លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរយកតម្រាប់តាមគំរូរបស់លោកយេស៊ូក្នុងការចាំយាម

ចូរយកតម្រាប់តាមគំរូរបស់លោកយេស៊ូក្នុងការចាំយាម

ចូរ​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ចាំ​យាម

​«​ចូរ​ចាំ​យាម​ហើយ​អធិដ្ឋាន​»។—ម៉ាថ. ២៦:៤១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ការ​អធិដ្ឋាន​របស់​យើង​អាច​បង្ហាញ​ថា​យើង​នៅ​ចាំ​យាម​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​បង្ហាញ​ថា​យើង​ចាំ​យាម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​តាម​វិធី​ណា?

ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​ចាំ​យាម​ជា​និច្ច​ពេល​មាន​ទុក្ខ​លំបាក? ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១, ២​. ​(​ក​) តើ​យើង​អាច​មាន​សំណួរ​អ្វី​ខ្លះ​ស្តី​អំពី​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ចាំ​យាម? (​ខ​) តើ​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​អាចយ​ក​តម្រាប់​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ​បាន​ឬ​ទេ? សូម​លើក​ឧទាហរណ៍។

អ្នក​ប្រហែលជា​ឆ្ងល់​ថា ‹តើ​យើង​ពិត​ជា​អាចយ​ក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ចាំ​យាម​បាន​ដែរ​ឬ? អ្នក​ប្រហែលជា​គិត​ថា​មិន​អាច​ទេ ពីព្រោះ​លោក​យេស៊ូ​ជា​បុគ្គល​ល្អ​ឥត​ខ្ចោះ ហើយ​ពេល​ខ្លះ​លោក​យេស៊ូ​អាច​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​យ៉ាង​ច្បាស់ សូម្បី​តែ​អ្វី​ដែល​កើត​ឡើង​រាប់​ពាន់​ឆ្នាំ​ក្រោយ​សម័យ​របស់​លោក​ក៏​ដោយ! តើ​លោក​ពិត​ជា​ចាំ​បាច់​ចាំ​យាម​ដែរ​ឬ?›។ (​ម៉ាថ. ២៤:​៣៧​-​៣៩; ហេ. ៤:១៥​) សូម​ឲ្យ​យើង​ពិចារណា​សំណួរ​ទាំង​នេះ​ជា​មុន​សិន​ដើម្បី​យល់​ថា តើ​រឿង​នេះ​សំខាន់​ប៉ុណ្ណា? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អំពី​រឿង​នេះ​ដោយ​មិន​បង្អែ​បង្អង់?

តើ​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​អាចយ​ក​តម្រាប់​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​បាន​ដែរ​ឬ? ពិត​ជា​អាច ពីព្រោះ​បុគ្គល​ម្នាក់​អាច​រៀន​ពី​គំរូ​របស់​គ្រូ​ល្អ​បាន។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​បុរស​ម្នាក់​ចាប់​ផ្ដើម​រៀន​បាញ់​ធ្នូ​ជា​លើក​ដំបូង។ គាត់​មិន​អាច​បាញ់​គ្រាប់​ព្រួញ​ឲ្យ​ចំ​គោលដៅ​ឡើយ ប៉ុន្តែ​គាត់​ខំ​រៀន​ថែម​ទៀត ហើយ​ព្យាយាម​បាញ់​ម្ដង​ហើយ​ម្ដង​ទៀត។ ដើម្បី​គាត់​អាច​រីក​ចម្រើន គាត់​យក​ចិត្ត​ទុក​ដាក់​រៀន​ពី​គំរូ​នៃ​គ្រូ​របស់​គាត់​ដែល​ជា​អ្នក​ជំនាញ​បាញ់​ធ្នូ។ គាត់​ខំ​មើល​របៀប​ដែល​គ្រូ​របស់​គាត់​ឈរ កាន់​ធ្នូ និង​ប្រើ​ម្រាម​ដៃ​ដើម្បី​យឹត​ខ្សែ​ធ្នូ។ បន្ដិច​ម្ដង​ៗ គាត់​រៀន​ឲ្យ​យល់​ថា​ត្រូវ​យឹត​ខ្សែ​ធ្នូ​តឹង​ប៉ុណ្ណា រៀន​ឲ្យ​ចេះ​ប្រមាណ​កម្លាំង​ខ្យល់ ហើយ​គាត់​ខំ​ព្យាយាម​ហាត់​ជា​និច្ច។ ដោយ​ធ្វើ​តាម​គំរូ​របស់​គ្រូ នៅ​ទី​បំផុត គាត់​អាច​តម្រង់​គ្រាប់​ព្រួញ ហើយ​បាញ់​កាន់​តែ​ជិត​ចំណុច​កណ្ដាល។ ស្រដៀង​គ្នា​ដែរ យើង​ព្យាយាម​ជា​និច្ច​ដើម្បី​ជឿន​ទៅ​មុខ​ជា​គ្រិស្ត​សាសនិក ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ និង​យក​តម្រាប់​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។

៣​. ​(​ក​) តើ​លោក​យេស៊ូ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា​លោក​ត្រូវ​ចាំ​យាម? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​អត្ថបទ​នេះ?

