លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជួយពួកបុរសឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ

ជួយពួកបុរសឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ

ជួយ​ពួក​បុរស​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ

​«​ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​»។—លូក. ៥:១០

១, ២​. (​ក​) តើ​ពួក​បុរស​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​លោក​យេស៊ូ? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ពាស​ពេញ​ស្រុក​កាលីឡេ លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​បាន​ចុះ​ទូក​ចេញ​ពី​កន្លែង​នោះ​ទៅ​កន្លែង​មួយ​ឆ្ងាយ​ពី​គេ។ ប៉ុន្តែ បណ្ដា​ជន​បាន​ដើរ​ទៅ​តាម​លោក។ ពួក​អ្នក​ដែល​បាន​មក​នៅ​ថ្ងៃ​នោះ​មាន​«​បុរស​ប្រហែល​ប្រាំ​ពាន់​នាក់ ដោយ​មិន​រាប់​ទាំង​ស្ត្រី​និង​កូន​ក្មេង​»​ទេ។ (​ម៉ាថ. ១៤:២១​) នៅ​ពេល​មួយ​ទៀត បណ្ដា​ជន​បាន​មក​ឯ​លោក​យេស៊ូ​ដោយ​មាន​បំណង​ចង់​ឲ្យ​លោក​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​និង​ស្ដាប់​ប្រសាសន៍​របស់​លោក។ នៅ​ពេល​នោះ​មាន​«​បុរស​ចំនួន​បួន​ពាន់​នាក់ ដោយ​មិន​រាប់​ទាំង​ស្ត្រី​និង​កូន​ក្មេង​»​ឡើយ។ (​ម៉ាថ. ១៥:៣៨​) តាម​ខ​នេះ​យើង​ឃើញ​ថា មាន​បុរស​ជា​ច្រើន​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​មក​ឯ​លោក​យេស៊ូ ហើយ​ពួក​គេ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​បង្រៀន​របស់​លោក។ តាម​ពិត លោក​បាន​សង្ឃឹម​ថា​មាន​មនុស្ស​ច្រើន​ថែម​ទៀត​ក្លាយ​ជា​អ្នក​កាន់​តាម​លោក ព្រោះ​ក្រោយ​ពី​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ការ​នេសាទ​ត្រី លោក​យេស៊ូ​បាន​ប្រាប់​ស៊ីម៉ូន​ដែល​ជា​អ្នក​កាន់​តាម​ថា​៖ ​«​ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​»។ (​លូក. ៥:១០​) លោក​យេស៊ូ​ចង់​មាន​ន័យ​ថា កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ការ​នេសាទ​ត្រី។ លោក​អាច​ជួយ​ពួក​គេ​ឲ្យ​ស្វែងរក​មនុស្ស​ជា​ច្រើន​ដែល​នឹង​ជឿ​សេចក្ដី​ពិត។ ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​នឹង​មាន​បុរស​ជា​ច្រើន។

សព្វ​ថ្ងៃ​នេះ ពួក​បុរស​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដែល​យើង​ផ្សព្វ​ផ្សាយ ហើយ​ធ្វើ​តាម​សេចក្ដី​បង្រៀន​ទាំង​នោះ​ដែរ។ (​ម៉ាថ. ៥:៣​) ក៏​ប៉ុន្តែ បុរស​ជា​ច្រើន​បាន​រា​ថយ ហើយ​មិន​បាន​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ តើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ទោះ​ជា​លោក​យេស៊ូ​មិន​បាន​បង្កើត​កម្មវិធី​ពិសេស​ដើម្បី​ស្វែងរក​ពួក​បុរស​ក្ដី លោក​ប្រាកដជា​បាន​និយាយ​អំពី​រឿង​ផ្សេង​ៗ​ដែល​ពួក​បុរស​នៅ​សម័យ​នោះ​ចាប់​អារម្មណ៍។ ដោយ​ធ្វើ​តាម​គំរូ​របស់​លោក សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ជួយ​ពួក​បុរស​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​គំនិត​បី​យ៉ាង​របស់​មនុស្ស​ទូ​ទៅ​នៅ​សព្វ​ថ្ងៃ​នេះ: (​១​) ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត (​២​) ការ​ខ្លាច​ចំពោះ​ទស្សនៈ​របស់​មនុស្ស​ទូទៅ និង(​៣​) ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់។

ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត

៣, ៤​. (​ក​) តើ​បុរស​ជា​ច្រើន​ចាត់​ទុក​អ្វី​គឺ​សំខាន់​បំផុត? (​ខ​)​ ហេតុ​អ្វី​បុរស​ខ្លះ​ចាត់​ទុក​រឿង​ជីវភាព​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​គោរព​ប្រណិប័តន៍​ព្រះ?

អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​បាន​មក​ឯ​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក ទោះ​ជា​លោក​ទៅ​ទី​ណា​ក៏​ដោយ​»។ ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​បាន​ប្រាប់​គាត់​ថា​៖ ​«​កូន​មនុស្ស​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​»​ អ្នក​ជំនាញ​ខាង​ច្បាប់​នោះ​បាន​ប្ដូរ​ចិត្ត​វិញ។ តាម​មើល​ទៅ ការ​មិន​ដឹង​ច្បាស់​ថា​គាត់​នឹង​បរិភោគ​អ្វី ឬ​កន្លែង​ណា​ដែល​គាត់​នឹង​ស្នាក់​នៅ​គឺជា​អ្វី​ដែល​អ្នក​ជំនាញ​ខាង​ច្បាប់​នោះ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​គ្មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ឡើយ។—ម៉ាថ. ៨:១៩, ២០

បុរស​ច្រើន​តែ​ចាត់​ទុក​រឿង​ជីវភាព​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ការ​ទទួល​ការ​អប់រំ​ខ្ពស់ និង​មាន​ការងារ​ល្អ​ដែល​ជាប់​លាប់ ជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​បុរស​ជា​ច្រើន​នាក់។ តាម​គំនិត​របស់​ពួក​គេ រង្វាន់​ដែល​មក​ពី​ការ​ធ្វើ​ជា​អ្នក​មាន​ជា​អ្វី​ដែល​សំខាន់​ជាង​ប្រយោជន៍​ដែល​អាចម​ក​ពី​ការ​សិក្សា​គម្ពីរ និង​ការ​ធ្វើ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។ ពួក​គេ​ប្រហែលជា​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គម្ពីរ​បង្រៀន​មែន ប៉ុន្តែ​«​ការ​ខ្វល់ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ និង​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»​បាន​ចូល​មក​គ្រប​បាំង​ចំណាប់​អារម្មណ៍​របស់​ពួក​គេ។ (​ម៉ាក. ៤:១៨, ១៩​) សូម​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ជួយ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​កែប្រែ​ទស្សនៈ​របស់​ពួក​គេ​ស្តី​អំពី​អ្វី​ដែល​សំខាន់​បំផុត។

៥, ៦​. តើ​អ្វី​បាន​ជួយ​អនទ្រេ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ឲ្យ​ចាត់​ទុក​ថា​កិច្ចការ​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​ជាង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត?

