លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សង្ឃដែលមានតំណែងជាស្ដេចផ្ដល់ពរឲ្យមនុស្សជាតិ

សង្ឃដែលមានតំណែងជាស្ដេចផ្ដល់ពរឲ្យមនុស្សជាតិ

សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​ផ្ដល់​ពរ​ឲ្យ​មនុស្ស​ជាតិ

​«​អ្នក​រាល់​គ្នា​ជា​‹ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ត្រ​ដែល​ជា​សម្បត្ដិ​ពិសេស›​»។—១ពេ. ២:៩

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ពេល​ណា​ដែល​ព្រះ​យេហូវ៉ា​សន្យា​ជា​លើក​ដំបូង​ថា​លោក​នឹង​តែង​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សង្ឃ​និង​ស្តេច?

តើ​កិច្ច​ព្រមព្រៀង​ថ្មី​បង្កើត​ឲ្យ​មាន​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​យ៉ាង​ដូច​ម្ដេច?

តើ​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​នឹង​ផ្ដល់​ពរ​អ្វី​ខ្លះ​ឲ្យ​មនុស្ស​ជាតិ?

១​. ហេតុ​អ្វី​«​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​»​បាន​ត្រូវ​ហៅ​ថា​ពិធី​រំលឹក? ហើយ​តើ​ពី​ធី​នេះ​មាន​គោល​បំណង​អ្វី?

នៅ​ពេល​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ណែសាន ក្នុង​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​គ្រិស្ត​និង​ពួក​សាវ័ក​របស់​លោក​ទាំង​១២​នាក់ បាន​ធ្វើ​បុណ្យ​រំលង​របស់​ជន​ជាតិ​យូដា​ជា​លើក​ចុង​ក្រោយ។ ក្រោយ​ពី​លោក​យេស៊ូ​ឲ្យ​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ជា​អ្នក​ក្បត់​ចេញ​ទៅ លោក​បាន​ធ្វើ​ពិធី​មួយ​ទៀត ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​៖ ​«​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​»។ (​១កូ. ១១:២០​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ពីរ​ដង​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ​»។ ពិធី​នេះ​ក៏​បាន​ត្រូវ​ហៅ​ថា​ពិធី​រំលឹក ពោល​គឺ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​គ្រិស្ត។ (​១កូ. ១១:២៤, ២៥​) ដោយ​ធ្វើ​តាម​បង្គាប់​នេះ សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក​ធ្វើ​ពិធី​រំលឹក​នេះ​ជា​រៀង​រាល់​ឆ្នាំ។ ថ្ងៃ​ទី​១៤ ខែ​ណែសាន នៃ​ប្រតិទិន​ក្នុង​គម្ពីរ​គឺ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មេ​សា ឆ្នាំ​២០១២ ចាប់​ពី​ពេល​ថ្ងៃ​លិច។

២​. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​វត្ថុ​តំណាង​ដែល​លោក​ប្រើ?

ក្នុង​ខ​គម្ពីរ​ពីរ លូកា​បាន​រៀប​រាប់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​និង​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ ដោយ​ចែង​ថា​៖ ​«​លោក​ក៏​យកនំ​ប៉័ង​មួយ​ដុំ អរគុណ​ព្រះ រួច​កាច់ ហើយ​ឲ្យ​ពួក​គាត់ ដោយ​ពោល​ថា​៖ ‹នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ›។ លុះ​ពិសា​អាហារ​ល្ងាច​ហើយ លោក​យក​ពែង​នោះ​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ‹ពែង​នេះ​ជា​តំណាង​កិច្ច​ព្រមព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​បង្ហូរ​ចេញ​ដើម្បី​អ្នក​រាល់​គ្នា›​»។ (​លូក. ២២:១៩, ២០​) តើ​ពួក​សាវ័ក​បាន​យល់​យ៉ាង​ណា​អំពី​ពាក្យ​ទាំង​នេះ?

៣​. តើ​ពួក​សាវ័ក​យល់​យ៉ាង​ណា​អំពី​វត្ថុ​តំណាង?

