លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូររត់ . . . ឲ្យបានរង្វាន់»

«ចូររត់ . . . ឲ្យបានរង្វាន់»

«​ចូរ​រត់ . . . ឲ្យ​បាន​រង្វាន់​»​

​«​ចូរ​រត់​យ៉ាង​ណា​ឲ្យ​បាន​រង្វាន់​»។—១កូ. ៩:២៤

១, ២​. (​ក​) តើ​ប៉ូល​បាន​ប្រើ​អ្វី​ដើម្បី​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ? (​ខ​)​ តើ​ប៉ូល​បាន​និយាយ​ថា​យើង​ត្រូវ​ធ្វើ​អ្វី?

សាវ័ក​ប៉ូល​បាន​ប្រើ​ឧទាហរណ៍​អំពី​ការ​រត់​ប្រណាំង​ដើម្បី​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ។ ក្នុង​សំបុត្រ​របស់​ប៉ូល គាត់​បាន​និយាយ​ថា​ពួក​គេ​ប្រៀប​ដូច​ជា​អ្នក​រត់​ក្នុង​ទី​ប្រណាំង។ ប៉ុន្តែ​គាត់​បាន​រំលឹក​ថា ពួក​គេ​មិន​មែន​រត់​តែ​ម្នាក់​ឯង​ទេ ព្រោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​ទៀត​បាន​រត់​ដល់​ទី​ផ្ដាច់​ព្រាត់​រួច​ទៅ​ហើយ។ ប៉ូល​បាន​ប្រាប់​ថា​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​នោះ​ប្រៀប​ដូច​ជា​«​សាក្សី​មួយ​ក្រុម​ធំ​»​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ ប្រសិនបើ​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ​តែង​តែ​ចាំ​អំពី​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​ជំនឿ​និង​ការ​ខំ​ប្រឹង​របស់​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់ នោះ​ពួក​គេ​អាច​តាំង​ចិត្ត​រត់​ឲ្យ​ដល់​ទី​ផ្ដាច់​ព្រាត់​បាន។

ក្នុង​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​គំរូ​ខ្លះ​ៗ​នៃ​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ចំណោម​«​សាក្សី​មួយ​ក្រុម​»។ ជំនឿ​រឹង​មាំ​ទៅ​លើ​ព្រះ​បាន​ជួយ​ពួក​គេ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​របស់​ពួក​គេ។ ពួក​គេ​បន្ត​រត់​ក្នុង​ទី​ប្រណាំង​រហូត​ដល់​ទី​ផ្ដាច់​ព្រាត់។ ដូច​ពួក​គេ​ដែរ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​យើង​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់ និង​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​នោះ ហើយ​រត់​ដោយ​ស៊ូ​ទ្រាំ​ក្នុង​ទី​ប្រណាំង​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​យើង​»។—ហេ. ១២:១

៣​. ស្តី​អំពី​កីឡា​រត់​ប្រណាំង​របស់​ជន​ជាតិ​ក្រិច តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​ប៉ូល?

ហេតុ​អ្វី​ប៉ូល​ឲ្យ​ពួក​គេ​«​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​? សៀវភៅ​មួយ​ដែល​ចែង​អំពី​គ្រិស្ត​សាសនិក​នៅ​សម័យ​ប៉ូល បាន​ពន្យល់​នូវ​របៀប​ដែល​អ្នក​រត់​ប្រណាំង​នៅ​សម័យ​នោះ​រត់។ សៀវភៅ​នោះ​រៀប​រាប់​ថា​៖ ​«​ជន​ជាតិ​ក្រិច​ហាត់​កីឡា​និង​ប្រកួត​គ្នា​រត់​ដោយ​ខ្លួន​នៅ​ននលគក​»។ (​Backgrounds of Early Christianity​) * ការ​រត់​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​ពួក​អ្នក​រត់​ប្រណាំង​បាន​រត់​ដោយ​គ្មាន​សម្លៀក​បំពាក់​ពីព្រោះ​ពួក​គេ​មិន​ចង់​ឲ្យ​មាន​អ្វី​រារាំង​ពួក​គេ​ពី​ការ​ឈ្នះ​រង្វាន់។ ដូច្នេះ​ពេល​ប៉ូល​ប្រាប់​ពួក​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ​ឲ្យ​«​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​ គាត់​ចង់​មាន​ន័យ​ថា​ពួក​គេ​គួរ​លះ​បង់​អ្វី​ៗ​ក្នុង​ជីវិត​ដែល​អាច​រារាំង​ពួក​គេ​ពី​ការ​ទទួល​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ នេះ​ជា​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ និង​សម្រាប់​យើង​ផង​ដែរ។ ក្នុង​ជីវិត​របស់​យើង តើ​អ្វី​ខ្លះ​ប្រៀប​ដូច​ជា​របស់​«​ធ្ងន់​»​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​រត់​ដល់​ទី​ផ្ដាច់​ព្រាត់?

