំ​អាយុ​១៧​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ជក់​បារី ដោយ​សារ​ខ្ញុំ​ចង់​ស្គម​ដូច​អ្នក​បង្ហាញ​ម៉ូដ​ក្នុង​ពាណិជ្ជកម្ម​បារី។ កាល​ដែល​ខ្ញុំ​អាយុ​១៩​ឆ្នាំ ខ្ញុំ​ធ្វើ​ការ​នៅ​ទី​ក្រុង​ជោហានេសបួ ហើយ​នៅ​ទី​នោះ​ខ្ញុំ​មាន​ការ​សេព​គប់​មិន​ល្អ។ ជា​លទ្ធផល ខ្ញុំ​ប្រើ​ពាក្យ​អសុរោះ ជក់​បារី និង​ផឹក​ស្រា​ច្រើន​នៅ​ចុង​សប្ដាហ៍។

ទោះ​ជា​យ៉ាង​នោះ​ក្ដី ខ្ញុំ​ជា​មនុស្ស​ស្វាហាប់​ណាស់។ ខ្ញុំ​ហាត់​ប្រាណ​យ៉ាង​ទៀង​ទាត់ ទាត់​បាល់ និង​លេង​កីឡា​ផ្សេង​ៗ។ ខ្ញុំ​មាន​ការ​ងារ​ខាង​បច្ចេកទេស​កុំព្យូទ័រ ហើយ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​ខ្លាំង​ណាស់។ ដូច្នេះ អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ​កោត​ស្ងើច​ណាស់​នឹង​ជំនាញ​របស់​ខ្ញុំ។ ជា​លទ្ធផល ខ្ញុំ​មាន​ជីវភាព​ធូរ​ធារ ហើយ​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ខ្ញុំ​ជោគ​ជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ ដោយ​សារ​ខ្ញុំ​គ្មាន​គោល​ដៅ​ច្បាស់​លាស់ ហើយ​ខក​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង។ ក្នុង​ចិត្ត ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខ្វះ​អ្វី​មួយ​ក្នុង​ជីវិត។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ខ្ញុំ​រៀន​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់។ ខ្ញុំ​ក៏​រៀន​ដែរ​ថា​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​បណ្ដាំ​របស់​លោក​គឺ​គម្ពីរ​បរិសុទ្ធ។ នោះ​ប្រៀប​ដូច​ជា លោក​បាន​សរសេរ​សំបុត្រ​មួយ​មក​យើង​ផ្ទាល់​ដើម្បី​ណែនាំ​យើង។ (​អេសាយ ៤៨:១៧, ១៨​) ខ្ញុំ​ដឹង​ថា​បើ​ខ្ញុំ​ចង់​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​រឿង​ធំ​ៗ​មួយ​ចំនួន​ក្នុង​ជីវិត។

ការ​ផ្លាស់​ប្ដូរ​មួយ​គឺ​ទាក់​ទង​នឹង​ការ​សេព​គប់​របស់​ខ្ញុំ។ ខ្ញុំ​បាន​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ពាក្យ​នៅ​សុភាសិត ១៣:២០ ដែល​ចែង​ថា​៖​«​អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ដែល​សេព​គប់​មនុស្ស​ល្ងី​ល្ងើ​នឹង​ជួប​បញ្ហា​»។ គោល​ការណ៍​នោះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​កាត់​ផ្ដាច់​ចំណង​មិត្តភាព​ជា​មួយ​មិត្ត​ភក្ដិ​ចាស់ ហើយ​ស្វែង​រក​មិត្ត​ភក្ដិ​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា​វិញ។

ប៉ុន្តែ ការ​ផ្លាស់​ប្ដូរ​ដ៏​ពិបាក​បំផុត​គឺ​ការ​ឈប់​ជក់​បារី ព្រោះ​ខ្ញុំ​ញៀន​ខ្លាំង​ណាស់។ យ៉ាង​ណា​ក្ដី បន្តិច​ម្ដង​ៗ​ខ្ញុំ​អាច​ផ្ដាច់​បាន តែ​ខ្ញុំ​បាន​ជួប​ការ​ពិបាក​មួយ​ទៀត គឺ​ខ្ញុំ​ឡើង​ទម្ងន់​ដល់​ទៅ​ជាង​១៣​គីឡូ​ក្រាម! នេះ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ហើយ​ត្រូវ​ការ​ជិត​១០​ឆ្នាំ​ដើម្បី​សម្រក​ទម្ងន់។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ការ​សម្រេច​ចិត្ត​ឈប់​ជក់​បារី​គឺ​ជា​រឿង​ត្រឹម​ត្រូវ។ ខ្ញុំ​អធិដ្ឋាន​ឥត​ឈប់​ទៅ​ព្រះ​យេហូវ៉ា ហើយ​លោក​ឲ្យ​កម្លាំង​ខ្ញុំ​យក​ឈ្នះ​ការ​ពិបាក​នោះ។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ឥឡូវ​ខ្ញុំ​មាន​សុខភាព​ល្អ​ជាង ហើយ​ខ្ញុំ​ក៏​ស្កប់​ចិត្ត​ដែរ។ ខ្ញុំ​លែង​ដេញ​តាម​អាជីព មុខ​មាត់ និង​ទ្រព្យ​សម្បត្តិ​ទៀត​ហើយ ព្រោះ​នោះ​មិន​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ពិត​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ចែក​រំលែក​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដល់​អ្នក​ឯ​ទៀត នាំ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ពិត។ ជា​លទ្ធផល អ្នក​ធ្លាប់​រួម​ការ​ងារ​ជា​មួយ​ខ្ញុំ​បី​នាក់ ក៏​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ដែរ។ បន្ថែម​ទៅ​ទៀត មុន​ឪពុក​ម្ដាយ​ចិញ្ចឹម​ខ្ញុំ​បាន​ស្លាប់ ខ្ញុំ​មាន​ឱកាស​ប្រាប់​ពួក​គាត់​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​ជា​សួន​ឧទ្យាន។

ការ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ដែល​ត្រូវ​គេ​បោះ​បង់​ចោល។ លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ថា​ខ្ញុំ​មិន​មែន​តែ​ម្នាក់​ឯង​ទេ តែ​ខ្ញុំ​មាន​ចំណែក​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ​នៅ​ទូទាំង​ពិភព​លោក គឺ​ខ្ញុំ​មាន​ឪពុក​ម្ដាយ​និង​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន។—ម៉ាកុស ១០:២៩, ៣០

[រូបភាព]

ខ្ញុំ​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ពិត​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា

[រូបភាព]

វិហារ​សាសនា​ស៊ីនតូ​ដែល​ខ្ញុំ​ធ្លាប់​បម្រើ​នៅ​ទី​នោះ