តើ​លោក​យេស៊ូ​ពិត​ជា​ត្រូវ​ចាំ​យាម​ឬ​ទេ? លោក​ពិត​ជា​ត្រូវ​ធ្វើ​ដូច្នេះ​មែន។ ជា​ឧទាហរណ៍ នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ដាស់​តឿន​ពួក​សាវ័ក​ដែល​ស្មោះ​ត្រង់​ថា​៖ ​«​[​ចូរ​]​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​»។ លោក​បាន​បន្ថែម​ថា​៖ ​«​ចូរ​ចាំ​យាម​ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។ (​ម៉ាថ. ២៦:៣៨, ៤១​) ពិត​មែន​តែ​លោក​បាន​ចាំ​យាម​តាំង​ពី​ដំបូង ប៉ុន្តែ​នៅ​ពេល​ដ៏​សំខាន់​នេះ លោក​យេស៊ូ​ចង់​ប្រាកដ​ថា​លោក​នៅ​ចាំ​យាម ហើយ​នៅ​ជិត​ស្និទ្ធ​បំផុត​នឹង​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ លោក​បាន​ដឹង​ថា​ពួក​អ្នក​កាន់​តាម​លោក​ត្រូវ​ចេះ​ចាំ​យាម​ដូច​គ្នា​ដែរ មិន​គ្រាន់តែ​នៅ​ពេល​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​ពេល​អនាគត​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​ចង់​ឲ្យ​យើង​ចាំ​យាម​ជា​និច្ច។ ក្រោយ​មក យើង​នឹង​ពិចារណា​អំពី​វិធី​បី​យ៉ាង​ដែល​យើង​អាច​ចាំ​យាម​ដូច​លោក​យេស៊ូ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។

មូលហេតុ​ដែល​លោក​យេស៊ូ​ចង់​ឲ្យ​យើង​ចាំ​យាម

៤​. តើ​ចំណុច​ដែល​យើង​មិន​ដឹង​អំពី​អនាគត និង​ភាព​ចាំ​បាច់​នៃ​ការ​ចាំ​យាម​ទាក់​ទង​គ្នា​យ៉ាង​ណា?

បើ​និយាយ​ឲ្យ​ចំ​ទៅ លោក​យេស៊ូ​ចង់​ឲ្យ​យើង​នៅ​ចាំ​យាម ដោយ​សារ​មាន​អ្វី​ខ្លះ​ដែល​យើង​មិន​ដឹង និង​មាន​អ្វី​ខ្លះ​ដែល​យើង​ដឹង​រួច​ហើយ។ ពេល​ដែល​លោក​យេស៊ូ​នៅ​ផែនដី តើ​លោក​បាន​ដឹង​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ឬ​ទេ? អត់​ទេ ព្រោះ​លោក​បាន​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប​»។ (​ម៉ាថ. ២៤:៣៦​) នៅ​ពេល​នោះ លោក​យេស៊ូ​ដែល​ជា​«​បុត្រ​របស់​ព្រះ​»​មិន​បាន​ដឹង​ច្បាស់​ថា​ទី​បញ្ចប់​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ ចុះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? តើ​យើង​ដឹង​អ្វី​ៗ​ទាំង​អស់​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ឬ​ទេ? ប្រាកដជា​មិន​ដឹង​ទាំង​អស់​ទេ! យើង​មិន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ចាត់​បុត្រ​របស់​លោក​ដើម្បី​បំផ្លាញ​របៀប​របប​ដ៏​អាក្រក់​នេះ​នៅ​ពេល​ណា​ឡើយ។ បើ​យើង​ដឹង​មែន តើ​យើង​ពិត​ជា​ចាំ​បាច់​ចាំ​យាម​ឬ​ទេ? ដូច​ការ​ពន្យល់​របស់​លោក​យេស៊ូ ទី​បញ្ចប់​នឹង​មក​នៅ​មួយ​រំពេច ដោយ​មិន​ដឹង​ទុក​ជា​មុន​ឡើយ ដូច្នេះ​យើង​ត្រូវ​បន្ត​ចាំ​យាម​ជា​និច្ច។—សូម​អាន ម៉ាថាយ ២៤:៤៣

៥, ៦​. ​(​ក​) តើ​ការ​ដឹង​អំពី​អនាគត​និង​អំពី​គោល​បំណង​របស់​ព្រះ​ជួយ​យើង​ឲ្យ​ចាំ​យាម​យ៉ាង​ដូច​ម្ដេច? (​ខ​)​ ហេតុ​អ្វី​ការ​ដឹង​អំពី​សាថាន​គួរ​ធ្វើ​ឲ្យ​យើង​តាំង​ចិត្ត​ចាំ​យាម​កាន់​តែ​ខ្លាំង?

ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​ដឹង​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​ស្តី​អំពី​អនាគត ដែល​មនុស្ស​ភាគ​ច្រើន​នៅ​ជុំ​វិញ​លោក​មិន​បាន​ដឹង​សោះ។ ចំណេះ​របស់​យើង​គឺ​មិន​អាច​ប្រៀប​ស្មើ​នឹង​លោក​យេស៊ូ​ឡើយ ប៉ុន្តែ​ដោយ​សារ​សេចក្ដី​បង្រៀន​របស់​លោក យើង​បាន​ដឹង​យ៉ាង​ច្រើន​អំពី​រាជាណាចក្រ​របស់​ព្រះ​និង​អ្វី​ដែល​រាជាណាចក្រ​នឹង​សម្រេច​នៅ​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ។ កាល​ដែល​យើង​មើល​នៅ​ជុំ​វិញ​ខ្លួន​យើង មិន​ថា​នៅ​សាលា​រៀន កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​តំបន់​ដែល​យើង​ផ្សព្វ​ផ្សាយ យើង​ពិត​ជា​ឃើញ​ថា​មនុស្ស​រស់​នៅ​ក្នុង​ស្ថានភាព​ដែល​ងងឹត​សូន្យសុង​ស្តី​អំពី​សេចក្ដី​ពិត​ទាំង​នោះ មែន​ទេ? ដូច្នេះ ត្រង់​ចំណុច​នេះ​យើង​មាន​មូលហេតុ​មួយ​ទៀត​ដើម្បី​ចាំ​យាម។ ដូច​លោក​យេស៊ូ យើង​ត្រូវ​ដឹង​ខ្លួន​ជា​និច្ច ដោយ​ចាំ​យាម​ដើម្បី​ឆ្លៀត​យក​ឱកាស​ផ្សព្វ​ផ្សាយ​អ្វី​ដែល​យើង​បាន​ដឹង​អំពី​រាជាណាចក្រ​របស់​ព្រះ។ ឱកាស​នីមួយ​ៗ​មាន​តម្លៃ​ណាស់ ហើយ​យើង​មិន​ចង់​ខ្ជះខ្ជាយ​ឱកាស​នោះ​ទេ។ មនុស្ស​អាច​បាត់បង់​ជីវិត​បាន!—១ធី. ៤:១៦

លោក​យេស៊ូ​បាន​ដឹង​អំពី​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​លោក​ចាំ​យាម​ជា​និច្ច។ លោក​បាន​ដឹង​ថា​សាថាន​បាន​តាំង​ចិត្ត​ល្បួង​លោក បៀត​បៀន​លោក និង​បំផ្លាញ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​លោក​ចំពោះ​ព្រះ។ សត្រូវ​ដ៏​សាហាវ​នេះ​តែង​តែ​ចាំ​យាម​ដើម្បី​រក​«​ឱកាស​ល្អ​មួយ​ទៀត​»​ដែល​វា​អាច​ល្បួង​លោក​យេស៊ូ។ (​លូក. ៤:១៣​) លោក​យេស៊ូ​មិន​ដែល​ធ្វេស​ប្រហែស​ឡើយ។ លោក​ចង់​ត្រៀម​ខ្លួន​ជា​និច្ច​ចំពោះ​អ្វី​ក៏​ដោយ ដូច​ជា​ការ​ល្បួង ការ​ប្រឆាំង ឬ​ការ​បៀតបៀន​ជា​ដើម។ ចំពោះ​យើង​វិញ​ក៏​ដូច្នេះ​ដែរ មែន​ទេ? យើង​ដឹង​ថា​សាថាន​នៅ​តែ​«​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់​»។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាំ​របស់​ព្រះ​ដាស់​តឿន​គ្រិស្ត​សាសនិក​ទាំង​អស់​ថា​៖ ​«​ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ​»។ (​១ពេ. ៥:៨​) ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

របៀប​ចាំ​យាម​ក្នុង​ការ​អធិដ្ឋាន

៧, ៨​. ស្តី​អំពី​ការ​អធិដ្ឋាន តើ​លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អ្វី? ហើយ​តើ​លោក​បាន​ទុក​គំរូ​បែប​ណា​សម្រាប់​យើង?

