លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

៥ ព្រះពេញចិត្ដមនុស្សទាំងអស់ដែលគោរពប្រណិប័តន៍លោកដោយស្មោះអស់ពីចិត្ដ តើពិតឬទេ?

៥ ព្រះពេញចិត្ដមនុស្សទាំងអស់ដែលគោរពប្រណិប័តន៍លោកដោយស្មោះអស់ពីចិត្ដ តើពិតឬទេ?

៥ ​ព្រះ​ពេញ​ចិត្ត​មនុស្ស​ទាំង​អស់​ដែល​គោរព​ប្រណិប័តន៍​លោក​ដោយ​ស្មោះ​អស់ពី​ចិត្ត​ តើ​ពិត​ឬ​ទេ?

អ្វី​ដែល​លោក​អ្នក​ប្រហែលជា​ធ្លាប់​ឮ: ​«​ដូច​ផ្លូវ​ជា​ច្រើន​ដែល​នាំ​ទៅ​ដល់​គោលដៅ​តែ​មួយ ក៏​មាន​សាសនា​ជា​ច្រើន​ដែល​នាំ​យើង​ឲ្យ​ស្គាល់​ព្រះ​ដែរ។ មនុស្ស​ម្នាក់​ៗ​ត្រូវ​ស្វែងរក​ផ្លូវ​ដែល​ខ្លួន​គិត​ថា​ល្អ​ដើម្បី​ស្គាល់​ព្រះ​»។

អ្វី​ដែល​គម្ពីរ​បង្រៀន: យើង​ត្រូវ​តែ​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ស្មោះ​អស់ពី​ចិត្ត មិន​មែន​ដោយ​ធ្វើ​ពុត​និង​លាក់​ពុត​ឡើយ។ លោក​យេស៊ូ​បាន​ប្រាប់​មេ​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក​អំពី​មូលហេតុ​ដែល​ព្រះ​បាន​បដិសេធ​ពួក​គេ​ដោយ​និយាយ​ថា​៖ ​«​នែ! មនុស្ស​លាក់​ពុត! គឺ​ត្រូវ​ណាស់ ដែល​អេសាយ​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​រាល់​គ្នា ពេល​គាត់​សរសេរ​ថា​៖ ‹បណ្ដា​ជន​នេះ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ›​»។ (​ម៉ាកុស ៧:៦​) ដូច្នេះ ចិត្ត​ស្មោះ​តែ​មួយ​មុខ​មិន​ធានា​ថា​ព្រះ​នឹង​ពេញ​ចិត្ត​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ទេ។

លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​រឿង​នេះ ដោយ​បក​អាក្រាត​កំហុស​ដ៏​ធំ​បំផុត​របស់​មេ​ដឹក​នាំ​សាសនា​និង​ពួក​អ្នក​កាន់​តាម​ពួក​គេ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​គឺជា​ការ​ឥត​ប្រយោជន៍​ទេ ដែល​ពួក​គេ​បន្ត​គោរព​ប្រណិប័តន៍​ខ្ញុំ​នោះ ពីព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ជា​បទ​បញ្ជា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​»។ (​ម៉ាកុស ៧:​៧​) ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​«​ជា​ការ​ឥត​ប្រយោជន៍​»​ឬ​អសារ​ឥត​ការ ព្រោះ​ពួក​គេ​ចាត់​ទុក​ទំនៀម​ទម្លាប់​ខាង​សាសនា​ជា​អ្វី​ដែល​សំខាន់​ជាង​តម្រូវ​ការ​របស់​ព្រះ។

ជា​ជាង​គាំទ្រ​គំនិត​ដែល​ថា​មាន​ផ្លូវ​ជា​ច្រើន​ដែល​នាំ​យើង​ឲ្យ​ស្គាល់​ព្រះ គម្ពីរ​បង្រៀន​ថា​មាន​ផ្លូវ​តែ​មួយ​វិញ។ ម៉ាថាយ ៧:១៣, ១៤​ចែង​ថា​៖ ​«​ចូរ​ចូល​តាម​ខ្លោង​ទ្វារ​តូច ពីព្រោះ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ច្រើន​ចូល​តាម​ផ្លូវ​នោះ។ រីឯ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។

ការ​ស្គាល់​សេចក្ដី​ពិត​ជួយ​លោក​អ្នក: សូម​ស្រមៃ​គិត​អំពី​កាលៈទេសៈ​នេះ លោក​អ្នក​ខំ​ហ្វឹកហាត់​អស់​ជា​ច្រើន​ខែ​ក្នុង​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង។ លោក​អ្នក​បាន​ជាប់​លេខ​មួយ តែ​គេ​បាន​លុប​ឈ្មោះ​លោក​អ្នក​ចោល​វិញ ដោយ​សារ​លោក​អ្នក​បាន​បំពាន​ច្បាប់​មួយ​ដោយ​មិន​ដឹង​ខ្លួន។ តើ​លោក​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? លោក​អ្នក​ប្រហែលជា​គិត​ថា​ការ​ខំ​ប្រឹង​របស់​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​សោះ។ តើ​បញ្ហា​នេះ​អាច​កើត​មាន​ឡើង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ឬ​ទេ?

ដោយ​ប្រៀប​ធៀប​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ទៅ​នឹង​ការ​ប្រកួត​កីឡា សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​សូម្បី​តែ​អ្នក​ប្រកួត​កីឡា​ក៏​មិន​ទទួល​មកុដ​ដែរ លុះ​ត្រា​តែ​គាត់​បាន​ប្រកួត​តាម​ច្បាប់​»។ (​ធីម៉ូថេទី២ ២:៥​) យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ដោយ​គោរព​ប្រណិប័តន៍​លោក​«​តាម​ច្បាប់​»​ ពោល​គឺ​ផ្លូវ​ឬ​របៀប​គោរព​ប្រណិប័តន៍​មួយ​ដែល​លោក​ពេញ​ចិត្ត។ យើង​មិន​អាច​ជ្រើស​រើស​ផ្លូវ​ដោយ​ខ្លួន​យើង​ដើម្បី​គោរព​ប្រណិប័តន៍​លោក ដូច​អ្នក​រត់​ប្រណាំង​ដែល​ជ្រើស​រើស​ផ្លូវ​ណា​ក៏​ដោយ​ដែល​គាត់​ចង់​រត់ ហើយ​នៅ​តែ​រំពឹង​ថា​ខ្លួន​នឹង​ទទួល​ជ័យ​លា​ភី​ទៀត​នោះ​ទេ។

យើង​ត្រូវ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​ទើប​លោក​ពេញ​ចិត្ត​នឹង​យើង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​នឹង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»។ (​យ៉ូហាន ៤:២៣​) យើង​អាច​រៀន​អំពី​របៀប​គោរព​ប្រណិប័តន៍​ពិត​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។—យ៉ូហាន ១៧:១៧ *

[​កំណត់​សម្គាល់​]

^ វគ្គ 8 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​ស្តី​អំពី​ការ​គោរព​ប្រណិប័តន៍​ដែល​ព្រះ​ពេញ​ចិត្ត សូម​មើល​ជំពូក​ទី​១៥​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨​]

តើ​សាសនា​ទាំង​អស់​បង្រៀន​មនុស្ស​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត​ឬ​ទេ?