ការពិតអំពីហាម៉ាគេដូន
ការពិតអំពីហាម៉ាគេដូន
«ពួកវិញ្ញាណកំណាច . . . ចេញទៅឯស្តេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី . . . ហើយពួកគេបានប្រមូលស្តេចទាំងនោះទៅឯកន្លែងដែលភាសាហេប្រឺហៅថាហាម៉ាគេដូន»។—ការបើកបង្ហាញ ១៦:១៤, ១៦
ហាម៉ាគេដូន គឺជាឈ្មោះកន្លែងមួយ។ ក៏ប៉ុន្តែ តាមមើលទៅ កន្លែងនោះមិនមែនជាកន្លែងមែនទែនណាមួយនៅលើផែនដីទេ។
បើដូច្នេះ តើអ្វីជាអត្ថន័យពិតប្រាកដនៃពាក្យ«ហាម៉ាគេដូន»? ហេតុអ្វីពាក្យនេះច្រើនតែជាប់ទាក់ទងនឹងព្រឹត្ដិការណ៍មួយដូចជាសង្គ្រាម?
ប្រមូលទៅឯកន្លែងដែលហៅថាហាម៉ាគេដូន
ក្នុងភាសាហេប្រឺពាក្យហាម៉ាគេដូន មានន័យត្រង់ថា«ភ្នំមេគីដោ»។ ទោះជាមិនមានភ្នំមេគីដោក៏ដោយ តែមានកន្លែងមួយដែលគេឲ្យឈ្មោះថាមេគីដោ។ កន្លែងនោះជាទីតាំងដ៏សំខាន់មួយដែលមានផ្លូវធំពីរកាត់គ្នានៅទិសខាងជើងឆៀងខាងលិចនៃតំបន់ដែលសាសន៍អ៊ីស្រាអែលពីសម័យបុរាណធ្លាប់រស់នៅ។ ការប្រយុទ្ធគ្នាផ្ដាច់ព្រ័ត្រជាច្រើនបានធ្វើឡើងនៅជិតកន្លែងនោះ។ ដូច្នេះ ក្រោយមកឈ្មោះមេគីដោទៅជាឈ្មោះតំណាងសង្គ្រាមផ្ដាច់ព្រ័ត្រ។ *
ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យកន្លែងមេគីដោមានសារៈសំខាន់ មិនមែនដោយសារកងទ័ពដែលបានធ្វើសង្គ្រាមនៅទីនោះទេ តែគឺដោយសារមូលហេតុដែលកងទ័ពទាំងនោះបានធ្វើសង្គ្រាមនៅទីនោះវិញ។ មេគីដោគឺជាតំបន់មួយក្នុងស្រុកដែលព្រះយេហូវ៉ាបានសន្យាឲ្យដល់សាសន៍អ៊ីស្រាអែល។ (និក្ខមនំ ៣៣:១; យ៉ូស្វេ ១២:៧, ២១) លោកបានសន្យានឹងបណ្ដាជនទាំងនោះថា លោកនឹងការពារពួកគេពីពួកអ្នកឈ្លានពាន ហើយលោកបានធ្វើដូច្នោះមែន។ (ចោទិយកថា ៦:១៨, ១៩) ជាឧទាហរណ៍ គឺនៅមេគីដោដែលព្រះយេហូវ៉ាបានធ្វើការអស្ចារ្យដើម្បីការពារបណ្ដាជនអ៊ីស្រាអែលពីកងទ័ពរបស់ស្តេចយ៉ាប៊ីននៃសាសន៍កាណាននិងស៊ីសេរ៉ាដែលជាមេទ័ពរបស់គាត់។—ពួកចៅហ្វាយ ៤:១៤-១៦
ដូច្នេះ ពាក្យ«ហាម៉ាគេដូន»មានន័យសំខាន់ណាស់ដែលជាន័យធៀប។ ហាម៉ាគេដូនជាប់ទាក់ទងនឹងការប្រយុទ្ធគ្នារវាងកងទ័ពពីរដ៏ខ្លាំងក្លា។
ទំនាយក្នុងគម្ពីរនៅការបើកបង្ហាញបានចែងអំពីពេលមួយនៅអនាគតឆាប់ៗនេះថា សាថាននិងពួកវិញ្ញាណកំណាចនឹងជំរុញរដ្ឋាភិបាលមនុស្សឲ្យប្រមូលកងទ័ពរបស់ពួកគេ ហើយដោយធ្វើដូច្នេះអ្នកទាំងនោះប្រឆាំងរាស្ត្ររបស់ព្រះនិងកិច្ចការរបស់ពួកគេ។ នៅពេលនោះ ព្រះនឹងវាយកងទ័ពឈ្លានពានទាំងនោះឲ្យបរាជ័យ ហើយនៅពេលនោះ មនុស្សរាប់លាននាក់នឹងស្លាប់។—ការបើកបង្ហាញ ១៩:១១-១៨
គម្ពីររៀបរាប់អំពីព្រះថាលោកមានសេចក្ដី«មេត្ដាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ»។ បើដូច្នេះ ហេតុអ្វីព្រះនឹងសម្លាប់មនុស្សច្រើនបែបនេះ? (នេហេមា ៩:១៧) ដើម្បីយល់អំពីការប្រព្រឹត្តរបស់ព្រះ យើងត្រូវដឹងចម្លើយចំពោះសំណួរបីយ៉ាង: (១) តើអ្នកណាជាអ្នកផ្ដើមធ្វើសង្គ្រាមនោះ? (២) ហេតុអ្វីព្រះចូលរួមក្នុងសង្គ្រាមនោះ? (៣) តើសង្គ្រាមនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើផែនដីនិងមនុស្សដែលរស់នៅលើផែនដី?
