លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មានសុភមង្គលទោះជាមិនមានជំនឿដូចគ្នានៅក្នុងគ្រួសារ

មានសុភមង្គលទោះជាមិនមានជំនឿដូចគ្នានៅក្នុងគ្រួសារ

មាន​សុភមង្គល​ទោះ​ជា​មិន​មាន​ជំនឿ​ដូច​គ្នា​នៅ​ក្នុង​គ្រួសារ

​«​អ្នក​ប្រហែលជា​នឹង​សង្គ្រោះ ​[​ប្ដី​ឬ​ប្រពន្ធ​របស់​អ្នក​]​ក៏​មិន​ដឹង​»។—១កូ. ៧:១៦

តើ​អ្នក​អាច​រក​ចម្លើយ​ឃើញ​ឬ​ទេ?

តើ​អ្នក​ជឿ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​សន្ដិភាព​ក្នុង​រង្វង់​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​គ្នា?

តើ​គ្រិស្ត​សាសនិក​ម្នាក់​អាច​ជួយ​សមាជិក​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឲ្យ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត​យ៉ាង​ដូច​ម្ដេច?

តើ​បង​ប្អូន​ឯ​ទៀត​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ក្រុម​គ្រួសារ​មិន​មែន​ជា​អ្នក​ជឿ?

១​. ពេល​មនុស្ស​ម្នាក់​ស្ដាប់​តាម​ដំណឹង​អំពី​រាជាណាចក្រ តើ​នេះ​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ក្រុម​គ្រួសារ​របស់​គាត់?

នៅ​ពេល​មួយ លោក​យេស៊ូ​បាន​ចាត់​សាវ័ក​របស់​លោក​ឲ្យ​ទៅ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ ចូរ​ផ្សព្វ​ផ្សាយ​ថា​៖ ‹រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ›​»។ (​ម៉ាថ. ១០:១,​) ដំណឹង​ល្អ​នេះ​នឹង​នាំ​ឲ្យ​មាន​ភាព​សុខសាន្ត និង​សុភមង្គល​ដល់​អស់​អ្នក​ដែល​ស្ដាប់​តាម​ដោយ​ឲ្យ​តម្លៃ​ចំពោះ​ដំណឹង​ល្អ​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​យេស៊ូ​បាន​ព្រមាន​ពួក​សាវ័ក​របស់​លោក​ថា មនុស្ស​ជា​ច្រើន​នឹង​ប្រឆាំង​ចំពោះ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ។ (​ម៉ាថ. ១០:១៦​-​២៣​) ពេល​សមាជិក​គ្រួសារ​បដិសេធ​ដំណឹង​អំពី​រាជាណាចក្រ នេះ​ជា​ការ​ប្រឆាំង​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។—សូម​អាន ម៉ាថាយ ១០:៣៤​-​៣៦

២​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​គ្នា​អាច​មាន​សុភមង្គល​បាន?

តើ​នេះ​មាន​ន័យ​ថា​ពួក​អ្នក​ដែល​កាន់​តាម​លោក​យេស៊ូ​នឹង​មិន​អាច​មាន​សុភមង្គល​ពេល​ដែល​រស់​នៅ​ក្នុង​រង្វង់​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​គ្នា​ឬ? មិន​មែន​ទេ! ទោះ​ជា​ក្រុម​គ្រួសារ​អាច​ប្រឆាំង​យើង​ខ្លាំង​ក៏​ដោយ មិន​មែន​ក្រុម​គ្រួសារ​ទាំង​អស់​ធ្វើ​ដូច្នេះ​ទេ ហើយ​ការ​ប្រឆាំង​នោះ​ក៏​មិន​តែង​តែ​មាន​រហូត​ដែរ។ ភាគ​ច្រើន នោះ​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​របស់​អ្នក​ជឿ​ចំពោះ​ការ​ប្រឆាំង​ឬ​ការ​មិន​មាន​ចំណាប់​អារម្មណ៍​របស់​ក្រុម​គ្រួសារ។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​នៅ​ស្មោះ​ត្រង់​ចំពោះ​លោក ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​សូម្បី​តែ​មាន​កាលៈទេសៈ​ពិបាក​ក្ដី។ អ្នក​ជឿ​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល​ច្រើន​ជាង​ដោយ (​១​) ព្យាយាម​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ក្រុម​គ្រួសារ និង(​២​) ខំ​អស់ពី​ចិត្ត​ជួយ​សមាជិក​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឲ្យ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត។

ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិភាព​នៅ​ក្នុង​ក្រុម​គ្រួសារ

៣​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ម្នាក់​ដែល​ក្រុម​គ្រួសារ​មិន​មាន​ជំនឿ​ដូច​គ្នា​គួរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិភាព?

