លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកឲ្យព្រះយេហូវ៉ាធ្វើជាចំណែករបស់អ្នកឬទេ?

តើអ្នកឲ្យព្រះយេហូវ៉ាធ្វើជាចំណែករបស់អ្នកឬទេ?

តើ​អ្នក​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចំណែក​របស់​អ្នក​ឬ​ទេ?

​«​ចូរ​បន្ត​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។—ម៉ាថ. ៦:៣៣

១, ២​. (​ក​) តើ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​កាឡាទី ៦:​១៦​តំណាង​អ្នក​ណា? (​ខ​)​ យោង​ទៅ​តាម​ម៉ាថាយ ១៩:២៨ តើ​«​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​»​តំណាង​អ្នក​ណា?

ពេល​ដែល​អ្នក​អាន​ពាក្យ​អ៊ីស្រាអែល​ក្នុង​គម្ពីរ តើ​អ្នក​គិត​អំពី​អ្វី? តើ​អ្នក​គិត​ដល់​យ៉ាកុប​ដែល​ជា​កូន​ប្រុស​របស់​អ៊ីសាក ជា​អ្នក​ដែល​ព្រះ​បាន​ដូរ​ឈ្មោះ​ឲ្យ​គាត់​ថា​អ៊ីស្រាអែល​ឬ? ឬ​ក៏​តើ​អ្នក​គិត​អំពី​កូន​ចៅ​របស់​គាត់​ដែល​ជា​ប្រជាជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​វិញ? ចុះ​យ៉ាង​ណា​អំពី​អ៊ីស្រាអែល​ក្នុង​ន័យ​ធៀប ឬ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​? ពួក​គេ​ជា​ក្រុម​មនុស្ស​១៤៤.០០០​នាក់ ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​ដើម្បី​ធ្វើ​ជា​ស្តេច និង​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌។ (​កាឡ. ៦:១៦; បប. ៧:៤; ២១:១២​) ប៉ុន្តែ ឈ្មោះ​អ៊ីស្រាអែល​បាន​ត្រូវ​ប្រើ​តាម​វិធី​ពិសេស​មួយ​ទៀត ដូច​បាន​កត់​ទុក​នៅ​ម៉ាថាយ ១៩:២៨

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​គ្រា​បង្កើត​សា​ជា​ថ្មី ពេល​ដែល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​រុងរឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​កាន់​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​វិនិច្ឆ័យ​សេចក្ដី​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​»។ ក្នុង​ខ​នេះ ​«​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​»​ជា​ពួក​អ្នក​ដែល​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី​ជា​សួន​ឧទ្យាន ហើយ​ពួក​គេ​ក៏​ត្រូវ​វិនិច្ឆ័យ​ដោយ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​ព្រះ​បាន​រើស​តាំង​ទៅ​ស្ថាន​សួគ៌​ដែរ។ ពួក​គេ​នឹង​ទទួល​ប្រយោជន៍​ពី​កិច្ច​បម្រើ​ជា​សង្ឃ​របស់​ពួក​១៤៤.០០០​នាក់។

៣, ៤​. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដ៏​ស្មោះ​ត្រង់​បាន​ទុក​គំរូ​ល្អ​អ្វី?

ដូច​ពួក​សង្ឃ​និង​ពួក​លេវី​ពី​សម័យ​បុរាណ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​សព្វ​ថ្ងៃ​នេះ​ក៏​ចាត់​ទុក​កិច្ច​បម្រើ​របស់​ពួក​គេ​ជា​ឯកសិទ្ធិ​ដែរ។ (​ជន. ១៨:២០​) ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​តម្រូវ​ឲ្យ​ព្រះ​ផ្ដល់​ទី​កន្លែង​ស្នាក់​នៅ​ឲ្យ​ពួក​គេ​នៅ​លើ​ផែនដី​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទន្ទឹង​ចាំ​ធ្វើ​ជា​ស្តេច​និង​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត។ ពួក​គេ​នឹង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​បំពេញ​ភារកិច្ច​របស់​ពួក​គេ ដូច​បាន​បង្ហាញ​នៅ​ការ​បើក​បង្ហាញ ៤:១០, ១១ ដែល​បញ្ជាក់​អំពី​មុខ​ងារ​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌។—អេស. ៤៤:២៨