អនទ្រេ​និង​បង​ប្រុស​របស់​គាត់​ឈ្មោះ​ស៊ីម៉ូន​ពេត្រុស​ជា​ដៃ​គូ​ក្នុង​ការ​ប្រកប​របរ​នេសាទ​ត្រី។ យ៉ូហាន បង​ប្រុស​របស់​គាត់​ឈ្មោះ​យ៉ាកុប និង​ឪពុក​របស់​ពួក​គាត់​ឈ្មោះ​សេបេដេ​ក៏​ប្រកប​របរ​ជា​អ្នក​នេសាទ​ត្រី​ដែរ។ មុខ​របរ​របស់​ពួក​គាត់​បាន​ដំណើរ​ការ​យ៉ាង​ល្អ​ដោយ​សារ​ពួក​គាត់​អាច​ជួល​ពួក​កូន​ឈ្នួល​បាន។ (​ម៉ាក. ១:១៦​-​២០​) នៅ​លើក​ដំបូង ពេល​ដែល​អនទ្រេ​និង​យ៉ូហាន​រៀន​អំពី​លោក​យេស៊ូ​ពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ពួក​គាត់​បាន​ជឿ​ជាក់​ថា​ពួក​គាត់​បាន​រក​ឃើញ​មេស្ស៊ី​ហើយ។ អនទ្រេ​បាន​ប្រាប់​ដំណឹង​នេះ​ដល់​ស៊ីម៉ូន​ពេត្រុស​ដែល​ជា​បង​ប្រុស​របស់​គាត់ ហើយ​យ៉ូហាន​ក៏​ប្រហែលជា​បាន​ប្រាប់​ដល់​យ៉ាកុប​ដែល​ជា​បង​ប្រុស​របស់​គាត់​ដែរ។ (​យ៉ូន. ១:២៩, ៣៥​-​៤១​) ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ក្រោយ​មក ពួក​គាត់​ទាំង​បួន​នាក់​បាន​ចំណាយ​ពេល​ជា​មួយ​លោក​យេស៊ូ​កាល​ដែល​លោក​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ស្រុក​សាម៉ារី។ ក្រោយ​មក អ្នក​កាន់​តាម​ទាំង​បួន​នាក់​នេះ​បាន​ត្រឡប់​ទៅ​ប្រកប​មុខ​របរ​របស់​ពួក​គាត់​វិញ។ ពួក​គាត់​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ ប៉ុន្តែ​នៅ​ពេល​នោះ កិច្ចការ​ផ្សព្វ​ផ្សាយ​មិន​មែន​ជា​អ្វី​សំខាន់​បំផុត​សម្រាប់​ពួក​គាត់​ទេ។

ប៉ុន្មាន​ខែ​ក្រោយ​មក លោក​យេស៊ូ​បាន​អញ្ជើញ​ពេត្រុស​និង​អនទ្រេ​ឲ្យ​មក​តាម​លោក ហើយ​ធ្វើ​ជា​«​អ្នក​នេសាទ​មនុស្ស​»។ តើ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​យ៉ាង​ណា? ​«​ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ក៏​ទៅ​តាម​លោក​»។ ចំណែក​ឯ​យ៉ាកុប​និង​យ៉ូហាន​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ គឺ​ពួក​គាត់​បាន​«​ចាក​ចេញ​ពី​ឪពុក​និង​ទូក ហើយ​បាន​ទៅ​តាម​លោក​ភ្លាម​»។ (​ម៉ាថ. ៤:១៨​-​២២​) តើ​អ្វី​បាន​ជួយ​បុរស​ទាំង​នេះ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល? តើ​មក​ពី​អារម្មណ៍​ដែល​ជា​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ដោយ​មិន​បាន​គិត​ទុក​ជា​មុន​ឬ? មិន​មែន​ទេ! ប៉ុន្មាន​ខែ​មុន​នោះ បុរស​ទាំង​នេះ​បាន​ស្ដាប់​ការ​បង្រៀន​របស់​លោក​យេស៊ូ ឃើញ​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ ឃើញ​ចិត្ត​ខ្នះខ្នែង​របស់​លោក​ចំពោះ​សេចក្ដី​សុចរិត និង​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​មក​ពី​ការ​ផ្សព្វ​ផ្សាយ​របស់​លោក។ ជា​លទ្ធផល ជំនឿ​និង​ទំនុក​ចិត្ត​របស់​ពួក​គេ​ទៅ​លើ​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​!

៧​. តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ផ្គត់​ផ្គង់​រាស្ត្រ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាចយ​ក​តម្រាប់​តាម​លោក​យេស៊ូ​ក្នុង​ការ​ជួយ​សិស្ស​គម្ពីរ​របស់​យើង​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​សុភ. ៣:៥, ៦​) របៀប​ដែល​យើង​បង្រៀន​ទាក់​ទង​យ៉ាង​ច្រើន​នឹង​រឿង​នេះ។ ក្នុង​ការ​បង្រៀន យើង​អាច​លើក​បញ្ជាក់​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​លោក​នឹង​ឲ្យ​ពរ​យ៉ាង​ច្រើន​ដល់​យើង បើ​យើង​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត។ (​សូម​អាន ម៉ាឡាគី ៣:១០; ម៉ាថាយ ៦:៣៣) ទោះ​ជា​យើង​អាច​ប្រើ​បទ​គម្ពីរ​ផ្សេង​ៗ​ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​រាស្ត្រ​របស់​លោក​ក៏​ដោយ តែ​កុំ​ភ្លេច​ថា គំរូ​របស់​យើង​ផ្ទាល់​ជា​អ្វី​ដែល​មាន​ប្រសិទ្ធភាព​ណាស់។ ការ​ប្រាប់​បទ​ពិសោធន៍​ដែល​យើង​មាន​ក្នុង​ជីវិត​អាច​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សិស្ស​គម្ពីរ​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​ប្រាប់​បទ​ពិសោធន៍​ដ៏​លើក​ទឹក​ចិត្ត​ដែល​យើង​បាន​អាន​ក្នុង​សៀវភៅ​នានា​របស់​អង្គការ​យើង​ដែរ។ *

