លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមានគេកុហកលោកអ្នកឬ?

តើមានគេកុហកលោកអ្នកឬ?

តើ​មាន​គេ​កុហក​លោក​អ្នក​ឬ​?

បើ​បុគ្គល​ម្នាក់​ដែល​លោក​អ្នក​ទុក​ចិត្ត​និយាយ​កុហក​លោក​អ្នក នោះ​លោក​អ្នក​ប្រាកដជា​ឈឺ​ចិត្ត​មែន។ មិន​សូវ​មាន​រឿង​ណា​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ឈឺ​ចិត្ត​ច្រើន​ជាង​នេះ​ទេ។ លោក​អ្នក​ប្រហែលជា​បាក់មុខ ខឹង ឬ​ក៏​គិត​ថា​គេ​បាន​ក្បត់​លោក​អ្នក។ ពាក្យ​កុហក​អាច​បំផ្លាញ​ចំណង​មិត្តភាព​និង​ចំណង​អាពាហ៍ពិពាហ៍ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​មនុស្ស​ចាញ់​បោក​គេ​អស់​លុយ​រាប់​លាន​ដុល្លារ​ផង​ដែរ។

បើ​ដូច្នេះ សូម​ស្រមៃ​គិត​ថា ពេល​លោក​អ្នក​ដឹង​ថា​គេ​បាន​និយាយ​កុហក​លោក​អ្នក​អំពី​ព្រះ តើ​លោក​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? បើ​លោក​អ្នក​មាន​ជំនឿ​ស៊ប់​ទៅ​លើ​រឿង​សាសនា ពាក្យ​កុហក​នោះ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​លោក​អ្នក ដូច​ពួក​អ្នក​ដែល​ទៅ​វិហារ​ជា​ទៀង​ទាត់​បាន​រៀប​រាប់​នៅ​ខាង​ក្រោម​នេះ:

● ឌីអេន​បាន​ពោល​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​សាសនា​បាន​ក្បត់​ខ្ញុំ​»។

● លូអ៊ី​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង។ ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​បាន​បោកប្រាស់​ខ្ញុំ​ព្រោះ​សេចក្ដី​សង្ឃឹម និង​គោលដៅ​របស់​ខ្ញុំ​ក្លាយ​ជា​ឥត​ន័យ​»។

លោក​អ្នក​ប្រហែលជា​គិត​ថា​គេ​នឹង​មិន​និយាយ​កុហក​លោក​អ្នក​អំពី​ព្រះ​នោះ​ទេ ព្រោះ​អ្វី​ដែល​លោក​អ្នក​ជឿ​ប្រហែលជា​មក​ពី​បុគ្គល​ម្នាក់​ដែល​មិន​មាន​បំណង​អាក្រក់ ហើយ​ក៏​ជា​បុគ្គល​ដែល​លោក​អ្នក​ទុក​ចិត្ត​ទៀត​ផង ដូច​ជា​ឪពុក​ម្ដាយ គង្វាល​ក្នុង​សាសនា ឬ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ជា​ដើម។ ម្យ៉ាង​ទៀត ប្រហែល​ជា​មាន​សេចក្ដី​បង្រៀន​មួយ​ចំនួន​អំពី​ព្រះ​ដែល​លោក​អ្នក​ជឿ​តាំង​ពី​តូច​មក​ម្ល៉េះ។ ប៉ុន្តែ លោក​អ្នក​ប្រហែលជា​យល់​ស្រប​ថា ទោះ​ជា​ទស្សនៈ​ដែល​មនុស្ស​ទូទៅ​ជឿ​ក៏​អាច​ខុស​បាន​ដែរ មែន​ទេ? ជា​ឧទាហរណ៍ អតីត​ប្រធានាធិបតី​នៃ​សហរដ្ឋអាម៉េរិក លោក​ហ្វ្រេងឃ្លីន រ៉ូស្វែល​បាន​ទទួល​ស្គាល់​នូវ​ហេតុ​ការណ៍​ពិត​នេះ ព្រោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​និយាយ​ត​ៗ​គ្នា​មិន​ធ្វើ​ឲ្យ​ពាក្យ​កុហក​ក្លាយ​ជា​ពាក្យ​ពិត​ទេ​»។

តើ​លោក​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​គេ​បាន​និយាយ​កុហក​លោក​អ្នក? នៅ​ពេល​មួយ លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៧:១៧​) ពិត​មែន​ហើយ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ដឹង​ថា​ពាក្យ​ណា​ជា​ពាក្យ​ពិត ហើយ​ពាក្យ​ណា​ជា​ពាក្យ​កុហក។

ដូច្នេះ ដើម្បី​បក​អាក្រាត​ពាក្យ​កុហក​អំពី​ព្រះ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​ផ្សេង​ៗ ជា​ពិសេស យើង​នឹង​ពិនិត្យ​មើល​ពាក្យ​កុហក​ប្រាំ​យ៉ាង​ដែល​មាន​ជា​ទូទៅ។ ការ​ធ្វើ​ដូច្នេះ​ក៏​នឹង​ជួយ​លោក​អ្នក​ឲ្យ​យល់​អំពី​របៀប​ដែល​សេចក្ដី​ពិត​អាច​ផ្លាស់​ប្ដូរ​ជីវិត​លោក​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​ដែរ។