គម្ពីរ​បញ្ជាក់​ថា ការ​អធិដ្ឋាន​គឺ​សំខាន់​ដើម្បី​ជួយ​យើង​ឲ្យ​ដឹង​ខ្លួន ឬ​ចាំ​យាម​ក្នុង​ការ​ការពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​កូឡ. ៤:២; ១ពេ. ៤:៧​) មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ចាំ​យាម​ជា​មួយ​នឹង​លោក លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចាំ​យាម​ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។ (​ម៉ាថ. ២៦:៤១​) តើ​ឱវាទ​នេះ​គឺ​សម្រាប់​តែ​កាលៈទេសៈ​ពិបាក​ខ្លាំង​ដែល​មាន​នៅ​ពេល​នោះ​តែ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ ឱវាទ​របស់​លោក​គឺជា​គោលការណ៍​ដែល​យើង​ត្រូវ​ធ្វើ​តាម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ណាស់​ក្នុង​ការ​អធិដ្ឋាន។ អ្នក​ប្រហែល​ជា​នឹក​ចាំ​ថា នៅ​ពេល​មួយ លោក​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​ដើម្បី​អធិដ្ឋាន​ទៅ​បិតា​របស់​លោក។ សូម​ឲ្យ​យើង​ស្រមៃ​គិត​អំពី​ទិដ្ឋភាព​នោះ។ (​សូម​អាន លូកា ៦:១២, ១៣) នៅ​ពេល​នោះ​ជា​រដូវ​ផ្កា​រីក ហើយ​លោក​យេស៊ូ​ទំនង​ជា​នៅ​ជិត​ទី​ក្រុង​កាពើណិម។ នៅ​ពេល​ល្ងាច​បាន​ឈាន​ចូល​មក​ដល់ លោក​យេស៊ូ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដែល​អាច​មើល​ឃើញ​សមុទ្រ​កាលីឡេ។ កាល​ដែល​មេឃ​កាន់​តែ​ងងឹត​ទៅ​ៗ លោក​ប្រហែលជា​ឃើញ​ពន្លឺ​ចង្កៀង​ភ្លឹប​ភ្លែត​ៗ​ដែល​នៅ​ក្នុង​ទី​ក្រុង​កាពើណិម និង​នៅ​ភូមិ​ជិត​ៗ​នោះ។ ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​និយាយ​ទៅ​ព្រះ​យេហូវ៉ា លោក​បាន​ផ្ចង់​ស្មារតី​យ៉ាង​ខ្លាំង​ក្នុង​ការ​អធិដ្ឋាន។ ច្រើន​ម៉ោង​បាន​កន្លង​ផុត​ទៅ។ លោក​មិន​សូវ​ចាប់​អារម្មណ៍​ពេល​ដែល​ភ្លើង​ចង្កៀង​ដែល​នៅ​ក្នុង​ទី​ក្រុង​ចាប់​ផ្ដើម​រលត់​ម្ដង​មួយ​ៗ​ឡើយ ឬ​ពេល​ដួង​ចន្ទ​រសាត់​អណ្ដែត​កាត់​ផ្ទៃ​មេឃ ឬ​ក៏​ពួក​សត្វ​ដែល​រក​ស៊ី​យប់​កំពុង​ស្វែងរក​ចំណី​នៅ​តាម​គុម្ព​ស្មៅ​ដែរ។ លោក​ទំនង​ជា​អធិដ្ឋាន​អំពី​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​លោក​ត្រូវ​ធ្វើ គឺ​ជ្រើស​រើស​សាវ័ក​១២​នាក់។ យើង​អាច​ស្រមៃ​ឃើញ​ថា លោក​យេស៊ូ​បាន​ស្លុង​អារម្មណ៍​ក្នុង​ការ​ប្រាប់​ដល់​បិតា​នូវ​គំនិត និង​អារម្មណ៍​ទាំង​អស់​របស់​លោក​ស្តី​អំពី​អ្នក​កាន់​តាម​ម្នាក់​ៗ ថែម​ទាំង​សុំ​ដោយ​ចិត្ត​ស្មោះ​នូវ​ការ​ណែនាំ​និង​ប្រាជ្ញា​ពី​បិតា។

៩​. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ​ពេល​លោក​អធិដ្ឋាន​ពេញ​មួយ​យប់?