៨​. (​ក​) ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​សិស្ស​គម្ពីរ​‹ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​គុណធម៌›? (​ខ​)​ តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ពិសោធ​ដោយ​ផ្ទាល់​ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​គុណធម៌​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ជួយ​សិស្ស​គម្ពីរ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ ការ​អាន​និង​ឮ​អំពី​របៀប​ដែល​អ្នក​ឯ​ទៀត​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​គឺ​មិន​គ្រប់​គ្រាន់​ទេ ពួក​គាត់​ត្រូវ​ពិសោធ​ដោយ​ផ្ទាល់​នូវ​គុណធម៌​របស់​ព្រះ​យេហូវ៉ា។ អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ[​ឬ​«​មាន​គុណធម៌​»​]ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់​»។ (​ទំនុក. ៣៤:៨; ព.ថ.​) តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​មាន​គុណធម៌​យ៉ាង​ដូច​ម្ដេច? ឧបមា​ថា សិស្ស​គម្ពីរ​ម្នាក់​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ខាង​លុយ​កាក់ ហើយ​គាត់​ខំ​យក​ឈ្នះ​ទម្លាប់​អាក្រក់​មួយ ដូច​ជា​ជក់​បារី លេង​ល្បែង​ស៊ីសង ឬ​ផឹក​ស្រា​ហួស​ប្រមាណ។ (​សុភ. ២៣:២០, ២១; ២កូ. ៧:១; ១ធី. ៦:១០​) យើង​អាច​បង្រៀន​គាត់​ឲ្យ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ក្នុង​ការ​យក​ឈ្នះ​ទម្លាប់​អាក្រក់​មួយ​នោះ។ ពេល​ដែល​ជីវិត​របស់​គាត់​បាន​ល្អ​ប្រសើរ​ជាង គាត់​នឹង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​គុណធម៌ មែន​ទេ? បន្ថែម​ទៅ​ទៀត សូម​ពិចារណា​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ពេល​ដែល​យើង​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ឲ្យ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត ដោយ​លៃ​ពេល​ដើម្បី​រៀន​គម្ពីរ​ជា​រៀង​រាល់​សប្ដាហ៍ និង​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ។ ពេល​គាត់​ពិសោធ​ដោយ​ផ្ទាល់​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​ការ​ខំ​ប្រឹង​របស់​គាត់ នោះ​ជំនឿ​របស់​គាត់​នឹង​កាន់​តែ​រឹង​មាំ​ឡើង!

ការ​ភ័យ​ខ្លាច​ចំពោះ​ទស្សនៈ​របស់​មនុស្ស​ទូទៅ

៩, ១០​. (​ក​) ហេតុ​អ្វី​នីកូដេម​និង​យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ​បាន​កាន់​តាម​លោក​យេស៊ូ​ដោយ​សម្ងាត់? (​ខ​)​ ហេតុ​អ្វី​បុរស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត?

