លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើគាត់ជាគំរូល្អសម្រាប់អ្នកឬក៏ជាគំរូដែលទុកជាការព្រមាន?

តើគាត់ជាគំរូល្អសម្រាប់អ្នកឬក៏ជាគំរូដែលទុកជាការព្រមាន?

តើ​គាត់​ជា​គំរូ​ល្អ​សម្រាប់​អ្នក​ឬ​ក៏​ជា​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន?

​«​ព្រះ​របស់​ពួក​យ៉ាកុប . . . នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។—អេ. ២:៣

១, ២​. តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​ដែល​មាន​ក្នុង​គម្ពីរ​តាម​វិធី​ណាខ្លះ?

អ្នក​ពិត​ជា​ជឿ​ជាក់​ថា​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​បាន​កត់​សរសេរ​ក្នុង​គម្ពីរ មែន​ទេ? ក្នុង​នោះ​មាន​គំរូ​ល្អ​របស់​បុរស​និង​ស្ត្រី​ស្មោះ​ត្រង់​ដែល​មាន​គន្លង​ជីវិត​និង​គុណ​សម្បត្ដិ​ដែល​អ្នក​ចង់​យក​តម្រាប់​តាម។ (​ហេ. ១១:៣២​-​៣៤​) ក៏​ប៉ុន្តែ អ្នក​ទំនង​ជា​បាន​កត់​សម្គាល់​ឃើញ​ថា​មាន​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​ផង​ដែរ ពោល​គឺ​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​បុរស​និង​ស្ត្រី​ខ្លះ​ដែល​យើង​មិន​គួរ​យក​តម្រាប់​តាម។

តាម​ការ​ពិត មនុស្ស​ខ្លះ​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​គម្ពីរ​បាន​ទុក​គំរូ​ល្អ​ដែល​យើង​គួរ​យក​តម្រាប់​តាម និង​គំរូ​ទុក​ជា​ការ​ព្រមាន​អំពី​ការ​ប្រព្រឹត្ត​ដែល​យើង​ត្រូវ​ជៀស​វាង​ផង​ដែរ។ សូម​គិត​អំពី​ដាវីឌ គាត់​ជា​គង្វាល​ដែល​មាន​ចិត្ត​រាប​ទាប ហើយ​ក្រោយ​មក​គាត់​ក្លាយ​ទៅ​ជា​ស្តេច​ដែល​មាន​អំណាច​ដ៏​ខ្លាំងក្លា។ គាត់​ជា​គំរូ​ល្អ​ដោយ​សារ​គាត់​បាន​ស្រឡាញ់​សេចក្ដី​ពិត​និង​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន។ ជា​ឧទាហរណ៍​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​មួយ​នឹង​នាង​បាត​សេ​បា គាត់​បាន​សម្លាប់​អ៊ូរី និង​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ដោយ​ជំរឿន​ប្រជាជន។ ប៉ុន្តែ សូម​ឲ្យ​យើង​ពិចារណា​អំពី​សាឡូម៉ូន​ជា​កូន​ប្រុស​របស់​គាត់​ដែល​ជា​ស្តេច​និង​ជា​អ្នក​សរសេរ​គម្ពីរ​ផង​ដែរ។ យើង​នឹង​ពិនិត្យ​មើល​នូវ​មូលហេតុ​ពីរ​យ៉ាង​ដែល​គាត់​ជា​គំរូ​ល្អ​សម្រាប់​យើង។

«​ប្រាជ្ញា​របស់​សាឡូម៉ូន​»​

៣​. ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា​សាឡូម៉ូន​បាន​ទុក​គំរូ​ល្អ​សម្រាប់​យើង?

លោក​យេស៊ូ​គ្រិស្ត​ដែល​ឧត្តម​ជាង​សាឡូម៉ូន​បាន​រៀប​រាប់​ថា​ស្តេច​សាឡូម៉ូន​បាន​ទុក​គំរូ​ល្អ​ដើម្បី​ឲ្យ​យើង​យក​តម្រាប់​តាម។ លោក​យេស៊ូ​បាន​ប្រាប់​ជន​ជាតិ​យូដា​ខ្លះ​ដែល​មាន​ចិត្ត​សង្ស័យ​ថា​៖ ​«​នៅ​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី មហាក្សត្រី​នៃ​ភាគ​ខាង​ត្បូង​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​មនុស្ស​ជំនាន់​នេះ ហើយ​នឹង​ផ្ដន្ទា​ទោស​ពួក​គេ​ដែរ ពីព្រោះ​មហាក្សត្រី​នោះ​បាន​មក​ពី​ចុង​ផែនដី​ដើម្បី​ស្ដាប់​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​របស់​សាឡូម៉ូន ប៉ុន្តែ​មើល! អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន​គឺ​នៅ​ទី​នេះ​ហើយ​»។ (​ម៉ាថ. ១២:៤២​) ពិត​មែន​ហើយ សាឡូម៉ូន​ល្បីល្បាញ​ដោយ​សារ​ប្រាជ្ញា​របស់​គាត់ ហើយ​គាត់​ក៏​បាន​ដាស់​តឿន​យើង​ឲ្យ​មាន​ប្រាជ្ញា​ដែរ។

៤, ៥​. តើ​សាឡូម៉ូន​ទទួល​ប្រាជ្ញា​ពី​ព្រះ​តាម​របៀប​ណា? ហើយ​តើ​វិធី​ដែល​យើង​ទទួល​ប្រាជ្ញា​នោះ​ខុស​គ្នា​យ៉ាង​ណា​ពី​គាត់?