កាល​ដែល​នៅ​ផែនដី​នៅ​ឡើយ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​របៀប​រស់​នៅ​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ។ ឯកសិទ្ធិ​បម្រើ​ព្រះ​គឺជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ពួក​គេ។ ពួក​គេ​បង្ហាញ​ជំនឿ​ទៅ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ ហើយ​បន្ត​កាន់​តាម​លោក យ៉ាង​នេះ ពួក​គេ​«​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ​និង​ជ្រើស​រើស​»។ (​២ពេ. ១:​១០​) ពួក​គេ​ម្នាក់​ៗ​មាន​កាលៈទេសៈ​និង​សមត្ថភាព​ខុស​ៗ​គ្នា។ ប៉ុន្តែ ពួក​គេ​មិន​បាន​ប្រើ​កម្រិត​សមត្ថភាព​នោះ​ដើម្បី​រក​លេស​កាត់​បន្ថយ​សកម្មភាព​ក្នុង​កិច្ច​បម្រើ​របស់​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ចាត់​ទុក​កិច្ច​បម្រើ​ចំពោះ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត និង​ខំ​ប្រឹង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព។ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ទុក​គំរូ​ដ៏​ល្អ​សម្រាប់​ពួក​អ្នក​ដែល​មាន​សង្ឃឹម​រស់​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។

៥​. តើ​ពួក​គ្រិស្ត​សាសនិក​ទាំង​ឡាយ​អាច​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ពិបាក​ឲ្យ​យើង​ធ្វើ​ដូច្នេះ?

មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី យើង​ត្រូវ​‹ប្រគល់​ខ្លួន​ឲ្យ​ព្រះ ហើយ​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន រួច​ទៅ​តាម​គ្រិស្ត​ជា​ដរាប›។ (​ម៉ាថ. ១៦:២៤​) មនុស្ស​រាប់​លាន​នាក់​ដែល​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ដែល​ជា​សួន​ឧទ្យាន កំពុង​គោរព​ប្រណិប័តន៍​ព្រះ​និង​កាន់​តាម​លោក​យេស៊ូ​តាម​របៀប​នេះ។ ពេល​ដែល​ពួក​គេ​ដឹង​ថា​ពួក​គេ​អាច​ធ្វើ​បាន​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ នោះ​ពួក​គេ​មិន​សុខ​ចិត្ត​ធ្វើ​តែ​បន្ដិច​បន្តួច​ឡើយ។ បង​ប្អូន​ជា​ច្រើន​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​រក្សា​ជីវភាព​ឲ្យ​បាន​សាមញ្ញ ហើយ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ រាល់​ឆ្នាំ បង​ប្អូន​ឯ​ទៀត​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ខែ​ខ្លះ។ ប៉ុន្តែ ចំពោះ​បង​ប្អូន​ខ្លះ​ទៀត ទោះ​ជា​ពួក​គេ​មិន​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ពួក​អ្នក​ទាំង​នោះ​មាន​ចិត្ត​ដូច​នាង​ម៉ារៀ​ដែល​បាន​ចាក់​ប្រេង​លើ​ក្បាល​លោក​យេស៊ូ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នាង​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​ខ្ញុំ . . . នាង​បាន​ធ្វើ​អស់ពី​សមត្ថភាព​»។ (​ម៉ាក. ១៤:៦​-​៨​) ការ​ធ្វើ​អស់ពី​សមត្ថភាព​របស់​យើង​មិន​ងាយ​ស្រួល​ទេ ព្រោះ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន។ ដូច្នេះ យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​និង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ សូម​ពិចារណា​អំពី​របៀប​ដែល​យើង​ធ្វើ​ដូច្នេះ​តាម​វិធី​បួន​យ៉ាង។

ស្វែងរក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន

៦​. (​ក​) តើ​មនុស្ស​ទូទៅ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ចំណែក​របស់​ពួក​គេ​មាន​តែ​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ? (​ខ​)​ ហេតុ​អ្វី​ល្អ​ជាង​បើ​យើង​មាន​ទស្សនៈ​ដូច​ដាវីឌ?

លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្វែងរក​រាជាណាចក្រ និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន។ ធម្មតា មនុស្ស​ក្នុង​ពិភព​លោក​នេះ​ស្វែងរក​ប្រយោជន៍​ខ្លួន​មុន​អ្វី​ៗ​ទាំង​អស់។ គម្ពីរ​ហៅ​ពួក​គេ​ថា​៖ ​«​មនុស្ស​នៅ​លោកីយ​នេះ ដែល​មាន​ចំណែក​របស់​គេ​នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ​»។ (​សូម​អាន ទំនុកតម្កើង ១៧:១, ១៣​-​១៥) ដោយ​មិន​ខ្វាយខ្វល់​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត នោះ​មនុស្ស​ជា​ច្រើន​ខ្វល់​តែ​អំពី​ការ​ធ្វើ​ឲ្យ​ជីវិត​បាន​ស្រណុក​ស្រួល ចិញ្ចឹម​ក្រុម​គ្រួសារ និង​ទុក​មត៌ក​ឲ្យ​កូន​ចៅ។ ចំណែក​របស់​ពួក​គេ​មាន​តែ​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ ដាវីឌ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​ឲ្យ​មាន​«​ឈ្មោះ​ល្អ​»​ចំពោះ​ព្រះ​យេហូវ៉ា។ ច្រើន​ឆ្នាំ​ក្រោយ​មក សាឡូម៉ូន​ដែល​ជា​កូន​របស់​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ទាំង​អស់​ធ្វើ​ដូច្នេះ​ដែរ។ (​សាស្ដ. ៧:១​) ដូច​អេសាភ ដាវីឌ​បាន​ដឹង​ថា​ការ​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ គាត់​មាន​អំណរ​ក្នុង​ការ​ដើរ​ជា​មួយ​នឹង​ព្រះ។ នៅ​សព្វ​ថ្ងៃ​នេះ ពួក​គ្រិស្ត​សាសនិក​ជា​ច្រើន​បាន​បង្ហាញ​ថា​កិច្ច​បម្រើ​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​ការងារ។

៧​. ដោយ​សារ​បង​ប្រុស​ម្នាក់​ស្វែងរក​រាជាណាចក្រ​ជា​មុន តើ​គាត់​បាន​ទទួល​ពរ​អ្វី​ខ្លះ?

សូម​ពិចារណា​អំពី​បង​ប្រុស​ម្នាក់​ឈ្មោះ​ចន ក្លូត ដែល​រស់​នៅ​សាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ គាត់​ជា​អ្នក​ចាស់​ទុំ​ដែល​មាន​គ្រួសារ​និង​កូន​បី​នាក់។ នៅ​ប្រទេស​នោះ ការ​ស្វែងរក​ការងារ​ជា​ការ​ពិបាក​ណាស់ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​កុំ​ឲ្យ​បាត់បង់​ការងារ​របស់​ពួក​គេ។ នៅ​ថ្ងៃ​មួយ ប្រធាន​ផ្នែក​ផលិតផល​បាន​ប្រាប់​បង​ចន ក្លូត​ឲ្យ​ធ្វើ​ការ​នៅ​ពេល​យប់ ដែល​ចាប់​ផ្ដើម​នៅ​ម៉ោង​៦:៣០​ល្ងាច ហើយ​ត្រូវ​ធ្វើ​ការ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ បង​ចន ក្លូត​បាន​ពន្យល់​ប្រធាន​នោះ​ថា បន្ថែម​ពី​លើ​ការ​ផ្គត់​ផ្គង់​គ្រួសារ​របស់​គាត់​ខាង​សម្ភារៈ គាត់​ត្រូវ​ជួយ​ប្រពន្ធ​កូន​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ។ គាត់​ក៏​បាន​បញ្ជាក់​ថា គាត់​មាន​ភារកិច្ច​ជួយ​ក្រុម​ជំនុំ​ដែរ។ តើ​ប្រធាន​នោះ​តប​ឆ្លើយ​យ៉ាង​ណា? គាត់​ថា​៖ ​«​បើ​អ្នក​មាន​សំណាង​បាន​ការងារ​ធ្វើ អ្នក​ត្រូវ​បំភ្លេច​អ្វី​ៗ​ឯ​ទៀត រួម​ទាំង​ប្រពន្ធ កូន និង​បញ្ហា​របស់​អ្នក​ផង​ដែរ។ អ្នក​ត្រូវ​តែ​គិត​អំពី​ការងារ​ប៉ុណ្ណោះ។ ឥឡូវ​អ្នក​ត្រូវ​សម្រេច​ចិត្ត​ថា​យក​សាសនា ឬ​ក៏​ការងារ​របស់​អ្នក​»។ បើ​អ្នក​ស្ថិត​ក្នុង​កាលៈទេសៈ​នេះ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? ចំពោះ​បង​ចន ក្លូត​វិញ គាត់​ដឹង​ថា បើ​គាត់​បាត់បង់​ការងារ ព្រះ​នឹង​មើល​ថែ​រក្សា​គាត់។ គាត់​នឹង​មាន​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ធ្វើ​ក្នុង​កិច្ច​បម្រើ ហើយ​ព្រះ​យេហូវ៉ា​នឹង​ជួយ​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​ការ។ ហេតុ​នេះ​ហើយ គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​អំឡុង​សប្ដាហ៍​នោះ។ ក្រោយ​មក គាត់​រៀបចំ​ដើម្បី​ទៅ​ធ្វើ​ការ ទាំង​មិន​ដឹង​ច្បាស់​ថា​គាត់​នឹង​អាច​មាន​ការងារ​ទៀត​ឬ​អត់​នោះ​ទេ។ នៅ​ពេល​នោះ គាត់​បាន​ទទួល​ទូរស័ព្ទ។ ប្រធាន​នោះ​បាន​ត្រូវ​គេ​បណ្ដេញ​ចេញ ប៉ុន្តែ​បង​ប្រុស​របស់​យើង​នៅ​តែ​មាន​ការងារ​របស់​គាត់​ដដែល។