«​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​

៤​. តើ​មនុស្ស​នៅ​សម័យ​របស់​ណូអេ​ជាប់​រវល់​នឹង​រឿង​អ្វី​ខ្លះ?

ឱវាទ​របស់​ប៉ូល​គឺ​ឲ្យ​យើង​«​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»។ នេះ​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់​ដែល​អាច​រារាំង​យើង​ពី​ការ​ប្រមូល​អារម្មណ៍​ទាំង​ស្រុង និង​ការ​ខំ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង​ក្នុង​ការ​រត់​ប្រណាំង។ តើ​អ្វី​ៗ​ដែល​ធ្ងន់​នេះ​ជា​អ្វី​ទៅ? បើ​យើង​ពិចារណា​អំពី​គំរូ​របស់​បុគ្គល​ម្នាក់​ដែល​ប៉ូល​បាន​លើក​ឡើង​គឺ​ណូអេ យើង​អាច​នឹក​ចាំ​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​គ្រា​របស់​កូន​មនុស្ស​ក៏​នឹង​ដូច​សម័យ​របស់​ណូអេ​ដែរ​»។ (​លូក. ១៧:២៦​) លោក​យេស៊ូ​មិន​គ្រាន់តែ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ហិន​វិនាស​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចង់​បញ្ជាក់​អំពី​របៀប​រស់​នៅ​របស់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (​សូម​អាន ម៉ាថាយ ២៤:៣៧​-​៣៩) មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​ណូអេ​មិន​ចង់​រៀន​អំពី​ព្រះ​ទេ ហើយ​ក៏​មិន​មាន​របៀប​រស់​នៅ​ដែល​លោក​ពេញ​ចិត្ត​ដែរ។ តើ​អ្វី​បាន​បំបែរ​អារម្មណ៍​ពួក​គេ? គឺ​របស់​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ផឹក ការ​បរិភោគ និង​ការ​រៀប​ការ​ប្ដី​ប្រពន្ធ​ជា​ដើម។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ពួក​គេ​«​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ​»​ដូច​ប្រសាសន៍​របស់​លោក​យេស៊ូ។

៥​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​រត់​ដល់​ទី​ផ្ដាច់​ព្រាត់​ដោយ​ជោគជ័យ?

ដូច​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់ យើង​ក៏​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ យើង​ត្រូវ​រក​ស៊ី​ដើម្បី​ចិញ្ចឹម​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​យើង។ អ្វី​ៗ​ទាំង​នេះ​អាច​ស៊ី​ពេល​វេលា កម្លាំង និង​ធនធាន​របស់​យើង​បាន។ ជា​ពិសេស ក្នុង​គ្រា​ដែល​មាន​វិបត្ដិ​ខាង​សេដ្ឋកិច្ច នោះ​ងាយ​ធ្វើ​ឲ្យ​យើង​បារម្ភ​អំពី​សេចក្ដី​ត្រូវ​ការ​ក្នុង​ជីវិត។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ យើង​ក៏​មាន​ភារកិច្ច​សំខាន់​ឯ​ទៀត​ដែល​យើង​ត្រូវ​បំពេញ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែរ ដូច​ជា​ការ​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ រៀបចំ​និង​ចូល​រួម​កិច្ច​ប្រជុំ សិក្សា​ដោយ​ខ្លួន​ឯង ព្រម​ទាំង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ក្រុម​គ្រួសារ​ជា​ដើម។ ទោះ​ជា​ណូអេ​មាន​អ្វី​ៗ​ជា​ច្រើន​ដែល​គាត់​ត្រូវ​ធ្វើ​ក្នុង​ការ​បម្រើ​ព្រះ​ក៏​ដោយ ក៏​«​គាត់​[​បាន​]​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»។ (​លោ. ៦:២២​) ប្រាកដ​ហើយ បើ​យើង​ចង់​រត់​ឲ្យ​ដល់​ទី​ផ្ដាច់​ព្រាត់ គឺ​សំខាន់​ចាំ​បាច់​ណាស់​ដែល​យើង​មិន​យក​ជាប់​ខ្លួន​នូវ​អ្វី​ដែល​ប្រៀប​ដូច​ជា​បន្ទុក ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ពិបាក​រត់​ក្នុង​ទី​ប្រណាំង។

