សេចក្ដីពិតអាចផ្លាស់ប្ដូរជីវិតរបស់លោកអ្នក
សេចក្ដីពិតអាចផ្លាស់ប្ដូរជីវិតរបស់លោកអ្នក
លោកអ្នកប្រហែលជាធ្លាប់ឮឬធ្លាប់ត្រូវគេបង្រៀនអំពីពាក្យកុហកណាមួយអំពីព្រះដែលអត្ថបទទាំងនេះបានបង្ហាញ។ ប៉ុន្តែ លោកអ្នកប្រហែលជានៅស្ទាក់ស្ទើរក្នុងការផ្លាស់ប្ដូរជំនឿរបស់លោកអ្នក ជាពិសេសបើលោកអ្នកកាន់តាមជំនឿនោះតាំងពីយូរណាស់មកហើយ។
ការស្ទាក់ស្ទើរបែបនេះគ្មានអ្វីចម្លែកទេ។ សាសនាខ្លះមិនលើកទឹកចិត្តសមាជិកឲ្យប្រៀបធៀបការបង្រៀនរបស់ពួកគេទៅនឹងអ្វីដែលបានចែងក្នុងគម្ពីរឡើយ។ សាសនាខ្លះទៀតខំការពារសេចក្ដីបង្រៀនមិនពិតដោយនិយាយថា គម្ពីរគឺពិបាកយល់ពេក ហើយមិនមែនមនុស្សណាក៏ដោយអាចយល់បាននោះឡើយ។ ប៉ុន្តែ ពួកអ្នកកាន់តាមភាគច្រើនរបស់លោកយេស៊ូជាមនុស្សសាមញ្ញធម្មតា មិនបានរៀនជ្រៅជ្រះទេ តែពួកគេអាចយល់អ្វីដែលលោកបង្រៀនបាន។—សកម្មភាព ៤:១៣
លោកអ្នកក៏ប្រហែលជាមិនហ៊ានពិចារណាជំនឿរបស់លោកអ្នកឲ្យបានហ្មត់ចត់ដែរ ពីព្រោះលោកអ្នកប្រហែលជាខ្លាចថាការធ្វើដូច្នេះនឹងបង្ហាញថាលោកអ្នកខ្វះជំនឿ។ ប៉ុន្តែ តើជាការសមហេតុផលឬទេដែលព្រះមិនពេញចិត្តដោយសារលោកអ្នកពិចារណាគម្ពីរ ដើម្បីយល់នូវអ្វីដែលលោកចង់ឲ្យលោកអ្នកធ្វើនោះ? ផ្ទុយទៅវិញ បណ្ដាំរបស់លោកលើកទឹកចិត្តលោកអ្នកឲ្យពិចារណាបទគម្ពីរទាំងនោះដោយផ្ទាល់ ដូចបានចែងថា៖ ‹ចូរពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យនិងល្អឥតខ្ចោះរបស់ព្រះ›។—រ៉ូម ១២:២
ការរៀនសេចក្ដីពិតអំពីព្រះមិនគ្រាន់តែជាចំណេះដឹងធម្មតាប៉ុណ្ណោះទេ តែក៏អាចផ្លាស់ប្ដូរជីវិតរបស់លោកអ្នកឲ្យកាន់តែប្រសើរថែមទៀតដែរ។ (យ៉ូហាន ៨:៣២) ឌីអេន ដែលបានរៀបរាប់នៅអត្ថបទដើមដំបូងបានបណ្ដុះឲ្យមានជំនឿដោយផ្អែកលើបណ្ដាំរបស់ព្រះ។ គាត់បានរៀបរាប់ថា៖ «ពេលខ្ញុំចាប់ផ្ដើមរៀនគម្ពីរ ទើបខ្ញុំយល់ច្បាស់អំពីសេចក្ដីបង្រៀនក្នុងគម្ពីរ។ ឥឡូវនេះ ខ្ញុំដឹងថាព្រះយេហូវ៉ាមិនត្រឹមតែជាព្រះមួយអង្គប៉ុណ្ណោះទេ តែលោកក៏ជាបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ផងដែរ។ ខ្ញុំបានរកឃើញគោលបំណងពិតនៃជីវិត»។
កាលពីមុន លោកអ្នកប្រហែលជាធ្លាប់រៀនគម្ពីរ ហើយមានអារម្មណ៍ថា ខ្លួនមិនបានទទួលប្រយោជន៍អ្វីសោះ។ បើដូច្នេះមែន សូមកុំរសាយចិត្តឡើយ។ ការខំព្យាយាមយល់អំពីអ្វីដែលចែងក្នុងគម្ពីរពេលដែលមានគេបង្រៀនពាក្យកុហកអំពីព្រះ នោះប្រៀបដូចជាការខំជួសជុលម៉ូតូដោយប្រើឧបករណ៍ខុស។ លោកអ្នកប្រហែលជាអាចដោះខ្ចៅខ្យងបានខ្លះៗ ប៉ុន្តែលោកអ្នកក៏រសាយចិត្ត ហើយខឹងថែមទៀត ដោយសារឧបករណ៍ដែលលោកអ្នកមាននោះ មិនអាចជួសជុលម៉ូតូបានឡើយ។ ប៉ុន្តែ បើលោកអ្នកមានឧបករណ៍ត្រឹមត្រូវ នោះលោកអ្នកនឹងអាចជួសជុលម៉ូតូបានយ៉ាងស្រួល មែនទេ?
តើលោកអ្នកចង់រៀនសេចក្ដីពិតអំពីព្រះឬទេ? យើងសូមអញ្ជើញលោកអ្នកឲ្យរៀនគម្ពីរដោយឥតគិតថ្លៃដោយទាក់ទងនឹងសាក្សីព្រះយេហូវ៉ាដែលនៅតំបន់របស់លោកអ្នក ឬសរសេរសំបុត្រផ្ញើទៅអាសយដ្ឋានណាមួយដែលមាននៅទំព័រទី៤ក្នុងទស្សនាវដ្ដីនេះ។
[ឃ្លាអក្សរធំនៅទំព័រ៩]
‹ចូរពិសោធមើល ដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរសមរម្យនិងល្អឥតខ្ចោះរបស់ព្រះ›។—រ៉ូម ១២:២