៨, ៩​. ក្នុង​ការ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​យើង តើ​យើង​អាចយ​ក​តម្រាប់​តាម​ពួក​សង្ឃ​និង​ពួក​លេវី​ក្នុង​ន័យ​អ្វី?

បង​ប្អូន​ខ្លះ​ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​អាច​បាត់បង់​ការងារ ប្រហែលជា​ធ្លាប់​ឆ្ងល់​ថា​‹តើ​ខ្ញុំ​នឹង​បំពេញ​ភារកិច្ច​របស់​ខ្ញុំ​ក្នុង​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?›។ (​១ធី. ៥:៨​) មិន​ថា​អ្នក​បាន​ជួប​ការ​ពិបាក​ស្រដៀង​នេះ​ឬ​អត់ អ្នក​ទំនង​ជា​ធ្លាប់​ពិសោធ​ថា បើ​អ្នក​យក​ព្រះ​ជា​ចំណែក​របស់​អ្នក និង​ចាត់​ទុក​កិច្ច​បម្រើ​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត នោះ​អ្នក​នឹង​មិន​ដែល​ខក​ចិត្ត​ឡើយ។ ពេល​លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ត​ស្វែងរក​រាជាណាចក្រ​ជា​មុន លោក​ធានា​ពួក​គេ​ថា​៖ ​«​របស់​ទាំង​នេះ​»​ដែល​មាន​ដូច​ជា​ចំណី​អាហារ ឬ​សម្លៀក​បំពាក់ នោះ​‹ព្រះ​នឹង​ផ្ដល់​ឲ្យ›។—ម៉ាថ. ៦:៣៣

សូម​គិត​អំពី​ពួក​លេវី​ដែល​មិន​បាន​ទទួល​ដី​ជា​មត៌ក។ ដោយ​សារ​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ​ជា​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ពួក​គេ នោះ​ពួក​គេ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​សម្រាប់​ការ​ផ្គត់​ផ្គង់ ដូច​លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អញ​ជា​ចំណែក​ដល់​ឯង​»។ (​ជន. ១៨:​២០​) ទោះ​ជា​យើង​មិន​បម្រើ​នៅ​ឯ​វិហារ​របស់​ព្រះ​ដូច​ពួក​សង្ឃ​និង​ពួក​លេវី​ក៏​ដោយ យើង​អាចយ​ក​តម្រាប់​តាម​ចិត្ត​គំនិត​របស់​ពួក​គេ ក្នុង​ការ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​យើង។ កាល​ដែល​ទី​បញ្ចប់​កាន់​តែ​កៀក​ណាស់​ហើយ នោះ​គឺ​សំខាន់​ជាង​មុន​ទៅ​ទៀត​ឲ្យ​យើង​ទុក​ចិត្ត​ថា​ព្រះ​មាន​ឫទ្ធានុភាព​ដើម្បី​ផ្គត់​ផ្គង់​យើង។—បប. ១៣:១៧

ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន

១០, ១១​. ស្តី​អំពី​ការងារ តើ​បង​ប្អូន​ខ្លះ​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