នៅ​ដើម​នៃ​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន​ជា​ស្តេច ព្រះ​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​តាម​រយៈ​ការ​យល់សប្ដិ ហើយ​ឲ្យ​គាត់​សុំ​អ្វី​មួយ​ដែល​គាត់​ចង់​បាន។ ដោយ​ដឹង​អំពី​កម្រិត​សមត្ថភាព​របស់​គាត់ សាឡូម៉ូន​បាន​សុំ​ប្រាជ្ញា​ពី​ព្រះ។ (​សូម​អាន ពង្សាវតារក្សត្រទី១ ៣:៥​-​៩) ព្រះ​បាន​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​គាត់​បាន​សុំ ដោយ​សារ​គាត់​បាន​សុំ​ឲ្យ​មាន​ប្រាជ្ញា​ជា​ជាង​ទ្រព្យ​សម្បត្ដិ​និង​កេរ្ដិ៍​ឈ្មោះ ដូច្នេះ​លោក​បាន​ឲ្យ​សាឡូម៉ូន​«​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់​»​ រួម​ទាំង​ទ្រព្យ​សម្បត្ដិ​យ៉ាង​បរិបូរ​ផង​ដែរ។ (​១ព. ៣:១០​-​១៤​) ដូច​លោក​យេស៊ូ​បាន​បញ្ជាក់ ប្រាជ្ញា​របស់​សាឡូម៉ូន​បាន​ល្បីល្បាញ​យ៉ាង​ខ្លាំង​រហូត​ដល់​បាន​ឮ​ដល់​មហាក្សត្រី​ស្រុក​សេ​បា ហើយ​មហាក្សត្រី​នោះ​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ដើម្បី​មក​ស្ដាប់​ដោយ​ផ្ទាល់​នូវ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​របស់​សាឡូម៉ូន។—១ព. ១០:១, ៤​-​៩

យើង​មិន​រំពឹង​ថា​យើង​អាច​ទទួល​ប្រាជ្ញា​ដោយ​ការ​អស្ចារ្យ​បែប​នេះ​ទេ។ សាឡូម៉ូន​បាន​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា​»​ ប៉ុន្តែ​គាត់​ក៏​បាន​សរសេរ​ថា យើង​គួរ​ខំ​ព្យាយាម​ឲ្យ​បាន​ប្រាជ្ញា​របស់​ព្រះ​ដោយ​«​ប្រុង​ត្រចៀក​ស្ដាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់​»។ ស្តី​អំពី​រឿង​នេះ គាត់​បាន​ប្រើ​ពាក្យ​ដូច​ជា​«​ស្រែក​ហៅ​រក​»​ ​«​ខំ​រក​»​និង​«​ស្វែងរក​»​ប្រាជ្ញា។ (​សុភ. ២:១​-​៦​) នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​បាន។

៦​. ស្តី​អំពី​ប្រាជ្ញា តើ​យើង​អាច​បង្ហាញ​ថា​យើង​បាន​ទទួល​ប្រយោជន៍​ពី​គំរូ​ដ៏​ល្អ​របស់​សាឡូម៉ូន​តាម​វិធី​ណាខ្លះ?