ដើម្បី​ឲ្យ​មាន​ផល​នៃ​សេចក្ដី​សុចរិត​នៅ​ក្នុង​ក្រុម​គ្រួសារ យើង​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ដែល​មាន​សន្ដិភាព។ (​សូម​អាន យ៉ាកុប ៣:១៨) ទោះ​ជា​ក្រុម​គ្រួសារ​របស់​គ្រិស្ត​សាសនិក​ម្នាក់​មិន​មាន​ជំនឿ​ដូច​គ្នា​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ក៏​ដោយ គាត់​ត្រូវ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​នៅ​ក្នុង​រង្វង់​គ្រួសារ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៤​. តើ​គ្រិស្ត​សាសនិក​អាច​រក្សា​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​តាម​វិធី​ណាខ្លះ?

គ្រិស្ត​សាសនិក​ត្រូវ​រក្សា​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ចិត្ត។ នេះ​តម្រូវ​ឲ្យ​យើង​អធិដ្ឋាន​អស់ពី​ចិត្ត​ដែល​អាច​នាំ​ឲ្យ​យើង​ទទួល​«​សេចក្ដី​សុខសាន្ត​របស់​ព្រះ​»​ដែល​ហួស​ពី​ការ​នឹក​ស្មាន។ (​ភី. ៤:៦, ៧​) ចំណេះ​អំពី​ព្រះ​យេហូវ៉ា និង​ការ​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ​នាំ​ឲ្យ​មាន​សុភមង្គល​និង​សេចក្ដី​សុខសាន្ត។ (​អេ. ៥៤:១៣​) បើ​យើង​ចង់​មាន​សេចក្ដី​សុខសាន្ត​និង​សុភមង្គល យើង​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ និង​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះខ្នែង។ តាម​ធម្មតា គ្រិស្ត​សាសនិក​ដែល​មាន​ក្រុម​គ្រួសារ​មិន​ជឿ​នៅ​តែ​អាច​ចូល​រួម​ក្នុង​សកម្មភាព​របស់​គ្រិស្ត​សាសនិក​តាម​វិធី​ណា​មួយ។ ជា​ឧទាហរណ៍ បង​ស្រី​អេនហ្សា *ដែល​មាន​ប្ដី​ប្រឆាំង​ដោយ​ប្រើ​អំពើ​ហិង្សា។ នាង​ចូល​រួម​ក្នុង​កិច្ចការ​បង្រៀន​មនុស្ស​បាន​ក្រោយ​ពី​បំពេញ​ភារកិច្ច​ក្នុង​ផ្ទះ​ហើយ។ អេនហ្សា​បាន​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​ដោយ​ធ្វើ​ឲ្យ​មាន​លទ្ធផល​ល្អ​រាល់​ដង ពេល​ដែល​ខ្ញុំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ឯ​ទៀត​»។ ពរ​ទាំង​នោះ​ប្រាកដជា​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត ការ​ចេះ​ស្កប់​ចិត្ត និង​សុភមង្គល។

៥​. តើ​មាន​បញ្ហា​អ្វី​ដែល​គ្រិស្ត​សាសនិក​ច្រើន​តែ​ជួប​ប្រទះ​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​គ្នា? ហើយ​តើ​អ្វី​អាច​ជួយ​ពួក​គេ​បាន?

យើង​ត្រូវ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​យើង។ ការ​ធ្វើ​ដូច្នេះ​អាច​ជា​ការ​ពិបាក​មួយ ពីព្រោះ​អ្វី​ដែល​ពួក​គេ​ចង់​ឲ្យ​យើង​ធ្វើ​ជួនកាល​ប្រឆាំង​នឹង​គោលការណ៍​ក្នុង​គម្ពីរ។ ការ​កាន់​ជំហរ​ដើម្បី​ធ្វើ​តាម​គោលការណ៍​ដ៏​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ដែល​មិន​ជឿ​ខឹង ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​មាន​សន្ដិភាព​នៅ​ពេល​ខាង​មុខ។ ពិត​មែន​ហើយ យើង​ចង់​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​សហការ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង ពេល​ដែល​អ្វី​ៗ​ទាំង​នោះ​មិន​បំពាន​គោលការណ៍​ក្នុង​គម្ពីរ។ បើ​ធ្វើ​ដូច្នេះ នោះ​អាច​ការពារ​យើង​កុំ​ឲ្យ​មាន​រឿង​ល្អក់​កករ​នឹង​គ្នា​ដោយ​មិន​ចាំ​បាច់។ (​សូម​អាន សុភាសិត ១៦:៧) ពេល​ប្រឈម​មុខ​នឹង​បញ្ហា ជា​ការ​សំខាន់​ឲ្យ​យើង​ស្វែងរក​ឱវាទ​គម្ពីរ​ពី​ពួក​អ្នក​ចាស់​ទុំ​និង​ពី​សៀវភៅ​នានា​របស់​ក្រុម​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។—សុភ. ១១:១៤