៦, ៧​. តើ​យើង​គួរ​ចង​ចាំ​អំពី​ឱវាទ​អ្វី​របស់​លោក​យេស៊ូ?

ដូច្នេះ តើ​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​គាត់​និយាយ​ថា​ឲ្យ​យើង​ចោល​«​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​? ពិត​មែន យើង​មិន​អាច​រួច​ខ្លួន​ទាំង​ស្រុង​ពី​ភារកិច្ច​ទាំង​អស់​ដែល​យើង​មាន​នោះ​ទេ។ ស្តី​អំពី​រឿង​នេះ សូម​ចាំ​ក្នុង​ចិត្ត​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ដូច្នេះ កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​ក៏​‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?› ព្រោះ​របស់​ទាំង​នេះ​ជា​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែងរក។ បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ​»។ (​ម៉ាថ. ៦:​៣១, ៣២​) ប្រសាសន៍​របស់​លោក​យេស៊ូ​បាន​បញ្ជាក់​ថា សូម្បី​តែ​របស់​ធម្មតា​ដូច​ជា​ម្ហូប​អាហារ និង​សម្លៀក​បំពាក់​ក៏​អាច​ក្លាយ​ទៅ​ជា​បន្ទុក ឬ​ជា​របស់​ដែល​ធ្វើ​ឲ្យ​យើង​ជំពប់​ជើង​ដួល​ក្នុង​ការ​រត់​ប្រណាំង​នេះ​បាន​ដែរ បើ​របស់​ទាំង​នោះ​ក្លាយ​ទៅ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង។

សូម​ផ្ចង់​អារម្មណ៍​ទៅ​លើ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ​»។ នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​បំពេញ​ភារកិច្ច​របស់​លោក​ក្នុង​ការ​ផ្គត់​ផ្គង់​អ្វី​ដែល​យើង​ត្រូវ​ការ។ ការ​មាន​«​របស់​ទាំង​នេះ​»​មិន​មែន​មាន​ន័យ​ថា​យើង​នឹង​បាន​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ចូល​ចិត្ត​នោះ​ទេ តែ​ព្រះ​បាន​ប្រាប់​យើង​ថា​កុំ​ឲ្យ​យើង​ខ្វល់ខ្វាយ​អំពី​«​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែងរក​»។ ហេតុ​អ្វី? ពីព្រោះ​នៅ​ពេល​ក្រោយ​មក លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​ដល់​ពួក​អ្នក​ស្ដាប់​ថា​៖ ​«​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ក្រែង​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ និង​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​អ្នក​រាល់​គ្នា ស្រាប់​តែ​ថ្ងៃ​នោះ​មក​ដល់​ភ្លាម​មួយ​រំពេច​ដូច​ជា​លប់​»។—លូក. ២១:៣៤, ៣៥

៨​. ហេតុ​អ្វី​ឥឡូវ​ជា​ពេល​ដែល​យើង​ត្រូវ​«​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​?

ទី​ផ្ដាច់​ព្រាត់​គឺ​នៅ​នឹង​មុខ​របស់​យើង។ ពេល​ជិត​ដល់​ទី បើ​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​មាន​បន្ទុក​ដែល​មិន​ចាំ​បាច់​ដែល​អាច​រារាំង​យើង នោះ​ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​មែន! ដូច្នេះ ឱវាទ​របស់​សាវ័ក​ប៉ូល​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ដែល​ថា​៖ ​«​ភក្ដីភាព​ចំពោះ​ព្រះ ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត នាំ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន​ក្រៃ​លែង​មែន​»។ (​១ធី. ៦:៦​) ការ​ធ្វើ​តាម​ពាក្យ​របស់​ប៉ូល​នឹង​ជួយ​យើង​ឲ្យ​ទទួល​រង្វាន់​កាន់​តែ​ងាយ​ស្រួល​ជាង​ទៅ​ទៀត។

«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​

៩, ១០​. (​ក​) តើ​ពាក្យ​ដែល​ថា​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​សំដៅ​ទៅ​លើ​អ្វី? (​ខ​)​ តើ​យើង​ប្រហែលជា​បាន​ត្រូវ​ទាក់​យ៉ាង​ដូច​ម្ដេច?

