លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើឪពុកម្ដាយគួរបង្រៀនកូនអំពីការរួមភេទឬទេ?

តើឪពុកម្ដាយគួរបង្រៀនកូនអំពីការរួមភេទឬទេ?

សំណួរ​ពី​អ្នក​អាន​

តើ​ឪពុក​ម្ដាយ​គួរ​បង្រៀន​កូន​អំពី​ការ​រួម​ភេទ​ឬ​ទេ?

▪ ឪពុក​ម្ដាយ​ជា​ច្រើន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ការពារ​កូន​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេង​ៗ។ ស្រដៀង​គ្នា​ដែរ ឪពុក​ម្ដាយ​ក៏​ត្រូវ​ខំ​ប្រឹង​ការពារ​កូន​កុំ​ឲ្យ​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​ដែល​អាច​បង្ខូច​សីលធម៌​របស់​ពួក​គេ​ដែរ។ វិធី​មួយ​ដែល​ឪពុក​ម្ដាយ​អាច​ធ្វើ​ដូច្នេះ​បាន គឺ​ដោយ​អប់រំ​កូន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ការ​រួម​ភេទ។ (​សុភាសិត ៥:៣​-​២៣​) ការ​ណែនាំ​កូន​អំពី​សីលធម៌​និង​ការ​បង្ហាត់​បង្រៀន​ពី​ឪពុក​ម្ដាយ គឺ​សំខាន់​ចាំ​បាច់​ដោយ​សារ​ក្នុង​ទូរទស្សន៍ អ៊ីនធឺណិត សៀវភៅ​ផ្សេង​ៗ និង​សៀវភៅ​រឿង​តុក្កតា កូន​ក្មេង​ឃើញ​រូបភាព​ឬ​ក៏​ឈុត​កាន់​តែ​ច្រើន​ឡើង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រួម​ភេទ។

ដាយ​អេន លេវីន​ដែល​ជា​សាស្ដ្រាចារ្យ​ម្នាក់​ខាង​ផ្នែក​អប់រំ​និង​ជា​អ្នក​និពន្ធ​បាន​ពន្យល់​ថា​៖ ​«​បញ្ហា​សព្វ​ថ្ងៃ​នេះ​មិន​មែន​មក​ពី​កូន​ៗ​របស់​យើង​រៀន​អំពី​ការ​រួម​ភេទ​ទេ តែម​ក​ពី​អ្វី​ៗ​ដែល​ពួក​គេ​កំពុង​រៀន វ័យ​ដែល​ពួក​គេ​កំពុង​រៀន​នោះ និង​មនុស្ស​ដែល​កំពុង​បង្រៀន​ពួក​គេ​អំពី​រឿង​នោះ។ អ្វី​ៗ​ដែល​កូន​ក្មេង​រៀន​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​និង​ពី​ទស្សនៈ​ដែល​មនុស្ស​និយម​ទូទៅ​ស្តី​អំពី​ការ​រួម​ភេទ មាន​ឥទ្ធិពល​ខ្លាំង ហើយ​បង្ខូច​ចិត្ត​គំនិត​របស់​ពួក​គេ​»។