៦, ៧​. ​(​ក​) ហេតុ​អ្វី​អ្នក​ខ្លះ​ប្រឆាំង​សមាជិក​ក្រុម​គ្រួសារ​ដែល​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា? (​ខ​)​ តើ​សិស្ស​គម្ពីរ​ឬ​សាក្សី​ម្នាក់​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គ្រួសារ​ដែល​ប្រឆាំង?

បើ​យើង​ចង់​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​គ្រួសារ យើង​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ស្គាល់​អារម្មណ៍​របស់​សមាជិក​គ្រួសារ​ដែល​មិន​ជឿ​នោះ​ឲ្យ​បាន​ច្បាស់។ (​សុភ. ១៦:២០​) សូម្បី​តែ​សិស្ស​គម្ពីរ​ថ្មី​ក៏​អាច​បង្ហាញ​ការ​យោគ​យល់​ស្តី​អំពី​រឿង​នេះ​ដែរ។ ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​ជឿ​ប្រហែលជា​មិន​ជំទាស់​ក្នុង​ការ​ឲ្យ​គូ​របស់​ពួក​គេ​រៀន​គម្ពីរ​នោះ​ទេ។ ពួក​គេ​ថែម​ទាំង​អាច​យល់​ទៀត​ថា ការ​សិក្សា​នេះ​អាច​ផ្ដល់​ផល​ល្អ​ដល់​ក្រុម​គ្រួសារ។ ក៏​ប៉ុន្តែ អ្នក​ឯ​ទៀត​ប្រហែលជា​បង្ហាញ​ការ​មិន​ពេញ​ចិត្ត។ អេសធើរ ឥឡូវ​នាង​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា ពេល​ប្ដី​របស់​គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា នាង​មាន​អារម្មណ៍​«​ខឹង​តែ​មួយ​មុខ​គត់​»។ នាង​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​បោះ​សៀវភៅ​របស់​គាត់​ចោល ឬ​ដុត​វា​ចោល​»។ ហាវ៉ដ​ដែល​ពី​មុន​បាន​ប្រឆាំង​ប្រពន្ធ​របស់​គាត់​មិន​ឲ្យ​រៀន​គម្ពីរ​បាន​បញ្ជាក់​ថា​៖ ​«​ប្ដី​ជា​ច្រើន​ខ្លាច​ប្រពន្ធ​របស់​គាត់​ត្រូវ​គេ​បោក​ឲ្យ​ចូល​រួម​ក្នុង​និកាយ​សាសនា​មួយ។ ប្ដី​ខ្លាច​ប្រពន្ធ​មាន​គ្រោះ​ថ្នាក់ ដូច្នេះ​គាត់​អាច​ចាប់​ផ្ដើម​ប្រឆាំង ដោយ​សារ​គាត់​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​រឿង​នេះ​»។

យើង​គួរ​ជួយ​សិស្ស​គម្ពីរ​ដែល​មាន​ប្ដី​ឬ​ប្រពន្ធ​ប្រឆាំង​ឲ្យ​ឃើញ​ថា​គាត់​មិន​ចាំ​បាច់​ឈប់​រៀន​គម្ពីរ​នោះ​ទេ។ ច្រើន​ដង គាត់​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​បាន ដោយ​មាន​ចិត្ត​ស្លូតបូត​និង​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ។ (​១ពេ. ៣:១៥​) ហាវ៉ដ​បាន​ពោល​ថា​៖ ​«​ខ្ញុំ​មាន​អំណរ​គុណ​ណាស់​ដែល​ប្រពន្ធ​របស់​ខ្ញុំ​មាន​ចិត្ត​ស្ងប់ និង​មិន​ច្រឡោត​ខឹង!​»។ ប្រពន្ធ​របស់​គាត់​បាន​រៀប​រាប់​ថា​៖ ​«​ហាវ៉ដ​បាន​បង្គាប់​ខ្ញុំ​មិន​ឲ្យ​រៀន​គម្ពីរ​ទៀត។ គាត់​បាន​និយាយ​ថា ខ្ញុំ​ត្រូវ​គេ​បង្វិល​ខួរ​ហើយ។ ជា​ជាង​ឈ្លោះ​គ្នា ខ្ញុំ​បាន​និយាយ​ថា អ្វី​ដែល​គាត់​និយាយ​អាច​ត្រូវ​ដែរ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​អាច​យល់​មូលហេតុ​ដែល​គាត់​គិត​ដូច្នេះ។ ដូច្នេះ ខ្ញុំ​បាន​សុំ​គាត់​ឲ្យ​អាន​សៀវភៅ​ដែល​ខ្ញុំ​កំពុង​សិក្សា។ គាត់​បាន​ធ្វើ​ដូច្នេះ​មែន ហើយ​គាត់​មិន​អាច​បដិសេធ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​គាត់​នោះ​ទេ។ នេះ​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គាត់​»។ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​ជឿ​អាច​មាន​អារម្មណ៍​ឯកោ ឬ​ក៏​មាន​គំនិត​ថា​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​កំពុង​មាន​គ្រោះ​ថ្នាក់ ពេល​ដែល​គូ​របស់​ពួក​គេ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ឬ​កិច្ចការ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ សិស្ស​គម្ពីរ​ឬ​សាក្សី​នោះ​អាច​និយាយ​ដោយ​សប្បុរស​និង​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​របស់​ពួក​គេ។ នេះ​នឹង​ជួយ​ប្ដី​ឬ​ប្រពន្ធ​នោះ​កុំ​ឲ្យ​ព្រួយ​បារម្ភ។

