លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអស់អ្នកដែលថាខ្លួនជា«គ្រិស្ដសាសនិក»ពិតជាអ្នកកាន់តាមគ្រិស្ដឬទេ?

តើអស់អ្នកដែលថាខ្លួនជា«គ្រិស្ដសាសនិក»ពិតជាអ្នកកាន់តាមគ្រិស្ដឬទេ?

តើ​អស់​អ្នក​ដែល​ថា​ខ្លួន​ជា​«​គ្រិស្ត​សាសនិក​»​ពិត​ជា​អ្នក​កាន់​តាម​គ្រិស្ត​ឬ​ទេ?

តើ​មាន​គ្រិស្ត​សាសនិក​ប៉ុន្មាន​នាក់? យោង​ទៅ​តាម​សៀវភៅ​មួយ ក្នុង​ឆ្នាំ​២០១០ នៅ​ទូ​ទាំង​ពិភព​លោក មាន​ជិត​២.៣០០.០០០.០០០​នាក់។ (​Atlas of Global Christianity​) ប៉ុន្តែ សៀវភៅ​ដដែល​នោះ​ក៏​ប្រាប់​ថា គ្រិស្ត​សាសនិក​ទាំង​នោះ​នៅ​ក្នុង​និកាយ​ជាង​៤១​.​០០០ ពោល​គឺ​និកាយ​នីមួយ​ៗ​មាន​សេចក្ដី​បង្រៀន និង​គោលការណ៍​សីលធម៌​ផ្ទាល់​ខ្លួន។ ដោយ​សារ​មាន​សាសនា​«​គ្រិស្ត​»​ច្រើន​ដល់​ម្ល៉េះ យើង​យល់​ពី​មូលហេតុ​ដែល​អ្នក​ខ្លះ​ពិបាក​យល់ ឬ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង។ ពួក​គេ​ប្រហែលជា​ឆ្ងល់​ថា ‹តើ​មនុស្ស​ទាំង​អស់​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក​ពិត​ជា​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រិស្ត​ឬ​ទេ?›។

សូម​ឲ្យ​យើង​ពិចារណា​បញ្ហា​នេះ​តាម​ទស្សនៈ​មួយ​ទៀត។ ធម្មតា​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ត្រូវ​បញ្ជាក់​នូវ​សញ្ជាតិ​របស់​គាត់​ទៅ​មន្ត្រី​អន្ដោប្រវេសន៍។ គាត់​ក៏​ត្រូវ​បញ្ជាក់​នូវ​អត្តសញ្ញាណ​របស់​គាត់​ដោយ​បង្ហាញ លិខិត​ឆ្លង​ដែន​ជា​ដើម។ ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​ពិត​ម្នាក់​មិន​គ្រាន់តែ​និយាយ​ថា គាត់​ជឿ​ទៅ​លើ​គ្រិស្ត​ប៉ុណ្ណោះ​ទេ តែ​គាត់​ត្រូវ​បង្ហាញ​អ្វី​ផ្សេង​ទៀត​ដែល​សម្គាល់​ថា​គាត់​ជា​គ្រិស្ត​សាសនិក។ តើ​នោះ​គឺជា​អ្វី?

ពាក្យ​«​គ្រិស្ត​សាសនិក​»​ បាន​ត្រូវ​ប្រើ​ជា​លើក​ដំបូង​ក្រោយ​ឆ្នាំ​៤៤ គ.ស.។ ប្រវត្ដិវិទូ​លូកា​បាន​រៀប​រាប់​ក្នុង​គម្ពីរ​ថា​៖ ​«​គឺ​នៅ​ក្រុង​អាន់ទីយ៉ូក​ដែល​ពួក​អ្នក​កាន់​តាម​បាន​ត្រូវ​ហៅ​ថា គ្រិស្ត​សាសនិក ជា​លើក​ដំបូង តាម​ការ​ណែនាំ​របស់​ព្រះ​»។ (​សកម្មភាព ១១:២៦​) សូម​កត់​សម្គាល់​ថា អ្នក​ដែល​បាន​ត្រូវ​ហៅ​ថា​ជា​គ្រិស្ត​សាសនិក គឺជា​អ្នក​កាន់​តាម​គ្រិស្ត។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត? វចនានុក្រម​មួយ​បាន​ពន្យល់​ថា​៖ ​«​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ​មាន​ន័យ​ថា លះ​បង់​ជីវិត​ទាំង​មូល​[​របស់​ខ្លួន​]ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ . . . ពេញ​មួយ​ជីវិត​»។ (​The New International Dictionary of New Testament Theology​) ដូច្នេះ គ្រិស្ត​សាសនិក​ពិត​ម្នាក់​គឺជា​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​បង្រៀន​និង​ការ​ណែនាំ​របស់​លោក​យេស៊ូ​ទាំង​ស្រុង​និង​គ្មាន​ល័ក្ខខ័ណ្ឌ ព្រោះ​លោក​ជា​ស្ថាបនិក​នៃ​គ្រិស្ត​សាសនា។

នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​រក​ឃើញ​មនុស្ស​បែប​នេះ​ក្នុង​ចំណោម​អ្នក​ដែល​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​ឬ​ទេ? តើ​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នឹង​សម្គាល់​អ្នក​កាន់​តាម​ពិត​របស់​លោក​ឬ​ទេ? យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិចារណា​របៀប​ដែល​គម្ពីរ​ប្រាប់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។ នៅ​អត្ថបទ​បន្ត​បន្ទាប់​នេះ យើង​នឹង​ពិនិត្យ​មើល​លក្ខណៈ​សម្គាល់​ប្រាំ​យ៉ាង​ដែល​លោក​យេស៊ូ​បាន​បញ្ជាក់ ដែល​ជួយ​យើង​ឲ្យ​សម្គាល់​អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​លោក​យេស៊ូ។ យើង​នឹង​ពិចារណា​របៀប​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បំពេញ​លក្ខណៈ​សម្គាល់​ទាំង​នោះ ហើយ​យើង​នឹង​ខំ​ស្វែង​យល់​ថា អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​ទាំង​នេះ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។