បុរស​ខ្លះ​ប្រហែលជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​តាម​គ្រិស្ត​យ៉ាង​ពេញ​លេញ ដោយ​សារ​ពួក​គេ​ខ្លាច​ទស្សនៈ​របស់​មនុស្ស​អាយុ​ស្រករ​គ្នា។ ជា​ឧទាហរណ៍ នីកូដេម​និង​យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ​បាន​កាន់​តាម​លោក​យេស៊ូ​ដោយ​សម្ងាត់ ពីព្រោះ​ពួក​គេ​ភ័យ​ខ្លាច​អំពី​អ្វី​ដែល​ជន​ជាតិ​យូដា​ប្រព្រឹត្ត​និង​និយាយ​ចំពោះ​ពួក​គាត់ បើ​ពួក​គេ​ដឹង​អំពី​រឿង​នេះ។ (​យ៉ូន. ៣:១, ២; ១៩:៣៨​) មាន​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​ភ័យ​ខ្លាច ព្រោះ​ពួក​មេ​ដឹក​នាំ​សាសនា​បាន​ស្អប់​លោក​យេស៊ូ​កាន់​តែ​ខ្លាំង​រហូត​ដល់​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​នឹង​ត្រូវ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ។—យ៉ូន. ៩:២២

១០ ក្នុង​ប្រទេស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ បើ​បុរស​ម្នាក់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រឿង​ព្រះ គម្ពីរ ឬ​សាសនា គាត់​ប្រហែលជា​ត្រូវ​អ្នក​រួម​ការងារ មិត្ត​ភក្ដិ ឬ​សមាជិក​គ្រួសារ​និយាយ​រុក​កួន​គាត់។ នៅ​ប្រទេស​ខ្លះ​ទៀត ការ​និយាយ​អំពី​ការ​ប្ដូរ​សាសនា​របស់​នរណា​ម្នាក់​ប្រហែលជា​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា​អាច​ជា​អ្វី​ដែល​ពិបាក​ណាស់ ជា​ពិសេស​ពេល​ដែល​បុរស​ម្នាក់​ជា​អ្នក​ដែល​បម្រើ​យ៉ាង​សកម្ម​ក្នុង​កង​យោធា ឬ​ក្នុង​ប្រព័ន្ធ​នយោបាយ ឬ​ក៏​ក្នុង​សង្គម។ ជា​ឧទាហរណ៍ បុរស​ម្នាក់​នៅ​ប្រទេស​អាឡឺម៉ង់​បាន​រៀប​រាប់​ថា​៖ ​«​អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​អំពី​គម្ពីរ​គឺជា​សេចក្ដី​ពិត។ ប៉ុន្តែ បើ​ខ្ញុំ​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​មនុស្ស​ទាំង​អស់​នឹង​ដឹង​អំពី​រឿង​នេះ។ តើ​អ្នក​ជិត​ខាង អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​ខ្ញុំ អ្នក​ដែល​ស្គាល់​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​នឹង​គិត​យ៉ាង​ណា​អំពី​រឿង​នោះ? ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​»។

១១​. តើ​លោក​យេស៊ូ​បាន​ជួយ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​ការ​ភ័យ​ខ្លាច​មនុស្ស​យ៉ាង​ដូច​ម្ដេច?

១១ ទោះ​ជា​គ្មាន​សាវ័ក​របស់​លោក​យេស៊ូ​ណា​ម្នាក់​ជា​មនុស្ស​កំសាក​ក៏​ដោយ ពួក​គេ​ទាំង​អស់​គ្នា​បាន​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច​មនុស្ស។ (​ម៉ាក. ១៤:៥០, ៦៦​-​៧២​) តើ​លោក​យេស៊ូ​ជួយ​ពួក​គេ​ឲ្យ​រីក​ចម្រើន​ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ដែល​មាន​អាយុ​ស្រករ​គ្នា​យ៉ាង​ណា? លោក​យេស៊ូ​បាន​ជួយ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឆាំង​ដែល​ពួក​គេ​នឹង​ជួប​ប្រទះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ណា​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា ឈប់​រាប់​អាន ជេរ​ប្រមាថ និង​បង្ខូច​ឈ្មោះ​អ្នក ទុក​ជា​មនុស្ស​ទុច្ចរិត ដោយ​សារ​កូន​មនុស្ស នោះ​អ្នក​មាន​សុភមង្គល​ហើយ!​»។ (​លូក. ៦:២២​) លោក​យេស៊ូ​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ដឹង​ទុក​ជា​មុន​ថា​ពួក​គេ​នឹង​ត្រូវ​គេ​ជេរ​ប្រមាថ ហើយ​ការ​ជេរ​ប្រមាថ​សព្វ​បែប​យ៉ាង​ដែល​កើត​ឡើង​គឺ​«​ដោយ​សារ​កូន​មនុស្ស​»។ លោក​យេស៊ូ​ក៏​បាន​ធានា​ដល់​ពួក​គេ​ដែរ​ថា​ព្រះ​នឹង​គាំទ្រ​ពួក​គេ ដរាប​ណា​ពួក​គេ​សុំ​ជំនួយ​និង​កម្លាំង​ពី​លោក។ (​លូក. ១២:៤​-​១២​) បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​បាន​អញ្ជើញ​មនុស្ស​ឯ​ទៀត​ឲ្យ​សេពគប់​ដោយ​សេរី​ជា​មួយ​អ្នក​កាន់​តាម​លោក និង​ធ្វើ​ជា​មិត្ត​ជា​មួយ​នឹង​ពួក​គេ។—ម៉ាក. ១០:​២៩, ៣០