ជួយ​ពួក​គេ​ឲ្យ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត

៨​. តើ​សាវ័ក​ប៉ូល​បាន​ឲ្យ​ឱវាទ​អ្វី​ចំពោះ​គ្រិស្ត​សាសនិក​ដែល​មាន​គូ​មិន​រួម​ជំនឿ?

សាវ័ក​ប៉ូល​ឲ្យ​ឱវាទ​ដល់​គ្រិស្ត​សាសនិក​ថា កុំ​ឲ្យ​ពួក​គេ​ចុះ​ចោល​គូ​របស់​ខ្លួន​ដោយ​សារ​មិន​មែន​ជា​អ្នក​ជឿ​ឡើយ។ * (​សូម​អាន កូរិនថូស​ទី​១ ៧:១២​-​១៦) បើ​យើង​ចាំ​ក្នុង​ចិត្ត​ថា​គូ​របស់​យើង​ដែល​មិន​មែន​ជា​អ្នក​ជឿ​អាច​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ម្នាក់ នោះ​អាច​ជួយ​យើង​ឲ្យ​រក្សា​សុភមង្គល​បាន ទោះ​ជា​មិន​មាន​ជំនឿ​ដូច​គ្នា​ក្នុង​រង្វង់​គ្រួសារ​ក៏​ដោយ។ ប៉ុន្តែ ពេល​ដែល​យើង​ចង់​ប្រាប់​សេចក្ដី​ពិត​ដល់​គូ​ដែល​មិន​ជឿ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណុច​ខ្លះ​ៗ​ដូច​បទ​ពិសោធន៍​នៅ​ខាង​ក្រោម​នេះ​បាន​បង្ហាញ។

៩​. ពេល​យើង​និយាយ​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដល់​សមាជិក​គ្រួសារ​ដែល​មិន​ជឿ តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី?

