លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អាប្រាហាំ បុរសម្នាក់ដែលមានចិត្ដក្លាហាន

អាប្រាហាំ បុរសម្នាក់ដែលមានចិត្ដក្លាហាន

អាប្រាហាំ ​បុរស​ម្នាក់​ដែល​មាន​ចិត្ត​ក្លាហាន​

អាប្រាហាំ​បាន​សម្លឹង​មើល​ទៅ​ក្រុម​គ្រួសារ​និង​អ្នក​បម្រើ​របស់​គាត់ កាល​ដែល​ពួក​គេ​រៀបចំ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ (​លោកុប្បត្តិ ១២:១​-​៥​) ពេល​អាប្រាហាំ​មើល​ទៅ​ក្រុម​មនុស្ស​យ៉ាង​ធំ​នេះ​ដែល​ពឹង​ផ្អែក​លើ​គាត់​ក្នុង​ការ​ចិញ្ចឹម​ជីវិត នោះ​គាត់​ដឹង​ច្បាស់​ថា​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ពួក​គេ។ ពេល​នៅ​ស្រុក​ដែល​គាត់​មិន​ស្គាល់ តើ​គាត់​នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត​យ៉ាង​ដូច​ម្ដេច? ដោយ​សារ​ទី​ក្រុង​អ៊ើរ​ជា​តំបន់​ចម្រុងចម្រើន​ដែល​មាន​វាល​ស្មៅ​ល្វឹងល្វើយ ដី​មាន​ជី​ជាតិ ហើយ​សម្បូរ​ទឹក តើ​ទី​ក្រុង​នេះ​ងាយ​ស្រួល​ជាង​ក្នុង​ការ​ចិញ្ចឹម​ពួក​គេ​ឬ? ចុះ​យ៉ាង​ណា​បើ​គាត់​ធ្លាក់​ខ្លួន​ឈឺ​ឬ​ស្លាប់​នៅ​ទឹក​ដី​ថ្មី​នោះ? តើ​អ្នក​ណា​នឹង​ថែ​រក្សា​ក្រុម​គ្រួសារ​របស់​គាត់? ទោះ​ជា​អាប្រាហាំ​មាន​ការ​ព្រួយ​បារម្ភ​បែប​នេះ​ឬ​មិន​មាន​ក៏​ដោយ គាត់​មិន​ឲ្យ​ការ​ភ័យ​ខ្លាច​នោះ​ធ្វើ​ឲ្យ​គាត់​មិន​ហ៊ាន​សម្រេច​ចិត្ត​ឡើយ។ គាត់​តាំង​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះ មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ហើយ​នេះ​បង្ហាញ​ថា​គាត់​មាន​ចិត្ត​ក្លាហាន​យ៉ាង​ពិត​ប្រាកដ។

តើ​ចិត្ត​ក្លាហាន​គឺជា​អ្វី? ចិត្ត​ក្លាហាន​គឺជា​ភាព​រឹងប៊ឹង អង់អាច និង​មោះ​មុត​ដែល​ផ្ទុយ​នឹង​ភាព​កំសាក​ឬ​ភ័យ​ខ្លាច។ ការ​មាន​ចិត្ត​ក្លាហាន​មិន​មែន​មាន​ន័យ​ថា យើង​មិន​ដែល​ខ្លាច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បុគ្គល​ដែល​មាន​ចិត្ត​ក្លាហាន​ដែល​មក​ពី​ព្រះ​មិន​ឲ្យ​ការ​ភ័យ​ខ្លាច​ធ្វើ​ឲ្យ​គាត់​រួញរា​មិន​ហ៊ាន​ចាត់​វិធានការ​ទេ។

តើ​អាប្រាហាំ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច? អាប្រាហាំ​ពេញ​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​គាត់​ធ្វើ ទោះ​ជា​អ្នក​ឯ​ទៀត​មិន​ធ្វើ​ដូច​គាត់​ក៏​ដោយ។ អាប្រាហាំ​បាន​ធំ​ឡើង​ក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​មនុស្ស​គោរព​បូជា​ព្រះ​ជា​ច្រើន​និង​រូប​ព្រះ​ផ្សេង​ៗ។ ក៏​ប៉ុន្តែ គាត់​មិន​បាន​ឲ្យ​ការ​ខ្លាច​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​គាត់​ដឹង​ថា​ត្រឹម​ត្រូវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ត​អង់អាច គាត់​ប្រព្រឹត្ត​ផ្សេង​ពី​អ្នក​ឯ​ទៀត ដោយ​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​តែ​ព្រះ​មួយ​ប៉ុណ្ណោះ ពោល​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​​«​ព្រះ​ដ៏​ខ្ពស់​បំផុត​»។—លោកុប្បត្តិ ១៤:២១, ២២