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ? តើ​យើង​ត្រូវ​អធិដ្ឋាន​អស់​ច្រើន​ម៉ោង​ឬ? មិន​មែន​ទេ ព្រោះ​លោក​បាន​ទទួល​ស្គាល់​អំពី​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចិត្ត​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ពិត​មែន ប៉ុន្តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។ (​ម៉ាថ. ២៦:៤១​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​អាចយ​ក​តម្រាប់​តាម​លោក​យេស៊ូ​បាន។ ជា​ឧទាហរណ៍ តើ​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​មុន​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​យើង ក្រុម​គ្រួសារ​របស់​យើង ឬ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ឬ​ទេ? ពេល​យើង​អធិដ្ឋាន តើ​យើង​រៀប​រាប់​អំពី​បង​ប្អូន​ប្រុស​ស្រី​រួម​ជំនឿ​របស់​យើង​ឬ​ទេ? តើ​យើង​អធិដ្ឋាន​អស់ពី​ចិត្ត​ជា​ជាង​សូត្រ​ពាក្យ​ដដែល​ៗ​ឬ​ទេ? បន្ថែម​ទៅ​ទៀត សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​និយាយ​ជា​មួយ​នឹង​បិតា​របស់​លោក​ដាច់​ឡែក​ពី​អ្នក​ឯ​ទៀត។ ក្នុង​ពិភព​លោក​ដែល​រវល់​វក់វី​នេះ​ជា​ការ​ងាយ​ឲ្យ​យើង​ភ្លេច​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ ប្រសិនបើ​យើង​លៃ​ពេល​ឲ្យ​បាន​ច្រើន​ដើម្បី​អធិដ្ឋាន​អស់ពី​ចិត្ត​ទៅ​ព្រះ​ដាច់​ឡែក​ពី​អ្នក​ឯ​ទៀត នេះ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ខ្លួន​ជា​និច្ច។ (​ម៉ាថ. ៦:៦, ៧​) យើង​នឹង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ជាង ដោយ​ចង់​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក​កាន់​តែ​រឹង​មាំ និង​ជៀស​វាង​ការ​ប្រព្រឹត្ត​ណា​ដែល​អាច​បង្ខូច​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក។—ទំនុក. ២៥:១៤

របៀប​ចាំ​យាម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ

១០​. តើ​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​ប្រុង​ស្មារតី​ជា​និច្ច​ដើម្បី​រក​ឱកាស​ផ្សព្វ​ផ្សាយ?

១០ លោក​យេស៊ូ​បាន​ចាំ​យាម​ដើម្បី​បំពេញ​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​លោក។ មាន​ការងារ​ខ្លះ​ដែល​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​ផ្ចង់​ស្មារតី​រហូត​ទេ ហើយ​នោះ​ក៏​មិន​ធ្វើ​ឲ្យ​មាន​បញ្ហា​ធំ​កើត​ឡើង​ដែរ។ ប៉ុន្តែ ការងារ​ជា​ច្រើន​តម្រូវ​ឲ្យ​ផ្ចង់​អារម្មណ៍​យ៉ាង​ខ្លាំង និង​ប្រុង​ស្មារតី ហើយ​កិច្ចការ​ផ្សព្វ​ផ្សាយ​ប្រាកដជា​ការងារ​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ លោក​យេស៊ូ​បាន​ប្រុង​ស្មារតី​ជា​និច្ច​ក្នុង​កិច្ចការ​របស់​លោក ដោយ​ចាំ​យាម​រក​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ។ ជា​ឧទាហរណ៍ ពេល​ដែល​លោក​និង​ពួក​អ្នក​កាន់​តាម​លោក​មក​ដល់​ទី​ក្រុង​ស៊ីខា ក្រោយ​ពី​លោក​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពេញ​មួយ​ព្រឹក​មក នោះ​អ្នក​កាន់​តាម​លោក​បាន​ទៅ​រក​ទិញ​ម្ហូប​អាហារ។ លោក​យេស៊ូ​បាន​សម្រាក​នៅ​ជិត​អណ្ដូង​ទឹក​មួយ ប៉ុន្តែ​លោក​បាន​ប្រុង​ស្មារតី​ជា​និច្ច ហើយ​លោក​ឃើញ​ថា​មាន​ឱកាស​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ។ ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​បាន​មក​ដង​ទឹក។ លោក​យេស៊ូ​អាច​សម្រេច​ចិត្ត​សម្រាន្ត​មួយ​ស្របក់ ឬ​អាច​រក​ហេតុ​មិន​និយាយ​ជា​មួយ​នាង។ ក៏​ប៉ុន្តែ លោក​បាន​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នាង ហើយ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នោះ។ (​យ៉ូន. ៤:៤​-​២៦, ៣៩​-​៤២​) តើ​យើង​អាចយ​ក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់ ប្រហែលជា​ដោយ​ខំ​ព្យាយាម​ប្រុង​ស្មារតី​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​រក​ឱកាស​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​យើង​ជួប​រាល់​ថ្ងៃ​ឬ​ទេ?

១១, ១២​. ​(​ក​) តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ខំ​បំបែរ​អារម្មណ៍​លោក​ពី​កិច្ចការ​ផ្សព្វ​ផ្សាយ? (​ខ​)​ ស្តី​អំពី​កិច្ចការ​ផ្សព្វ​ផ្សាយ តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​មាន​តុល្យ​ភាព?