ចេសិន​បាន​ប្រាប់​អំពី​អារម្មណ៍​របស់​គាត់​ពេល​គាត់​រៀន​សេចក្ដី​ពិត​ថា​៖ ​«​ខ្ញុំ​ចង់​ប្រាប់​មនុស្ស​ទាំង​អស់​ឲ្យ​បាន​ដឹង!​»។ ពេល​សិស្ស​គម្ពីរ​ម្នាក់​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត​ដែល​គាត់​បាន​រៀន​ពី​គម្ពីរ គាត់​ប្រហែលជា​សប្បាយ​ចិត្ត​ខ្លាំង​រហូត​ដល់​ចង់​ប្រាប់​អំពី​សេចក្ដី​ពិត​នោះ​ស្ទើរតែ​គ្រប់​ពេល។ គាត់​ប្រហែលជា​គិត​ថា​សមាជិក​គ្រួសារ​ដែល​មិន​ជឿ​ទទួល​យក​ដំណឹង​អំពី​រាជាណាចក្រ​ភ្លាម​ៗ ប៉ុន្តែ​ពួក​គេ​អាច​មិន​ពេញ​ចិត្ត​ចំពោះ​ដំណឹង​ល្អ​នេះ​ទេ។ តើ​ការ​រំភើប​ចិត្ត​របស់​ចេសិន​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ប្រពន្ធ​របស់​គាត់? នាង​មាន​អារម្មណ៍​ថា​ចេសិន​និយាយ​អំពី​សេចក្ដី​ពិត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ស្ត្រី​ម្នាក់​ដែល​បាន​ទទួល​សេចក្ដី​ពិត​១៨​ឆ្នាំ​ក្រោយ​ពី​ប្ដី​របស់​នាង​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា នាង​បាន​ពោល​ថា​៖ ​«​ខ្ញុំ​ត្រូវ​រៀន​គម្ពីរ​បន្ដិច​ម្ដង​ៗ​»។ បើ​អ្នក​កំពុង​បង្រៀន​សិស្ស​គម្ពីរ​ម្នាក់​ដែល​មាន​ប្ដី​ឬ​ប្រពន្ធ​មិន​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត នោះ​ជា​ការ​ល្អ​ឲ្យ​យើង​ហាត់​របៀប​និយាយ​ជា​មួយ​សិស្ស​គម្ពីរ ដើម្បី​ឲ្យ​គាត់​ចេះ​ពន្យល់​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​គូ​របស់​គាត់​អន់​ចិត្ត មែន​ទេ? ម៉ូសេ​បាន​និយាយ​ថា​៖ ​«​គោល​លទ្ធិ​របស់​ខ្ញុំ​នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង ហើយ​ពាក្យ​សំ​ដី​ខ្ញុំ​នឹង​ចុះ​ដូច​ជា​ទឹក​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម​មក​លើ​ស្មៅ​ល្បាស់​ខ្ចី​»។ (​ចោ. ៣២:​២​) ពាក្យ​ខ្លះ​ៗ​អំពី​សេចក្ដី​ពិត​ដែល​យើង​និយាយ​នៅ​ពេល​ត្រឹម​ត្រូវ​ដែល​ប្រៀប​ដូច​ជា​ភ្លៀង​រលឹម ច្រើន​តែ​មាន​ប្រសិទ្ធភាព​ជាង​ការ​និយាយ​ច្រើន​ពេក​ដែល​ប្រៀប​ដូច​ជា​ទឹក​ជំនន់។

១០​-​១២​. ​(​ក​) តើ​សាវ័ក​ពេត្រុស​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​គ្រិស្ត​សាសនិក​ដែល​មាន​គូ​ជា​អ្នក​មិន​ជឿ? (​ខ​)​ តើ​សិស្ស​គម្ពីរ​ម្នាក់​រៀន​ធ្វើ​តាម​ឱវាទ​ដែល​បាន​កត់​ទុក​នៅ​ពេត្រុសទី១ ៣:១, ២​យ៉ាង​ដូច​ម្ដេច?

១០ សាវ័ក​ពេត្រុស​បាន​ឲ្យ​ឱវាទ​ចំពោះ​ស្ត្រី​គ្រិស្ត​សាសនិក​ដែល​មាន​ប្ដី​ជា​អ្នក​មិន​ជឿ។ គាត់​បាន​សរសេរ​ថា​៖ ​«​[​ចូរ​]​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ ពីព្រោះ​ពួក​គេ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​១ពេ. ៣:១, ២​) ប្រពន្ធ​អាច​ធ្វើ​ឲ្យ​ប្ដី​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ដោយ​ចុះ​ចូល​និង​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ ទោះ​ជា​គាត់​ប្រព្រឹត្ត​យ៉ាង​សាហាវ​មក​លើ​នាង​ក៏​ដោយ។ ស្រដៀង​គ្នា​ដែរ ប្ដី​ដែល​ជា​អ្នក​ជឿ​គួរ​ប្រព្រឹត្ត​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត ហើយ​ធ្វើ​ជា​មេ​គ្រួសារ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ សូម្បី​តែ​មាន​ការ​ប្រឆាំង​ពី​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ដោយ។—១ពេ. ៣:៧​-​៩

១១ សព្វ​ថ្ងៃ​នេះ គំរូ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ពេត្រុស​ពិត​ជា​មាន​តម្លៃ​មែន។ សូម​ពិចារណា​អំពី​គំរូ​របស់​បង​ស្រី​សេល​ម៉ា។ ពេល​នាង​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ស្ទេវ​ដែល​ជា​ប្ដី​របស់​នាង​មិន​បាន​ពេញ​ចិត្ត​ទេ។ គាត់​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​ខឹង ប្រច័ណ្ឌ ចង់​កាន់កាប់​លើ​នាង ហើយ​ក៏​ព្រួយ​ខ្លាច​បាត់បង់​នាង​ដែរ​»។ សេល​ម៉ា​បាន​បន្ថែម​ថា​៖ ​«​ទោះ​ជា​មុន​ខ្ញុំ​រៀន​សេចក្ដី​ពិត​ក៏​ដោយ ខ្ញុំ​ត្រូវ​ថ្នម​ចិត្ត​ស្ទេវ​រហូត។ គាត់​ឆាប់​ខឹង​ណាស់។ ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​រៀន​គម្ពីរ គាត់​ក៏​រឹត​តែ​ឆាប់​ខឹង​ជាង​មុន​ទៅ​ទៀត​»។ តើ​អ្វី​បាន​ជួយ​នាង?