១២​. តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស​តាម​របៀប​ណាខ្លះ?

១២ យើង​ក៏​ត្រូវ​តែ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស​ដែរ។ បញ្ហា​មួយ​ច្រើន​តែ​ដោះ​ស្រាយ​ស្រួល​ជាង​ពេល​ដែល​មាន​ការ​គិត​ទុក​ជា​មុន។ (​យ៉ូន. ១៥:១៩​) ជា​ឧទាហរណ៍ យើង​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ត្រៀម​ចម្លើយ​ដែល​ស្រួល​យល់ សម​ហេតុ​ផល និង​មាន​មូលដ្ឋាន​លើ​គម្ពីរ​ចំពោះ​សំណួរ និង​ពាក្យ​ជំទាស់​ដែល​អ្នក​រួម​ការងារ​និង​អ្នក​ឯ​ទៀត​ប្រហែលជា​ចោទ​ឡើង។ យើង​អាច​ធ្វើ​ជា​មិត្ត​ភក្ដិ​របស់​គាត់ ហើយ​យើង​ក៏​អាច​ណែនាំ​គាត់​ឲ្យ​ស្គាល់​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​ពួក​អ្នក​ដែល​ប្រហែលជា​ធ្លាប់​ជួប​កាលៈទេសៈ​ស្រដៀង​គ្នា​ដែរ។ បន្ថែម​លើ​អ្វី​ៗ​ទាំង​នោះ យើង​គួរ​បង្រៀន​គាត់​ឲ្យ​អធិដ្ឋាន​ជា​ទៀង​ទាត់ និង​អស់ពី​ចិត្ត​ដល់​ព្រះ​យេហូវ៉ា។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​គាត់​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា និង​យក​លោក​ជា​ទី​ពឹង​ជ្រក​និង​ជា​ថ្មដា​ផង​ដែរ។—សូម​អាន ទំនុកតម្កើង ៩៤:២១​-​២៣; យ៉ាកុប ៤:៨

ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់

១៣​. តើ​ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​បុរស​ខ្លះ​ឈប់​ចូល​រួម​ក្នុង​កិច្ចការ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៣ បុរស​ខ្លះ​ឈប់​ចូល​រួម​ក្នុង​កិច្ចការ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​សារ​ពួក​គេ​មិន​ចេះ​អាន​ល្អ ឬ​មិន​អាច​បង្ហាញ​អារម្មណ៍​របស់​ខ្លួន ឬ​ក៏​គ្រាន់តែ​អៀន។ បុរស​ខ្លះ​មិន​អាច​បង្ហាញ​ពី​ទស្សនៈ​ឬ​អារម្មណ៍​របស់​ខ្លួន​ក្នុង​ទី​សាធារណៈ​ទេ។ គ្រាន់តែ​គិត​អំពី​ការ​រៀន​គម្ពីរ ឆ្លើយ​នៅ​ក្នុង​កិច្ច​ប្រជុំ ឬ​ទៅ​ផ្សព្វ​ផ្សាយ​តែ​ប៉ុណ្ណោះ ជា​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ​ទៅ​ហើយ។ បង​ប្រុស​ម្នាក់​បាន​រៀប​រាប់​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ដើរ​ទៅ​មាត់​ទ្វារ​របស់​ម្ចាស់​ផ្ទះ​ភ្លាម​ៗ ធ្វើ​ដូច​ជា​ចុច​កណ្ដឹង ហើយ​ខ្ញុំ​ដើរ​ចេញ​វិញ​ភ្លាម​ៗ​ដោយ​សង្ឃឹម​ថា​គ្មាន​អ្នក​ណា​ឮ​ឬ​ឃើញ​ខ្ញុំ​ទេ . . . គ្រាន់តែ​គិត​អំពី​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ទៅ​ហើយ​»។

១៤​. ហេតុ​អ្វី​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​អាច​ព្យាបាល​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល?