១១ ជួនកាល មនុស្ស​ដែល​មាន​បំណង​ល្អ​ខំ​បំបែរ​អារម្មណ៍​របស់​លោក​យេស៊ូ​ពី​កិច្ចការ​របស់​លោក។ នៅ​ទី​ក្រុង​កាពើណិម ដោយ​សារ​លោក​យេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​ព្យាបាល​បណ្ដា​ជន នោះ​ពួក​គេ​ចង់​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​ពួក​គេ​រហូត។ យើង​អាច​យល់​ពី​អារម្មណ៍​របស់​ពួក​គេ​បាន។ ក៏​ប៉ុន្តែ ភារកិច្ច​របស់​លោក​យេស៊ូ​គឺ​ផ្សព្វ​ផ្សាយ​ដល់​«​ចៀម​ដែល​វង្វេង​ផ្លូវ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​»​ មិន​គ្រាន់តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង​មួយ​ប៉ុណ្ណោះ​ទេ។ (​ម៉ាថ. ១៥:២៤​) ដូច្នេះ លោក​បាន​ប្រាប់​បណ្ដា​ជន​ទាំង​នោះ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពីព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូក. ៤:៤០​-​៤៤​) លោក​យេស៊ូ​ច្បាស់​ជា​បាន​ចាត់​ទុក​កិច្ចការ​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ លោក​មិន​អនុញ្ញាត​ឲ្យ​អ្វី​មក​បំបែរ​អារម្មណ៍​លោក​ឡើយ។

១២ តើ​លោក​យេស៊ូ​ផ្ចង់​អារម្មណ៍​លើ​កិច្ចការ​ផ្សព្វ​ផ្សាយ​ខ្លាំង​ពេក​រហូត​ដល់​ក្លាយ​ជា​អ្នក​និយម​ជ្រុល​ឬ​ប្រៀប​ដូច​ជា​តាបស​ឬ? តើ​លោក​ជក់​ផ្សព្វ​ផ្សាយ​ពេក​រហូត​ដល់​មិន​គិត​អំពី​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​ឬ​ទេ? មិន​មែន​ទេ លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ស្តី​អំពី​ការ​មាន​តុល្យ​ភាព។ លោក​ចេះ​សប្បាយ​ក្នុង​ជីវិត ចេះ​រក​ពេល​សប្បាយ​ជា​មួយ​មិត្ត​ភក្ដិ​របស់​លោក។ លោក​បាន​ឲ្យ​តម្លៃ​មនុស្ស​ដោយ​យល់​ច្បាស់​ពី​បញ្ហា​និង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ ថែម​ទាំង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន​ក្មេង​ទៀត​ផង។—សូម​អាន ម៉ាកុស ១០:​១៣​-​១៦

១៣​. តើ​យើង​អាចយ​ក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ចាំ​យាម និង​ការ​មាន​តុល្យ​ភាព​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​យ៉ាង​ដូច​ម្ដេច?

១៣ ពេល​យើង​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ចាំ​យាម តើ​យើង​អាច​ខំ​ឲ្យ​មាន​តុល្យ​ភាព​ដូច​លោក​យ៉ាង​ដូច​ម្ដេច? យើង​មិន​ឲ្យ​ពិភព​លោក​នេះ​មក​បំបែរ​អារម្មណ៍​របស់​យើង​ពី​កិច្ចការ​ផ្សព្វ​ផ្សាយ​ទេ។ ប្រហែលជា​មិត្ត​ភក្ដិ​និង​ញាតិ​សន្ដាន​ដែល​មាន​បំណង​ល្អ​ខំ​ជំរុញ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​តិច​ជាង​មុន​ឬ​មាន​របៀប​រស់​នៅ​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​របៀប​រស់​នៅ​ធម្មតា។ ក៏​ប៉ុន្តែ បើ​យើង​យក​តម្រាប់​តាម​លោក​យេស៊ូ នោះ​យើង​ចាត់​ទុក​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង​ដូច​ជា​អាហារ។ (​យ៉ូន. ៤:៣៤​) កិច្ចការ​ផ្សព្វ​ផ្សាយ​ជួយ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ក៏​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ​ដែរ។ ប៉ុន្តែ យើង​មិន​ចង់​ធ្វើ​ឲ្យ​ជ្រុល​ហួស​ហេតុ​ពេក ពោល​គឺ​បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​សុចរិត​ឬ​មាន​ចិត្ត​គំនិត​ដូច​តាបស​ឡើយ។ ដូច​លោក​យេស៊ូ យើង​ចង់​មាន​តុល្យ​ភាព​និង​ចិត្ត​សប្បាយ​ក្នុង​ការ​ធ្វើ​ជា​អ្នក​បម្រើ​របស់​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។—១ធី. ១:១១

របៀប​ចាំ​យាម​ពេល​មាន​ទុក្ខ​លំបាក

១៤​. ពេល​មាន​ទុក្ខ​លំបាក តើ​ទំនោរ​ចិត្ត​អ្វី​ដែល​យើង​ត្រូវ​ជៀស​វាង? ហើយ​ហេតុ​អ្វី?