ក្រៅ​ពី​ការ​ចោល​«​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​ ប៉ូល​ក៏​បាន​រៀប​រាប់​អំពី​ការ​ចោល​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​ដែរ។ តើ​នោះ​ជា​អ្វី​ទៅ? ពាក្យ​ភាសា​ក្រិច​ដែល​បាន​បក​ប្រែ​ពាក្យ​«​ទាក់​យើង​យ៉ាង​ងាយ​»​មាន​តែ​ម្ដង​គត់​នៅ​ក្នុង​គម្ពីរ គឺ​មាន​នៅ​ក្នុង​ខ​នេះ​ឯង។ បណ្ឌិត​ម្នាក់​ឈ្មោះ​អាល់ប៊ើត បានស៍ បាន​សង្កេត​ឃើញ​ថា​៖ ​«​អ្នក​រត់​ប្រណាំង​ត្រូវ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​សម្លៀក​បំពាក់​របស់​គាត់ ព្រោះ​វា​អាច​ត្រូវ​ខ្យល់​រលាស់​ទាក់​ជើង​អ្នក​រត់​ប្រណាំង​នោះ និង​ធ្វើ​ឲ្យ​គាត់​ពិបាក​រត់។ គ្រិស្ត​សាសនិក​ក៏​ត្រូវ​ប្រយ័ត្ន​ដូច​គ្នា​ដែរ។ ពួក​គេ​ត្រូវ​លះ​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​រត់​»។ ដូច្នេះ គ្រិស្ត​សាសនិក​ម្នាក់​មិន​ត្រូវ​ឲ្យ​អ្វី​ៗ​មក​ទាក់​គាត់​ទេ ពោល​គឺ​ធ្វើ​ឲ្យ​ជំនឿ​ចុះ​ខ្សោយ។ តើ​ជំនឿ​របស់​គាត់​អាច​ចុះ​ខ្សោយ​យ៉ាង​ដូច​ម្ដេច?

១០ គ្រិស្ត​សាសនិក​ម្នាក់​មិន​បាត់បង់​ជំនឿ​របស់​ខ្លួន​ភ្លាម​ៗ​ទេ។ នេះ​ប្រហែលជា​កើត​ឡើង​បន្ដិច​ម្ដង​ៗ ហើយ​គាត់​ក៏​ប្រហែលជា​មិន​បាន​ដឹង​ខ្លួន​ផង។ នៅ​ដើម​សំបុត្រ​របស់​ប៉ូល គាត់​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​«​រសាត់​ចេញ​»​ និង​ការ​«​មាន​ចិត្ត​ទុច្ចរិត​ដែល​គ្មាន​ជំនឿ​»។ (​ហេ. ២:១; ៣:១២​) ពេល​ជើង​របស់​អ្នក​រត់​ប្រណាំង​បាន​ត្រូវ​ទាក់​ដោយ​សម្លៀក​បំពាក់ នោះ​អាច​ធ្វើ​ឲ្យ​គាត់​ដួល។ បើ​អ្នក​រត់​ប្រណាំង​មិន​អើពើ​នឹង​គ្រោះ​ថ្នាក់​ដែល​អាចម​ក​ពី​សម្លៀក​បំពាក់​មិន​ត្រឹម​ត្រូវ នោះ​ងាយ​ឲ្យ​គាត់​ទាក់​និង​ជំពប់​ដួល​មែន។ តើ​អ្វី​អាច​ធ្វើ​ឲ្យ​គាត់​មិន​អើពើ​ដូច្នេះ? វា​អាច​ជា​ការ​ធ្វេស​ប្រហែស ឬ​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​ពេក ឬ​មាន​អ្វី​ផ្សេង​ដែល​អាច​បំបែរ​អារម្មណ៍​គាត់។ តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ឱវាទ​របស់​ប៉ូល?

