លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើកូនក្មេងគួររៀនអំពីអ្វី?

តើកូនក្មេងគួររៀនអំពីអ្វី?

តើ​កូន​ក្មេង​គួរ​រៀន​អំពី​អ្វី?

​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត​»។​—ធីម៉ូថេទី២ ៣:១៦

កូន​ក្មេង​គួរ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ។ តើ​ពួក​គេ​អាច​រៀន​សេចក្ដី​ពិត​នោះ​ពី​ណា? គឺ​ពី​គម្ពីរ​បរិសុទ្ធ​ដែល​ជា​សៀវភៅ​ដែល​មនុស្ស​គោរព​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​នេះ។

គម្ពីរ​ប្រៀប​ដូច​ជា​សំបុត្រ​ពី​ព្រះ។ ក្នុង​សំបុត្រ​នោះ ព្រះ​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​លោក និង​ផ្ដល់​ការ​ណែនាំ​ខាង​សីលធម៌។ សូម​កត់​សម្គាល់​អំពី​សេចក្ដី​បង្រៀន​ខ្លះ​ៗ​ដែល​មាន​នៅ​ក្នុង​គម្ពីរ និង​មេរៀន​ដែល​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រៀន​បាន​ដែរ។

តើ​ព្រះ​ចង់​ឲ្យ​យើង​ស្គាល់​អ្វី​ខ្លះ​អំពី​លោក?

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។—ទំនុកតម្កើង ៨៣:១៨

មេរៀន: ព្រះ​ជា​បុគ្គល​ពិត ហើយ​លោក​មាន​ឈ្មោះ។

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​ព្រះ​យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន​»។—របាក្សត្រទី១ ២៨:៩

មេរៀន: ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ទាំង​អស់​គ្នា​រួម​ទាំង​កូន​ក្មេង​ផង​ដែរ។ (​ទំនុកតម្កើង ១០:១៤; ១៤៦:៩​) លោក​ចង់​ឲ្យ​យើង​រៀន​អំពី​លោក។

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​កុំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់ . . . កូន​កំព្រា​ណា​ឡើយ បើ​ធ្វើ​ទុក្ខ​ដល់​គេ ហើយ​គេ​អំពាវ​នាវ​រក​អញ នោះ​អញ​នឹង​ឮ​សំ​រែក​របស់​គេ​ជា​មិន​ខាន​»។—និក្ខមនំ ២២:​២២​-​២៤

មេរៀន: ព្រះ​យេហូវ៉ា​ក៏​ស្ដាប់​ការ​អធិដ្ឋាន​របស់​កូន​ក្មេង​ដែរ។ យើង​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ព្រះ​ជា​រឿយ​ៗ ហើយ​ប្រាប់​លោក​អំពី​គំនិត និង​អារម្មណ៍​ដែល​កប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង​ដែល​គ្មាន​នរណា​ដឹង​ឡើយ។

អ្វី​ដែល​គម្ពីរ​បង្រៀន: ‹ពួក​គេ​ចេះ​តែ​ល្បង​ល​មើល​ព្រះ​ជា​និច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​អោយ​ព្រះ​ដ៏​វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាស់​ព្រះ​ហឫទ័យ›។—ទំនុកតម្កើង ៧៨:៤១, ខ.ស.

មេរៀន: ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​គួរ​គិត​មុន​យើង​និយាយ​ឬ​ធ្វើ​អ្វី​មួយ។

តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​មនុស្ស​ដែល​មាន​ជាតិ​សាសន៍ និង​សាសនា​ខុស​ពី​យើង?

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។—សកម្មភាព ១០:៣៤, ៣៥

មេរៀន: បើ​ព្រះ​មិន​ចេះ​រើស​មុខ ហើយ​ពេញ​ចិត្ត​មនុស្ស​ពី​គ្រប់​មជ្ឈដ្ឋាន យើង​ក៏​មិន​ត្រូវ​ប្រកាន់​អ្នក​ឯ​ទៀត​ដោយ​សារ​គេ​មាន​ពណ៌​សម្បុរ​ឬ​ទម្រង់​មុខ​ខុស​ពី​យើង​ដែរ។

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការពារ​សេចក្ដី​សង្ឃឹម​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូតបូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។—ពេត្រុស​ទី​១ ៣:១៥

មេរៀន: ពេល​និយាយ​អំពី​រឿង​សាសនា​ជា​មួយ​អ្នក​ឯ​ទៀត យើង​គួរ​បញ្ចេញ​ទស្សនៈ​របស់​យើង​ដោយ​មាន​ទំនុក​ចិត្ត និង​ដោយ​ចិត្ត​ស្លូតបូត។ យើង​ក៏​គួរ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​មាន​ជំនឿ​សាសនា​ផ្សេង​ពី​យើង​ដែរ។

តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​សមាជិក​គ្រួសារ​របស់​យើង?