ជា​ការ​ល្អ​ឲ្យ​យើង​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា​‹តើ​ខ្ញុំ​ធ្វើ​តាម​គំរូ​របស់​សាឡូម៉ូន​ដោយ​ចាត់​ទុក​ប្រាជ្ញា​របស់​ព្រះ​ជា​អ្វី​ដែល​មាន​តម្លៃ​ស្មើ​នឹង​កំណប់​ទ្រព្យ​ឬ​ទេ?›។ មនុស្ស​ជា​ច្រើន​ប្រមូល​អារម្មណ៍​ទៅ​លើ​រឿង​ការងារ​និង​រឿង​លុយ​កាក់​ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច ឬ​ក៏​ពួក​គេ​អនុញ្ញាត​ឲ្យ​បញ្ហា​សេដ្ឋកិច្ច​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ស្តី​អំពី​ប្រភេទ​នៃ​ការ​អប់រំ និង​អំពី​រយៈ​ពេល​នៃ​ការ​អប់រំ​ដែល​ពួក​គេ​គួរ​រៀន។ ចុះ​យ៉ាង​ណា​ចំពោះ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក? តើ​ជម្រើស​របស់​អ្នក​បង្ហាញ​ថា​អ្នក​ចង់​ស្វែងរក​ប្រាជ្ញា​របស់​ព្រះ ហើយ​ចាត់​ទុក​នោះ​ជា​អ្វី​ដែល​មាន​តម្លៃ​ស្មើ​នឹង​កំណប់​ទ្រព្យ​ឬ​ទេ? តើ​អ្នក​ត្រូវ​កែប្រែ​គោលដៅ​ឬ​គំនិត​របស់​អ្នក​ស្តី​អំពី​អ្វី​ដែល​សំខាន់​បំផុត​ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ប្រាជ្ញា​ច្រើន​ថែម​ទៀត​ឬ​ទេ? ការ​ទទួល​និង​ប្រើ​ប្រាជ្ញា​នេះ​ពិត​ជា​នាំ​ឲ្យ​អ្នក​ទទួល​ប្រយោជន៍​ជា​រៀង​រហូត​មែន។ សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ​»។—សុភ. ២:៩

ការ​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត​នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត

៧​. តើ​វិហារ​របស់​ព្រះ​បាន​មក​ពី​ណា?

នៅ​ដើម​នៃ​គ្រា​សោយរាជ្យ​របស់​សាឡូម៉ូន គាត់​បាន​ចាត់​វិធានការ​សាងសង់​វិហារ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជំនួស​ត្រ​សាល​របស់​ព្រះ​ដែល​ធ្លាប់​ប្រើ​តាំង​ពី​ជំនាន់​លោក​ម៉ូសេ។ (​១ព. ៦:១​) ប្រហែលជា​យើង​ហៅ​វិហារ​នេះ​ថា​វិហារ​របស់​សាឡូម៉ូន ប៉ុន្តែ​នេះ​មិន​មែន​ជា​គំនិត​របស់​គាត់​ទេ ហើយ​ក៏​មិន​មែន​ជា​អ្វី​ដែល​គាត់​ធ្វើ​ដើម្បី​ឲ្យ​គេ​សរសើរ​គាត់​ឬ​ដើម្បី​ឲ្យ​បាន​ល្បី​ឈ្មោះ​ដែរ។ តាម​ពិត ដាវីឌ​ជា​អ្នក​ដែល​ផ្ដើម​គំនិត​ក្នុង​ការ​សាងសង់​វិហារ​នេះ ហើយ​ក្រោយ​មក​ព្រះ​បាន​ពន្យល់​ដាវីឌ​អំពី​គំរូ​ប្លង់ និង​របៀប​ធ្វើ​គ្រឿង​ប្រដាប់ប្រដា​របស់​វិហារ​នេះ។ បន្ថែម​ទៅ​ទៀត ដាវីឌ​បាន​ផ្ដល់​វិភាគ​ទាន​ដ៏​ច្រើន​លើស​លប់​ដើម្បី​គាំទ្រ​កិច្ច​ការ​នេះ។ (​២សាំ. ៧:២, ១២, ១៣; ១រប. ២២:១៤​-​១៦​) ប៉ុន្តែ គឺ​សាឡូម៉ូន​ដែល​ទទួល​ភារកិច្ច​ក្នុង​ការ​សាងសង់​វិហារ​នេះ​ដែល​មាន​រយៈ​ពេល​៧​ឆ្នាំ​កន្លះ។—១ព. ៦:៣៧, ៣៨; ៧:៥១

៨, ៩​. (​ក​) តើ​សាឡូម៉ូន​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង​ក្នុង​ការ​ខំ​ព្យាយាម​ធ្វើ​កិច្ច​ការ​ល្អ? (​ខ​)​ ដោយ​សារ​សាឡូម៉ូន​បាន​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត តើ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

យ៉ាង​នេះ សាឡូម៉ូន​បាន​ទុក​គំរូ​ដ៏​ល្អ​សម្រាប់​យើង​ក្នុង​ការ​ខំ​ព្យាយាម​ធ្វើ​កិច្ចការ​ល្អ និង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត​ជា​និច្ច។ ពេល​ដែល​សាងសង់​វិហារ​រួច​រាល់ ហើយ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​ដាក់​ក្នុង​វិហារ សាឡូម៉ូន​បាន​អធិដ្ឋាន​ជា​សាធារណៈ​នៅ​ពេល​នោះ។ ក្នុង​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​នោះ គាត់​បាន​ពោល​ថា​៖ ​«​[​សូម​ឲ្យ​]​ព្រះ​នេត្រ​ទ្រង់​បាន​បើក​ទត​មក​ឯ​ព្រះ​វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា​៖ ‹ព្រះ​នាម​ទ្រង់​នឹង​នៅ​ទី​នេះ› ដើម្បី​នឹង​ស្ដាប់​សេចក្ដី​អធិស្ឋាន​ដែល​ទូល​បង្គំ​ជា​បាវ​បំរើ​ទ្រង់​នឹង​ទូល​ដំ​រង់​មក​ឯ​ទី​នេះ​»។ (​១ព. ៨:៦, ២៩​) ពួក​អ៊ីស្រាអែល​និង​ពួក​សាសន៍​ដទៃ​អាច​អធិដ្ឋាន​តម្រង់​មក​វិហារ​នេះ​ដែល​បាន​ហៅ​តាម​នាម​របស់​ព្រះ។—១ព. ៨:៣០, ៤១​-​៤៣, ៦០