១៤ ដូច​យើង​បាន​ដឹង​រួច​ហើយ ការ​ដាស់​តឿន​ដ៏​ខ្លាំង​បំផុត​របស់​លោក​យេស៊ូ​ស្តី​អំពី​ការ​ចាំ​យាម គឺ​នៅ​ពេល​ដែល​លោក​មាន​ទុក្ខ​លំបាក​ខ្លាំង។ (​សូម​អាន ម៉ាកុស ១៤:៣៧) ពេល​យើង​ជួប​នឹង​ទុក្ខ​លំបាក យើង​គួរ​ធ្វើ​តាម​គំរូ​របស់​លោក​ជាង​ពេល​ណា​ៗ​ទាំង​អស់។ ពេល​ជួប​ទុក្ខ​លំបាក​មនុស្ស​ជា​ច្រើន​ភ្លេច​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ដែល​សៀវភៅ​សុភាសិត​បាន​រៀប​រាប់​ពីរ​ដង​ថា​៖ ​«​មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ​ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្ដី​ស្លាប់​វិញ​»។ (​សុភ. ១៤:១២; ១៦:២៥​) បើ​យើង​ពឹង​ផ្អែក​លើ​គំនិត​របស់​ខ្លួន​ជា​ពិសេស​ពេល​យើង​ជួប​នឹង​បញ្ហា​ធ្ងន់ធ្ងរ នោះ​យើង​ទំនង​ជា​ធ្វើ​ឲ្យ​ខ្លួន​យើង​និង​អ្នក​ដែល​យើង​ស្រឡាញ់​មាន​គ្រោះ​ថ្នាក់។

១៥​. តើ​បញ្ហា​អ្វី​ដែល​មេ​គ្រួសារ​អាច​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​មាន​វិបត្ដិ​សេដ្ឋកិច្ច?

១៥ ជា​ឧទាហរណ៍ មេ​គ្រួសារ​ម្នាក់​ប្រហែលជា​ជួប​ប្រទះ​បញ្ហា​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​«​ពួក​អ្នក​នៅ​ក្នុង​បន្ទុក​ខ្លួន​»។ (​១ធី. ៥:៨​) ការ​ងារ​ដែល​គាត់​ប្រហែលជា​គិត​ចង់​ទទួល​នោះ អាច​ធ្វើ​ឲ្យ​គាត់​ខក​ខាន​ញឹក​ញាប់​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក ឬ​ដឹក​នាំ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ឬ​ក៏​ចូល​រួម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ។ បើ​គាត់​ពឹង​ផ្អែក​ទៅ​លើ​គំនិត​របស់​មនុស្ស​តែ​ប៉ុណ្ណោះ ការ​ធ្វើ​ដូច្នេះ​អាច​មើល​ទៅ​ដូច​ជា​សម​ហេតុ​សម​ផល ថែម​ទាំង​ត្រឹម​ត្រូវ​ទៀត​ផង។ ក៏​ប៉ុន្តែ​នេះ​អាច​ធ្វើ​ឲ្យ​គាត់​លែង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ថែម​ទាំង​ចាប់​ផ្ដើម​ប្រឆាំង​នឹង​លោក​ទៀត។ បើ​យើង​ធ្វើ​តាម​ឱវាទ​ដែល​មាន​នៅ​សុភាសិត ៣:៥, ៦ នោះ​ល្អ​ជាង​ឆ្ងាយ​ណាស់! សាឡូម៉ូន​បាន​ពោល​ថា​៖ ​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង​»។

១៦​. ​(​ក​) តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ក្នុង​ការ​ទុក​ចិត្ត​ទៅ​លើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ជា​ជាង​របស់​ខ្លួន​លោក​ផ្ទាល់? (​ខ​)​ តើ​មេ​គ្រួសារ​ជា​ច្រើន​កំពុង​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​នៅ​គ្រា​លំបាក?