១. តើអ្នកណាជាអ្នកផ្ដើមធ្វើសង្គ្រាមនោះ?
សង្គ្រាមហាម៉ាគេដូនមិនកើតឡើងដោយសារព្រះឈ្លានពានមនុស្សនោះទេ។ ផ្ទុយទៅវិញ ព្រះនឹងការពារមនុស្សល្អពីពួកអ្នកដែលចង់បំផ្លាញពួកគេ។ អ្នកឈ្លានពានក្នុងការប្រយុទ្ធគ្នានេះគឺ«ស្តេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី» ពោលគឺអ្នកដឹកនាំពិភពលោក។ ហេតុអ្វីមានការវាយប្រហារនេះ? ពីព្រោះដូចអ្នកញាក់ខ្សែអាយ៉ងម្នាក់ សាថាននឹងដឹកនាំរដ្ឋាភិបាលទាំងឡាយ និងអង្គការយោធានានាឲ្យវាយប្រហារពេញទំហឹងទៅលើអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—ការបើកបង្ហាញ ១៦:១៣, ១៤; ១៩:១៧, ១៨
សព្វថ្ងៃនេះនៅប្រទេសខ្លះ មនុស្សចាត់ទុកសេរីភាពខាងការបញ្ចេញមតិនិងខាងសាសនាជាអ្វីដ៏សំខាន់។ ដូច្នេះគំនិតដែលថារដ្ឋាភិបាលនានានឹងដាក់កម្រិតឬបំបាត់ចោលសាសនាណាមួយ មើលទៅដូចជាមិនសមហេតុផលទេ។ ក៏ប៉ុន្តែ ការវាយប្រហារបែបនេះបានកើតឡើងនៅសតវត្សរ៍ទី២០ ហើយក៏កំពុងតែកើតឡើងសព្វថ្ងៃនេះដែរ។ * ទោះជាយ៉ាងនោះក្ដី យ៉ាងហោចណាស់ មានភាពខុសគ្នាធំៗពីររវាងការវាយប្រហារទាំងនេះនិងការវាយប្រហារនៅហាម៉ាគេដូន។ ទី១ ការវាយប្រហារនៅហាម៉ាគេដូននឹងមាន នៅទូទាំងពិភពលោក។ ទី២ ការវាយតបរបស់ព្រះយេហូវ៉ានៅគ្រានោះនឹងខ្លាំងជាងអ្វីៗទាំងអស់ដែលលោកធ្លាប់ធ្វើពីមុន។ (យេរេមា ២៥:៣២, ៣៣) គម្ពីររៀបរាប់អំពីការប្រយុទ្ធគ្នានោះថាជា«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។
២. ហេតុអ្វីព្រះចូលរួមក្នុងសង្គ្រាមនោះ?