ដោយ​សារ​សាឡូម៉ូន​បាន​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត តើ​មាន​លទ្ធផល​យ៉ាង​ណា? ក្រោយ​ពី​ការ​សម្ពោធន៍​វិហារ បណ្ដា​ជន​«​មាន​ចិត្ត​សប្បាយ ហើយ​ត្រេក​អរ​ចំពោះ​អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់ ហើយ​ដល់​ពួក​អ៊ីស្រាអែល​»។ (​១ព. ៨:៦៥, ៦៦​) តាម​ពិត ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ដែល​សាឡូម៉ូន​គ្រប់​គ្រង​នោះ មាន​សេចក្ដី​សុខសាន្ត​និង​ភាព​សម្បូរ​សប្បាយ​ដ៏​អស្ចារ្យ។ (​សូម​អាន ពង្សាវតារក្សត្រទី១ ៤:​២០, ២១, ២៥) ទំនុកតម្កើង​ទី⁠៧២​បាន​បង្ហាញ​អំពី​ការ​រីក​ចម្រើន​នេះ ហើយ​ក៏​ជួយ​យើង​ឲ្យ​យល់​អំពី​ពរ​ដែល​យើង​នឹង​មាន​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ឧត្តម​ជាង​សាឡូម៉ូន។—ទំនុក. ៧២:៦​-​៨, ១៦

គំរូ​របស់​សាឡូម៉ូន​ទុក​ជា​ការ​ព្រមាន​ដល់​យើង

១០​. ពេល​គិត​អំពី​គំរូ​របស់​សាឡូម៉ូន តើ​អ្នក​ប្រហែលជា​គិត​ឃើញ​កំហុស​អ្វី​មុន​គេ?

១០ ប៉ុន្តែ ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា​ដំណើរ​ជីវិត​របស់​សាឡូម៉ូន​ក៏​ជា​ការ​ព្រមាន​ដល់​យើង​ដែរ? អ្នក​ប្រហែលជា​គិត​ឃើញ​មុន​គេ​អំពី​ភរិយា​និង​អ្នក​ម្នាង​របស់​គាត់​ដែល​ជា​ជន​ជាតិ​ដទៃ។ គម្ពីរ​បាន​ចែង​ថា​៖ ​«​កាល​សាឡូម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ​ទ័យ​ទ្រង់​មិន​បាន​ស្មោះ​ត្រង់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»​ទេ។ (​១ព. ១១:១​-​៦​) អ្នក​ប្រាកដជា​បាន​តាំង​ចិត្ត​មិន​ធ្វើ​តាម​គំរូ​របស់​សាឡូម៉ូន​ដែល​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ក្នុង​រឿង​នេះ មែន​ទេ? ប៉ុន្តែ ក្នុង​ដំណើរ​ជីវិត​របស់​គាត់​មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​ងាយ​ភ្លេច ហើយ​នោះ​ក៏​អាច​ជា​ការ​ព្រមាន​សម្រាប់​យើង​ដែរ។ សូម​ឲ្យ​យើង​ពិចារណា​ចំណុច​ខ្លះ​ៗ​អំពី​អ្វី​ៗ​ទាំង​នោះ។

១១​. តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ប្រពន្ធ​ទី​១​របស់​សាឡូម៉ូន?