អាប្រាហាំ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ពិត ថា​សំខាន់​ជាង​ប្រយោជន៍​ខាង​សម្ភារៈ។ គាត់​សុខ​ចិត្ត​បោះបង់​ចោល​ជីវិត​ដ៏​សុខ​ស្រួល​របស់​គាត់​នៅ​ក្រុង​អ៊ើរ ហើយ​ចេញ​ដំណើរ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​គាត់​ត្រូវ​ការ​ខាង​សម្ភារៈ។ ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ អាប្រាហាំ​ប្រហែលជា​បាន​នឹក​ឃើញ​ភាព​សុខ​ស្រួល​ដែល​គាត់​ធ្លាប់​មាន​នៅ​ក្រុង​អ៊ើរ។ ប៉ុន្តែ គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​គាត់​និង​ក្រុម​គ្រួសារ​គាត់​ជា​និច្ច។ ដោយ​សារ​អាប្រាហាំ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​គាត់ នោះ​គាត់​មាន​ចិត្ត​ក្លាហាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។

តើ​យើង​ទាញ​មេរៀន​អ្វី​ពី​រឿង​នេះ? យើង​អាចយ​ក​តម្រាប់​តាម​អាប្រាហាំ​ដោយ​បណ្ដុះ​ចិត្ត​ក្លាហាន​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា សូម្បី​តែ​អ្នក​ឯ​ទៀត​នៅ​ជុំ​វិញ​យើង​មិន​ធ្វើ​ដូច្នោះ​ក៏​ដោយ។ ជា​ឧទាហរណ៍ គម្ពីរ​បង្រៀន​ថា អ្នក​ដែល​បង្ហាញ​ជំនឿ​រឹង​មាំ​លើ​ព្រះ​យេហូវ៉ា ប្រហែលជា​ទទួល​ការ​ប្រឆាំង​ពី​ញាតិ​មិត្ត​ដែល​មាន​បំណង​ល្អ។ (​យ៉ូហាន ១៥:២០​) ក៏​ប៉ុន្តែ ពេល​យើង​ជឿ​ជាក់​លើ​អ្វី​ដែល​យើង​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា នោះ​យើង​និយាយ​ការពារ​ជំនឿ​របស់​យើង ហើយ​យើង​ធ្វើ​ដូច្នេះ​ដោយ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ។—ពេត្រុសទី១ ៣:១៥

យើង​ក៏​អាច​ទុក​ចិត្ត​ដែរ​ទៅ​លើ​សេចក្ដី​សន្យា​ដែល​ថា​លោក​នឹង​ផ្គត់​ផ្គង់​អ្នក​ដែល​ជឿ​លើ​លោក។ ទំនុក​ចិត្ត​បែប​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​ដើម្បី​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត ជា​ជាង​ខ្វល់ខ្វាយ​អំពី​វត្ថុ​ទ្រព្យ។ (​ម៉ាថាយ ៦:៣៣​) សូម​ពិចារណា​អំពី​របៀប​ដែល​គ្រួសារ​មួយ​បាន​ធ្វើ​ដូច្នេះ។

ទោះ​ជា​ឌើក​និង​បេកគី​មាន​កូន​ប្រុស​តូច​ៗ​ពីរ​នាក់​ក្ដី ពួក​គាត់​ចង់​រើ​ទៅ​ប្រទេស​មួយ​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ដំណឹង​ល្អ​ពី​គម្ពីរ​ថែម​ទៀត។ បន្ទាប់​ពី​បាន​ស្រាវជ្រាវ​យ៉ាង​ដិត​ដល់ ហើយ​បាន​អធិដ្ឋាន​អស់ពី​ចិត្ត ពួក​គាត់​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​គម្រោង​របស់​ពួក​គាត់។ ឌើក​ពោល​ថា​៖ ​«​យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​យក​កូន​រើ​ទៅ​កន្លែង​ថ្មី ដោយ​មិន​ដឹង​ច្បាស់​ថា ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ តាំង​ពី​ដំបូង ពេល​យើង​ចាប់​ផ្ដើម​គិត​រើ​ទៅ យើង​បាន​ពិគ្រោះ​គ្នា​អំពី​គំរូ​របស់​អាប្រាហាំ​និង​សារ៉ា។ ដោយ​គិត​ថា​ពួក​គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​លោក​តែង​តែ​ជួយ​ពួក​គាត់​ជា​និច្ច នោះ​ពិត​ជា​បាន​ជួយ​យើង​មែន​»។