ដោយ​សារ​ពួក​សាវ័ក​ជា​ជន​ជាតិ​យូដា ពួក​គាត់​បាន​ដឹង​ច្បាស់​អំពី​គ្រឿង​បូជា​សត្វ​ដែល​សង្ឃ​ជូន​ទៅ​ព្រះ​នៅ​ក្រុង​យេរូសាឡិម។ ការ​ជូន​គ្រឿង​បូជា​បែប​នេះ​គឺ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា ហើយ​គ្រឿង​បូជា​ជា​ច្រើន​បាន​ត្រូវ​ជូន​ដើម្បី​ទទួល​ការ​អភ័យទោស​សម្រាប់​ភាព​ខុស​ឆ្គង។ (​លេវី. ១:៤; ២២:១៧​-​២៩​) ដូច្នេះ ពួក​សាវ័ក​អាច​យល់​ថា ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​រូប​កាយ​និង​ឈាម​របស់​លោក​‹ត្រូវ​ប្រគល់​ឲ្យ​និង​ត្រូវ​បង្ហូរ​ចេញ​ដើម្បី​អ្នក​រាល់​គ្នា› លោក​ចង់​មាន​ន័យ​ថា​លោក​ត្រូវ​ប្រគល់​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ធ្វើ​ជា​គ្រឿង​បូជា។ នេះ​ជា​គ្រឿង​បូជា​ដែល​មាន​តម្លៃ​ជាង​គ្រឿង​បូជា​សត្វ​ឆ្ងាយ​ណាស់។

៤​. ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពែង​នេះ​ជា​តំណាង​កិច្ច​ព្រមព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ​»​ តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា?

ចុះ​យ៉ាង​ណា​ចំពោះ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ពែង​នេះ​ជា​តំណាង​កិច្ច​ព្រមព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ​»​? ពួក​សាវ័ក​បាន​ស្គាល់​រួច​ហើយ​នូវ​ទំនាយ​អំពី​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​បាន​កត់​សរសេរ​នៅ​យេរេមា ៣១:៣១​-​៣៣(​សូម​អាន​) ពាក្យ​របស់​លោក​យេស៊ូ​បាន​បញ្ជាក់​ថា​លោក​កំពុង​ដឹក​នាំ​ពួក​គេ​ឲ្យ​ចូល​កិច្ច​ព្រមព្រៀង​ថ្មី ដែល​នឹង​ជំនួស​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឡើង​ជា​មួយ​ពួក​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ។ តើ​កិច្ច​ព្រមព្រៀង​ទាំង​ពីរ​នេះ​ទាក់​ទង​គ្នា​ឬ​ទេ?

៥​. តើ​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ឱកាស​អ្វី?

គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​ទាំង​ពីរ​នោះ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​ល្មួត។ ពេល​ព្រះ​យេហូវ៉ា​ឲ្យ​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ប្រជាជាតិ​អ៊ីស្រាអែល​ថា​៖ ​«​បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា[​ឬ​«​កិច្ច​ព្រមព្រៀង​»​]​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ​»។ (​និក្ខ. ១៩:៥, ៦; ព.ថ.​) តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល?

សេចក្ដី​សន្យា​ស្តី​អំពី​សង្ឃ​ ដែល​មាន​តំណែង​ជា​ស្តេច

៦​. តើ​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​បំពេញ​សេចក្ដី​សន្យា​អ្វី?

ពួក​អ៊ីស្រាអែល​យល់​អំពី​ពាក្យ​«​កិច្ច​ព្រមព្រៀង​»​ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​បែប​នេះ​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ ពោល​គឺ​ណូអេ​និង​អាប្រាហាំ។ (​លោ. ៦:១៨; ៩:៨​-​១៧; ១៥:​១៨; ១៧:១​-​៩​) ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​អាប្រាហាំ លោក​បាន​សន្យា​ថា​៖ ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង​»។ (​លោ. ២២:​១៨​) ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​បំពេញ​សេចក្ដី​សន្យា​នេះ។ ដោយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​សន្យា​នេះ ពួក​អ៊ីស្រាអែល​អាច​‹ដាច់​ជា​របស់​ព្រះ​យេហូវ៉ា​លើស​ជាង​អស់​ទាំង​សាសន៍›។ តើ​ដើម្បី​គោល​បំណង​អ្វី? គឺ​ដើម្បី​‹ធ្វើ​ជា​នគរ​ដល់​ព្រះ​យេហូវ៉ា​ដែល​សុទ្ធតែ​ជា​សង្ឃ›។

៧​. តើ​ឃ្លា​ដែល​ថា​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›​មាន​ន័យ​ដូច​ម្ដេច?