១១ សាឡូម៉ូន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រាអែល​បាន​៤០​ឆ្នាំ។ (​២រប. ៩:៣០​) ដូច្នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​ពី​ពង្សាវតារក្សត្រទី១ ១៤:២១? (​សូម​អាន​) យោង​ទៅ​តាម​ខ​គម្ពីរ​នេះ ពេល​ដែល​ស្តេច​សាឡូម៉ូន​ស្លាប់ បុត្រ​ឈ្មោះ​រេហូបោម​បាន​ក្លាយ​ទៅ​ជា​ស្តេច​ពេល​គាត់​មាន​អាយុ​៤១​ឆ្នាំ ហើយ​ម្ដាយ​របស់​គាត់​មាន​ឈ្មោះ​ថា​«​ន៉ាអាម៉ា​ជា​សាសន៍​អាំម៉ូន​»។ នេះ​មាន​ន័យ​ថា​មុន​ពេល​សាឡូម៉ូន​ក្លាយ​ទៅ​ជា​ស្តេច គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ​ម្នាក់​ពី​ប្រទេស​ដែល​ជាស​ត្រូវ​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ដែល​គោរព​បូជា​រូប​ព្រះ។ (​ចៅ. ១០:៦; ២សាំ. ១០:៦​) តើ​នាង​បាន​គោរព​បូជា​រូប​ព្រះ​ទាំង​នោះ​ទេ? ទោះ​ជានា​ង​ធ្លាប់​គោរព​បូជា​រូប​ព្រះ​ទាំង​នោះ​មែន នាង​ប្រហែលជា​បាន​ឈប់​គោរព​បូជា​រូប​ទាំង​នោះ ហើយ​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ដូច​រ៉ាហាប​និង​នាង​រូថ។ (​រស់. ១:​១៦; ៤:១៣​-​១៧; ម៉ាថ. ១:៥, ៦​) ប៉ុន្តែ សាឡូម៉ូន​ទំនង​ជា​មាន​បង​ប្អូន​សាច់​ថ្លៃ​និង​សាច់​ញាតិ​ជា​ជន​ជាតិ​អាំ​ម៉ូន​ដែល​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។

១២, ១៣​. នៅ​ដើម​នៃ​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន តើ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ដែល​មិន​ល្អ? ហើយ​តើ​គាត់​ប្រហែលជា​បាន​ដោះ​សា​យ៉ាង​ណា?

១២ ស្ថានភាព​របស់​សាឡូម៉ូន​កាន់​តែ​ពិបាក​ទៅ​ៗ​ក្រោយ​ពី​គាត់​បាន​ក្លាយ​ទៅ​ជា​ស្តេច។ សាឡូម៉ូន​បាន​«​ចង​ញាតិ​ពន្ធ​នឹង​ផា​រ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផា​រ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ​»។ (​១ព. ៣:១​) តើ​ស្ត្រីជន​ជាតិ​អេស៊ីប​នេះ​យក​តម្រាប់​តាម​នាង​រូថ​ដោយ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ឬ​ទេ? គ្មាន​ទី​សំ​អាង​ណា​ដែល​បញ្ជាក់​ថា​នាង​បាន​ធ្វើ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សាឡូម៉ូន​បាន​សាងសង់​ដំណាក់​សម្រាប់​នាង(​និង​ពួក​ស្រី​បម្រើ​របស់​នាង​) នៅ​ខាង​ក្រៅ​ទី​ក្រុង​របស់​ដាវីឌ​នៅ​ពេល​ក្រោយ​មក។ ហេតុ​អ្វី? គម្ពីរ​បាន​ចែង​ថា គាត់​ធ្វើ​ដូច្នេះ​ដោយ​សារ​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត​មិន​គួរ​នៅ​ជិត​ហឹប​នៃ​កិច្ច​ព្រមព្រៀង​ឡើយ។—២រប. ៨:១១

១៣ សាឡូម៉ូន​ប្រហែលជា​បាន​គិត​ថា​ការ​រៀប​ការ​ជា​មួយ​បុត្រី​របស់​ផារ៉ូ​អាច​ពង្រឹង​ចំណង​មិត្តភាព​រវាង​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​អេស៊ីប។ ប៉ុន្តែ តើ​គាត់​អាច​លើក​ហេតុ​ផល​ដើម្បី​បញ្ជាក់​ថា​អ្វី​ដែល​គាត់​ធ្វើ​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? ជា​យូរ​យារ​មក​ហើយ ព្រះ​យេហូវ៉ា​បាន​ហាម​ពួក​អ៊ីស្រាអែល​មិន​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​ពួក​សាសន៍​កាណាន​ដែល​មិន​គោរព​ប្រណិប័តន៍​លោក ថែម​ទាំង​ប្រាប់​អំពី​ជាតិ​សាសន៍​ខ្លះ​ៗ​ទៀត​ផង។ (​និក្ខ. ៣៤:១១​-​១៦​) តើ​សាឡូម៉ូន​បាន​សន្និដ្ឋាន​ថា​សាសន៍​អេស៊ីប​មិន​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដែល​បាន​រៀប​រាប់​ក្នុង​នោះ​ឬ? ទោះ​ជា​គាត់​បាន​សន្និដ្ឋាន​យ៉ាង​នេះ​ក៏​ដោយ តើ​ការ​ដោះ​សា​នេះ​ត្រឹម​ត្រូវ​ឬ​ទេ? តាម​ការ​ពិត ការ​សម្រេច​ចិត្ត​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​មិន​ព្រម​ទទួល​ស្គាល់​ការ​ព្រមាន​ដ៏​ច្បាស់​លាស់​របស់​ព្រះ​យេហូវ៉ា​ថា អ្នក​ដែល​មិន​គោរព​លោក​អាច​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត។—សូម​អាន ចោទិយកថា ៧:១​-​៤

១៤​. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​គិត​ពិចារណា​អំពី​គំរូ​របស់​សាឡូម៉ូន​ដែល​ទុក​ជា​ការ​ព្រមាន?