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​កូន​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត​»។—កូឡុស ៣:២០

មេរៀន: កូន​ក្មេង​ដែល​ចេះ​ស្ដាប់​បង្គាប់​ស​ឲ្យ​ឃើញ​ថា​ពួក​គេ​មិន​គ្រាន់តែ​ស្រឡាញ់​ឪពុក​ម្ដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ថា​ពួក​គេ​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ដែរ។

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​អភ័យទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ម្ល៉ោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ​ដែរ​»។—កូឡុស ៣:១៣

មេរៀន: ជួនកាល​មនុស្ស​ឯ​ទៀត រួម​ទាំង​សមាជិក​ក្នុង​គ្រួសារ​របស់​យើង នឹង​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។ ប៉ុន្តែ​បើ​យើង​ចង់​ទទួល​ការ​អភ័យទោស​ពី​ព្រះ យើង​ត្រូវ​រៀន​ឲ្យ​ចេះ​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត។—ម៉ាថាយ ៦:១៤, ១៥

ហេតុ​អ្វី​យើង​គួរ​ទៀង​ត្រង់​និង​សប្បុរស?

អ្វី​ដែល​គម្ពីរ​បង្រៀន: ‹ចូរ​បោះបង់​ចោល​ពាក្យ​មិន​ពិត ហើយ​ចូរ​ម្នាក់​ៗ​និយាយ​សេចក្ដី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន›។—អេភេសូរ ៤:២៥

មេរៀន: ពេល​យើង​និយាយ​ពាក្យ​ពិត យើង​កំពុង​យក​តម្រាប់​តាម​ព្រះ ហើយ​នេះ​ធ្វើ​ឲ្យ​លោក​រីករាយ។ បើ​យើង​មាន​ទម្លាប់​និយាយ​កុហក យើង​យក​តម្រាប់​តាម​សត្រូវ​របស់​ព្រះ​គឺជា​មេកំណាច ដែល​វា​ជា​«​ឪពុក​នៃ​ការ​ភូតភរ​»។—យ៉ូហាន ៨:៤៤; ទីតុស ១:២

អ្វី​ដែល​គម្ពីរ​បង្រៀន: ​«​អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។—ម៉ាថាយ ៧:១២

មេរៀន: យើង​គួរ​ចេះ​យោគ​យល់​ដល់​អារម្មណ៍​គំនិត និង​តម្រូវ​ការ​របស់​សមាជិក​ក្នុង​ក្រុម​គ្រួសារ ថែម​ទាំង​របស់​អ្នក​ឯ​ទៀត​ក្នុង​សហគមន៍​យើង​ផង​ដែរ។ ពេល​ដែល​យើង​បង្ហាញ​ការ​«​កើត​ទុក្ខ​ជា​មួយ​គ្នា​»​ នោះ​អ្នក​ឯ​ទៀត​ទំនង​ជា​រាប់​អាន​យើង​ដោយ​ចិត្ត​សប្បុរស។—ពេត្រុសទី១ ៣:៨; លូកា ៦:៣៨

ដូច​ឧទាហរណ៍​ទាំង​នេះ​បាន​បង្ហាញ មេរៀន​ផ្សេង​ៗ​ដែល​មាន​ក្នុង​គម្ពីរ​អាច​ជួយ​កូន​ក្មេង​ឲ្យ​ចេះ​មាន​ចិត្ត​ដឹង​គុណ ចេះ​បង្ហាញ​ការ​គោរព និង​ចេះ​យល់​ចិត្ត​របស់​អ្នក​ឯ​ទៀត​ពេល​ខ្លួន​ធំ​ឡើង។ ប៉ុន្តែ តើ​នរណា​ជា​អ្នក​ដែល​គួរតែ​បង្រៀន​មេរៀន​ទាំង​នេះ​ដល់​កូន​ក្មេង?