១២ សេល​ម៉ា​នឹក​ចាំ​អំពី​មេរៀន​មួយ​ដែល​នាង​បាន​រៀន​ពី​សាក្សី​ដែល​បាន​បង្រៀន​នាង។ សេល​ម៉ា​បាន​និយាយ​ថា​៖ ​«​នៅ​ថ្ងៃ​មួយ ខ្ញុំ​មិន​ចង់​រៀន​គម្ពីរ​ទៀត​ទេ។ នៅ​យប់​មុន​នោះ ស្ទេវ​និង​ខ្ញុំ​ឈ្លោះ​គ្នា ហើយ​ស្ទេវ​បាន​វាយ​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ក្រៀម​ក្រំ​ហើយ​តូច​ចិត្ត​ខ្លាំង​ណាស់។ ក្រោយ​ពី​ខ្ញុំ​បាន​ប្រាប់​បង​ស្រី​នោះ​អំពី​អ្វី​ដែល​បាន​កើត​ឡើង និង​អំពី​អារម្មណ៍​របស់​ខ្ញុំ គាត់​ក៏​សុំ​ឲ្យ​ខ្ញុំ​អាន​កូរិនថូសទី១ ១៣:៤​-​៧។ ពេល​ខ្ញុំ​អាន​ហើយ ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា​‹ស្ទេវ​មិន​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ចំពោះ​ខ្ញុំ​ទេ›។ ប៉ុន្តែ​បង​ស្រី​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដោយ​សួរ​ខ្ញុំ​ថា​៖ ‹តើ​ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្ដី​របស់​ខ្ញុំ​ដោយ​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ?›។ ចម្លើយ​របស់​ខ្ញុំ​គឺ​‹គ្មាន​ទេ ព្រោះ​គាត់​ជា​មនុស្ស​ដែល​ពិបាក​រស់​នៅ​ជា​មួយ​ណាស់›។ បង​ស្រី​នោះ​បាន​និយាយ​ដោយ​ទន់​ភ្លន់​មក​ខ្ញុំ​ថា​៖ ‹សេល​ម៉ា ឥឡូវ​នេះ តើ​អ្នក​ណា​កំពុង​ខំ​ព្យាយាម​ធ្វើ​ជា​គ្រិស្ត​សាសនិក? អ្នក​ឬ​ក៏​ស្ទេវ?›។ ដោយ​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ត្រូវ​កែ​ប្រែ​របៀប​គិត​គូរ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ច្រើន​ថែម​ទៀត​ចំពោះ​ស្ទេវ។ បន្ដិច​ម្ដង​ៗ អ្វី​ៗ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​»។ ដប់​ប្រាំពីរ​ឆ្នាំ​ក្រោយ​មក ស្ទេវ​បាន​ទទួល​យក​សេចក្ដី​ពិត។

តើ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​យ៉ាង​ដូច​ម្ដេច?

១៣, ១៤​. តើ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​ពួក​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​យ៉ាង​ដូច​ម្ដេច?

១៣ ដូច​តំណក់​ទឹក​ភ្លៀង​តូច​ៗ​អាច​ធ្វើ​ឲ្យ​ដី​សើម និង​ជួយ​ឲ្យ​ដំណាំ​ដុះ​ឡើង នោះ​បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​ឲ្យ​គ្រិស្ត​សាសនិក​មាន​សុភមង្គល​ទោះ​ជា​ក្រុម​គ្រួសារ​មិន​មែន​ជា​អ្នក​ជឿ​ក៏​ដោយ។ អេលវីណា ពី​ប្រទេស​ប្រេស៊ីល​បាន​ពោល​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ប្រុស​ស្រី​បាន​ជួយ​ខ្ញុំ​ឲ្យ​កាន់​ជំហរ​មាំ​មួន​ក្នុង​សេចក្ដី​ពិត​»។