១៤ តើ​យើង​នឹង​ទាញ​មេរៀន​ពី​គំរូ​របស់​សាឡូម៉ូន​ទុក​ជា​ការ​ព្រមាន​ឬ​ទេ? បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែលជា​ខំ​រក​លេស​ដើម្បី​មិន​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ​ដែល​ឲ្យ​រៀប​ការ​ជា​មួយ​«​អ្នក​កាន់​តាម​លោក​ម្ចាស់​»​តែ​ប៉ុណ្ណោះ។ (​១កូ. ៧:៣៩​) ដោយ​មាន​ការ​ដោះ​សា​ស្រដៀង​គ្នា​នេះ គ្រិស្ត​សាសនិក​ម្នាក់​ប្រហែលជា​គេច​ពី​ការ​បង់​ពន្ធ ឬ​ក៏​ចូល​រួម​លេង​កីឡា​ឬ​ធ្វើ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត​នៅ​ឯ​សាលា​ក្រៅ​ពី​ម៉ោង​សិក្សា ឬ​មួយ​ក៏​ប្រាប់​ពាក្យ​មិន​ពិត​ពេល​ដែល​អ្នក​ឯ​ទៀត​សួរ​អំពី​ការ​ប្រព្រឹត្ត​ខ្លះ​ដែល​នាំ​ឲ្យ​អាម៉ាស់​មុខ។ ចំណុច​សំខាន់​គឺ​សាឡូម៉ូន​ប្រាកដជា​បាន​រក​លេស​ផ្សេង​ៗ​ដើម្បី​គេច​វេះ​ពី​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ ហើយ​យើង​ក៏​អាច​ចាប់​ផ្ដើម​មាន​គំនិត​បែប​នេះ​ដែរ។

១៥​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​សាឡូម៉ូន​យ៉ាង​ដូច​ម្ដេច? ប៉ុន្តែ តើ​យើង​គួរ​ចង​ចាំ​អំពី​អ្វី?

១៥ គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា​ក្រោយ​ពី​បាន​បញ្ជាក់​ថា​សាឡូម៉ូន​រៀប​ការ​ជា​មួយ​នឹង​បុត្រី​ស្តេច​ដែល​ជា​ជន​ជាតិ​ដទៃ គម្ពីរ​បាន​បញ្ជាក់​ថា​ព្រះ​បាន​ឲ្យ​ប្រាជ្ញា​ដែល​គាត់​បាន​សុំ​ពី​លោក ហើយ​លោក​ក៏​បាន​បន្ថែម​ឲ្យ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​ដែរ។ (​១ព. ៣:១០​-​១៣​) សាឡូម៉ូន​មិន​បាន​អើពើ​នឹង​ការ​ណែនាំ​របស់​ព្រះ​ទេ ប៉ុន្តែ គ្មាន​ទី​សំ​អាង​ណា​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​គាត់​ជា​ស្តេច​ភ្លាម​ៗ ឬ​បាន​ឲ្យ​ការ​ប្រៀន​ប្រដៅ​យ៉ាង​ខ្លាំង​ដល់​គាត់​នោះ​ទេ។ នេះ​ស​ឲ្យ​ឃើញ​នូវ​ហេតុ​ការណ៍​ពិត​ដែល​ថា​ព្រះ​ទទួល​ស្គាល់​ថា យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែល​គ្រាន់តែ​ជា​ធូលី​ដី​តែ​ប៉ុណ្ណោះ។ (​ទំនុក. ១០៣:១០, ១៣, ១៤​) ប៉ុន្តែ សូម​ចង​ចាំ​ថា ការ​ប្រព្រឹត្ត​របស់​យើង​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​នៅ​ឥឡូវ​នេះ ឬ​នៅ​ពេល​ក្រោយ​មក។

មាន​ប្រពន្ធ​ច្រើន​ពេក!

១៦​. ដោយ​សារ​សាឡូម៉ូន​យក​ប្រពន្ធ​ច្រើន តើ​គាត់​មិន​បាន​អើពើ​នឹង​អ្វី?

