លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

១ ព្រះគឺអាថ៌កំបាំង តើពិតឬទេ?

១ ព្រះគឺអាថ៌កំបាំង តើពិតឬទេ?

១ ​ព្រះ​គឺ​អាថ៌​កំបាំង​ តើ​ពិត​ឬ​ទេ?

អ្វី​ដែល​លោក​អ្នក​ប្រហែលជា​ធ្លាប់​ឮ: ​«​កិច្ចការ​របស់​ព្រះ​គឺ​អាថ៌​កំបាំង​»។

សាសនា​ជា​ច្រើន​ក្នុង​ពិភព​គ្រិស្ត​សាសនា​បាន​ជឿ​ថា ព្រះ​គឺជា​បុគ្គល​បី​អង្គ​រួម​គ្នា​ជា​ព្រះ​តែ​មួយ ហើយ​បាន​ពណ៌​នា​អំពី​សេចក្ដី​បង្រៀន​នោះ​ថា​៖ ​«​បិតា បុត្រ និង​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី​ដែល​មិន​អាច​យល់​បាន​»​ (​The Athanasian Creed​)។

អ្វី​ដែល​គម្ពីរ​បង្រៀន: លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​«​ស្គាល់ . . . ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់​»​ថា​នឹង​ទទួល​ពរ​ពី​ព្រះ។ (​យ៉ូហាន ១៧:៣​) ប៉ុន្តែ បើ​ព្រះ​ជា​អ្វី​ដែល​អាថ៌​កំបាំង តើ​យើង​អាច​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​យ៉ាង​ដូច​ម្ដេច​បាន? ជា​ជាង​លាក់​បាំង​ខ្លួន លោក​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​លោក​វិញ។—យេរេមា ៣១:៣៤

ពិត​មែន យើង​មិន​អាច​ស្គាល់​អ្វី​ៗ​ទាំង​អស់​អំពី​ព្រះ​នោះ​ទេ។ នេះ​ជា​អ្វី​ដែល​សម​ហេតុ​សម​ផល​មែន ព្រោះ​គំនិត​និង​ផ្លូវ​របស់​លោក​ខ្ពស់​ជាង គំនិត​និង​ផ្លូវ​របស់​យើង​ឆ្ងាយ​ណាស់។—សាស្ដា ៣:១១; អេសាយ ៥៥:៨, ៩

ការ​ស្គាល់​សេចក្ដី​ពិត​ជួយ​លោក​អ្នក: បើ​ព្រះ​គឺ​អាថ៌​កំបាំង​ដែល​មិន​អាច​យល់​បាន ចាំ​បាច់​ឲ្យ​យើង​ត្រូវ​ខំ​ស្គាល់​លោក​ធ្វើ​អ្វី? ប៉ុន្តែ លោក​មិន​គ្រាន់តែ​ចង់​ឲ្យ​យើង​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ប៉ុណ្ណោះ​ទេ លោក​ក៏​ចង់​ឲ្យ​យើង​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ដែរ។ ព្រះ​បាន​ហៅ​អាប្រាហាំ​ដែល​ជា​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​ថា​«​សំ​ឡាញ់​»​របស់​លោក ហើយ​ដាវីឌ​ដែល​ជា​ស្តេច​នៃ​ស្រុក​អ៊ីស្រាអែល​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់​»។—អេសាយ ៤១:៨; ទំនុកតម្កើង ២៥:១៤

តើ​គំនិត​ដែល​ថា​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ជា​អ្វី​ដែល​មិន​អាច​កើត​ឡើង​បាន​ឬ? មនុស្ស​ខ្លះ​បាន​គិត​ដូច្នេះ​មែន ប៉ុន្តែ​សូម​កត់​សម្គាល់​ពាក្យ​នៅ​ក្នុង​សកម្មភាព ១៧:២៧​ដែល​ថា​៖ ​«​[​ព្រះ​]​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»​ឡើយ។ តើ​ព្រះ​មិន​នៅ​ឆ្ងាយ​ពី​យើង​ក្នុង​ន័យ​អ្វី? គឺ​ព្រះ​បាន​ផ្ដល់​ឲ្យ​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​តាម​រយៈ​គម្ពីរ។ *

ព្រះ​បាន​ប្រាប់​យើង​ថា​ឈ្មោះ​របស់​លោក​គឺ​យេហូវ៉ា។ (​អេសាយ ៤២:​៨​) លោក​ក៏​បាន​ឲ្យ​គេ​កត់​សរសេរ​អំពី​ការ​ប្រព្រឹត្ត​របស់​លោក​ចំពោះ​មនុស្ស​ជាតិ​ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​ថា​លោក​ជា​ព្រះ​បែប​ណា​ដែរ។ បន្ថែម​ទៅ​ទៀត ព្រះ​បាន​បង្ហាញ​អំពី​អារម្មណ៍​របស់​លោក​ចំពោះ​យើង។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​«​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ​»។ (​និក្ខមនំ ៣៤:៦​) ការ​ប្រព្រឹត្ត​របស់​យើង​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍​របស់​ព្រះ។ ជា​ឧទាហរណ៍ ប្រជាជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​បាន​ធ្វើ​ឲ្យ​លោក​«​ព្រួយ​ព្រះ​ហឫទ័យ​»​ ពេល​ដែល​ពួក​គេ​បះបោរ​ប្រឆាំង​នឹង​លោក ប៉ុន្តែ​ពេល​ដែល​ពួក​គេ​ស្ដាប់​បង្គាប់​លោក នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​អំណរ។—ទំនុកតម្កើង ៧៨:៤០; សុភាសិត ២៧:១១

[​កំណត់​សម្គាល់​]

^ វគ្គ 7 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ព្រះ សូម​មើល​ជំពូក​ទី​១​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៤​]

បើ​ព្រះ​គឺ​អាថ៌​កំបាំង និង​ជា​បុគ្គល​បី​អង្គ រួម​គ្នា​ជា​ព្រះ​តែ​មួយ តើ​យើង​អាច​ស្គាល់ លោក​ឲ្យ​បាន​ច្បាស់ យ៉ាង​ដូច​ម្ដេច​បាន?

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៤​]

The Trinity c.1500, Flemish School, (16​th century)​/ H. Shickman Gallery, New York, USA/​The Bridgeman Art Library International