១០ លោក​យេស៊ូ​ក៏​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​«​បន្ត​ស្វែងរក . . . សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន​»​ដែរ។ (​ម៉ាថ. ៦:​៣៣​) នេះ​មាន​ន័យ​ថា​យើង​ធ្វើ​តាម​ទស្សនៈ​របស់​ព្រះ​ស្តី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ជា​ជាង​ធ្វើ​តាម​ទស្សនៈ​របស់​មនុស្ស។ (​សូម​អាន អេសាយ ៥៥:៨, ៩) អ្នក​ប្រហែលជា​នឹក​ចាំ​ថា មនុស្ស​មួយ​ចំនួន​ធ្លាប់​ជា​អ្នក​ដាំ​ថ្នាំជក់ ឬ​លក់​ផលិតផល​ពី​ថ្នាំជក់ បង្រៀន​អ្នក​ឯ​ទៀត​ក្នុង​ការ​ធ្វើសង្គ្រាម ឬ​ផលិត និង​លក់​អាវុធ​សម្រាប់​សង្គ្រាម។ ប៉ុន្តែ ក្រោយ​ពី​ពួក​គេ​រៀន​សេចក្ដី​ពិត ពួក​គេ​ភាគ​ច្រើន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​មុខ​របរ​របស់​ពួក​គេ ហើយ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។—អេ. ២:៤; ២កូ. ៧:១; កាឡ. ៥:១៤

១១ បង​ប្រុស​អេនទ្រូ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ធ្វើ​ដូច្នេះ។ ពេល​គាត់​និង​ប្រពន្ធ​របស់​គាត់​រៀន​អំពី​ព្រះ​យេហូវ៉ា ពួក​គេ​សម្រេច​ចិត្ត​បម្រើ​លោក។ បង​អេនទ្រូ​ចូល​ចិត្ត​ការងារ​របស់​គាត់​ខ្លាំង​ណាស់ ប៉ុន្តែ​គាត់​សុខ​ចិត្ត​លះ​បង់​វា។ ហេតុ​អ្វី? ពីព្រោះ​គាត់​ធ្វើ​ការ​ឲ្យ​អង្គការ​មួយ​ដែល​ចូល​រួម​ក្នុង​ការ​ធ្វើសង្គ្រាម ហើយ​គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា​ចង់​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន។ បង​អេនទ្រូ​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក ពេល​ដែល​គាត់​ឈប់​ធ្វើ​ការ​នៅ​ទី​នោះ គាត់​គ្មាន​ប្រាក់​ចំណូល ហើយ​គាត់​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​តែ​ពីរ​បី​ខែ​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ។ តាម​ទស្សនៈ​មនុស្ស មើល​ទៅ​គាត់​ប្រហែលជា​គ្មាន​‹មត៌ក›​អ្វី​ឡើយ។ ប៉ុន្តែ គាត់​ខំ​ស្វែងរក​ការងារ​ដោយ​ទុក​ចិត្ត​ទៅ​លើ​ព្រះ។ ពេល​គិត​អំពី​អតីតកាល គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​អាច​និយាយ​បាន​ថា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ជួយ​ពួក​គេ​មែន។ (​អេ. ៥៩:​១​) ដោយ​រក្សា​ជីវិត​ឲ្យ​នៅ​សាមញ្ញ បង​អេនទ្រូ និង​ប្រពន្ធ​របស់​គាត់​ក៏​ធ្លាប់​មាន​ឯកសិទ្ធិ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ដែរ។ គាត់​បាន​រៀប​រាប់​ថា​៖ ​«​មាន​ពេល​ខ្លះ​យើង​ក៏​ព្រួយ​បារម្ភ​អំពី​រឿង​លុយ​កាក់ ទី​លំនៅ សុខភាព និង​វ័យ​កាន់​តែ​ចាស់​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​យើង​ជា​និច្ច . . . យើង​អាច​និយាយ​ដោយ​គ្មាន​ការ​សង្ស័យ​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ប្រយោជន៍ និង​ជា​អ្វី​ដែល​នាំ​ឲ្យ​មនុស្ស​មាន​កិត្ដិយស​បំផុត​»។—សាស្ដ. ១២:១៣

១២​. ដើម្បី​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន តើ​អ្នក​ត្រូវ​មាន​គុណ​សម្បត្ដិ​អ្វី? សូម​រៀប​រាប់​បទ​ពិសោធន៍​ក្នុង​តំបន់​របស់​អ្នក។