១៦ ក្នុង​សៀវភៅ​បទ​ចម្រៀង​សាឡូម៉ូន ស្តេច​បាន​សរសើរ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ថា​នាង​មាន​សម្រស់​ស្រស់​ស្អាត​ជាង​ពួក​ភរិយា​ទាំង​៦០​នាក់ និង​អ្នក​ម្នាង​ទាំង​៨០​នាក់។ (​បទ. ៦:១, ៨​-​១០​) បើ​នេះ​បញ្ជាក់​ពី​ស្ថានភាព​របស់​សាឡូម៉ូន​នៅ​គ្រា​នោះ គាត់​មាន​ភរិយា​និង​អ្នក​ម្នាង​ចំនួន​១៤០​នាក់។ ទោះ​ជា​ពួក​គេ​ភាគ​ច្រើន​ឬ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក៏​ដោយ ការ​ណែនាំ​របស់​ព្រះ​ដែល​លោក​ផ្ដល់​ឲ្យ​ដល់​ស្តេច​តាម​រយៈ​ម៉ូសេ​បាន​ចែង​ថា ស្តេច​នោះ​‹មិន​ត្រូវ​យក​ភរិយា​ជា​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​ងាក​បែរ​ចេញ​ទៅ​ឡើយ›។ (​ចោ. ១៧:១៧​) ប៉ុន្តែ នៅ​ពេល​នេះ​ដែរ​ព្រះ​យេហូវ៉ា​មិន​បោះបង់​ចោល​សាឡូម៉ូន​ទេ។ តាម​ពិត ព្រះ​នៅ​តែ​ឲ្យ​ពរ​ដល់​គាត់​ដោយ​ប្រើ​គាត់​ឲ្យ​សរសេរ​សៀវភៅ​បទ​ចម្រៀង​សាឡូម៉ូន។

១៧​. តើ​ហេតុ​ការណ៍​ពិត​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង?

១៧ តើ​នេះ​មាន​ន័យ​ថា​សាឡូម៉ូន​ឬ​យើង​អាច​រំលង​ការ​ណែនាំ​របស់​ព្រះ​ដោយ​មិន​ទទួល​ទោស​ឬ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​បង្ហាញ​ថា​ព្រះ​អាច​អត់​ធ្មត់​អស់​រយៈ​ពេល​យូរ។ ប៉ុន្តែ មនុស្ស​ម្នាក់​អាច​មិន​អើពើ​នឹង​ការ​ណែនាំ​របស់​ព្រះ​ដោយ​គ្មាន​លទ្ធផល​អាក្រក់​នៅ​ពេល​នោះ​មែន តែ​នេះ​មិន​បាន​ន័យ​ថា​មិន​មាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​កើត​ឡើង​នៅ​ពេល​ក្រោយ​មក​ឡើយ។ សូម​នឹក​ចាំ​អំពី​អ្វី​ដែល​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្ដាច់​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជា​និច្ច ដោយ​ព្រោះ​តែ​ការ​ធ្វើ​ទោស​ចំពោះ​អំពើ​អាក្រក់​មិន​បាន​សំ​រេច​ជា​យ៉ាង​ឆាប់​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​យើង​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត​ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ​»។—សាស្ដ. ៨:​១១, ១២

១៨​. តើ​ករណី​របស់​សាឡូម៉ូន​បាន​បង្ហាញ​អំពី​ហេតុ​ការណ៍​ពិត​ដែល​បាន​កត់​សរសេរ​នៅ​ក្នុង​កាឡាទី ៦:៧​យ៉ាង​ដូច​ម្ដេច?

១៨ គួរ​ឲ្យ​ស្ដាយ​ណាស់ សាឡូម៉ូន​មិន​បាន​អើពើ​នឹង​ហេតុ​ការណ៍​ពិត​នោះ​ទេ។ ពិត​មែន​ហើយ គាត់​បាន​ធ្វើ​អ្វី​ដ៏​ល្អ​ៗ​ជា​ច្រើន ហើយ​បាន​ទទួល​ពរ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​យូរ​ៗ​ទៅ គាត់​ចាប់​ផ្ដើម​ប្រព្រឹត្ត​ខុស​ម្ដង​ហើយ​ម្ដង​ទៀត។ គាត់​ចាប់​ផ្ដើម​មាន​ទម្លាប់​អាក្រក់​មួយ គឺ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ ពាក្យ​ដែល​ប៉ូល​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​មែន ពេល​ព្រះ​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​ថា​៖ ​«​កុំ​ច្រឡំ​ឡើយ បញ្ឆោត​ព្រះ​មិន​បាន​ទេ ព្រោះ​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»​! (​កាឡ. ៦:៧​) ក្រោយ​មក សាឡូម៉ូន​បាន​ទទួល​ផល​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ពី​ការ​មិន​អើពើ​នឹង​ការ​ណែនាំ​របស់​ព្រះ។ គម្ពីរ​ចែង​ថា​៖ ​«​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រី​ៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះរាជ​បុត្រី​ផា​រ៉ោន​នោះ គឺជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដំម សាសន៍​ស៊ីដូន នឹង​សាសន៍​ហេត​»។ (​១ព. ១១:១​) ពួក​ស្រី​ៗ​ទាំង​នោះ​ទំនង​ជា​គោរព​បូជា​រូប​ព្រះ ហើយ​សាឡូម៉ូន​បាន​ទទួល​ឥទ្ធិពល​ពី​ពួក​នាង។ ជា​លទ្ធផល គាត់​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​របស់​យើង ដែល​មាន​ចិត្ត​អត់​ធ្មត់។—សូម​អាន ពង្សាវតារក្សត្រទី១ ១១:៤​-​៨

រៀន​ពី​គំរូ​ល្អ​និង​គំរូ​អាក្រក់​របស់​គាត់

១៩​. ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា​ក្នុង​គម្ពីរ​មាន​គំរូ​ល្អ​ៗ​ជា​ច្រើន?