១៤ ស្តី​អំពី​ការ​ខ្វះ​ទំនុក​ចិត្ត ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រាកដជា​មាន​អារម្មណ៍​បែប​នេះ ពេល​ដែល​ពួក​គេ​មិន​អាច​ព្យាបាល​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល។ ឪពុក​របស់​ក្មេង​ប្រុស​នេះ​បាន​មក​ជួប​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​[​កូន​ប្រុស​ខ្ញុំ​]​មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​វា​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ពីព្រោះ​វា​ដួល​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជា​ញឹក​ញាប់ ហើយ​ខ្ញុំ​នាំ​វា​មក​ជួប​ពួក​អ្នក​កាន់​តាម​លោក តែ​ពួក​គាត់​មិន​អាច​ធ្វើ​ឲ្យ​វា​ជា​បាន​ឡើយ​»។ លោក​យេស៊ូ​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​នោះ ហើយ​ក្មេង​ប្រុស​នោះ​បាន​ជា​សះ​ស្បើយ។ ក្រោយ​នោះ ពួក​អ្នក​កាន់​តាម​បាន​មក​ជួប​លោក​យេស៊ូ ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​យើង​មិន​អាច​បណ្ដេញ​វា​បាន?​»។ លោក​យេស៊ូ​បាន​ឆ្លើយ​ថា​៖ ​«​គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិនបើ​អ្នក​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត នោះ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ ទៅ​កន្លែង​ផ្សេង› នោះ​វា​នឹង​រើ​ទៅ​មែន ហើយ​នឹង​គ្មាន​អ្វី​ដែល​អ្នក​ធ្វើ​ពុំ​កើត​ឡើយ›​»។ (​ម៉ាថ. ១៧:១៤​-​២០​) ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ដែល​ធំ​ដូច​ជា​ភ្នំ។ បើ​មនុស្ស​ម្នាក់​លែង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​វិញ​នោះ តើ​មាន​អ្វី​កើត​ឡើង? គឺ​គាត់​នឹង​ទទួល​ការ​បរាជ័យ ហើយ​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់។

១៥, ១៦​. តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​ម្នាក់​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ដែល​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​យ៉ាង​ដូច​ម្ដេច?

១៥ វិធី​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ជួយ​មនុស្ស​ម្នាក់​ឲ្យ​តយុទ្ធ​នឹង​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់ គឺ​ដោយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ជាង​ទៅ​លើ​ខ្លួន​គាត់​ផ្ទាល់។ ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ក្រោម​ដៃ​ដ៏​ខ្លាំងក្លា​របស់​ព្រះ ដើម្បី​ឲ្យ​លោក​តម្កើង​អ្នក​រាល់​គ្នា​នៅ​ពេល​កំណត់ កាល​ដែល​អ្នក​រាល់​គ្នា​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ​»។ (​១ពេ. ៥:៦, ៧​) នេះ​តម្រូវ​ឲ្យ​យើង​ជួយ​សិស្ស​គម្ពីរ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ មនុស្ស​ដែល​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ការ​បម្រើ​ព្រះ។ គាត់​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ​និង​បង្ហាញ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»​ក្នុង​ជីវិត​គាត់។ (​កាឡ. ៥:​២២, ២៣​) គាត់​ចាត់​ទុក​សេចក្ដី​អធិដ្ឋាន​ជា​អ្វី​ដ៏​សំខាន់។ (​ភី. ៤:៦, ៧​) បន្ថែម​ទៅ​ទៀត គាត់​សុំ​ព្រះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ប្រឈម​មុខ​នឹង​ស្ថានភាព​សព្វ​បែប​យ៉ាង ឬ​ដើម្បី​បំពេញ​ភារកិច្ច​គ្រប់​យ៉ាង​ដោយ​ជោគជ័យ។—សូម​អាន ធីម៉ូថេទី២ ១:៧, ៨