១២ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ប្រសិនបើ​អ្នក​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត នោះ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ​ទៅ​កន្លែង​ផ្សេង› នោះ​វា​នឹង​រើ​ទៅ​មែន ហើយ​នឹង​គ្មាន​អ្វី​ដែល​អ្នក​ធ្វើ​ពុំ​កើត​ឡើយ​»។ (​ម៉ាថ. ១៧:២០​) តើ​អ្នក​នឹង​នៅ​តែ​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​ឬ​ទេ បើ​នេះ​នាំ​ឲ្យ​អ្នក​ពិបាក? បើ​អ្នក​មិន​ប្រាកដ​ថា​អ្នក​អាច​ធ្វើ​បាន​ឬ​អត់​នោះ សូម​និយាយ​ជា​មួយ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ បទ​ពិសោធន៍​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ ប្រាកដជា​ធ្វើ​ឲ្យ​ជំនឿ​របស់​អ្នក​កាន់​តែ​រឹង​មាំ​ជាង​មុន។

ដឹង​គុណ​ចំពោះ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា

១៣​. ពេល​យើង​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ទុក​ចិត្ត​ថា​លោក​នឹង​ផ្ដល់​អ្វី​ឲ្យ​យើង?

១៣ បើ​អ្នក​ចាត់​ទុក​ឯកសិទ្ធិ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​មាន​តម្លៃ អ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​លោក​នឹង​ផ្គត់​ផ្គង់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត និង​ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក ដូច​លោក​បាន​ធ្វើ​ចំពោះ​ពួក​លេវី​ដែរ។ សូម​គិត​អំពី​ដាវីឌ។ ទោះ​ជា​គាត់​រស់​នៅ​ក្នុង​រូង​ភ្នំ​ក៏​ដោយ គាត់​អាច​ទុក​ចិត្ត​ថា​ព្រះ​នឹង​ផ្គត់​ផ្គង់​គាត់។ យើង​ក៏​អាច​ពឹង​ផ្អែក​ទៅ​លើ​លោក​ដែរ ទោះ​ជា​យើង​គិត​ថា​គ្មាន​ផ្លូវ​ណា​អាច​ដោះ​ស្រាយ​បាន​ក៏​ដោយ។ សូម​នឹក​ចាំ​ថា​ពេល​អេសាភ​បាន​«​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​»​ នោះ​គាត់​យល់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ។ (​ទំនុក. ៧៣:១៧​) ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា ដែល​លោក​នឹង​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​លោក។ ការ​ធ្វើ​ដូច្នេះ​នឹង​បង្ហាញ​ថា​យើង​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ឯកសិទ្ធិ​ក្នុង​ការ​បម្រើ​ព្រះ​មិន​ថា​យើង​ជួប​កាលៈទេសៈ​ណា​ក៏​ដោយ។ យ៉ាង​នេះ យើង​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចំណែក​របស់​យើង។

១៤, ១៥​. ពេល​មាន​ការ​យល់​ដឹង​ថ្មី​ៗ តើ​អ្នក​គួរ​មាន​អារម្មណ៍​យ៉ាង​ណា? ហើយ​ហេតុ​អ្វី?

១៤ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ព្រះ​យេហូវ៉ា​ជួយ​បំភ្លឺ​«​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​»​ដែល​មាន​ក្នុង​គម្ពីរ? (​១កូ. ២:១០​-​១៣​) យើង​មាន​គំរូ​ដ៏​ល្អ​ស្តី​អំពី​អារម្មណ៍​របស់​សាវ័ក​ពេត្រុស ពេល​លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​ដែល​ស្ដាប់​លោក​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​របស់​កូន​មនុស្ស ហើយ​មិន​ផឹក​ឈាម​របស់​លោក នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ​»។ ដោយ​គិត​ក្នុង​ន័យ​ត្រង់ ពួក​អ្នក​កាន់​តាម​ជា​ច្រើន​បាន​និយាយ​ថា​៖ ​«​សម្ដី​នេះ​គួរ​ឲ្យ​ទាស់​ចិត្ត​ណាស់ តើ​អ្នក​ណា​អាច​ស្ដាប់​បាន?​»។ ក្រោយ​មក ពួក​គេ​«​បាន​ត្រឡប់​ទៅ​ប្រកប​កិច្ចការ​ពី​មុន​»។ ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូន. ៦:៥៣, ៦០, ៦៦, ៦៨