ស្តី​អំពី​ជីវិត​របស់​ពួក​គេ​នៅ​ប្រទេស​មួយ​ទៀត ឌើក​ស្រដី​ថា​៖ ​«​យើង​បាន​ពរ​តាម​របៀប​ដ៏​អស្ចារ្យ​មួយ​»។ គាត់​ពន្យល់​ថា​៖ ​«​ដោយ​សារ​របៀប​រស់​នៅ​របស់​យើង​សាមញ្ញ​ជាង នោះ​យើង​អាច​ចំណាយ​ពេល​ភាគ​ច្រើន​ជា​មួយ​គ្នា​ជា​ក្រុម​គ្រួសារ ដូច​ជា​ផ្សព្វ​ផ្សាយ និយាយ​គ្នា ហើយ​លេង​ជា​មួយ​កូន។ យើង​មាន​អារម្មណ៍​ថា​យើង​មាន​សេរីភាព​ដែល​រក​ពណ៌​នា​ពុំ​បាន​»។

ទោះ​ជា​មនុស្ស​ទាំង​អស់​មិន​អាច​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ដល់​កម្រិត​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​តាម​គំរូ​របស់​អាប្រាហាំ ដោយ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​របស់​យើង​ជា​អាទិភាព ហើយ​ទុក​ចិត្ត​ថា​លោក​នឹង​គាំទ្រ​យើង។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​កំពុង​ធ្វើ​តាម​ការ​ដាស់​តឿន​ក្នុង​គម្ពីរ​ដែល​ឲ្យ​​«​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន ហើយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ›​»។—ហេប្រឺ ១៣:៥, ៦

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​៧​]

ស្ត្រី​ម្នាក់​ដែល​កោត​ខ្លាច​ព្រះ​និង​ជា​ភរិយា​ជា​ទី​ស្រឡាញ់

សារ៉ា​បាន​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​យ៉ាង​ខ្លាំង។ ប៉ុន្តែ ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​នេះ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ដែរ។ តាម​ការ​ពិត គម្ពីរ​បាន​រៀប​រាប់​អំពី​នាង​បី​ដង​ថា ជា​គំរូ​សម្រាប់​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ។ (​អេសាយ ៥១:១, ២; ហេប្រឺ ១១:១១; ពេត្រុសទី១ ៣:៣​-​៦​) ទោះ​ជា​បទ​គម្ពីរ​មិន​សូវ​និយាយ​អំពី​ស្ត្រី​ដ៏​ល្អ​នេះ​ក៏​ដោយ ក៏​យើង​អាច​ដឹង​ថា​នាង​មាន​គុណ​សម្បត្ដិ​ល្អ​ៗ​ដែរ។

ជា​ឧទាហរណ៍ សូម​គិត​អំពី​ប្រតិកម្ម​ដំបូង​របស់​សារ៉ា ពេល​អាប្រាហាំ​ប្រាប់​នាង​អំពី​បង្គាប់​របស់​ព្រះ​ឲ្យ​ចាក​ចេញ​ពី​ក្រុង​អ៊ើរ។ តើ​នាង​បាន​ឆ្ងល់​ទេ​ថា ពួក​គេ​នឹង​ទៅ​កន្លែង​ណា? ហើយ​ហេតុ​អ្វី? តើ​នាង​បាន​គិត​អំពី​របស់​របរ​ដែល​ពួក​គេ​ត្រូវ​ការ​ឬ​ទេ? តើ​នាង​ពិបាក​ចិត្ត​ទេ ពេល​ដែល​បែក​ពី​មិត្ត​ភក្ដិ​និង​ញាតិ​សន្ដាន ដោយ​មិន​ដឹង​ថា​ពេល​ណា​នាង​នឹង​ជួប​ពួក​គេ​ម្ដង​ទៀត​នោះ? នាង​ប្រាកដជា​បាន​គិត​អំពី​រឿង​ទាំង​នោះ​មែន។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នាង​សុខ​ចិត្ត​ចាក​ចេញ​ពី​ក្រុង​នោះ​ដោយ​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​នាង កាល​ដែល​នាង​ស្ដាប់​បង្គាប់​លោក។—សកម្មភាព ៧:២, ៣