១១​. តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ជំនឿ?

១១ យើង​គួរ​ចាំ​ជាប់​ក្នុង​ចិត្ត​ថា​ការ​បាត់បង់​ជំនឿ​គឺជា​លទ្ធផល​ចុង​ក្រោយ​នៃ​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក។ ស្តី​អំពី​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​ នោះ​បណ្ឌិត​ម្នាក់​ទៀត​បាន​កត់​សម្គាល់​ថា នេះ​ជា​«​អ្វី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទៅ​លើ​យើង ពោល​គឺ​កាលៈទេសៈ បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ និង​ការ​សេពគប់​របស់​យើង​»។ ដូច្នេះ អ្វី​ៗ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ចុះ​ខ្សោយ ឬ​រហូត​ដល់​បាត់បង់​ជំនឿ។—ម៉ាថ. ១៣:៣​-​៩

១២​. តើ​យើង​គួរ​ធ្វើ​តាម​ការ​រំលឹក​អ្វី​ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​ជំនឿ?

១២ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​រំលឹក​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​យើង​មើល​និង​ស្ដាប់ ពោល​គឺ​អ្វី​ដែល​យើង​ផ្ដោត​ចិត្ត​និង​គំនិត​ទៅ​លើ​នោះ។ ពួក​គេ​បាន​ព្រមាន​យើង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទាក់​ដោយ​ការ​ដេញ​តាម​លុយ និង​ទ្រព្យ​សម្បត្ដិ។ យើង​ប្រហែលជា​បាន​ត្រូវ​បំបែរ​អារម្មណ៍​ដោយ​ភាព​ទាក់​ទាញ​ដែល​មាន​ក្នុង​ការ​កម្សាន្ត​របស់​ពិភព​លោក​នេះ ឬ​ដោយ​ភាព​ទាន់​សម័យ​នៃ​គ្រឿង​អេឡិចត្រូនិច​នានា។ យើង​ពិត​ជា​យល់​ច្រឡំ​ធំ​ហើយ បើ​យើង​គិត​ថា​ឱវាទ​បែប​នេះ​តឹងរ៉ឹង​ហួស​ហេតុ​ពេក ឬ​គិត​ថា​នេះ​សម្រាប់​តែ​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ ហើយ​វា​មិន​អាច​កើត​ឡើង​ដល់​យើង​ទេ។ អ្វី​ដែល​ពិភព​លោក​របស់​សាថាន​ប្រើ​ដើម្បី​ទាក់​យើង គឺ​មិន​ងាយ​ឲ្យ​យើង​សម្គាល់​ទេ ហើយ​ក៏​ងាយ​ធ្វើ​ឲ្យ​យើង​យល់​ច្រឡំ​ដែរ។ ការ​ធ្វេស​ប្រហែស ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​ពេក និង​អ្វី​ផ្សេង​ៗ​ដែល​អាច​បំបែរ​អារម្មណ៍ បាន​នាំ​ឲ្យ​បង​ប្អូន​ខ្លះ​បាត់បង់​ជំនឿ ហើយ​អ្វី​ៗ​ទាំង​នេះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​ក្នុង​ការ​រត់​ឲ្យ​បាន​រង្វាន់​នៃ​ជីវិត។—១យ៉ូន. ២:​១៥​-​១៧

១៣​. តើ​យើង​អាច​ការពារ​ខ្លួន​យើង​ពី​ឥទ្ធិពល​ដ៏​អាក្រក់​យ៉ាង​ដូច​ម្ដេច?