១៤ សេចក្ដី​សប្បុរស​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​សមាជិក​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​គ្នា។ នៅ​ប្រទេស​នីហ្សេរីយ៉ា បុរស​ម្នាក់​ដែល​បាន​ទទួល​យក​សេចក្ដី​ពិត​១៣​ឆ្នាំ​ក្រោយ​ប្រពន្ធ​របស់​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា គាត់​បាន​រៀប​រាប់​ថា​៖ ​«​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ យានជំនិះ​របស់​គាត់​បាន​ខូច​តាម​ផ្លូវ។ គាត់​បាន​ស្វែងរក​បង​ប្អូន​ដែល​ជា​សាក្សី​ក្នុង​ភូមិ​មួយ​ជិត​នោះ ហើយ​ពួក​គេ​បាន​ឲ្យ​កន្លែង​ដល់​យើង​ស្នាក់​នៅ​យប់​នោះ។ ពួក​គេ​ថែ​រក្សា​យើង​ដូច​ជា​មនុស្ស​ដែល​បាន​ស្គាល់​គ្នា​តាំង​ពី​តូច​មក​ម្ល៉េះ។ ភ្លាម​ៗ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​នេះ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ប្រពន្ធ​របស់​ខ្ញុំ​តែង​តែ​និយាយ​ប្រាប់​ខ្ញុំ​»។ នៅ​ប្រទេស​អង់គ្លេស ស្ត្រី​ម្នាក់​ដែល​បាន​ចូល​សេចក្ដី​ពិត​១៨​ឆ្នាំ​ក្រោយ​ប្ដី​របស់​នាង​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​នឹក​ចាំ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​យើង​ទាំង​ពីរ​នាក់​មក​ញ៉ាំ​បាយ​ជា​មួយ​គ្នា។ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ពួក​គេ​ស្វាគមន៍​ខ្ញុំ​ជា​និច្ច​»។ * នៅ​ប្រទេស​នោះ​ដែរ បុរស​ម្នាក់​ដែល​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​និយាយ​ថា​៖ ​«​បង​ប្អូន​ប្រុស​ស្រី​បាន​មក​លេង​យើង ឬ​ក៏​ពួក​គេ​អញ្ជើញ​យើង​ទៅ​ផ្ទះ​ពួក​គេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ណាស់។ ជា​ពិសេស នៅ​ពេល​ដែល​ខ្ញុំ​ចូល​មន្ទីរ​ពេទ្យ ហើយ​បង​ប្អូន​ជា​ច្រើន​បាន​មក​លេង​សួរ​សុខទុក្ខ​ខ្ញុំ​»។ តើ​អ្នក​អាច​រក​ឱកាស​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ស្រដៀង​គ្នា​នេះ​ចំពោះ​សមាជិក​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឬ​ទេ?

១៥, ១៦​. ពេល​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​នៅ​តែ​មិន​ព្រម​ទទួល​យក​សេចក្ដី​ពិត តើ​អ្វី​អាច​ជួយ​បុគ្គល​ដែល​ជា​អ្នក​ជឿ​ឲ្យ​នៅ​តែ​មាន​សុភមង្គល?

១៥ ពិត​មែន​ហើយ មិន​មែន​ប្ដី​ឬ​ប្រពន្ធ កូន​ៗ ឪពុក​ម្ដាយ ឬ​ញាតិ​សន្ដាន​ទាំង​អស់​ដែល​មិន​មែន​ជា​អ្នក​ជឿ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ ទោះ​ជា​អ្នក​ជឿ​នោះ​ខំ​ប្រព្រឹត្ត​យ៉ាង​ស្មោះ​ត្រង់​អស់​ច្រើន​ឆ្នាំ ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​ប៉ិនប្រសប់​ក៏​ដោយ។ អ្នក​ខ្លះ​នៅ​តែ​គ្មាន​ចំណាប់​អារម្មណ៍ ឬ​នៅ​តែ​ប្រឆាំង​យ៉ាង​ខ្លាំង​ដដែល។ (​ម៉ាថ. ១០:​៣៥​-​៣៧​) ក៏​ប៉ុន្តែ ពេល​គ្រិស្ត​សាសនិក​បង្ហាញ​គុណ​សម្បត្ដិ​របស់​ព្រះ នេះ​អាច​មាន​ឥទ្ធិពល​ល្អ​ណាស់។ បុរស​ម្នាក់​ដែល​ធ្លាប់​ជា​អ្នក​មិន​ជឿ​បាន​រៀប​រាប់​ថា​៖ ​«​ពេល​គូ​ដែល​ជា​អ្នក​ជឿ​ចាប់​ផ្ដើម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ អ្នក​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទៅ​លើ​ចិត្ត​និង​គំនិត​របស់​អ្នក​ដែល​មិន​ជឿ​នោះ​ទេ។ ដូច្នេះ​កុំ​ចុះ​ចាញ់​និង​កុំ​ឈប់​ព្យាយាម​ក្នុង​ការ​ជួយ​គូ​របស់​អ្នក​ដែល​មិន​មែន​ជា​អ្នក​ជឿ​»។