បណ្ដា​ជន​អ៊ីស្រាអែល​មាន​ទាំង​ស្តេច​ទាំង​សង្ឃ ប៉ុន្តែ​នៅ​សម័យ​មុន មាន​តែ​ម៉េលគីសេដិក​ទេ​ដែល​បាន​មាន​តំណែង​ទាំង​ពីរ​នៅ​ពេល​ដំណាល​គ្នា​ដោយ​មាន​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ (​លោ. ១៤:​១៨​) ឥឡូវ​នេះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឱកាស​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›។ នៅ​ពេល​ក្រោយ​មក បទ​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​បាន​បង្ហាញ​ថា ពួក​គេ​មាន​ឱកាស​ធ្វើ​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ពោល​គឺ​ធ្វើ​ជា​ស្តេច​ផង​និង​ធ្វើ​ជា​សង្ឃ​ផង។—១ពេ. ២:៩

៨​. តើ​សង្ឃ​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​មាន​ភារកិច្ច​អ្វី?

តួនាទី​របស់​ស្តេច​គឺជា​អ្នក​គ្រប់​គ្រង។ ប៉ុន្តែ​ចុះ​សង្ឃ​វិញ តើ​ពួក​គេ​ធ្វើ​អ្វី​ខ្លះ? ហេប្រឺ ៥:១​បាន​ពន្យល់​ថា​៖ ​«​សម្ដេច​សង្ឃ​ម្នាក់​ៗ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​មនុស្ស គាត់​ទទួល​ការ​តែង​តាំង​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​ព្រះ​ជា​ប្រយោជន៍​ដល់​មនុស្ស ដើម្បី​ជូន​ជំនូន​និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​»។ ដូច្នេះ សង្ឃ​ម្នាក់​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​ព្រះ​យេហូវ៉ា គាត់​ជា​តំណាង​បណ្ដា​ជន​នៅ​ចំពោះ​លោក ហើយ​អង្វរ​ព្រះ​យេហូវ៉ា​ជំនួស​ពួក​គេ​ឲ្យ​អភ័យ​ទោស​ភាព​ខុស​ឆ្គង​របស់​ពួក​គេ​ដោយ​ជូន​គ្រឿង​បូជា​តាម​ដែល​លោក​តម្រូវ។ ផ្ទុយ​ទៅ​វិញ សង្ឃ​ម្នាក់​នោះ​ក៏​ជា​តំណាង​ព្រះ​យេហូវ៉ា​នៅ​ចំពោះ​បណ្ដា​ជន​ដែរ ពោល​គឺ​បង្រៀន​ពួក​គេ​អំពី​ច្បាប់​របស់​ព្រះ។ (​លេវី. ១០:៨​-​១១; ម៉ាឡ. ២:៧​) តាម​វិធី​នេះ សង្ឃ​ម្នាក់​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ មាន​ភារកិច្ច​ផ្សះ​ផ្សា​ចំណង​មិត្ត​ភាព​រវាង​មនុស្ស​និង​ព្រះ។

៩​. ​(​ក​) ដើម្បី​មាន​ឱកាស​ធ្វើ​ជា​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ› តើ​មាន​ល័ក្ខខ័ណ្ឌ​អ្វី? (​ខ​)​ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​រៀបចំ​ឲ្យ​មាន​សង្ឃ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល? (​គ​)​ តើ​អ្វី​រារាំង​បណ្ដា​ជន​អ៊ីស្រាអែល​មិន​ឲ្យ​ធ្វើ​ជា​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›​ក្រោម​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង?

