លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«នៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ»

«នៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ»

​​«​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​»​

​«​ប្រសិនបើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព​»។—យ៉ូហាន ៨:៣១, ៣២

អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: ​«​សេចក្ដី​បង្រៀន​»​របស់​លោក​យេស៊ូ​គឺ​មក​ពី​បុគ្គល​ដែល​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ជាង​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​ឲ្យ​បញ្ញត្ដិ​មួយ​មក​ខ្ញុំ​ដោយ​ផ្ទាល់ ស្តី​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​»។ (​យ៉ូហាន ១២:៤៩​) នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​បិតា​នៅ​ស្ថាន​សួគ៌ នោះ​លោក​យេស៊ូ​បាន​និយាយ​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ លោក​តែង​តែ​ដក​ស្រង់​បណ្ដាំ​របស់​ព្រះ​ដើម្បី​បញ្ជាក់​ថា​សេចក្ដី​បង្រៀន​របស់​លោក​គឺជា​សេចក្ដី​ពិត។ (​យ៉ូហាន ១៧:១៧; ម៉ាថាយ ៤:៤, ៧, ១០​) ដូច្នេះ គ្រិស្ត​សាសនិក​ពិត​‹នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​លោក› ឬ​ទទួល​យក​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ទុក​ជា​«​សេចក្ដី​ពិត​»​ និង​ជា​ប្រភព​ដ៏​ល្អ​បំផុត​សម្រាប់​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។

របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: សាវ័ក​ប៉ូល​ជា​អ្នក​ដែល​សរសេរ​គម្ពីរ​គ្រិស្ត​សាសនិក​ច្រើន​ជាង​គេ គាត់​បាន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​ដូច​លោក​យេស៊ូ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​»។ (​ធីម៉ូថេទី២ ៣:១៦​) បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​បង្រៀន​គ្រិស្ត​សាសនិក​ដែល​ជា​បង​ប្អូន​រួម​ជំនឿ​ត្រូវ​«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត[​«​របស់​ព្រះ​»​]​»។ (​ទីតុស ១:៧,; The Amplified Bible​) គ្រិស្ត​សាសនិក​ដំបូង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​បដិសេធ​«​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​បឋម​សេចក្ដី​របស់​ពិភព​លោក​នេះ មិន​មែន​មាន​មូលដ្ឋាន​លើ​គ្រិស្ត​ឡើយ​»។—កូឡុស ២:៨

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? យោង​ទៅ​តាម​ឯកសារ​មួយ​នៃ​ទី​ស្នាក់​ការ​ធំ​បំផុត​របស់​សាសនា​កាតូលិក(​Vatican’s Dogmatic Constitution on Divine Revelation​) ដែល​បាន​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​១៩៦៥ ហើយ​សៀវភៅ​សាសនា​កាតូលិក​បាន​ដក​ស្រង់​ថា​៖ ​«​ជំនឿ​របស់​វិហារ​[​កាតូលិក​]​មិន​មែន​មាន​មូលដ្ឋាន​ទៅ​លើ​គម្ពីរ​បរិសុទ្ធ​តែ​ប៉ុណ្ណោះ​ទេ តែ​ផ្អែក​លើ​អ្វី​ទាំង​អស់​ដែល​ត្រូវ​បាន​បើក​បង្ហាញ។ ដូច្នេះ សាសនា​កាតូលិក​យល់​ថា ទំនៀម​ទម្លាប់​របស់​ពួក​គេ​គឺ​សំខាន់​ដូច​គម្ពីរ​បរិសុទ្ធ​ដែរ​»។ (​Catechism of the Catholic Church​) អត្ថបទ​ក្នុង​ទស្សនាវដ្ដី​មួយ​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ម្នាក់​នៅ​ទី​ក្រុង​តូរ៉ុនតូ ដែល​បាន​សួរ​ថា​៖ ​«​ហេតុ​អ្វី​យើង​ត្រូវ​ការ​ទស្សនៈ​តាំង​ពី​ពីរ​ពាន់​ឆ្នាំ​មុន​ដែល​គេ​អះអាង​ថា​ធ្វើ​ឲ្យ​មាន​‹ការ​ផ្លាស់​ប្ដូរ›​នោះ​មក​ដឹក​នាំ​ផ្លូវ​យើង​ទៅ​វិញ? តាម​ពិត​យើង​មាន​គំនិត​ដ៏​ល្អ​ប្រសើរ ប៉ុន្តែ ដោយ​សារ​យើង​យក​បទ​គម្ពីរ​និង​លោក​យេស៊ូ​មក​គាំទ្រ​គំនិត​របស់​យើង នោះ​នាំ​ឲ្យ​គំនិត​យើង​ទៅ​ជា​លែង​សំខាន់​វិញ​»​ (​Maclean’s magazine​)។

ស្តី​អំពី​សាក្សី​ព្រះ​យេហូវ៉ា សព្វវចនាធិប្បាយ​មួយ​សរសេរ​ថា​៖ ​«​ពួក​គេ​ចាត់​ទុក​គម្ពីរ​ជា​ប្រភព​តែ​មួយ​គត់​នៃ​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​»។ (​New Catholic Encyclopedia​) ថ្មី​ៗ​នេះ នៅ​ប្រទេស​កាណាដា ពេល​ដែល​ស្ត្រី​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​កំពុង​ណែនាំ​ខ្លួន នោះ​បុរស​ម្នាក់​បាន​និយាយ​កាត់​ដោយ​ចង្អុល​ទៅ​គម្ពីរ​របស់​គាត់​ថា​៖ ​«​ខ្ញុំ​ស្គាល់​ថា​អ្នក​ជា​អ្នក​ណា​ហើយ តាម​រយៈ​សញ្ញា​សម្គាល់​របស់​អ្នក​»។