១៣ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ឃើញ​មនុស្ស​លើក​ស្ទួយ​នូវ​គោលដៅ គោលការណ៍ និង​គំនិត​របស់​ពិភព​លោក​នេះ។ (​សូម​អាន អេភេសូរ ២:១, ២) ប៉ុន្តែ ឥទ្ធិពល​ដែល​យើង​ទទួល​ពី​ពួក​គេ​គឺ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ឥទ្ធិពល​នោះ។ ប៉ូល​បាន​បញ្ជាក់​ថា​គំនិត​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ប្រៀប​ដូច​ជា​«​ខ្យល់​អាកាស​»​ដែល​មាន​ជាតិ​ពុល​នៅ​ជុំ​វិញ​យើង។ ដូច្នេះ យើង​ត្រូវ​ការពារ​ខ្លួន​ជា​និច្ច​ដើម្បី​កុំ​ឲ្យ​គំនិត​នោះ​រួប​រឹត​យើង រហូត​ដល់​យើង​មិន​អាច​រត់​ដល់​ទី​ផ្ដាច់​ព្រាត់​ឡើយ។ តើ​យើង​មាន​ជំនួយ​អ្វី​ដើម្បី​ជួយ​យើង​ឲ្យ​បន្ត​រត់​ក្នុង​ទី​ប្រណាំង? គឺ​យើង​អាចយ​ក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ដែល​ជា​គំរូ​ល្អ​បំផុត​ស្តី​អំពី​អ្នក​រត់​រហូត​ដល់​ទី​ផ្ដាច់​ព្រាត់។ (​ហេ. ១២:២​) យើង​ក៏​អាចយ​ក​តម្រាប់​តាម​គំរូ​របស់​ប៉ូល​ដែរ ព្រោះ​គាត់​បាន​រាប់​ខ្លួន​គាត់​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រត់​ប្រណាំង​ជា​គ្រិស្ត​សាសនិក ហើយ​គាត់​ថែម​ទាំង​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ឲ្យ​យក​តម្រាប់​តាម​គាត់​ទៀត​ផង។—១កូ. ១១:១; ភី. ៣:១៤

តើ​អ្នក​អាច​«​បាន​រង្វាន់​»​យ៉ាង​ដូច​ម្ដេច?

១៤​. តើ​ប៉ូល​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រត់​ប្រណាំង​របស់​គាត់?

១៤ តើ​ប៉ូល​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រត់​ប្រណាំង​របស់​គាត់? នៅ​ពេល​ចុង​ក្រោយ​ដែល​គាត់​និយាយ​ទៅ​ពួក​អ្នក​ចាស់​ទុំ​ពី​ក្រុង​អេភេសូរ គាត់​បាន​ពោល​ថា​៖ ​«​ខ្ញុំ​មិន​ចាត់​ទុក​ថា​ព្រលឹង​ខ្ញុំ​គឺ​សំខាន់ ឬ​ជា​អ្វី​ដ៏​វិសេស​ចំពោះ​ខ្ញុំ​ទេ ប្រសិនបើ​ខ្ញុំ​គ្រាន់តែ​អាច​រត់​ក្នុង​ការ​ប្រណាំង​នេះ​រហូត​ដល់​ទី​បញ្ចប់ ហើយ​បង្ហើយ​កិច្ច​បម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់​យេស៊ូ​»។ (​សកម្ម. ២០:២៤​) គាត់​ស្ម័គ្រ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​រួម​ទាំង​ជីវិត​របស់​គាត់​ដើម្បី​រត់​ក្នុង​ការ​ប្រណាំង​រហូត​ដល់​ទី​បញ្ចប់។ ចំពោះ​ប៉ូល ការ​ខំ​ប្រឹង​និង​កិច្ចការ​យ៉ាង​នឿយ​ហត់​ដែល​គាត់​ធ្វើ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នឹង​ទៅ​ជា​អសារ​ឥត​ការ បើ​គាត់​មិន​រត់​ដល់​ទី​ផ្ដាច់​ព្រាត់។ ប៉ុន្តែ គាត់​មិន​មាន​ទំនុក​ចិត្ត​ទៅ​លើ​ខ្លួន​ថា គាត់​នឹង​ឈ្នះ​រង្វាន់​ជា​ពិត​ប្រាកដ​នោះ​ទេ។ (​សូម​អាន ភីលីព ៣:១២, ១៣) មាន​តែ​មុន​ពេល​ដែល​គាត់​ជិត​ស្លាប់​ប៉ុណ្ណោះ ទើប​គាត់​អាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​មួយ​កម្រិត​ថា​៖ ​«​ខ្ញុំ​បាន​តស៊ូ​យ៉ាង​ប្រសើរ ខ្ញុំ​បាន​រត់​ប្រណាំង​ដល់​ទី​ដៅ ខ្ញុំ​បាន​កាន់​តាម​ជំនឿ​គ្រិស្ត​សាសនិក​»។—២ធី. ៤:៧

១៥​. តើ​ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ដែល​រត់​ក្នុង​ទី​ប្រណាំង​ឲ្យ​ធ្វើ​អ្វី?

១៥ បន្ថែម​ទៅ​ទៀត ប៉ូល​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ឃើញ​បង​ប្អូន​គ្រិស្ត​សាសនិក​រត់​ឲ្យ​ដល់​ទី​ផ្ដាច់​ព្រាត់ ហើយ​មិន​ឈប់​រត់​នៅ​ពាក់​កណ្ដាល​ផ្លូវ។ ជា​ឧទាហរណ៍ គាត់​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ឲ្យ​ខំ​ប្រឹង​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច។ ពួក​គេ​ត្រូវ​«​កាន់​ខ្ជាប់​នូវ​បណ្ដាំ​នៃ​ជីវិត​»​ជា​និច្ច។ គាត់​បាន​បន្ត​ថា​៖ ​«​ដើម្បី​ឲ្យ​ខ្ញុំ​មាន​ហេតុ​ត្រេក​អរ​នៅ​ថ្ងៃ​របស់​គ្រិស្ត ព្រោះ​ខ្ញុំ​មិន​បាន​រត់​ឥត​ប្រយោជន៍ ឬ​ធ្វើ​ការ​នឿយ​ហត់​ឥត​ប្រយោជន៍​ទេ​»។ (​ភី. ២:១៦​) ស្រដៀង​គ្នា​ដែរ គាត់​ក៏​បាន​ដាស់​តឿន​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​ចូរ​រត់​យ៉ាង​ណា​ឲ្យ​បាន​រង្វាន់​»។—១កូ. ៩:២៤

១៦​. ហេតុ​អ្វី​យើង​គួរ​ចាត់​ទុក​ទី​ផ្ដាច់​ព្រាត់ ឬ​រង្វាន់​ជា​អ្វី​ដែល​មាន​ពិត​សម្រាប់​យើង?

១៦ ក្នុង​ទី​ប្រណាំង​ដ៏​វែង​ឆ្ងាយ ដូច​ជា​ការ​រត់​ចម្ងាយ​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង នោះ​អ្នក​រត់​មិន​អាច​ឃើញ​ទី​ផ្ដាច់​ព្រាត់​ភ្លាម​ៗ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​អំឡុង​ការ​រត់​ប្រណាំង​នោះ អ្នក​រត់​នៅ​តែ​ប្រមូល​អារម្មណ៍​ទៅ​លើ​ទី​បញ្ចប់។ ម្យ៉ាង​ទៀត ពេល​ដែល​គាត់​ដឹង​ថា​គាត់​រត់​ជិត​ដល់​ទី​ផ្ដាច់​ព្រាត់​ហើយ នោះ​គាត់​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​រត់​ឲ្យ​ដល់​ទី។ នេះ​ក៏​ស្រដៀង​នឹង​ការ​រត់​ប្រណាំង​របស់​យើង​ដែរ។ យើង​ត្រូវ​ចាត់​ទុក​ទី​ផ្ដាច់​ព្រាត់ ឬ​រង្វាន់​ជា​អ្វី​ដែល​មាន​ពិត​សម្រាប់​យើង។ នេះ​នឹង​ជួយ​យើង​ឲ្យ​រត់​រហូត​ដល់​បាន​រង្វាន់។

១៧​. តើ​ជំនឿ​បាន​ជួយ​យើង​ឲ្យ​ផ្ចង់​អារម្មណ៍​ទៅ​លើ​រង្វាន់​យ៉ាង​ដូច​ម្ដេច?

១៧ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ជំនឿ​គឺជា​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំ​អាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម ហើយ​ជា​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។ (​ហេ. ១១:១​) អាប្រាហាំ និង​សារ៉ា​សុខ​ចិត្ត​លះ​ចោល​របៀប​រស់​នៅ​ដ៏​ស្រណុក​ស្រួល ហើយ​សុខ​ចិត្ត​រស់​នៅ​«​ជា​ជន​បរទេស​និង​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ស្រុក​»។ តើ​អ្វី​បាន​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ? គឺ​«​ពួក​គេ​បាន​ឃើញ[​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​]​ពី​ចម្ងាយ​»។ ម៉ូសេ​បាន​បដិសេធ​ការ​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង​»​និង​«​ទ្រព្យ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​»។ តើ​គាត់​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? គឺ​ដោយ​«​គាត់​សម្លឹង​ចំ​ទៅ​រង្វាន់​»។ (​ហេ. ១១:៨​-​១៣, ២៤​-​២៦​) ហេតុ​នេះ​ហើយ ប៉ូល​បាន​ចាប់​ផ្ដើម​ពណ៌​នា​អំពី​មនុស្ស​ទាំង​នេះ​ដោយ​ប្រើ​ពាក្យ​ថា​«​ដោយ​សារ​ជំនឿ​»។ ជំនឿ​បាន​ជួយ​ពួក​គេ​មិន​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​ទុក្ខ​លំបាក​និង​ការ​ពិបាក​ដែល​ពួក​គេ​កំពុង​ឆ្លង​កាត់ ហើយ​ក៏​ជួយ​ពួក​គេ​ឲ្យ​ឃើញ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ ថែម​ទាំង​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ពេល​អនាគត​ដើម្បី​ជា​ប្រយោជន៍​របស់​ពួក​គេ​ដែរ។

១៨​. ដើម្បី​លះ​ចោល​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៨ បើ​យើង​សញ្ជឹង​គិត​អំពី​គំរូ​របស់​បុរស​និង​ស្ត្រី​ដែល​មាន​ជំនឿ​ដែល​បាន​កត់​ទុក​នៅ​ហេប្រឺ​ជំពូក​ទី​១១ ថែម​ទាំង​យក​តម្រាប់​តាម​គំរូ​របស់​ពួក​គេ នោះ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ ហើយ​អាច​លះ​ចោល​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​បាន។ (​ហេ. ១២:​១​) ម្យ៉ាង​ទៀត យើង​ក៏​អាច​«​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»​ដោយ​ជួប​ជុំ​ជា​មួយ​ពួក​អ្នក​ដែល​កំពុង​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដូច​យើង។—ហេ. ១០:២៤

១៩​. ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​បន្ត​រត់​ក្នុង​ទី​ប្រណាំង​ឥឡូវ​នេះ?

១៩ យើង​រត់​ជិត​ដល់​ទី​ហើយ។ នេះ​គឺ​ហាក់​ដូច​ជា​យើង​អាច​ឃើញ​ទី​ផ្ដាច់​ព្រាត់​នៅ​នឹង​មុខ​យើង។ ដោយ​សារ​ជំនឿ​និង​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​ក៏​អាច​«​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់ និង​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​បាន​ដែរ។ ត្រូវ​ហើយ យើង​អាច​រត់​ដើម្បី​ទទួល​រង្វាន់​បាន ពោល​គឺ​ពរ​ដែល​ព្រះ​យេហូវ៉ា​ជា​បិតា​និង​ជា​ព្រះ​របស់​យើង​បាន​សន្យា។

[​កំណត់​សម្គាល់​]

^ វគ្គ 3 ជន​ជាតិ​យូដា​នៅ​សម័យ​បុរាណ​គិត​ថា ការ​ធ្វើ​ដូច្នោះ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។ សៀវភៅ​ម៉ាកាប៊ី​ទី​២​ជា​សៀវភៅ​មួយ​របស់​ជន​ជាតិ​យូដា​ដែល​មិន​រួម​ចំណែក​ក្នុង​គម្ពីរ​បរិសុទ្ធ​បាន​ចែង​ថា ពេល​សម្ដេច​សង្ឃ​យេសិន​ដែល​ជា​អ្នក​ក្បត់​ជំនឿ​ចង់​បង្កើត​កន្លែង​ហាត់​កីឡា​បែប​នេះ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ឲ្យ​ដូច​នៅ​ប្រទេស​ក្រិច នោះ​ពួក​យូដា​ជា​ច្រើន​បាន​ខឹង​យ៉ាង​ខ្លាំង។—ម៉ាកាប៊ីទី២ ៤:៧​-​១៧

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​ការ​លះ​ចោល​«​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​រួម​បញ្ចូល​អ្វី​ខ្លះ?

• តើ​អ្វី​អាច​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ម្នាក់​បាត់បង់​ជំនឿ?

• ហេតុ​អ្វី​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់​ជា​និច្ច?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៦​]

តើ​អ្វី​ជា​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»​? ហើយ​តើ​វា​អាច​ទាក់​យើង​តាម​របៀប​ណា?