យ៉ាង​នេះ ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​ផ្ដល់​ឱកាស​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​ដើម្បី​នាំ​ឲ្យ​«​អស់​ទាំង​សាសន៍​»​ទទួល​ពរ។ ប៉ុន្តែ ដើម្បី​ទទួល​ឱកាស​ដ៏​អស្ចារ្យ​នេះ មាន​ល័ក្ខខ័ណ្ឌ​មួយ​គឺ: ​«​បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​[​ឬ​«​កិច្ច​ព្រមព្រៀង​»​]​របស់​អញ​»។ តើ​បណ្ដា​ជន​អ៊ីស្រាអែល​អាច​‹ស្ដាប់​តាម​ព្រះ​យេហូវ៉ា›​ឬ​ទេ? ពួក​គេ​អាច​ស្ដាប់​តាម​បាន។ ប៉ុន្តែ តើ​ពួក​គេ​អាច​ស្ដាប់​តាម​លោក​ដោយ​មិន​ដែល​ធ្វើ​ខុស​ឬ​ទេ? អត់​ទេ។ (​រ៉ូម ៣:១៩, ២០​) ដោយ​សារ​មូលហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​មាន​សង្ឃ​ក្នុង​ពួក​អ៊ីស្រាអែល​នៅ​ចន្លោះ​ពេល​នោះ ប៉ុន្តែ​មិន​មែន​ជា​ស្តេច​ទេ។ ពួក​សង្ឃ​ទាំង​នោះ​ត្រូវ​ជូន​សត្វ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន​អ៊ីស្រាអែល។ (​លេវី. ៤:១–៦:៧​) នេះ​ក៏​រួម​បញ្ចូល​អំពើ​ខុស​ឆ្គង​របស់​ពួក​សង្ឃ​ដែរ។ (​ហេ. ៥:១​-​៣; ៨:៣​) ព្រះ​យេហូវ៉ា​បាន​ទទួល​យក​គ្រឿង​បូជា​បែប​នេះ ប៉ុន្តែ​គ្រឿង​បូជា​ទាំង​នោះ​មិន​អាច​ទូទាត់​អំពើ​ខុស​ឆ្គង​ទាំង​ស្រុង​បាន​ទេ។ សង្ឃ​ដែល​នៅ​ក្រោម​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​មិន​អាច​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​ព្រះ​និង​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​ស្មោះ​ត្រង់​បាន​យ៉ាង​ពេញ​លេញ​ទេ។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ឈាម​គោ​ឈ្មោល​និង​ឈាម​ពពែ​មិន​អាច​ដក​ការ​ខុស​ឆ្គង​ចេញ​បាន​ឡើយ​»។ (​ហេ. ១០:១​-​៤​) ដោយ​សារ​បណ្ដា​ជន​អ៊ីស្រាអែល​បំពាន​ច្បាប់​នោះ តាម​ពិត​ពួក​គេ​ត្រូវ​បណ្ដាសា។ (​កាឡ. ៣:១០​) ពួក​គេ​មិន​អាច​បម្រើ​ប្រជាជាតិ​ឯ​ទៀត​ដោយ​ធ្វើ​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​ក្នុង​សភាព​នេះ​បាន​ទេ។

១០​. តើ​កិច្ច​ព្រមព្រៀង​ខាង​ច្បាប់​មាន​គោល​បំណង​អ្វី?

១០ បើ​ដូច្នេះ តើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​ពួក​គេ​មាន​ឱកាស​ដើម្បី​ធ្វើ​ជា​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›​គ្មាន​ន័យ​ខ្លឹម​សារ​ឬ? មិន​មែន​ទេ។ បើ​ពួក​គេ​ខំ​ស្ដាប់​បង្គាប់​លោក​យ៉ាង​ស្មោះ​ត្រង់ នោះ​ពួក​គេ​នឹង​មាន​ឱកាស​នេះ​មែន ប៉ុន្តែ​មិន​មែន​ក្រោម​កិច្ច​ព្រមព្រៀង​ខាង​ច្បាប់​ទេ។ ហេតុ​អ្វី? (​សូម​អាន កាឡាទី ៣:១៩​-​២៥) ចំពោះ​ពួក​អ្នក​ដែល​ខំ​ព្យាយាម​យ៉ាង​ស្មោះ​ដើម្បី​កាន់​តាម កិច្ច​ព្រមព្រៀង​នោះ​នឹង​ការពារ​នូវ​ការ​គោរព​ប្រណិប័តន៍​ពិត។ នេះ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ស្គាល់​អំពើ​រំលង​របស់​ពួក​គេ ហើយ​ថា​ពួក​គេ​ត្រូវ​ការ​គ្រឿង​បូជា​ដែល​មាន​តម្លៃ​ជាង​គ្រឿង​បូជា​ដែល​សម្ដេច​សង្ឃ​របស់​ពួក​គេ​អាច​ជូន។ ច្បាប់​បាន​ធ្វើ​ជា​គ្រូ​ដែល​នាំ​ពួក​គេ​ទៅ​ដល់​គ្រិស្ត ឬ​មេស្ស៊ី ដែល​មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​»។ ក៏​ប៉ុន្តែ ពេល​មេស្ស៊ី​មក​ដល់ លោក​នឹង​ធ្វើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​បាន​ត្រូវ​ទាយ​ទុក​ដោយ​យេរេមា។ ពួក​អ្នក​ដែល​ទទួល​គ្រិស្ត​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​ថ្មី ហើយ​នឹង​អាច​ធ្វើ​ជា​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›។ តើ​តាម​របៀប​ណា? សូម​ឲ្យ​យើង​ពិចារណា​អំពី​រឿង​នេះ។