១៦ ទោះ​ជា​សមាជិក​ក្រុម​គ្រួសារ​នៅ​តែ​មិន​ព្រម​ទទួល​យក​សេចក្ដី​ពិត បុគ្គល​ដែល​ជា​អ្នក​ជឿ​អាច​មាន​សុភមង្គល​បាន។ ទោះ​ជា​ប្ដី​របស់​បង​ស្រី​ម្នាក់​មិន​ស្ដាប់​តាម​ដំណឹង​អំពី​រាជាណាចក្រ ក្រោយ​ពី​នាង​បាន​ព្យាយាម​អស់​២១​ឆ្នាំ​ហើយ​ក៏​ដោយ បង​ស្រី​នោះ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​អាច​រក្សា​ឲ្យ​មាន​អំណរ​បាន ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដោយ​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​លោក និង​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​រឹង​មាំ​ជាង។ ការ​ជាប់​រវល់​ក្នុង​សកម្មភាព​ផ្សេង​ៗ ដូច​ជា​សិក្សា​ផ្ទាល់​ខ្លួន ចូល​រួម​កិច្ច​ប្រជុំ ផ្សព្វ​ផ្សាយ និង​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង​មុន ហើយ​បាន​រក្សា​ការពារ​ចិត្ត​របស់​ខ្ញុំ​»។—សុភ. ៤:២៣

កុំ​ចុះ​ចាញ់​និង​កុំ​ឈប់​ព្យាយាម!

១៧, ១៨​. ទោះ​ជា​ក្រុម​គ្រួសារ​មិន​មាន​ជំនឿ​ដូច​គ្នា តើ​អ្នក​ជឿ​នៅ​តែ​មាន​សង្ឃឹម​យ៉ាង​ដូច​ម្ដេច?

១៧ បើ​អ្នក​ជា​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ម្នាក់​ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​មិន​មែន​ជា​អ្នក​ជឿ សូម​កុំ​ចុះ​ចាញ់​និង​កុំ​ឈប់​ព្យាយាម។ សូម​ចង​ចាំ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មិន​បោះបង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ​នាម​ទ្រង់​ដ៏​ជា​ធំ​»។ (​១សាំ. ១២:២២​) ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​អ្នក​ដរាប​ណា​អ្នក​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ (​សូម​អាន របាក្សត្រទី២ ១៥:២) ដូច្នេះ ​«​ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក​»។ បន្ថែម​ទៅ​ទៀត ​«​ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ​យេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង​»។ (​ទំនុក. ៣៧:៤, ៥​) ចូរ​ឲ្យ​យើង​«​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»​ និង​មាន​ជំនឿ​ថា​បិតា​ជា​ទី​ស្រឡាញ់​នៅ​ស្ថាន​សួគ៌​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង។—រ៉ូម ១២:១២

១៨ សូម​សុំ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​យើង​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​រង្វង់​គ្រួសារ។ (​ហេ. ១២:១៤​) ពិត​មែន​ហើយ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ស្ថានភាព​សុខសាន្ត ដែល​តាម​មើល​ទៅ​នោះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​សមាជិក​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ។ អ្នក​នឹង​មាន​សុភមង្គល និង​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​និង​គំនិត កាល​ដែល​អ្នក​«​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។ (​១កូ. ១០:៣១​) ស្តី​អំពី​ការ​ខំ​ព្យាយាម​នេះ ពេល​ដែល​អ្នក​ដឹង​ថា​អ្នក​មាន​ការ​គាំទ្រ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក នោះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​មែន!

[​កំណត់​សម្គាល់​]

^ វគ្គ 4 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 8 ឱវាទ​របស់​ប៉ូល​មិន​សំដៅ​ទៅ​លើ​ការ​បែក​លំនៅ​សង្វាស​តាម​ច្បាប់​ក្នុង​ស្ថានភាព​ដែល​គូ​របស់​ខ្លួន​ធ្វើ​បាប​យ៉ាង​សាហាវ​នោះ​ទេ។ នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​គ្រិស្ត​សាសនិក​ម្នាក់​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង។ សូម​មើល​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ ទំព័រ​២២០​-​២២១ ជា​ភាសា​អង់គ្លេស។

^ វគ្គ 14 បទ​គម្ពីរ​មិន​បាន​ហាមឃាត់​ការ​បរិភោគ​អាហារ​ជា​មួយ​អ្នក​ដែល​មិន​ជឿ​នោះ​ទេ។—១កូ. ១០:២៧

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៨​]

ជ្រើស​រើស​ពេល​ដែល​ត្រឹម​ត្រូវ​ដើម្បី​ពន្យល់​អំពី​ជំនឿ​របស់​អ្នក

[​រូបភាព​នៅ​ទំព័រ​២៩​]

ចូរ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​មែន​ជា​អ្នក​ជឿ