លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹មិនរួមចំណែកពិភពលោក›

‹មិនរួមចំណែកពិភពលោក›

‹មិន​រួម​ចំណែក​ពិភព​លោក›

​«​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»។—យ៉ូហាន ១៧:១៤

អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: ដោយ​សារ​លោក​យេស៊ូ​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ លោក​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​ជម្លោះ​នយោបាយ​និង​សង្គម​នៅ​សម័យ​នោះ។ លោក​បាន​ពន្យល់​ថា​៖ ​«​ប្រសិនបើ​រាជាណាចក្រ​របស់​ខ្ញុំ​ជា​របស់​ផង​ពិភព​លោក​នេះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​បាន​តយុទ្ធ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រគល់​ឲ្យ​ជន​ជាតិ​យូដា។ ប៉ុន្តែ​រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូហាន ១៨:​៣៦​) លោក​ក៏​បាន​ដាស់​តឿន​អ្នក​កាន់​តាម​លោក​កុំ​ឲ្យ​មាន​ចិត្ត​គំនិត ពាក្យ​សម្ដី ការ​ប្រព្រឹត្ត​ដែល​បណ្ដាំ​របស់​ព្រះ​ផ្ដន្ទា​ទោស។—ម៉ាថាយ ២០:​២៥​-​២៧

របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: យោង​ទៅ​តាម​អ្នក​និពន្ធ​ម្នាក់​ខាង​សាសនា​ឈ្មោះ​យ៉ូណាថាន ដាយម៉ូន បាន​សរសេរ​ថា គ្រិស្ត​សាសនិក​ដំបូង​«​មិន​ព្រម​ចូល​រួម​ក្នុង​សង្គ្រាម ទោះ​ជា​ត្រូវ​ទទួល​ផល​វិបាក​អ្វី​ក៏​ដោយ ទោះ​បី​ត្រូវ​គេ​ដៀល​ត្មះ ដាក់​គុក ឬ​សម្លាប់​ក្ដី​»។ ពួក​គេ​សុខ​ចិត្ត​រង​ការ​ឈឺ​ចាប់​ជា​ជាង​បោះបង់​គោល​ជំហរ​អព្យាក្រឹត​របស់​ពួក​គេ។ គោលការណ៍​សីលធម៌​របស់​ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ពី​អ្នក​ឯ​ទៀត។ គ្រិស្ត​សាសនិក​បាន​ទទួល​បង្គាប់​ថា​៖ ​«​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ឈប់​រត់​តាម​ពួក​គេ​ទៅ​ននៀល​ក្នុង​ភក់​ជ្រាំ​នៃ​អបាយមុខ នោះ​ពួក​គេ​ងឿង​ឆ្ងល់ ហើយ​ចេះ​តែ​និយាយ​ប្រមាថ​អ្នក​រាល់​គ្នា​»។ (​ពេត្រុសទី១ ៤:៤​) ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​វិល ឌូរ៉ាន​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​ពួក​គ្រិស្ត​សាសនិក​ស្រឡាញ់​ព្រះ​អស់ពី​ចិត្ត ហើយ​មាន​សុជីវធម៌ នោះ​ពួក​គេ​បាន​ធ្វើ​ទុក្ខ​ដល់​សមត្ថភាព​វិនិច្ឆ័យ​របស់​ពិភព​លោក​ដែល​មិន​កាន់​គ្រិស្ត​សាសនា ដែល​និយម​ការ​កម្សាន្ត​ហួស​ហេតុ​»។

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? ស្តី​អំពី​ជំហរ​អព្យាក្រឹត​របស់​គ្រិស្ត​សាសនិក សព្វ​វចនាធិប្បាយ​មួយ​ប្រកាស​ថា​៖ ​«​ការ​មិន​ព្រម​កាន់​អាវុធ​ដោយ​សារ​ជំនឿ​សាសនា​គឺ​ខុស​សីលធម៌​»។ (​New Catholic Encyclopedia​) អត្ថបទ​ក្នុង​កាសែត​មួយ​សរសេរ​អំពី​របាយ​ការណ៍​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​របស់​ជន​ជាតិ​អាហ្វ្រិក​ថា ស្តី​អំពី​ការ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​រ្វ៉ាន់ដា​នៅ​ឆ្នាំ​១៩៩៤ បាន​បង្ហាញ​ភ័ស្តុតាង​ថា មាន​ការ​ចូល​រួម​ពី​សាសនា​គ្រិស្ត​ទាំង​អស់​«​លើក​លែង​តែ​សាក្សី​ព្រះ​យេហូវ៉ា​»​ (​Reformierte Presse​)។

ពេល​ពិភាក្សា​អំពី​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាត្ស៊ី គ្រូ​បង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​បាន​ត្អូញត្អែរ​ថា ​«​គ្មាន​ក្រុម​មនុស្ស​ឬ​អង្គការ​របស់​ពល​រដ្ឋ​ធម្មតា​ណា​មួយ​និយាយ​ប្រឆាំង​ចំពោះ​ពាក្យ​មិន​ពិត​ច្រើន​សន្ធឹក អំពើ​អមនុស្សធម៌ និង​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​ឡើយ​»។ បន្ទាប់​ពី​បាន​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​សារមន្ទីរ​សហរដ្ឋអាម៉េរិក​សម្រាប់​រំលឹក​ការ​សម្លាប់​រង្គាល គាត់​បាន​សរសេរ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ដឹង​ហើយ​»។ គាត់​បាន​ដឹង​ថា សាក្សី​ព្រះ​យេហូវ៉ា​កាន់​ខ្ជាប់​តាម​ជំនឿ​របស់​ពួក​គេ ទោះ​ជា​ពួក​គេ​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​សាហាវ​ក៏​ដោយ។

ចុះ​គោលការណ៍​សីលធម៌​របស់​ពួក​គេ​វិញ? ទស្សនាវដ្ដី​មួយ​បាន​សរសេរ​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ យុវជន​យុវនារី​ភាគ​ច្រើន​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​របស់​សាសនា​កាតូលិក​ស្តី​អំពី​ការ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប​ការ[​និង​]ការ​រួម​ភេទ​មុន​រៀប​ការ​ទេ​»។ (​U.S. Catholic magazine​) ទស្សនាវដ្ដី​នោះ​ដក​ស្រង់​សម្ដី​របស់​បព្វជិត​ម្នាក់​នៃ​វិហារ​ដែល​ថា​៖ ​«​ពួក​គេ​មួយ​ភាគ​ធំ តាម​ការ​ប៉ាន់ស្មាន​របស់​ខ្ញុំ ជាង​៥០​ភាគ​រយ​បាន​រស់​នៅ​ជា​មួយ​គ្នា​រួច​ហើយ ពេល​ពួក​គេ​មក​រៀប​ការ​នៅ​វិហារ​»។ សព្វវចនាធិប្បាយ​មួយ​បាន​សរសេរ​ថា​សាក្សី​ព្រះ​យេហូវ៉ា​«​ប្រកាន់​ខ្ជាប់​គោលការណ៍​សីលធម៌​ខ្ពង់​ខ្ពស់​ក្នុង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»​ (​The New Encyclopædia Britannica​)។