កិច្ច​ព្រមព្រៀង​ថ្មី បង្កើត​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច

១១​. តើ​តាម​របៀប​ណា​ដែល​លោក​យេស៊ូ​បាន​ទៅ​ជា​អ្នក​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ក្លាយ​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច?

១១ នៅ​ឆ្នាំ​២៩ គ.ស. លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​បាន​ក្លាយ​ទៅ​ជា​មេស្ស៊ី។ ពេល​ដែល​លោក​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ លោក​បាន​ប្រគល់​ខ្លួន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ដ៏​ពិសេស​របស់​ព្រះ​យេហូវ៉ា​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ ព្រះ​យេហូវ៉ា​បាន​ហៅ​លោក​ថា​«​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​»​ ដោយ​រើស​តាំង​លោក មិន​មែន​ដោយ​ចាក់​ប្រេង​ឡើយ តែ​ដោយ​សកម្មពល​បរិសុទ្ធ​វិញ។ (​ម៉ាថ. ៣:​១៣​-​១៧; សកម្ម. ១០:៣៨​) ព្រះ​បាន​រើស​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជាស​ម្ដេច​សង្ឃ​ដើម្បី​ជា​តំណាង​មនុស្ស​ជាតិ​ទាំង​ឡាយ​ដែល​មាន​ជំនឿ និង​ដើម្បី​ធ្វើ​ជា​ស្តេច​របស់​ពួក​គេ​នៅ​ពេល​អនាគត។ (​ហេ. ១:៨, ៩; ៥:៥, ៦​) លោក​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ឯ​ទៀត​ក្លាយ​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច។

១២​. តើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

១២ ក្នុង​ឋានៈ​ជាស​ម្ដេច​សង្ឃ តើ​លោក​យេស៊ូ​អាច​ជូន​គ្រឿង​បូជា​បែប​ណា​ដើម្បី​គ្រប​បាំង​ភាព​ខុស​ឆ្គង​របស់​ពួក​អ្នក​ដែល​មាន​ជំនឿ​ដែល​ជា​ភាព​ខុស​ឆ្គង​ឆ្លង​មក​ពី​ឪពុក​ម្ដាយ​ដំបូង? ដូច​លោក​យេស៊ូ​មាន​ប្រសាសន៍​នៅ​ពេល​រៀបចំ​ឲ្យ​មាន​ពិធី​រំលឹក​មរណភាព​របស់​លោក គ្រឿង​បូជា​នោះ​គឺជា​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។ (​សូម​អាន ហេប្រឺ ៩:១១, ១២) ក្នុង​ឋានៈ​ជាស​ម្ដេច​សង្ឃ លោក​យេស៊ូ​បាន​សុខ​ចិត្ត​ទទួល​ការ​ល្បង​ល និង​ការ​បង្ហាត់​បង្រៀន តាំង​ពី​ពេល​លោក​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩ គ.ស. រហូត​ដល់​លោក​ទទួល​មរណភាព។ (​ហេ. ៤:១៥; ៥:៧​-​១០​) ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ និង​ប្រគល់​តម្លៃ​នៃ​គ្រឿង​បូជា​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ផ្ទាល់។ (​ហេ. ៩:​២៤​) ក្រោយ​ពី​នោះ លោក​យេស៊ូ​អាច​អង្វរ​ព្រះ​យេហូវ៉ា​ជំនួស​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​ទៅ​លើ​គ្រឿង​បូជា​របស់​លោក ហើយ​ជួយ​ពួក​គេ​ឲ្យ​បម្រើ​ព្រះ​ដោយ​មាន​សង្ឃឹម​ទទួល​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ហេ. ៧:២៥​) គ្រឿង​បូជា​របស់​លោក​ក៏​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ថ្មី​មាន​សុពលភាព​ដែរ។—ហេ. ៨:៦; ៩:១៥

១៣​. តើ​ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី​មាន​ឱកាស​អ្វី?