សារ៉ា​មិន​គ្រាន់តែ​ជា​អ្នក​បម្រើ​ដែល​ស្ដាប់​បង្គាប់​ព្រះ​ប៉ុណ្ណោះ​ទេ នាង​ក៏​ជា​ភរិយា​ដ៏​ល្អ​វិសេស​ម្នាក់​ដែរ។ ជា​ជាង​ប្រជែង​ជា​មួយ​ប្ដី​ដើម្បី​ចាត់​ចែង​កិច្ចការ​ក្នុង​ក្រុម​គ្រួសារ សារ៉ា​បាន​គោរព​ប្ដី​យ៉ាង​ស្មោះ​អស់ពី​ចិត្ត គាំទ្រ​ប្ដី​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​ដឹក​នាំ​ក្រុម​គ្រួសារ។ ដោយ​ធ្វើ​ដូច្នេះ នាង​បាន​តុបតែង​ខ្លួន ពោល​គឺ​ធ្វើ​ឲ្យ​ខ្លួន​នាង​ស្រស់​ស្អាត​ដោយ​សារ​គុណ​សម្បត្ដិ​របស់​នាង។—ពេត្រុសទី១ ៣:១​-​៦

តើ​ភរិយា​ទាំង​ឡាយ​នៅ​សព្វ​ថ្ងៃ​នេះ​អាច​រៀន​អ្វី​ពី​គំរូ​របស់​សារ៉ា? ស្ត្រី​ម្នាក់​ឈ្មោះ​ជី​ល​ដែល​បាន​រៀប​ការ​ដោយ​មាន​សុភមង្គល​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ គាត់​បាន​និយាយ​ថា​៖ ​«​គំរូ​របស់​សារ៉ា​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​អាច​និយាយ​ប្រាប់​ប្ដី​ខ្ញុំ​អំពី​ទស្សនៈ​របស់​ខ្ញុំ​បាន​»។ គាត់​បាន​បន្ត​ទៀត​ថា​៖ ​«​នៅ​ពេល​ដំណាល​គ្នា​នោះ ក្នុង​ឋានៈ​ជា​ប្រមុខ​នៃ​ក្រុម​គ្រួសារ ប្ដី​របស់​ខ្ញុំ​មាន​ភារកិច្ច​សម្រេច​ចិត្ត​ចុង​ក្រោយ។ ពេល​គាត់​បាន​សម្រេច​ចិត្ត​រួច​ហើយ ភារកិច្ច​របស់​ខ្ញុំ​គឺ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ឲ្យ​ការ​សម្រេច​ចិត្ត​នោះ​កើត​ការ​»។

ប្រហែលជា​យើង​អាច​រៀន​មេរៀន​ដ៏​ល្អ​ពី​សារ៉ា គឺ​ទោះ​បី​ជានា​ង​មាន​សម្រស់​ស្រស់​ស្អាត​ក៏​ដោយ សារ៉ា​មិន​បាន​ឲ្យ​សម្រស់​របស់​នាង​ធ្វើ​ឲ្យ​នាង​មាន​អំណួត​នោះ​ទេ។ (​លោកុប្បត្តិ ១២:១០​-​១៣​) ផ្ទុយ​ទៅ​វិញ ពេល​ពួក​គាត់​រស់​នៅ​ជា​មួយ​គ្នា នាង​បាន​គាំទ្រ​អាប្រាហាំ​ដោយ​ចិត្ត​រាប​ទាប​ទាំង​នៅ​គ្រា​សប្បាយ​ទាំង​នៅ​គ្រា​លំបាក។ អាប្រាហាំ​និង​សារ៉ា​ប្រាកដជា​គូ​ប្ដី​ប្រពន្ធ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ មាន​ចិត្ត​រាប​ទាប និង​ស្រឡាញ់​គ្នា ពោល​គឺជា​ប្ដី​ប្រពន្ធ​ដែល​ពិត​ជា​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។