១៦ ពេល​លោក​យេស៊ូ​មាន​ទុក្ខ​លំបាក​លោក​បាន​តាំង​ចិត្ត​យ៉ាង​រឹង​មាំ​ថា​មិន​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ សូម​ពិចារណា​អំពី​រឿង​នេះ! បុរស​ដែល​មាន​ប្រាជ្ញា​ជាង​គេ​នៅ​ផែនដី​នេះ​បាន​សម្រេច​ចិត្ត​មិន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​ខ្លួន​ឡើយ។ ជា​ឧទាហរណ៍ ពេល​សាថាន​ល្បួង​លោក​យេស៊ូ លោក​បាន​ឆ្លើយ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ប្រើ​ពាក្យ​«​បទ​គម្ពីរ​ចែង​ថា​»។ (​ម៉ាថ. ៤:៤, ៧, ១០​) ដោយ​មាន​ចិត្ត​រាប​ទាប លោក​បាន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​បិតា​លោក​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង។ សាថាន​មើល​ងាយ​ចិត្ត​រាប​ទាប​នោះ ហើយ​វា​គ្មាន​ចិត្ត​រាប​ទាប​សោះ។ តើ​យើង​ពឹង​ផ្អែក​លើ​ប្រាជ្ញា​អ្នក​ណា? មេ​គ្រួសារ​ដែល​យក​តម្រាប់​តាម​លោក​យេស៊ូ​ក្នុង​ការ​ចាំ​យាម គាត់​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​គាត់ ជា​ពិសេស​នៅ​ពេល​មាន​ទុក្ខ​លំបាក។ នៅ​ទូ​ទាំង​ពិភព​លោក មេ​គ្រួសារ​រាប់​ពាន់​នាក់​កំពុង​ធ្វើ​ដូច្នេះ។ ពួក​គេ​តាំង​ចិត្ត​យក​រាជាណាចក្រ​របស់​ព្រះ​និង​ការ​គោរព​ប្រណិប័តន៍​ពិត ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ទោះ​ជា​មាន​បញ្ហា​ខាង​សេដ្ឋកិច្ច​ក៏​ដោយ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​ថែ​រក្សា​ក្រុម​គ្រួសារ​របស់​ពួក​គេ​យ៉ាង​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​ពួក​គេ​ក្នុង​ការ​ផ្គត់​ផ្គត់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ខាង​សម្ភារៈ ដូច​បណ្ដាំ​របស់​លោក​បាន​សន្យា។—ម៉ាថ. ៦:៣៣

១៧​. តើ​អ្វី​ជំរុញ​អ្នក​ឲ្យ​យក​តម្រាប់​តាម​ការ​ចាំ​យាម​របស់​លោក​យេស៊ូ?

១៧ លោក​យេស៊ូ​ពិត​ជា​បាន​ទុក​គំរូ​យ៉ាង​ល្អ​បំផុត​ក្នុង​ការ​ចាំ​យាម។ គំរូ​របស់​លោក​អាច​ជួយ​យើង​បាន ហើយ​មាន​ប្រយោជន៍ ថែម​ទាំង​អាច​សង្គ្រោះ​ជីវិត​ទៀត​ផង។ សូម​ចាំ​ថា​សាថាន​ចង់​ធ្វើ​ឲ្យ​អ្នក​លែង​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​ជំនឿ​របស់​អ្នក​កាន់​តែ​ខ្សោយ​ទៅ​ៗ ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​គ្រាន់តែ​ជា​អ្វី​ដែល​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ និង​ធ្វើ​ឲ្យ​អ្នក​លែង​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ទៀត។ (​១ថែ. ៥:៦​) សូម​កុំ​ឲ្យ​វា​បាន​ជោគជ័យ​ឡើយ! សូម​នៅ​ចាំ​យាម​ដូច​លោក​យេស៊ូ ពោល​គឺ​ចាំ​យាម​ក្នុង​ការ​អធិដ្ឋាន ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ និង​ពេល​មាន​ទុក្ខ​លំបាក។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​ជីវិត​ដ៏​សប្បាយ គាប់​ចិត្ត និង​មាន​ន័យ​ខ្លឹម​សារ សូម្បី​តែ​នៅ​ឥឡូវ​នេះ​ដែល​ជា​ពេល​ជិត​ដល់​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ក៏​ដោយ។ ការ​ចេះ​ចាំ​យាម​ក៏​នឹង​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ពេល​ដែល​លោក​យេស៊ូ​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ លោក​នឹង​ឃើញ​ថា​អ្នក​កំពុង​ប្រុង​ស្មារតី​និង​មាន​សកម្មភាព​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក។ ព្រះ​យេហូវ៉ា​នឹង​មាន​ចិត្ត​រីករាយ​មែន ពេល​លោក​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក!—បប. ១៦:១៥

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៤​]

លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដល់​ស្ត្រី​នៅ​ឯ​អណ្ដូង​ទឹក។ តើ​អ្នក​មាន​ឱកាស​ណាខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ?

[​រូបភាព​នៅ​ទំព័រ​១៥​]

ការ​ជួយ​ក្រុម​គ្រួសារ​របស់​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បង្ហាញ​ថា អ្នក​ចេះ​ចាំ​យាម