១៣ ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី​ក៏​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​ដែរ។ (​២កូ. ១:២១​) ពួក​អ្នក​ទាំង​នោះ​រួម​បញ្ចូល​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ដែល​ស្មោះ​ត្រង់។ (​អេភ. ៣:៥, ៦​) តើ​ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី​មាន​ឱកាស​អ្វី? ពួក​គេ​នឹង​ទទួល​ការ​អភ័យទោស​ចំពោះ​ភាព​ខុស​ឆ្គង​ទាំង​ស្រុង។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​៖ ​«​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​[​ឬ​«​ភាព​ខុស​ឆ្គង​»​]​គេ​ទៀត​ជា​ដរាប​ទៅ​»។ (​យេ. ៣១:៣៤; ព.ថ.​) ពួក​គេ​នឹង​មាន​ឱកាស​ក្លាយ​ជា​‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›​ដោយ​សារ​ព្រះ​បាន​លុប​ចោល​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។ ពេល​និយាយ​អំពី​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ពេត្រុស​បាន​សរសេរ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា‹ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ត្រ​ដែល​ជា​សម្បត្ដិ​ពិសេស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា›​របស់​លោក​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក​»។ (​១ពេ. ២:៩​) ក្នុង​ខ​នេះ ពេត្រុស​បាន​ដក​ស្រង់​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ពេល​លោក​បង្កើត​ច្បាប់​ម៉ូសេ ហើយ​បញ្ជាក់​ថា​ច្បាប់​នោះ​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី។—និក្ខ. ១៩:៥, ៦

សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ផ្ដល់​ពរ​ឲ្យ​មនុស្ស​ទាំង​អស់

១៤​. តើ​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​បម្រើ​នៅ​កន្លែង​ណា?

១៤ តើ​ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី​បម្រើ​នៅ​កន្លែង​ណា? នៅ​លើ​ផែនដី​ពួក​គេ​បម្រើ​ជា​សង្ឃ​ដែល​តំណាង​ព្រះ​យេហូវ៉ា​ក្នុង​ការ​‹ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា​របស់​លោក› និង​ផ្ដល់​អាហារ​តាម​ត្រូវ​ពេល​ដល់​មនុស្ស​ឯ​ទៀត។ (​ម៉ាថ. ២៤:​៤៥; ១ពេ. ២:៤, ៥​) ក្រោយ​ពី​ពួក​គេ​ស្លាប់​និង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​នឹង​គ្រប់​គ្រង​ជា​ស្តេច​និង​ធ្វើ​ជា​សង្ឃ​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត ហើយ​បំពេញ​តួនាទី​ទាំង​ពីរ​នេះ​យ៉ាង​ពេញ​លេញ។ (​លូក. ២២:២៩; ១ពេ. ១:៣​-​៥; បប. ១:៦​) ដើម្បី​បញ្ជាក់​រឿង​នេះ សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​នូវ​ចំនួន​នៃ​បុគ្គល​វិញ្ញាណ​ដែល​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌។ ក្នុង​«​ចម្រៀង​ថ្មី​មួយ​»​ ពួក​គេ​បាន​ច្រៀង​ជូន​«​កូន​ចៀម​»​ថា​៖ ​«​[​លោក​]​បាន​ទិញ​មនុស្ស​សម្រាប់​ព្រះ ជា​មនុស្ស​ពី​គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជាជាតិ ដោយ​ឈាម​របស់​លោក រួច​លោក​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​រាជាណាចក្រ​មួយ​និង​ជា​សង្ឃ​របស់​ព្រះ​នៃ​យើង ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី​»។ (​បប. ៥:៨​-​១០​) ក្នុង​ការ​ឃើញ​ក្នុង​គំនិត​មួយ​ទៀត​នៅ​ពេល​ក្រោយ​មក យ៉ូហាន​បាន​ពោល​អំពី​អ្នក​គ្រប់​គ្រង​ទាំង​នេះ​ថា​៖ ​«​ពួក​គេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះ​និង​របស់​គ្រិស្ត ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​អស់​មួយ​ពាន់​ឆ្នាំ​»។ (​បប. ២០:៦​) ពួក​គេ​នឹង​ធ្វើ​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​ជា​មួយ​នឹង​លោក​យេស៊ូ​គ្រិស្ត​ដើម្បី​ផ្ដល់​ពរ​ឲ្យ​មនុស្ស​ទាំង​អស់។