១៥ ពេត្រុស​មិន​បាន​យល់​ច្បាស់​នូវ​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ស្តី​អំពី​ការ​បរិភោគ​សាច់ និង​ការ​ផឹក​ឈាម​របស់​លោក​នោះ​ទេ។ ប៉ុន្តែ គាត់​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ឲ្យ​លោក​បំភ្លឺ​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ពេល​មាន​ការ​យល់​ដឹង​ថ្មី​ៗ តើ​អ្នក​ខំ​យល់​អំពី​មូលហេតុ​ដែល​មាន​ការ​កែប្រែ​នេះ​ថា​មាន​មូលដ្ឋាន​លើ​គម្ពីរ​ឬ​ទេ? (​សុភ. ៤:១៨​) នៅ​សតវត្សរ៍​ទី​១ ពួក​អ្នក​នៅ​ក្រុង​បេរៀ​បាន​ទទួល​បណ្ដាំ​របស់​ព្រះ​«​ដោយ​ក្ដី​រំភើប ក៏​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ​»។ (​សកម្ម. ១៧:១១​) ការ​យក​តម្រាប់​តាម​ពួក​គេ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ដឹង​គុណ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​ឯកសិទ្ធិ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ថែម​ទាំង​ចាត់​ទុក​លោក​ជា​ចំណែក​របស់​អ្នក​ទៀត​ផង។

រៀប​ការ​ជា​មួយ​អ្នក​កាន់​តាម​លោក​ម្ចាស់​តែ​ប៉ុណ្ណោះ

១៦​. ស្តី​អំពី​បង្គាប់​ដែល​មាន​ក្នុង​កូរិនថូសទី១ ៧:៣៩ តើ​ព្រះ​អាច​ក្លាយ​ទៅ​ជា​ចំណែក​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៦ វិធី​មួយ​ទៀត​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ចង​ចាំ​អំពី​គោល​បំណង​របស់​ព្រះ​ជា​និច្ច គឺ​ការ​អនុវត្ត​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​«​អ្នក​កាន់​តាម​លោក​ម្ចាស់​»​តែ​ប៉ុណ្ណោះ។ (​១កូ. ៧:​៣៩​) បង​ប្អូន​ជា​ច្រើន​សម្រេច​ចិត្ត​នៅ​លីវ​ជា​ជាង​ប្រឆាំង​នឹង​បង្គាប់​មួយ​នេះ។ ព្រះ​នឹង​ថែ​រក្សា​បង​ប្អូន​ទាំង​នេះ។ តើ​ដាវីឌ​បាន​ធ្វើ​អ្វី​ពេល​ដែល​គាត់​មាន​អារម្មណ៍​ឯកោ និង​ពេល​ដែល​គ្មាន​អ្នក​ជួយ​គាត់? គាត់​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​បង្ហូរ​សេចក្ដី​ទំនួញ​របស់​ទូល​បង្គំ​ចេញ​នៅ​ចំពោះ​[​ព្រះ​] ហើយ​ក្រាប​ទូល​ពី​សេចក្ដី​ទុក្ខ​លំបាក​របស់​ទូល​បង្គំ​នៅ​ចំពោះ​ទ្រង់​ដែរ កាល​វិញ្ញាណ​ទូល​បង្គំ​បាន​អន់​ថយ​នៅ​ក្នុង​ខ្លួន​»។ (​ទំនុក. ១៤២:១​-​៣​) ម្យ៉ាង​ទៀត យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​នៅ​លីវ ហើយ​គាត់​ក៏​ប្រហែលជា​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ដែរ។

១៧​. តើ​បង​ស្រី​ម្នាក់​បាន​ធ្វើ​យ៉ាង​ណា​ពេល​គាត់​មាន​អារម្មណ៍​ឯកោ?