១៩ ដើម្បី​ប្រយោជន៍​របស់​យើង ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​សរសេរ​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) អ្វី​ៗ​ដែល​បាន​ត្រូវ​សរសេរ​រួម​បញ្ចូល​គំរូ​ល្អ​ៗ​របស់​បុរស​និង​ស្ត្រី​ពី​សម័យ​បុរាណ​ដែល​មាន​ជំនឿ​ដ៏​រឹង​មាំ។ ប៉ូល​អាច​និយាយ​បាន​ថា​៖ ​«​តើ​គួរ​និយាយ​អ្វី​ទៀត? ព្រោះ​គ្មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​រៀប​រាប់​អំពី​គេឌាន បារ៉ាក់ សាំសុន យែបថា ដាវីឌ ព្រម​ទាំង​សាំយូអែល និង​ពួក​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត ដែល​តាម​រយៈ​ជំនឿ បាន​ច្បាំង​ឈ្នះ​រាជាណាចក្រ​ផ្សេង​ៗ បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត បាន​ទទួល​សេចក្ដី​សន្យា . . . ធ្លាប់​ខ្សោយ​តែ​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំងក្លា​»។ (​ហេ. ១១:៣២​-​៣៤​) យើង​គួរ​រៀន​ពី​គំរូ​ដែល​មាន​ក្នុង​គម្ពីរ ដោយ​ធ្វើ​តាម​ឬ​យក​តម្រាប់​តាម​ពួក​គេ។

២០, ២១​. ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​រៀន​ពី​គំរូ​ក្នុង​គម្ពីរ​ដែល​ទុក​ជា​ការ​ព្រមាន?

២០ ក៏​ប៉ុន្តែ កំណត់​ហេតុ​ខ្លះ​ៗ​ដែល​មាន​ក្នុង​គម្ពីរ ក៏​មាន​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​ដល់​យើង​ដែរ។ គំរូ​ខ្លះ​មាន​នៅ​ក្នុង​ជីវិត​របស់​បុរស​និង​ស្ត្រី​ដែល​ធ្លាប់​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​និង​ជា​អ្នក​ដែល​លោក​ពេញ​ចិត្ត។ ពេល​ដែល​យើង​អាន​គម្ពីរ យើង​អាច​ដឹង​ថា​រាស្ត្រ​របស់​ព្រះ​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​នៅ​ពេល​ណា ហើយ​ដោយ​សារ​មូលហេតុ​អ្វី។ យ៉ាង​នេះ គំរូ​បែប​នោះ​ទុក​ជា​ការ​ព្រមាន​ដល់​យើង។ យើង​អាច​ឃើញ​ថា​ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​មាន​គំនិត​ឬ​ទំនោរ​ចិត្ត​មិន​ត្រឹម​ត្រូវ ហើយ​ក្រោយ​មក​នេះ​នាំ​ឲ្យ​ទទួល​លទ្ធផល​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា។ តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​កំណត់​ហេតុ​បែប​នេះ? យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ជា: ‹តើ​មនុស្ស​នេះ​ចាប់​ផ្ដើម​មាន​គំនិត​ខុស​ឆ្គង​យ៉ាង​ដូច​ម្ដេច? តើ​នេះ​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ឬ​ទេ? តើ​គំរូ​នេះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ជៀស​វាង​ពី​កាលៈទេសៈ​នោះ​យ៉ាង​ដូច​ម្ដេច?›។

២១ យើង​គួរ​ពិចារណា​អំពី​គំរូ​ទាំង​នោះ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​ព្រះ​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​សរសេរ​ថា​៖ ​«​ការ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួក​គេ​ទុក​ជា​គំរូ ក៏​បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​យើង​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​នេះ​»​ដែរ។—១កូ. ១០:១១

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• ហេតុ​អ្វី​អ្នក​អាច​រក​ឃើញ​គំរូ​ល្អ​និង​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​នៅ​ក្នុង​គម្ពីរ?

• តើ​សាឡូម៉ូន​បាន​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​អាក្រក់​ក្នុង​ជីវិត​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

• តើ​គំរូ​របស់​សាឡូម៉ូន​បាន​ព្រមាន​អ្នក​អំពី​អ្វី​ខ្លះ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១១​]

សាឡូម៉ូន​បាន​ប្រើ​ប្រាជ្ញា​ដែល​ព្រះ​ផ្ដល់​ឲ្យ

[​រូបភាព​នៅ​ទំព័រ​១៤​]

តើ​អ្នក​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​សាឡូម៉ូន​ដែល​ទុក​ជា​ការ​ព្រមាន​ឬ​ទេ?