១៥, ១៦​. តើ​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​នឹង​ផ្ដល់​ពរ​អ្វី​ខ្លះ​ដល់​មនុស្ស​ជាតិ?

១៥ តើ​ពួក​១៤៤.០០០​នាក់​នឹង​នាំ​ឲ្យ​មនុស្ស​នៅ​ផែនដី​ទទួល​ពរ​អ្វី? ការ​បើក​បង្ហាញ​ជំពូក​ទី​២១​ពណ៌​នា​អំពី​ពួក​គេ​ថា​ជា​ក្រុង​មួយ​នៅ​ស្ថាន​សួគ៌ ពោល​គឺ​ក្រុង​យេរូសាឡិម​ថ្មី ដែល​បាន​ត្រូវ​ហៅ​ថា​«​ភរិយា​របស់​កូន​ចៀម​»។ (​បប. ២១:៩​) ក្នុង​ខ​ទី​២​ដល់​ទី​៤​បាន​ចែង​ថា​៖ ​«​ខ្ញុំ​ក៏​ឃើញ​ក្រុង​បរិសុទ្ធ គឺ​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​ក្រុង​នោះ​បាន​ត្រូវ​រៀបចំ​ដូច​កូនក្រមុំ​ដែល​បាន​តុបតែង​ខ្លួន​ដើម្បី​ស្វាមី​របស់​នាង។ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា​៖ ‹មើល! ត្រ​សាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្ស​ជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ហើយ​ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់។ លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ›​»។ នេះ​ពិត​ជា​ពរ​ដ៏​អស្ចារ្យ​មែន! មូលហេតុ​ដ៏​ធំ​ដែល​បណ្ដាល​ឲ្យ​យើង​ស្រក់​ទឹក​ភ្នែក មាន​ទុក្ខ​ព្រួយ និង​ស្រែក​យំ ពោល​គឺ​សេចក្ដី​ស្លាប់ នឹង​ត្រូវ​បំបាត់​ចោល។ មនុស្ស​ស្មោះ​ត្រង់​នឹង​ទៅ​ជា​ល្អ​ឥត​ខ្ចោះ ដែល​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​ទាំង​ស្រុង។

១៦ ដើម្បី​រៀប​រាប់​ថែម​ទៀត​អំពី​ពរ​ដែល​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​ផ្ដល់​ឲ្យ​មនុស្ស​ជាតិ ការ​បើក​បង្ហាញ ២២:១, ២​បាន​ចែង​ថា​៖ ​«​គាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត ថ្លា​ដូច​កែវ​ចរណៃ កំពុង​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ​និង​របស់​កូន​ចៀម ហូរ​កាត់​កណ្ដាល​ផ្លូវ​ធំ​នៃ​ក្រុង​[​យេរូសាឡិម​ថ្មី​]។ ហើយ​នៅ​ខាង​នាយ​និង​ខាង​អាយ​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ដែល​ផ្លែ​ដប់​ពីរ​ដង​រាល់​ឆ្នាំ ដោយ​ផ្លែ​មួយ​ដង​រៀង​រាល់​ខែ។ ឯ​ស្លឹក​ឈើ​ទាំង​នោះ​គឺ​សម្រាប់​ធ្វើ​ឲ្យ​ប្រជាជាតិ​ទាំង​អស់​ជា​សះ​ស្បើយ​»។ តាម​រយៈ​អ្វី​ៗ​ជា​និមិត្តរូប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​នេះ ​«​ប្រជាជាតិ​ទាំង​អស់​»​ឬ​សាសន៍​ទាំង​ឡាយ​របស់​មនុស្ស​ជាតិ​នឹង​ជា​សះ​ស្បើយ​ទាំង​ស្រុង​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​យើង​បាន​ឆ្លង​ពី​អាដាម។ ពិត​មែន​ហើយ ‹អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នឹង​កន្លង​បាត់​អស់›។

សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច សម្រេច​កិច្ចការ​របស់​ពួក​គេ

១៧​. តើ​ពួក​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​នឹង​សម្រេច​អ្វី​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ?