១៧ បង​ស្រី​ម្នាក់​ដែល​រស់​នៅ​សហរដ្ឋអាម៉េរិក​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​នៅ​លីវ​រហូត​ទេ។ តាម​ពិត ខ្ញុំ​ចង់​រៀប​ការ​ពេល​ខ្ញុំ​ជួប​បុរស​ដែល​សម​នឹង​យក​មក​ធ្វើ​ជា​គូ។ ម្ដាយ​ខ្ញុំ​ដែល​មិន​មែន​ជា​សាក្សី គាត់​បង្ខំ​ខ្ញុំ​ឲ្យ​រៀប​ការ​ជា​មួយ​បុរស​ណា​ក៏​ដោយ​ដែល​ពេញ​ចិត្ត​ខ្ញុំ។ ខ្ញុំ​បាន​សួរ​គាត់​ថា តើ​គាត់​នឹង​ទទួល​ខុស​ត្រូវ​ឬ​ទេ បើ​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​មិន​បាន​ជោគជ័យ​នោះ? យូរ​ៗ​ទៅ ពេល​គាត់​ឃើញ​ថា​ខ្ញុំ​មាន​ការងារ​ល្អ ចេះ​មើល​ថែ​ខ្លួន និង​តែង​តែ​រីករាយ​ក្នុង​ចិត្ត នោះ​គាត់​ក៏​ឈប់​បង្ខំ​ខ្ញុំ​ទៀត​»។ ជួនកាល បង​ស្រី​នេះ​ក៏​មាន​អារម្មណ៍​ឯកោ​ដែរ។ គាត់​រៀប​រាប់​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ​ខំ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​លោក​មិន​ដែល​បោះបង់​ខ្ញុំ​ចោល​ទេ​»។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា? គាត់​បន្ត​ថា​៖ ​«​ការ​អធិដ្ឋាន​បាន​ជួយ​ខ្ញុំ​ឲ្យ​ចាត់​ទុក​ព្រះ​ជា​បុគ្គល​មួយ​ពិត ហើយ​ថា​ខ្ញុំ​មិន​ដែល​នៅ​ម្នាក់​ឯង​ឡើយ។ ខ្ញុំ​ប្រាកដជា​មាន​អំណរ​និង​កិត្ដិយស​មែន ព្រោះ​ខ្ញុំ​ដឹង​ថា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើស​កល​លោក​នេះ​ស្ដាប់​ការ​អធិដ្ឋាន​របស់​ខ្ញុំ​»។ ដោយ​មាន​ទំនុក​ចិត្ត​ថា​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»​ នោះ​គាត់​បាន​ពោល​ថា​៖ ​«​ខ្ញុំ​ខំ​ជួយ​អ្នក​ឯ​ទៀត​ដោយ​មិន​ចង់​បាន​អ្វី​មក​វិញ​ទេ។ ពេល​ដែល​ខ្ញុំ​កំពុង​គិត​ថា​‹តើ​ខ្ញុំ​អាច​ជួយ​បុគ្គល​នេះ​យ៉ាង​ណា?› ខ្ញុំ​ក៏​មាន​អំណរ​ទៅ​ហើយ​»។ (​សកម្ម. ២០:​៣៥​) ពិត​មែន​ហើយ គាត់​មាន​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​គាត់ ហើយ​គាត់​កំពុង​រីករាយ​នឹង​ឯកសិទ្ធិ​ដែល​បាន​បម្រើ​លោក។

១៨​. តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​ចំណែក​របស់​លោក​ក្នុង​ន័យ​អ្វី?

១៨ មិន​ថា​អ្នក​មាន​កាលៈទេសៈ​បែប​ណា​ក៏​ដោយ អ្នក​អាច​ឲ្យ​ព្រះ​ក្លាយ​ជា​ចំណែក​របស់​អ្នក​បាន។ ស្រប​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​រាប់​បញ្ចូល​ក្នុង​ចំណោម​រាស្ត្រ​ដ៏​សប្បាយ​រីករាយ​របស់​លោក។ (​២កូ. ៦:១៦, ១៧​) ជា​លទ្ធផល អ្នក​អាច​ក្លាយ​ទៅ​ជា​ចំណែក​របស់​ព្រះ​យេហូវ៉ា ដូច​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល​ដែរ។ (​សូម​អាន ចោទិយកថា ៣២:៩, ១០) ដូច​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​បាន​ក្លាយ​ជា​ចំណែក​របស់​ព្រះ​យេហូវ៉ា​ក្នុង​ចំណោម​ប្រជាជាតិ​នានា នោះ​លោក​អាច​រើស​អ្នក​ជា​ចំណែក​របស់​លោក ហើយ​ថែ​រក្សា​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់។—ទំនុក. ១៧:៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​អាច​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចំណែក​របស់​អ្នក​យ៉ាង​ដូច​ម្ដេច

• ដោយ​ស្វែងរក​រាជាណាចក្រ​របស់​ព្រះ​និង​សេចក្ដី​សុចរិត​របស់​លោក​ជា​មុន?

• ដោយ​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ?

• ដោយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ក្នុង​ការ​រៀប​ការ​ជា​មួយ​អ្នក​កាន់​តាម​លោក​ម្ចាស់​តែ​ប៉ុណ្ណោះ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៦​]

ព្រះ​យេហូវ៉ា​ក្លាយ​ជា​ចំណែក​របស់​យើង ពេល​ដែល​យើង​ចាត់​ទុក​ការ​បម្រើ​លោក ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង

[​រូបភាព​នៅ​ទំព័រ​១៨​]

គំរូ​របស់​យេរេមា​ប្រាកដជា​លើក​ទឹក​ចិត្ត​យើង​ណាស់