ឪពុក​ម្ដាយ​ត្រូវ​ការពារ​កូន​កុំ​ឲ្យ​ទទួល​ឥទ្ធិពល​ពី​គំនិត​ខុស​ឆ្គង​និង​ទស្សនៈ​ប្រាសចាក​សីលធម៌​ដែល​កំពុង​បំផ្លាញ​សង្គម។ (​សុភាសិត ៥:១; អេភេសូរ ៦:៤​) កូន​ក្មេង​ត្រូវ​ដឹង​អំពី​តួនាទី​នៃ​អវយវៈ​រាង​កាយ វិធី​សម្អាត​ខ្លួន​ប្រាណ និង​របៀប​ការពារ​ខ្លួន​ពី​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌។ មុន​ពេល​ដែល​កូន​ៗ​ចូល​វ័យ​បន្ត​ពូជ កូន​ស្រី​ត្រូវ​ដឹង​អំពី​ការ​ប្រែ​ប្រួល​នៃ​រាង​កាយ​របស់​នាង ហើយ​ត្រូវ​យល់​អំពី​មូលហេតុ​និង​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​មាន​រដូវ។ រីឯ​ក្មេង​ប្រុស​ក៏​គួរ​ដឹង​ជា​មុន​ថា​នៅ​ពេល​ខ្លះ អវយវៈ​ភេទ​របស់​គាត់​នឹង​បញ្ចេញ​ទឹក​កាម​នៅ​ពេល​យប់​ដោយ​ឯកឯង។ ពេល​កូន​នៅ​តូច ឪពុក​ម្ដាយ​អាច​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​ឈ្មោះ​ត្រឹម​ត្រូវ​នៃ​អវយវៈ​នីមួយ​ៗ​នៃ​រូប​កាយ។ ឪពុក​ម្ដាយ​ដែល​មាន​សេចក្ដី​ស្រឡាញ់​បង្រៀន​កូន​មេរៀន​ដ៏​សំខាន់​បី​អំពី​អវយវៈ​ទាំង​នេះ​គឺ: (​១​) អវយវៈ​ទាំង​នេះ​ជា​អ្វី​ដែល​ពិសេស។ (​២​) មិន​ត្រូវ​និយាយ​អំពី​អវយវៈ​ទាំង​នេះ​ដោយ​គ្មាន​ភាព​ថ្លៃ​ថ្នូរ​ទេ។ (​៣​) ជា​ទូទៅ មិន​ត្រូវ​ឲ្យ​គេ​ប៉ះ​ឬ​បង្ហាញ​ឲ្យ​គេ​ឃើញ​ឡើយ។ ពេល​ដែល​កូន​ធំ​ឡើង​បន្ដិច ឪពុក​ម្ដាយ​ត្រូវ​ដឹង​អំពី​ពេល​ណា​ដែល​គួរ​ពន្យល់​កូន​អំពី​របៀប​ដែល​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ។ *

តើ​ឪពុក​ម្ដាយ​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​អំពី​រឿង​នេះ​នៅ​ពេល​ណា? ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ​ខុស​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​នឹក​ស្មាន​ដល់។ ក្មេង​ស្រី​ម្នាក់​អាចម​ក​រដូវ​ជា​លើក​ដំបូង​នៅ​អាយុ​១០​ឆ្នាំ​ឬ​ក៏​មាន​អាយុ​តិច​ជាង​នេះ។ ក្មេង​ប្រុស​អាច​ចេញ​ទឹក​កាម​ជា​លើក​ដំបូង​នៅ​អាយុ​១១​ឬ​១២​ឆ្នាំ។ សភាព​ប្រែ​ប្រួល​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ៗ​ខ្វល់ខ្វាយ​និង​មាន​អារម្មណ៍​មិន​ស្រួល បើ​ពួក​គេ​មិន​បាន​ដឹង​ថា​នេះ​ជា​អ្វី​ដែល​កើត​ឡើង​ជា​ធម្មតា​ចំពោះ​រាង​កាយ។ ក្មេង​ៗ​ត្រូវ​ដឹង​អំពី​រឿង​នេះ​ជា​មុន​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ​ថា ការ​ធំ​លូត​លាស់​ខាង​រាង​កាយ​របស់​ពួក​គេ​មិន​មែន​ជា​បញ្ហា​អ្វី​ទេ។ នេះ​ក៏​ជា​ពេល​ដែល​ឪពុក​ម្ដាយ​ត្រូវ​អប់រំ​កូន​ឲ្យ​យល់​តម្លៃ​និង​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​ក្នុង​គម្ពីរ។ គោលការណ៍​សីលធម៌​ទាំង​នេះ​ជា​អ្វី​ដែល​កម្មវិធី​អប់រំ​ភាគ​ច្រើន​របស់​ពិភព​លោក​នេះ​មិន​បាន​បង្រៀន​ទេ។—សុភាសិត ៦:២៧​-​៣៥

[​កំណត់​សម្គាល់​]

^ វគ្គ 5 ឪពុក​ម្ដាយ​អាច​ទទួល​ព័ត៌មាន​បន្ថែម​ដែល​អាច​ជួយ​ពួក​គេ​ស្តី​អំពី​រឿង​នេះ ក្នុង​សៀវភៅ​ដែល​បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ដូច​ជា​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០ ទំព័រ​៩​-​១១ ដែល​មាន​ចំណង​ជើង​ថា​«​គន្លឹះ​សុភមង្គល​គ្រួសារ ចូរ​ពិគ្រោះ​ជា​មួយ​កូន​អ្នក​អំពី​ទំនាក់​ទំនង​ខាង​ផ្លូវ​ភេទ​»។