លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើរាជាណាចក្ររបស់ព្រះជាអ្វី?

តើរាជាណាចក្ររបស់ព្រះជាអ្វី?

សូម​រៀន​ពី​បណ្ដាំ​របស់​ព្រះ

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

អត្ថបទ​នេះ​លើក​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​ធ្លាប់​សួរ ហើយ​បង្ហាញ​ចម្លើយ​ដែល​អ្នក​អាច​អាន​ពី​គម្ពីរ​របស់​អ្នក។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ពិភាក្សា​ចម្លើយ​ទាំង​នេះ​ជា​មួយ​នឹង​អ្នក។

១​. តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​មួយ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ រដ្ឋាភិបាល​នេះ​នឹង​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​ទាំង​ឡាយ ហើយ​នឹង​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែនដី​និង​នៅ​ស្ថាន​សួគ៌។ ដូច្នេះ រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​ដែល​យើង​ត្រូវ​ការ។—សូម​អាន ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០

រាជាណាចក្រ​របស់​ព្រះ​ត្រូវ​តែ​មាន​ស្តេច។ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ដើម្បី​ធ្វើ​ជា​ស្តេច​ក្នុង​រាជាណាចក្រ​នេះ។—សូម​អាន លូកា ១:៣០​-​៣៣

២​. ហេតុ​អ្វី​លោក​យេស៊ូ​ជា​អ្នក​គ្រប់​គ្រង​ដែល​ល្អ​បំផុត?

បុត្រ​របស់​ព្រះ​ជា​ស្តេច​ដ៏​ល្អ​បំផុត ពីព្រោះ​លោក​មាន​ចិត្ត​សប្បុរស គាំទ្រ​អ្វី​ដែល​ត្រឹម​ត្រូវ និង​មាន​ឫទ្ធានុភាព​គ្រប់​គ្រាន់​ដើម្បី​ជួយ​មនុស្ស​ជាតិ។ (​ម៉ាថាយ ១១:២៨​-​៣០​) ក្រោយ​ពេល​ដែល​ព្រះ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​រង់​ចាំ​នៅ​ខាង​ស្ដាំ​ដៃ​នៃ​ព្រះ​យេហូវ៉ា។ (​ហេប្រឺ ១០:១២, ១៣​) នៅ​ទី​បំផុត ព្រះ​បាន​ឲ្យ​លោក​មាន​ឫទ្ធានុភាព​ដើម្បី​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។—សូម​អាន ដានីយ៉ែល ៧:១៣, ១៤

៣​. តើ​អ្នក​ណា​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ?

មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ថា​«​ពួក​បរិសុទ្ធ​»​បាន​ត្រូវ​ព្រះ​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​ដានីយ៉ែល ៧:២៧​) មនុស្ស​មួយ​ក្រុម​ដំបូង​ដែល​ព្រះ​ជ្រើស​រើស​ធ្វើ​ជា​ពួក​បរិសុទ្ធ​គឺជា​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ។ ព្រះ​យេហូវ៉ា​បាន​បន្ត​ជ្រើស​រើស​បង​ប្អូន​ប្រុស​ស្រី​ដែល​ស្មោះ​ត្រង់​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ដូច​លោក​យេស៊ូ ពួក​គេ​នឹង​រស់​ឡើង​វិញ​ដោយ​មាន​រូប​កាយ​ជា​វិញ្ញាណ។—សូម​អាន យ៉ូហាន ១៤:១​-​៣; កូរិនថូសទី១ ១៥:៤២​-​៤៥

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌? លោក​យេស៊ូ​បាន​ហៅ​ពួក​គេ​ថា​«​ហ្វូង​តូច​»។ (​លូកា ១២:៣២​) ពួក​គេ​នឹង​មាន​ចំនួន​១៤៤.០០០​នាក់ ហើយ​ពួក​គេ​នឹង​គ្រប់​គ្រង​មក​លើ​ផែនដី​ជា​មួយ​នឹង​លោក​យេស៊ូ។—សូម​អាន ការ​បើក​បង្ហាញ ៥:៩, ១០; ១៤:១

៤​. តើ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?

លោក​យេស៊ូ​បាន​ក្លាយ​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤។ * មិន​យូរ​ក្រោយ​មក លោក​បាន​បោះ​សាថាន និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​មក​ផែនដី។ (​ការ​បើក​បង្ហាញ ១២:៧​-​១០, ១២​) តាំង​ពី​ពេល​នោះ​មក មនុស្ស​ជាតិ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ៗ។ សង្គ្រាម ការ​រញ្ជួយ​ដី ការ​អត់​ឃ្លាន រោគ​រាតត្បាត និង​ការ​ប្រឆាំង​ច្បាប់​គឺ​ជា​សញ្ញា​សម្គាល់​ដែល​បង្ហាញ​ថា​របៀប​របប​នៃ​ពិភព​លោក​នេះ​ជិត​ដល់​ទី​បញ្ចប់​ហើយ។ (​ធីម៉ូថេទី២ ៣:១​-​៥​) អស់​អ្នក​ដែល​ចង់​ទទួល​ប្រយោជន៍​ពី​រាជាណាចក្រ​របស់​ព្រះ​គួរ​រៀន​អំពី​របៀប​ដែល​អាច​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។—សូម​អាន លូកា ២១:​៧, ១០, ១១, ៣១, ៣៤, ៣៥

៥​. តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ?

តាម​រយៈ​កិច្ចការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក រាជាណាចក្រ​របស់​ព្រះ​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ជាតិ​សាសន៍​ឲ្យ​រៀន​អំពី​ព្រះ។ (​ម៉ាថាយ ២៤:១៤​) ពេល​ដែល​រាជាណាចក្រ​នេះ​បំផ្លាញ​របៀប​របប​ដ៏​អាក្រក់​នៃ​ពិភព​លោក នោះ​រាជាណាចក្រ​នេះ​នឹង​ការពារ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ។—សូម​អាន ការ​បើក​បង្ហាញ ៧:៩,១០, ១៣​-​១៧

ក្នុង​អំឡុង​ពេល​១.០០០​ឆ្នាំ រាជាណាចក្រ​នេះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​បន្ដិច​ម្ដង​ៗ។ នៅ​ទី​បំផុត លោក​យេស៊ូ​នឹង​ប្រគល់​រាជាណាចក្រ​នេះ​ដល់​បិតា​របស់​លោក​វិញ។ (​កូរិនថូសទី១ ១៥:២៤​-​២៦​) បើ​អ្នក​ស្គាល់​មនុស្ស​ម្នាក់​ដែល​ចាប់​អារម្មណ៍​អំពី​រាជាណាចក្រ​របស់​ព្រះ ជា​ការ​ល្អ​ឲ្យ​អ្នក​ប្រាប់​ពួក​គេ​កុំ​ខាន។—សូម​អាន ទំនុកតម្កើង ៣៧:១០, ១១, ២៩

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​៨​និង​ទី​៩​នៃ​សៀវភៅ​នេះ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​កំណត់​សម្គាល់​]

^ វគ្គ 13 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​នូវ​របៀប​ដែល​ទំនាយ​ក្នុង​គម្ពីរ​បាន​បញ្ជាក់​អំពី​ឆ្នាំ​១៩១៤ សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២៤៧​-​២៤៩ ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។