១៧ ពេល​មក​ដល់​ចុង​១.០០០​ឆ្នាំ​នៃ​កិច្ច​បម្រើ​របស់​ពួក​គេ សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​បាន​ជួយ​ឲ្យ​មនុស្ស​នៅ​ផែនដី​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ហើយ។ ក្នុង​ឋានៈ​ជាស​ម្ដេច​សង្ឃ​និង​ជា​ស្តេច គ្រិស្ត​នឹង​ប្រគល់​មនុស្ស​ជាតិ​ដែល​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទាំង​ស្រុង​ទៅ​ព្រះ​យេហូវ៉ា​វិញ។ (​សូម​អាន កូរិនថូសទី១ ១៥:២២​-​២៦) ពួក​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​នឹង​សម្រេច​គោល​បំណង​ទាំង​នោះ​យ៉ាង​ពេញ​លេញ។

១៨​. ក្រោយ​ពី​ពួក​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​បាន​សម្រេច​កិច្ចការ​របស់​ពួក​គេ តើ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​កិច្ចការ​អ្វី​ទៀត​ដល់​ពួក​គេ?

១៨ នៅ​ពេល​ក្រោយ​មក តើ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​កិច្ចការ​អ្វី​ដល់​អ្នក​ទាំង​នេះ​ដែល​មាន​ឯកសិទ្ធិ​ខ្ពង់​ខ្ពស់​ជា​មួយ​គ្រិស្ត? យោង​ទៅ​តាម​ការ​បើក​បង្ហាញ ២២:៥​បាន​ចែង​ថា​៖ ​«​ពួក​គេ​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​រៀង​រហូត​ត​ទៅ​»។ តើ​ពួក​គេ​គ្រប់​គ្រង​លើ​អ្នក​ណា? គម្ពីរ​មិន​បាន​ប្រាប់​អំពី​រឿង​នេះ​ទេ។ ប៉ុន្តែ​ជីវិត​របស់​ពួក​គេ និង​បទ​ពិសោធន៍​ដែល​ពួក​គេ​មាន​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នឹង​ផ្ដល់​សមត្ថភាព​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ជា​ស្តេច និង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​ពួក​គេ​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​លោក​ជា​រៀង​រហូត។

១៩​. តើ​ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​ពិធី​រំលឹក​គួរ​ចង​ចាំ​អំពី​អ្វី?

១៩ ពេល​យើង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មេ​សា ឆ្នាំ​២០១២ សូម​ឲ្យ​យើង​ចាំ​សេចក្ដី​បង្រៀន​នេះ។ ពួក​អ្នក​នៅ​សល់​មួយ​ចំនួន​តូច​ដែល​នៅ​ផែនដី​នៅ​ឡើយ នឹង​បរិភោគ​វត្ថុ​តំណាង​ដែល​ជា​នំ​ប៉័ង​ឥត​ដំបែ និង​ស្រា​ទំពាំង​បាយ​ជូរ ដែល​មាន​ន័យ​ថា ពួក​គេ​ចូល​រួម​ធ្វើ​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​ថ្មី។ និមិត្តរូប​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ទាំង​នេះ នឹង​រំលឹក​ពួក​គេ​អំពី​ភារកិច្ច និង​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ក្នុង​គោល​បំណង​ដែល​មាន​ជា​និរន្តរ៍​របស់​ព្រះ។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ចូល​រួម​ដោយ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​តាម​រយៈ​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​ដើម្បី​ផ្ដល់​ពរ​ឲ្យ​មនុស្ស​ជាតិ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៣១​]

សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​នឹង​ផ្ដល់​ពរ​ឲ្យ​មនុស្ស​ជាតិ​ជា​រៀង​រហូត