តើមានអ្នកណានៅពីក្រោយខ្នងអំពើអាក្រក់ទាំងអស់ឬទេ?
តើមានអ្នកណានៅពីក្រោយខ្នងអំពើអាក្រក់ទាំងអស់ឬទេ?
ក្នុងអំឡុងឆ្នាំ១៩៩៤ មេបញ្ជាការកងទ័ពនៃអង្គការសហប្រជាជាតិនៅប្រទេសរ្វ៉ាន់ដា និយាយថា៖ «ខ្ញុំបានចូលដៃជាមួយនឹងមេកំណាច»។ ពាក្យនេះបានបញ្ជាក់អំពីបរាជ័យរបស់ពួកគេក្នុងការធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការសម្លាប់រង្គាលក្នុងប្រទេសនោះ។ អ្នកសង្កេតការណ៍ម្នាក់ទៀតបានរៀបរាប់អំពីសភាពដ៏សាហាវព្រៃផ្សៃដែលមិនគួរឲ្យជឿនៅពេលនោះ ដោយនិយាយថា៖ «បើអ្នកណានៅតែបដិសេធថាគ្មាន[មេកំណាច]សាថាន ឲ្យអ្នកនោះមកជួបខ្ញុំនៅលើគំនរសាកសពក្នុងប្រទេសរ្វ៉ាន់ដា»។ តើអំពើសាហាវយង់ឃ្នងបែបនេះពិតជាមកពីមេកំណាចឬទេ?
មនុស្សភាគច្រើនមិនបានយល់ឃើញទេថាអំពើហិង្សាសាហាវព្រៃផ្សៃ និងអំពើកាចសាហាវកើតមកពីបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញនោះ។ មនុស្សជាច្រើនគិតថាអំពើបែបនេះគឺមកពីអំពើអាក្រក់ដែលមានក្នុងខ្លួនរបស់មនុស្សតាំងពីកំណើត ហើយថាដើមហេតុនៃអំពើអាក្រក់គឺមកពីការប្រព្រឹត្តរបស់យើង។ អ្នកខ្លះទៀតគិតថាមានបណ្ដាញសម្ងាត់នៅទូទាំងពិភពលោក គឺជាមនុស្សដែលមានលុយ និងមានអំណាច ហើយពួកគេបានកាន់កាប់លើមនុស្សអស់ជាច្រើនទសវត្សរ៍មកហើយដើម្បីគ្រប់គ្រងលើពិភពលោកនេះ។ ម្យ៉ាងទៀត មនុស្សខ្លះទម្លាក់កំហុសទៅលើរដ្ឋាភិបាល និងអ្នកគ្រប់គ្រងទាំងឡាយចំពោះភាពអយុត្ដិធម៌និងទុក្ខវេទនាដែលពួកគេឃើញ។
តើលោកអ្នកយល់យ៉ាងណា? ទោះជាមនុស្សខំបង្ការក៏ដោយ ហេតុអ្វីអំពើអាក្រក់ អំពើឃោរឃៅ អំពើសាហាវយង់ឃ្នង និងទុក្ខវេទនាមានពាសពេញផែនដីនៅសព្វថ្ងៃនេះ? ហេតុអ្វីបានជាពិភពលោកកំពុងឈានទៅរកការហិនវិនាស ទោះជាមានការព្រមានម្ដងហើយម្ដងទៀតក៏ដោយ? តើមានអ្នកណានៅពីក្រោយខ្នងអ្វីៗទាំងអស់នេះឬទេ? តើអ្នកណាពិតជាអ្នកគ្រប់គ្រងពិភពលោកនេះ? ចម្លើយចំពោះសំណួរទាំងនេះប្រហែលជានឹងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលមែន។