លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះយេហូវ៉ាស្គាល់អ្នកឬទេ?

តើព្រះយេហូវ៉ាស្គាល់អ្នកឬទេ?

តើ​ព្រះ​យេហូវ៉ា​ស្គាល់​អ្នក​ឬ​ទេ?

​«​ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក​»។—២ធី. ២:១៩

១, ២​. (​ក​) តើ​លោក​យេស៊ូ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

នៅ​ថ្ងៃ​មួយ ផារិស៊ី​ម្នាក់​បាន​មក​ជួប​លោក​យេស៊ូ ហើយ​សួរ​ថា​៖ ​«​ក្នុង​ច្បាប់ តើ​បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?​»។ លោក​យេស៊ូ​តប​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់ពី​ដួង​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថ. ២២:៣៥​-​៣៧​) លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌។ របៀប​រស់​នៅ​របស់​លោក​បាន​បង្ហាញ​ថា​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​លោក។ ហេតុ​នេះ​ហើយ មុន​លោក​យេស៊ូ​ស្លាប់ លោក​អាច​និយាយ​ថា​ព្រះ​បាន​ស្គាល់​លោក​ក្នុង​នាម​ជា​អ្នក​ដែល​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​យ៉ាង​ស្មោះ​ត្រង់។ ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បាន​រក្សា​ខ្លួន​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់។—យ៉ូន. ១៥:១០

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​អះអាង​ថា​ពួក​គេ​ស្រឡាញ់​ព្រះ។ យើង​ក៏​ប្រាកដជា​បាន​រាប់​បញ្ចូល​ខ្លួន​យើង​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​ដែរ។ ក៏​ប៉ុន្តែ ចំណុច​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ពិចារណា​គឺ ‹តើ​ព្រះ​ស្គាល់​ខ្ញុំ​ឬ​ទេ? តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្ញុំ? តើ​លោក​ស្គាល់​ខ្ញុំ​ជា​របស់​លោក​ឬ​ទេ?›។ (​២ធី. ២:១៩​) នេះ​ពិត​ជា​ឯកសិទ្ធិ​មែន​ដែល​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​មហាក្សត្រ​នៃ​សកលលោក!

៣​. ហេតុ​អ្វី​មនុស្ស​ខ្លះ​ពិបាក​ជឿ​ថា​ពួក​គេ​អាច​ជា​របស់​ព្រះ​យេហូវ៉ា? ហើយ​តើ​អ្វី​នឹង​ជួយ​ពួក​គេ​កុំ​ឲ្យ​មាន​គំនិត​បែប​នេះ?

ប៉ុន្តែ មនុស្ស​ខ្លះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ពិបាក​ជឿ​ថា​ពួក​គេ​អាច​ក្លាយ​ជា​មិត្ត​របស់​លោក។ មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា ពួក​គេ​គ្មាន​តម្លៃ​នោះ​ទេ។ ដោយ​សារ​មូលហេតុ​នេះ ពួក​គេ​គិត​ថា​ខ្លួន​មិន​អាច​ជា​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ប៉ុន្តែ យើង​ពិត​ជា​រីករាយ​ណាស់​ដោយ​ដឹង​ថា​ព្រះ​មិន​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​យើង​ទេ! (​១សាំ. ១៦:៧​) សាវ័ក​ប៉ូល​បាន​ប្រាប់​បង​ប្អូន​គ្រិស្ត​សាសនិក​ថា​៖ ​«​ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ព្រះ នោះ​ព្រះ​ស្គាល់​អ្នក​នោះ​»។ (​១កូ. ៨:៣​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​អ្វី​ដ៏​សំខាន់​ដែល​យើង​ត្រូវ​មាន​ជា​មុន​ដើម្បី​ឲ្យ​លោក​ស្គាល់​យើង។ សូម​ពិចារណា​ថា: ហេតុ​អ្វី​អ្នក​អាន​ព័ត៌មាន​នេះ? ហេតុ​អ្វី​អ្នក​ខំ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អស់ពី​ដួង​ចិត្ត អស់ពី​ព្រលឹង អស់ពី​សមត្ថភាព​រិះ​គិត ហើយ​អស់ពី​កម្លាំង​របស់​អ្នក? បើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ និង​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ តើ​អ្វី​បាន​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដូច្នោះ? គម្ពីរ​បាន​ពន្យល់​ថា ព្រះ​យេហូវ៉ា​មើល​ចិត្ត​របស់​យើង​ឃើញ ហើយ​លោក​ស្វែងរក​មនុស្ស​ដែល​ជា​ទី​គាប់​ចិត្ត​របស់​លោក។ ក្រោយ​មក លោក​ទាញ​នាំ​ពួក​គេ ឬ​អញ្ជើញ​ពួក​គេ​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​លោក។ (​សូម​អាន ហាកាយ ២:៧; យ៉ូហាន ៦:៤៤) ដូច្នេះ អ្នក​អាច​សន្និដ្ឋាន​ថា​អ្នក​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​បាន​ទាញ​នាំ​អ្នក​ឲ្យ​មក​ឯ​លោក។ លោក​នឹង​មិន​ដែល​បោះបង់​ចោល​អ្នក​ណា​ម្នាក់​ដែល​លោក​ទាញ​នាំ​នោះ​ទេ បើ​ពួក​គេ​នៅ​តែ​មាន​ភក្ដីភាព​ចំពោះ​លោក។ ព្រះ​ចាត់​ទុក​ពួក​គេ​ថា​មាន​តម្លៃ​ណាស់ ហើយ​លោក​ស្រឡាញ់​ពួក​គេ​យ៉ាង​ជ្រាល​ជ្រៅ។—ទំនុក. ៩៤:១៤

៤​. ហេតុ​អ្វី​យើង​គួរ​គិត​ជា​និច្ច​ថា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ជា​អ្វី​ដ៏​មាន​តម្លៃ​ដែល​កាត់​ថ្លៃ​ពុំ​បាន?

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ទាញ​នាំ​យើង នោះ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់។ (​សូម​អាន យូដាស ២០, ២១) គម្ពីរ​បាន​បង្ហាញ​ថា​ជា​ការ​ងាយ​ណាស់​ឲ្យ​យើង​រសាត់​ចេញ ឬ​ថយ​ចេញ​ពី​ព្រះ ហើយ​លែង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ទៀត។ (​ហេ. ២:១; ៣:១២, ១៣​) ជា​ឧទាហរណ៍ មុន​សាវ័ក​ប៉ូល​បាន​សរសេរ​ពាក្យ​ដែល​មាន​ក្នុង​ធីម៉ូថេទី២ ២:១៩ គាត់​បាន​លើក​បញ្ជាក់​អំពី​ហែមេនាស និង​ភីឡេតូស។ បុរស​ទាំង​ពីរ​នាក់​ធ្លាប់​ជា​របស់​ព្រះ​យេហូវ៉ា ប៉ុន្តែ​ក្រោយ​មក ពួក​គេ​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត។ (​២ធី. ២:១៦​-​១៨​) ក្នុង​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​កាឡាទី មនុស្ស​ខ្លះ​ដែល​ព្រះ​បាន​ស្គាល់ ក៏​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​ដែរ។ (​កាឡ. ៤:៩​) ម្ល៉ោះ​ហើយ យើង​ត្រូវ​ចាំ​ថា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​ជា​អ្វី​ដ៏​មាន​តម្លៃ​ដែល​កាត់​ថ្លៃ​ពុំ​បាន។

៥​. (​ក​) តើ​មាន​គុណ​សម្បត្ដិ​អ្វី​ខ្លះ​ដែល​ព្រះ​ឲ្យ​តម្លៃ? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​គំរូ​ណាខ្លះ?

មាន​គុណ​សម្បត្ដិ​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ជា​ពិសេស។ (​ទំនុក. ១៥:១​-​៥; ១ពេ. ៣:៤​) ជំនឿ និង​ចិត្ត​រាប​ទាប​គឺជា​គុណ​សម្បត្ដិ​លេច​ធ្លោ​របស់​មនុស្ស​ខ្លះ​ដែល​ព្រះ​ស្គាល់។ សូម​ឲ្យ​យើង​ពិចារណា​អំពី​គំរូ​របស់​បុរស​ពីរ​នាក់ ដើម្បី​យល់​នូវ​របៀប​ដែល​គុណ​សម្បត្ដិ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។ យើង​ក៏​នឹង​ពិចារណា​អំពី​បុរស​ម្នាក់​ដែល​បាន​គិត​ថា​ព្រះ​ស្គាល់​គាត់ ប៉ុន្តែ​គាត់​ជា​អ្នក​ដែល​មាន​អំណួត ហើយ​ព្រះ​យេហូវ៉ា​បាន​បដិសេធ​គាត់​ទៅ​វិញ។ យើង​អាច​រៀន​នូវ​មេរៀន​ដ៏​សំខាន់​ពី​គំរូ​ទាំង​នេះ។

ឪពុក​របស់​ពួក​អ្នក​ដែល​មាន​ជំនឿ

៦​. (​ក​) តើ​អាប្រាហាំ​បង្ហាញ​ជំនឿ​អ្វី​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា? (​ខ​)​ ដោយ​សារ​ព្រះ​ស្គាល់​អាប្រាហាំ តើ​លោក​ចាត់​ទុក​គាត់​ជា​បុគ្គល​បែប​ណា?

អាប្រាហាំ​គឺជា​បុរស​ម្នាក់​ដែល​បាន​«​ជឿ​ដល់​ព្រះ​យេហូវ៉ា​»។ តាម​ការ​ពិត គាត់​បាន​ត្រូវ​ហៅ​ជា​«​ឪពុក​របស់​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​»។ (​លោ. ១៥:៦; រ៉ូម ៤:១១​) ដោយ​មាន​ជំនឿ អាប្រាហាំ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត មិត្ត​ភក្ដិ និង​ទ្រព្យ​សម្បត្ដិ​របស់​គាត់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​មួយ​ដ៏​សែន​ឆ្ងាយ។ (​លោ. ១២:១​-​៤; ហេ. ១១:៨​-​១០​) ច្រើន​ឆ្នាំ​ក្រោយ​មក ជំនឿ​របស់​អាប្រាហាំ​នៅ​តែ​រឹង​មាំ​ដដែល។ ជំនឿ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពេល​ដែល​គាត់​«​បម្រុង​នឹង​បូជា​អ៊ីសាក​»​ដែល​ជា​កូន​របស់​គាត់ តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ (​ហេ. ១១:១៧​-​១៩​) អាប្រាហាំ​បាន​បង្ហាញ​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​ព្រះ​យេហូវ៉ា ដូច្នេះ ព្រះ​ចាត់​ទុក​គាត់​ជា​បុគ្គល​ពិសេស ហើយ​លោក​ស្គាល់​គាត់​យ៉ាង​ច្បាស់។ (​សូម​អាន លោកុប្បត្តិ ១៨:១៩) ព្រះ​យេហូវ៉ា​មិន​គ្រាន់តែ​ដឹង​ថា​អាប្រាហាំ​មាន​ជីវិត​រស់​នៅ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចាត់​ទុក​គាត់​ជា​មិត្ត​សម្លាញ់​របស់​លោក​ដែរ។—យ៉ា. ២:២២, ២៣

៧​. ស្តី​អំពី​ការ​សម្រេច​នៃ​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ តើ​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់? ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អាប្រាហាំ?

គួរ​ឲ្យ​កត់​សម្គាល់​ថា អាប្រាហាំ​មិន​បាន​ទទួល​ស្រុក​សន្យា​ជា​មត៌ក​ក្នុង​ជីវិត​របស់​គាត់​ទេ។ គាត់​ក៏​មិន​បាន​ឃើញ​កូន​ចៅ​របស់​គាត់​មាន​គ្នា​ច្រើន​ដូច​ជា​«​ខ្សាច់​នៅ​មាត់​សមុទ្រ​»​ដែរ។ (​លោ. ២២:​១៧, ១៨​) ទោះ​ជា​ការ​សន្យា​ទាំង​នេះ​មិន​បាន​សម្រេច​ពេល​អាប្រាហាំ​នៅ​រស់​ក៏​ដោយ ក៏​គាត់​នៅ​តែ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ព្រះ​យេហូវ៉ា​ដដែល។ គាត់​ដឹង​ថា​ការ​សន្យា​របស់​ព្រះ​នឹង​កើត​ឡើង​ជា​មិន​ខាន ហើយ​គាត់​បាន​រស់​នៅ​សម​ស្រប​តាម​ជំនឿ​នោះ។ (​សូម​អាន ហេប្រឺ ១១:១៣) តើ​ព្រះ​ស្គាល់​យើង​ជា​អ្នក​ដែល​មាន​ជំនឿ​ដូច​អាប្រាហាំ​ឬ​ទេ?

បង្ហាញ​ជំនឿ​របស់​អ្នក​ដោយ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ

៨​. តើ​មនុស្ស​ជា​ច្រើន​ចង់​បាន​អ្វី​យ៉ាង​ខ្លាំង?

យើង​ប្រហែលជា​ចង់​បាន​អ្វី​មួយ​យ៉ាង​ខ្លាំង ដូច​ជា​ការ​រៀប​ការ មាន​កូន និង​មាន​សុខភាព​ល្អ​ជា​ដើម។ ការ​ចង់​បាន​អ្វី​ៗ​ទាំង​នេះ​មិន​មែន​ជា​ការ​ខុស​ទេ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ជា​ច្រើន អ្វី​ៗ​ទាំង​នេះ​មិន​បាន​សម្រេច​ដូច​បំណង​របស់​ពួក​គេ​ឡើយ។ បើ​អ្នក​មាន​កាលៈទេសៈ​ដូច​នេះ​មែន របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​កាលៈទេសៈ​នោះ បង្ហាញ​ថា​អ្នក​មាន​ជំនឿ​ខ្លាំង​ប៉ុណ្ណា។

៩, ១០​. (​ក​) តើ​បង​ប្អូន​ខ្លះ​បាន​ធ្វើ​អ្វី​ដើម្បី​បំពេញ​តាម​បំណង​របស់​ពួក​គេ? (​ខ​)​ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​នៃ​ពាក្យ​សន្យា​របស់​ព្រះ?

បើ​យើង​ធ្វើ​ខុស​នឹង​ការ​ណែនាំ​របស់​ព្រះ​ដើម្បី​បំពេញ​តាម​បំណង​របស់​ខ្លួន នោះ​មិន​មែន​ជា​ការ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ទេ។ ការ​ធ្វើ​បែប​នេះ​អាច​នាំ​ឲ្យ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ប្រេះ​ឆា។ ជា​ឧទាហរណ៍ បង​ប្អូន​ខ្លះ​ជ្រើស​យក​ការ​ព្យាបាល​ដែល​ប្រឆាំង​នឹង​គោលការណ៍​ក្នុង​គម្ពីរ។ បង​ប្អូន​ខ្លះ​ទៀត​សុខ​ចិត្ត​ទទួល​ការងារ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ចំណាយ​ពេល​វេលា​ជា​មួយ​នឹង​ក្រុម​គ្រួសារ ឬ​គ្មាន​ពេល​ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ។ ឬ​ក៏​បង​ប្អូន​ខ្លះ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​មនុស្ស​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ បើ​គ្រិស្ត​សាសនិក​ម្នាក់​ធ្វើ​ដូច្នេះ តើ​គាត់​ពិត​ជា​ខំ​ប្រឹង​ឲ្យ​ព្រះ​យេហូវ៉ា​ស្គាល់​គាត់​ឬ​ទេ? តើ​ព្រះ​យេហូវ៉ា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​អាប្រាហាំ​មិន​ចេះ​អត់​ធ្មត់​ដោយ​សារ​លោក​មិន​បាន​បំពេញ​តាម​ពាក្យ​សន្យា​របស់​លោក​ភ្លាម​ៗ​នោះ? ចុះ​យ៉ាង​ណា​បើ​អាប្រាហាំ​មិន​ព្រម​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ទេ តែ​គាត់​បែរ​ជា​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន ដោយ​ទិញ​ផ្ទះ​ធំ​ស្តុកស្តម្ភ​មួយ និង​ខំ​ឲ្យ​បាន​កេរ្ដិ៍​ឈ្មោះ​ឬ​មុខ​មាត់​ធំ​ដុំ​វិញ​នោះ? (​សូម​ពិនិត្យ​បន្ថែម លោកុប្បត្តិ ១១:៤​) តើ​ព្រះ​យេហូវ៉ា​នឹង​នៅ​តែ​ចាត់​ទុក​គាត់​ជា​មិត្ត​របស់​លោក​ទៀត​ឬ​ទេ?

១០ តើ​បំណង​អ្វី​ដែល​អ្នក​ចង់​បាន​យ៉ាង​ខ្លាំង? តើ​ជំនឿ​របស់​អ្នក​រឹង​មាំ​ល្មម​ដើម្បី​ជួយ​អ្នក​ឲ្យ​រង់​ចាំ​ព្រះ​យេហូវ៉ា​ក្នុង​ការ​សម្រេច​បំណង​របស់​អ្នក​ឬ​ទេ? (​ទំនុក. ១៤៥:១៦​) ដូច​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អាប្រាហាំ ពាក្យ​សន្យា​ខ្លះ​ៗ​របស់​ព្រះ​ប្រហែលជា​មិន​បាន​សម្រេច​ភ្លាម​ៗ​ដូច​ដែល​ចិត្ត​យើង​ប៉ង​នោះ​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​ការ​មាន​ជំនឿ​ដូច​អាប្រាហាំ និង​ការ​ប្រព្រឹត្ត​របស់​យើង​ដែល​សម​ស្រប​តាម​ជំនឿ​នោះ។ ដោយ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​បំភ្លេច​យើង​ទេ ហើយ​លោក​នឹង​ឲ្យ​រង្វាន់​ដល់​យើង។—ហេ. ១១:៦

ភាព​ខុស​គ្នា​រវាង​ចិត្ត​រាប​ទាប​និង​ចិត្ត​អំណួត

១១​. តើ​កូរ៉ា​ប្រហែលជា​មាន​ឯកសិទ្ធិ​អ្វី​ខ្លះ? ហើយ​តើ​នេះ​បង្ហាញ​ថា​គាត់​មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​ព្រះ?

១១ ម៉ូសេ​និង​កូរ៉ា​បាន​ប្រព្រឹត្ត​ខុស​ពី​គ្នា​ទាំង​ស្រុង​ក្នុង​ការ​បង្ហាញ​ការ​គោរព​ចំពោះ​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា និង​ការ​សម្រេច​ចិត្ត​របស់​លោក។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​ព្រះ​ចំពោះ​ពួក​គេ។ កូរ៉ា​មក​ពី​ពួក​កេហាត់​ក្នុង​កុលសម្ព័ន្ធ​លេវី ហើយ​គាត់​មាន​ឯកសិទ្ធិ​ជា​ច្រើន។ ឯកសិទ្ធិ​ទាំង​នេះ​រួម​មាន​ការ​ឃើញ​ព្រះ​យេហូវ៉ា​រំដោះ​ប្រជាជាតិ​អ៊ីស្រាអែល​ដោយ​ឆ្លង​សមុទ្រក្រហម ការ​គាំទ្រ​ការ​វិនិច្ឆ័យ​របស់​លោក​ចំពោះ​ពួក​អ៊ីស្រាអែល​ដែល​មិន​ស្ដាប់​បង្គាប់​នៅ​ភ្នំ​ស៊ីណាយ និង​តួនាទី​ក្នុង​ការ​ដឹក​ជញ្ជូន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ (​និក្ខ. ៣២:២៦​-​២៩; ជន. ៣:៣០, ៣១​) តាម​មើល​ទៅ គាត់​បាន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហេតុ​នេះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​គោរព​គាត់។

១២​. ដូច​ក្នុង​រូបភាព​នៅ​ទំព័រ​៣១ តើ​អំណួត​របស់​កូរ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ព្រះ​ស្គាល់​គាត់?

១២ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពេល​ប្រជាជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ចូល​ស្រុក​សន្យា កូរ៉ា​គិត​ថា​មាន​បញ្ហា​ក្នុង​របៀប​រៀបចំ​របស់​ព្រះ។ ក្រោយ​មក បុរស​២៥០​នាក់​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​ប្រជាជាតិ​នោះ បាន​ចូល​ដៃ​ជា​មួយ​កូរ៉ា​ដើម្បី​ខំ​ផ្លាស់​ប្ដូរ​របៀប​រៀបចំ​របស់​ព្រះ។ កូរ៉ា​និង​អ្នក​ឯ​ទៀត​ប្រាកដ​ក្នុង​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពួក​គេ​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ពួក​គេ​ប្រាប់​ម៉ូសេ​ថា​៖ ​«​អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​គង់នៅ​ជា​មួយ​នឹង​គេ​ផង​»។ (​ជន. ១៦:១​-​៣​) នេះ​បង្ហាញ​ពី​ចិត្ត​គំនិត​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​និង​អំណួត​ទៀត​ផង! ម៉ូសេ​ប្រាប់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​សម្ដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់​»។ (​សូម​អាន ជនគណនា ១៦:​៥) ថ្ងៃ​ស្អែក​ឡើង កូរ៉ា​និង​ពួក​អ្នក​ដែល​ចូល​ខាង​គាត់​ក្នុង​ការ​បះបោរ​នោះ​បាន​ស្លាប់។—ជន. ១៦:៣១​-​៣៥

១៣, ១៤​. តើ​ម៉ូសេ​បង្ហាញ​ចិត្ត​រាប​ទាប​តាម​របៀប​ណាខ្លះ?

១៣ ផ្ទុយ​ទៅ​វិញ ម៉ូសេ​ជា​មនុស្ស​«​សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី​»។ (​ជន. ១២:៣​) គាត់​បង្ហាញ​ថា​គាត់​ជា​មនុស្ស​សុភាព​និង​មាន​ចិត្ត​រាប​ទាប​ដោយ​ការ​តាំង​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ (​និក្ខ. ៧:៦; ៤០:១៦​) គ្មាន​បទ​គម្ពីរ​ណា​ដែល​បង្ហាញ​ថា ម៉ូសេ​តែង​តែ​សង្ស័យ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា ឬ​ខឹង​ដោយ​សារ​គាត់​ត្រូវ​ស្ដាប់​តាម​ការ​ណែនាំ​របស់​លោក​នោះ​ទេ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដែល​ទាក់​ទង​នឹង​ការ​សាងសង់​ត្រ​សាល​របស់​ព្រះ​យ៉ាង​ល្អិត​ល្អន់​ដូច​ជា​ពណ៌​អំបោះ និង​ចំនួន​ខ្សែ​ក្រវិល​ដែល​ត្រូវ​ប្រើ ក្នុង​ការ​ធ្វើ​ផ្ទាំង​សំពត់​នៃ​ត្រ​សាល​នោះ​ជា​ដើម។ (​និក្ខ. ២៦:១​-​៦​) ប្រសិនបើ​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​ក្នុង​អង្គការ​របស់​ព្រះ​ផ្ដល់​ការ​ណែនាំ​យ៉ាង​ល្អិត​ល្អន់​ដល់​អ្នក នេះ​ប្រហែលជា​អាច​ធ្វើ​ឲ្យ​អ្នក​បាក់ទឹកចិត្ត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​អ្នក​ត្រួត​ពិនិត្យ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ប្រគល់​ភារកិច្ច​ជា​ច្រើន​ដល់​អ្នក​បម្រើ​របស់​លោក ហើយ​លោក​ក៏​ទុក​ចិត្ត​ពួក​គាត់​ផង​ដែរ។ ពេល​លោក​ប្រាប់​ព័ត៌មាន​ជា​ច្រើន​ដល់​យើង នោះ​ដោយ​សារ​លោក​មាន​មូលហេតុ​ត្រឹម​ត្រូវ។ សូម​កត់​សម្គាល់​ថា​ម៉ូសេ​មិន​បាន​ខឹង​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​ផ្ដល់​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​និង​ជាក់​លាក់ ឬ​គិត​ថា​លោក​មិន​គោរព​សិទ្ធិ ឬ​ក៏​មិន​ឲ្យ​គាត់​បញ្ចេញ​គំនិត​របស់​គាត់​សោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ម៉ូសេ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​ជាង​បាន​ធ្វើ​«​ហើយ​ជា​ស្រេច​ទាំង​អស់​»​ដូច​ការ​ណែនាំ​របស់​ព្រះ។ (​និក្ខ. ៣៩:៣២​) នេះ​បញ្ជាក់​ពី​ចិត្ត​រាប​ទាប​របស់​ម៉ូសេ​មែន! ម៉ូសេ​ទទួល​ស្គាល់​ថា នេះ​ជា​កិច្ចការ​របស់​ព្រះ ហើយ​គាត់​គ្រាន់តែ​ជា​បុគ្គល​ដែល​លោក​ប្រើ​ដើម្បី​សម្រេច​កិច្ចការ​របស់​លោក​ប៉ុណ្ណោះ។

១៤ ម៉ូសេ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​សូម្បី​តែ​មាន​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​អន់​ចិត្ត​ក៏​ដោយ។ មាន​ពេល​មួយ នៅ​ពេល​ដែល​ម៉ូសេ​ប្រឈម​មុខ​នឹង​ការ​ត្អូញត្អែរ​របស់​ពួក​អ៊ីស្រាអែល នោះ​គាត់​មិន​បាន​ទប់​ចិត្ត​និង​មិន​បាន​សរសើរ​តម្កើង​ព្រះ​ទេ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​គាត់​មិន​អាច​នាំ​ពួក​អ៊ីស្រាអែល​ចូល​ស្រុក​សន្យា​បាន​ឡើយ។ (​ជន. ២០:២​-​១២​) គាត់​និង​អេរ៉ុន​ដែល​ជា​បង​ប្រុស​របស់​គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ត្អូញត្អែរ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ ដោយ​សារ​កំហុស​តែ​មួយ​នោះ គាត់​មិន​បាន​ចូល​ស្រុក​សន្យា​ដូច​ដែល​គាត់​បាន​រំពឹង​ទុក​តាំង​ពី​យូរ​នោះ​ឡើយ! តើ​គាត់​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា? គាត់​ប្រាកដជា​អន់​ចិត្ត​មែន ប៉ុន្តែ​គាត់​បាន​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប។ គាត់​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​សុចរិត ហើយ​ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ។ (​ចោ. ៣:២៥​-​២៧; ៣២:៤​) ពេល​ដែល​អ្នក​គិត​អំពី​ម៉ូសេ តើ​អ្នក​យល់​ថា​ព្រះ​យេហូវ៉ា​ស្គាល់​គាត់​ឬ​ទេ?—សូម​អាន និក្ខមនំ ៣៣:១២, ១៣

ការ​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប

១៥​. តើ​ចិត្ត​អំណួត​របស់​កូរ៉ា​បាន​ផ្ដល់​មេរៀន​អ្វី​ដល់​យើង?

១៥ យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​យើង​បាន លុះ​ត្រា​តែ​យើង​ព្រម​ទទួល​យក​ការ​កែប្រែ​ដែល​មាន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​ក៏​ត្រូវ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ។ ពេល​ដែល​បុរស​ទាំង​នោះ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ ឬ​កែប្រែ​នូវ​របៀប​រៀបចំ​ដែល​មាន​ក្នុង​ក្រុម​ជំនុំ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា? កូរ៉ា​និង​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ដោយ​សារ​ពួក​គេ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ហួស​ហេតុ​ពេក មាន​អំណួត និង​ខ្វះ​ជំនឿ។ ក្នុង​ភ្នែក​របស់​កូរ៉ា ម៉ូសេ​គ្រាន់តែ​ជា​បុរស​ចាស់​ម្នាក់​ដែល​ចេះ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង តែ​គាត់​បាន​ភ្លេច​ថា តាម​ពិត​គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​ជា​អ្នក​ណែនាំ​ប្រជាជាតិ​អ៊ីស្រាអែល​នោះ។ ជា​លទ្ធផល កូរ៉ា​មិន​បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​ប្រើ​នោះ​ទេ។ ជា​ការ​ល្អ​ជាង​ឲ្យ​កូរ៉ា​ចេះ​រង់​ចាំ​ព្រះ​យេហូវ៉ា​សម្រាប់​ការ​យល់​ដឹង​ដែល​ច្បាស់​ជាង ឬ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​បើ​ចាំ​បាច់។ នៅ​ទី​បំផុត កូរ៉ា​បាន​បំផ្លាញ​កិច្ច​បម្រើ​ស្មោះ​ត្រង់​របស់​គាត់​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​អំណួត​របស់​គាត់!

១៦​. តើ​គំរូ​របស់​ម៉ូសេ​ស្តី​អំពី​ចិត្ត​រាប​ទាប​អាច​ជួយ​យើង​យ៉ាង​ណា?

១៦ កំណត់​ហេតុ​នេះ​បាន​ផ្ដល់​នូវ​ការ​ព្រមាន​ដ៏​ធ្ងន់​មួយ​សម្រាប់​ពួក​អ្នក​ចាស់​ទុំ និង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​នៅ​សព្វ​ថ្ងៃ​នេះ។ ការ​ចេះ​រង់​ចាំ​ព្រះ​យេហូវ៉ា និង​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ដើម្បី​ឲ្យ​ដឹក​នាំ​ក្រុម​ជំនុំ តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប​មែន។ តើ​យើង​បង្ហាញ​ថា​យើង​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប និង​មាន​ចិត្ត​ស្លូតបូត​ដូច​ម៉ូសេ​ដែរ​ឬ​ទេ? តើ​យើង​អាច​ទទួល​ស្គាល់​មុខ​ងារ​នៃ​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ចំណោម​យើង ហើយ​ចុះ​ចូល​ចំពោះ​ការ​ណែនាំ​ដែល​យើង​ទទួល​ឬ​ទេ? តើ​យើង​អាច​ទប់​អារម្មណ៍​របស់​យើង​ពេល​ដែល​យើង​អន់​ចិត្ត​ឬ​ទេ? បើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន នោះ​ព្រះ​យេហូវ៉ា​ក៏​នឹង​ស្គាល់​យើង​ដែរ។ បើ​យើង​មាន​ចិត្ត​រាប​ទាប​និង​ចេះ​ចុះ​ចូល នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ណាស់។

ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក

១៧, ១៨​. ដើម្បី​ឲ្យ​ព្រះ​ស្គាល់​យើង​ជា​របស់​លោក​ជា​និច្ច តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ?

១៧ ជា​ការ​ល្អ​ឲ្យ​យើង​រំពឹង​គិត​អំពី​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ទាញ​នាំ និង​ស្គាល់។ អាប្រាហាំ និង​ម៉ូសេ​ជា​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​ចេះ​ធ្វើ​ខុស​ដូច​យើង​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ស្គាល់​ពួក​គេ​ថា​ជា​របស់​លោក។ ម្យ៉ាង​ទៀត គំរូ​របស់​កូរ៉ា​បង្ហាញ​ថា យើង​អាច​ថយ​ចេញ​ពី​ព្រះ​យេហូវ៉ា​បាន ហើយ​យ៉ាង​នេះ ព្រះ​លែង​ស្គាល់​យើង​និង​លែង​ពេញ​ចិត្ត​នឹង​យើង​ទៀត។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​ម្នាក់​ៗ​ដណ្ដឹង​សួរ​ខ្លួន​ថា​‹តើ​ព្រះ​យេហូវ៉ា​គិត​យ៉ាង​ណា​ចំពោះ​ខ្ញុំ? តើ​ខ្ញុំ​អាច​រៀន​អ្វី​ពី​គំរូ​ទាំង​នេះ​ដែល​មាន​ក្នុង​គម្ពីរ?›។

១៨ អ្នក​អាច​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ចាត់​ទុក​អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​លោក​បាន​ទាញ​នាំ​ថា​ជា​របស់​លោក។ ដូច្នេះ ចូរ​បន្ត​បណ្ដុះ​ឲ្យ​មាន​ជំនឿ ចិត្ត​រាប​ទាប និង​គុណ​សម្បត្ដិ​ឯ​ទៀត​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នឹង​យើង​កាន់​តែ​ខ្លាំង។ ការ​ដែល​ឲ្យ​ព្រះ​យេហូវ៉ា​ស្គាល់​យើង គឺជា​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ក្រៃ​លែង ដែល​នាំ​ឲ្យ​យើង​ស្កប់​ចិត្ត​ក្នុង​ជីវិត​នៅ​ពេល​ឥឡូវ​នេះ និង​ទទួល​ពរ​ដ៏​អស្ចារ្យ​នៅ​ពេល​អនាគត​ផង​ដែរ។—ទំនុក. ៣៧:១៨

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• តើ​ការ​ឲ្យ​ព្រះ​ស្គាល់​យើង​មាន​ន័យ​យ៉ាង​ណា?

• តើ​យើង​អាចយ​ក​តម្រាប់​តាម​ជំនឿ​របស់​អាប្រាហាំ​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​កូរ៉ា​និង​ម៉ូសេ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៩​]

ដូច​អាប្រាហាំ តើ​យើង​មាន​ជំនឿ​ឬ​ទេ​ថា ព្រះ​យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក?

[​រូបភាព​នៅ​ទំព័រ​៣១​]

កូរ៉ា​មិន​ព្រម​ចុះ​ចូល​ដោយ​ចិត្ត​រាប​ទាប​ចំពោះ​ការ​ណែនាំ​ឡើយ

[​រូបភាព​នៅ​ទំព័រ​៣២​]

តើ​ព្រះ​យេហូវ៉ា​ស្គាល់​អ្នក​ជា​បុគ្គល​ដែល​ចេះ​ចុះ​ចូល ដោយ​មាន​ចិត្ត​រាប​ទាប​ចំពោះ​ការ​ណែនាំ​ឬ​ទេ?