១៦ សិស្ស​គម្ពីរ​ខ្លះ​ក៏​ប្រហែលជា​ត្រូវ​ការ​ជំនួយ​ដ៏​មាន​ប្រយោជន៍​ដើម្បី​ចេះ​អាន ចេះ​សន្ទនា ឬ​ពូកែ​វោហារ​ដែរ។ អ្នក​ខ្លះ​ទៀត​ប្រហែលជា​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​បម្រើ​ព្រះ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​មុន​ពួក​គេ​ស្គាល់​ព្រះ​យេហូវ៉ា។ ក្នុង​ករណី​ទាំង​ពីរ​នេះ សេចក្ដី​ស្រឡាញ់​របស់​យើង និង​ជំនួយ​ដែល​ផ្ដល់​ឲ្យ​ដោយ​ចិត្ត​អត់​ធ្មត់​ប្រហែល​ជា​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ​»។—ម៉ាថ. ៩:១២

«​នេសាទ​»​មនុស្ស​ប្រុស​ឲ្យ​បាន​ច្រើន​ថែម​ទៀត

១៧, ១៨​. (​ក​) តើ​យើង​អាច​ផ្សព្វ​ផ្សាយ​ជួប​មនុស្ស​ប្រុស​ឲ្យ​បាន​ច្រើន​ថែម​ទៀត​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៧ យើង​សង្ឃឹម​ថា​មនុស្ស​ប្រុស​ច្រើន​ថែម​ទៀត​នឹង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល។ (​២ធី. ៣:១៦, ១៧​) ដូច្នេះ តើ​យើង​អាច​ជួប​មនុស្ស​ប្រុស​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ចំណាយ​ពេល​ច្រើន​ថែម​ទៀត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​ពេល​ល្ងាច នៅ​ពេល​រសៀល​នៃ​ចុង​សប្ដាហ៍ ឬ​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក ដែល​ជា​ពេល​មនុស្ស​ប្រុស​ភាគ​ច្រើន​នៅ​ផ្ទះ។ បើ​អាច​ធ្វើ​បាន យើង​អាច​សុំ​និយាយ​ជា​មួយ​មេ​គ្រួសារ​នៃ​ផ្ទះ​នោះ។ សូម​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដល់​បុរស​ដែល​ធ្វើ​ការ​ជា​មួយ​យើង​នៅ​ពេល​ដែល​សមរម្យ ហើយ​ជួប​ស្វាមី​ដែល​មិន​មែន​ជា​អ្នក​រួម​ជំនឿ​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។

១៨ ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​ដែល​យើង​ជួប យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ពួក​អ្នក​ដែល​ស្វែងរក​សេចក្ដី​ពិត​នឹង​ស្ដាប់​តាម​ដំណឹង​នោះ។ សូម​ឲ្យ​យើង​ជួយ​ដោយ​ចិត្ត​អត់​ធ្មត់​ដល់​មនុស្ស​ទាំង​អស់​ដែល​ចាប់​អារម្មណ៍​យ៉ាង​ស្មោះ​ចំពោះ​សេចក្ដី​ពិត។ ប៉ុន្តែ តើ​យើង​អាច​ជួយ​បុរស​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ក្នុង​អង្គការ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​សំណួរ​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 7 សូម​មើល​បទ​ពិសោធន៍​ដែល​បាន​កត់​សរសេរ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​អាច​ជួយ​មនុស្ស​ប្រុស​ឲ្យ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​ថ្មី​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចេះ​ទប់​ទល់​នឹង​ការ​ភ័យ​ខ្លាច​មនុស្ស​យ៉ាង​ដូច​ម្ដេច?

• តើ​អ្វី​អាច​ជួយ​បង​ប្អូន​ខ្លះ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ដែល​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៥​]

តើ​អ្នក​បង្កើត​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ប្រុស​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​២៦​]

តើ​អ្នក​អាច​ជួយ​សិស្ស​គម្ពីរ​របស់​អ្នក ឲ្យ​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ការ​ពិបាក​យ៉ាង​ដូច​ម្ដេច?