ព្រះយេហូវ៉ាណែនាំពួកអ្នកដែលគោរពប្រណិប័តន៍លោកឲ្យបង្កើតឲ្យមានសន្ដិភាព ហើយស្រឡាញ់សត្រូវរបស់ពួកគេ។ (មីកា ៤:១-៣; ម៉ាថាយ ៥:៤៣, ៤៤; ២៦:៥២) ហេតុនេះ ពេលការវាយប្រហារដ៏សាហាវនេះកើតឡើង ពួកគេមិនប្រើអាវុធដើម្បីការពារខ្លួនឡើយ។ បើព្រះមិនធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះរាស្ត្ររបស់លោក នោះពួកគេនឹងត្រូវបំផ្លាញចោលគ្មានសល់ជាមិនខាន។ ដូច្នេះ ព្រះយេហូវ៉ាត្រូវចាត់វិធានការដើម្បីការពារនាមឬកេរ្ដិ៍ឈ្មោះល្អរបស់លោក។ បើពួកសត្រូវអាចបំផ្លាញចោលរាស្ត្ររបស់ព្រះបាន នោះនឹងមើលទៅដូចជា ព្រះយេហូវ៉ាជាព្រះដែលគ្មានសេចក្ដីស្រឡាញ់ អយុត្ដិធម៌ និងគ្មានសមត្ថភាពជួយរាស្ត្ររបស់លោកទេ។ រឿងបែបនេះមិនអាចកើតឡើងបានឡើយ!—ទំនុកតម្កើង ៣៧:២៨, ២៩
ព្រះមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ ដូច្នេះលោកបានផ្ដល់ការព្រមានយូរទុកជាមុនអំពីអ្វីដែលលោកនឹងធ្វើ។ (ពេត្រុសទី២ ៣:៩) តាមរយៈកំណត់ហេតុក្នុងគម្ពីរ លោកបានរំលឹកមនុស្សទាំងអស់ថា ពេលដែលរាស្ត្ររបស់លោកត្រូវគេវាយប្រហារនៅអតីតកាល លោកបានវាយតបទៅពួកគេវិញ។ (ពង្សាវតារក្សត្រទី២ ១៩:៣៥) គម្ពីរក៏បានព្រមានផងដែរថា ពេលសាថាននិងមនុស្សដែលជាអាយ៉ងរបស់វាវាយប្រហារទៅលើរាស្ត្ររបស់ព្រះនៅពេលអនាគត នោះព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពដើម្បីប្រឆាំងពួកអ្នកដែលគំរាមគំហែងរាស្ត្ររបស់លោក។ តាមពិត បណ្ដាំរបស់ព្រះបានទាយទុកជាយូរមកហើយថា ព្រះយេហូវ៉ានឹងបំផ្លាញមនុស្សអាក្រក់ចោល។ (សុភាសិត ២:២១, ២២; ថែស្សាឡូនិចទី២ ១:៦-៩) នៅពេលនោះ ពួកអ្នកវាយប្រហារប្រាកដជានឹងដឹងថា ពួកគេកំពុងប្រយុទ្ធនឹងព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។—អេសេគាល ៣៨:២១-២៣
៣. តើសង្គ្រាមនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើផែនដីនិងមនុស្សជាតិ?
សង្គ្រាមហាម៉ាគេដូននឹងសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ តាមពិត សង្គ្រាមនោះគឺជាការចាប់ផ្ដើមនៃរយៈពេលមួយដែលមានសន្ដិភាពពេញផែនដី។—ការបើកបង្ហាញ ២១:៣, ៤
ក្នុងគម្ពីរ នៅសៀវភៅការបើកបង្ហាញបានរៀបរាប់អំពី«មនុស្សមួយក្រុមធំ»ដែលគ្មានចំនួនកំណត់ ជាមនុស្សដែលនឹងរួចជីវិតពីសង្គ្រាមនេះ។ (ការបើកបង្ហាញ ៧:៩, ១៤) នៅក្រោមការដឹកនាំរបស់ព្រះ មនុស្សមួយក្រុមធំនេះនឹងជួយធ្វើឲ្យផែនដីមានសភាពដូចជាសួនឧទ្យានឡើងវិញតាមគោលបំណងដើមរបស់ព្រះយេហូវ៉ា។
តើយើងដឹងឬទេថាការវាយប្រហារទៅលើរាស្ត្ររបស់ព្រះនេះនឹងកើតឡើងនៅពេលណា?
[កំណត់សម្គាល់]
^ វគ្គ 6 ការយកឈ្មោះកន្លែងមួយជាតំណាងសង្គ្រាមមិនមែនជាការចម្លែកទេ។ ជាឧទាហរណ៍ សព្វថ្ងៃនេះ ទីក្រុងហ៊ីរ៉ូស៊ីម៉ានៅប្រទេសជប៉ុនដែលបានត្រូវបំផ្លាញដោយគ្រាប់បែកនុយក្លេអ៊ែរ ជាតំណាងការគំរាមកំហែងដោយសង្គ្រាមនុយក្លេអ៊ែរ។
^ វគ្គ 13 ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ពួកណាត្ស៊ីសម្លាប់ជនជាតិយូដារាប់លាននាក់។ នេះជាឧទាហរណ៍មួយដែលរដ្ឋាភិបាលប៉ុនប៉ងបំបាត់ចោលសាសនានិងជាតិសាសន៍។ ក្នុងអំឡុងសម័យសហភាពសូវៀត សាសនាផ្សេងៗនៅសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតក៏បានត្រូវបង្ក្រាបយ៉ាងសាហាវដែរ។ សូមមើលអត្ថបទក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ ជាភាសាអង់គ្លេសដែលបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា (“A Peaceable People Defend Their Good Name”)។
[រូបភាពនៅទំព័រ៦]
នៅអតីតកាល ព្រះយេហូវ៉ាបានការពាររាស្ត្ររបស់លោក
[រូបភាពនៅទំព័រ៧]
ព្រះយេហូវ៉ានឹងការពាររាស្ត្ររបស់លោកម្ដងទៀតក្នុងអំឡុងសង្គ្រាមហាម៉ាគេដូន